Skip to content
16 ខែមករា 2011 / ស្នាមញញឹម

រកដណ្តឹងប្រពន្ធ

រកដណ្តឹងប្រពន្ធ

ខ្ញុំមានប្រាក់ដែលបានសន្សំមកជាង២០ឆ្នាំល្មមអាចរៀបការប្រពន្ធមួយបាន។

មិត្តខ្ញុំម្នាក់បានទៅដណ្តឹងកូនគេម្តងជាពីរតែឳពុកម្តាយខាងស្រីនៅមិនទាន់សម្រេចថា លើកឱ្យនោះទេ ពួកគាត់ចេះតែឱ្យគ្នានៅរង់ចាំ។ ម្នាក់ទៀតនោះ ទៅចូលដណ្តឹងគេ ដោយ​មិនបានសួរនាំ​ឱ្យច្បាស់លាស់គេបដិសេធបីនាក់ហើយ មូលហេតុគឺអ្នក​មកពី​តាម​​ខេត្តគេមើលទៅមិនសូវធូរធារ ចំណែកប្អូនជីដូនមួយ​របស់ខ្ញុំទៅដណ្តឹង​កូនគេ​នៅ​ម្តុំ​ផ្សារថ្មី គេបង្គាប់ធ្ងន់ពេកក៏សុំដកខ្លួនថយ។ សរុបទៅអ្នកទាំងនោះបានចំណាយ​ប្រាក់​ច្រើន​សន្ធឹកទៅលើជំនូនកំដរដៃដែលបានទិញទៅជូនខាង​ស្រីនៅពេល​ចូលសួរ​គេ​។

ខ្ញុំបានគិតរកឧបាយណាដែលមិនចំណាយប្រាក់របស់ខ្ញុំច្រើនដោយឥតបានការព្រោះ​ប្រាក់នេះ ជាញើសឈាមរបស់ខ្ញុំដែលប្រឹងត្បិតត្បៀត[1] សន្សែ​សន្សំជាង​២០​ឆ្នាំ​តាំងពី​មក​រកការធ្វើនៅ​ភ្នំពេញនេះទំរាំបានប្រាក់ល្មមរៀបការតាមសមរម្យ។

ខ្ញុំបានពិគ្រោះរឿងនេះជាមួយអ៊ំគ្រូនិងគ្រួសារគាត់គឺអ៊ំប្រុសដែលជាមនុស្សមានអធ្យា​ស្រ័យល្អ​និងរាប់អានក្មេងកំព្រាដូចជារូបខ្ញុំ។

–       ខ្ញុំចង់សុំឱ្យអ៊ំទាំងពីរទៅធ្វើជាចាស់ទុំរកដណ្តឹងប្រពន្ធឱ្យខ្ញុំ។

–       ចង់ឱ្យអ៊ំទៅដណ្តឹងកូននរណាគេ? មានប្រាក់រៀបការគ្រប់គ្រាន់ទេ?

–       ខ្ញុំមានសមរម្យល្មមតែរៀបការបានគ្រប់។ ខ្ញុំស្រឡាញ់កូនអ៊ីហុងលក់ចាប់ហួយ​នៅ​ក្បែរផ្លូវបត់ចូលម្តុំផ្ទះយើងនេះ។ …តែអ៊ំ…ខ្ញុំមិនចង់ចំណាយប្រាក់ច្រើនលើ​ការទិញ​របស់​​កំដរដៃទៅចូលដណ្តឹងកូនគាត់ទេ។

–       រួចគិតយ៉ាងម៉េច? គេមិនដែលចូលសួរកូនក្រមុំគេដោយដៃទទេសោះឡើយ។

–       ខ្ញុំធ្លាប់ទៅជាមួយមិត្តខ្ញុំចូលសួរកូនក្រមុំគេដែរ ឃើញគេទិញផ្លែឈើអស់ប្រាក់​រាប់​​សិប​ម៉ឺន​មិនឃើញបានផលអ្វីផង គេមិនយល់មុខនឹងផ្លែឈើទាំងនោះទេ។

–       ឥឡូវក្មួយឯងគិតធ្វើយ៉ាងណា? មិនឃើញមានអ្វីល្អជាងផ្លែឈើជារបស់កំដរដៃ​​ទៅចូលស្តីកូនគេទេ បើគ្មានទេគេមុខតែថាយើងជាមនុស្សឆ្កួតជំបួរមិនខាន។

ខ្ញុំគិតមួយស្របក់មុនឆ្លើយតបសំណួររបស់គាត់៖

–       កាលពីប៉ុន្មានថ្ងៃមុន បងជីដូនមួយខ្ញុំបានទៅផ្សារអូរឬស្សីទិញប្រដាប់​ក្មេងលេង​​ឱ្យកូនរបស់គាត់ឃើញថាផ្លែឈើជ័រទាំងនោះស្រដៀងផ្លែឈើមែនទែន។ ខ្ញុំ​បាន​ពិនិត្យ​មើល​របស់នោះដែរគឺអាចប្រើការបាន។ ខ្ញុំនឹងទិញវាជាវត្ថុកំដរដៃ​ដើម្បី​ចូលទៅស្តី​ដណ្តឹង​កូនគេ ព្រោះពួកគាត់ចាស់ៗបែបមើលមិន​ដឹងទេថាវា​ជា​ផ្លែ​ឈើជ័រ! (បង្អង់​មួយ​ស្របក់ខ្ញុំរៀបរាប់បន្តទៀត)…បើគេមិនលើកកូនឱ្យខ្ញុំ​មិន​បង់ខាតអ្វីទេ។

–       យី! គិតអ្វីហ្នឹងនេះ? ក្មួយគិតថាចំណេញមែនទែនឬ?

–       បាទអ៊ំ។ ខ្ញុំអស់ប្រាក់យ៉ាងច្រើនណាស់ត្រឹមថ្លៃផ្លែឈើជ័រមិនប៉ុន្មានរៀលទេ។

–       ចុះបើគេព្រមលើកកូនឱ្យ?

–       អូហ៍… ខ្ញុំនឹងស្ទុះភ្លែតទៅផ្សារទិញផ្លែឈើមកជំនួសភ្លាមៗមិនឱ្យអ៊ំបាក់មុខទេ

អ៊ំប្រុស អ៊ំស្រីនៅទ្រឹងមិនទាន់និយាយតវ៉ាអ្វីផងស្រាប់តែកូនប្រុសគាត់ដែល​ដេក​នៅ​ក្បែរ​នោះ​តបតបន្ថែមសម្តីមកកាន់ពួកយើង៖

–       ប្រយ័ត្នគេព្រមលើកកូនក្រមុំឱ្យ រួចគេនិយាយថា​ ចាសបងខ្ញុំព្រមលើកកូន​ក្រមុំ​​ផ្ទះ​ខ្ញុំជូនបង។ មិនអីទេចាំតែរកពេលាល្អរៀបការតែម្តងទៅ។

–       ហ្នឹងមិនល្អទេឬ? (ខ្ញុំតបវិញជាមួយភាពរីករាយដោយព្រោះតែខ្ញុំស្រឡាញ់នាង​អាមួយកូនអ៊ីហុងហ្នឹងយូរណាស់ហើយ រាល់ថ្ងៃអត់ត្រូវទិញអ្វីផងខ្ញុំទៅញ៉ែនាង ឯតូប​លក់ចាប់ហួយនោះរាល់តែល្ងាច យ៉ាងច្រើនណាស់ទិញស្ករគ្រាប់ពីរយ​រៀល​កុំឱ្យ​អាក្រក់មើលពេក)។

–       ដល់ថ្ងៃការបងឯង…បងឯងដឹងថាយ៉ាងម៉េចទេ?

–       វារម៉េចទៅ? (ខ្ញុំអន្ទះសារចង់ដឹងរួចសួរទាំងមិននិយាយពាក្យពេញលេញ)

–       ​គេការឱ្យបងឯងហើយតាមពាក្យសន្យា តែកូនក្រមុំបងឯងជាកូនក្រមុំជ័រទេ ព្រោះ​បងឯងរិះតាំងពីរបស់កំដរដៃទៅហើយធ្វើម៉េចគេព្រមឱ្យកូនគេមករស់ផ្ញើជីវិតជាមួយ​បងឯងនោះ…

–       ហាស​ ហាស ហាស ហ៎ា…អីចឹងមែនហើយ…ច្បាស់ជាគេលេងមួយក្បាច់ហ្នឹង​បក​មកវិញមិនខាន… (អ៊ំស្រីឧទានទាំងសើចរលាក់)

ខ្ញុំគ្មានពាក្យណាតបនឹងប្រយោគទាំងនេះទេ។ ខ្ញុំចុះពីផ្ទះអ៊ំមកទាំងទឹកមុខអេះអុះព្រោះ​​មិនដឹង​ដោះស្រាយយ៉ាងណាដោយសារពាក្យនេះវាខ្ទាស់ជើងខ្ញុំពេញទី។

អ៊ើយ…ក្តីស្រមៃដែលធ្លាប់នឹកឃើញថាមិនខាតបង់អ្វីហើយបានរៀបការនឹងនារីដែល​ខ្លួនលួច​បេតីជាយូរមកនោះក៏រសាត់ទៅតាមខ្យល់អស់ទៅ។ ឱ!ពាក្យសម្តី​របស់កូន​ប្រុស​អ៊ំនៅលាន់រងំ​នឹងត្រចៀកទាំងសងនៅឡើយ…ហ៊ឹះ នេះមកពីតម្រិះជិះកឯងទេ​ កុំគិតវែងពេក…៕

លី កល្យាណ

[1] គួរកុំប្រើពាក្យនេះ៖ គួរដាក់ថាក្បិតក្បៀតវិញ (វចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត)

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: