បេប៊ីប៊យ ក្មួយទន្សាយរបស់ខ្ញុំ
តាំងពីខែមេសាឆ្នាំ ២០១២ ប្អូនស្រីខ្ញុំបានចិញ្ចឹមទន្សាយពីរក្បាល មួយសម្បុរសលាយប្រផេះ មួយទៀតសម្បុរមាស។
វាទាំងពីរ មានទំហំប៉ុនកដៃខ្ញុំ មានទម្ងន់មិនដល់បួនខាំផងទេ។ តែអាមួយព័ណ៌សលាយ ប្រផេះ បានងាប់ក្រោយពេលចិញ្ចឹមបានពីរថ្ងៃ ។ មូលហេតុនេះ នៅមិនទាន់សន្និដ្ឋានពិតបា្រកដបាន នៅឡើយទេ ។
ខ្ញុំយល់ថា អាព័ណ៌សលាយប្រផេះ ប្រហែលជាកើតជម្ងឺធុញថប់ ឬអាចមកពីអាមួយព័ណ៌មាស វាធ្វើទុក្ខបុកម្នេញ។ ម្យ៉ាងទៀតទ្រុងដាក់វាក៏ចង្អៀត។
មិនទាន់បានថតរូបផង អាព័ណ៌ដែលខ្ញុំស្រឡាញ់ ក៏ត្រូវងាប់បាត់ទៅ។
នៅសល់តែអាក្បាលខូចមួយនេះ ខ្ញុំដាក់ឈ្មោះវាថា បេប៊ីប៊យ។ វាជាទន្សាយ ដែលមានចរិតជាសត្វព្រៃច្រើនជាងសត្វចិញ្ចឹម។ វាដេកពេលថ្ងៃ និងភ្ញាក់នៅ ពេលយប់ ហើយស៊ីមិនឈប់សោះ។ ចំណីរបស់វា ត្រូវដាក់ឱយពេញកំប៉ុង សម្រាប់ពេលពេញមួយយប់ និងមានទឹកពេញកំប៉ុងផង។ អាហារជំនួសផ្សេងទៀតសម្រាប់វាគឺត្រកួនចិន បន្លែដែល គ្មានជាតិជូរ ចត់ និងគ្មានជ័រ។
តែក្រោយពេលរស់នៅជាមួយខ្ញុំជាងមួយឆ្នាំមក ខ្ញុំបានបង្រៀនប៊យៗ ឱយចេះ ស៊ីគ្រប់សព្វ។
ពេលបាយ ខ្ញុំដាក់បាយ នំប៉័ង សាច់ជ្រូកឆា (វាមិនស៊ីសាច់គោទេ) តៅហ៊ូចៀន ។ ក្រោយពេលបាយ ខ្ញុំដាក់ទឹកអំពៅឱយវាផឹក។ ក្រៅពីនោះ បើមាននំក្រៀម នំឃុកឃី នំក្រាក់ឃើរ ឬនំផ្អែមផ្សេងទៀត វាក៏ស៊ីដែរ។
ឥឡូវ អាបេប៊ីប៊យ ចូលចិត្តជាងគេគឺនំឃុកឃី មានជាតិប៊័រ នំក្រាក់ឃើររសជាតិទឹកដោះគោ និងជាពិសេសនំខេក។
វាកាត់មករកខ្ញុំមែនទែនហើយ ព្រោះវាចូលចិត្តអ្វីៗដែលខ្ញុំចូលចិត្តដូចគ្នា ជាពិសេសរឿងនំខេកនេះ។ អាប៊យៗ អាឡូវក្បាលពោះរបស់វាធំប្រហែលនឹងក្បាលពោះអ៊ំវា ហើយខ្លួនវាក៏ធំណាស់ដែរធំជាងត្បាល់បុកគ្រឿងទៅទៀត។
អនាគតទៅ មានតែយក្សសុទ្ធនៅក្នុងផ្ទះ!!!
ឆ្លើយតប