ទំព័រនេះនិយាយពីអ្វី?
«ស្នាមញញឹម»
ពាក្យពីរបីម៉ាត់នេះហាក់បង្ហាញពីភាពស្រស់ស្រាយដែលធ្វើឱ្យអ្នកចូលមកលេងក្នុងប្លក់នឹកគិតដល់ម្ចាស់ វាដែលប្រាកដជាមនុស្សបែបរួសរាយ រាក់ទាក់ និងញញឹមជានិច្ច។
តាមពិត ខ្ញុំ (ស្នាមញញឹម) ផ្ទុយទាំងស្រុងពីចំណងជើងខាងលើ ព្រោះតែបែបនេះហើយដែលខ្ញុំខិតខំក្នុង ឆន្ទៈមុតស្រួច (អាចទាលហើយឥឡូវ) ដើម្បីស្វែងរកការកំសាន្តប្រកបដោយថាមពលជីវិត មកជូនញាតិ មិត្តទាំងឡាយក្នុងបំណងចង់ឃើញស្នាមញញឹមរបស់អ្នកទាំងអស់គ្នាទៅវិញទេ។
ចំពោះបុគ្គលិកលក្ខណៈរបស់ខ្ញុំវិញ គឺជាមនុស្សមានរោគសសៃប្រសាទផ្នែកទំនាក់ទំនង មានបញ្ហាផ្លូវចិត្ត ផ្នែកស្នេហា មានទំនាស់ខ្លាំងជាមួយល្បែង ជក់ចិត្តខ្លាំងជាមួយរូបថតទេសភាព និងរូបភាពឥតព្រាងទុក ចាប់អារម្មណ៍ខ្លាំងជាមួយនឹងព័ត៌មាន ញៀនកាហ្វេខ្លាំង ស្អប់ក្លិនមុតដិតច្រមុះខ្លាំង ចូលចិត្តសំងំនៅកន្លែង ធ្វើការ និងវក់ឆ្កួតជាមួយអ្នកដែលធ្វើការងារផ្នែកសិល្បៈ សង្គម។
មានអ្នកខ្លះសួរខ្ញុំពីចំណង់ចំណូលចិត្ត ពីព័ណ៌ ពីសត្វចិញ្ចឹម ពីពេលទំនេរ ពីការកម្សាន្ត។ល។ ក្នុងចំណោម សំណួរទាំងនោះ មានតែមួយសំណួរទេដែលខ្ញុំចង់ឆ្លើយ គឺ៖ តើពេលទំនេរខ្ញុំចូលចិត្តធ្វើអី? ព្រោះចម្លើយ សម្រាប់សំណួរនេះគឺគ្រប់គ្រាន់តែម្តងនឹងឱ្យអ្នកសួរបានយល់ច្បាស់ពីលក្ខណៈរបស់ខ្ញុំ «ពេលទំនេរខ្ញុំចូល ចិត្តសំងំតែម្នាក់ឯង»។
នៅក្នុងទំព័រនេះ អ្នកនឹងមិនអាចរកឃើញនូវបទចម្រៀង ឯកសារវីដេអូ ផ្សេងៗឡើយ។ ខ្ញុំនឹងចែករម្លែកតែ អ្វីដែលខ្ញុំមាន និងដែលទទួលបានការអនុញ្ញាតប៉ុណ្ណោះ។
ខ្ញុំជាមនុស្សមានមនោសញ្ចេតនាជ្រុល ពេលណាខ្ញុំស្រឡាញ់នរណាម្នាក់ខ្ញុំរមែងសរសេរពីគេ គិតដល់គេ និយាយរៀបរាប់ប៉ប៉ាច់ប៉ប៉ោចតែអំពីគេ ឬជាមួយគេ។ «ស្រឡាញ់» ពាក្យនេះក្នុងគំនិតខ្ញុំមិនមែនជាសេចក្តី ស្នេហាស្រី ប្រុសនោះទេ វាគ្រាន់តែជាអារម្មណ៍ … មួយភ្លែត…មួយពេល…មួយរយៈ ណានោះដែលខ្ញុំជាប់ ចិត្តស្រឡាញ់គេ ដោយព្រោះអ្វីមួយដែលទាក់ទាញអារម្មណ៍ខ្ញុំ។ ជួនកាលខ្ញុំតែងកំណាព្យ សរសេរទំនុក ច្រៀងដោយយកបទភ្លេងរបស់អ្នកនិពន្ធមុនៗមកដាក់ច្រៀងឱ្យគេស្តាប់ ពន្យល់គេពីន័យនីមួយៗ ។ល។ លុះតែដល់ពេលឈប់ស្រឡាញ់ របស់របរទាំងអស់នោះក៏រលាយសូន្យទៅតាមពេលវេលាអស់ (ឈប់ ស្រឡាញ់ដុតចោលទាំងអស់របស់ដែលធ្លាប់ស្រឡាញ់) តួយ៉ាងដូចជាកាលម្ចាស់ក្សត្រីយ៍ដាយអាណា នៃវេលស៍របស់ប្រទេសអង់គ្លេស ត្រូវប្តីក្បត់ចិត្តទៅលួចមានស្រីថ្មី ខ្ញុំតែងកំណាព្យមួយទំព័រក្នុងន័យលួង លោមចិត្តព្រះនាង រួចដល់ពេលម្ចាស់ក្សត្រីយ៍សោយទីវង្គតទៅខ្ញុំក៏ដុតចោលទាំងអស់ ទាំងរូបថត ទាំង កាសែតទស្សនាវដ្តីដែលខ្ញុំធ្លាប់ប្រមូលទុក ។ មួយទៀតជាមិត្តជិតដិតរបស់ខ្ញុំកាលរៀនបឋមសិក្សា គាត់ ត្រូវបុរសម្នាក់ជាញាតិសាច់ឆ្ងាយបាញ់សម្លាប់គាត់ ព្រោះតែការបដិសេធរបស់គាត់ចំពោះបុរសម្នាក់នោះ ជាគូជីវិត។ ខ្ញុំសរសេរពាក្យកាព្យហូរហែរៀបរាប់ពីជីវិតយុវវ័យដែលកំពុងពោរពេញដោយក្តីស្រឡាញ់ និងឆន្ទៈក្នុងជីវិត ប្រាថ្នាពុះពារឧបសគ្គដើម្បីឈានឆ្ពោះទៅរកគោលដៅទាំងឡាយរបស់ខ្លួន។ ដល់ថ្ងៃ ដែលគាត់ត្រូវគេយកទៅបញ្ចុះ (ខ្មែរមានខ្សែស្រឡាយចិន) ខ្ញុំដុតចោលគ្មានសល់មួយសន្លឹក។ ម្នាក់ទៀត ជាមិត្តនៅវិទ្យាល័យ ខ្ញុំនិងគាត់មានអនុស្សាវរីយ៍ច្រើនណាស់ជាមួយគ្នា ពេលគាត់ស្លាប់ទៅខ្ញុំបានតែង ទំនុកច្រៀងដាក់ភ្លេង ដែលបង្ហាញពីអារម្មណ៍ស្រណោះអាល័យគាត់ និយាយពីអារម្មណ៍គាត់ដែលចង់ សម្លាប់ខ្លួន និងបន្ទោសគំនិតរបស់គាត់ ។ ក្រោយនោះជាយូរមក ខ្ញុំទុកថាទំនុកច្រៀងនោះខ្ញុំឧទ្ទិសជូន គាត់ដូច្នេះសូមឱ្យវានៅជាមួយគាត់ជារហូតចុះ។
ខ្ញុំជាមនុស្សកំណាចផងដែរ ពេលណាមានមនុស្សម្នាក់មកជ្រៀតជ្រែកក្នុងដំណើរជីវិតប្រចាំថ្ងៃរបស់ខ្ញុំ នោះខ្ញុំនឹងប្រទូស្តជាមួយគេភ្លាម ។
សង្ឃឹមថារៀបរាប់រឿងរ៉ាវជីវិតប៉ាប៉ុណ្ណេះជូន ប្រហែលជាអ្នកអានបានដឹងបានយល់ចិត្តខ្ញុំខ្លះៗហើយ ហោចណាស់ក៏អាចនឹងរកបានមួយ ក្រោយផ្សាយពាណិជ្ជកម្មនៅក្នុងប្លក់របស់ខ្លួនឯង ង៉ាស់ៗៗ 😀
ស្នាមញញឹម
ង៉ាសង៉ាសង៉ាស
មានអ្នកមកសើចឱ្យមួយដែរ គ្រាន់កៅឆាយ 😀
មកពីខ្ញុំទប់មិនជាប់មិនមែនសើចចំអកអីទេណា អ្នកបង !
ចាហាវណាស់ បង????
កាចមេសចែ 😀 កាចចឹងបើជាបងស្រីញុម ញុមធ្វើអោយវៃញុមរាល់ថ្ងៃមង
😛 ខ្ជិលចូលប៉ុស្តិ៍ដោះសារណាស់
ហាហាហា ប៉ូលីសស្រុកបងតាចមេស ស្រុកញុមមិនអីទេ ស្លូតណាស់ ហាហាហា មោអីវៃអោយទៅវិញ
ឱសថ ឬមហោសថ?
ចាស មហោសថ បង!
មហោសថ ខ្លាំងជាង ឱសថ មែនទេ?
មហោសថ ប្រែថាឱសថដ៏ប្រសើរ ថ្នាំរម្ងាប់រោគដ៏ពូកែ
ឱសថប្រែថា ថ្នាំរម្ងាប់រោគ ថ្នាំបំបាត់រោគ