Skip to content
29 ខែវិច្ឆិកា 2010 / ស្នាមញញឹម

ចង់រៀបការហើយ

ចង់រៀបការហើយ

ខ្ញុំអាយុច្រើនហើយ ពីមុនមកមិនដែលមានគំនិតចង់រៀបការទេ ពេលនេះស្រាប់តែ​ជ្រួល​ច្របល់​ពេល​​ជិះ​កង់កាត់មុខរោងការ។ ខ្ញុំឃើញកូនកម្លោះក្រមុំឈរសំពះ​ទទួល​ភ្ញៀវ​ប្រកបដោយ​ទឹក​មុខ​​ញញឹម​ពព្រាយ ឃើញហើយទ្រាំអត់មិនច្រណែន​នឹងគេមិន​បាន។

មកដល់ផ្ទះវិញ ទម្លាក់តែសំពៀតចោលក្បែរមាត់ទ្វារខ្ញុំតាំងគិតបង្ហើរអារម្មណ៍វែង​ឆ្ងាយ​លើ​អង្រឹង​ក្រោម​ផ្ទះ។ ខ្ញុំមានអារម្មណ៍ឯកោណាស់ រួចក៏គិតរកដណ្តឹងប្រពន្ធ​និងរំពៃ​រក​នឹកថាតើ​នារី​ណា​ម្នាក់​គួរតែ​​រៀបការជាមួយខ្ញុំ រួចក៏នឹកវែងទៅៗដល់ទៅការរៀបចំ​មង្គល​ការនោះ។ ខ្ញុំចង់​ឱ្យ​វា​​ពិសេស​ជាទីបំផុត។

ខ្ញុំនឹងរៀបការនៅផ្ទះឯស្រុកកំណើត ហើយគិតជួលខោអាវរបស់ក្រុមល្ខោនបាសាក់មក​ស្លៀក​​ដើម្បី​​​ឱ្យអស់សោហ៊ុយតិចបំផុតព្រោះតាមធម្មតាបើយើងជួល​ភ្នួងមកតែងខ្លួន​ហោច​ណាស់​​ក៏​អស់គោ​មួយដែរ បើជួលខោអាវក្រុមល្ខោនមកសមរម្យ​តែម្តង​ តម្លៃ​ថោក​ហើយយប់ឡើង​សាម៉ី​ខ្លួនកូនកម្លោះ​ក្រមុំ​អាច​សម្តែងសិល្បៈជូនភ្ញៀវទស្សនា​ដោយ​ខ្លួន​​ឯងបានមិនចាំបាច់អស់ថ្លៃ​ឈ្នួលអ្នកសម្តែង គឺថាពេញជា​ចំណេញ។

ពេលព្រឹកនឹងមានពិធីហែជំនូន និងកូនកម្លោះមកផ្ទះកូនក្រមុំ ខ្ញុំចង់ឱ្យ​គេហែ​ជំនូន​កាត់​​ផ្សារ​នឹងអាលឱ្យគេឯងបានដឹងគ្រប់គ្នាថាខ្ញុំរៀបការហើយដើម្បី​ទាក់ទាញ​ចំណាប់​អារម្មណ៍​ជាង​នោះទៀត ខ្ញុំនឹង​ស្លៀក​ពាក់តួយក្ស រួចឱ្យឆ្កែខ្ញុំពីរក្បាល​ធ្វើជាកូន​អណ្តើក​ព្រោះតាមមើលទៅ​បែបគ្មាន​នរណាគេ​ព្រមឱ្យ​កូន​ចៅ​គេមកធ្វើកូន​អណ្តើកកាន់​ថង់រង​ឱ្យខ្ញុំទេកាលបើគេដឹងថា​ពិធី​រៀបការនេះខ្ញុំ​ស្លៀកពាក់​ជា​យក្ស ម្យ៉ាងឆ្កែ​ខ្ញុំ​ទាំង​ពីរវាមិន​ចេះស៊ីស្លាម្លូទេឱ្យវាកាន់អាហ្នឹងហើយ​ចំណេញ។

ដល់ពេលហែមកដល់ផ្ទះកូនក្រមុំខ្ញុំនឹង​យកផ្កាអង្គាបុស្សមកក្រងជំនួសកំរងផ្កាម្លិះ​ព្រោះ​វាថ្លៃពេក។ ​ពេលកាត់សក់ខ្ញុំចង់ឱ្យគេឯងសើចផ្អើលភូមិ​ហើយ​ចាប់អារម្មណ៍ចំពោះ​មង្គល​​ការ​របស់ខ្ញុំជាងគេ​ ខ្ញុំនឹង​អញ្ជើញក្រុមកំប្លែងមកលេងជំនួសឱ្យកម្មវិធី​​កាត់សក់​នេះ​រួចជួល​ក្រុម​ផ្សាយ​វិទ្យុ​ឱ្យមកបន្តផ្ទាល់​ពីកន្លែង​រៀបការ។ ដល់បង្វិលពពិលខ្ញុំនឹង​អញ្ជើញ​ញាតិ​ចាស់ទុំ​មក​អង្គុយ​ដំកង់​ជុំវិញរួចយកចន្លុះមកធ្វើជាទៀន ដុតឱ្យធំបន្តិច​ដើម្បី​តម្កើង​ឬទ្ធិ​អំណាច ហើយបើ​ចង់ឱ្យ​សម​គ្នា ខ្ញុំនឹងយក​ស្លឹក​ត្នោតជំនួសស្លឹកម្លូ ដល់​ពេលគេ​បក់​ស្លឹក​ត្នោតពន្លត់ចន្លុះ​ខ្ញុំនឹង​ឱ្យ​កូនក្រមុំ​របស់​ខ្ញុំពាក់ម៉ាសមុខ​ការពារផ្សែង នឹងវ៉ែនតា​ការ​ពារ​កម្តៅ ឯខ្ញុំក៏អញ្ចឹងដែរ។

…ខ្វះអីទៀតចេះ?…(សូមជួយរកនឹក)

គិតទៅមុខទៀតសិន ចូលកម្មវិធីទទួលលៀងភ្ញៀវ។ ខ្ញុំមិនសូវមានប្រាក់កាស​ច្រើនទេ​សោតឯ​ភ្ញៀវ​របស់ខ្ញុំវិញក៏ជាអ្នកស្រុកស្រែដែលម៉ែស្គាល់ ដូច្នេះដើម្បីទុកលុយ​កាក់​សម្រាប់​កសាង​​គ្រួសារ​ថ្មោងថ្មីខ្ញុំនឹងព្យាយាមកាត់បន្ថយការ​ចំណាយក្នុងពិធី​រៀបការ​នេះឱ្យ​អស់តិច​បំផុត​តាមដែល​អាចធ្វើទៅបាន។ ដូច្នេះខ្ញុំ​ត្រូវគិតឱ្យ​វែងឆ្ងាយ​ក្នុងការ​ចាត់ចែងចំណាយ។ ​ខ្ញុំគួរតែធ្វើ​ម្ហូប​ដែល​ខ្ញុំ​ចូល​ចិត្ត​ដូចជា​ញាំស្តៅ បុកសាច់គោ​អាំង​សណ្តែកកួរ ឆាតៅហ៊ូសណ្តែកបណ្តុះ ទឹកគ្រឿង…​​នៅខាងកើតផ្ទះ​ខ្ញុំមានបឹង​មួយ​សម្បូរណ៍​កំប្លោកណាស់ កាលពីក្មេងពេលដើរ​ត្រលប់​មកពីរៀន​ហេវពេកខ្ញុំចុះ​បេះផ្កា​កំប្លោកមកញីហិតក្លិន ជួនក៏ញ៉ាំ​ដែរ។ ដើម្បី​រំលឹកដល់​កាល​នោះខ្ញុំនឹង​អញ្ជើញ​ភ្ញៀវ​ទាំងអស់មកមាត់បឹងនេះ ហើយខ្ញុំត្រៀមម៉ាស៊ីនបូមទឹក​ ខ្ញុំនឹងកូរ​ទឹក​គ្រឿង​ដាក់​ធុង​សាំង​រួចលើកដាក់ជិតមាត់បឹង ខ្ញុំឱ្យគេដាំបាយដាក់ខ្ទះត្នោតក្បែរនោះរួចបេះ​ស្លឹក​ឈូក​ក្នុងបឹង​មកវេចបាយជូនភ្ញៀវម្នាក់មួយកញ្ចប់ដាក់ស្លាបព្រាមួយជូន អហ៍មិនបាច់ដាក់​ស្លាបព្រា​ក៏បានដែរ ព្រោះទឹកគ្រឿងញ៉ាំនឹងដៃឆ្ងាញ់ជាងសោះមិនខាតជួលស្លាបព្រាផង ហើយ​ខ្ញុំ​នឹង​អញ្ជើញពួកគាត់​ចុះក្នុង​បឹង​ឈរ​តម្រៀបគ្នា​រួចខ្ញុំនឹងបញ្ឆេះម៉ាស៊ីន​បូមទឹក​គ្រឿង​​បាញ់ដាក់ផ្កា​កំប្លោក ពួកគាត់អាច​កាច់យកមក​ហូប​ជាមួយបាយ​បើគាត់ចង់​ថែ​ម​អន្លក់​ក៏អាចកាត់ព្រលិតក្បែរ​នោះ​មកផ្ទាប់បន្ថែម​បានផង ធ្វើម្ហូបរបៀប​នេះពិតជា​មាន​អត្ថប្រយោជន៍ចំពោះសុខភាព​ណាស់​ព្រោះ​គ្មានសារធាតុ​គីមីលាយឡំ។ នៅពេលនោះ មានកម្មវិធីលៀងគ្រឿងស្រវឹង ខ្ញុំនឹងបូមទឹក​ត្នោត​ជូរ​បាញ់ដាក់​ទុយោ​ដែលចោះរន្ធ​តូចៗ​រួចស្រេចដូចប្រព័ន្ធ​ស្រោចដំណាំរួចបន្តទុយោបន្ត​តូចៗ​ជាច្រើន​បន្តោង​ទុកឱ្យ​ភ្ញៀវ​បឺត​តាមលទ្ធភាព។ ដល់ពេល​លៀងបង្អែម ខ្ញុំនឹងជួលយន្តហោះ​មួយមកហើយ​ប្រកាស​ប្រាប់​ភ្ញៀវឱ្យត្រៀមហាមាត់ទទួលបង្អែមរួចឱ្យយន្តហោះ​បាចស្ករស​មក​ចំ​កន្លែងភ្ញៀវ​កំពុងឈរ ឱ!មិនបាច់អស់ប្រាក់ច្រើនជួលតែពួកសប់ប៉េងប៉ោងមកជួយ​ក៏បាន​ធ្វើ​យ៉ាង​​ណា​ឱ្យគេ​បង្ហោះ​ស្ករសទៅលើហើយឱ្យក្មេងបាញ់ចំពាមកៅស៊ូតម្រង់ប៉េងប៉ោង ធ្វើ​ដូច្នេះក៏​ម្យ៉ាង​ដែរ តែមើល​ទំនង​ដូចជា​ចង់ចំណាយច្រើនជាងជួលយន្តហោះទៅទៀត ឬអាចជួលក្រុម​ការងារ​របស់​លោក តេង ប៉េងស៊ាង ដែល​ជិះ​ម៉ូតូប៉ារ៉ាស៊ូត​ថតរូប​លើ​អាកាស​ឱ្យ​ធ្វើ​ក៏​បាន។ នៅពេល​ពិសា​អាហារ​រួច​ភ្ញៀវត្រូវ​ការ​ឈើចាក់ធ្មេញ ខ្ញុំត្រូវដើរ​រើសសាងអំពៅ​ដែល​គេ​ញ៉ាំ​​អស់​​មក​ទុកចែក ឬបើមិនអញ្ចឹងទេខ្ញុំនឹង​កាប់ដើម​ស្រឡៅ​មួយដើមដែលដុះ​ខាង​​ជើងផ្ទះមកពុះ​ច្រៀកទុក​ចាក់ធ្មេញ។ ចូលដល់កម្មវិធីជូន​បារីភ្ញៀវ ខ្ញុំនឹងជួលក្រុម​ស៊ីម៉ាក់មករៀប​ចំ​កម្ម​វិធីនេះ គឺអញ្ជើញ​ភ្ញៀវ​ឡើងលើគោកវិញរួចចែក​ជូន​បារីម្នាក់​មួយ​ដើម បន្ទាប់មក​ជម្រាបពួកគាត់ថា​យើង​នឹង​អុជ​បារី​ជូនស្រប​ពេល​ដំណាល​គ្នាដើម្បី​សមភាព រួចឱ្យស៊ីម៉ាក់​ធ្វើការរបស់គេដោយតម្រៀបបារី​ជា​ជួរៗ​​រួចដាក់បាវ​ខ្សាច់​សង្កត់​ការ​ពារ​​សុវត្ថិភាពរបស់ភ្ញៀវ ខ្ញុំគិតគូរ​ដល់​ពួកគាត់ដោយ​រៀបចំឱ្យ​គាត់​ចំតិត​គូទចាំ​បឺត​បារី​ពី​ក្រោយ​បាវ។ បើគាត់បឺតមិនទាន់ឱ្យក្រុម​ស៊ីម៉ាក់រៀបចំ​លើកទីពីរ​គឺមិន​បាច់ដាក់​បាវ​ខ្សាច់​ទេ ​ភ្ញៀវណាអុជបារី​ទាន់​ក៏បានទៅ នរណាអុជមិនទាន់អត់។ ចូល​ដល់​​កម្មវិធី​ជម្រាប​លា​ខ្ញុំនឹងជូនស្រោម​អនាម័យ​ភ្ញៀវដើម្បី​ក្រើនរំលឹកដល់​ពួកគាត់អំពី​ការការ​ពារ​ជម្ងឺ​ឆ្លង​និង​​​អត្រា​កំណើននៃប្រជាជនខ្មែរ។ ធ្វើ​ដូច្នេះខ្ញុំបានចូលរួម​ការងារ​សង្គម​មួយ​​​ដែរ​គឺជួយ​​កាត់​បន្ថយ​​ការ​កើន​ឡើងយ៉ាងគំហុកនៃជម្ងឺ​កាមរោគ និង​ចំនួន​កើន​ឡើងរបស់​ប្រជាជន​ដែលធ្វើឱ្យ​ប៉ះ​ពាល់​ដល់ការការពារ​ធនធាន​ធម្មជាតិ​។

ដល់ពេលផ្សំដំណេក ខ្ញុំនឹងយកដើមរំចេក​ស្ងួតៗ​មកដាក់ជុំវិញផ្ទះឱ្យបានច្រើន។

…ពេលរួចពិធីចូលក្នុងបន្ទប់ទឹក ទើបមើលមុខខ្លួនឯង … សល់តែប្រឡង់ភ្នែក និងមាត់​ដែលស ក្រៅពីនោះខ្មៅញូញព្រោះតែត្រូវភ្លើងចន្លុះ … ឃើញគ្នាឯងហើយចង់ខ្លាច …



រូបរាងប្រហាក់ប្រហែលហ្នឹងឯង…

ចុះអ្នកវិញនឹងរៀបចំពិធីមង្គលការរបស់អ្នកតាមរបៀបណា? សូមឱ្យខ្ញុំបានដឹងពីគំនិត​របស់​អ្នក​វិញផង។

លី កល្យាណ

Advertisements
  1. ឌីយ៉ា / ឧសភា 18 2011 5:12 ល្ងាច

    ខ្ញុំអត់មានគំនិតអីទេបង គ្រាន់តែអត់ចង់ការទេជាតិនេះ។ អត់ចង់បានប្រពន្ធ!

    • lykalyane / ឧសភា 18 2011 5:32 ល្ងាច

      ស្តាយណាស់ បើឌីយ៉ាមិនចង់ការជាតិនេះ ជាតិក្រោយមិនដឹងយ៉ាងម៉េចទេណា អាចថាជាពេលដែលផែនដីនេះលែងមាន៖ ឡាន ការាអូខេ លែងមាន… មិនដឹងទេ។
      ទោះជាយ៉ាងណាកុំទុកនារីម្នាក់ឱ្យនៅទំនេរអី។

  2. ឧត្តម / មិថុនា 8 2011 12:30 ល្ងាច

    បានអានហើយ អស់សំណើចមែនទែន! ហាសហាស

    • លី កល្យាណ / មិថុនា 9 2011 3:27 ល្ងាច

      ប្រហែលជាលួចចាក់ក្រឡេកខ្លួនឯងខ្លះហើយ !

  3. Khmerling / មិថុនា 21 2011 3:10 ល្ងាច

    អស់ទោះនេះមិនមែនគំនិតចៅចាក់ស្មុកទេ នេះគំនិតតាចាក់កន្ទេល ។ រឿងមិនហ៊ានជួលភ្នួងខ្លាចខាត ប្រហែលជាខុសហើយ ចុះបើទៅជួលអាវល្ខោន បើចំថ្ងៃនោះក្រុមល្ខោនគេត្រូវចេញទៅសម្ដែងដែរ កល្យាណត្រូវចំណាយលុយជួលស្មើនឹងជួលល្ខោនមកសម្ដែងដែរ ព្រោះអ្នកល្ខោនគេសុខចិត្តទៅ​សម្ដែងបានលុយច្រើនជាងជួលឲ្យសម្លៀកបំពាក់ឲ្យគេការ ។ មួយទៀតបើពពិលធំម្លឺង ៗ ពេលពន្លត់​ពពិល កល្យាណត្រូវជួលម៉ាស៊ីនបូមខ្យល់ឬF16មកផ្លុំពន្លត់ ព្រោះអាចារ្យចាស់ហើយផ្លុំមិនរលត់ទេ ។
    មានចំណុចច្រើនទៀតចង់បញ្ចេញតែទុកញាតិផ្សឹងថាចុះ…។

  4. តា ម៉ាប់ / កុម្ភៈ 20 2012 12:51 ព្រឹក

    យក​ស្លឹករំចេក​មកធ្វើ​អ្វីទៅបង?

    • លី កល្យាណ / កុម្ភៈ 20 2012 1:15 ព្រឹក

      ស្លឹករំចេកស្ងួតយកមកទុកការពារក្រែងមានអ្នកចាំលបស្តាប់ 😀

    • តា ម៉ាប់ / កុម្ភៈ 20 2012 1:25 ព្រឹក

      វាបិទសម្លេងម៉េចទៅ? យី ខ្ញុំមិនសូវដឹង​ទេរឿង​ធម្មជាតិនោះ ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: