Skip to content
20 ខែធ្នូ 2010 / ស្នាមញញឹម

ថ្ងៃដំបូងនៃរដូវរងា

ថ្ងៃដំបូងនៃរដូវរងា ១៥ តុលា​ ២០១០

កំពុងតែគេងលក់ស្រួលក្នុងបន្ទប់ ស្រាប់តែឮសម្លេងលាន់គ្រាំងៗបួនប្រាំ​​ដង ខ្ញុំស្ទុះងើប​ក្រទីក្រទា​ដើរទៅមើល ខាងក្រៅផ្ទះស្ងាត់មិន​មានមនុស្ស​ដើរ​ឬ​សូម្បីតែចោរ។ ខ្ញុំងាក មើល​នាឡិកាដែលព្យួរ​នៅចំ​កណ្តាល​ផ្ទះឃើញ​ម៉ោងជិតបីភ្លឺទៅហើយ​ចោរក៏​ប្រហែល​​អស់​កម្លាំងរួច​នាំគ្នាទៅ​ដេកអស់ទេ​ដឹង? សម្លេង​គ្រាំងៗលាន់ម្តងទៀត តាម​ពិត​គឺសម្លេង​ស័ង្កសី​​សង្ក្រៀតគ្នា​នៅ​​សំយ៉ាបផ្ទះ​បង​ម៉ៅនៅទល់​មុខផ្ទះខ្ញុំតើ ខំតែ​ភ័យ។ ខ្ញុំ​​ប្រយ័ត្ន​ណាស់ ដេកពួន​យប់ព្រលប់​មិន​សូវ​លក់ស្កប់​ទេ​ព្រោះប្អូនៗខ្ញុំ​សុទ្ធតែក្មេងៗ​គេង​ទ្រមក់ ចំណែក​ផ្ទះនេះជាផ្ទះជួលដែលមាន​ទ្វារដែករូតតែមួយ​ជាន់​និងមាន​ទ្វាររបង​កំពុក​មួយ​ទៀត​អមពីក្រៅ​ប៉ុណ្ណោះធ្វើម៉េចអាចការពារ​ផ្ទះឲ្យមាំទាំទៅកើត តែសុំ​ទោស​ទៅចុះនៅ​ក្នុងផ្ទះមានតែម៉ូតូចាស់ៗបួន​គ្រឿង​ទេ។ ដោយ​ហេតុតែពិបាករកលុយ ខ្ញុំ​ក៏​ទ្រាំ​ងើបយប់​ដើម្បី​រវាំងរបស់ទ្រព្យមិនសូវមានតម្លៃទាំងនេះ។

គ្មាន​អីទេ ងាកមើលសព្វគ្រប់ហើយមិនឃើញមានប្លែកអ្វី ខ្ញុំ ត្រលប់មកវិញ​ទាំង​ដំណើរ​តយង៉យ ខ្ញុំដើរសំដៅបន្ទប់ទឹក…ពេលដាក់ខ្លួនទៅលើពូកទន់ល្មើយជា​ពូក​ដែលខ្ញុំ​ធ្លាប់​គេង​អស់ជាងដប់ឆ្នាំ​តាំងពី​មក​នៅរៀនភ្នំពេញដូចជាមានក្តីសុខ​ម្ល៉េះទេ…គេងលែងលក់​ហើយ​ពេល​នេះព្រោះសម្លេង​ស័ង្កសីនៅតែឮ​ម្តងៗ ខ្ញុំក៏តាំងបើកវិទ្យុស្តាប់​…រាវរកប៉ុស្តិ៍…​ណាក៏ដោយឲ្យតែ​មាន​បទ​ចម្រៀង​មនោសញ្ចេតនា…​តាំងបង្ហើរ​អារម្មណ៍​ទៅឆ្ងាយតាម​អត្ថន័យបទចម្រៀង។ មានអ្វីនៅ​ក្នុង​ចិត្តធ្វើ​ឲ្យ​ខ្ញុំនៅមិនសុខអីចេះ? ខ្ញុំបើកកុំព្យូទ័រ​មើល​ឯកសារដែលត្រូវធ្វើថ្ងៃស្អែក តាមពិតទៅត្រូវធ្វើ​របាយ​ការណ៍​មួយ…តើរូបថតដែលត្រូវ​ដាក់ក្នុង​របាយ​ការណ៍នោះនៅឯណាទៅ? ជាធម្មតាឲ្យតែថត​រូប​រួច​ខ្ញុំតែងបញ្ចូល​រូប​ទាំង​នោះដាក់ក្នុង​កុំព្យូទ័រដើម្បីឲ្យអ្នក​ផ្សេងអាចយកម៉ាស៊ីនថតទៅ​ប្រើការ​បាន​ដោយមិន​លំបាក។ រក​យូរ​ហើយនៅមិនឃើញ​រូបថតថ្ងៃចុះត្រួត​ពិនិត្យ​គម្រោងនៅសៀមរាប​ទៀត។​ឲ្យស្រឡះអីចឹងទៅចុះ!

អស់ពីរករូបថតគម្រោង ខ្ញុំរាវរកមើលរូបថតចាស់ៗដែលបានរក្សាទុកក្នុងកុំព្យូទ័រ។ នៅ​ពេលនោះ​វិទ្យុឈានដល់កម្មវិធីសំណូមពរបទចម្រៀង ដោយសារមិនចង់ខាតពេល​ស្តាប់​គេជជែកគ្នាខ្ញុំបើក​ចម្រៀង​ក្នុងកុំព្យូទ័រស្តាប់វិញម្តងនិងជ្រើសយក​សុទ្ធតែបទ​មនោ​សញ្ចេតនាដែលខ្លួន​ឯងចូល​ចិត្ត។ បើករាវមើល​ឃើញរូបខ្ញុំពីក្មេង មានតែមួយ​សន្លឹក​គត់​ដែល​​នៅ​សល់​កាល​អាយុ​ប្រហែល​បួនឆ្នាំ មើលទៅមិនសម​ឥឡូវ​មានមាឌធំ​មាំបែបនេះ​ទេ​ព្រោះរូបរាងតូចស្តើង។ មានរូបកាលអាយុ​ប្រាំបួនឆ្នាំមួយទៀតដែល​មាន​ជា​រូប​ថត​ពណ៌​ធម្មជាតិនិងរាងច្រលើសបើសបន្តិច​គ្រាន់ឲ្យចង់​សើច​​ដែរ។ ខ្ញុំមិនងាយ​ឲ្យ​គេថត​រូប​ទេ(ប្រហែល​មកពីមុខមាត់អាក្រក់ពេក)ទាំងនេះសុទ្ធតែ​បាន ថត​ដោយ​សារ​ម្តាយខ្ញុំ​ចេះ​​បញ្ជោរ។ មើលរូបខ្លួនឯងហើយ​សើច។ អីយ៉ា មិនគួរបានគ្រាន់បើដល់​ថ្នាក់​នេះ​ទេ បើ​តាមតែស្ថានភាពគ្រួសារស្រ្តីមេម៉ាយកូនបី និងមាន​មនុស្សចាស់ជរាក្នុង​បន្ទុក​ពីរ​នាក់​ទៀត​នោះមុខជាដើរបេះត្រកួនទូលលក់នៅផ្សារមិនខានទេ ហាសហា។

ដៃចេះតែចុច មកដល់ត្រង់នេះរូបភាពបីនាងឆ្លងទឹកនៅប្រាសាទនាគព័ន្ធក៏ប្រាកដ​មក​ពេញផ្ទាំង​ចំពោះមុខខ្ញុំ…នេះគឺរូបថតឆ្នាំ២០០១នាបុណ្យអុំទូក ថតនៅសៀមរាបកាល​ទៅ​ដើរលេង​ជាមួយ​អូន​និង​ក្មេងៗ។ អនុស្សាវរីយ៍ចាស់ៗបានផុសឡើង​មកជាបន្ត​បន្ទាប់​​​ក្នុង​បេះដូងដែលធ្លាប់​មាន​ស្នាមរបួស​មួយ​នេះ​ហាក់ដូចជាកាន់តែធ្វើឲ្យ​វាឈឺចាប់​ដូចត្រូវ​ទឹក​ក្តៅ​រីកដំបៅកាន់តែខ្លាំង។ ស្នូរដង្ហើមវែងមួយលាន់ឡើង​ដែល​បានធ្វើឲ្យ​ខ្ញុំធូរ​ទ្រូងបន្តិច និយាយដល់ត្រង់នេះ​ស្រាប់តែក្លិន​ផ្កាក្រវ៉ាន់ដែលខ្ញុំបានបេះកាលពីម្សិល​ម៉ិញ​​ពេល​ឈប់​បាញ់​ទន្សាយតាមផ្លូវត្រលប់ពីសៀមរាប​ក្រអូបសាយចេញពីកែវ​ទឹកក្បែរ​ក្បាល​ដំណេក ដោយ​សារតែផ្ទះសម្បែងមិនពិតប្រាកដ​ព្រោះ​ត្រូវរើជាច្រើនដង ខ្ញុំមិន​និយម​មាន​របស់​របរច្រើនទេ និងក៏​ព្រោះតែ​រកថូសមគួរដាក់ផ្កា​មិនបាន​ក៏ផ្ញើនឹង​កែវផឹក​ទឹកសិនទៅ ដាក់​ផ្កាមានស្លឹកច្រើនបែបនេះក៏អាច​ការពារដី ឬ​សត្វល្អិត​ចូលផឹក​ទឹក​ដែល​សល់ពី​មាត់​ខ្ញុំ​បាន​ទុកគ្រាន់ផឹកបន្តនៅពេលស្រេក។​ តាមសង្កេត​របស់ខ្ញុំ​ផ្កា​ក្រវ៉ាន់ រំដួល និងពពួក​ផ្កា​មួយ​ចំនួនសាយក្លិនតែនៅពេលយប់ប៉ុណ្ណោះ។ លោកអ្នកពិចារណា​ជាមួយ​ខ្ញុំ​មើល៍ ផ្កាដែល​ក្រអូប​មានក្លិនឆ្ងាញ់ដូចចេកពង​មាន់ទុំបែបនេះ​ក៏ចិត្តអាក្រក់​ណាស់​ដែរ មិនងាយ​ចោល​​ក្លិន​​នៅ​ពេល​មានពន្លឺព្រះអាទិត្យទេ លុះណាតែ​សែង​ព្រះ​អាទិត្យ​លិចបាត់ទៅ​ទើប​រៀប​ខ្លួន​សម្តែង​រិទ្ធិ​បញ្ចេញ​មន្ត​ស្នេហ៍ឲ្យមនុស្សម្នាទាំងពួង​ទាំង​ឡាយវង្វេងទន់ចិត្ត​ដោយ​សារ​​ក្លិនដ៏​មានរស​ក្រអូបរបស់ខ្លួន។​ មាន​រឿង​មួយដែល​ខ្ញុំ​ធ្លាប់​​កុហកប្រាប់សង្សារ គឺរឿងផ្កា​សម្គាល់​ចិត្ត​របស់​ខ្ញុំ​នេះឯង។ លើកផ្កាក្រវ៉ាន់រួចសួរ​​អូន​ថា៖ មានដឹងថាហេតុអី​បាន​ជា​ផ្កា​ក្រវ៉ាន់ក្រអូបតែពេល​ល្ងាច​ទេ? ពេលនាងប្រាប់​ថា​មិន​ដែលដឹងក៏តាំងតម្កើង​​ឬក​ពារ​ជា​អ្នក​មាន​អំណួតភ្លាម ចុះអូនមើលវា​ទៅ​អាច​ប្រដូច​​នឹងអ្វីបាន? តាមពិតទៅបើ​ពិនិត្យ​ឲ្យ​​បាន​ល្អិត​​ទើប​សង្កេត​បានថាក្រវ៉ាន់​មាន​​រូប​​ស្រដៀង​​​​នឹង​វង់ព្រះអាទិត្យ​ហើយ​ផ្កា​នេះ​លាក់​ខ្លួន​ពួន​បាំង​នឹង​ស្លឹក​ និង​ក៏​មិនដែលសាយ​ក្លិននៅ​​ពេល​មាន​ពន្លឺ​ព្រះអាទិត្យដែរ។

វិក្ខិត្ត​ចិត្តនៃខ្ញុំដែលចេះតែរវាតនឹកដល់រឿងអតីត ស្របនឹងបទចម្រៀងមនោ​សញ្ចេតនា​របស់ លោក ស៊ិន ស៊ីសាមុត លាន់​ចេញ​​ពី​គ្រឿងបំពងសម្លេង កន្សែងក្រហម ពីរោះរងំ​មិនទាន់​រលត់​ផង​ស្រាប់​តែសម្លេង​នាឡិកា​ទូរស័ព្ទ​រោទិ៍​ឡើង…ឱ! ដល់ម៉ោងក្រោកទៅ​ហាត់​ប្រាណ​ហើយ…​ខ្ញុំស្ទុះស្ទាក្រោកពី​កៅអី​ជម្នះ​កម្ជិល ពេលព្រឹក…ជា​ទម្លាប់​គឺខ្ញុំ​ងើប​ហាត់ប្រាណនៅជិតផ្ទះខ្លាច​ចោរ​ប្រមាថ​គឺរត់ត្រឹកៗផងរវាំងមើលផ្ទះផង។ ថ្ងៃនេះ​អារម្មណ៍ល្អចង់ទៅ​ហាត់​ប្រាណនៅ​សាលា​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ម្តងមើល៍…​ដោយសារមិនចង់អស់សាំង និងមិនចង់រវល់​តែគិត​ខ្លាច​បាត់​របស់​ខ្ញុំសម្រេច​ចិត្តរត់​តម្រង់​សាលានោះដោយមិនយកអ្វីទៅ ក្រៅពីទូរស័ព្ទ​និងប្រាក់​ប្រាំ​ពាន់​រៀលជាប់ខ្លួន។ ចាក់​សោ​ផ្ទះគត់មត់រួច​ខ្ញុំដើរមួយៗ​ចេញ​​ទៅទីដៅ​ទាំង​​​ដែល​ក្មេងៗ​នៅ​គេង​ទ្រមក់​នៅ​ឡើយ។ រត់តិចៗតាមផ្លូវកាត់មុខសាលាតិចណូ ឃើញផ្កាលឿងរាជរីក​ស្គុះស្គាយ​ក៏​ញញឹម​​ដាក់​ពួក​វា​មួយ​ឲ្យ​វា​សប្បាយចិត្តព្រោះខ្ញុំដឹងថាមិនមាននរណា​ចាប់អារម្មណ៍​ពី​វា​ទេ។ តាមបណ្តោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​មាន​ដើមស្វាយចេញផ្កាលើកដំបូងរបស់ខ្លួន អា​មួយ​​នេះនៅមិនទាន់ដល់​ពេល​ល្អ​គន់​ទេ អាច​ថា​ប្រហែល​ខែ​មករា​ទើប​ដល់​ពេល​របស់​​វា។ ចូលដល់ក្នុងសាលាសកល​ (ពាក្យហៅ​ជា​​ទម្លាប់​របស់​និស្សិតសាលា​នេះ​ជំនួស​ពាក្យ​ពេញថាសកលវិទ្យាល័យភូមិន្ទភ្នំពេញ) ក្លិនក្រអូប​ឈ្ងប់​នៃ​​ផ្កា​អង្គាបុស្ប​រសាត់​មក​ប៉ះ​នាសានាំចិត្តឲ្យត្រដួចគិតដល់…ប្រយោគ​ពណ៌នា​របស់​អ្នកនិពន្ធ សុខ ចាន់ផល និយាយ​​ពីផ្កាអង្គាបុស្បរីកក្រោយភ្លៀង ក្នុងចិត្តនឹកថាតើអាច​ដែរ​ទេ​បើសិន​ជា​កំពុងតែ​កាន់​​ផ្កា​ក្នុង​ដៃហើយ​វារីកដូចដែលអ្នកនិពន្ធប្រាប់? អារម្មណ៍​របស់​គាត់​ប្រហែល​​​ជា​រំភើប​និងភ្ញាក់ផ្អើលមិនស្ទើរទេ។ កាន់​ហើយ​ដែរតែមិនឃើញ​រីក​ដូច​គាត់​និយាយ​សោះ​​ប្រហែល​​ភ្លៀង​មិន​ធ្លាក់​ដូច​កាល​ណោះ​ដឹង។ ញញឹម​មួយ​ដាក់​វា​ ព្រោះ​ពេញ​ចិត្ត​នឹង​​​ផ្កា​នេះ​​ដែរ​តែ​មិន​ខ្លាំង​ស្មើផ្កា​សម្គាល់ចិត្ត​របស់ខ្ញុំទេ។ ម៉េចក៏ស្រុកខ្មែរមិនមានពេល​គយ​​គន់​ផ្កាដូចនៅជប៉ុនហ្ន? ផ្កាស្រុកខ្មែរដែលរីកស្អាតជាងគេក្នុងចិត្តខ្ញុំគឺផ្កាចារ ឲ្យតែ​ពេល​នឹក​រឿង​មើល​ផ្កា​​នេះគឺខ្ញុំតែងឈ្លោះ​ជា​មួយ​អុំម្នាក់នៅក្បែរ​ផ្ទះនោះរាល់ដង​។ គាត់​សសើរថា​ផ្កាអូយម៉ូយរបស់ខ្មែរ​ស្អាត​បំផុត ខ្ញុំថាគឺផ្កា​ចារ​ឯណោះទេ មិនដឹងនរណាឈ្នះ​នរណា​ចាញ់​ទេ​ព្រោះ​មិន​ព្រម​ស្តាប់​ហេតុ​ផល​គ្នានិង​ក៏មិន​ព្រម​ទទួលស្គាល់ថាផ្កាចារ​ឬ​អូយម៉ូយ​ស្អាត​​ជាង​ដែរ។ ហ៊ឺ! មកនេះគោលដៅគឺហាត់ប្រាណឲ្យ​​​បែក​ញើស​​បែរ​​ជា​ខួរ​ក្បាល​គិត​តែ​ពី​ណាពីណីឲ្យតាពាស ខំរត់សិន មួយជុំ…ពីរជុំ…បីជុំ…​ អីយ៉ា​នឹក​ដល់​ផ្កាអូយម៉ូយ​គឺ​នឹក​​រដូវរំហើយឆ្នាំ១៩៩៨ កាលទៅការបងប្អូន​នៅ​កំពង់ឆ្នាំង លោក​អើយ​ជិះទូក​ឆ្លង​ទន្លេ​ទៅមួយពូជផងគ្មាន​ចេះ​​​ហែល​​ទឹកម្នាក់ ងាកទៅម៉ែ​យាយ​លើក​ដៃសំពះ​ធ្វើមាត់ជីពអូចៗ ចំណែកម៉ាក់វិញគាត់​គ្មាន​រវល់​អីទេ ព្រោះ​​បាន​បិទភ្នែកទៅហើយ​តាំង​ពី​ទូកទើប​ចេញ​ពី​កំពង់​​ម្ល៉េះបែរ​ទៅ​ប្អូនៗ​ខ្ញុំ​សប្បាយនឹងទឹកណាស់ វា​ដាក់​ដៃ​​ប៉ប្រះ​ជាមួយ​​ទឹក​អែប​គែម​កាណូត ពិត​ជា​​គ្មាន​ដឹង​ខ្យល់​រំបល់​យក៍​អីមែន ទាំងខ្ញុំជាបងក៏​អីចឹង​ដែរ​​គ្មាន​ចេះ​​​​រក​​នឹក​យក​ស្នោ​អី​មក​​តាម​​ខ្លួន​​នឹង​គេ​ទេ​គិតតែប្រមូលសម្បក​ប៊ីដុងទឹក​១០​លីត្របានប្រាំ។ ងាក​មើល​តាម​​​ដងទន្លេដើមអូយម៉ូយ​ដុះ​អម​សង​ខាង​ច្រាំង​​បញ្ចេញ​ផ្កា​​ស្គុះស្គាយ…​ជួយលើក​សម្រស់​ស្រុក​ស្រែ​​ស្រុក​​ទន្លេ​​​​​បាន​​មួយ​​អន្លើ​​​​ដោយ​​​​​មាន​​មេឃ​ពណ៌​​ខៀវថ្លា​នៃរដូវ​រងា​ហាក់​រំលឹកអ្នកដំណើរ​ស្រុកឆ្ងាយឲ្យ​ទាញ​ចំណាប់​អារម្មណ៍មក​មើល​ទេសភាពស្រុក​ទន្លេ​ដោយ​អារម្មណ៍សែន​ស្រស់ថ្លា…ទឹកថ្លាឈ្វេង…​​ឃើញ​ឆ្លុះ​មុខ​បាន…​ងាកទៅ​ក្រោម​ឃើញ​មេឃមួយទៀតនៅក្នុងទឹក…បែបនេះនាំឲ្យ​នឹកដល់បទនិពន្ធរបស់ លោក នូ​ ហាច ក្នុងរឿងមាលាដួងចិត្ត…​មនោគតិដែលជក់វក់នឹង​ពាក្យកាព្យពីរោះ​ប្រកប​​ដោយ​មនោ​​សញ្ចេត​នា​​​លន្លង់លន្លោចគ្រប់វេលា។ ខ្ញុំ​ដែលជានិច្ចកាល​ស្រវឹងនឹង​ប្រលោម​លោក ​នឹងកាព្យឃ្លោង នឹងទេសភាព នឹងធម្មជាតិទាំងពួង កាលបើចេញ​ផុតពី​ទីក្រុង ប្រជុំជន​ដែល​​ពោរ​ពេញ​ដោយ​សម្លេងទ្រហឹងរំខានចិត្តក៏​មានសេចក្តី​ត្រេកអរ​ជា​​ពន្លឹក​ចំពោះ​ទេសភាព​ធម្មជាតិ​ទាំងនេះ។

មើលតាមដងទន្លេមនុស្សម្នាប្រញឹកដៃនឹងការធ្វើត្រីដែលទើបនេសាទបានមក នេះជា​រដូវ​ធ្វើផ្អក​​ប្រហុក​របស់​ប្រជាជនយើង។ ឆ្នាំណាក៏ដូចឆ្នាំណាឲ្យតែដល់ខែ​រួចដៃពី​ច្រូត​ស្រូវ គេតែងនាំគ្នាទាំង​គ្រួសារ​​មក​ស្នាក់នៅ​​ធ្វើប្រហុក ផ្អកនៅ​តាមមាត់ទន្លេ​ដើម្បីទុក​ហូប​ពេញ​មួយឆ្នាំ។ មានតែប្រជាជន​ខ្មែរ​ទេ​ដែល​ចេះ​​ហូបប្រហុក​ហើយក៏មានតែ​ប្រហុក​ដែរ​ដែលអាចរក្សាទុកបានយូរសម្រាប់ជា​អាហារ​ដែល​យើងហូបមិន​ចេះ​ធុញ​ទ្រាន់…​សូម្បីនៅបរទេស​ដែល​មិន​អាច​ធ្វើ​ប្រហុក​បាន​ក៏ខ្មែរ​យើង​នៅ​ទីនោះ​ព្យាយាមរក​វាមក​ហូប​បាន​ទោះក្នុងតម្លៃថ្លៃយ៉ាងណាក៏ដោយ… ខ្ញុំ​មាន​មោទកភាព​​ដោយបានកើតជា​ជាតិ​សាសន៍មួយដែលទោះជា​ទៅទីណាក៏មិនដែលភ្លេច​ជាតិ​សាសន៍​​របស់​ខ្លួន…​ទៅដល់​ទី​ណាក៏ដោយ​ក៏ខ្មែរនៅតែឈឺឆ្អាលសុខទុក្ខគ្នា ទៅវិញទៅមក… បាទ ខ្ញុំ​គឺជាខ្មែរ។

ទឹកហូរមិនត្រលប់ជាពាក្យសុភាសិតខ្មែរដែលមានន័យដូចផងន័យធៀបផង។ ជា​​ធម្មជាតិ ទឹក​ដែល​​ហូរ​ទៅ​ហើយ​មិនដែល​ហូរបញ្ច្រាស​ត្រលប់​មក​វិញ​ឡើយ យ៉ាង​ណា​មិញ​ប្រដូចនឹងពាក្យសម្តី​ដែល​លាន់​ចេញពីមាត់យើងហើយ​លំបាកនឹង​កែត្រលប់​មក​វិញ​ណាស់។ ដោយឡែកអ្វីតែទឹក​ទន្លេ​សាប​ដែល​ខ្ញុំ​កំពុងឆ្លងកាត់នេះ​ហូរហើយ​ត្រលប់​​វិញ​ខុសពី​សុភាសិត​ត្រង់​ថា​វា​​ហូរ​​ចូល​នៅរដូវ​វស្សា​​​ហើយហូរចេញទៅ​វិញនៅ​រដូវ​រំហើយ។ ធម្មជាតិផងនៅមានខុសប្លែកទម្លាប់ ឱ!ទម្រាំ​រឿង​របស់​​ខ្ញុំ…គង់មាន​ថ្ងៃ​ផ្លាស់​ប្រែមិន​ខាន…ខ្ញុំសង្ឃឹម…ខ្ញុំញញឹម…សប្បាយចិត្ត…

នៅយប់នោះមានកម្មវិធីរាំច្រៀង យាយតា ពូមីងខ្ញុំសំណូមពរឲ្យឡើងច្រៀងបើកឆាក។ ដំបូងខ្ញុំ​ច្រៀង​បទ«រង់ចាំអូនរាំ»របស់លោក ស៊ិន ស៊ីសាមុត បន្ទាប់ពីភ្លេងលេង​កំដរ​មួយ​​បទ​ បន្តមក​ពួកគាត់រុញ​ឲ្យ​​ច្រៀង​មួយបទទៀត។ អ្នកស្រុកនោះចូលចិត្ត​បទរាំញាក់ញ័រ​ជាង​បទ​មនោ​សញ្ចេតនា​ព្រោះបទដំបូងឃើញ ខ្លះទះដៃហ៊ោសាទរខ្ញុំ ដល់បទទីពីរជា​បទ​​ប្រចាំត្រកូល​​របស់​ខ្ញុំ​គឺជីវិតកម្មករត្បូង ស្ងាត់ឲ្យឈឹង។ សម្រាក​មួយស្របក់មើល​អ្នក​ចម្រៀងគេច្រៀងបានពីរបីបទ ខ្ញុំគិតថាទៅរកកន្លែងណាស្ងាត់បង្ហើរអារម្មណ៍​ស្រាប់​តែ​មនុស្សម្នាទាញដៃ​ឲ្យ​ឡើង​ឆាក​សុំ​មួយ​បទ​ទៀតតែយកបទណាដែល​រាំបាន មិនយក​ទេ​បទស្លូវព្រោះគ្មាន​នរណា​​រាំជាមួយ (ហាសហ៎ា តាម​ពិតអញ្ចឹងសោះ) ខ្ញុំទ័លច្រករកដោះ​ខ្លួន​មិនរួចក៏ដើរសំដៅឆាកច្រៀងរួច​ប្រាប់អ្នកភ្លេង​លេង​បទ សាឡាឡាឡាឡា ដែល​កាល​ណោះគេកំពុងពេញនិយម។ គ្រាន់តែចេញ​ភ្លេង​​បន្តិច​ អ្នករាំ​ចូល​ស្រ​មកពេញ​ទាំង​ធ្លាហ៊ោក្រេវ ហុយដីទ្រលោម មិនទាន់បានច្រៀងផងខ្ញុំស្ទើរតែឈ្លក់។ អារម្មណ៍​អើយ​សប្បាយអ្វីម្ល៉េះព្រោះឃើញអ្នកដទៃសប្បាយ… ខ្ញុំស្រែកយក៍ៗ​មិន​ដឹង​ថា​យ៉ាងណា​ទេ​ព្រោះ​សម្លេង​ហ៊ោរបស់ពួកគេស្ទើរតែលុបភ្លេងទៅហើយ កូនកម្លោះកូនក្រមុំដែល​ត្រូវ​ជា​ពូមីង​ខ្ញុំ​​ចូល​​រាំ​ក្នុង​វង់​នឹង​​គេ​ដែរ ខ្ញុំលើកដៃរាំតាមចង្វាក់ភ្លេងបញ្ចេញក្បាច់ជក់បារីរាំ រួច​ឆ្លៀត​ស្រែក៖ អ្នក​ខាង​មុខ​កុំថយពេក​ប្រយ័ត្ន​ភ្លើងបារី សម្លេងហ៊ោលាន់ទៀតជាមួយ​សម្លេង​​​ទះ​ដៃ​របស់​យាយតា​ខ្ញុំ​ដែល​​មិន​​បាន​​ឡើង​រាំ ខ្ញុំស្រែកប្រកាស​ដាក់ក្បាល​មីក្រូ សូមអញ្ជើញ​យាយតា និងចាស់ៗ​ដែលនៅ​​អង្គុយ​​មើល​ក្មេងៗឡើង​រាំ​ផង ក្មេងៗ​បានដៃ ចាប់ក្រៀក​ពួកគាត់​ចូលវង់រាំ…សប្បាយណាស់…​ទាំង​ចាស់​ទាំង​ក្មេង​ឡើងរាំអត់​តែម៉ាក់​ខ្ញុំទេ…រហូតដល់វគ្គចុងក្រោយចប់ខ្ញុំចុះពីឆាកមក ក្រមុំ​កម្លោះ​ចាស់​ក្មេង​នាំគ្នា​ចាប់​ខ្ញុំ​លើក​បោះទៅលើ…ឱ!អស់លោកអ្នក​អើយ​ពេលនោះ​ខ្ញុំភ័យ​​មិន​​ដឹង​​ដូច​ស្អីទេ បើ​ពួក​​គេ​បោះខ្ញុំហើយពេលខ្ញុំធ្លាក់​មកវិញគេភ្លេចចាប់​ខ្ញុំនោះ…​ដូចក្អម​ធ្លាក់​ពីដៃ​អញ្ចឹង…​សូម​ឲ្យ​ពួក​គេ​ទទួលខ្ញុំ​ផង…លើកទីមួយ…លើកទីពីរ…លើកទីបី…អូយព្រះ​អើយ​រមូល​ពោះ​​ណាស់​​ឆាប់ដាក់​ខ្ញុំ​ចុះទៅ…ខ្ញុំបាត់​ម្ចាស់ការលើខ្លួនឯងពេល​គេដាក់ចុះដី​ក៏ស្រាប់​តែ​ដួល​ព្រូស គេ​ក៏ចាប់​លើក​ខ្ញុំឡើងដោយមានដៃរបស់នារីម្នាក់គ្រាហ៍​ខ្ញុំឡើងផងដែរ…​ខ្ញុំ​អរគុណ​គេរួចប្រឹង​រំលៀក​ខ្លួន​ចេញ​ពីទីនេះប្រាថ្នាទៅទីណាស្ងាត់ឆ្ងាយបន្តិច​ដើម្បី​ប្រមូល​​សតិវិញ្ញាណមកវិញ​ព្រោះ​លោះ​​ព្រលឹង​អស់ហើយ។

ឃ្លាតវង់រាំឆ្ងាយបន្តិចល្មមតែអាចបង្ហើរអារម្មណ៍បានដោយមិនសូវមានសម្លេងលាន់ខ្លាំង​រំខាន ខ្ញុំដាក់​បង្គុយនៅមាត់ច្រាំងទន្លេមើលទៅផ្ទៃទឹកដែល​ចាំងព្រាលៗ​ដោយពន្លឺ​ព្រះ​ច័ន្ទ​១១កើត…​ខ្ញុំខ្សឹប​តិច​ៗ​នូវ​​បទកាព្យរបស់លោក គយ​ សារុន «ខ្ញុំស្រលាញ់ដួង​ចន្រ្ទា»​សម្លេងជើង​​ដើរ​ជាន់​លើស្លឹកឈើងាប់បាន​ពន្លត់អារម្មណ៍ដែលកំពុងកញ្រ្ជោកបោកបាច​ក្នុងបេះដូងខ្ញុំ​ព្រោះ​រលឹក​ដល់រឿងអតីត។ គឺនារីដែលបាន​ចាប់ខ្ញុំលើកពីដីនៅក្នុង​វង់រាំ​អម្បាញ់​មិញ​នេះ នាងបានចូលខ្លួន​មក​ជជែក​ជាមួយ​ខ្ញុំ​ព្រោះ​ចង់កំដរអផ្សុក។ និយាយ​គ្នា​មួយ​ស្របក់​ក៏សួរ​នាំឈ្មោះគ្នា​ទៅ​វិញ​ទៅ​មក។

–       ខ្ញុំឈ្មោះ ភូមិន្ទ ចុះអ្នកនាងវិញ?

–       ខ្ញុំឈ្មោះ អូយម៉ូយ។

ព្រះអើយ ចង់តែសើចទេ ចុះឳពុកម្តាយនាងមិនដែលឃើញផ្កាកុលាបឬអ្វីបានជា​ដាក់​ឈ្មោះ​​កូន​បែបនេះ គ្រាន់តែឮហើយនឹកដល់ក្លិនស្អុយរបស់ផ្លែអូយម៉ូយ។ ប្រហែលជា​ពួក​គាត់​បាន​ឃើញ​តែ​ផ្កា​អូយ​ម៉ូយដែល​ដុះតាមមាត់​ទន្លេក៏គិត​ថាវាស្អាតជាងគេហើយ​បើ​តាមការសង្កេតរបស់ខ្ញុំ​នៅម្តុំ​ហ្នឹង​បែប​មិនមាន​អ្វីលើសពីផ្កានេះ​ទើបពួកគាត់​ដាក់​ឈ្មោះ​នាងថា អូយម៉ូយ អញ្ចឹង ខ្ញុំមិនហ៊ាន​និយាយ​អ្វីច្រើនទេព្រោះនៅទី​ស្ងាត់តែពីរ​នាក់​​ផង ក៏លានាងទៅគេងមុនទៅ។ ព្រឹកឡើង​ជិត​បាយ​ថ្ងៃត្រង់​រៀបនឹង​លា​បងប្អូន​ត្រលប់​​​មក​ភ្នំពេញវិញតាខ្ញុំខ្សឹបប្រាប់ថាថៅកែ​ឡូតិ៍​សួរ​​នាំ​ខ្ញុំ​ប្រុង​លើក​កូន​ក្រមុំ​ឲ្យ​ហើយ គាត់​សួរ​ខ្ញុំថាពេញចិត្តកូនគេ​ទេ? គាត់ចង្អុលប្រាប់បង្ហាញកូនក្រមុំ​និង​ឳពុក​ម្តាយ​របស់​នាង គឺ​នាងម្នាក់ពីយប់ម៉ិញតើ យាយនិងតាបាន​អួតប្រាប់ថាគេជាអ្នកមាននៅស្រុកនេះ មាន​កូន​ប្រាំនាក់​ហើយ​នៅ​​សល់​តែ​កូន​ស្រី​ម្នាក់​នេះ​ទេ គ្រាន់តែឮ​ប៉ុណ្ណេះស្រាប់​តែងាក​ទៅ​ឃើញឳពុកនាងសើចចេញធ្មេញមាសពេញមាត់។ អូហ៍ ពិតជាសម្បូរណ៍មាសមែន​មើល​ចុះសូម្បីតែធ្មេញក៏ដាក់មាសដែរ ចំណែកគ្រឿងតែងខ្លួនទាំង​ម្តាយ ឳពុក និង​កូន​ពោរ​ពេញដោយមាស​។ ខ្ញុំមិនទាន់មានសមត្ថភាពចិញ្ចឹមគេរស់ទេតា (ខ្ញុំតបទៅគាត់) យី! ហ្អែង​មិនបាច់ទៅរករបរអីទេ គេមានមុខ​របរឲ្យស្រេចហើយ គឺឡូតិ៍គេនោះអី មកតែ​បន្ត​​មុខរបរនេះទៅសោះមិនបាច់ព្រួយឡើយ គេមានបានក៏​ដោយសារមុខរបរនេះដែរ មើល​​ចុះ​។ អត់ទេ ខ្ញុំមិនស្រលាញ់នាងទេ (តាមពិតទៅនាងមានរូបរាងស្រស់​ស្អាត​សម​គួរ​​ដែរ) ម្យ៉ាងទៀតខ្ញុំមិនចូលចិត្តរស់នៅស្រុកទន្លេទេ មានគ្រោះថ្នាក់ណាស់សម្រាប់ខ្ញុំ តា​ក៏​ដឹង​ខ្ញុំ​​មិនចេះហែលទឹកហើយខ្លាចទឹកជាងខ្លាចខ្លាទៅទៀត គ្រាន់តែតា​មករស់នៅ​ខាង​​ប្រពន្ធឯស្រុកទន្លេនេះខ្ញុំ​តឹងចិត្តណាស់ទៅហើយព្រោះមិន​ដែលហ៊ានមកលេង​ទេ។ តាខ្ញុំបានពាក្យពីខ្ញុំទៅប្រាប់គេវិញ ដោយសារ​ឮថាខ្ញុំខ្លាចទឹកគាត់បានឲ្យទូកធំ​របស់​​គាត់ដឹកបងប្អូនយើងត្រលប់មកកន្លែងឡើងឡាន ដោយមានកូន​ក្រមុំគាត់ជា​អ្នក​បរជូនមក។ ខ្ញុំសំពះអរគុណនាង ដោយមិនភ្លេចនឹកក្នុងចិត្តថាអ្នកទន្លេមាន​សមានចិត្ត​ធំ​​ទូលាយ​ដូចជា​កន្លែងដែលពួកគេរស់នៅ មានសេចក្តីស្មោះត្រង់ក្នុងការ​រាប់អានដែល​ត្រជាក់ដូចទឹក មាន​ប្រពៃណី ទំនៀម​ទម្លាប់ចេះជួយយកអាសារគ្នាទៅវិញទៅ​មក​ស្រឡាញ់​រាប់អានគ្នាដោយមិន​គិតរកផល​ចំណេញ ខុសពីអ្នកទីក្រុងដែល​មានចិត្ត​ចង្អៀតដោយសូម្បីតែប៉ះពារគ្នាតិចតួច​ក៏នាំរឿងឲ្យធំបានថ្នាក់ដល់​កាប់ចាក់​គ្នាទៅ​ទៀត។

សូមឲ្យទីនេះនៅតែរក្សាបានទម្លាប់ល្អរបស់ខ្លួនកុំបីល្អៀងស័ក្តិសមទៅនឹងផ្ទៃមេឃដ៏​ស្រស់​​ស្អាត​និងទឹកថ្លាដូចកញ្ចក់។ សូមឲ្យទឹកចិត្តរបៀបនេះរីកសាយពី​កន្លែងនេះទៅ​គ្រប់​ទិសទីនៃពិភពលោកដើម្បី​សន្តិនៃមនុស្សគ្រប់រូប។ សូមកុំឲ្យគំនិតទី​ក្រុងឆ្លង​មក​ដល់​​ទីនេះដែលប្រៀបដូចជាទឹកខ្មៅដិតលើក្រដាស​សឲ្យប្រឡាក់អាប់ឱន​កិត្តិនាម​ដ៏​ប្រសើរនៃកន្លែងនេះ និងការចងចាំរបស់ខ្ញុំ…

ខ្ញុំគ្រវីដៃលានាងដោយញញឹម និងសង្ឃឹមថានៅថ្ងៃមួយដែលបានត្រលប់មក​ទីនេះម្តង​ទៀតរំលឹក​ពីការចងចាំមួយនេះ…នារីម្នាក់ដែលកំពុងបរកាណូតធំនេះ​នឹងមានក្រុម​គ្រួសារ​ដ៏កក់ក្តៅជំនួសឲ្យទឹកចិត្ត​របស់​ខ្ញុំដែលមានចំពោះនាង…សូមឲ្យទេវតាតាម​ថែរក្សាមនុស្សល្អដូចជានាងបានជួបសំណាងក្នុងជីវិតជា​រៀងរហូតទៅ…អូយម៉ូយ…

ព្រឹកឡើងនៅពេលបណ្តើរម៉ូតូចេញពីផ្ទះទៅធ្វើការ ខ្យល់នាពេលព្រឹកព្រលឹមបក់មកប៉ះ​ខ្លួន​ឲ្យ​​​ឡើង​ត្រជាក់​ស្រេប។ គឺជាពេលចាប់ផ្តើមនៃរដូវរងា។

១៩ ធ្នូ ២០១០

លី កល្យាណ

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: