រំលង ទៅខ្លឹមសារ
23 ខែ​មីនា 2011 / ស្នាមញញឹម

ផ្កាអូយម៉ូយទើបតែថតបាន

ផ្កាអូយម៉ូយទើបតែថតបាន

 

 

តាមពិតទៅ ធ្វើដំណើរជារឿយៗទៅភូមិតែពុំដែលបានយកចិត្តទុកដាក់នឹងការថតរូប​ផ្កា​អូយម៉ូយសម្រាប់ដាក់ក្នុងប្លក់ឱ្យស្របនឹងរឿងខ្លីរបស់ខ្ញុំដែលបានសរសេរតាំងពីយូរ​ហើយ។ មានជួនកាលភ្លេចម៉ាស៊ីនថត មានជួនទៅរថយន្តបើកលឿនពេក​ដោយសារ​ខ្លាច​ទៅ​ប្រជុំមិនទាន់ពេល ណាមួយមិនចង់រំខានចិត្តពួកគាត់ដែលកំពុងជក់ជើងជាន់​ហ្គា។ លើកនេះទៅជាមួយពូទូច គាត់មិនមែនជាអ្នកយឺតយ៉ាវឡើយ ក្នុងកំណត់ម៉ោង​ដែលត្រូវធ្វើដំណើរពីបាត់ដំបងមកភ្នំពេញគាត់ជាមនុស្សទៀងទាត់ពេលវេលា បើកបរ​ដោយ​ការប្រុងប្រយ័ត្នខ្ពស់ និងមានស្មារតីខ្ជាប់ខ្ជួន។ ក្នុងរវាងបួនម៉ោងដប់ប្រាំនាទីនេះ​គាត់បន្ថយល្បឿនឱ្យខ្ញុំ បានថតរូបភាពដ៏ស្រស់ស្អាតនៃរដូវផ្ការីកនៅតាមផ្លូវតែមួយដង​នេះគត់។

ខ្ញុំឃើញផ្កាជាច្រើនដេរដាសរីកគ្រប់ដើម ផ្កាចារ ផ្កាឈូក ផ្កាអង្គាដី ផ្កាដក់ខឹម ផ្កា​អង្គាបុស្ស ផ្កាត្របែកព្រៃ ផ្កាអូយម៉ូយ។ល។

កាលពីខែមុន ផ្កាចាររីកពណ៌ក្រហមដូចរងើកភ្លើង មើលពីចំងាយខ្ញុំឆ្ងល់នោះឆ្ងល់ ចុះ​ស្អី​មកនៅត្រង់នេះពីមុនមកខ្ញុំមិនដែលឃើញ។ ដល់រថយន្តបរទៅជិតទើបស្គាល់ជាក់។​បែរមកផ្កាឈូក តាមពិតពេលណាក៏មានផ្កាឈូករីកដែរ តែលើកនេះផ្កាឈូករីកធំៗ​ជាងរាល់ដង។ ផ្កាអង្គាដីពណ៌ស ពណ៌ក្រហមដិត (ឈាមជ្រូក) ប្រឹងប្រជែងគ្នារីកតាម​ភូមិអ្នកស្រុកបាត់ដំបងម្តុំថ្មគោល យូរៗឃើញម្តងស្អាតដែរតើ! ពេលឈប់បាញ់ទន្សាយ​តាមផ្លូវ ខ្ញុំឃើញផ្កាដក់ខឹមកំពុងញញឹមស្រស់ដាក់ខ្ញុំ តែខ្ញុំមិនចេះថតរូបសោះ ក៏ចេញ​មក​ជា​ស្រវាំងភ្នែកមើលមិនយល់។ ឃើញបងវិចិត្រ និងបងមុនីដា ថតរូបបានស្អាតចង់​រៀន​ថតដូចគាត់ដែរ​ តែម៉ាស៊ីនហ្នឹងបែបវាមិនសូវទំនើបដូចគាត់បានជាមិនដូចចិត្តខ្ញុំ។ ផ្កា​អង្គា​បុស្សរីកស្រស់ញញឹមនៅតាមរបងវត្តនៅ​មង្គលបូរី​ដែលកាន់តែធ្វើឱ្យចិត្ត​ និង​អារម្មណ៍​របស់យើង (រកពាក្យបថុច្ចជន?? មិនឃើញទេ) ​ស្ងប់​ពេលបាន​ស្រង់ស្រូប​ក្លិន​ផ្កា​អង្គាបុស្ស…តែដូចមុនអញ្ចឹង មិនចេះថត។ ប៉ងយូរហើយ​ថា​ឱ្យតែទៅពី​ភ្នំពេញ​ទៅ​ហួស​ស្រុកមោងឬស្សីតែបួននាទីត្រូវត្រៀមថតផ្កាពណ៌ស្វាយដិត​​ម្យ៉ាងដែលរីកនៅខាង​ស្តាំ​​ដៃ​ទីនោះព្រោះទៅមកបីបួនជើងនេះនៅតែរីកមិនទាន់រោយ​ទៀត។ ដល់ពេលទៅ​ដល់​​ជិត​ទាញម៉ាស៊ីនមកថត ក្រឹប! ស្រវាំងមើលមិនឃើញអី​ទាំង​អស់ ខ្ញុំក៏​លាន់មាត់​ខ្លួន​ឯង ស្រឡះទៀតទៅ! ពូទូចគាត់សួរថារឿងអី ខ្ញុំថា៖ មិនដឹងជា​ផ្កាអីទេពណ៌ស្អាត​ណាស់ ពណ៌ស្វាយស្រស់ ខ្ញុំឃើញរីកយូរដែរហើយ បីអាទិត្យទាំង​លើកនេះហើយនៅ​មិន​​ទាន់​រោយ។ គាត់ថាផ្កាត្របែកព្រៃទេដឹង។ ខ្ញុំប្រឹងប្រកែក ដល់​ពេលត្រលប់​មក​វិញ​ខ្ញុំ​មិន​​ហ៊ាន​ដេក​ទេរង់ចាំឱ្យផុតមោងឬស្សីសិន ហើយក៏សម្លឹងមើលទៅស្លឹក​របស់វា​មុន​ព្រោះ​​ខ្ញុំ​មិន​មានពេលច្រើនទេ លើកនេះគឺច្បាស់តែម្តង ដើមត្របែក​ព្រៃមែន តែផ្កាវា​មាន​​ពណ៌​តែ​មួយ​គត់គឺពណ៌ស្វាយដិតយ៉ាងស្រស់ និងស្រទាប់ផ្កាធំ​ជាងដែលខ្ញុំ​ធ្លាប់​ឃើញ មិនដូច​ត្របែកព្រៃ​នៅភ្នំពេញទេ វាមានពណ៌ស្វាយលាយ​ស​ចម្រុះ។ នឹកអៀន​នឹង​ពូទូច​​ដែរ​ព្រោះ​គាត់មានភ្នែកមុតជាងខ្ញុំដែលក្មេងជាង។ គិតថាថ្ងៃ​នេះមិនដេកទៀត​ទេ​ណា​​មួយ​បានផឹកកាហ្វេយ៉ាងចាស់តាំងពីព្រឹកមកផង ខ្ញុំសម្លឹង​ជា​រឿយៗរកមើល​ផ្កា​ចារ និងផ្កា​អូយម៉ូយ ​ក៏ស្រាប់តែ​ចូលលក្ខណៈម្យ៉ាង (មិត្តភ័ក្តិខ្ញុំចំណាំ​តែនិយាយថា ឆ្កួត) គឺ​ញញឹម​ដាក់​ដើមអូយម៉ូយតាមផ្លូវ រួចគិតថាមាននរណាយល់ដូចខ្ញុំ​ដែរអត់ថាឆ្នាំនេះ​ផ្កា​ទាំង​ឡាយ​រីកស្គុះស្គាយស្រស់ស្អាតណាស់ ខ្ញុំសរសើរស្រុកទេស​ខ្លួនឯងដែល​មាន​លក្ខណៈ​បែបនេះជាទីគាប់ចិត្តខ្ញុំពេក ខ្ញុំស្រឡាញ់ស្រុកកំណើត​ណាស់ ខ្ញុំនិយាយបែប​មិនត្រូវទេ! ចាំពេលខ្ញុំនឹកឃើញចាំរកពាក្យនិយាយទៀត។

មាននរណាបានសង្កេតដែរទេ? ឬមួយការយល់ឃើញរបស់ខ្ញុំនេះមិនសមស្រប​សូម​មេត្តា​ផ្តល់​យោបល់កែលម្អផង។

ខ្ញុំសម្លឹងមើលគ្រប់ដើមផ្កាអូយម៉ូយ វាមានផ្លែរួចបានមានផ្ការីកផងនៅពេលកំពុងពេញ​ទឹកដម (ដាក់គ្រាប់)។ ខុសផ្សេងម្យ៉ាងពីផ្កាដទៃតែងមានផ្ការួចមានផ្លែបន្តបន្ទាប់ជាខាង​ក្រោយ លើកលែងតែដើមណាដែលទើបធំធាត់គឺមានតែផ្កាតែម្តងមិនទាន់មានផ្លែទេ។

កាលពីក្មេង ទៅរៀនមានគេលក់ផ្លែអូយម៉ូយសករួចស្រេច មួយចម្អាមពីរកាក់ (១៩៨៧)​ខ្ញុំឃ្លានតែផ្លែហ្នឹង រួចឆ្លៀតទិញយកទៅញ៉ាំនៅផ្ទះ ដល់ដាក់ក្នុងកាតាបរៀនរបស់ខ្ញុំ​ទៅ​វា​​ប្រឡាក់ពេញសៀវភៅ កាលណោះគ្រូតឹងតែងណាស់ សៀវភៅត្រូវតែស្អាត ខ្ញុំមិន​ហ៊ាន​យកសៀវភៅទៅឱ្យអ្នកគ្រូ (ប្រហែលជាអ្នកគ្រូ ឈុំ បាន) កែទេ ខ្លាចគាត់វ៉ៃ តែ​ចៀស​មិនរួចព្រោះពេលបូកពិន្ទុអ្នកគ្រូរកពិន្ទុចុះឱ្យមិនបាន។ ហ៊ីសៗ ត្រូវរំពាត់កាល​ណោះ​ខ្មាសមិត្តភ័ក្តិណាស់។ អរគុណលោកគ្រូអ្នកគ្រូ ភាពតឹងតែងទាំងអស់ហ្នឹងដែល​ខ្ញុំ​អាច​ធ្វើ​ការងារបានល្អដូចសព្វថ្ងៃនេះ អរគុណរំពាត់ដែលខ្ញុំអាចដាក់វិន័យខ្លួនឯងឱ្យ​ស្ថិត​ក្នុង​ផ្លូវ​ត្រូវ ព្រោះខ្ញុំខ្លាចអ្នកណាស់។

ទើបតែមានថ្ងៃហ្នឹងឯងទេដែលខ្ញុំបើកភ្នែកពីបាត់ដំបងដល់ភ្នំពេញគ្រប់ពេលបួនម៉ោង រាល់ដងពូៗណាមិនល្បី ខ្ញុំ, កល្យាណ, ស្តេចដេក តែឡើងដល់លើរថយន្តហើយ បើក​ពីភ្នំពេញមិនទាន់ដល់ព្រែកព្នៅផងដេកលក់បាត់ហើយ។ ចាំទៅភ្ញាក់ឯភូមិឯណោះ!

ពួកគាត់ទាំងបីនាក់នេះជាអ្នកជំនាញនាំផ្លូវដ៏អស្ចារ្យ តាំងពីខ្ញុំប្រឡូកក្នុងការងារសង្គម​មក។

ទីមួយ៖ លោក ង៉ែត ល្វី

 

ទីពីរ៖ លោក បៀន ទូច

 

ទីបី៖ លោក ស៊ុន ប៊ុនលី

 

ខ្ញុំសង្ឃឹមថារដូវផ្ការីកនៅទីនេះនឹងនាំឱ្យអ្នកទាំងឡាយដែលបានឃើញមានអារម្មណ៍រីក​រាយបានមួយដងមួយគ្រាដែរទោះបីវាមិនអាចជួយព្យាបាលរបួសផ្លូវចិត្តរបស់អ្នកទាំង​នោះបានជាដាច់ស្រឡះ។ ខ្ញុំសង្ឃឹមថារុក្ខជាតិទាំងនោះដែលប្រឹងបញ្ចេញផ្ការបស់ខ្លួន​បង្អួតធម្មជាតិ និងមនុស្សនឹងទទួលបានកុសលផលបុណ្យពីការដែលខ្លួនជាហេតុនាំ​មក​នូវស្នាមញញឹមលើបបូរមាត់របស់យើង (រួមទាំងខ្ញុំផង)។ កូនប្រុសស្រីរបស់អ្នកអាច​មាន​ម្តងម្កាលធ្វើឱ្យអ្នកយំតែអ្នកនៅតែស្រឡាញ់ពួកគេ ចុះទំរាំព្រៃឈើទាំងនោះបានធ្វើ​ឱ្យ​អ្នកត្រជាក់ពេលជ្រកក្រោមម្លប់ បានដកដង្ហើមស្រួលស្រូបខ្យល់បរិសុទ្ធស្រស់ថ្លា បាន​ប្រយោជន៍ដទៃជាច្រើន ម្តេចអ្នកមិនឱ្យតម្លៃផង?

សូមស្រឡាញ់ធម្មជាតិ​និងថែរក្សាវាទុកជាប្រយោជន៍នៃដង្ហើមរបស់យើងនិងមនុស្ស​ជំនាន់ក្រោយ។

  1. កំឡោះខ្មែរ / មីនា 26 2011 3:02 ល្ងាច

    ផ្កាស្អាតមែន! ឃើញផ្កា នឹកឃើញដល់ផ្លែ! ចង់ស្រក់ទឹកមាត់!

  2. lykalyane / មីនា 28 2011 9:05 ព្រឹក

    ជម្រាបសួរ។
    អរគុណលោកដែលបានសរសើរ។
    ហោចណាស់ថ្ងៃនេះខ្ញុំបានគ្នាម្នាក់ដែរគ្រាន់នឹកចង់ផ្លែអូយម៉ូយ។ 🙂

  3. somada / មេសា 21 2011 6:25 ល្ងាច

    អ្នកស្រុកខ្ញុំហៅថា អូញម៉ូញ ។ ខ្ញុំឆែកមើលក្នុងវចនានុក្រមដែរ តែមិនឃើញ​ពាក្យ​នេះ ឬ​មួយជាភាសាដែលគេប្រើតាមតំបន់ខុស​ៗគ្នាអញ្ចឹង ។

  4. lykalyane / មេសា 21 2011 6:42 ល្ងាច

    ចាសប្រហែលហើយបង។ ខ្ញុំមុនដាក់ប្រកាសក៏រកមិនឃើញដែរពាក្យអូយម៉ូយ និងបថុជ្ជន តែខ្ញុំដាក់​នេះ​តាមតែស្រុកខ្ញុំហៅបែបហ្នឹងទេ។ ដើម្បីបញ្ជាក់ខ្ញុំកំពុងតែ​ស្វែងមើល​សៀវភៅ​រូបភាពដើមឈើ ដែលបើតាមខ្ញុំដឹងនៅក្រសួង​បរិស្ថានមាន​ឯកសារ​ប្រភេទនេះ។​ចាំបានពត៌មានយ៉ាងណាៗ ខ្ញុំនឹងជម្រាបបងជាខាង​ក្រោយ​ទៀត។

    • តា ម៉ាប់ / កុម្ភៈ 20 2012 1:30 ព្រឹក

      បើមាន​សៀវភៅណឹងខ្ញុំសុំដែរ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: