Skip to content
16 ខែកក្កដា 2011 / ស្នាមញញឹម

មានរឿងចង់ចែករំលែក

មានរឿងចង់ចែករំលែក

ប៉ុន្មានថ្ងៃនេះចេះតែមានការរវល់ មិនបានចូលប្លក់ខ្មែរនិយាយគ្នាសោះ។

មានសិក្ខាសាលាមួយដែលខ្ញុំខ្មាសគេសឹងជ្រែកផែនដីទើបតែចប់ទៅក្តៅៗនេះ។

ពីល្ងាចទទួលគណៈកម្មាធិការសហគមន៍​ទៅដាក់ផ្ទះសំណាក់គ្រប់គ្នា​អស់​ហើយ រួច​រាល់​នៅ​​​​ម៉ោង​​ប្រាំបី​​កន្លះ​​យប់។

មុននឹងទៅចូលរួមសិក្ខាសាលា ខ្ញុំបានត្រៀមសំពត់អាវរួចហើយ(អាវមួយដែល​ខ្ញុំ​ពេញ​ចិត្ត​​​ជាង​​គេ) ដល់​ព្រឹក​ថ្ងៃ​ធ្វើ​សិក្ខា​សាលាខ្ញុំក៏ទាញសំពត់មកស្លៀក…រៀងចង្អៀតបន្តិច តែមិន​អី​​ទេ​កុំ​សូវញ៉ាំអី​ច្រើនគឺអាច​​ប្រើ​ការ​បាន​សំពត់​​អាវ​​នេះ។ ស្រាប់តែស្លៀករួច … ភឹស! …​ដាច់​ឡេវ​​ចង្កេះ​…​ចង្អៀតពេក…(គិតមើល​ទៅ​ខ្ញុំ​មាឌ​ដូច​ស្អី?)

អ៊ឺះ បើវាដាច់ហើយឈប់ស្លៀក…ទាញអាវធំ និងខោមកម្តង…ហេហេ អាវធំមិនអីទេអាច​ប្រើការបាន! ខ្ញុំប្តូរ​ជា​អាវ​​ធំ ស្លៀកខោ បិទឡេវរួច និងរូតរះប្រមូលកុំព្យូទ័រ និងកាមេរា អីៗ​ដាក់​ចូល​កាតាប រួចរត់ទៅខាង​ក្រៅ​ប្រញាប់​​ទៅ​​កន្លែង​នោះដើម្បីរៀបចំ។

គ្រាន់តែដាក់ខ្លួនអង្គុយលើឡានប៉ុក… ភឹស! … ដាច់ឡេវអាវធំទៀត… នេះបានមហា​អស្ចារ្យ!

នាថ្ងៃដំបូងនេះ ក្នុងនាមជំនួយការសិក្ខាសាលាខ្ញុំបានទៅដល់នៅម៉ោងប្រាំមួយ​និង​សែ​សិប​នាទី រៀបចំបញ្ជី​វត្តមាន​ដោយមានបងៗផ្សេងទៀតជួយរៀបចំឯកសារ ឯខ្ញុំគ្រាន់​តែ​ចាំ​ទទួល​ភ្ញៀវទេ។ ទើបតែ​ជម្រាប​សួរ​ជាមួយ​​លោក​ធំ​ម្នាក់​ដែល​កំពុង​ឡើងជណ្តើរមក​ចំ​ពី​មុខ​ខ្ញុំ៖

– ជម្រាបសួរ(លោកពូ)! សូមអញ្ជើញចូលខាងក្នុង!

ខ្ញុំដាក់ដៃទៅចំផ្លូវចូល ស្រាប់តែប្រធាន​សហគមន៍ម្នាក់(មិនដឹងជាចេញមកពីណា?)​ស្ទុះ​មក​​ចាប់​ដៃដែលខ្ញុំ​(ដាក់​គួរ​សម​ដើម្បីបង្ហាញផ្លូវ)លាទៅខាងស្តាំ (ហ្អាក! ម៉េចទៅ​អញ្ចឹង?)​ ខ្ញុំជាតិជាអ្នកគួរសម ក៏ក្តោប​ច្របាច់​ដៃ​គាត់​បន្ថែម​​ទៅ​រួច​អញ្ជើញ​ទាំង​ពីរ​នាក់​ចូល​ទៅ​រក​កន្លែងអង្គុយ។

សម្រាប់ខ្ញុំ! អត់ដឹងនិយាយថាម៉េច គ្មានមតិយោបល់!

ដល់ទៅពេលបាយថ្ងៃត្រង់ ញ៉ាំអាហារប៊ុហ្វេ ខ្ញុំនៅជាមួយបងៗ​ឈរចាំមើលភ្ញៀវ​ចូល​កន្លែង​​ញ៉ាំ​សិន រួច​ខ្ញុំ​ក៏​ដើរ​​ទៅ​​​​យក​​​ភីសា​ជប៉ុនដែលគេកាត់ជាដុំតូចៗប៉ុនមេដៃ​ល្មមញ៉ាំ​បាន​ដាក់​​ក្នុង​កូនចាន ពីរ​មក​រួច​យក​កាតាប​ទៅ​​រក​កន្លែង​​​អង្គុយ ដោយសារ​គណៈ​កម្មា​ធិការ​សហគមន៍​ទាំងនោះគាត់មកដល់មុន គាត់ចូល​ទៅ​អង្គុយ​ជុំ​គ្នា​ពេញ​តុ ខ្ញុំ​ត្រូវ​​ទៅ​​តុ​​​​មួយ​ផ្សេង​​ទៀត ស្រាប់​តែ​មាន​ប្រធាន​សហគមន៍ម្នាក់មកអង្គុយជាមួយដែរ។

ខ្ញុំគួរសមណាស់! ពូ! អញ្ជើញទៅយកម្ហូបមកញ៉ាំជុំគ្នា!

គាត់ក៏ទទួលពាក្យខ្ញុំរួចឆ្លើយ បាទ ទាំងមាត់កំពុងទំពារម្ហូបពេញ! (ហាសហាសហា ស្មាន​តែ​មិន​ទាន់​បាន​អី​ហូប)។

ខ្ញុំទៅចាប់យកដំឡូងបារាំងអាំងប្រហែលដប់ដុំតូចៗមក សាច់មាន់ស្ងោរមួយដុំ និងទឹក​ជ្រលក់​សាច់មាន់ យក​មក​​​ដាក់​​កន្លែងអង្គុយ ស្រាប់តែឃើញគាត់​កំពុងហូបនំបញ្ចុក​សម្ល​ការី (ខ្ញុំអត់ចូលចិត្តសម្លការីទេ ក៏​​មិន​ខ្ចី​មើល​តែ​ដឹង​​​ថា​​ចាន​នោះ​ធំ​គ្រាន់​បើ ស្មើចានសម្ល​សម្រាប់មនុស្សពីរនាក់)។ ហូបបាយបណ្តើរជជែក​គ្នា​បណ្តើរ​ពី​រឿង​សហ​​គមន៍ ពីរឿង​​ស្រុក​ទេស ពីរឿងការធ្វើដំណើរ និងពីក្រុមគ្រួសារ ស្រុកកំណើត។ល។

តែអ្វីដែលខ្ញុំចង់និយាយនៅទីនេះគឺរឿងបាយទឹក។

ខ្ញុំញ៉ាំដំឡូងបារាំង និងសាច់មាន់អស់ ក៏ងើបទៅយកម្ហូបទៀត។ ម្តងនេះខ្ញុំញ៉ាំ​ស៊ុប​ក្តាម​មួយពែង និង​ភីសា​ជប៉ុន​នោះ​​​ពីរ​ដុំ​ទៀត មកដល់តុ ខ្ញុំឃើញគាត់កំពុងញ៉ាំបាយ​ជាមួយ​ឆាសាច់មាន់បន្លែគ្រប់មុខ និងមាន​សម្ល​ម្ជូរ​​គ្រឿង​មួយ​​ចាន​​តូច​នៅពីមុខគាត់ (គាត់​ហូប​​ជិត​រួចហើយ ព្រោះខ្ញុំរវល់តែដើរមើលម្ហូបតើមាន​ច្រើន​មុខ​ដូច​ដែល​​គេ​ផ្ញើ​​​បញ្ជី​​​ឱ្យ​​មើល​​​ឬ​​អត់?) ដោយនឹក​ឃើញថាភីសាជប៉ុននេះឆ្ងាញ់(សម្រាប់ខ្ញុំ)ខ្ញុំជូនទៅគាត់មួយ! គាត់​​ក៏​​ទទួល​​​យក​​តែ​​មិន​ទាន់​​ហូប​​ទេ គាត់​ហូប​បាយ​រួច​ក៏ដើរទៅយកម្ហូបមកទៀត។

មួយសន្ទុះ គាត់ត្រឡប់មកវិញជាមួយបង្កងអាំងប៊័រក្លិនឈ្ងុយភាយបួន ជាមួយ​បាយឆា​គ្រឿង​សមុទ្ទ។ ឃើញ​គាត់​​ពិសា​​ឆ្ងាញ់​ណាស់ តែគាត់ក៏រុញភីសាជប៉ុននោះមកឱ្យខ្ញុំវិញ។

ខ្ញុំដើរទៅយកម្ហូបទៀតព្រោះញ៉ាំអស់ហើយ។ តាមពិតទៅខ្ញុំមិនសូវនិយមស៊ុបមាន់ខ្មៅ​ទេ​​ព្រោះ​វា​មាន​ក្លិន​ដូច​គ្រឿង​ការី​អញ្ចឹង​តែនឹកថាថ្ងៃនេះអស់កម្លាំង​បែកញើសពេក​ប៉ូវ​បន្តិច​ចុះ ណាមួយតាំង​ពីព្រឹករហូត​ដល់​ស្មើ​ណេះ​​​មិន​​ទាន់​មាន​សូម្បីកាហ្វេមួយពែងចូលពោះ​ផង។ ខ្ញុំយកស៊ុបមាន់មួយពែង(ស៊ុបឆ្អឹងជើងមាន់​បាន​ត្រូវ) ឆា​ខាត់​ណា​​បួនប្រាំ​ដើម​​​ជាមួយ​​ដំឡូង​បារាំងប្រហែលប្រាំដុំ​មកដល់កន្លែង គាត់​បានយកម្ហូប​ថ្មីមកញ៉ាំទៅ​ហើយ​គឺ​ឆា​មី​សួ និង​ត្រី​​ក្រហម​ចំហុយ​ទឹក​ស្អ៊ីវ ជាមួយបាយសមួយចានតូចទេ។ គាត់ទៅយកសាច់មាន់​​អប់​មក​មួយ​ចាន​តូច​ទៀត ខ្ញុំ​មើល​​ទៅ​ឃើញ​​​អត់​​មាន​ទឹកជ្រលក់ខ្ញុំក៏ប្រាប់គាត់ថា ពូអត់​មានទឹក​ជ្រលក់ទេ! គាត់ថា៖ ខ្ញុំភ្លេច! ទៅ​​យក​ទឹក​ជ្រលក់​សិន។

ត្រឡប់មកវិញ បងប្អូនអើយ! គាត់ទៅយកភីសាជប៉ុនបីកូនចាន រួចចាក់ទឹកស្អ៊ីវ​ឡើង​កន្លះ​កូនចាន លិច​ភីសា​​រួច​ម្ទេស​​​គាត់​​ដាក់ក្នុងកូនចានភីសាមួយទៀតពេញមួយចាន។ ប្រហែល​គាត់មិនដឹងថាទៅយក​​កូន​​ចាន​​ចាក់​​ទឹក​​ជ្រលក់​​ត្រង់​​​កន្លែង​​ណាមើលទៅ បាន​ជា​គាត់សរុបគ្នាយ៉ាងនេះ។

គ្មានយោបល់ ខ្ញុំញ៉ាំស៊ុបមាន់រួចក៏ទៅដួសត្រសក់ស្រូវមួយចានមក។

គាត់ញ៉ាំរួចរកឈើចាក់ធ្មេញមិនឃើញ ខ្ញុំក៏ងើបទៅយកនៅតុមួយទៀតឱ្យគាត់។ ចាក់​​ធ្មេញ​រួច​គាត់​ងើប​ទៅ​ទៀត ជួន​​ជា​​ពេលនោះបងៗគាត់ហៅខ្ញុំឱ្យទៅជួយមើល​បញ្ជី​​លុយ​កាក់ខ្ញុំក៏ងើបចោលគាត់ទៅ។
សរុបមក៖
ខ្ញុំ = ដំឡូងបារាំង ប្រហែលពីរផ្លែ, ភីសាជប៉ុនស្មើមេដៃបួន, សាច់មាន់មួយដុំ, ស៊ុបក្តាមមួយពែង, ស៊ុប​មាន់​ខ្មៅ​​មួយ​​ពែង, ឆាខាតណាប្រាំដើម, ត្រសក់ស្រូវមួយកូនចាន។
គាត់ = …, នំបញ្ចុកសម្លការីមួយចាន, បាយជាមួយឆាបន្លែសាច់មាន់ និងម្ជូរគ្រឿងសាច់គោ, បង្កង​អាំង​បួន, បាយ​ឆា​គ្រឿង​សមុទ្ទ, ឆាមីសួ, ត្រីក្រហមចំហុយទឹកស្អីវ, បាយសមួយចានតូច។

និយាយទៅ ខ្ញុំមានឈ្មោះតែខ្លាឃ្មុំទេ តែមានអ្នកប្រជែងប្រើឈ្មោះបងខ្លាឃ្មុំធំជាមួយខ្ញុំទៀត 🙂 ^—^

ពីល្ងាចមិញគ្រាន់តែទៅដល់ផ្ទះងូតទឹករួច ក៏គេងលក់រហូតដោយមិនបានញ៉ាំ​បាយ​​ល្ងាច​ឡើយ។

ព្រឹកមិញនេះម៉ោងមិនទាន់ប្រាំផង សហគមន៍ទាំងអស់គ្នា​ក៏ទូរស័ព្ទមកលាទៅ​ផ្ទះវិញ ទាំង​ដែល​ខ្ញុំ​មិន​ទាន់​ក្រោក​ពី​ដេក។ និយាយទៅដូចហែកកេរ្តខ្លួនឯង ម៉ោងបួនហាសិបពីរនាទី តេមកម្នាក់៖
ជម្រាបលាអ្នកគ្រូ អរគុណណាស់ ម្សិលមិញមិនទាន់បានចេញថ្លៃម៉ូតូឌុបជូនអ្នកគ្រូផង។
ខ្ញុំ៖ មិនអីទេ ខ្ញុំទទួលខុសត្រូវនាំពូរកកន្លែងសម្រាក។ សុខសប្បាយតាមផ្លូវហើយទៅដល់កុំភ្លេចស៊ីញ៉ូ​មក​ខ្ញុំ​ផង​​​ បាទអ្នកគ្រូ! (បិទទូរស័ព្ទរួចដេកតយល់សប្ត)
មួយមកទៀត៖ អ្នកគ្រូខ្ញុំសុំរំខានអ្នកគ្រូបន្តិចហើយ!
ខ្ញុំ៖ ចាសពូ!
គាត់៖ ខ្ញុំសុំលាអ្នកគ្រូសិនហើយ ខ្ញុំទៅផ្ទះវិញព្រឹកហ្នឹង!
ខ្ញុំ៖ ចាសពូ សុខសប្បាយតាមផ្លូវ។ ទៅដល់ផ្ទះស៊ីញ៉ូមកលេខនេះបន្តិចម៉ោ!
បាទ! អ្នកគ្រូឯងកំពុងសម្រាកក៏អី?
ខ្ញុំ៖ អត់ទេពូ ខ្ញុំភ្ញាក់ហើយ តែខ្ញុំនិយាយនេះមិនហ៊ានឱ្យឮខ្លាំងទេខ្លាចគេភ្ញាក់។ អញ្ជើញ​ទៅ​ឡើង​ឡាន​ឯណា?…
នេះបានចំជាអ្នកគួរសម។
ម្ភៃនាក់ដែលខ្ញុំទទួលទូរស័ព្ទមួយព្រឹកនេះ ដល់ទៅមែនទែនទៅដេកទៅវិញលែងលក់បណ្តោយ។ ខាន​ត​​យល់​សប្ត​​ទៅ។ ស្អែកក៏មិនបានតទៀត ព្រោះត្រូវទៅរៀបចំសិក្ខាសាលាមួយទៀតនៅខេត្ត។ ម្តង​នេះ​ស្រក​ក្បាល​ពោះ​​សន្ធឹក​​ហើយខ្ញុំ… 😀

Advertisements
  1. vsothea / កក្កដា 18 2011 12:18 ល្ងាច

    សន្សំលុយបានច្រើនហើយមើលទៅ បានជាដូរផ្ទះអញ្ចឹង ឡើងផ្ទះថ្ងៃណាប្រាប់ផងណា ។អ្ហើយអាណិតដល់ហើយហ្ន៎ គេងមិនឆ្អែតអញ្ចឹង ។ នៅស្រុកយើងពិតជាទម្លាប់អាក្រក់អារឿងទូរស័ព្ទហ្នឹង ថ្មើរណា​ក៏ហ៊ានតេដែរមិនសូវចេះខ្លាចចិត្តគេឯងទេ ស្រុកគេវិញតែហួសពីម៉ោងធ្វើការគេកម្រតេរកគ្នាណាស់​ លុះណាតែ​មាន​​ការសំខាន់ខ្លាំងណាស់ ទើបគេតេ ។ ខ្ញុំនិយាយនេះមិនមែនចង់ថាឲ្យក្រុមសហគមន៍របស់​កល្យាណ​ទេណា តែនេះជាទម្លាប់របស់ខ្មែរយើងមួយចំនួនធំ ។

    • លី កល្យាណ / កក្កដា 18 2011 10:15 ល្ងាច

      ដូរផ្ទះនេះអត់អស់លុយទេបង។ ប៉ុន្តែមិនដឹងអញ្ជើញឡើងផ្ទះម៉េចទេ បើរកជណ្តើរដាក់មិនឃើញផង។ អរគុណបងណាស់ដែលបានមកលេង​ញឹកជាងគេ។

      ចាសបងរឿងទូរស័ព្ទនេះជួនកាលក៏ខ្ញុំសឹងទ្រាំមិនបានដែរ។ ជួនកាល​កណ្តាលអធ្រាត្រក៏មានរោទិ៍ដែរ​ តែសម្រាប់សហគមន៍ខ្ញុំ ពួកគាត់​អត់​ដឹង​តេទៅរកនរណា ពេលមានទឹកជំនន់ខ្លាំងគាត់តេរកម៉ោងមួយ ម៉ោង​ពីរ​ក៏មានដែរ នេះជាករណីលើកលែង។ តែដែលមិនលើកលែងនោះ គឺអាម៉ាកច្រឡំលេខកណ្តាលអធ្រាត្រ ខឹងសឹងផ្ទុះក្បាលទៅហើយ។ ភាគច្រើនអ្នកធ្វើការគេយល់គ្នាណាស់បង មិនដែលតេខុសម៉ោងពេល​ទេ។

  2. Khmerling / កក្កដា 24 2011 12:44 ល្ងាច

    ថ្ងៃណាមួយ កល្យាណ អញ្ជើញប្រធានសហគមន៍ដែលជាតួឯកក្នុងរឿងខាងលើមកតទល់ជាមួយខ្ញុំម្ដង ។ ចាំខ្ញុំធ្វើឲ្យគាត់ភ្លឺភ្នែកម្ដងថា នៅលើលោកនេះមិនមែនមានតែគាត់ទេដែលមហាច្រកនោះ នៅមានខ្ញុំនិងអ្នកឯណា​ទៀតនោះ​ដែរ ។ អរគុណដែលបង្ហាញគូជែងឲ្យខ្ញុំស្គាល់ ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: