Skip to content
9 ខែ​ឧសភា 2011 / ស្នាមញញឹម

ដំណើរកំសាន្តនៃខ្លាឃ្មុំខ្មៅឃ្លីក

ដំណើរកំសាន្តនៃខ្លាឃ្មុំខ្មៅឃ្លីក

ម៉ោងប្រាំបីយប់នេះតាមដងផ្លូវត្រលប់មកភ្នំពេញវិញមិនសូវមានអ្នកដំណើរច្រើនដូចមុនឡើយ។ នៅតាម​ហាង​​អាហារ​មួយចំនួនដូចជានៅអូរតាប៉ោង និងក្រគរក៏មិនសូវ​មាន​ភ្ញៀវ​​​ច្រើន​​ដូច​ថ្ងៃចេញទៅ នេះជា​ការ​កត់​​សម្គាល់​របស់​ខ្ញុំក្នុងការធ្វើដំណើរជារឿយៗ​តាមផ្លូវជាតិ​លេខ​​​ប្រាំ​។ គ្រាន់តែមកដល់ផ្ទះភ្លាម ខ្ញុំប្រញាប់​ងូត​​ទឹក​សម្អាតខ្លួន ​និង​ប្រះ​គេង​​លក់​យ៉ាង​​ឆ្ងាញ់ពីសារហូតដល់ម៉ោងបីភ្លឺបានភ្ញាក់ព្រោះគេងឆ្អែតណាស់​ទៅ​​ហើយ។

ទោះប្រឹងននៀលគេងមិនព្រមក្រោកយ៉ាងណាក៏គេងមិនលក់ ដោយមិនអាចជម្នះចិត្ត​បាន ខ្ញុំក៏ក្រោក​ងូត​ទឹក​​ដុស​ធ្មេញ និងបើកកុំព្យូទ័រដើម្បីចាប់ធ្វើការសម្រាប់អាទិត្យ​ក្រោយ​​បន្ទាប់​ពីទៅដើរកំសាន្ត​អស់ពេល​ពេញ​​មួយ​សប្តាហ៍​មក។ ដោយពិនិត្យឃើញថា​នៅអាទិត្យក្រោយនេះមិនមានការប្រជុំណាមួយទេ ខ្ញុំក៏ងាក​មក​មើល​កំណត់​ហេតុរបស់​ខ្លួនដែលបានសរសេរកត់ទុកនូវព្រឹត្តិការណ៍មួយចំនួននៅកំឡុងពេលធ្វើ​ដំណើរ​​ទៅ​កំសាន្ត​នៅ​អាងត្រពាំងថ្ម ក្នុង​ស្រុក​ភ្នំស្រុក​ ខេត្តបន្ទាយមានជ័យ។

កាលពីថ្ងៃសៅរ៍មុន ដោយសារមានការ Break input ខ្ញុំក៏នឹកទៅដល់ការលួងលោមចិត្ត ខ្លួនឯងដែល​នៅ​ពេល​​ខាង​មុខ​នេះត្រូវអស់ input និងត្រូវដើររកការងារថ្មីធ្វើ ខ្ញុំនឹកភ្លាម​ទៅដល់អាង​ត្រពាំង​ថ្ម​នៅ​ឯ​ខេត្ត​បន្ទាយ​មាន​ជ័យ។ ខ្ញុំគួរ​តែ​សម្រាកខួរមួយអាទិត្យមុន​ពេលបន្តធ្វើការ ទីកន្លែងដែលខ្ញុំ​ជ្រើសយក​ដើម្បី​ស្វែង​​យល់ពី​ជីវភាព​របស់អ្នកស្រុក​ស្រែ​​គឺអាងទឹកត្រពាំងថ្ម…ជ័យហោង (ជំនួសពាក្យ យេហ៍ៗ…យ៉ូៗ…​តាម​របៀប​បរទេស)។

ម្តេចក៏ខ្ញុំសម្រេចចិត្តជ្រើសយកអាងត្រពាំងថ្មដើម្បីលម្ហែ?

ទីមួយ៖ ខ្ញុំមិនសូវបានឃើញសត្វក្រៀលទេទោះធ្លាប់ទៅធ្វើការនៅភូមិពន្លៃក្បែរនោះ​ជា​ច្រើនឆ្នាំហើយក៏​ដោយ។ ព្រះ​រាជទាយាទជប៉ុនធ្លាប់នាំគ្នាមកថតរូបសត្វក្រៀលកក្រហម​នៅអាងទឹកត្រពាំង​ថ្មព្រោះគេបាន​តាម​​ដានដឹងថា​សត្វ​នេះក៏ធ្លាប់បម្លាស់ទីទៅប្រទេស​ជប៉ុន និងពេលត្រូវពងកូនវាមកកាច់សម្បុកនៅអាង​ត្រពាំងថ្ម។ អីយ៉ា ទៅរក​មើល​​អា​សត្វ​ក្រៀលកក្រហមនេះដែលវាបានទៅលេងបរទេសជាច្រើនកន្លែង ដោយ​​មិន​ចាំ​បាច់​​ធ្វើ  Passport និង​ចំណាយ​ប្រាក់ទិញ​សំបុត្រយន្តហោះ។ តើសត្វនេះមានសមត្ថភាព​ប៉ុណ្ណា? ខ្ញុំ​ជា​មនុស្សដែលតែង​អួតខ្លួនថា​គ្រាន់​នេះ​មិនទាំងដែលបានទៅលេងបរទេសម្តងណាផង។

ទីពីរ៖ នៅអាងត្រពាំងថ្មនេះកាលសម័យប៉ុលពត មនុស្សដែលបានលើកទំនប់អាងនេះ​បានស្លាប់ចោល​ឆ្អឹង​​នៅ​ជុំ​វិញ​ហ្នឹងមិនតិចទេ។ ទៅមើលមើល៍ កន្លែងហ្នឹងមានអីពិសេស បានជាប៉ុលពត​សម្រេច​ចិត្ត​កសាង​​អាង​ទឹក​ដ៏​ធំ​មួយ​នេះ?

ទីបី៖ នៅស្រុកភ្នំស្រុក និងស្រុកស្វាយចេក​មានកន្លែងផលិតសូត្រដោយដៃរបស់ខ្មែរ តម្បាញសូត្រ​ក្នុង​សហគមន៍ និងមួយកន្លែងទៀតមានផ្នូរបុរាណដែលប៉ុន្មានឆ្នាំមុន​នេះ​គេល្បីថាជីកដីក្រោមផ្ទះ ក្បែរនិង​ជុំ​វិញ​​ភូមិ​រកឃើញវត្ថុបុរាណមានតម្លៃ​ជាច្រើន​លើស​លប់។ ចង់ទៅពិនិត្យមើលកន្លែងនោះតើមានសភាព​ដូច​ម្តេច​ឥឡូវ?

ទីបួន៖ ប្រាក់ជាសោហ៊ុយរបស់ខ្ញុំមានកំណត់ ដូចនេះការកម្សាន្តសប្បាយនៅបរទេសគឺ​ឈោងមិនដល់ទេ ការ​​កម្សាន្ត​នៅមាត់សមុទ្ទធ្លាប់បានទៅច្រើនដងហើយជាមួយប្អូនៗ ដូចនេះការកម្សាន្តតាមរបៀប​អ្នកអត់​ប្រាក់​​គឺមាន​តែ​ជម្រើសនៃការស្នាក់នៅ និងស្វែង​យល់ពីជីវភាពអ្នកស្រុកស្រែចម្ការទេ។ ខ្ញុំក៏ស្ថិតក្នុង​ដំណាក់​កាល​នេះដែរ។

សុំបន្ថែមគោលបំណងទីប្រាំ មួយទៀតទៅចុះ៖ ពេលនេះនៅភ្នំពេញខ្ញុំកំពុងមានវិបត្តិ​ស្នេហ៍ ដូច្នេះដើម្បី​គេច​ឲ្យ​ផុត​ពី​វិបត្តិ​នេះមួយរយៈខ្ញុំចាំបាច់ត្រូវចេញឲ្យឆ្ងាយពីទីក្រុង​ភ្នំពេញ។ ខ្ញុំគិតថាពេលវេលារត់គេចពី​បញ្ហា​របស់​ខ្ញុំអាច​ជួយ​ឲ្យរឿងរ៉ាវរបស់ខ្ញុំបានធូរ​ស្រាល និង…ស្រួលមិនស្រួលខ្ញុំអាចរកឃើញជីវិតថ្មី​នៅទី​នោះ​ផង​មិន​ដឹង…សួគ៌ហោង (ជំនួស​ពាក្យ 555 តាមរបៀបបរទេស)។

ព្រឹកថ្ងៃអាទិត្យដ៏មានថ្ងៃរះក្តៅហែងចែងគូទនៃរដូវប្រាំង ខ្ញុំក៏ប្រមូលបង្វេចដែលបានរៀប​ចំពីក្បាលល្ងាច តឺនុយ​យ៉ាង​ស្អាតបាត វេចខ្ចប់ម៉ាស៊ីនថតរូបចងភ្ជាប់នឹងខ្សែក្រវាត់ចង្កេះ និងរូតរះទៅចំណតឡាន​ក្រុង​ដើម្បី​​រក​​ទិញ​សំបុត្រ​ទៅ​ស្វាយ​ស៊ីសុផុនដែលជាទីក្រុង​របស់ខេត្តបន្ទាយមានជ័យ។ ជាធម្មតា នៅក្នុង​ការងារ​ខ្ញុំហៅ​ការធ្វើ​ដំណើរ​ទៅ​ទី​នោះ​ថា​ទៅបន្ទាយមានជ័យ ចំណែកអ្នកស្រុកបាត់ដំបងនាំគ្នាហៅថា ទៅ​ស្វាយស្វាយ​ស៊ីសុផុន ឯ​ឈ្មោះ​ក្រុងនោះ​ក្នុងទិន្នន័យជំរឿនប្រជាជនកម្ពុជាហៅ​ថាក្រុង​សិរី​សោភ័ណ

បានកៅអីលេខ ៣៨ ​ខ្ញុំនឹកក្នុងចិត្តថា៖ មុខជាក្រោយគេហើយ។ កន្លែងក្រោយគេក្នុង​រថយន្ត​ក្រុងច្រើន​ជាទី​​មិន​​មាន​ផាសុក និងក៏ត្រូវរំខានដោយការចេញចូលបន្ទប់ទឹករបស់​អ្នកដំណើរ។ ខ្ញុំនឹកភ្លាមថា​គួរប្តូរ​កន្លែង​​អង្គុយ តែ…កន្លែង​ដែល​នៅ​ខាងមុខច្បាស់ជាអស់​ហើយ បើនៅក៏នៅតែកន្លែង​ខាង​ក្រោយ​ចុងប៉ូច​គេ​ដែល​ច្រើន​តែបន្តើត​ខ្ពស់ជាង​កៅអី​ឯ​ទៀត។ កៅអីក្រោយហ្អេះ? ផ្លូវធ្វើដំណើរត្រូវចេញពីកើតទៅលិច បើ​ខ្ញុំរើស​យក​កៅអី​​ក្រោយមុខជាត្រូវ​ទ្រាំក្តៅ​ព្រះ​កេស​​រហូតដល់រសៀលមិនខាន…​ សុខហោង​…​(ជំនួស​ពាក្យ​ No way!)។ ហាសហាសហា…​គ្មានការ​ប្រែប្រួល​ទេ!

ពេលសម្រួលម៉ាស៊ីនត្រជាក់ និងរៀបរយអីវ៉ាន់រួចខ្ញុំក៏ទាញកូនសៀវភៅកំណត់ហេតុ​ដែលខ្ញុំបាន​ចំណាយ​ប្រាក់​​ទិញ​វា​ជាពិសេសទុកសម្រាប់កត់ត្រាព័ត៌មាននៃដំណើរ​កំសាន្តនេះ វាថ្លៃជាងសៀវភៅធម្មតាបីដង។ ខ្ញុំ​កត់​ម៉ោង​​ដែល​ឡាន​ក្រុងចេញដំណើរ ក៏នឹកដល់ម៉ាស៊ីនថត។ គ្រាន់តែទាញចេញពីស្រោម​ក៏ដឹងបាត់ទៅ​ហើយ​​ថាមានតែ​សម្បក ឯថ្មវា​ត្រូវ​បានដាក់សាកចោលនៅក្បែររានជំនាងផ្ទះ។ ឱ​ខ្ញុំអើយ! មានតែសម្បក​ដ៏​សង្ហារតែប៉ុណ្ណោះ តួខ្លួនមិន​មាន​ទេ ម៉ាស៊ីននេះខ្ញុំទើបតែទិញប្រើផងគ្រានេះលែង​មាន​តម្លៃ​ដូចដែលគោល​បំណង​មុនទិញវាហើយ។ ខ្ញុំដេកតាម​ផ្លូវ​ស្ទើរ​តែរហូតព្រោះមិនដឹង​ជាធ្វើអីនៅលើរថយន្ត​ដែលកំពុង​បរ​ឃ្លេង​​ឃ្លោង បើនឹងយកសៀវភៅមកមើល​ក៏​ប្រហែល​ជាពុល​ដែរ។ រហូតដល់ម៉ោងជិតពីររសៀល​ទើប​រថយន្ត​​ក្រុង​ចូល​សំចតនៅស្វាយ។ ខ្ញុំចុះទៅរកបាយថ្ងៃត្រង់​ព្រោះ​នៅ​តាមចំណត​ដែលគេ​ឈប់ឲ្យហូប​បាយ​មិនមានមុខ​ម្ហូប​ដែលខ្ញុំចង់ញ៉ាំ។ ក្រោយពីនោះខ្ញុំក៏ទាក់ទងរកតាក់ស៊ី ឬឡាន​ទៅភូមិពន្លៃ​ព្រោះខ្ញុំ​បាន​​ជម្រាបពូមេភូមិរួច​ហើយ​ថាខ្ញុំនឹងទៅសម្រាកនៅផ្ទះរបស់គាត់ ដោយមានរបស់បញ្ញើ​ជានំធុងពីរ​ធុង​តូច និងទឹកក្រូចបីលីត្រ អូហ៍…​នៅមានរបស់ពិសេសមួយទៀតផ្ញើពូ​គឺស្រាវីស្គីមួយដបនៅក្នុង​សម្ពាយ។

ទៅដល់ផ្ទះគាត់ខ្ញុំបាននិយាយលេងជាមួយគ្រួសារគាត់និងជូនរបស់បញ្ញើទាំងនោះទៅ ពួកគាត់​ព្រមទាំង​ជម្រាប​​ពី​​គោលបំណងរបស់ខ្ញុំ។ ពេលល្ងាចបន្តិចគាត់បានរៀបចំបាយ​ទឹកទទួលខ្ញុំតាមលំអានស្រុកស្រែ តែ​សំណាងណាស់​ដោយ​ផ្ទះគាត់មានបន្ទប់ទឹកទាន់​សម័យមួយ 😀 ។

មុនពេលចូលគេង ខ្ញុំក៏នឹកទៅដល់សម្តីរបស់ស្រ្តីវ័យចំណាស់ម្នាក់ដែលបានជជែកគ្នាអំពី​ភូមិស្នាយនៅ​ស្រុក​​​ស្វាយ​ចេក​កាលឡើងឡានក្រុងមកជាមួយគ្នា  គាត់បាននិយាយ​ថា​គាត់​បាន​ទៅធ្វើការ​ទីនោះនិង​បាន​​ទិញ​អង្កាំ​ជាច្រើន​យក​មកធ្វើខ្សែក ខ្សែដៃ បានជា​ច្រើន​គ្រាប់ និងមានវត្ថុឯទៀតសុទ្ធ​សឹង​ជា​​វត្ថុ​បុរាណ។ ខ្ញុំ តើអាច​ក្លាយ​ទៅ​ជាមនុស្ស​ចង់​បាន​​របស់នោះដែរទេកាលបើ​បានទៅ​ឃើញ​វត្ថុទាំង​នោះ? មាន​រឿង​ជាច្រើនជុំវិញ​បញ្ហា​​នេះដែលខ្ញុំ​ចង់​និយាយ​ តែទុកថាខ្ញុំ​ខ្លាចខ្មោចទៅចុះទើបខ្ញុំមិនចង់​បានវា​មក​ទុកក្បែរ​ខ្លួន។

ព្រឹកឡើងខ្ញុំឃើញពូគាត់រៀបរទេះទៅស្រែ ខ្ញុំក៏សុំខ្លួនទៅជាមួយគាត់​ និងអានាងកូន​គាត់ដែរ។ ស្រែគាត់​នៅ​ក្នុង​​អាង​ត្រពាំង​ថ្មតែនៅជាយខាងត្បូងអាង កន្លែងដែលមានទី​រាក់ៗអាចឲ្យអ្នក​ស្រុកធ្វើស្រែប្រាំង​បាន។ ដើម្បី​ឆ្លង​ទៅស្រែ​របស់​គាត់ គាត់ត្រូវហែលឆ្លង​ប្រឡាយ​ដែលនៅជាប់ជើងទំនប់អាង។ ខ្ញុំស្ទុះភ្លែត​ទៅតោង​ចង្វាយ​ខ្សែ​ពីក្រោយ​ពូ​ប្រាថ្នា​​បណ្តែតខ្លួនជាមួយគាត់ព្រោះខ្ញុំមិនចេះហែលទឹកទេ។ ស្រាប់តែ​គាត់​ងាក​មក​ក្រោយ​ផ្តាំ អានាងឲ្យយក​ដប​ទឹក​ដែល​គាត់ភ្លេច ពេលគាត់ឈប់បែបនេះខ្ញុំនឹកក្នុងចិត្តថាខ្ញុំមុខជា​លិចមិនខាន ខ្ញុំស្រាប់តែភ័យ​…ភ័យរកតែ​ខួរ​មក​គិត​ឲ្យ​ល្អ​បន្តិចក៏មិនបានដែរ…ពូ…​ជួយ…ជួយផង… ពូ​គាត់​សើចរួចងាក​មក​ប្រាប់ខ្ញុំថាទឹកហ្នឹងត្រឹមដើមទ្រូងខ្ញុំទេ…​ដល់​​អញ្ចឹង​ទៅខ្ញុំដាក់ជើងចុះក៏ដល់ដីល្មម។ L L ហាស ​ហាស ​ហា​…ខ្មាសពូសឹងអី…​កូន​ប្រុស​បែបខ្ញុំនេះទ្រូងតែ​មួយ​ហត្ថទេដូចនេះ​ហើយបាន​ជា​ម្តាយ​​ខ្ញុំហាមមិនឲ្យលេង​ទឹក មិនឱ្យធ្វើ​ការងារដែលត្រូវឆ្លង​ទឹកព្រោះខ្ញុំមិន​ចេះ​ហែល។ ហេសហេ គាត់​ក៏អត់ចេះហែល​ដែរ បើមិន​អញ្ចឹង​គាត់បង្រៀនខ្ញុំបាត់ទៅហើយ។

ក្រោយពេលបាញ់ថ្នាំដាក់ស្រូវគាត់ដែលទើបតែផើមរួច ពូបានសន្មតគ្នានឹងខ្ញុំថាគាត់ជូន​ទៅ​មើលសត្វ​ក្រៀល​​នៅ​ខាង​លើ​អាងដែលមានជម្រកក្នុងព្រៃលិចទឹកក្បែរៗនោះ តែមុន​នឹង​ទៅគាត់​ចង់ដើរមើលស្រែ​ដែល​គេ​ព្រោះ​​ដោយ​ប្រើ​ពូជថ្មីសិន។ រឿងនេះខាងកសិកម្ម​ បាន​បង្ហាញពីរបៀប​ដាំដុះតាម​បច្ចេកទេស​ទំនើប។ «ទំនើប»​ឬ? ខ្ញុំមិនសូវ​ដឹង​រឿង​កសិកម្ម​ជ្រៅ​ជ្រះទេតែបើរំពឹងតែទំនើបពេក​ក៏នាំរំខានចិត្តក្នុងការ​រក​​របស់​របរ​​ឱ្យ​​បាន​សព្វ​គ្រប់។ ​មតិរបស់​ខ្ញុំ​វាក៏ត្រូវ​យោងទៅលើការដាំដុះតាមទម្លាប់របស់​ពួក​គាត់​ដែរ ព្រោះ​​ថា​បើ​​ពិនិត្យ​ទៅ​ការដាំដុះតាមបច្ចេកទេស​ត្រូវការ​ពេល​យូរនិងមានកម្លាំង​ពលកម្ម​ច្រើន បើ​តាម​តែ​ពូ​គាត់​ប្រាប់ដីគាត់មាន​ជិត​ប្រាំបីហិចតារួចកម្លាំងពលកម្មមានបី​នាក់​​សំខាន់ៗ​ដូច្នេះ​បែបមិនងាយស្រួល​សម្រាប់គ្រួសារគាត់ទេ។

ដូចការសន្មតគ្នា គាត់បានយកទូកត្នោតមួយអុំជូនខ្ញុំមើលអាងត្រពាំងថ្មខាងលិច ដោយ​សរសៀរតាម​ព្រៃ​លិច​ទឹក​តូចៗ​ដែលមានសត្វស្លាបជាច្រើនប្រភេទទំលើនោះ។ អង្គុយ​សម្លឹងមើល​បណ្តើរខ្ញុំនឹកស្តាយ​ក្នុង​ចិត្តព្រួច​បើខ្ញុំមាន​សតិ​ល្អជាងនេះប្រហែលខ្ញុំ​នឹងមាន​រូបភាពខ្លះទុកជាអនុស្សារីយសម្រាប់ភ្ជាប់​ជាមួយ​កំណត់ហេតុ​របស់ខ្ញុំ។ អុំទូក​បណ្តើរ ពូ​គាត់ឆ្លៀតចង្អុលប្រាប់ខ្ញុំដើម្បី​សម្គាល់សត្វ​ទាំងនោះ​តាម​ការ​ចេះ​ចាំ​របស់គាត់​ ដែល​ភាសា​របស់គាត់​បើខ្ញុំ​កត់​ទុក​រួចយកទៅផ្ទៀងជាមួយគេឯងមុខជាមិនត្រឹមត្រូវតាម​អក្សរ​ឡើយ។ ឯនៅក្នុង​មួក​របស់ខ្ញុំមានវត្ថុពីរសំខាន់​ណាស់គឺទីមួយសៀវភៅនិងមាន​ប៊ិច​​តូច​មួយ​ជាប់នោះ និង​ទីពីរគឺស្ករគ្រាប់ដែលជា​ទម្លាប់របស់​ខ្ញុំទៅហើយ​ឱ្យតែ​ឈាន​​ជើង​ដើរ​គឺ​បក​ស្ករគ្រាប់​ដាក់មាត់ផ្លុក។ ខ្ញុំហុច​គ្រាប់ស្ករទៅពូជាច្រើន​គ្រាប់​គ្រាន់​​ជួយ​កម្លាំង​​គាត់​ដែល​ប្រឹងអុំ​ទូក​ យើងសរសៀរតាមអូរចាស់ៗ រហូត​ដល់ដើម​រាំង​ទឹកមួយ​ដែល​​ដុះដាច់​ពី​គេ​​បន្តិច នៅលើ​ដើមនោះសត្វក្រៀល​កក្រហមមានប្រហែលជាងដប់​កំពុង​ទំសសិត​ស្លាប​បម្រុងចេញ​ដំណើរ​ទៅរកអាហារ។ គ្រាន់តែឃើញអាសត្វហ្នឹង​ភ្លាម ខ្ញុំស្ទុះ​ងើប​ឡើង​ទាំងភ្លេច​គិត​ថា​ទូក​ត្នោតនេះ​កំពុង​តែ​ពៀប​ទឹក។

ពូ អាសត្វហ្នឹងវាពូកែហើរណាស់ វាបានទៅលេងដល់ជប៉ុនហ្ន!

ប្រូង!…ទូកក្រឡាប់លិចទឹកខ្ញុំក៏ធ្លាក់ទឹកប្រូង… សត្វក្រៀលផ្អើលហើរ​ព្រោង​ព្រាត​លើ​ក្បាល​ខ្ញុំ តើមានអី​សំខាន់​​សម្រាប់ខ្ញុំទៀតបើខ្ញុំមិន​ចេះហែលទឹកផងហ្នឹង…ឱពុក ម៉ែ! ឱមិត្តភ័ក្តិទាំងឡាយរបស់ខ្ញុំ! ឱសង្សារ​សំណព្វ​ចិត្ត! បន្តិច​ទៀតខ្ញុំ​មុខជាស្លាប់ចោល​អ្នក​ទាំង​អស់គ្នាហើយ… នីណា រក្សាបន្តិចទៀត​យើងនឹង​ជួប​គ្នា​មិន​ខាន…ទេ ខ្ញុំមិន​ទាន់​ចង់​ស្លាប់​ទេ…ពូអើយនៅឯណា? ជួយខ្ញុំផង… ពូបែបមិនដឹងថាខ្ញុំលិច​ទឹកនៅ​ត្រង់​នេះ​​ទេ… ខ្ញុំលើកដៃឡើង​ដើម្បី​ឱ្យគាត់ឃើញ…ដូច​ចិត្តមែនតែមួយភ្លែតសោះគាត់​ក៏ចាប់​ច្បាម​សក់ខ្ញុំ​ឡើង​​ផុត​ពី​ទឹក​​រួចស្រែកឱ្យខ្ញុំប្រឹង​ធាក់​ទឹក គាត់​ហែលនាំខ្ញុំមកតោងទូកដែល​នៅ​លិចទឹក​នៅឡើយដើម្បី​សម្រាក​យក​កម្លាំង​គាត់ រួចមក​គាត់ក៏អូសទាំងទូក​ទាំង​ខ្ញុំ​ទៅ​​រកតោងដើមរាំងនោះ។

លោកអើយ បើគ្មានពូទេ ជីវិតខ្ញុំលែងបានដកដង្ហើមម្តងទៀតហើយ! គាត់គឺជាអ្នកមាន​គុណចំពោះខ្ញុំ! ខ្ញុំ​គ្មាន​​និយាយ​អ្វីមួយមាត់ឡើយ គាត់ក៏អុំទូកនាំខ្ញុំត្រឡប់មកវិញ ខ្ញុំគិត​ក្នុងចិត្តច្រើនណាស់។ ពេលគាត់បន្ត​បាញ់​​ថ្នាំដាក់​ស្រូវ​គាត់ជាមួយអានាង ខ្ញុំក៏សរសៀរ​ឆ្លងប្រឡាយមកត្រើយខាងណេះចាំនៅរទេះគោវិញ ណា​​មួយ​អស់កម្លាំង​ណា​មួយ​ទើប​រួចពីភ័យដែលជិតបានទៅឃើញឋាននរក ខ្ញុំក៏ផ្តេកខ្លួនក្រវៀនៗ​ក្បែរ​រទេះ​ក្រោម​ម្លប់ដើម​​អម្ពិលនោះទៅ។ គ្រា​ដែលខ្ញុំភ្ញាក់ឡើង ពូនិងអានាងបានប្រមូលអីវ៉ាន់ត្រឡប់មកវិញ​ហើយយើង​ក៏បរ​រទេះ​មកផ្ទះ។ រសៀលនោះ​ខ្ញុំ​មិន​បាន​ចេញទៅណាទេព្រោះដូចជានៅ​មិនទាន់បាត់​ខ្លាច​នៅ​ឡើយ ឬសឹង​និយាយ​បានថាទើបរួចពី​ស្លាប់បានភ្ញាក់​កំណើត។ ក្រោយបាយថ្ងៃរួច ពូឱ្យមីង​កោស​ខ្យល់​ឱ្យព្រោះមិន​ស្រួល​ខ្លួន ខ្ញុំនឹកថាគាត់ប្រហែលជា​ដោយសារជួយខ្ញុំ​ទើប​​បានជាឈឺបែបនេះ។  ខ្ញុំក៏​នៅ​អង្គុយសរសេរ​កំណត់ហេតុ​លើ​​អង្រឹង​ក្រោមផ្ទះគាត់ មិនទាន់បានមួយទំព័រផង មីង​ស្រែក​ពីលើផ្ទះមក៖

អានាងមកជួយពុកឯងផងកូន មិនដឹងកើតអីទេ! … ជួយពុកវាផងបងប្អូនអើយ!

ខ្ញុំស្ទុះឡើងទៅលើផ្ទះឃើញពូក្អួត ឯអានាងដើរទៅបុកសរសរកន្លោងរួចដួលព្រូស​នៅ​នោះ​ទៅ បងប្អូនអ្នក​ស្រុក​ជិត​ខាង​ក៏ស្ទុះឡើងមកស្រ។ ខ្ញុំដឹងច្បាស់ថាពូ​ពុល​ថ្នាំ​ដែល​គាត់​បាញ់ដាក់ស្រូវហើយ ខ្ញុំក៏យកទឹក​ឃ្មុំ​ច្រក​គាត់​បាន​ប្រហែល​មួយកូនកែវ​តែ​គាត់​នៅ​មិន​ធូរសោះ ខ្ញុំបានប្រាប់មីងឱ្យរៀបចំអីវ៉ាន់​ទៅពេទ្យ​សៀម​រាប រួចឱ្យ​អ្នកជិត​ខាង​ជួយ​​ហៅ​​ឡានតាក់ស៊ីមក។ ទម្រាំបានឡានយើងក៏មានពេលគ្រាហ៍គាត់​ចុះ​មក​ដី ​ងាក​​ទៅ​ម្ខាង​​ឯណោះអានាង​វាមិន​ហ៊ាន​មកក្បែរខ្ញុំទេ តែខ្ញុំយល់ថាវាក៏ពុលដែរគ្រាន់​តែ​វា​តិច​ជាង​ពូ​។

ឱ្យអានាងទៅជាមួយដែរទៅមីង!

គេក៏លើកពូ និងអូសអានាងមកជាមួយ តាមផ្លូវខ្ញុំច្រកទឹកឃ្មុំឱ្យពូនិងអានាងរហូត ទឹក​ឃ្មុំ​ខ្ញុំជិតមួយលីត្រ​ស្ទើរ​​តែ​​អស់។ តៃកុងឡាន ខ្ញុំ មីង ពូ អានាង បានមកដល់​មន្ទីរពេទ្យ​សៀមរាបរួចក៏ចូលទៅខាងក្នុង ដោយ​សារ​​ខ្ញុំ​ក៏​ធ្លាប់មក​ផ្តល់​ឈាមនៅទីនេះ​បួនដប់​ដង​ដែរ ខ្ញុំដឹងកន្លែងក៏អូសពូទៅបន្ទប់សង្រ្គោះបន្ទាន់​ហើយ​ប្រាប់​គ្រូ​ពេទ្យ​ថាគាត់​ពុលថ្នាំ​បាញ់​​ស្រូវ។ ខ្ញុំដឹងថាបើយើងមិនចាយលុយទេ ពូមុខជាធ្ងន់ហើយ ឯអានាង​វា​នៅ​​មិន​ទាន់​ខ្លាំង​នោះទេ វានៅ​អាច​ដើរ​បាន​គ្រាន់តែល្ងីល្ងឺប៉ុណ្ណោះ ប្រាក់របស់ខ្ញុំដែលមាន​ជាប់​ខ្លួន ខ្ញុំ​ហុច​ឱ្យ​ពេទ្យប្រាំពាន់ មួយ​ម៉ឺន ពីរម៉ឺន បីម៉ឺន។ អ្នករុញ​រទេះ​ផង គ្រូពេទ្យផង ដុកទ័រ​ផង គ្រាន់តែមួយល្ងាច​នោះ​អស់​​ជិតហាសិប​ម៉ឺន​រៀល តែពូក៏ត្រូវបានគេយកចិត្ត​ទុក​ដាក់​មើល គេចាក់ថ្នាំបន្សាប គេព្យួរសេរ៉ូម រួចគាត់​ក៏​អន់ក្អួតបន្តិចដែរ តែ​នៅ​មិនទាន់​បើកភ្នែករួចទេ គិតតែពី​សម្ងំ​គេង។ ខ្ញុំតេ​ហៅពួកម៉ាក​ទិញ​បាយ​មក​ឱ្យ​ពួក​​ខ្ញុំហូបផង គេក៏​ទិញ​មក​ឱ្យ​បានលឿនដូចចិត្ត ខ្ញុំទៅជាមួយពួកម៉ាកខ្ញុំ​ទៅ​យកកន្ថោរ មុង និង​ទឹកពី​ផ្ទះ​វា​មក​ទុកឯពេទ្យ រួចផ្លាស់​វេន​គ្នា​ទៅ​ដេកនៅផ្ទះវា។ មិត្តៗខ្ញុំគេទិញទឹកដោះគោ ទឹក​ផ្លែ​ឈើ នំបារាំង​មក​ឱ្យ​ហូប​ជាហូរហែរដែរ។ អាពួក​ម៉ាក​ខ្ញុំ​ទាំង​បីជាមនុស្សចិត្តល្អ វាធ្វើជា​មគ្គុទេសក៍​នៅសៀមរាប​ហ្នឹង វាជួយ​សព្វ​ជួយគ្រប់ តែឃើញអីចឹងទេ បើវា​ហៅ​​ឈ្មោះ​ខ្ញុំ​ម្តងៗខ្ញុំមានអារម្មណ៍​ថាដូចគេកំពុង​ចាប់​ហែក​ក្បាល។ ជានិច្ចកាលខ្ញុំ​សំណូមពរ​វា​​ឱ្យ​និយាយ​ដោយគ្មានប្រធាន​។ សម្រាកពេទ្យបាន​មួយយប់​ពីរ​ថ្ងៃ ពូក៏​គ្រាន់បើ​មែន​ទែន ឯអានាងក៏ជាស្រួលបួលព្រោះវា​បាន​ហូបរបស់ឆ្ងាញ់ៗ​ដែល​មិត្ត​​របស់​ខ្ញុំគេខ្ចប់មក​ផ្ញើ​ពេល​​គេទៅ​បាយ​ជាមួយ​ភ្ញៀវ​ហើយសល់ច្រើនគេក៏សុំភ្ញៀវ​ចិត្តបាន​ទាំងនោះមក​ឱ្យពួក​យើង។ ព្រឹក​ហ្នឹងយើង​រៀប​ចេញ​មកផ្ទះ​វិញ​ស្រាប់​តែមីងចុក​ពោះខ្លាំងណាស់ ពេល​ពេទ្យ​ពិនិត្យ​ទៅគេតម្រូវ​ឱ្យគាត់វះគ្រួស​ក្នុងតម្រង​នោមចេញព្រោះ​វាមាន​គ្រាប់​ធំៗបីគ្រាប់។ មីងខ្លាច​ណាស់ ណាមួយគាត់គ្មានប្រាក់ច្រើនផង ចំណែកពូ គាត់សួរខ្ញុំ​ថាតើគួរ​ធ្វើ​យ៉ាងម៉េច? អីយ៉ា​​ចំពី​ណាមិន​ចំ​មក​សួរយោបល់ខ្ញុំ ងាយណាស់៖

វះទៅ!

ពូឱ្យអានាងយកខ្សែកមីងទៅលក់ ឯខ្ញុំទៅបើកប្រាក់ពីធនាគារបង្ហើយ។ គាត់​ត្រូវ​ការ​បញ្ចូល​ឈាម ខ្ញុំក៏បូម​ឈាម​​ឱ្យ​គាត់ ឯអានាងវានៅខ្សោយនៅឡើយទេ។ ក្រោយវះ​កាត់​មីង​ក៏មកគេងលើគ្រែពូដដែល ឯពូអ្នក​មើល​ថែ​គាត់ម្តង។

អង្គុយសម្លឹងពួកគាត់ទាំងពីរនាក់សួរសុខទុក្ខគ្នាទៅវិញទៅមក ខ្ញុំក៏ប្រាថ្នាចង់​បានជីវិត​បែប​នេះ​ដែរ ពេល​ចាស់​ទៅ​មាន​មនុស្សដែលខ្លួនស្រឡាញ់នៅមើលថែគ្នា មានសេចក្តី​សុខ​ជាមួយ​គ្នា មានទុក្ខ​ជួយ​គ្នា​រក​វិធី​ដោះ​ស្រាយ និងជា​ពិសេស​​អាច​រឹង​មាំ​នៅ​ឈរ​មើល​លទ្ធផល​នៃការ​កសាង​​គ្រួសារ​របស់​ខ្លួន​បាន​ដោយ​ជោគ​ជ័យ។ ជ័យ​ហោង… (ជំនួស​​ឱ្យ​ពាក្យ​បរទេស​ដែលកូនខ្មែរបច្ចុប្បន្នជ្រើសប្រើជាទម្លាប់ យ៉េ…យ៉ូៗ)

ខ្ញុំអត់បានចេញដើរទៅណាទេព្រោះកាលពូឈឺ មីងគាត់ខ្លាចណាស់ គាត់មិនសូវដែល​បានចេញដើរពីផ្ទះ​គាត់​ចេះ​តែ​ខ្លាច បើបានខ្ញុំនៅជិតពួកគាត់ គាត់អាចញញឹមបានខ្លះ។ ចំណែកអានាងពេល​មីងឈឺវាបាន​ជា​ហើយ​តែ​វា​ក៏មិន​ដើរ​ទៅ​ណាដែរព្រោះពូមិនអាចលើកមីងរួចទេ ដូច្នេះវាជាអ្នកជួយថែទាំ​មីងជាមួយ​ពូ​ដែរ។ មួយថ្ងៃៗ​នៅក្នុងមន្ទីរពេទ្យ​នេះ​ខ្ញុំទំនេរជាងគេ ក៏ដើរត្រេតត្រតទៅជជែកលេងជាមួយគ្រូពេទ្យផ្សំថ្នាំ​ដែល​សុទ្ធជាស្រី​ស្អាត និងគ្រូពេទ្យ​ស្រី​តូច​ញ៉េបៗ​ជាច្រើនដែលជាពេទ្យបំពេញកម្មសិក្សានៅក្នុងមន្ទីរ​ពេទ្យ មិត្ត​របស់ខ្ញុំគេ​ឃើញ​ខ្ញុំ​អផ្សុកក៏នាំខ្ញុំទៅផឹកតាមបារ​បារាំង និងហាងការាអូខេ​ក្រោយពេលគេសម្រាកពី​ការងារ​យប់ៗ។

យើងអរគុណពួកឯងហើយដែលបានជួយពួកយើងទាំងអស់គ្នាជាច្រើនថ្ងៃមកនេះ យើងពិតជានាំអំពល់​ការងារ​គេ​ហើយវ៉ើយ។

អរគុណខ្មោចឯងអីអាខ្មៅ…(អូយពេលណាវាហៅឈ្មោះរបស់ខ្ញុំស្ទើរដាច់សាច់បែបនេះ ខ្ញុំមានអារម្មណ៍​ថា​​ដូច​​គេ​​ហែក​ក្បាលខ្ញុំឮឆ្វោក…)…អញ…ជំពាក់គុណឯងរហូតដល់​អញអស់ជីវិតមិន​ដឹងអញមាន​ពេល​សង​​ឯង​​រួចអត់​ផង…​ម៉ែអញ…កូនអញ…ពេលឈឺ​ធ្ងន់បើគ្មានឈាមឯង​ជួយទេ…ពេលនេះ…​អញបែបមិន​រស់​ទេ​អា…។ វាងាកទៅនិយាយ​ជាមួយពូ៖

ពូអើយកាលមុនដែលខ្ញុំនៅក្រ វាជាមិត្តដែលមិនមែនមានជាងខ្ញុំប៉ុន្មានទេ តែវាមានចិត្ត​ណាស់ ពេលម្តាយ​ខ្ញុំ​​វះ​​មហា​រីក ខ្ញុំក្រស្ទើរតែនិយាយបានថាគ្មានលុយទិញឈាមយកមក​បញ្ចូលឱ្យគាត់ តែវាសុខចិត្ត​បូម​ឈាម ម្តង​ហើយម្តង​ទៀត​ឱ្យខ្ញុំ​ដោយគ្មានគិតខ្លាចស្លាប់ កូនខ្ញុំឈឺក៏បានវាដែរ។​ ពេលនេះខ្ញុំឆ្លងផុត​លំបាក​ហើយ ដូច្នេះ​ហើយទើប​ខ្ញុំត្រូវ​គិត​ពីវា​វិញ។ មុនពេលម៉ែ និងកូនខ្ញុំឈឺ វាធាត់ សុខភាពមាំមួន​ជាងខ្ញុំឆ្ងាយ​ណាស់ ដោយ​សារ​គ្រួសារខ្ញុំវាបាន​ក្លាយ​ទៅ​ជាបែបនេះគឺស្គមស្ទើរតែដូចឈើចាក់ធ្មេញ រួចការងារអីហ្នឹង មានភ័យៗ​ជាងគេជាងឯង។ ខ្ញុំអរគុណ​ពូណាស់​ដែល​បានជួយជីវិតវា។

វាលើកដៃសំពះពូ។

យើងមិនមែនឈឺទេ គឺយើងកំពុងសម្រកទម្ងន់ដើម្បីអនាគតរបស់ប្រពន្ធយើង។

ខ្ញុំបន្តបដិសេធកុំឱ្យអាម៉ាសមុខពេក។

អញឱ្យឯងរកប្រពន្ធអញនាំឱ្យស្គាល់តែឯងមិនព្រម។ អញស្គាល់កូនគេមួយគំនរ គេ​មាន​​មុខ​​របរត្រឹម​ត្រូវ រូប​សម្បត្តិ​ក៏​ស្រស់ស្អាតសមរូបសមរាង ឯងសុទ្ធតែថាគេ​មិន​សម​នឹងឯង ចុះឯង​ហ្នឹងស្អាតប៉ុណ្ណាទៅ? អញចង់​តែ​ក្អួតទេ សម្រក​ទម្ងន់ក្បាលវាអី?

ខ្ញុំនឹកខឹងក្នុងចិត្ត ចុះម៉េចក៏ឱ្យតែពេលវាខឹងខ្ញុំវាជេរអំបែងក្បាលខ្ញុំរាល់តែដង អាប្រេត​នេះ។ និយាយច្រើន​ពេក​​ហើយ និយាយតែរឿងអត់ប្រយោជន៍។

ព្រឹកព្រលឹមនេះយើងត្រូវចេញដំណើរទៅផ្ទះវិញ ពួកម៉ាកខ្ញុំទាំងបីនាក់ក៏មកជូនដំណើរ​មុនពេលវាត្រូវទៅ​ទទួល​ភ្ញៀវ​ជូនដើរតាមប្រាសាទ។ ខ្ញុំឡើងឡានរួចសម្លឹងមើលពួកវា មុនពេលបែកគ្នា ខ្ញុំនឹកក្នុងចិត្តថា​យ៉ាង​​ហោច​​ណាស់​ខ្ញុំ​នៅ​មាន​មិត្តដែលស្រឡាញ់រាប់​អានគ្នាជាយូរមកហើយបារម្ភពីសុខទុក្ខដែរ។ វាជួល​ឡាន​គេ​ជូន​ពួកខ្ញុំត្រឡប់ទៅពន្លៃ​វិញ​ហើយ​​​ឡាននោះក៏ជូនខ្ញុំឡើងឡានក្រុង​ទៅ​ភ្នំពេញនៅបេន​ស្វាយស៊ី​សុផុន។ ពូ​មីង និងអានាងក៏លាពួកវា មុនចេញ​មកវាកញ្ឆក់កាបូបប្រាក់ខ្ញុំរួចដាក់លុយឱ្យមួយរយដុល្លា​ហើយ​ហុច​ឱ្យវិញ​ហើយប្រាប់តៃកុងឡានឱ្យបរចេញទៅ។ អៀននឹងវាដែរដែលឆែក​កាបូបលុយឃើញ​មាន​ប្រាក់ខ្មែរ​តែបួនម៉ឺន​រៀល​បែបនេះ។ ខ្ញុំគ្រវីដៃលាពួកគេ… សម្លាញ់​គ្នា​លាសិនហើយ អរគុណណាស់ដែល​ព្រះ​ទុកពួកឯង​ឱ្យ​នៅ​ជួយ​អញ…

គ្រាន់តែជូនពូមីងដល់ផ្ទះ ខ្ញុំក៏ត្រូវប្រញាប់ឡើងឡានក្រុងម៉ោងដប់ដូច្នេះឡានក៏ជូនដល់​ចំណតឡាន​នៅ​ស្វាយ។ មុន​ឡើងឡានខ្ញុំបានជួបមិត្តចាស់ម្នាក់ដែលបែកគ្នាជាងដប់ឆ្នាំ​គេនៅធ្វើការអង្គការនៅទីនោះ ប្រពន្ធ​​លក់ដូរក្នុងផ្សារ កូនស្រីគេម្នាក់ទើបតែរៀបការខែ​មុន ឯកូនស្រីមួយទៀត នឹងរៀបចំនៅឆ្នាំក្រោយ​ដែលគេ​គ្រោង​​ថាហៅ​ខ្ញុំចូល​រួម​ដែរ​ដើម្បី​​បានជួបជុំគ្នាជាមួយមិត្តចាស់ឯទៀតផង។

ឡើងឡានមកតាមផ្លូវ ខ្ញុំគិតរហូត…តែផ្តេសតែផ្តាស…

មិត្តខ្ញុំម្នាក់ៗមានក្រុមគ្រួសារ មានកូន មានចៅអស់ទៅហើយ​ ចុះខ្ញុំសព្វថ្ងៃនេះមានអ្វីខ្លះ​ដែល​អាច​រំពឹង​សម្រាប់​​អនាគត? ចុះអនាគតហ្នឹងម៉េចក៏វាវែងម្ល៉េះ? តាំងពីខ្ញុំកើតមក ខ្ញុំ​ឮពាក្យថាខំប្រឹងដើម្បីអនាគត​សឹង​តែ​ពេញ​មួយ​ជីវិត​ទៅហើយ។ អង្កាល់បានអស់​អនាគត អនាសេសហ្នឹងទៅ?

ផែនការហូរហៀររបស់ខ្ញុំដែលបានបរិយាយជូនមកពីខាងដើមមិនបានសម្រេចដូច​បំណងទេតែខ្ញុំឥតមាន​អារម្មណ៍​ថា​សោកស្តាយសោះឡើយ។ ខ្ញុំគេងលក់យ៉ាងស្រួល​នៅយប់នេះព្រោះអស់កម្លាំងពន់ពេក​ក្នុង​ដំណើរ​កំសាន្ត​ដ៏វែង​ឆ្ងាយ ពេលដែល​ខ្ញុំ​ភ្ញាក់​ឡើងខ្ញុំក៏ទាញសៀវភៅមកកត់បន្ថែមទៀត។

ជីវិតរបស់មនុស្សម្នាក់ៗប្រៀបដូចប្រព័ន្ធអេកូឡូស៊ី ខ្ញុំស្ទើរផុតជីវិតតែក៏មានមនុស្សជួយ​សង្រ្គោះ។ ពិតមែន​តែ​ខ្ញុំ​​មិន​អាច​ជួយសង្រ្គោះមនុស្សម្នាក់ដដែលនោះវិញបានតែខ្ញុំក៏​បានធ្វើអំពើល្អចំពោះអ្នកឯ​ទៀតដែល​គេ​ក៏អាច​ជួយ​អ្នក​ផ្សេង​ទៀតបាន។ ដូច្នេះរៀនពី​ចំណុចនេះខ្ញុំដឹងថាជីវិតជា​ខ្សែអំបោះដែលអាច​ដាច់បាន​គ្រប់​ពេល យើង​គួរធ្វើអំពើ​ល្អ​​ឱ្យ​បានច្រើនដើម្បីមុនពេលស្លាប់ទៅយើងបាននឹកឃើញអំពើទាំងនោះ​ហើយ​អាចនឹង​ញញឹមមុនពេលបិទភ្នែកជា​រៀង​រហូត។

ខ្ញុំនឹងរៀនរស់បន្តទៀតជាមួយមនុស្សនៅជុំវិញខ្លួនខ្ញុំ រៀនរស់ដោយកាន់ដៃគ្នា​ ដើរ​ជាមួយ​គ្នា និងបន្ត​រាប់​អាន​​​គ្នា​ទៀត​មុនពេលខ្ញុំត្រូវឯកាជារៀងរហូត។ ខ្ញុំត្រូវទទួលស្គាល់​ថាពេលដែលខ្ញុំស្លាប់ទៅខ្ញុំមិនអាច​សប្បាយ​​ដូច​ពេល​​នៅ​រស់​ដែលមានមនុស្សជាច្រើន​ស្រឡាញ់ និងបារម្ភជុំវិញខ្លួននោះទេ ជាពិសេស​មិន​អាច​​​បបួលគ្នា​ចូល​ការាអូខេ មិន​អាច​ផឹកស៊ីបានសប្បាយដូចជាពេលឥឡូវនេះ ព្រោះថា​ពេលនោះ​ខ្ញុំនឹង​បែក​ពីពួក​គេទៅហើយ ទៅ​រសាត់​អណ្តែត​តែល​តោលម្នាក់ឯង​ រួចមិនដឹងថានៅទីនោះមានស្រា​ផឹក​មាន​ការាអូខេ​ច្រៀងអត់ផង… ដើម្បី​តបគុណ​គេដែល​មាន​ទឹក​​ចិត្ត​ចំពោះ​ខ្ញុំ ខ្ញុំក៏​ត្រូវ​ធ្វើ​ល្អ​ចំពោះពួកគេផងដែរ។ សុខហោង…

ពុក ម៉ែ បងស្រី បងប្រុស ប្អូនស្រី​ ប្អូនប្រុស មិត្តសម្លាញ់ សង្សារសំណព្វចិត្ត លោកគ្រូ អ្នកគ្រូ ញាតិមិត្ត​ទាំង​ឡាយ​ពេលនេះខ្ញុំសប្បាយចិត្តជាងអ្វីៗទាំងអស់ព្រោះខ្ញុំត្រេកនឹង​អំពើល្អដែលខ្ញុំបានធ្វើចំពោះ​អ្នក​ទាំង​​ឡាយ។ សូមបំភ្លេច​អំពើអាក្រក់ទាំងអម្បាលម៉ាន​ដែលខ្ញុំ​បានធ្វើចំពោះអ្នក ព្រោះខ្ញុំតាំងចិត្តថាខ្ញុំឈប់​ធ្វើ​អាក្រក់បែបនោះទៀតហើយ។

ខ្ញុំនឹងត្រឡប់ទៅត្រូវគ្នាជាមួយសង្សារខ្ញុំវិញហើយយើងនឹងអាចមានពេលវេលា​ពិចារណា​​ពីអនាគតរបស់​យើង​ដោយ​ការស្រឡាញ់គ្នាឱ្យបានច្រើនជាងឈ្លោះគ្នា។ សួគ៌ហោង…

ថ្ងៃទី ០៧ ឧសភា ២០១១

លី កល្យាណ

Advertisements
  1. somada / ឧសភា 9 2011 2:40 ល្ងាច

    ពិតជាមនុស្សល្អកម្ររកបានមែន ! សូមសួរមួយណាម្ចាស់ផ្ទះ តើកល្យាណជាស្រី​ឬ ប្រុសឲ្យប្រាកដហ្ន៎ ! កាលពីមុនគិតថាកល្យាណជាស្រី ដល់ពេលមកអានអត្ថ​បទនេះ បែរជាកល្យាណជាមនុស្សប្រុសទៅវិញ ? វង្វេងហើយខ្ញុំ ។

    • lykalyane / ឧសភា 9 2011 3:25 ល្ងាច

      សុំទោសដែលនាំបងឱ្យច្រឡំ។ ខ្ញុំស្រីដដែលទេបង មកពីផ្ទះនេះមានម្ចាស់ពីរនាក់ចឹងបានជាបងអាចច្រឡំ។ នេះជារឿងខ្លីដែលខ្ញុំសរសេរ សូមបងជួយផ្តល់យោបល់កែសម្រួលផង។
      តាមពិតទៅមានបងម្នាក់អានប្រកាសខ្ញុំហើយតបវិញ ខ្ញុំដូចជារំភើបរក​និយាយមិនចេញទេ។ អរគុណណាស់ៗបង។

    • somada / ឧសភា 10 2011 8:41 ព្រឹក

      ពីរនាក់ តែជាស្រីទាំងពីរតើមែនទេ ?

    • lykalyane / ឧសភា 10 2011 10:04 ព្រឹក

      ចាសបង អ៊ំស្រីមុនី និងខ្ញុំ (អាចមិនមែនជាស្រីម្តងម្កាលដែរ 🙂 ) សុទ្ធតែជាស្រីៗ (វិបសាយនេះជាវិបសាយនគរស្រីល្វោ)។
      វាមាន​លំបាកខ្លះ ពេលណាចង់សរសេររឿងឱ្យគេសើច មិនអាច​និយាយ​ពាក្យមិនពីរោះដាក់បានទេបើតួអង្គនោះជា​មនុស្សស្រី តែបើតួប្រុសវិញ​ខ្ញុំមិនសូវបារម្ភក៏ចេះតែនិយាយនាំសើចទៅ តែបើបង និងមិត្តទាំងឡាយយល់ថាមិនអាចសើចបាន ចាក់​ក្រឡេក​ខ្លួនឯងថែមផង(សុំទោសនិយាយលេងទេ)។

  2. lykalyane / ឧសភា 9 2011 4:08 ល្ងាច

    តាមពិតទៅខ្ញុំមានគម្រោងសរសេររឿងខ្លីពីរឿងដើរលេងនោះពិតមែន តែ​គ្រាន់​តែ​នឹកដល់មីងប្រពន្ធពូភ្លាម ស្រាប់តែគាត់ខូចបាត់ទៅហើយ។ ខ្ញុំរាងស្លុតចិត្ត​បន្តិច​ដែរ វាបានប៉ះពាល់អារម្មណ៍ដែលគ្រោងដំបូង ដូច្នេះសំណៅ​របស់ខ្ញុំគឺ​បាន​តែ​ប៉ុណ្ណឹង វាមានរឿងពិតខ្លះក្នុងនោះប្រហែល៧០ភាគរយ តែតួអង្គប្រឌិតទេ។
    សុំ​ទោសអ្នកទាំងអស់គ្នាដែរកាលបើមានអ្វីមួយដែលខ្ញុំសរសេរទៅទាស់ចិត្ត មិន​សមរម្យ មិនរៀបរយ សូមមេត្តាកុំចាប់ទោសអូសដំណើរខ្ញុំអី ព្រោះខ្ញុំនៅខ្ចីសេចក្តី​ណាស់ ណាមួយរៀនសរសេរដោយគ្មានគ្រូណែនាំពិតជាពិបាក។ តែបើមានមតិ លើកក្រោយៗខ្ញុំនឹងពិចារណាកែសម្រួលតាមការគួរ។

  3. Chakrya / ឧសភា 9 2011 4:28 ល្ងាច

    រកកន្លែងខំមិន អត់ចង់ឃើញ (តែបានរកឃើញនៅទីបំផុត)។ រឿងប្រឌិតខ្លះ រៀនសរសេរដំបូងប៉ុណ្ណឹង អានទៅព្រឺសម្បុរដែរហ្នឹងណា។​ពូកែមែន!

    • lykalyane / ឧសភា 9 2011 5:31 ល្ងាច

      អរគុណខ្លាំងណាស់ដែលជួយលើកទឹកចិត្ត។ បើសិនជាមានកន្លែងណាអត់សូវទំនងសូមប្រាប់ផង។

  4. lykalyane / ឧសភា 11 2011 11:04 ព្រឹក

    សូមកែសម្រួល នៅត្រង់៖

    ខ្ញុំបន្តបដិសេធកុំឱ្យអាម៉ាសមុខពេក។

    អញឱ្យឯងរកប្រពន្ធអញនាំឱ្យស្គាល់តែឯង«មិន»ព្រម។ អញស្គាល់កូនគេមួយគំនរ គេមាន​មុខ​​​របរត្រឹម​ត្រូវ រូបសម្បត្តិក៏ស្រស់ស្អាតសមរូបសមរាង ឯងសុទ្ធតែថាគេមិនសមឯង ចុះ​ឯង​ហ្នឹងស្អាតប៉ុណ្ណាទៅ? អញចង់តែក្អួតទេ សម្រកទម្ងន់ក្បាលវាអី?

    ខ្ញុំដឹងថាកំហុសរបស់ខ្ញុំ ខ្ញុំមើលមិនចង់ឃើញទេ តែបើអ្នកផ្សេងសរសេរវិញរករឿងគេអត់ព្រមឈប់ឡើយ។

  5. somada / ឧសភា 13 2011 4:08 ល្ងាច

    ឌាតែគ្នូចទេ !

  6. lykalyane / ឧសភា 16 2011 3:41 ល្ងាច

    ខ្ញុំសុំកែទៀតហើយ។

    ពាក្យ ជ័យហង ប្តូរជា​ ជ័យហោង, សុខហង ប្តូរជា​ សុខហោង, សួគ៌ហង ប្តូរជា​ សួគ៌ហោង។
    ពាក្យ ត្រូវរ៉ូវ ទៅជាពាក្យ ត្រូវ, ក្រវ៉ាត់ ទៅជាពាក្យ ក្រវាត់, ពត៌មាន ទៅជាពាក្យ ព័ត៌មាន, ព្រោងព្រៀត ទៅជា ព្រោងព្រាត។

    ខ្ញុំដឹងថាមានពាក្យជាច្រើនដែលខ្ញុំប្រើខុសកាលៈទេសៈ។ សូមមេត្តាជួយកែ​សម្រួល​​ខ្ញុំផងព្រោះថាយើងជាជាតិខ្មែរត្រួវតែជួយគ្នាក្នុងការប្រើអក្សរ ភាសាខ្មែរ ឱ្យបានកាន់តែសុក្រឹតថែមទៀត។

  7. ឌីយ៉ា / ឧសភា 18 2011 7:38 ល្ងាច

    ក្រោយ​ពេល​អាន​រឿង​បង​នេះ​ហើយ ខ្ញុំ​មាន​ការ​ខក​ចិត្ត​ជា​ខ្លាំង! ខ្ញុំ​គិត​ថា​នេះ​ជា​រឿង​ពិត ហើយ​មាន​ការ​រំភើប​ខ្លាំង​ណាស់ នៅពេល​បាន​អាន​រឿង​នេះ។ រួច​មាន​ទាំង​ឆ្ងល់​ទៀត ថាម៉េច​ទៅជា​ប្រុសវិញ? ចុង​ក្រោយបែរជារឿង​មិន​ពិតសោះ។ បើ​ជា​រឿង​ពិត​វិញ ខ្ញុំ​ចង់​ជួប​ជម្រាបសួរ​ និងឃើញមុខ​ម្តង។ ពេលនេះ​គំនិតនេះអសារបង់អស់រលីង! យ៉ាងណាម៉ិញ រឿងនេះល្អអានណាស់បង (ល្អមើលទៀត ព្រោះខ្ញុំស្រម័យឃើញ)។ ហិហិ

  8. somada / ឧសភា 19 2011 9:50 ល្ងាច

    ម្ចាស់ផ្ទះលេងមួយក្បាច់នេះធ្វើឲ្យប្រិយមិត្តវង្វេងគ្រប់គ្នាតែម្តងហើយហ្ន ។

    • lykalyane / ឧសភា 19 2011 10:17 ល្ងាច

      ជម្រាបសួរបង។
      សុំទោសហើយ បើបានបញ្ជាក់តែបន្តិចថាជារឿងប្រឌិតប្រហែលជាបងប្អូនមិនសូវវង្វេងទេ។ លើកក្រោយពេលខ្ញុំសរសេររឿង ខ្ញុំបែបត្រូវភ្ជាប់កម្មវិធីផែនទីផងដែរហើយ…
      សុំទោសណាបង ញ៉ុមសុំទោសនិយាយលេងជាមួយបងទេ។

  9. តា ម៉ាប់ / កុម្ភៈ 20 2012 2:43 ព្រឹក

    បងកល្យាណបាន​ដើរ​​ពេញ​ស្រុក​ខ្មែរ​ហើយ ហើយ​ដើរ​របៀប​ឡូយទៀត​ ខ្ញុំ​ចូលចិត្ត​ community-based tourism អ៊ីចឹង តែមិនដែល​បាន​ទៅណា​សោះ ? បង​លក្យាណ​អើយ បើ​អាច លើក​ក្រោយទៅអ៊ីចឹងៗ ទៀត ប្រាប់​ខ្ញុំផង ខ្ញុំ​សុំ​តោង​កន្ទុយ​ទៅដែរ !

    • លី កល្យាណ / កុម្ភៈ 20 2012 9:45 ល្ងាច

      ចាសលោកប្អូន។ មានអ្នកជំនាញម៉ាស៊ីនថតទៅជាមួយខ្ញុំ រាងលើកមុខលើកមាត់គ្រាន់បើដែរ ជាជាងដើរតែម្នាក់ឯង។

    • តា ម៉ាប់ / កុម្ភៈ 20 2012 9:56 ល្ងាច

      ចាំ​ខ្ញុំ​ខំ​សន្សំលុយ​ទុក​ដើរ​លេង​ជា​មួយ​បង​កល្យាណ​ឲ្យណា​ណី​ម្ដង !

    • លី កល្យាណ / កុម្ភៈ 20 2012 10:11 ល្ងាច

      ដើរជាមួយខ្ញុំ មិនចំណាយច្រើនទេ។

    • តា ម៉ាប់ / កុម្ភៈ 21 2012 2:02 ល្ងាច

      មិនច្រើនទេ ម៉ាយប់ម៉ាង៉ៃ ម៉ាហយ ហេហេហេ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: