Skip to content
31 ខែកក្កដា 2011 / ស្នាមញញឹម

នេះឬពាក្យថាស្រឡាញ់របស់អូន?

នេះឬពាក្យថាស្រឡាញ់របស់អូន?

ខ្ញុំឈរសម្លឹងពីលើដំបូលផ្ទះនៅជាន់ទីបួន…ដំបូងមើលទៅមេឃដែលព្រះអាទិត្យជះ​ពន្លឺ​មាស​មក​លើកញ្ចក់​អគារ​​ទំនើប «វិមានកាណាឌីយ៉ា» រួចចាំងផ្លាតចំពីមុខខ្ញុំមុន​ពេល​អស្តង្គត​…​ហ្វូងមនុស្សត្រាច់ចរ​ទៅមក​​មិន​ចេះនឿយហត់​​តាម​​ដង​​វិថី​ព្រះមុនីវង្សដូច​ស្រមោច​​ជញ្ជូន​អង្ករ…​ប៉ូលីសចរាចរកំពុងប្រញឹក​រាយគ្នាតាម​ដង​ផ្លូវ​ព្រះអង្គឌួង…​«ប្រហែល​បន្តិច​ទៀត​មាន​​​អ្នកធំឆ្លងកាត់ហើយ!» ខ្ញុំនឹកក្នុងចិត្តរួចក៏ងាកបែរ​ខ្លួនត្រឡប់​ចូល​​ក្នុង​ផ្ទះ​វិញ​សំដៅទៅចង្រ្កានបាយព្រោះខ្ញុំបានដាក់​ដាំ​​បាយចោលអំបាញ់មិញ។ ក្រោយបាយឆ្អិន​ និងបាន​កម្ដៅ​ម្ហូប​ដែល​ទិញពីផ្សារ​រួចរាល់ ខ្ញុំក៏ដួសបាយនិងសម្លទៅ​អង្គុយ​មុខ​​​ទូរទស្សន៍​ដែលកំពុង​ផ្សាយព័ត៌មាន។ ឆ្មា​​សម្បុរ​ប្រផេះ​មួយក្បាល​ក៏ដើរចូល​មក​ដូចទម្លាប់​ធម្មតា​ដើម្បី​រង់​ចាំ​វេន​អាហារ​​​ពេលល្ងាច ឆ្មាឈ្មោលនេះ​គ្មាន​​ម្ចាស់​​ពិត​ប្រាកដ​ទេ ខ្ញុំប្រហែល​ជា​មនុស្ស​​តែម្នាក់គត់ដែលស្ម័គ្រឱ្យចំណីពេលល្ងាច​ដល់​​វា​និង​អនុគ្រោះ​​ឱ្យវា​ដេក​នៅ​សំយាប​​​​ខាងមុខផ្ទះ។ មានវាគ្រាន់នឹងបានស្រែកថាឱ្យវ៉េសវ៉ូស​ទៅ ដូចជា​មិនសូវ​ស្ងាត់​​ផ្ទះ​​ពេក​ ដល់ពេល​អស់​ព័ត៌មាន​មើលខ្ញុំក៏ដើរទៅតុធ្វើការ ព្រោះថាមិន​បាន​ធ្វើអ្វីពេញ​មួយ​ថ្ងៃ​ហើយ​ក្រៅពីដេក​មើល​​ទូរទស្សន៍​កម្មវិធី​ប្រដាល់ និងបាល់ទាត់​តាំងពីព្រឹករហូត​ដល់​យប់​បែបនេះក៏ចាប់ផ្តើមចុកក​ ចុកចង្កេះ នឹក​ថា​ក្រែង​​លោ​ក្រោក​​​អង្គុយ​ទៅ​បានគ្រាន់បើខ្លះ។

អង្គុយសញ្ជប់នៅតុសរសេរមួយស្របក់ ខ្ញុំក៏ចាប់ទាញសៀវភៅនិងប៊ិចមកកត់កំណត់​ហេតុ។

ថ្ងៃស្អែកជាថ្ងៃខួបគម្រប់ប្រាំមួយឆ្នាំនៃការបែកគ្នារបស់ខ្ញុំ និងប្រពន្ធខ្ញុំក្រោយ​ពេល​ស្រឡាញ់​​គ្នាជាងពីរឆ្នាំ។ ថ្ងៃ​ប្រាំបី ឧសភា ពីរពាន់ប្រាំ… ប្រាំមួយឆ្នាំ​ហើយដែលខ្ញុំរៀន​ទម្លាប់​​ខ្លួន​រស់​ជាមួយ​តែនឹងអនុស្សាវរីយ…​ប្រាំ​មួយ​ឆ្នាំ​នៃ​ការឈឺចាប់​របស់​​ខ្ញុំៗរស់​ដោយ​គ្មាន​បេះដូង…​តែ…​សូម្បីដំណឹងសុខទុក្ខអ្វីបន្តិចពីនាងក៏ខ្ញុំមិននឹក​​នា​​ស្វែង​រក​ដែរ។

«បំណាច់តែអូនដាច់ចិត្តនិយាយពាក្យលាគ្នាហើយ យើងឈប់ទាក់ទងគ្នាទៀតទៅ!» នាងបានទូរស័ព្ទ​​មក​​សួរ​សុខទុក្ខ​ខ្ញុំ​ជា​ច្រើនដងតែខ្ញុំមិនលើក ទ្រាំនឹងការរំខានចិត្តដោយ​សារសម្លេងទូរស័ព្ទនេះនា​ពេលពាក់​​កណ្តាល​អធ្រាត្រមិនបាន ខ្ញុំ​លើក​ទូរស័ព្ទ​នាងស្រែកគំហកនូវពាក្យមួយឃ្លាខាងលើជាមួយការមួម៉ៅ ដោយ​មិនចង់​​ស្តាប់​ពាក្យ​​តប​វិញ​ថា «ឈប់សិន» ចប់​ខ្ញុំគប់ទូរស័ព្ទទៅលើជញ្ជាំង…ប្រាវ…ប៉ុណ្ណេះគ្មាន​​អី​​​រំខាន​ចិត្ត​ខ្ញុំ​ទៀត​ទេ។ ដំបូង​ឡើយ​នាង​​ទូរស័ព្ទ​មក​ខ្ញុំ​មិន​លើក នាង​ក៏​ផ្ញើសារមកសួរសុខទុក្ខ និងប្រាប់ខ្ញុំ​ឱ្យ​លើកទូរស័ព្ទ។ នាង​ជា​ស្អីដែល​បញ្ជា​ឱ្យខ្ញុំធ្វើអ្វីក៏ខ្ញុំត្រូវ​តាម​នោះ? ​ក្រោយ​មក​នាង​យក​លេខផ្សេងមកប្រើ ​តែខ្ញុំចាំសម្លេង​នាង​បាន​រួច​​ក៏បិទ​ចោល​ទៅ។ យូរបន្តិច​ខ្ញុំឃើញលេខ ០០១(លេខ​ក្រៅ​ប្រទេស)​ទូរស័ព្ទ​មក​ទៀត…ច្បាស់ជា​នាង​ហើយ…​ខ្ញុំទទួល​តែ​មិន​និយាយ​​ទេក៏មិនបិទទូរស័ព្ទចោល​ដែរ នៅពេល​ដែល​ខ្ញុំ​ធ្វើ​​ការងារ​​អស់​​​ចិត្ត​ខ្ញុំ​ដើរទៅ​មើល នាង​នៅស្តាប់រហូត​ដល់​​ជាងមួយម៉ោង… ក្រោយមកឱ្យតែលេខ​ក្រៅ​ប្រទេស​​ទូរស័ព្ទមក​​​ខ្ញុំចុច​បិទ​ភ្លាម​…​នាងព្យាយាមហ្អេះ? ខ្ញុំមិន​ព្រម​ចំណុះសេចក្តី​ស្រឡាញ់​ដ៏ងប់ងល់ទេ ខ្ញុំ​ព្យាយាម​​រើ​ខ្លួន​ឱ្យផុត​ពីការ​នឹក​នាង និង​ស្នេហា​របស់យើង… បន្ទាប់​មក​ខ្ញុំក៏ឈប់ប្រើ​លេខ​​ហ្នឹងទៀតទៅ។

ប្រហែលជា​ពេលនេះនាង​ទៅ​ធ្វើការនៅបរទេសហើយ…

រម្លឹករឿងស្នេហាមួយនេះនៅថ្ងៃខួបព្រាត់ប្រាសបានក្លាយជាទម្លាប់ប្រចាំឆ្នាំរបស់ខ្ញុំ។ ឆ្នាំ​ណាដែល​ថ្ងៃទី​ប្រាំបី ឧសភា ជាថ្ងៃ​​ធ្វើ​ការ ខ្ញុំតែងដាក់ច្បាប់មុនពីរថ្ងៃដើម្បីបានឈប់​សម្រាក​នៅថ្ងៃនោះ។ ឆ្នាំនេះចំ​ថ្ងៃ​អាទិត្យ ខ្ញុំនៅ​ចាំ​បានថាកាល​ថ្ងៃ​អាទិត្យ​នោះនាងបាន​ចេញ​ពីផ្ទះ ខ្ញុំដើររកនាងស្ទើរសោះខ្យល់ ​ដល់បាន​ជួបនៅ​ពេលនាង​ត្រឡប់​មកប្រមូល​ឥវ៉ាន់​​នៅផ្ទះ នាងក៏និយាយជាមួយខ្ញុំ៖

បង! យើង…យើងបែកគ្នាទៅ!

ស្អីគេ? អូន…មានរឿងអី? នៅសុខៗម៉េចនិយាយពាក្យនេះកើត?

ខ្ញុំមិនចង់ឱ្យយើងទាំងពីរនាក់រួមជីវិតជាមួយគ្នាទៀតទេ! វាជាអម្រែកធ្ងន់ណាស់…

អូន…អូន…ប្រាប់បងមក…បងបានធ្វើខុសរឿងអីមួយមែនទេ? អូនអាចយល់ច្រឡំមក​លើបងក៏ថា​បាន…​អូន​និយាយ​មក​…​ក្នុងចិត្តអូនគិតអី? បងបកស្រាយបានណា!

បើយើងនៅជាមួយគ្នា យើងទាំងពីរនឹងឈឺ​ចាប់អស់មួយជីវិត។

អូនអស់ស្រឡាញ់បងហើយមែនទេ? ម៉េចមិនប្រាប់បងឱ្យដឹងមុនផង…ដល់ពេលប្រាប់ អូនក៏ទៅ​បាត់បែប​នេះ អូនគិត​ថា​បងទ្រាំបានដែរឬ?

ខ្ញុំនិយាយដោយគិតថានាងនឹងប្តូរចិត្ត។ តែនាងនៅទីទើ ស្ទើរមិនចង់និយាយ។

អូន…(នាងនិយាយមិនចេញបានត្រឹមខាំមាត់ស្ទើរស្រក់ឈាម)

ខ្ញុំខំប្រឹងប្រមូលអារម្មណ៍និយាយពាក្យមួយឃ្លានេះ សង្ឃឹមថានាងនឹងអាណិតពាក្យអង្វរ​របស់ខ្ញុំ។

បងស្រឡាញ់អូនខ្លាំងណាស់…សូមកុំទៅណាចោលបង…ណាអូន…ណា?

ខ្ញុំដាក់ខ្លួនអង្វរនាងអស់ប៉ុណ្ណឹងហើយ ក្នុងនាមជាមនុស្សប្រុសម្នាក់ខ្ញុំមិនគួរគិតថាលើ​លោក​នេះមានតែ​នាង​នោះ​ទេ។ តែ​ព្រោះក្តីស្រឡាញ់មួយនេះវាធំធេងពេក វាជ្រាលជ្រៅ​ពេក​ដែលធ្វើឱ្យខ្ញុំស្ទុះ​ទៅទាញ​​វ៉ាលីស​របស់​នាង ក៏ត្រូវនាងចាប់​កន្រ្តាក់​ទៅ​វិញ​ដោយ​គ្មាន​គិត​អាណិតចិត្តខ្ញុំបន្តិចសោះ បើសិនពេលនោះ​​មាន​កាំបិត​​នៅ​ជិត​ខ្លួន ខ្ញុំនឹងគម្រាមនាង​មិន​ឱ្យ​ទៅ​ទេ !

អត់ទេ!…(នាងរៀបខោអាវដែលសល់ដាក់ចូលវ៉ាលីសហើយរត់ចុះជណ្តើរទៅក្រោមនៅ​​ទីនោះខ្ញុំឃើញ​ឡាន​មួយ​នៅចាំ​នាង)

ស្នេហារបស់ខ្ញុំបានបញ្ចប់ទៅយ៉ាងងាយបែបនោះឯង។ ប្រហែលកាលយើងចាប់ផ្តើម​វា​ងាយដូចគ្នាអញ្ចឹង​ដែរ​មិនដឹង…

ខែសីហាឆ្នាំពីរពាន់ពីរ ខ្ញុំបានបញ្ចប់ការសិក្សាមហាវិទ្យាល័យច្បាប់និងកំពុងរកការងារធ្វើ​ឆ្នាំនោះខ្ញុំក៏បាន​ទទួល​ការ​បដិសេធ​ស្នេហារបស់ខ្ញុំពីណារ៉ាន់ដែលរៀនសាលា​ជាមួយគ្នា។ ល្ងាចណាក៏ខ្ញុំទៅសំកុក​រង់ចាំ​មើលផ្លូវ​ណារ៉ាន់​ក្រែងបាន​ឃើញស្រមោលនៅហាង​អាហារ​ឡាក់គីប៊ឺហ្គ័រអាងទឹកអូឡាំពិច ទោះដឹង​ថា​ណារ៉ាន់និង​សង្សារ​នឹងមិនមក​កន្លែង​នោះក៏​ដោយ​តែខ្ញុំនៅតែចាំៗរាល់ពេលទំនេរ ចាំរហូតមាន​កន្លែង​មួយ​ដែលជា​សម្គាល់​របស់ខ្ញុំ។ ក្នុងពេលនោះ បទចម្រៀង​មនោ​សញ្ចេតនាបានមកបំពេភាព​ឯកា​របស់ខ្ញុំ។ ខ្ញុំ​នៅចាំ​បាន​ថា លោក ព្រាប សុវត្ថិ ច្រៀងបទ៖ ហាំប៊ឺហ្គ័រព្រាត់ស្នេហ៍ លោក សាពូន មីដាដា ច្រៀង​បទ៖ អ្វីគ្រប់យ៉ាងដើម្បីអូន ដូចរឿង​របស់​ខ្ញុំម៉្លេះ?…បទ​ចម្រៀងទាំងនោះ​នៅតែ​ជា​បទ​ដែល​ខ្ញុំចូល​ចិត្ត​រហូត​មក​ទល់​ពេលនេះ។

ថ្ងៃមួយប្រពន្ធខ្ញុំបានមកដណ្តើមកន្លែងខ្ញុំ​អង្គុយនៅពេលខ្ញុំដល់វេនត្រូវទទួល​អាហារ ​ដែល​​ខ្ញុំគិតថាវាសនា​បាន​ដឹកដៃ​យើង​ឱ្យជួបគ្នាដោយចៃដន្យ។ យើងបានជជែកគ្នាលេង ​ដោយ​ផ្តើមចេញពីសេចក្តី​ឈឺចាប់​ព្រោះស្នេហ៍​មិន​បានដូចប៉ង យើង​ទាំងពីរឆាប់យល់​ចិត្ត​គ្នា មានអារម្មណ៍ស្រដៀងគ្នា មានគំនិត​ប្រហាក់​ប្រហែលគ្នា​ដែល​ផ្តើម​ចេញពី​ការ​រាប់​អាន​ធម្មតា​​ក៏​ឈានទៅរកមិត្តភាពមួយដែលឆាប់​លូតលាស់ជាទី​បំផុត។ ដោយផ្តើម​ចេញ​ពី​ការ​សាក​ល្បងរស់នៅជាមួយគ្នា យើង​ក៏បង្កើតលក្ខខណ្ឌសេ្នហាដែលគ្មាន​នរណា​មាន​ដូច​​នៅ​លើ​លោក​។ យើង​​ចាប់ផ្តើមកំណត់គោលដៅ និងផែនការ​ជីវិត។

នាងជាអ្នកច្នៃម៉ូតខោអាវ ដោយបានបញ្ចប់ការសិក្សានៅប្រទេសថៃ នាងមាន​អាយុបង​ខ្ញុំ​បីឆ្នាំ នាងហៅខ្ញុំ​យ៉ាង​ទន់ផ្អែម​ថា បង ឯខ្ញុំហៅនាង​ អូនៗ ពេញមាត់។ ក្នុងពេលនោះខ្ញុំ​ក៏​មានការងារធ្វើជាមួយ​អង្គការក្រៅ​រដ្ឋាភិបាល​ក្នុងកិច្ចការ​ច្បាប់។ យើងជួលផ្ទះនេះ​រស់​នៅ​​ជាមួយគ្នាដោយនាងមានការងាររបស់​នាងត្រូវធ្វើ​នៅ​ផ្ទះ ឯខ្ញុំទៅ​ធ្វើ​ការ​​​ខាង​ក្រៅ​​ និង​មានជួនត្រូវចុះទៅតាមខេត្តផងដែរ។ ការរស់នៅពេលនោះពិតជា​គួរ​ឱ្យ​ខ្លាច​ណាស់ យើង​ត្រូវ​ប្រឈមមុខជាមួយ​កិច្ចការ​ជា​ច្រើនដែលពីមុនមកយើងឥតបានចាប់​អារម្មណ៍​​យក​​ចិត្ត​​ទុក​ដាក់​ព្រោះ​​តែធ្លាប់​នៅ​ក្នុង​បន្ទុកឪពុកម្តាយ។ ថ្លៃឈ្នួលផ្ទះ ថ្លៃ​ទឹក ភ្លើង ថ្លៃអាហារ សាំង ថ្នាំពេទ្យ ខោអាវ របស់​របរ​ប្រើប្រាស់រាប់​មិន​អស់​មួយខែៗ ដែល​សឹង​តែ​ធ្វើឱ្យពួកយើង​បោះបង់​ការ​ព្យាយាម​រស់នៅ​ជាមួយ​​គ្នា​នេះ​​ម្តងៗ​ដែរ វាលំបាក​នឹង​និយាយ​​ថាយ៉ាងម៉េច«ឱ្យចំ»​ណាស់ កិច្ចការប្រចាំថ្ងៃ​របស់​ពួកយើងគ្មានអ្វី​ក្រៅ​ពី​ឈ្លោះ​គ្នា​រឿង​ចំណាយ​ឡើយ​ ដោយ​សារ​ភាពក្រីក្រយើង​ត្រូវមើលបំណាំគ្នាក្នុងការទិញ​របស់​​របរ​ប្រើ​ប្រាស់ ចាប់កំហុស​គ្នាទៅវិញ​ទៅមក​លើ​ការ​​រស់នៅ និងឆ្លៀតពេលប្រចណ្ឌ​គ្នា​រាប់​មិន​អស់។ ប្រាក់ខែខ្ញុំ​បាន​មួយ​រយ​សែសិបប្រាំដុល្លា ឯនាងយូរៗម្តង​ទើប​​លក់​គម្រូម៉ូត​ខោអាវ​ដាច់មួយបានប្រហែល​មួយ​​រយ​ដុល្លារ តែការ​ចំណាយ​ប្រចាំថ្ងៃគឺមានជា​ហូរហែ​មិន​ថា​នាង​​​លក់ដាច់ឬអត់ទេ។ កាល​ណា​នាងកាត់​អាវ​ហើយ​មិនត្រូវ​មិន​សម​ម៉ូត ខ្ញុំក៏​រើស​វា​មក​ពាក់​ទាំងគ្នាន់ក្នាញ់ ឯ​ខោ​​​វិញ​ខ្លះត្រូវនាងច្នៃ​បន្ថែមលើរបស់ខូច​ហើយ​ខ្ញុំក៏​ស្លៀក​វាតាម​​តែ​​បាន…:-(… ​ជួន​កាល​​មើលទៅ​ដូច​​អ្នក​លេង​ស្លៀក​ពាក់ទៅធ្វើការអញ្ចឹង ខោដែល​រឹតជើង​ពេក​ទៅមិន​សម​នឹង​ស្លៀកទៅ​កន្លែង​ការងារឡើយ តែខ្ញុំគ្មាន​ជម្រើស​​​ដែលសម្បូរ​អាច​ផ្លាស់​ប្តូរ​ខោ​អាវ​ឱ្យ​សព្វ​គ្រប់​នោះ​ទេ។ តាំងពីចូលធ្វើការខ្ញុំមាន​ខោអាវ​សម​សួន​តែ​ពីរ​សម្រាប់​​គត់ ចំណែក​ខោអាវ​នៅ​​ផ្ទះ​របស់​ខ្ញុំគឺ​ជា​បំណែក​ក្រណាត់​​សល់ពីការ​កាត់ដេរ​របស់​នាង ជួន​កាល​ខោខ្លី​ជើង​​មួយចំហៀង​ពណ៌​ក្រឡេ​ក្រឡា… មិនត្រឹមតែ​ភាព​​ក្រីក្រ​ទេ​​ដែល​​ជាន់​ក​​ពួក​យើងគ្រា​នោះ នៅមាន​ជម្ងឺរបស់​នាងទៀតដែលតាមលេប​ត្របាក់​​ប្រាក់​ខែ​របស់ខ្ញុំ​ប្រុយៗទៅឯ​ហាង​លក់​ថ្នាំ និងគ្រូពេទ្យអស់។ ខ្ញុំបានផ្លាស់​ការងារ​​ទៅរក​ប្រាក់​ខែ​ខ្ពស់ និង​ព្យាយាមធ្វើ​ការ​ជា​អ្នក​​យាមនៅហាងអាហារ​ពេលយប់​ក្រោយ​ចេញធ្វើការ​ម៉ោង​ប្រាំ ដែលប្រាក់​កម្រៃ​​កាល​ណោះ​ល្មមតែអាច​ទប់​បាន​ថ្លៃ​សាំង​ម៉ូតូ​របស់​ខ្ញុំ។ មួយឆ្នាំ​ក្រោយ​​មក​នាងមានមិត្ត​ភ័ក្តិ​​រក​ស៊ី​ចូល​ហ៊ុនគ្នាបើកហាង​ និងរើអីវ៉ាន់​ទៅទុក​នៅ​ហាងអស់​ទៅ​ធ្វើ​ឱ្យ​ផ្ទះយើងមានភាព​ទូលាយបន្តិច ហើយ​មុខ​របរ​ក៏កាក់កប​គ្រាន់បើ​ដោយមាន​ម៉ូយ​​នៅបរទេសគេ​ត្រូវ​ការ។ ជីវិត​យើង​ក៏​ហាក់​ងើបរើប​ឡើងវិញបន្តិច នាង​​ឧស្សាហ៍​ចេញ​​ទៅបរទេស ឯការងារ​ខ្ញុំ​​ក៏​បាន​ប្រាក់ខែគ្រាន់បើជាង​មុនដែលអាចឱ្យ​ខ្ញុំ​ឈប់​​ធ្វើការ​យប់​​បាន និងមានជីវិត​រស់​នៅ​​សមរម្យ។

ពេលនេះខ្ញុំមើលឃើញតម្លៃនៃប្រាក់។ មានវាពួកយើងក៏ងាកមកផ្អែមល្ហែមរកគ្នា យក​ចិត្ត​ទុកដាក់ចំពោះគ្នា និង​យូរៗ​ម្តង​យើង​ចេញទៅរកអីញ៉ាំនៅខាងក្រៅកំសាន្តចិត្ត។ ខ្ញុំ​បាន​ប្តូរម៉ូតូចាស់ផ្លាស់ម៉ូតូថ្មីទំនើបមួយ និង​កែ​សម្រួល​​​បន្ទប់​គេងរបស់​យើង នាងបាន​ទិញ​​ទូ​ដាក់ខោអាវស្អាតមួយ ​តុធ្វើការរបស់ខ្ញុំមួយ និងគ្រែ​ដេក​​ជាមួយ​​ពូក​​ទន់ល្មើយ។ ដល់​ថ្ងៃនៃក្តី​ស្រឡាញ់​ខ្ញុំ​បាន​​ទិញ​​ចិញ្ចៀនជូននាង និងសុំនាងរៀបការ នាង​យល់​ព្រម​ហើយ​យើង​​ក៏​ទៅចុះសំបុត្រអាពាហ៍ពិពាហ៍​ជាមួយ​គ្នានៅសាលាសង្កាត់។ ពេលនោះ​ការងារ​​​របស់​ខ្ញុំ​តម្រូវ​ឱ្យ​មាន​​ខោ​អាវ​ល្អៗ មានក្រវាត់ក មានស្បែកជើងស្អាតៗ។ នាងបាន​រៀបចំ​​ឱ្យខ្ញុំសព្វគ្រប់។ ការងារ​កាន់​តែច្រើន ជម្ងឺក៏តាម​មក​​ជាមួយយើងដែរ នាងឈឺ​ក្រពះ​ ខ្ញុំឈឺឬសដូងច្រមុះ។ ជួនកាល​នាងឈឺ​ក្បាលជាខ្លាំង នៅ​តែ​ប្រឹង​ធ្វើការ​ដើម្បី​​​ឱ្យ​ទាន់​​ពេលវេលា។ ពេលឃើញ​ស្ថានភាព​របៀបនេះខ្ញុំបានជួយ​សម្រាលការងារ​នាងខ្លះៗ​​ដូច​​ជា​​កិច្ចការ​គូស​ពុម្ពគម្រូ​​ក្នុងកុំព្យូទ័រដោយក្រិតលេខ រៀបលំដាប់​ផ្នែកនៃ​គម្រូ​ដាក់​តាម​លេខ​កូដ…​តាម​​ពិត​​ទៅ​​​ការងារ​​ទាំង​​នេះ​ពិតជាលំបាក។ វាត្រូវការពេលវេលា​និងការ​ព្យាយាម ខ្ញុំ​មើលឃើញកិច្ចការ​របស់នាងខ្ញុំ​នឹក​សរសើរខ្លួនឯង​ដែលមិនរើសយក​ជំនាញ​បែបនេះ…ហត់ណាស់… ​មាន​ពេលខ្លះនាងក៏ជួយខ្ញុំវិញដែរ ជួយ​បើក​រក​មាត្រា​ច្បាប់​ដែល​​ខ្ញុំត្រូវការហើយនាងអាន​ឱ្យខ្ញុំ​ស្តាប់ព្រមដោយ​សម្លេងពីរោះក្រអួន នាងច្រៀង​ពីរោះ​​ស្តាប់ ​ចេះលើកដាក់​សម្លេង​​​មាន​បែប​​បទត្រឹមត្រូវ បទចម្រៀង​ដែល​នាងពេញនិយមគឺ​ប្រភេទ​​​មនោ​សញ្ចេតនា​​ប្រកប​ដោយ​ភាព​រស់​រវើក ខ្ញុំចាំ​បាន​ថាបទទាំងនោះភាគ​ច្រើន​ជា​បទ​​លោកស្រី​ រស់ សេរី​សុទ្ធា​ និង ប៉ែន រ៉ន …កម្លោះគគោក[i] គ្មានជោគដូចបង…​ពឹង​បង​​ជូន​​ទៅផ្ទះ…​។ល។ ចំពោះ​គ្រួសារ​​យើង​ មាន​​រឿង​​ច្រើន​​ណាស់ដែលត្រូវប្រឈម តែ​យើង​​​គេច​​ចេញ​ពីពួកគេ​រហូត នាង​​មិនសូវ​ទៅ​មករក​គ្រួសារ​​នាង​ទេ ឯខ្ញុំក៏មិនសូវចាប់​អារម្មណ៍​​ចំពោះគ្រួសារ​ខ្ញុំ​ដែរ និយាយ​ទៅយើង​នៅ​លើ​លោក​នេះ​​តែ​​ពីរ​នាក់​ទេ​​​ដូច្នេះ​​ហើយ​​​​បាន​ជា​ពេលដែល​នាង​ចាក​ចេញទៅខ្ញុំខ្លាចជា​ខ្លាំង … 😦 …

មានប្រាក់រស់ស្រួលមិនប្រាកដថាមានសេចក្តីសុខនោះទេ ព្រោះមនុស្សភាគច្រើនដែល​ឈានដល់​ចំណុច​នេះ​បាន​​​ឱ្យ​តម្លៃ​សេចក្តីសុខថាជាអំណាចមួយដែលពេញលេញក្នុង​សេរីភាព។ យើងទាំងពីរមិនមែន​ជា​មនុស្ស​ដែល​​បាន​សម្រេចការ​ត្រាស់​ដឹង មិន​បាន​ស្វែង​​យល់ពីជីវិតនៃការកសាងគ្រួសារអ្វីដែរនោះ​ក៏ធ្លាក់​ទៅ​ក្នុង​អបាយ​នៃការប្រចណ្ឌ៖

បងឯងទើបមកពីណា? (នាងសួរខ្ញុំទាំងគគ្រាតកាលបើខ្ញុំស្រវឹងមកពីជប់លៀងជាមួយ​មិត្តភ័ក្តិរំលង​អធ្រាត្រ)

ផឹកស៊ីជាមួយពួកម៉ាកនៅកន្លែងធ្វើការ! ឈប់…កុំរករឿងបងទាំងយប់ ចាំស្អែក​និយាយ​គ្នា!

មិនចាំទេ! (នាងទាញកន្ត្រាក់អាវខ្ញុំចង់ឃាត់ខ្ញុំមិនទាន់ឱ្យចូលបន្ទប់ទឹករហូតរបូតឡេវ)

ឃើញទេ! ដាច់ឡេវអាវបងហើយ! បងចូលបន្ទប់ទឹកសិនស្អុយញើសណាស់!

យើងមិននិយាយរកគ្នាពីរថ្ងៃព្រោះតែរឿងមិនព្រមរកខុសត្រូវទាំងយប់។​ ស្អែក​ឡើង​នាង​យក​លក្ខខណ្ឌ​ស្នេហា​ទៅ​​អ៊ុតជ័រ​រឹង​រួចដំដែកគោលព្យួរមុខតុធ្វើការរបស់ខ្ញុំ។

សរសេរបណ្តើរខ្ញុំងើបក្បាលសម្លឹងមើលក្រដាសលក្ខខណ្ឌដែលមាន ប្រាំជំពូក សាម​សិប​​ពីរប្រការ និង​ផែន​ការ​​ជីវិត​បិទ​ជាប់​ទីនោះនៅ​ឡើយ​ដែលឡើងដាម​ប្រតេក​ប្រតាក​ដោយសារស្នាមទឹកភ្លៀង នៅខាង​ស្តាំ​នោះ​​មាន​ប្រតិទិនព្យួរជញ្ជាំង​ធំ​មួយ គឺ​ជារូបដំបូង​របស់ខ្ញុំដែល​រៀន​ចេះ​កាត់​តរូបភាពនៅក្នុង Ulead Photo Express ដោយ​មាន​រូបថត​យើង​ទាំងពីរ​ឈរ​​ដូច​​គោរព​ទង់ជាតិជាមួយគ្នា និងដែលស្នាមទឹកភ្លៀង​ហូរ​​កាត់​ដូច​​គេ​​ហែក​រូប​នេះជាពីរ ភាគជ្រុងទាំងបួននៃរូប​ឡើង​រួញ​រមូរចូលគ្នា។ ខ្ញុំស្រមៃ​ឃើញនាង​ឈរ​ញញឹម​ពព្រាយ​ដៃ​កាន់​ញញួរ​ដំដែក​គោល តើនាង​ពិតជាដាច់ចិត្តទៅ​ចោល​​ខ្ញុំ​មែន​​ក៏អី?

មែនឬមិនមែនពេលនេះកន្លង​ផុត​ទៅ​ប្រាំមួយ​ឆ្នាំហើយដែលពួកយើងបែកគ្នា។ យើងមិន​ដែលបានដឹងពី​សុខ​ទុក្ខ​​គ្នាថា​យ៉ាង​ណាទេ។ តាមសមត្ថភាពខ្ញុំពេលនេះខ្ញុំអាចស្វែងរក​ដំណឹងពី​នាងបានដោយងាយ តែ​ហេតុអ្វី​ខ្ញុំ​មិនធ្វើ?

ឥឡូវខ្ញុំចូលជាមួយមិត្តភ័ក្តិបើកការិយាល័យមេធាវី ទោះជាមិនសូវមានការងារល្អៗធ្វើក៏​ដោយ​​តែយើងនៅ​មាន​ការងារ​តូចៗ​ប្រាក់កម្រៃតិចៗធ្វើជាប្រចាំដែរ។ ខ្ញុំមានការរៀបចំ​បែបផែនការងារតាមរបៀប​ក្រុមហ៊ុន​ដែលធ្វើឱ្យ​ខ្ញុំមានពេល​ទំនេរ​ខ្លះសម្រាប់កិច្ចការ​ផ្ទាល់ខ្លួន។ ខ្ញុំមានលទ្ធភាពផ្គត់ផ្គង់គ្រួសារបានសមរម្យ ខ្ញុំ​មិនចូលចិត្ត​រស់​នៅ​ជាប់លាប់ទី​ណាមួយទេ ពេល​ណាខ្ញុំអផ្សុក ខ្ញុំក៏មកគេងទីនេះដែលផ្ទះនេះ​ខ្ញុំបាន​ទិញ​ទុក​ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន។ ពេលណារវល់ការងារច្រើន ខ្ញុំ​ទៅ​នៅ​​ជាមួយ​ម្តាយនិងប្អូនៗខ្ញុំឯអូឡាំពិច។ អ្វីៗ​ក្នុង​ផ្ទះ​នេះ​រក្សាភាព​ដើម​បាន​ទាំងស្រុង ដូចជា​តុ ទូ គ្រែ កន្លែងដាំបាយ វាំងនន​​កញ្ចាស់​ខ្មៅក្រខ្វក់ ជើងម៉ា​ទាប​សម្រាប់​អង្គុយធ្វើម្ហូប…

របស់របរតូចៗជាច្រើននៅទីនេះជារបស់ដែលខ្ញុំបានធ្វើដោយផ្ទាល់ដៃ ដូចជាជើងព្យួរ​ខោអាវសម្រាប់​ហាល ប្រដាប់​​​ពាក់​មុង​ចង ជើងម៉ាអង្គុយធ្វើម្ហូប រាវដាក់ចានធ្វើពីឈើ។ មានដែកព្យួរខោអាវ មួក ខ្សែ​ក្រវាត់​ខ្លះដែល​នៅ​​សល់​ជាប់​ជញ្ជាំង​នៅ​ឡើយ ពិតមែនតែ​វា​មិនសូវស្អាត និងគ្មានគុណភាពល្អបំផុត តែពួកវា​ទាំង​នេះ​បាន​ឆ្លង​កាត់​​ពេលវេលា​លំបាកជាមួយ​ពួក​ខ្ញុំ។ ទីនេះជា​កន្លែងផ្ទាល់ខ្លួនខ្ញុំដែលខ្ញុំមិន​ដែលមានចិត្តចង់​ផ្លាស់ប្តូរវា​​ សូម្បី​បន្តិច…ជាអនុស្សាវរីយ៍តែ​មួយកន្លែងគត់​ដែល​នៅសល់សម្រាប់ខ្ញុំ…​នាងបាន​ប្រមូល​​​​ខោ​​អាវ របស់​របរ​ប្រើ​ប្រាស់​​​ផ្ទាល់​ខ្លួននាងទៅ​អស់ហើយ…​គ្មានសល់​អ្វី​សម្រាប់​ខ្ញុំ​ជា​​តំណាងរូបនាងឡើយ។ ពិតមែន​តែ​វត្ថុ​ខ្លះ​នៅ​​ទី​​នេះ​​ចាស់បាក់បែក តែខ្ញុំក៏មិនព្រម​បោះ​​ចោលវាទេ…​ព្រោះអ្វី​ទៅ?

ខ្ញុំនឹកខឹងនាងដែលចាកចេញទៅដោយមិនព្រមនិយាយអ្វីសោះ…ចេញទៅទាំងមិនទាន់​បានពោលពាក្យ​ថា ជិន​ណាយ​ចំពោះគ្នាផង។ ម្តេចយ៉ាងនេះកើត? យើងរស់នៅ​ជាមួយគ្នាជិតបីឆ្នាំហើយ រឿងរ៉ាវលំបាកៗ​ទាំង​អម្បាលម៉ាន​ក៏យើង​ធ្លាប់​ឆ្លងកាត់មក​ ហើយ​យើងចេះយោគយល់គ្នាទៀតផង ហេតុអ្វីយើងរស់នៅ​បាន​ស្រួល​ដូច​សព្វថ្ងៃហើយ​បែរ​ជាមិនអាច​ជជែក​គ្នាពីមូលហេតុដែលនាំឱ្យជីវិតគូស្រករយើងឈានទៅ​ផ្លូវបញ្ចប់​បែប​នេះ? យើងធ្លាប់សន្យាថាទោះមានរឿងអ្វីក៏​ដោយ​ក៏យើងឈរលើគោល​ការណ៍​ពិគ្រោះ​​យោបល់គ្នាជានិច្ច។

ខ្ញុំនៅចាំបានរឿងរ៉ាវនៅថ្ងៃនោះហាក់ដូចជារឿងភាពយន្តដែលបានថតជាប់ក្នុងខួរក្បាល ​យប់នោះខ្ញុំអផ្សុក ខ្ញុំ​អន្ទះ​អន្ទែង ណាមួយខឹងនាងផង ណាមួយនឹក និងបារម្ភពីនាងផង​ ទីបំផុតនៅពាក់កណ្តាលអធ្រាត្រខ្ញុំ​ក៏​ទាញ​ម៉ូតូ​ជិះទៅរកនាង​ទៀត​ តែក៏មិនហ៊ានទៅ​រំខានផ្ទះមិត្តភ័ក្តិនាង ខ្ញុំជិះទៅបឹងកេងកងខ្ញុំគិតថានាង​ទៅ​ផ្ទះម្តាយ ខ្ញុំរេរា​នៅមុខហាង​ផឹកស៊ី​របស់​គាត់​ដែល​រៀបនឹងបិទ។ មួយស្របក់ស្រាប់តែឃើញ​ម្តាយក្មេកដើរ​មករកខ្ញុំ៖

ឯងមករកអីថ្មើណេះ? មានរឿងនាំអំពល់អីទៀតហើយមែនទេ?

ម៉ាក់ ខ្ញុំមករករក្សា។ គេនៅខាងក្នុងមែនទេ?

វាអត់នៅហ្នឹងទេ។ ទៅ ! យប់អធ្រាត្រហើយ ចាំស្អែកចាំមកទៀត ទៅដេកទៅពួន​សិនទៅ ! អញបិទហាង​ហើយ។

ថាតែប៉ុណ្ណឹងគាត់ក៏ដើរចូលទៅក្នុងវិញយ៉ាងលឿនរកតែខ្ញុំនិយាយតបទៅមិនទាន់។

ត្រឡប់មកវិញ ខ្ញុំហេវពេកក៏ចូលហូបបបរសនៅកែងផ្លូវកម្ពុជាក្រោម និងផ្លូវមុនីវង្ស។ ខ្ញុំគិតថាស្អែកនេះ​ខ្ញុំ​នឹង​ដាក់​​ច្បាប់​មួយ​ថ្ងៃពីកន្លែងធ្វើការ។ ខ្ញុំមិនអាចផ្តោតអារម្មណ៍លើ​ការងារបានទៀតទេ ខួរក្បាលខ្ញុំគិត​តែ​អំពី​នាង៖ ពេលនេះនាង​នៅ​ឯណា? ចូលគេង​ឬ​នៅ? ញ៉ាំបាយហើយនៅ? ក្អួតរួចមានញ៉ាំថ្នាំដែរអត់? អស់​ថ្នាំ​ហើយ​នៅ?

កំពុងតែអង្គុយហូបបបរ​សនឹងសាច់គោងៀតអាំងស្តើងហៀជាមួយជ្រក់ស្ពៃជូរប្រឡាក់​ម្ទេស​ដែល​អ្នកលក់​ទើប​ដាក់​ឱ្យ ខ្ញុំ​ក្រឡេក​ឃើញប្រពន្ធខ្ញុំនៅក្នុងឡាន​ជាមួយបុរស​ម្នាក់​សើច​ឡើងលឹបភ្នែក។ ឡាននោះ​បត់​ពី​ផ្លូវ​ព្រះ​មុនីវង្ស​ហួស​ទៅតាម​ផ្លូវ​​កម្ពុជា​ក្រោម​យ៉ាង​លឿន។​ គ្រាន់តែបានឃើញ​នាង​ភ្លាម​​ខ្ញុំអរណាស់តែ​ឡានបរ​លឿន​ពេក​ទោះខ្ញុំបក់ដៃ​ហៅ​ក៏មិន​ទាន់​ ខ្ញុំហាក់មិនជឿខ្លួនឯងថានាងនៅជាមួយអ្នកផ្សេង ខ្ញុំកើត​ខឹង​ប្រចណ្ឌ​នឹង​នាង​ដែល​នៅជាមួយប្រុសម្នាក់នោះ។ ខ្ញុំគិតថា​បើ​វា​ជាការពិតដែលមានមនុស្សទីបី​មក​​ប្រជែង ខ្ញុំ​មិន​ត្រូវ​ការ​​ដណ្តើម​​ជាមួយ​គេទេ ព្រោះវានាំខាត​ពេលទាំងខ្ញុំទាំងគេ។ ខ្ញុំ​មិនបានបង្ខាំងនាងទុក​ទេ ​បើនាង​អស់​ចិត្ត​ពី​ស្នេហ៍​​ជាមួយ​ខ្ញុំ​យើងអាចបែកគ្នាបានតាម​សម្រួល សុំឱ្យគ្រាន់តែនិយាយ​គ្នា​ច្បាស់​លាស់ចុះ។

ឡើងមកដល់លើផ្ទះវិញ ខ្ញុំក៏ធ្វើលិខិតលែងលះស្របច្បាប់ចំនួនពីរដើម្បីឱ្យនាងស៊ីញ៉េ​ថ្ងៃស្អែកបើសិន​យើង​​​និយាយ​គ្នា​ដាច់​ស្រេច​យើងនឹងលែងលះគ្នាភ្លាម។ ខ្ញុំជាមេធាវីស្រាប់​ក៏ងាយចំពោះការណ៍នេះណាស់ ខ្ញុំថ្នឹក​ទៅ​ហើយ​ក្នុងការធ្វើ​លិខិត​លែងលះឱ្យអតិថិជន​ដែល​មកកាន់ការិយាល័យមេធាវីរបស់អង្គការខ្ញុំ។ ស៊ីញ៉េរួច​ខ្ញុំក៏​ច្រក​ស្រោមយ៉ាងស្អាត​ដាក់​ក្នុង​សម្ពៀតគិតថាស្អែកនឹងទៅផ្ទះឳពុកម្តាយនាង និងទូរស័ព្ទ​រក​នាង​មក​និយាយ​​គ្នា។

ព្រឹកព្រលឹមឡើង ខ្ញុំទៅគោះទ្វារផ្ទះម៉ែក្មេកខ្ញុំទាំងដែលគេមិនទាន់ភ្ញាក់ ព្រោះគ្រួសារគាត់​រកស៊ីបើកហាង​អាហារ​ពេល​យប់។ ពួកគាត់និយាយមករកខ្ញុំដូចជាគាំទ្រឱ្យយើងបែកគ្នា​ណាមួយ​ទូរស័ព្ទរកនាង​មិនចូល​ទេ។ ស្តាប់​សម្តីពួកគាត់ផង ខឹង​​នាង​ផង ខ្ញុំសម្រេចថានាង​ចុះចោលខ្ញុំហើយ រឿងយើងក៏ចប់ហើយ​ដែរ​អារឿង​ស្នេហា​ក្នុងក្តីស្រមៃហ្នឹង ព្រោះគ្មាន​នរណា​​គេ​គាំទ្រពួកយើងទេតាំងពីដើមរហូតដល់ពេលនេះ។

ទ្វារផ្ទះដែលធ្លាប់តែគោះរាល់ពេលត្រឡប់ពីធ្វើការ ពេលនេះត្រូវចាក់សោដោយខ្លួនឯង​ទើប​អាចចូលបាន​ព្រោះ​​លែង​មាន​អ្នក​នៅចាំបើកឱ្យដូចមុនទៀតហើយ។ ខ្ញុំចេះតែគិតថា​តើខ្ញុំខុសអ្វី បានស្រីសុំលែង? មួយ​លាន​ដង​​ដែលខ្ញុំសួរ​សំណួរ​នេះ​តែ​មួយលានដង​ដូច​គ្នា​ដែលគ្មាននរណាឆ្លើយសំណួររបស់ខ្ញុំ…

នាងទុកខ្ញុំជាអ្វី? ជាសង្សារ ឬជាសត្រូវ?សូម្បីកំហុសរបស់ខ្ញុំក៏នាងមិនព្រមប្រាប់ឱ្យដឹង​ខ្ញុំគិតថាបើ​នាង​ប្រាប់​ខ្ញុំ​តែ​​មួយ​ម៉ាត់​​នោះខ្ញុំនឹងកែប្រែតាមនាងភ្លាម ព្រោះខ្ញុំស្រឡាញ់​នាង​ជាទីបំផុត។ តាំងពីនាង​បោះបង់​ខ្ញុំចោល​ខ្ញុំ​ខូច​​ចិត្ត​ដើរតែ​ផឹក​ស្រា​​តាមបារតាមតៀមបាយ​ជាងប្រាំឆ្នាំ ​តែមិនព្រមឱ្យស្នេហា​ជិះជាន់ជីវិត​ខ្ញុំ​ទៀតទេ។ ខ្ញុំ​ងើប​ឈរ​តស៊ូជម្នះដើម្បីរស់ ហើយ​ក៏​បាន​រស់តាមសមរម្យដូចសព្វថ្ងៃ ខ្ញុំនៅតែគិតថា​ថ្ងៃណា​មួយ​យើង​ប្រហែល​ជា​​អាច​បានជួបគ្នា ចុះបើពេលនោះ​ខ្ញុំ​ក្រ​តោកយ៉ាករខេករខាក តើនាងនឹងសង្វេគ​ខ្ញុំ​ប៉ុណ្ណា​ទៅ?

បងស្រឡាញ់អូនអត់?

ស្រឡាញ់…ស្រឡាញ់អូនខ្លាំងណាស់ទើបព្រមរស់នៅជាមួយអូនបែបនេះ!

រស់យ៉ាងម៉េច?

ព្រមនៅផ្ទះជួល…ខ្ទមស័ង្កសី…​ឋានសួគ៌បួនជាន់ជាមួយគ្នា…​ពេលខែប្រាំងក្តៅ​ស្ទើរ​បែក​​លលាដ៍​ហ្នឹងណា… (នាង​​សើច​រលាក់ព្រោះពេលនោះកំពុងបែកញើសសស្រាក់​ដោយសារចំហាយក្តៅពីថ្ងៃ​ដែលងំលើ​កម្រាល​ស៊ីម៉ង់ត៍​ភាយមកនៅ​ពេល​រសៀល)។

ហ៍? ឋានសួគ៌បួនជាន់…

ផ្ទះយើងជាន់ទីបួនណា! ឡើងជណ្តើរម្តងៗចង់ធ្លាក់អណ្តាត។ អូនគិតទៅមើល៍ យើង​ស្រឡាញ់​គ្នាម្ល៉ឹងៗ​តើ​ទៅ​ថ្ងៃ​មុខ​យើង​​អាចបែកគ្នាដែរទេ?

ប្រាកដជាអាចបើសិនបងធ្វើបាបអូន…ដូចជាទៅមានស្រីផ្សេង…ដើរចោលផ្ទះ…។ល។

គ្មានថ្ងៃដែលបងធ្វើបែបហ្នឹងទេហ៍…

អូនចាំតែមើលទេ! បើសិនចឹងមែនអូននឹងធ្វើបាបចិត្តបងវិញ។

អូនក៏មិនអាចធ្វើបាបបងបានដែរ !

ពេលនេះនាងធ្វើបាបខ្ញុំបានហើយ។ បើអាចជួបនាងម្តងទៀតខ្ញុំមានសំណួរតែមួយទេ​ដែលចង់បញ្ជាក់​នឹង​នាង​ថា៖ នេះ​ឬស្នេហាដែលអូនប្រាថ្នាចង់បានជីវិតជាគូស្រករ? ពីមុនមកអូនតែងនិយាយថា​យើង​ស្រឡាញ់​គ្នាត្រូវ​តែ​រស់នៅ​ជាមួយ​គ្នា តស៊ូក្នុងជីវិតឆ្លង​កាត់ដំណាក់កាលលំបាក និងរីករាយជាមួយ​គ្នា​នោះ​ស្នេហាយើង​នឹង​រឹង​មាំ​ឡើង ដើម្បី​អាចធ្វើបែប​នេះ​បាន​យើងត្រូវតែជាប្តីប្រពន្ធដែលត្រៀម​ខ្លួននឹង​មាន​ជីវិត​ជាគ្រួសារពេញ​លេញ​មិន​ដូចពីមុនគ្រាន់ជាសង្សារនឹងគ្នា​នោះ​​ទេ។

បងហ្អា ! ផ្ទះយើងក្តៅខ្លាំងណាស់ ពេលថ្ងៃអូនទ្រាំនៅធ្វើការមិនបានទេ បែកញើស​ជោក​​អាវហើយបើ​អូន​ជ្រលក់​​ក្រណាត់​​ទទូរលើក្បាល មិនបានមួយស្របក់ផងក្រណាត់​នោះស្ងួតដូចគេហាលថ្ងៃចឹង។​ បងជួយ​ធ្វើ​ម៉េច​​កុំ​ឱ្យសូវក្តៅ​ពេក​ដើម្បីអូនអាចឆ្លៀត​ធ្វើការ​​បានខ្លះ… កើតទេ?

បាទ ថ្ងៃសៅរ៍នេះបងនឹងប្រក់ក្តារថែមមួយជាន់ទៀត។

រាល់ពេលចុះទៅខេត្ត ខ្ញុំតែងសន្សំក្តារបន្ទះម្តងមួយសន្លឹកពីរមកផ្ទះព្រោះខ្ញុំគ្រោង​ថា​ប្រក់​ក្តារទទឹងពីលើ​កន្លែង​គេង និង​កន្លែង​ធ្វើការរបស់នាងផងដែរ។ ខ្ញុំក៏ចង់ជួស​​បង្កង់​ដំបូល​ផ្ទះនេះដែលជិតពុកផុយ​ដោយ​សារ​មេស៊ី​ដោយ​​អន្លើ​ហុយ​កម្ទេច​ធ្លាក់ចូល​ចាន​សម្ល​​រាល់​តែ​ថ្ងៃ​ទោះខ្ញុំចាក់ប្រេងម៉ាស៊ីន​ហើយក៏​មិនព្រម​បាត់ ខ្ញុំ​ក៏​ទៅ​​និយាយ​​ជាមួយ​ម្ចាស់​ផ្ទះពី​រឿងជួស​ក្តារ​បង្កង់នេះ គាត់ជួយប្រាក់សែសិបម៉ឺនរៀលមកទៀត ។

ពេលត្រឡប់មកពីខេត្តល្ងាចថ្ងៃព្រហស្បតិ៍ ខ្ញុំក៏ទាក់ទងជាងសំណង់ដែលទើបបង្ហើយការងារនៅក្បែរនោះ​ដើម្បី​ជួយ​ធ្វើ​ដំបូល​ផ្ទះខ្ញុំនៅថ្ងៃសៅរ៍។ ក្រោយនិយាយថ្លៃគ្នា​ត្រូវ​ហើយ ខ្ញុំទៅ​និយាយ​តថ្លៃទិញ​បង្កង់​ម្ភៃ​ប្រាំ​បីដើម និង​ដែក​គោលខ្លះ ដឹកមក​ដាក់​ខាង​ក្រោម​ផ្ញើនឹង​ចែម្ចាស់​ផ្ទះ។ យប់ថ្ងៃព្រហស្បតិ៍​និងថ្ងៃសុក្រ ខ្ញុំបាន​ទិញថ្នាំកំប៉ុង​មក​លាប​ការពារ​មេស៊ី​បង្កង់​​ទៀត។ នាងជាអ្នកធ្វើម្ហូបពេលល្ងាច ខ្ញុំស្រែកច្រៀងបណ្តើរ​ធ្វើ​ការងារនេះបណ្តើរ ខ្ញុំសប្បាយចិត្តណាស់ដែលពួក​យើងមិនចំណាយពេលជិះម៉ូតូស្រូប​ធូលីដីនៅ​តាម​មាត់​ទន្លេ និងមានពេល​មក​ធ្វើការងារផ្ទះដូចគេ។​ ​ព្រឹកព្រលឹមថ្ងៃសៅរ៍​ខ្ញុំ​រូតរះឡើងទៅលើដំបូលមើល​ស្ថានភាព​ម្តងទៀត រួចសាកដក​ដែក​គោល​និងស័ង្កសីខ្លះចេញមក ដោយ​សារស័ង្កសីនេះ​ទើប​តែប្រក់បានជាង​ប្រាំខែ​ខ្ញុំឃើញថាវានៅប្រើការបាន​ច្រើន។​ ខ្ញុំចុះទៅរកស័ង្កសីបន្ថែមខ្លះ​​សម្រាប់​​ជួសត្រង់ណាដែល​ធ្លុះធ្លាយ។ ខ្ញុំ​ឡើង​មក​ខាងលើផ្ទះ ខ្ញុំផ្តាំនាងឱ្យ​ធ្វើ​​បង្អែមទុក​ឱ្យ​ច្រើន​សម្រាប់​ជាងមកជួយ​ការងារ​ខ្ញុំផង​ នាងរៀបចំ​បបរ​ឱ្យ​ខ្ញុំ​ញ៉ាំរួចក៏ចុះទៅផ្សារបាត់ទៅ។ មុន​ពេល​ឡើងទៅដក​ដែក​គោល​ និង​ស័ង្កសី ខ្ញុំជញ្ជូន​របស់​របរខ្លះដែល​អាច​បាក់បែក​ទុក​​តែតុទូកៅអី​ដើម្បី​ងាយ​ស្រួល​​ហុចអីវ៉ាន់ ទៅដាក់ផ្ទះខាង​ក្រោយ​ត្រួតគ្នារួច​ចាក់សោ​ទុក​ដាក់​ស្រួល​បួល​ល្មមតែ​មិន​ទើស​​​ទែងនាង​ធ្វើ​ម្ហូប និង​ការជញ្ជូនរបស់របររបស់ខ្ញុំ។ ពួកអ្នកមកជួយ​ក៏មក​ដល់​ល្មម ចាប់ធ្វើការមិនបង្អង់ គេឡើង​ទៅ​ដក​ដែក​គោល​និងស័ង្កសីផ្នែក​ខាង​មុខទុក​មួយដុំ និង​ចាប់គាស់បង្កង់​​ចាស់​បន្ត​បន្ទាប់​ជួស​​ដោយ​បង្កង់ថ្មី​ វាយ​ស័ង្កសី​​ដាក់​វិញ​។ ព្រឹក​នោះ​យើង​ធ្វើរួចផ្នែកខាងមុខ។ នាងធ្វើម្ហូបរួច​ក៏​ហៅ​​ជាងទាំងបី​មកបាយ​ជុំ​គ្នា។​ រួច​បាយ​ជាង​​ក៏ឡើងទៅ​ដក​បន្ត​​ផ្នែកខាងក្រោយ ខ្ញុំយកបង្កង់បីដើមមក​គង​ពី​លើ​ជញ្ជាំងបន្ទប់ទឹក និងជញ្ជាំងខាង​មុខ​ផ្ទះ​ដែលមាន​ប្រវែង​ប្រហែល​​ជាង​បួនម៉ែត្រ​ដើម្បីដាក់បន្ទះក្តារ​ប្រក់​ពី​លើ​ការពារកម្តៅសម្រាប់កន្លែងនាងធ្វើការ។ ជាង​ញាប់​ដៃ​ធ្វើ​ការ​​របស់គេ ខ្ញុំក៏​ជួយ​ជញ្ជូន​​របស់​របរ​ដែល​នៅ​ខាង​ក្រោយមកដាក់ខាងមុខបណ្តើរៗ នាងក៏​ជួយ​ខ្ញុំរៀបចំដែរ។ នាង​​ជូត​​​សម្អាត​ រៀបរបស់របរ​ដាក់​​តាម​កន្លែង​ចាស់​ ឱ្យខ្ញុំជួយរុញរៀបតុ និងម៉ាស៊ីនដេរ ខ្ញុំឆ្លៀត​យក​​ក្តារដែល​សន្សំ​​បាន​មក​តម្រៀប​គ្នា​លើ​កន្លែង​នាង​​ធ្វើ​ការ​​មុន ព្រោះកន្លែងគេងមិនសូវ​ជាចាំបាច់​ទេដោយ​សារ​ភាគច្រើន​ពួក​​យើងគេង​នៅ​ពេល​​យប់។ ក្រោយ​ពេល​រៀប​ក្តារ​ ខ្ញុំ​យករបស់​ស្រាលៗ​ដូចជាសម្បក​ឡាំង​ក្រដាស​មកដាក់​ពី​លើ​ក្តារធ្នើ ចៀសវាងការ​​ពង្រាយ​​របស់​របរ។

ថ្ងៃស្អែកគឺជាថ្ងៃខួបកំណើតនាង។ ព្រឹកព្រលឹមដែលយើងបើកភ្នែក ខ្ញុំនិយាយពាក្យ​ជូន​ពរ​ខួបកំណើតនាង៖

Happy Birthday to you! ជូនពរថ្ងៃខួបកំណើត ! សូមឱ្យអូនប្រកបដោយសេចក្តីសុខ ចម្រើន និងមាន​សុខភាព​​​ល្អណា !

អរគុណបង !

នាងថើបខ្ញុំមួយខ្សឺតអមជាមួយពាក្យអរគុណ។

តែ…បង…គ្មានប្រាក់នាំអូនទៅណាទេ ព្រោះបងចំណាយជួសដំបូលផ្ទះអស់ហើយ។

អរគុណបងដែលបានធ្វើដំបូល…វាត្រជាក់ជាងមុនបន្តិច… ហើយក៏អរគុណដែលបង​ស្រឡាញ់អូន។ ឆ្នាំ​នេះ​អូន​ប៉ាវ​បង​ម្តង !

យ៉េហ៍…! (ខ្ញុំស្រែកដោយអំណរដោយសារតែចង់សប្បាយ តាមពិតទៅពួកយើងនៅ​ក្មេងណាស់ នៅមិន​ទាន់​ដឹង​​ពីជីវិត​យ៉ាង​ម៉េចទេ ក៏ចេះតែនាំគ្នានៅជាមួយគ្នាដោយគិត​ស្មានថាការកសាងគ្រួសារ​ប្តីប្រពន្ធ​នេះ​វាងាយ​ដូច​​មាត់យើងនិយាយ​ចឹង)។

ក្រោកពីគេងឡើងយើងឌុបគ្នាទៅលេងអំពែភ្នំ នៅខេត្តកំពង់ស្ពឺ មួយថ្ងៃយ៉ាងសប្បាយចិត្ត។

ពេលទៅធ្វើការតាមខេត្ត នាងទូរស័ព្ទទៅ​ប្រាប់ថាផ្ទះយើងមានទឹកភ្លៀងស្រក់តាមដំបូល ខ្ញុំដឹងភ្លាម​ថាមក​ពី​​ដែក​គោល​និង​ជ័រទ្រនាប់ចាស់ណាស់ទៅហើយ ណាមួយយើងបាន​ដកវាមកម្តងចឹងវា​មានសល់​ប្រហោង​ខ្លះ នេះ​មកពីខ្ញុំរិះ​ពេក​ដែល​មិនព្រមដូរទ្រនាប់ជ័រ​ឱ្យហើយធ្វើឱ្យនាងត្រូវលំបាកពេល​នៅម្នាក់​ឯង។ ហ៊ឺ…ខ្ញុំអើយ…

ថ្ងៃសុក្រ គ្រាន់តែមកដល់ផ្ទះភ្លាម ខ្ញុំទៅទិញដែកគោលនិងទ្រនាប់ជ័រ បង្ហូរសាំងដាក់​កំប៉ុង និងកាច់ស្នោ​ដែល​ទ្រាប់​​​ម៉ាញ៉េ​យើង​ជ្រលក់ក្នុងកំប៉ុង។ ព្រឹកឡើងខ្ញុំឡើងដកវា​ជំនួស​ថ្មី​ភ្លាមឱ្យទាន់ចិត្ត ប៉ះប៉ូវកន្លែងដែល​មាន​ប្រហោង និងឆ្លៀត​រក​មើល​ស័ង្កសី​ចាស់​កាត់​ត​គ្របលើគ្នាកុំឱ្យទឹកភ្លៀងស្រក់ចូលផ្ទះទាន់នៅព្រឹក ព្រោះ​​ថា​តែ​​ពេលរសៀលឬ​ល្ងាច​​នៅ​ភ្នំពេញ​ច្រើន​តែភ្លៀង។ គ្រាន់តែរួចការងារភ្លាមភ្លៀងធ្លាក់មកល្មម។

នាងសប្បាយចិត្តណាស់ពេលឯងនៅផ្ទះ។ នេះជាសម្តីរបស់អ្នកស្នាក់នៅជាប់ផ្ទះ​យើង។ ខ្ញុំឯណេះកាលបើ​បានឮ​បែប​នោះ​ក៏តាំងក្រអឺតឬកភ្លាមព្រោះមានអ្នកសរសើរនៅ​ចំពោះ​មុខនាងហើយនាង​មិនបាន​បដិសេធ។

សប្បាយចិត្តបានប្រយោជន៍អី បើនាងបានទុកខ្ញុំដូចជាអាវែកទៅហើយហ្នឹង!

ខ្ញុំបិទសៀវភៅកំណត់ហេតុទុកព្រោះម៉ោងមួយយប់ហើយ។

ស្អែកនេះដើរលេងឱ្យត្រជាក់ចិត្តម្តង។

ព្រឹកឡើងខ្ញុំភ្ញាក់ពីព្រលឹម ស្អិតស្អាងខ្លួនហើយក៏ទាញសោឡានបើកទៅលេងកោះដាច់ ខ្ញុំនិងនាងចូលចិត្ត​ទឹក​ណាស់ ព្រោះ​ខ្ញុំអាចស្ទូចត្រីកំសាន្ត ឯនាងអាចងូតទឹកលេងបាន​យ៉ាងសប្បាយចិត្ត។ ដេកលេង​លើ​អង្រឹង​ក្នុង​តូប​ជួលដែលសង់​ជាប់​មាត់ទឹក ខ្ញុំសម្លឹង​មើលស្រីៗងូតទឹកលេងលើផ្នូកខ្សាច់​ក្រោមភាពងងឹត​បន្លប់របស់​វ៉ែនតា​រ៉ៃបាន់ដើម្បីកុំឱ្យ​ពួក​នាង​ចាប់​ថ្នាក់បាន។

ផ្ទៃទឹកល្ហល្ហេវនៃទន្លេមេគង្គ ជាមួយនឹងអាកាសធាតុក្តៅហែងកណ្តាលថ្ងៃត្រង់ មនុស្ស​ម្នា​កាន់តែច្រើន​ឡើងៗ​​មក​កំសាន្ត​នៅទីនេះ។ ក្រោយទទួលទានបាយថ្ងៃត្រង់សរុបជាមួយ​អាហារពេលព្រឹកហើយ ខ្ញុំក៏​ដេក​លក់​មួយ​ស្របក់​ក្នុងអង្រឹង តែ​ភ្ញាក់​ពេលឮសម្លេងដូច​ជាធ្លាប់ស្គាល់ ក៏ស្រវាងើប​រកមើល​ប្រភព​សម្លេង​នោះ។ ហ្អា! គឺ​មិត្ត​​របស់​ប្រពន្ធខ្ញុំតើ!

ពិភពលោកនេះពិតជាមូលមែនហ្ន យើងមិនដែលបានជួបគ្នាជាយូរហើយទើបតែពេល​នេះបានឃើញក៏​សង្កេត​ថា​មាន​ប្លែក​ច្រើន។ រចនាជាមិត្តដែលស្និទ្ធនឹងរក្សាជាងគេទាំង​អស់ក្នុងចំណោមមិត្តដែលនាងមាន។ ពីរនាក់​ហ្នឹងគេហៅគ្នា​ស្និទ្ធ​ស្នាល​ណាស់ អាសា-អាណា…

«យប់នេះ អូនសុំទៅគេងផ្ទះអាណាហើយបង ព្រោះម៉ាក់វាទៅបុណ្យនៅ​ឯ​ស្រុក» ​«រួច​ម៉េចមិននាំគេមក​គេង​ផ្ទះ​យើង​ទៅ?» «បងឯងឆ្កួតទេអី? (នាងនិយាយទាំង​ញញឹម​ខ្ជឹប) វិមានយើងជាវិមានផ្ទាល់ខ្លួន មិនឱ្យ​នាំអ្នក​ណាមកគេង​ទីនេះ​​ដាច់​ខាត! ស្តាប់បាន​ទេ? សូម្បីមិត្តភ័ក្តិបង!»…«ហស់ៗៗ វិមាន? ផ្ទះអ្នកស្រុក​ដែល​ក្រ​ជាង​គេ​នៅ​តាម​ជនបទ​ក៏​គ្រាន់​បើជាងខ្ទមយើងនេះដែរៗ លេចទឹកភ្លៀងគ្រប់កន្លែងហ្នឹង?» ​«តែអូន​ទុក​​ថា​ជា​វិមាន​គឺ​វិមាន​ហើយ…តែហាមណា? កុំឱ្យ​នរណាមកឃើញកន្លែង​គេង​យើង» ​​​«ម៉េច?» «អៀន!»…

ខ្ញុំប្រុងនឹងចូលទៅរាក់ទាក់គួរសមរកនាងនិង​គ្រួសារ​នាង​ដែល​មានកូនតូចៗបីនាក់ តែ​ពេលនាងក្រឡេក​ឃើញ​ខ្ញុំញញឹម​ដាក់នាង​បែរជា​សម្លក់​តប​វិញស្ទើរស៊ីសាច់ ខ្ញុំក៏ខ្ជិល​ទៅ​រួចប្រះដេកវិញលើអង្រឹងដដែល​ ​នឹក​ថាបែបគេ​មិន​សូវ​ចូល​ចិត្ត​ខ្ញុំ​ក៏​មិនដឹង ណ្ហើយ​មនុស្សយើងមិនអាចតម្រូវចិត្តគេគ្រប់គ្នា​បានទាំងអស់​ទេ​​សូម​កុំ​តែ​រំខាន​ចិត្ត​គ្នា​ទៅ​បាន​ហើយ គេ​មុខ​តែ​មិន​និយាយរកខ្ញុំទេបើខ្ញុំ​ចចេសចូល​ទៅ​ចៅរ៉ៅរាក់ទាក់​រក​នោះ ហើយ​​​ខ្ញុំ​ក៏​​មុខ​​ជាត្រូវ​គេគិតថាចង់មកសួរ​ដំណឹង​ប្រពន្ធ​ខ្ញុំ​ផង​មិន​ដឹង។

ទៅចង់ដឹងធ្វើអី មនុស្សដែលដាច់ចិត្តទៅចោលយើង? ព្រោះគេអស់ស្រឡាញ់យើង​ហើយបានជាគេ​ធ្វើ​របៀប​នេះ​ដាក់​យើង ព្រោះតែគេមិន​ខ្វល់ពីយើងថាស្លាប់រស់​យ៉ាង​ណា​បាន​ជាគេមិនព្រមត្រឡប់មកវិញ។ ខ្ញុំធ្លាប់​ឃើញ​​ច្រើន​ហើយពេល​គេ​មកពឹង​អង្គការ​ឱ្យជួយការពារក្តីឱ្យនោះ ពេលនោះរឿងហែកហួរគ្នាក៏មាន​​ហូរហៀរ​សរសេរក្នុង​កំណត់​ហេតុ​មិនអស់ កាល​ទើបស្រឡាញ់ឬនៅស្រឡាញ់គ្នាល្អូកល្អឺន​ផ្អែមល្ហែម​កម្រិត​ណា​ស្មានខ្ញុំ​​មិនដឹងហេះ? ឈប់ខ្វល់!!!…

បានអីឈប់គិត ឈប់ខ្វល់កើត បើពេលនេះសម្តីរបស់ម្តាយក្មេកខ្ញុំក៏ចាប់លាន់ឮពេញ​ត្រចៀក… ថ្ងៃដែលខ្ញុំ​គិត​ថា​នឹង​ទៅ​និយាយ​ជាមួយនាងឯផ្ទះម្តាយក្មេក តែទូរស័ព្ទរកនាងមិន​ចូល៖

ឯងឈប់តាមរកវាទៅ បើវាចង់ជួបឯងវាក៏ស្គាល់ផ្ទះតើ! មុខជាវាមិនចង់ជួបឯងទេបាន​ជា​​ទៅ​ស្រុកចិនមិន​ប្រាប់​ឯង​ឱ្យ​ដឹង​នោះ។ នេះជាជម្រើសរបស់ពួកឯង​ដែលតាំង​ពីដើម​មក​យើងមិនដែលលូកលាន់ទេ។ តែ​ពេលនេះ​ឯង​​​ត្រឡប់ទៅ​ធ្វើការ​ធ្វើងារទៅ ហើយ​ឈប់​តាមរកវាទៀត។ សាងជីវិតថ្មីឡើងកូន! ឯងនៅក្មេង​ណាស់ អនាគត​​នៅវែងឆ្ងាយ គួរតែ​បំភ្លេច​រឿងនេះចុះ! គួរគិតថានិស្ស័យពួកឯងមានត្រឹមប៉ុណ្ណេះ ធ្វើម៉េច​បើ​នេះ​គឺជា​កម្ម!

ខ្ញុំបត់ក្បាលចេញពីផ្ទះគាត់មកវិញដោយគ្មានពាក្យឆ្លើយតប។ អ្វីៗកើតឡើង​តែក្នុង​មួយ​ប៉ប្រិចភ្នែក​ហាក់​​ដូច​ជា​​​យល់សប្ត…​ឬមួយខ្ញុំកំពុងតែយល់សប្ត?…

ទើបតែរម្លឹកទៅក៏នឹកថាម្តាយក្មេកខ្ញុំទន់ភ្លន់ដាក់ខ្ញុំដែរតើ! គាត់មិនដែលហៅខ្ញុំថាកូនទេ​ព្រោះពួកខ្ញុំ​ស្រឡាញ់​គ្នា​គឺជាក្តី​អាម៉ាស់របស់គ្រួសារគាត់ គាត់យល់ថាពួកយើងក្មេងៗស្រឡាញ់គ្នាយក​គ្នាជាប្តីប្រពន្ធ​ដោយ​ចិត្ត​ឯង​ចាស់​ទុំមិនបាន​នៅ​អង្គុយក្បាល​កន្ទេល មិនបានបំពេញ​កិត្តិយសឳពុកម្តាយ។ល។ តែពេល​​មាន​​បញ្ហា​គាត់​បែរ​ជាបន្ទន់សម្តី និងនិយាយលួង​លោមខ្ញុំមិនឱ្យគិតច្រើន។

បើសិនអាចទាញពេលវេលាថយក្រោយបាន ប៉ា-ម៉ាក់ ខ្ញុំនឹងចូលស្តីដណ្តឹងនាង គ្រាន់តែ​ខ្ញុំក៏សុំចិត្តលោក​​ទាំង​​ពីរ​​ដែរ​កុំឱ្យ​បដិសេធ​ខ្ញុំដូចជាពេលមុនទៀត ខ្ញុំជាមនុស្សម្នាក់ដែរ ទោះ​ខ្ញុំមានអាយុប្អូននាង​ក៏ខ្ញុំ​ស្រឡាញ់​នាង ទោះកាលណោះខ្ញុំមិន​សូវ​រកប្រាក់បាន​ច្រើន​តែបើឱ្យពួកខ្ញុំរស់នៅជាមួយ​គ្នាក៏ពួកខ្ញុំអាច​​រស់​បាន​គ្រាន់​តែ​ត្រូវ​​ឆ្លង​កាត់​ការលំបាក​បន្តិចប៉ុណ្ណោះ។ បើសិនជាប៉ា-ម៉ាក់ព្រមឱ្យពួកខ្ញុំស្រឡាញ់គ្នានោះ ពួក​​ខ្ញុំ​មិន​​ចង់​​រស់​​នៅ​ជាមួយគ្នាដោយគ្មានការគាំទ្រពីឪពុកម្តាយនោះទេ ព្រោះ…ដូចជា…តែលតោល​ណាស់​​ត្រូវរ​ស់​​ដោយ​​ខ្លួន​ឯង ពេល​ធ្វើអ្វីគិតអ្វីក៏ត្រូវគិតតែពីរនាក់ ពេលខុសក៏តែពីរនាក់គ្មាន​នរណាជួយ​​គិត​គ្នា​ឱ្យ​បាន​ប្រសើរ​ជាង​នរណា​ទេ។

នឹកដល់គាត់ខ្ញុំក៏ទាញសោឡាន ទូរទាត់ប្រាក់ឱ្យគេហើយ នឹកថាឆ្លៀតចូលទៅលេងពួក​គាត់នៅបឹង​កេងកង​បន្តិច។ មក​ដល់​ភ្នំពេញ ពេលបរឡានកាត់តាមផ្សារចាស់ខ្ញុំ​ក៏​ចូល​ទិញ​ផ្លែទុរេន និងមង្ឃុតជាច្រើន​យក​ទៅ​ជូន​​គាត់។ ម្តាយក្មេកខ្ញុំ​ធ្លាប់​ចូលចិត្តពិសាទុរេន​ណាស់ ឪពុកក្មេកខ្ញុំចូលចិត្តពិសាមង្ឃុត នេះ​បើ​​តាម​​ការ​ចង​ចាំ​​របស់​​ខ្ញុំ។

ខ្ញុំចង់ភ្លេចផ្ទះម៉ែក្មេក ព្រោះខានមកលេងយូរហើយ។ បរឡានសារចុះសារឡើង ក៏ស្រាប់​តែឃើញគ្រួសារ​គាត់​កំពុង​​តែរើ​អីវ៉ាន់​ចេញពីឡានដូចទើបមកពីដើរកំសាន្ត។ សំណាង​ហើយបានជួបគាត់នៅខាងក្រៅផ្ទះ ព្រោះខ្ញុំ​ចំណាំ​ផ្ទះគាត់​អត់​បាន​ទេ បាត់ឈ្មោះហាង​ផឹកស៊ីទៅហើយ។

គ្រាន់តែឃើញខ្ញុំ គាត់ស្រែកសួរសុខទុក្ខពីចម្ងាយដោយលាន់មាត់ភ្ញាក់ផ្អើល!

អើវ៉ី! មិនដែលបានឃើញឯងបួនដប់ឆ្នាំហើយ តើសុខសប្បាយទេអី?

ជម្រាបសួរ ប៉ា ម៉ាក់ ម៉ាក់ធំ!

ឪក្មេកខ្ញុំ៖ អើ…ចូលមក៍!… (រួចគាត់ក៏លើកធុងទឹកកកចូលទៅក្នុងបាត់ទៅ)

មា្តយធំប្រពន្ធខ្ញុំ៖ លើកដៃថ្វាយព្រះ! រួចនឹកឃើញយ៉ាងម៉េចបានអើតក្បាលមក?

គាត់ក៏ដឹកដៃចៅៗចូលទៅខាងក្នុងផ្ទះទៅ។ ម្តាយក្មេកខ្ញុំ និងចាស់ៗ ពួកគាត់ពិត​ជា…​ចាស់ៗ​អស់ហើយ​ខុស​ពីមុន​ដែល​នៅ​មានកម្លាំងស្រែកជំទាលជេរខ្ញុំ។ ម្តាយក្មេកខ្ញុំ​នាំ​ផ្លូវចូលទៅរកកៅអីអង្គុយនៅ​សាឡុង​ទទួល​ភ្ញៀវ។ ខ្ញុំយកផ្លែឈើដែល​បានទិញមក​ជូន​ទៅគាត់ គាត់ក៏យួរចូលទៅក្នុង។ បានឱកាសខ្ញុំលួច​ក្រឡេកមើល! ក្នុងផ្ទះនេះបានផ្លាស់​ប្តូរ​ច្រើន… រូប​ថត​ប្រពន្ធខ្ញុំដាក់តាំងនៅជិតរូបយាយទួតរបស់នាង នាងមើលទៅនៅតែ​ស្អាត​​ដដែល​​ក្នុងចិត្តខ្ញុំគិតថា ពួកគាត់ចាស់ៗ​ហើយ ប្រពន្ធខ្ញុំក៏មុខជាចាស់ដែរហើយ មុខជាមាន​គ្រួសារមាន​កូន​មានចៅ បែបប្រហែលមិននៅជុំគ្នាក្នុងផ្ទះនេះទេ។ ខ្ញុំ​ឆ្លៀត​​សម្លឹង​រំពៃរក​មើល​រូបថតនាងថ្មីៗទៀតដែរ តែមិន​ឃើញ​មានច្រើនសោះ មានតែរូប​ឈរ​ថត​តែឯង​នៅ​បរទេស​ធ្លាក់​ទឹក​កក​សក្បុស នាងពាក់មួករោមសត្វ និងអាវ​រងា​​ពណ៌​ក្រមៅ​ស្អាតណាស់! នាងនៅតែគួរឱ្យស្រឡាញ់ដដែល ញញឹម​យ៉ាង​ស្អាតដាក់កាមេរ៉ា។ គ្រាន់តែ​គិត​ដល់​នាងដែលញញឹមដាក់កាមេរ៉ា​ខ្ញុំមានអារម្មណ៍​មិននឹងន​រ​ភ្លាម។ នរណាជាអ្នកថត​ឱ្យ​នាង​បាន​ជា​នាង​ញញឹម​ស្អាតម្ល៉េះ? ពីមុនមកខ្ញុំធ្លាប់សរសើរ​សំណាង​របស់ខ្លួន​ដែលបានធ្វើជាប្តីរបស់នាង ឥឡូវ​សំណាងនេះត្រូវ​ធ្លាក់​ទៅ​លើអ្នកផ្សេងទៅវិញ គួរឱ្យឈឺចាប់ណាស់។ ខ្ញុំដក​ភ្នែក​ពី​រូបថត​នោះ​វិញ​ពេល​ឮ​ម្តាយ​ក្មេក​សួរ៖

ឯងមើលទៅមានព្រលឹងជាងមុនឆ្ងាយណាស់ ! រួចសុខទុក្ខយ៉ាងណាដែរសព្វថ្ងៃ?

ខ្ញុំសុខសប្បាយតាមធម្មតាទេម៉ាក់ ! រួចម៉ាក់ប៉ា​ ទាំងអស់គ្នា…សុខសប្បាយជាទេម៉ាក់?

ក្មួយស្រីប្រពន្ធខ្ញុំលើកទឹកមកជូនទើបម្តាយក្មេកខ្ញុំណែនាំឱ្យវាជម្រាបសួរខ្ញុំ! ខ្ញុំភ្ញាក់ព្រើត​បើជួបវាកន្លែង​ណា​ផ្សេង​​មុខជា​ចំណាំ​មិនបានទេ វាកាលមុនតូចតែមួយហ្នឹង ឥឡូវ​ពេញ​ក្រមុំទៅហើយ ហ៊ឺ! គិតទៅពេលវេលា​ទៅ​មុខ​​លឿនមែនហ្ន។

ចាស់ៗតែប៉ុណ្ណឹង ឈឺជាៗ តាមអាយុកាល​។​ ចុះសព្វថ្ងៃមានគ្រួសារ​មានកូនចៅប៉ុន្មាន​ហើយ? (គាត់ងាក​មក​សួរ​ខ្ញុំ​វិញ​ក្រោយ​ពេល​និយាយដើមចៅស្រីគាត់ហើយ)…​រួចនៅ​ឯណាឯណីដែរបានមិនដែល​ឃើញ​សោះ!

ខ្ញុំ…នៅទេ! ខ្ញុំនៅផ្ទះដដែលហ្នឹង នៅជិតអគារកាណាឌីយ៉ាថ្មី ជិតរ៉ារទេះភ្លើង!…(បង្អង់​មួយស្របក់ខ្ញុំ​ក៏សួរ​គាត់) ម៉ាក់! ទើប​អញ្ជើញមកពីណា?

មក៍ពីកោះដាច់។ តាមពិតទៅ នាំគ្នាទៅវត្តវិហារសួគ៌ទេ តែដល់ចេញពីវត្តមកវិញក៏ចូល​ទៅលេងកោះដាច់​ទៅ ក្មេងៗ​​វា​ចង់​ទៅលេងទឹក។ ចុះគ្រួសារប៉ាម៉ាក់ឯង សុខសប្បាយ​ទេ​​អី? មិនដែលបានជួបគ្នាសោះ! (ខ្ញុំចង់ជម្រាប​គាត់ដែរ​ថាខ្ញុំ​ទើប​តែមកពីកោះដាច់តែ​សម្លេងភ្លេងទូរស័ព្ទខ្ញុំក៏រោទិ៍ឡើង)

ពួកគាត់សុខទុក្ខធម្មតាទេម៉ាក់!… ខ្ញុំសុំទោស!

តបនឹងគាត់រួចខ្ញុំក៏លើកទូរស័ព្ទប្អូនប្រុសខ្ញុំ៖ មានការអីអាអូន?

ប្អូនប្រុសខ្ញុំ៖ បងម៉ាក់មិនស្រួលទេ ឆាប់មកពេទ្យកាល់ម៉ែត! ខ្ញុំជូនគាត់មកដល់​ហើយ!

ខ្ញុំ៖ អើ! តិចទៀតបង​ទៅ​ដល់​​ដែរ​ហើយ បងនៅជិតហ្នឹងទេ!

ម៉ាក់! ខ្ញុំមានធុរៈបន្ទាន់ណាស់ ខ្ញុំជម្រាបលាម៉ាក់ ប៉ា និងម៉ាក់ធំសិនហើយ ចាំពេល​ទំនេរ​ខ្ញុំនឹងមកលេង​ទៀត!

ខ្ញុំចេញពីផ្ទះគាត់យ៉ាងប្រញាប់ រួចទូរស័ព្ទទៅរកបងប្អូនខ្ញុំសួរពីស្ថានភាពរបស់ម្តាយខ្ញុំនៅ​មន្ទីរ​ពេទ្យ។ ក្រោយ​ពេល​ម្តាយ​ខ្ញុំ​បាន​ធូរស្រាល ពួកយើងក៏នាំគាត់ត្រឡប់មកផ្ទះវិញ។

តាំងពីពេលនោះមកដោយសាររវល់ក្នុងការងាររកដកឃ្លាមិនរួច ខ្ញុំក៏មិនដែលបានទៅ​សួរសុខទុក្ខ​គាត់​ទៀត​សោះ។ តែ​ក៏​នឹក​ក្នុងចិត្តថាត្រូវទៅលេងកុំឱ្យអាក្រក់មើលពេក ព្រោះទោះយ៉ាងណាក៏ពួកគាត់​គ្មាន​បង្ហាញការ​ស្អប់ ខឹង ឬគុំគួន​ជាមួយ​ខ្ញុំ​ឡើយ មានតែ​រាក់ទាក់រកខ្ញុំសួរនាំសុខទុក្ខ និងការរស់នៅ។ តបទៅ​នឹងទឹកចិត្ត​របស់​មនុស្សចាស់​ដែល​ធ្លាប់តែ​ខឹង​នឹង​ខ្ញុំ​ហើយ​ប្រែជាមិនគុំគួននេះ ខ្ញុំគួរតែមានពេលខ្លះ​ទៅ​​លេង​ជាមួយ​គាត់។

ប្រមាណពីរខែក្រោយមក អង្គការដែលខ្ញុំធ្លាប់ធ្វើការជាមួយតាំងពីយូរមកបានរៀបចំ​កម្មវិធីសំណួរ-ចម្លើយ​ទាក់​ទង​ទៅ​នឹង​សិទ្ធិស្រ្តី និងកុមារ និងការការពារផ្នែកច្បាប់​ចំពោះ​ជន​ងាយរងគ្រោះនៅតាមសាលារៀន​មួយ​ចំនួន​ក្នុងរាជធានី និង​មហាវិទ្យាល័យនានា​ដែល​​មានសំណូមពរ។ គេបានអញ្ជើញខ្ញុំទៅចូលរួមឆ្លើយ​តប​សំណួរ​ជាមួយ​មិត្តរួម​ជំនាន់​​របស់ខ្ញុំជា​ច្រើននាក់ទៀត។

នៅសាលារៀនបឹងត្របែក ខ្ញុំបានជួបពួកម៉ាកខ្លះដែលធ្លាប់ធ្វើការជាមួយគ្នា ខ្លះធ្លាប់រៀន​ជំនាន់ជាមួយគ្នា ទៅ​ចូល​រួម​វេទិកា​នេះដែរ។ លុះចប់កម្មវិធី ខ្ញុំនៅសំណេះសំណាល​សួរ​សុខទុក្ខគ្នាជាមួយពួកគេមួយ​ស្របក់​មុន​ពេល​​ត្រឡប់ទៅ​វិញ។ សែនអស់កម្លាំង ព្រោះ​សិស្ស​ទាំងនោះបានសាកសួរសំណួរ​ជាច្រើន​រហូតដល់​លើស​ម៉ោង​កំណត់របស់អ្នករៀប​ចំ​កម្មវិធី។​ ខ្ញុំដើរសំដៅឡានដែលចតនៅជិតផ្លូវចូលដោយ​ទាញ​​បន្ធូរ​ក្រវាត់​ក​បណ្តើរ នៅចំពោះ​មុខខ្ញុំគឺសិស្សស្រីម្នាក់​កំពុង​ញញឹម​ដាក់ ខ្ញុំនឹកក្នុងចិត្តថា​គេប្រហែល​ជា​គួរសម​ដាក់​ខ្ញុំ ខ្ញុំក៏ញញឹម​តប​ទៅ។ នាងដើរចូលមកដោយលើកដៃសំពះ ពេល​នេះ​ទើបខ្ញុំចំណាំបានថា​គឺ​ជា​ក្មួយ​ស្រី​ប្រពន្ធ​ខ្ញុំដែលធ្លាប់​បាន​ឃើញ​កាលទៅលេងផ្ទះម្តាយក្មេកឯបឹងកេងកង។

អូហ៍ ក្មួយមកចូលរួមកម្មវិធីនេះដែរ?

អត់ទេពូ! ខ្ញុំបានឃើញមិត្តភ័ក្តិគេផ្សាយកម្មវិធីនេះតាមហ្វេសប៊ុកហើយឃើញពូ​ បានជា​ខ្ញុំស្កាត់មករក!

ក្មួយ…មានការអី?…(ខ្ញុំទាញទឹកសុទ្ធមកផឹកក្អឹកៗគ្រាន់ផ្សើមបំពង់កបំបាត់ស្រេក)

ពូ…(នាងទ្រឹងមួយស្របក់ ខ្ញុំសម្លឹងមើលនាងក្នុងចិត្តព្យាយាមផ្ចង់អារម្មណ៍ដើម្បីស្តាប់​រឿងរបស់ក្មួយប្រពន្ធ​ខ្ញុំ​ទោះ​អស់​កម្លាំង​ស្ទើរដួលក៏ដោយ ព្រោះរឿងដែលនាងតូចនេះ​ប្រុងនិយាយអាចទាក់ទងជាមួយ​ការងារ​ខ្ញុំ)

និយាយមកចុះ! ពូអាចស្តាប់រឿងគ្រប់យ៉ាងរបស់ក្មួយបាន! (ខ្ញុំនិយាយយ៉ាងជឿជាក់)

ពូដែលដឹងទេថាមីងតូច…នៅឯណា?

ខ្ញុំគ្រវីក្បាល។

ពូជាប្តីរបស់គាត់ឬ?

ខ្ញុំទ្រឹងមួយភ្លែតទើបងក់ក្បាលទាំងមិនជឿជាក់។ ប៉ុន្តែមួយសំណួរនេះពិតជាអាចឱ្យនាង​វាយតម្លៃខ្ញុំបាន។

ពូបែកពីគាត់ប៉ុន្មានឆ្នាំហើយ?

ប្រាំ…ប្រាំមួយឆ្នាំហើយ។ ចុះក្មួយសួរធ្វើអី?

ចុះពូគិតថាខ្ញុំចង់ជួបពូដោយសាររឿងអី?

ពូ…(យី! ក្មេងនេះមានសំណួរចម្លែកណាស់ជាមួយខ្ញុំ វាលេងសម្តីមិនព្រមស្គាល់ចាស់ទុំ​ទេ)…​គិតថា​ក្មួយ​ប្រហែល​ជា​មាន​ចម្ងល់រឿងទាក់ទងនឹងការងាររបស់ពូ…

អត់ទេ។ (វាប្រកែកទាំងសម្តីធ្ងន់ជាងមុន)។ កាលពូ និងមីងតូចបែកគ្នាខ្ញុំនៅក្មេងខ្ញុំចាំ​អីមិនបានទេ គ្រាន់តែ​ដឹង​ថា មីង​តូច​មានប្តីហើយតែក៏បែកគ្នា…

ទ្រឹងមួយស្របក់វាក៏ងើបមុខឡើងសួរខ្ញុំទៀត៖

ពូ! ពូចង់ដឹងពីមីងខ្ញុំដែរទេ?

ខ្ញុំគិតថាក្មេងនេះមានគោលបំណងចង់ឱ្យខ្ញុំបានដឹងពីម្តាយមីងវា តែខ្ញុំមិនច្បាស់ខ្លួនឯង​ថាបើវាប្រាប់ពីរឿង​ប្រពន្ធ​របស់ខ្ញុំ នាងមានគ្រួសារមានកូនចៅហើយនោះ តើខ្ញុំអាចទ្រាំ​បាននៅចំពោះមុខវាទេ ខ្ញុំមិនចង់​ឱ្យ​ក្មេងវា​ចាប់​ថ្នាក់​បានពីភាព​ទន់​ខ្សោយ​របស់ខ្ញុំទេ។​ ខ្ញុំបង្ខំចិត្តទាញកៀនបបូរមាត់ខ្ញុំឡើងធ្វើដូចជាសើច រួចគ្រវី​ក្បាល​ឆ្លើយ​តបចំពោះវា ជួនជាពេលនោះ បងប្រធានអង្គការដែលគាត់បាន​ចូលរួមដែរ​ក្រឡេក​ឃើញ​​ខ្ញុំ​គាត់​ក៏​​រាក់ទាក់​ជាមួយ​ខ្ញុំដើម្បីលាគ្នា។ ពេលដកភ្នែកចេញ​ពី​គាត់ ខ្ញុំរកមើលក្មួយស្រីនោះមិន​ឃើញ​សោះ មិន​ដឹង​ថា​នាង​ដើរ​​ចេញ​​ទៅ​ពីអង្កាល់?

បើកឡានបណ្តើរខ្ញុំសម្លឹងតាមដងផ្លូវក្រែងឃើញក្មួយនោះ​នឹងបាននិយាយលាគ្នា តែ​មិនឃើញសោះ។ ម៉ោង​ដប់​ពីរ​​និង​សែ​សិបនាទីថ្ងៃត្រង់ទៅហើយ តាមទម្លាប់​​ខ្ញុំ​តែង​ទៅ​បាយជាមួយ​ជំនួយការរបស់​ខ្ញុំនៅ​ក្បែរ​កន្លែង​ធ្វើការ តែពេលនេះ​ចង់​ហួស​ម៉ោងបាយ​ក៏​ចូល​ហាងមួយក្បែរផ្លូវជិតស្តុបបូកគោ។

កំពុងអាស្រ័យបាយថ្ងៃត្រង់ម្នាក់ឯងទូរស័ព្ទរបស់ខ្ញុំរោទិ៍សម្លេងផ្ញើសារ។ នរណាមាន​ការអីចេះបាន​ជាមិន​ព្រម​ទូរស័ព្ទ?

«I want to know if this is my uncle Virak. He used to be the owner of this number. If you were not, I’m sorry. ខ្ញុំចង់រកពូខ្ញុំឈ្មោះ វីរៈ។ គាត់ធ្លាប់ប្រើលេខ​ទូរស័ព្ទ​នេះពីមុនមក។ បើសិនមិនមែនទេ​ខ្ញុំសុំទោស»

ដោយសារជាប់មាត់ញ៉ាំបាយ ខ្ញុំក៏ផ្ញើសារទៅវិញ «Yes» រួចនឹកថាតើក្មួយមួយណា​ម៉េច​ក៏​​មិនព្រមទូរស័ព្ទ​មក។ ចាំបាយ​រួច​ទូរស័ព្ទទៅវិញ។

«សូមពូមកផ្ទះយាយបឹងកេងកងកុំខានថ្ងៃស្អែកព្រឹកព្រលឹម! ពី៖សា រីណា»

តាមពិតក្មួយថ្លៃខ្ញុំតើ ទើបបែកគ្នាមិញសោះ ចេះផ្ញើសារមកលេងទៅកើត? ខ្ញុំនឹកឃើញ​ថាក្មេងម្នាក់នេះ​មិន​មែន​ចង់ឱ្យ​ខ្ញុំ​ទៅ​លេងផ្ទះម្តាយក្មេកខ្ញុំតាមរបៀបធម្មតាទេ ព្រោះ​ណាត់តាំងពីម៉ោងពេលទៅ ឯរបៀបដែល​វា​និយាយ​ជាមួយ​​ខ្ញុំក៏មាន​រឿង​លាក់បាំងដែរ ឬមួយស្អែកនេះ គ្រួសារខាងណោះជួបជុំគ្នា ហើយវាចង់ឱ្យ​ខ្ញុំ​បានជួបជាមួយ​ប្រពន្ធរបស់​ខ្ញុំ? អូហ៍​និយាយ​ទៅ នាងគឺជាអតីត(អៈឌិត)ប្រពន្ធខ្ញុំ ពេលនេះនាងអាច​ជា​ប្រពន្ធ​​គេ​ហើយ។ គួរតែ​ប្រើ​ពាក្យអតីត​នេះទាំងអស់​សូម្បី​តែក្មួយម្នាក់នេះ។

តែ…គិតយ៉ាងម៉េចចេះ បើចាស់ៗមិននិយាយប្រាប់ផងហ្នឹង? គួរឆ្លើយជាមួយវាឱ្យ​ប្រយ័ត្នបន្តិច ព្រោះ​សំណួរ​​វា​សម្រាប់​ខ្ញុំ​​ប្រៀប​ដូចកាំបិតចឹង។

«If I have time, it’s okay, I need to know my schedule first!»

«Tomorrow is Saturday! I know you didn’t work.»​ អុញនាងតូចនេះដឹងថាខ្ញុំ​អត់ធ្វើការថ្ងៃសៅរ៍?

«I may have some dates with my client, anytime, anywhere, upon my assistant’s set up schedule.»

«If you didn’t, you’ll get regret of it. I need you to come even my grandma was not allow.»

«When I heard that I would absolutely not go. It may be your family re-union, so it won’t necessary need me. I am sure I’m sorry for not coming as you’ve asked for. See you.»

«Yes, my family will come together. Make sure that you won’t regret. See you.»

ស្តាយឬ? ខ្ញុំស្តាយរឿងប្រពន្ធខ្ញុំរហូតមកប្រាំមួយឆ្នាំហើយរឿងអីដែលត្រូវស្តាយទៀត​នោះ។ មួយជីវិតខ្ញុំ​នេះ ខ្ញុំ​ស្រឡាញ់​នាងជាងអ្វីៗទាំងអស់ សូម្បីគ្រួសារខ្ញុំ។ តើមានអ្វី​ត្រូវ​ស្តាយ​បើមួយជីវិតនេះខ្ញុំ​បានទុក​បេះដូង​របស់ខ្ញុំ​សម្រាប់តែនាង​ម្នាក់​ទៅ​ហើយ?​ ខ្ញុំមិន​ហ៊ានចាប់ផ្តើមជាមួយស្រីផ្សេងទៀតផងហ្នឹង? មិន​​អញ្ចឹង​​​ពេល​នេះខ្ញុំ​មាន​គ្រួសារ​ថ្មីទៅ​ហើយ។ កាល​ដែល​បែកគ្នាទៅថ្មីៗ ម្តាយខ្ញុំខំលួងលោមខ្ញុំ​ឱ្យ​រៀបការ​ជាមួយ​ស្រី​ដែល​គាត់​រើសឱ្យ តែខ្ញុំតែងបដិសេធរហូតដល់គាត់ធុញ​ទ្រាន់​មិន​ដឹង​បញ្ចុះបញ្ចូលខ្ញុំតាម​វិធី​ណា​ក៏​បណ្តោយ​តាម​ជីវិត​ដែលខ្ញុំមាន​សព្វថ្ងៃនេះទៅ។

តែ…ខ្ញុំចង់ឃើញប្រពន្ធខ្ញុំណាស់។ គ្រាន់តែឮថាស្អែកនេះគ្រួសារនាងជួបជុំគ្នា បេះដូងខ្ញុំ​លោតឌុកដាក់ៗ តើ​ខ្ញុំ​ពិត​ជា​នៅ​ស្រឡាញ់នាងមែនក៏អី? ព្រោះថាមុននេះបន្តិចខ្ញុំទើប​តែបន្ទោសនាង​ដែល​ចាកចេញពីខ្ញុំ​សូម្បី​ហេតុ​ផល​ស្អីក៏មិនប្រាប់ នាង​​ទុកខ្ញុំដូចទីងមោង​ចាំផ្ទះ។​ ឥឡូវខ្ញុំបែរជាចង់ទៅលប​មើលនាងទៅ​វិញ!…​​នាង​ធាត់​ឬ​ស្គម​​ហ្ន? នាងចាស់​ចំណាស់​ណា​​ហើយ? មានកូនប៉ុន្មាន? សុខទុក្ខយ៉ាងណាដែរ? ស្អែកនេះ​យ៉ាង​ណា​​ក៏​​យ៉ាង​នោះ​ទៅ ខ្ញុំនឹងទៅឈប់ឡាន​ចាំមើល​មុខ​ប្រពន្ធខ្ញុំម្តងទៀត យ៉ាងហោចណាស់ឱ្យ​ខ្ញុំ​បាន​ឃើញ​ស្ថាន​ភាព​​ជីវិត​របស់នាងមុនពេលយើងលែង​បានជួបគ្នាជារៀង​រហូត​ទៅ​នេះ។

មិនដឹងយ៉ាងម៉េចទេ! យប់នេះក៏គួរឱ្យធុញម្ល៉េះ ស្អុះក៏ស្អុះ អាកាសធាតុក៏គ្មានគួរឱ្យចង់​ចេញទៅដើរលេង​សោះ​ តាម​ថា​ថ្ងៃ​ស្អែកជាថ្ងៃសៅរ៍គួរតែចេញទៅរកផឹកជាមួយមិត្តភ័ក្តិ​ឱ្យដល់ភ្លឺ។ ក៏ចេះតែធ្មេចភ្នែក​លេង​ៗ​នៅ​លើ​ប៉ៅអីខាងមុខផ្ទះ។ បងស៊ីណានៅជិតខាង​គាត់ស្អុះស្អាប់ដែរក៏ចេញមកខាងក្រៅ គាត់​រាក់​ទាក់​​សួរ​សុខទុក្ខ​ខ្ញុំពីរបីមាត់ក៏ចូល​ក្នុង​ផ្ទះ​វិញទៅ។ ដេកលេងៗសោះតែពេលភ្ញាក់ឡើងម៉ោងបួនភ្លឺ! យ៉ាស់…​​ចោរ​ចូល​ផ្ទះក៏​មិន​ដឹង​បើទ្វារផ្ទះចំហប៉ុន​ជញ្ជាំងវិហារ​យ៉ាង​នេះ? សំណាងហើយ​ដែលមេឃ​មិន​ភ្លៀង។

ខ្ញុំចុះទៅហាត់ប្រាណតាមទម្លាប់ធម្មតា រហូតដល់ម៉ោងជិតប្រាំមួយបានត្រឡប់មកវិញ។ ក្រោយស្លៀក​ពាក់​ស្អាត​​​បាត​ជាង​ថ្ងៃធម្មតាហើយ ខ្ញុំនៅរារែកចិត្តមិនចង់ទៅចាំនាងពីព្រឹក​ពេកក៏ទៅរកអាហារពេល​ព្រឹក​សម្រន់​ក្រពះ​សិន។​ រហូតដល់​ម៉ោង​ប្រាំបីបានខ្ញុំបើកឡាន​ទៅបឹងកេងកង។

ខ្ញុំមិនហ៊ានចូលទៅជិតផ្ទះនោះទេ ខ្ញុំចតឡាននៅឆ្ងាយបន្តិច ដោយរំពៃមើលទ្វាររបង​ដែលបើកចេញចូល តែ​មិន​ឃើញ​នរណា​ប្រហាក់ប្រហែលប្រពន្ធខ្ញុំសោះ។ ជាងមួយ​ម៉ោង​ដែលខ្ញុំនៅក្នុងឡានចាំរកមើលនាង ខ្ញុំឥត​ធុញ​ទ្រាន់ ឥតមាន​អារម្មណ៍​​ដូចចាំអ្នក​ផ្សេងទេ បើចាំម្តាយខ្ញុំចូលផ្សារវិញហេះ? ខ្ញុំមុខជាបើកឡាន​ទៅ​រក​អី​ហូប​សិន​ហើយ ទុកឱ្យគាត់​ដើរ​មួយ​ឆ្អែតហើយចាំខ្ញុំវិញម្តង។

បងប្អូននាងចេញចូលផ្ទះដូចជាធ្វើបុណ្យដោយស្លៀកពាក់សំពត់ខ្មៅ អាវស ខោខ្មៅ អាវស នឹងមានខ្លះ​ទៅ​ផ្សារ​​ទិញ​​​ម្ហូប​ជា​ច្រើនលើកច្រើនសា ខ្លះទិញ​ទឹកក្រូច ទឹកកក។ មួយស្របក់​ស្រាប់​តែឃើញឡានតូច​ពណ៌​ខ្មៅ​មក​ឈប់​​នៅចំទ្វារចូល​ខ្ញុំនឹកថាមុខជា​ប្រពន្ធ​ខ្ញុំហើយ…​បេះដូង​ខ្ញុំដូចចង់ផ្ទុះ…​ខ្ញុំឃើញឪក្មេក​ចេញពី​ក្នុង​របង​មក​បើក​​​ទ្វារ​ក្រោយ…​លុះតែឡាន​របើកទ្វារ​ឡើង​ទើប​ឃើញព្រះសង្ឃនិមន្តចេញមក…អូយ…គ្រាន់​​​បើ​តិច…

ក្មួយស្រីរីណាក៏ចេញមក ខ្ញុំឃើញវាងាកមើលឆ្វេងស្តាំស្រាប់តែវាដើរតម្រង់មករកឡានខ្ញុំ​វាមុខជាឃើញ​ខ្ញុំ​ហើយ ដោយ​ទាល់​ច្រកដោះខ្លួនមិនរួច ខ្ញុំក៏ដោះខ្សែក្រវាត់ បើកទ្វារ​ឡានចេញទៅរកវា។

ពូ! មកដល់យូរហើយនៅ? ខ្ញុំចេញមកមើលផ្លូវពូ ពីរដងហើយណា!

ខ្ញុំសើចទាំងមិនសូវសមទៅរកវាព្រោះខ្មាសវាដែលខ្ញុំថាមិនមកតែបែរ​ជាមកលបចាំមើល​នាងទៅវិញ៖ ពូគ្មានបានទិញអ្វីមកជាមួយទេ! តើគេធ្វើអីហ្នឹង ឃើញមាននិមន្ត​លោកមកផង?

វាមិនរវល់ថាឱ្យខ្ញុំទេ គិតតែដឹកដៃខ្ញុំ៖ មិនបាច់ទេពូ! យាយគាត់ធ្វើសង្ឃទាន បង្សុកូល ! តោះចូលទៅពូ ទាន់​លោក​​មិន​ទាន់​​សូត្រធម៌ !

វារុញខ្ញុំដើរឱ្យលឿន​ ចូលទៅក្នុងផ្ទះ។ ពេលចូលទៅដល់មាត់ទ្វារ ម្តាយក្មេក ឪពុកក្មេក​ ម្តាយធំ ម្តាយមីង បង​ស្រីធំ ប្អូន​ប្រុស​តូច និងក្រុមគ្រួសាររបស់ពួកគេស្រឡាំងកាំង។ ខ្ញុំមិនសូវភ្ញាក់ផ្អើលទេ​ព្រោះគិតថា​ពួក​គាត់​​មិន​ដែល​បាន​ឃើញ​វត្តមាន​​ខ្ញុំយូរពេកទើប​ម្នាក់ៗបើកភ្នែកដាក់ខ្ញុំមើលតែមិនដែលស្គាល់គ្នា។ ខ្ញុំក៏​អៀន​​ខ្លួន​មិន​​តិច​ដែរដែលមិនដែលអើត​ក្បាលមកសោះក៏ស្រាប់តែចេញមក​ឱ្យក្រឡើមចំពោះមុខ​បងប្អូន​គេ​​ដែល​មិន​ចូល​ចិត្ត​​ខ្ញុំ​គ្រប់​គ្នា ប្រវត្តិអាក្រក់​រត់ទៅរស់​នៅ​ជាមួយគ្នាពីរនាក់ប្រពន្ធខ្ញុំ ត្រូវបងប្អូនខាងណេះ​និយាយ ក្តៅ​សឹង​ហុយ​​ទៅ​ហើយ ហេតុនេះហើយបានជា​ខ្ញុំមិន​ទាន់​​ហ៊ាន​ងើបមុខញញឹមដាក់នរណា​បាន​នៅ​ឡើយ​ទេ តាម​ថាខ្ញុំមិន​ត្រូវ​ចូល​មកផងទេព្រោះ​បន្តិចទៀតពួកគេនឹង​ច្រាស់​ឆ្អេះ​ឱ្យ​​ខ្ញុំមិនខាន។ ​លោក​ទើប​តែ​និមន្ត​គង់​មិនទាន់​រៀបរយផង ឪពុក​ក្មេកខ្ញុំស្រែកហៅ៖

វីរៈ! ចូលមកណេះ មកប្រគេនសាដកលោក! មក៍! លឿនតិច! អើ មើល៍ ក្មេងៗ យកភេសជ្ជៈ​ត្រជាក់ៗ​មក​ប្រគេន​​លោក។

បងប្អូនផ្សេងទៀតដូចកំពុងត្រូវបណ្តាសាអារក្សទឹក នៅធ្មឹងសម្លឹងមកខ្ញុំដែលកំពុងដើរ​ឱនៗ ចូលទៅជិត​កន្លែង​​លោក​គង់។

យី! អាពួកអស់នេះ! មិនឮអញឱ្យយកភេសជ្ជៈមកប្រគេនលោកទេអី!

ឪក្មេកខ្ញុំស្រែកថាឱ្យកូនចៅគាត់ដែលកំពុងស្រឡាំងកាំង។ ឮបែបនេះពួកគេភ្ញាក់ដឹងខ្លួន​រួចស្ទុះស្ទាធ្វើតាម​បង្គាប់​​គាត់។ ម្តាយក្មេកខ្ញុំ គាត់លើករបស់​របរដែលត្រូវប្រគេនលោកមកដាក់មួយៗ ចំពោះព្រះសង្ឃ​មួយ​អង្គៗ តាគាត់ក៏ទទួលទឹក​ផ្លែ​ឈើ​​ពីក្មេងៗមករួចហុចឱ្យខ្ញុំប្រគេនលោក។ ខ្ញុំធ្វើតាមពួកគាត់​រួចងាកមក​បងៗ​ដែល​​នៅ​ខាង​មុខក្នុងបំណង​អញ្ជើញ​គាត់​ឱ្យ​​ចូលមកប្រគេន​លោកផង តែពួកគាត់រុញថា ទៅៗ! ប្រគេន​លោក​ទៅ!

ប្រគេនភេសជ្ជៈ សាដក ចង្ហាន់រួចហើយ ខ្ញុំក៏រំកិលខ្លួនមកខាងក្រោយដើម្បីទុកឱ្យ​ចាស់ៗគាត់នៅ​ខាងមុខកុំ​ឱ្យ​បាំង​​គាត់ ព្រោះ​ខ្ញុំក្មេងជាងត្រូវទៅអង្គុយនៅខាងក្រោយវិញ​ណាមួយសីលទានអីហ្នឹង ខ្ញុំមិនទាន់ចេះដឹង​ទេ។ តែ​ក៏​ត្រូវម្តាយ​ក្មេក​ខ្ញុំ​ទាញ​ដៃអាវឱ្យ​អង្គុយទន្ទឹមពួកគាត់។ ខ្ញុំងាកចុះឡើង រួចក៏អង្គុយឱនៗក្បែរគាត់ ព្រោះ​ខ្ញុំ​ខ្ពស់​​លលៃជាង​គេ​ឯង លោកក៏​សូត្រ​ធម៌ជាច្រើនដែលខ្ញុំដឹងថាជាការឧទ្ទិសបុណ្យ​កុសលដល់​ញាតិកា​​​ទាំង​ប្រាំពីរ​សន្តានដែលបានចែកឋានទៅ​ហើយ​នោះ​។ ក្បាលខ្ញុំឯណេះក៏នៅមិនស្ងៀមចេះតែ​ងាក​​ឆ្វេង​​ស្តាំ​រក​​មើល​ក្រោយ… រួចចុះបងប្អូនមកជុំគ្នាឡើងណែនផ្ទះហើយ ម៉េច​ក៏មិន​ឃើញ​នាងសោះចឹង? រួច​​នាង​​រវល់​​ទៅឯណា? គេមកជុំគ្នាអស់ហើយហ្នឹង! មើលចុះ​គ្មានសល់​នរណា​ម្នាក់​ទេ​សូម្បី​មីងសានដែលនៅ​បម្រើ​​គ្រួសារ​នេះ​ជាង​សាម​សិបឆ្នាំហើយ​ក៏គាត់ឆ្លៀតចេញពីចង្រ្កានបាយ​មកសូត្រធម៌នឹង​គេ​ដែរ​ បេះដូងខ្ញុំ​​លោត​ញាប់​​ខុស​​ធម្មតា​ពេលគិត​ដល់រឿងនេះ ពេលជួបនាងខ្ញុំត្រូវញញឹមយ៉ាងម៉េចឱ្យសមហ្ន? ឬមួយ​មិន​​មើល​​មុខ​ចំទេ​តែ​ចាំ​លួច​មើល​នាងវិញ? ចុះបើនាងបណ្តើរប្តីមកខ្ញុំត្រូវធ្វើយ៉ាងណា? ខ្ញុំគិតថាមកត្រឹម​តែលួច​មើល​​នាង​​ទេ​តើ​ដោះ​ស្រាយយ៉ាង​ណាបើ​ពេលនេះចូលដល់​ក្នុង​មាត់ក្រពើទៅហើយ! បើនាងមានប្តីខ្ញុំមិន​ត្រូវ​ធ្វើឬក​ដូចឆ្កែ​ស្តាយ​​​ឆ្អឹងទេ ត្រូវ​ចេះ​រាក់​ទាក់​រកគេស្មើៗគ្នា ចេះសួរសុខទុក្ខគ្នាទៅវិញទៅមក។ មើលហ្ន! រចនា និងប្តីគេក៏​មកដែរ វាមិន​ចម្លែក​ទេ​ព្រោះ​​គ្រួសារនេះរាប់អាននាងណាស់​ កាលនៅរៀនរចនាធ្លាប់មក​ហូប​​បាយនៅទីនេះតែញឹកព្រោះ​ផ្ទះនេះជិត​សាលា។ ឃើញ​រចនាចូលមកខ្ញុំគិតថាគង់​មិន​យូរទេ​បន្តិច​ទៀត​នាងនឹងមកដល់ហើយ​។ ពួកគេមុខជា​ណាត់គ្នា​មក កម្មវិធី​បែបនេះ ជា​ធម្មតានាងនិងរចនាជាអ្នករៀបចំ។

ដល់ពេលអាចារ្យឱ្យយើងសូត្រតាមដើម្បីឧទ្ទិសចំពោះមនុស្សដែលបានស្លាប់ទៅហើយ គាត់កាន់បញ្ជី​ឈ្មោះ​ញាតិ​មិត្ត​ទាំង​នោះ​ក្នុង​ដៃ។

…កូនស្រី មាស សុខរក្សា…

ឈ្មោះប្រពន្ធខ្ញុំ? ចុះអាណាវាយអក្សរឈ្មោះឱ្យតាអាចារ្យសូត្រច្រឡំបែបនេះ?

…កូនស្រី មាស សុខរក្សា… (គេក៏សូត្រតាមគ្រប់គ្នា)

…ជាដើមផង…

ខ្ញុំងាកមើលពួកគេ។ ជាប្រតិកម្មធម្មតារបស់ខ្ញុំ ខ្ញុំតែងលើកដៃឡើងសុំតវ៉ាក្នុងករណីដែល​ការចោទ​ប្រកាន់​ប្រាស​​ចាកការ​ពិត​នៅក្នុងសវនាការ ឬដែលខ្ញុំអាចទាមទារដោយមាន​ហេតុផលច្បាស់លាស់។

តា! (ខ្ញុំស្រែកខ្លាំងគ្រាន់បើ) តា! មិញហ្នឹងសូត្រច្រឡំហើយ!

អើ!​ (អាចារ្យគាត់តបវិញ) មើល៍ច្រឡំកន្លែងណា? ជួយមើលគ្នាមើល៍! (គាត់ក៏រុញ​ក្រដាសឈ្មោះមកឪ​ក្មេក​ខ្ញុំ​​ដែល​​​នៅ​ជាប់​នឹងគាត់)

មិនអីទេតា! សូត្រតទៀតទៅ! ប្រយ័ត្នហួសចង្ហាន់លោក!

តាអាចារ្យក៏សូត្រតទៅទៀត ឯខ្ញុំនៅសំពះលោកនៅឡើយតែឈប់សូត្រតាមគាត់ហើយ ពេលនេះ​ខួរ​ក្បាល​ខ្ញុំ​ចាប់​ផ្តើម…​គិត…

គ្រួសារនេះដើមឡើយមានបងប្អូនបួននាក់ គឺបងស្រីធំ មាស សុខខេមា ទីពីរគឺ​ប្រពន្ធខ្ញុំ មាស សុខរក្សា ទីបី​ ប្អូនប្រុស មាស សុខសិរី និងប្អូនស្រីពៅ មាស សុខឧស្សាហ៍។ តែ​ប្អូន​ស្រីពៅនេះកើតជម្ងឺដុំសាច់ក្នុងក្បាល ពេលអាយុបានប្រាំឆ្នាំ​ក៏​ស្លាប់​បាត់ទៅ។ រួច​មិញ​​នេះមិនឮសូរគេសូត្រឧទ្ទិសឱ្យខ្មោចប្អូនស្រីពៅនេះផង បែប​ប្រហែលជាអ្នកវាយ​កុំព្យូទ័រ​​ច្រឡំ​ហើយ…

តែ…

វាមិនដែលមាន! នរណាគេទៅ ពេលគេសូត្រឈ្មោះកូននៅរស់ថាស្លាប់ទៅហើយក៏នៅ​តែ​និយាយថាមិនអី​ទេ! រួចថា​តា​អាចារ្យ​ហ្នឹងទៅគាត់មិនដឹង បងប្អូនមួយពូជនេះជិត​សាម​សិប​នាក់ ម្តេចក៏ទៅថាតាម​តាអាចារ្យ​ដោយ​​គ្មានរអាក់រអួល​កើត​​វ៉ី!…​ឬមួយ?…

ប្រពន្ធខ្ញុំ…?

ដូចគេយកខ្សែពួរមកទាញកន្រ្តាក់ខួរក្បាលខ្ញុំឱ្យស្វាងភ្លាម។

នាងស្លាប់ហ្អោះ?… វាមិនដែល! បើនាងស្លាប់មែនចុះម៉េចក៏ម៉ាក់​នាងមិននិយាយ​ប្រាប់​ខ្ញុំ ​បើខ្ញុំមកលេង​លើក​មុន​គាត់​មិន​និយាយអីពីនាងមួយម៉ាត់ផងហ្នឹង។ ហើយបើនាង​ស្លាប់​​មែន ក្មួយស្រីរបស់នាង​ដែល​ឧស្សាហ៍​ជួបខ្ញុំក៏​មុខ​ជា​និយាយ​ប្រាប់​ខ្ញុំថាមីងវា​​ស្លាប់​ដែរទៅហើយ!

ខ្ញុំងើបឈរលើជង្គង់​រួចងាកបែរក្រោយ មនុស្សដំបូងដែលខ្ញុំឃើញគឺបងស្រីធំ ភ្នែកគាត់​ឡើងក្រហម និង​​មាន​​​ទឹក​​ភ្នែក​រលង់​ក្នុងនោះ មិនដឹងជាគាត់យំតាំងពីអង្កាល់ទេ។ ប្អូន​ថ្លៃ​មុខដូចកូនកាត់​ជប៉ុន​របស់​ខ្ញុំច្រមុះ​​របស់​​គាត់​​ឡើងក្រហម។

ខ្ញុំសម្លឹងមុខពួកគេម្តងម្នាក់ៗ ក្នុងន័យព្យាយាមរកចម្លើយ…តែ…គ្មាននរណាងើបមុខ។ មនុស្សដែលខ្ញុំគួរ​ជឿ​ជាក់​​​បាន​មាន​តែរចនាទេ ទុកថានាងជាសត្រូវរបស់ខ្ញុំទៅចុះព្រោះ​នាងធ្លាប់ដៀលខ្ញុំត្រង់ៗកាលទើប​ស្រឡាញ់​គ្នា​ជាមួយប្រពន្ធខ្ញុំ។

ឯងជាក្មេងមិនទាន់ជ្រុះពន្លៃពីក្បាលផងទេ មកចង់ស្រឡាញ់ស្រីស្អី? មិនទាន់ទាំងមាន​ការងារធ្វើផង​បានអី​ស៊ី? (ខ្ញុំ​មិន​ហ៊ាន​តបទៅនាងវិញទេ ព្រោះខ្ញុំដឹងថាបើខ្ញុំហ៊ានត​មាត់តែមួយម៉ាត់ ខ្ញុំនឹងអស់ក្រេឌីតភ្លាម នាង​ជា​មនុស្ស​ស្និទ្ធ​នឹង​រក្សា​ប៉ុណ្ណា​ខ្ញុំដឹង) ម៉េច​ការហើយចង់ស៊ីគ្រឿងសមុទ្រហ្អី?

ខ្ញុំកាន់តែច្បាស់ក្នុងចិត្តទៀតហើយថាប្រពន្ធខ្ញុំពិតជា…ព្រោះសូម្បីរចនាក៏សម្លឹងមើល​មកខ្ញុំទាំងយំហូរ​ទឹក​ភ្នែក​រហាម​​ហើយ​ប្តី​នាង​កំពុងហុចក្រដាសជូតទឹកភ្នែកឱ្យ។

ព្រះអើយ នាងស្លាប់បាត់ហើយពិតមែន! មើលចុះរូបថតនាង និងយាយទួត គេដាក់នៅ​ទន្ទឹមគ្នាលើ​តុមួយ​នៅ​​ខាង​​ឆ្វេង​ដៃ​ដោយមានផ្សែងធូបកំពុងហោះហើរ មានរៀបអាហារ​ដាក់នៅ​ខាងមុខពីរថាសផង។

ពីមុនឡើយបេះដូងខ្ញុំរំភើបព្រោះត្រេកអរ ដល់ថ្នាក់ខំរៀបឬកពារ រីករាយបន្តិច គិតបន្តិច ញញឹមបន្តិច​ដូច​មនុស្ស​​មិនសូវ​គ្រប់ទឹក ខំតែងខ្លួនស្អាតជាងថ្ងៃធ្វើការទៅទៀតព្រោះខ្ញុំគិតថា​មកទីនេះខ្ញុំមុខជាបានជួប​នាង តែ​ពេល​នេះ​ខ្ញុំស្លុត…ពេក​បេះដូង​របស់ខ្ញុំ​ស្ទើរ​តែឈប់លោត ខ្ញុំក្រោកដើរចេញពីកន្លែងអង្គុយ​ដោយនឹកក្នុង​ចិត្ត​ថា​ម្តេចក៏ទៅជាក្រឡាស់ដូចបាតដៃ​និងខ្នងដៃ​អញ្ចឹង? ម៉េចក៏នាង​ស្លាប់​បាត់ទៅហើយ ឯខ្ញុំមិនដឹងរឿង​នេះ​ទាល់តែ​សោះរួចខ្ញុំខ្លួនឯងត្រូវចូលមកក្នុងពិធី​បុណ្យ​របស់​នាង​ទាំងល្ងីល្ងើអ្វីយ៉ាងនេះ? ក្រុមគ្រួសារ​នាង​គ្មាននរណាម្នាក់​និយាយ​ប្រាប់ខ្ញុំថារឿងរ៉ាវនាងយ៉ាងណាៗទេ តែនៅ​​ពេល​នេះ…មនុស្សដែលខ្ញុំរង់ចាំ​ជាង​ប្រាំ​មួយ​​ឆ្នាំ​ស្លាប់​​ចោល​​ខ្ញុំហើយ មនុស្ស​នៅជុំវិញខ្លួនខ្ញុំនៅទីនេះគ្មាននរណា​ទុក​​ខ្ញុំជា​​​មនុស្ស​​​ម្នាក់​​ទេ ពួកគេ​ទុក​ខ្ញុំ​ជា​ទីងមោងឬអ្វី? ពួក​គេ​ទុកខ្ញុំជាមនុស្សគ្មានវិញ្ញាណឬអ្វី? ប្រពន្ធខ្ញុំ​ស្លាប់គេ​អត់​​មាន​​ប្រាប់​​​ខ្ញុំ​​មួយ​​មាត់ គេទុក​ឱ្យ​ខ្ញុំ​ដើរ​លេង​​សើច យ៉ាង​​សប្បាយ​ក្នុង​ពេលដែល​មនុស្សដែលខ្ញុំស្រឡាញ់បំផុត នឹកដល់បំផុត​ទៅ​ចោល​ខ្ញុំ។ ខ្ញុំចង់ចេញឱ្យបាត់​កុំ​ឱ្យ​​ឃើញ​មនុស្សម្នានៅទីនេះទៀត លុះដើរដល់មាត់ទ្វារដៃដ៏ទន់ល្មើយរបស់​ក្មួយ​ស្រី​ខ្ញុំ​​ក៏​ចាប់​​ទាញ​​​ខ្ញុំមកវិញ មាន​​តែវាម្នាក់ទេដែលចង់ឱ្យខ្ញុំបានដឹងពីដំណឹងប្រពន្ធខ្ញុំ មានតែវាម្នាក់ទេ​ដែល​មាន​ចេតនា​ចង់​ឱ្យខ្ញុំមក​ទី​នេះ​​បាន​ស្វែងយល់ពីការពិត ដូច្នេះខ្ញុំក៏សម្រេចចិត្តឈប់​សិនហើយខ្ញុំបេះដៃវាចេញ តែ​វា​មិនព្រម វាប្រហែល​ជាគិត​ថា​​ខ្ញុំ​ចង់​ទៅទើបកន្រ្តាក់​ទាញ​ដៃ​ខ្ញុំ​មួយចំហៀងដោយដៃទាំង​ពីរ​របស់​វា​ពេញ​​ទំហឹង។ ខ្ញុំក៏ព្រមចូលទៅតាម​ការ​អូស​ទាញ​របស់​វា ដល់កៅអីថ្មខាងមុខផ្ទះខ្ញុំក៏ដាក់ខ្លួនអង្គុយ​ដោយ​មិន​ចូល​ទៅក្នុងទេ ចាំ​លោក​សូត្រចប់ខ្ញុំនឹង​និយាយជាមួយ​ម្តាយ​ក្មេក​ឱ្យ​ដឹងរឿងម្តង។ រឿងអីគាត់ធ្វើបែបនេះ​ដាក់ខ្ញុំ? ទន្ទឹមនឹងចិត្តសន្សំចាំរករឿងគេ ខ្ញុំ​អន្ទះ​​អន្ទែងព្រោះតែនាង​ស្លាប់​បាត់​ទៅ​ហើយ​ទាំង​ដែល​ខ្ញុំ​មិន​បាន​ដឹង​រឿង​អ្វីបន្តិចសោះ ខ្ញុំនៅទន្ទេញពាក្យ​មួយ​ឃ្លា​​ដដែលៗ ៖ នាង​​ស្លាប់​បាត់​​ទៅ​​ហើយ មនុស្ស​ដែល​ខ្ញុំ​រង់ចាំ​ជួប​ជាង​ប្រាំ​មួយឆ្នាំ…ទន្ទឹងរាល់ព្រឹកល្ងាច…​ទន្ទឹង​រាល់​វិនាទីដែល​ខ្ញុំនៅដកដង្ហើម…​ពេល​នេះ​…​​នាង​​ស្លាប់​​បាត់​ទៅ​ហើយ…ខ្ញុំទ្រាំមិន​បានខ្ញុំស្រែក «ហ្អឺស!» មួយ​ទំហឹង។ ខ្ញុំទ្រាំៗ! ទ្រាំតាមភាពអំណត់របស់ខ្ញុំ​…​អ្នក​​ទាំង​​​អស់​​​គ្នាត្រៀមខ្លួនទៅ បើខ្ញុំអាចទ្រាំបានខ្ញុំនៅទ្រាំ តែបើ​ខ្ញុំ​មិនអាចទ្រាំបាន…កុំបន្ទោស​ខ្ញុំឱ្យសោះ ខ្ញុំនឹង​រក​រឿង​​ពួក​គេ​​ឱ្យ​​ដល់​​ទីបញ្ចប់…គេនាំគ្នាកុហកខ្ញុំៗ…​ហ៊ឹស

ក្រោយវេរចង្ហាន់ និងទេយ្យទាននានារួចមក លោកក៏ត្រូវនិមន្ត​ទៅ​វិញតាម​រថយន្ត​របស់​សិរីដែលបានទៅដឹក​លោក​​មក។ ចាស់ៗ​ជូនដំណើរលោក មុននឹង​តេជគុណនិមន្ត​ទៅ​ លោកបានផ្តល់ដំបូន្មានដល់ខ្ញុំ ៖

ញោម! គ្មានអ្វីដែលស្ថិតស្ថេរ ដែលទៀងទាត់ទេនៅលើលោកយើងនេះ។​ ចូរខំ​កាត់​ចិត្ត​អំពី​សេចក្តីទុក្ខដែល​កំពុង​​ដឹកនាំ​ញោម​ទៅរកអន្តរាយនាពេលខាង​មុខ។ បើញោម​ឆាប់​កាត់​ចិត្តបានពីទុក្ខ ញោមក៏នឹងឆាប់បាន​រួច​ផុត​ពីទុក្ខដែរ។ កុំថា​ឡើយ​ជីវិត​នៃ​មនុស្ស​សត្វ​ដែលមិនទៀង សូម្បីធម្មជាតិក៏មិនទៀងដូចគ្នា យើងទាំងអស់​គ្នាមិនដឹងថា​ថ្ងៃណា​ដែល​ជា​អវសាន្ត​របស់យើងឡើយ។

សង្ឃដីការបស់តេជគុណគ្មានចូលក្នុងត្រចៀកខ្ញុំអីបន្តិចទេ។ ម្តាយក្មេកខ្ញុំបានដើរមកជិតខ្ញុំ គាត់លូកដៃមក​ចាប់​ស្មាខ្ញុំ ខ្ញុំ​ខឹង​ណាស់ទោះមានទឹកមួយ​ឡានក៏មិនអាចពន្លត់ភ្លើងកំហឹងនៅក្នុងទ្រូងខ្ញុំបានទេ កំហឹង​របស់​ខ្ញុំ​គឺ​​មាន​តែមួយគត់ខ្ញុំ​ខឹង​ខ្លួនឯងដែលមិនព្រមស្វែង​រកដំណឹងនាងតាំងពីយូរមក ដល់ពេល​មក​ដឹង​ដំណឹង​គឺ​នាង​​ស្លាប់​​​បាត់​ទៅ​ហើយ តែខ្ញុំអន្ទះ​អន្ទែង​មិនដឹងបន្ទោសនរណា​បានខ្ញុំបែរជា​ងាក​មក​ខាំ​គ្រួសារ​ខាង​​ម្តាយ​ក្មេក​ខ្ញុំ​ហើយ​គិតថាគាត់ជា​អ្នកដើមហេតុនាំឱ្យ​ខ្ញុំ​ក្លាយ​ជាទីងមោងចាំចាប។ ខ្ញុំ​សម្លឹងពួកគាត់​ក្នុង​ក្រសែ​ភ្នែក​​ប្រកប​​ដោយ​​​គំនុំ។

គាត់ដើរចូលទៅខាងក្នុង រួចចេញមកវិញដោយក្នុងដៃមានកាន់ប្រអប់ក្រដាសទំហំមួយ​អោបមនុស្សចាស់។ គាត់​យក​មក​ដាក់នៅមុខខ្ញុំរួចដើរទៅយកកូនកន្សែងដៃរបស់គាត់​។​ គ្រាន់តែខ្ញុំសម្លឹងទៅវា ម៉ាក់និយាយទាំង​អួល​​ដើមក៖

នេះជារបស់របរប្រពន្ធឯងដែលសល់ពីមន្ទីរពេទ្យមក…វាឱ្យម៉ាក់…ទុកកេស​នេះ​ឱ្យ​កូនឯង។

នៅលើនោះខ្ញុំឃើញទឹកដៃអក្សរប្រពន្ធខ្ញុំសរសេរ ខ្ញុំចាំបានច្បាស់ណាស់នូវតួអក្សររបស់​នាង ព្រោះកាលនៅ​ជាមួយ​គ្នា​នាង​តែងជួយសរសេរអត្ថបទរបស់ខ្ញុំ។

«សូមកុំប្រាប់ប្តីខ្ញុំថាខ្ញុំស្លាប់ឱ្យសោះ តែបើគាត់រៀបការហើយប្រាប់ក៏ប្រាប់ទៅចុះ។ ​ខ្ញុំ​មិន​​ចង់​ឱ្យ​គាត់​ខូច​ចិត្ត​ទេ ​ខ្ញុំចង់​ឃើញ​គាត់មានជីវិត​គ្រួសារ មានសុភមង្គលដូចគេឯង ដល់​​ពេល​នោះទោះគាត់ដឹងថាខ្ញុំ​ស្លាប់​​ទៅ​ហើយ​​ក៏​គាត់​​នឹង​​មិន​​សូវ​​ខូច​​ចិត្ត។ ខ្ញុំសុំតែ​ប៉ុណ្ណឹង​​​ទេ​ពីញាតិមិត្តទាំងអស់។»

ម្តាយក្មេកខ្ញុំនិយាយរៀបរាប់បណ្តើរជូតទឹកភ្នែកបណ្តើរ ខ្ញុំឃើញប៉ាសម្លឹងមិនដាក់ភ្នែក​ទៅរករូបថតកូនស្រី​ដែល​​ព្យួរ​ជាប់​ជញ្ជាំង…នាងកំពុងញញឹមពព្រាយ ហាក់គ្មានដឹង​ខ្លួន​ថា​នាងបានចាកចោលពួកយើងទៅ​ហើយ​ទេ៖

តាមពិតទៅ វាមិនឱ្យយើងប្រាប់ឯងទេ មើលតែលើប្រអប់ក្រដាសនេះទៅ! នេះក៏​ដោយ​សារ​ក្មួយឯងវាទៅ​និយាយ​ប្រាប់​ឯង…

…រួចម៉ាក់ក៏ប្រុងលាក់នឹងខ្ញុំរហូតឬ?…

យើងគិតថាចាំពេលឯងមានគ្រួសារហើយចាំប្រាប់។

ម៉ាក់មិនដែលគិតទេអី?…ម៉ាក់ដឹងថាខ្ញុំគិតពី​នាងចង់ឆ្កួតហើយទេ? (ខ្ញុំស្រែកគំហកឱ្យគាត់រាងធ្ងន់​សម្លេង​បន្តិច)

អញគិតថា ទោះឯងដឹងមុនឬក្រោយក៏វាមិនអាចត្រឡប់មកវិញបានដែរ។ អញក៏​បណ្តោយតាមកម្មទៅចុះ រួចក៏​គិតថា​​ពួក​ឯងមានវាសនាបានជួបគ្នាត្រឹមជាគូកម្មទេ…​វាមិនដែលប្រាប់ម៉ែឪថាឈឺអី កើតអីទេ កុំថា​តែ​ឯង​ដែល​ជា​ប្តីវា។ ប៉ាឯង​ខឹង​ឡើង​ហ៊ឹង​ស្លឹក​ត្រចៀកពេលដឹងថាវាឈឺជម្ងឺនេះ។ យប់ដែលឯងមករកវានោះ វាបាន​រៀប​វ៉ាលីស​​ដោយប្រាប់​ម៉ាក់ថា​ទៅ​ធ្វើការនៅចិនពីរឆ្នាំ ពេល​មកវិញចាំវា​និយាយ​ប្រាប់រឿង​ឯង​ឈ្លោះ​គ្នា។ ដល់​ពេល…ចូលដេកពេទ្យព្រោះឈឺធ្ងន់ រចនា​ក៏​មក​ប្រាប់​ថាវាចូល​ពេទ្យ​…​ម៉ាក់ទៅ​ដល់​​ក៏​អត់​មាន​បាន​និយាយ​​អី​គ្នា​​ដែរ…គ្រាន់​តែផ្តាំថា​ទុករបស់ទាំងនេះ​ឱ្យ​ឯង​​​ផង តែ​ផ្តាំ​ផ្តាច់​ថាមិនឱ្យនិយាយប្រាប់ឯងទេ រួច​វា​ក៏​ត្រូវ​​ចូល​បន្ទប់​​សង្រ្គោះបន្ទាន់​ទៅ។​ ហើយ…​ពេល​ចេញមក​វិញ​មិន​បាន​មួយ​ថ្ងៃ​ផង…​វា…​កូន​​ម៉ាក់​ស្លាប់​​បាត់​ហើយ…

ក្នុងទ្រូងខ្ញុំពោរពេញដោយការអាមាស់ ប្រពន្ធស្លាប់ទាំងដែលខ្ញុំជាប្តីបានក្លាយជាអាវែក​ពិតប្រាកដ សេចក្តី​ខ្មាស​​អៀន​នេះ​បែរ​រឹតបង្កទៅជាគំនុំទាំងមិនដឹងថានរណាជា​សត្រូវពិតប្រាកដ ខ្ញុំក៏ជះកំហឹង​ទៅ​លើ​មនុស្ស​នៅ​​ជុំ​វិញ​ខ្លួន​ខ្ញុំ​ទាំងនេះ​ដែល​កំពុង​សម្លឹង​មកខ្ញុំពោរពេញដោយទឹកភ្នែក តែចំពោះ​ខ្ញុំ​ការ​កុហក​នេះ​ជា​ការ​ចំអក​មើល​​ងាយទៅ​វិញ​ ខ្ញុំទ្រាំស្តាប់​គាត់​មិន​បាន​ទៀត​ទេ ខ្ញុំទ្រាំស្តាប់ទាំងមិនជឿជាក់លើមនុស្សដែលធ្លាប់កុហក​ខ្ញុំមិន​បាន​ទេ។

ជម្រាបលា! (និយាយទាំងកំបុតថ្ងុយទៅពួកគាត់ដែលកំពុងមកឈរស្តាប់ម្តាយក្មេក​ខ្ញុំ​ដោយមិនទាំងលើក​ដៃ​សំពះ​របៀប​មហា​ឈ្លើយបែបនេះ​ខ្ញុំកន្រ្តាក់ប្រអប់ក្រដាសរួចដើរ​ចេញពីគាត់ ដើរ​មកដល់ខាងមុខតុដែលគេ​ដាក់​តាំងរូបនាង​និង​យាយ​​​​ទួត ខ្ញុំក៏ដកយក​រូបថតនាងមកកាន់ជាប់ដៃរួចដើរតម្រង់ឡាន​ខ្ញុំដោយគ្មានងាក​ក្រោយ​សោះ គ្មានរវល់ថា​នរណា​ស្រែក​​ហៅ នរណានិយាយថាយ៉ាងម៉េចទេ សំខាន់សូមឱ្យខ្ញុំបានចេញផុត​ពីមុខ​​មនុស្សដែលមិនទុកខ្ញុំ​ជាមនុស្សម្នាក់​ដូច​ពួក​​គេ)។

ខ្ញុំឥតដឹងខ្លួនថាខ្ញុំបើកឡានមកបានតាមរបៀបណា បានជួបនរណាខ្លះតាមផ្លូវ ឆ្លងភ្លើង​ស្តុបប៉ុន្មាន ហើយចត​ឡាន​ទុក​នៅ​ឯណាទេ តែពេលដែលប្រមូលអារម្មណ៍បានមកវិញ​គឺខ្ញុំកំពុងតែនៅក្នុងផ្ទះ អង្គុយចំកណ្តាល​ផ្ទះលើការូ នៅពីមុខ​ខ្ញុំ​មាន​​ប្រអប់ក្រដាសនេះ។ ខ្ញុំសញ្ជឹងមួយរយៈបន្ថែមទៀត អាប្រអប់ក្រដាសនេះមាន​តម្លៃ​អីទៀតចំពោះខ្ញុំបើមនុស្ស​ដែលខ្ញុំ​រង់ចាំ​ប្រាំមួយឆ្នាំបានឃ្លាតពីខ្ញុំទៅហើយ? ពីដំបូងឃ្លាតទៅព្រោះនៅ​​សង្ឃឹម​ថា​មាន​​ថ្ងៃ​អាចជួប​គ្នា​បាន តែពីពេលនេះទៅ​កុំ​សង្ឃឹមថាបានជួបនាងទៀត!

ខ្ញុំបើកប្រអប់ក្រដាសឡើង។ នៅក្នុងប្រអប់ក្រដាសពណ៌ពព្លក់ដោយសារដីកាន់ និង ទំនងជា​មាន​មនុស្ស​បើក​​បិទ​​ជាញឹក​ញាប់ ខ្ញុំឃើញមុនគេនូវ កូនតុក្កតាពណ៌លឿង​មួយ​ធំ​ពេញប្រអប់ ​នៅពីក្រោមគឺ ប៊ិច​ផេន​ធែល​​ហៃប្រ៊ីជ​​តិចនិចកា​ពណ៌​ខៀវ​ដែលខ្ញុំចូល​ចិត្ត​ប្រើ ចិញ្ចៀនបញ្ចាំស្នេហ៍​ដែល​ខ្ញុំ​ជូន​នាងសុំរៀបការ កាត​ជូន​ពរ​ខួប​កំណើត​មួយ សៀវភៅ​មួយក្បាល នៅ​ពីក្រោម​នោះ​ទៀតមាន ក្រវាត់កពណ៌ខៀវស្រស់​ដែល​ជា​ពណ៌​ខ្ញុំ​​ពេញ​ចិត្ត​បំផុត អាវសឺមីពណ៌ស អាវធំពណ៌ខ្មៅ​និង​ខោ​មួយ​សម្រាប់។

ខ្ញុំទាញចិញ្ចៀនមកពិនិត្យមើល ស្រមៃដល់កាលទិញវាជូននាងដើម្បីសុំរៀបការ គឺនៅ​​ពេល​នាង​កំពុង​ធ្វើ​ម្ហូប។

«អូនៗ! បងមានរឿងមួយចង់សុំអូន!

ចាស?

ខ្ញុំលូកយកចិញ្ចៀនទាញមកបំពាក់ជូននាង នាងភ្ញាក់ព្រើតសួរមកខ្ញុំ៖

ស្អីគេហ្នឹង?

ព្រមធ្វើជាភរិយារបស់បងទៅណា?

នាងញញឹមខ្ជឹប៖ រួចសុំអីក៏ងាយម៉្លេះ? បងឯងស្មានថាអូនព្រមធ្វើជាប្រពន្ធបងហ្អេះ?… ត្រូវលុតជង្គង់ផង…​(ខ្ញុំក៏​លុត​ជង្គង់)…ហើយត្រូវស្បថផងថាស្រឡាញ់តែអូនម្នាក់គត់។

ខ្ញុំក៏លើកដៃស្បថ៖

បងសូមសច្ចាថាបងស្រឡាញ់តែអូនម្នាក់គត់ មិនមានមនុស្សស្រីផ្សេងជំនួសតំណែង​អូននៅក្នុងបេះដូងបង​ឡើយ…

ល្អហើយចឹង! (ខ្ញុំប្រុងងើបឡើង)…នៅមិនទាន់ចប់ទេ!

ឱ្យបងធ្វើអីទៀត?

នាងក៏លុតជង្គង់ចុះមកជិត រួចលោថ្ពាល់ដ៏សែនស្រស់របស់នាង​មករកច្រមុះរបស់ខ្ញុំ៖

ថើបអូនមួយមក៍…

ខ្ញុំសប្បាយចិត្តណាស់ដែលនាងព្រមរស់នៅជាមួយខ្ញុំដោយពេញចិត្តបែបនេះ។ យប់​នោះ​យើងនាំ​គ្នាទៅជប់​លៀង​​នៅ​ហាង​អាហារជប៉ុនទល់​មុខវត្តបុទុមអស់​ប្រាក់ជាងមួយ​រយដុល្លារ។»

ហ៊ឺ! ចិញ្ចៀននេះលែងមានម្ចាស់វាហើយ ខ្ញុំក៏ពាក់ចិញ្ចៀននេះនៅនឹងដែកគោលដែល​នាង​បាន​ដំ​លើ​លក្ខ​ខណ្ឌ​ស្នេហា​​នៅ​​ជាប់​ជញ្ជាំង។ ខ្ញុំចង់បានពេលវេលាពីមុនមកត្រឡប់វិញ​ណាស់។ កាត​​ជូន​​ពរ​​ខួប​កំណើត​​របស់​​ខ្ញុំ​​ដែល​​​នាង​​បាន​សរសេរវា​ទុក​សម្រាប់ឆ្នាំពីរពាន់​ប្រាំខែប្រាំបី។ ដោយសារតែខឹងពេក ខ្ញុំ​មិន​បាន​ដឹង​​ពី​មូល​ហេតុ​ដែល​​​នាំឱ្យនាងស្លាប់ មិន​បានដឹងពី​ថ្ងៃខែឆ្នាំ​ដែលនាងស្លាប់សោះ។ ហេតុអីទៅ អូន​ទៅចោលបង​ទាំង​សោះ​​កក្រោះ​​បែប​នេះ? សូម្បីតែប៊ិចដែលបងចូលចិត្ត​សរសេរ​ក៏អូននៅចាំបានដែរ អូន​សម្លាញ់! បើ​អូន​នៅ​​ស្រឡាញ់​បងម្ល៉ឹងៗ​ម្តេច​សុំ​បែក​ពី​បង? អូនមានមនុស្សដែលអូន​ស្រឡាញ់​ថ្មីទៀតហ៍ស? ពេល​នេះ​ឱ្យ​បង​ធ្វើ​ម៉េចទៅ?

ខ្ញុំទាញយកសៀវភៅមកមើល។ គឺជាកំណត់ហេតុ។ នាងជាអ្នកសរសេរវា សន្លឹកដំបូង​ដែល​ខ្ញុំបើកចំគឺ ៖

១ មករា ២០០៥

បងបានឡើងទៅជួសជុលដំបូលផ្ទះតាមសំណូមពររបស់ខ្ញុំ។ ពេលនេះទឹកភ្លៀងលែង​ហូរចូលដូចមុន និង​លែង​​សូវ​​​ក្តៅ​ខ្លាំង​​ទៀតហើយ។ សៀវភៅកំណត់ហេតុឆ្នាំមុននៅថ្ងៃ​ខួប​កំណើតខ្ញុំ​​ គាត់​ក៏​ជួស​ដំបូលដែរ​តែ​វា​នៅ​​តែ​លេច​​ទឹក។ សប្បាយ​​ចិត្ត​ពេលប្តីធ្វើតាម​អ្វីដែលបានប្រាប់។

៨ មករា ២០០៥

ថ្ងៃនេះខ្ញុំមិនសូវស្រួលខ្លួន។ ក្អួតខ្លាំងណាស់ ខ្លាចតែមានកូនទេ ឥឡូវការងារមាន​ច្រើន​កំពុង​រកប្រាក់បាន ខ្ញុំ​មិន​​ទាន់​ចង់​បាន​កូនទេ។ ជីវភាពរបស់ពួកយើងប្រសើរឡើង​ម្តងបន្តិចៗ ទាំងជីវិតស្នេហាផងដែរ។ សប្បាយចិត្ត​ណាស់​​ព្រោះ​មិន​សូវ​បាន​ឈ្លោះ​គ្នា។

៩ មករា ២០០៥

អាណាមករកប្រាប់ថាមានការងារថ្មីមកឱ្យ។ គេកម្ម៉ង់រ៉ូបរៀបការ គេចូលតែព្រះវិហារ​គ្រឹស្ត​ទេ។ កំពុងតែចង់​រៀបការ​ផង ខ្ញុំ​គិតថាខ្ញុំនឹងបញ្ចេញស្នាដៃឱ្យអស់លទ្ធភាព បំណាច់ខ្លួន​ឯងមិនទាន់បានរៀបការ​​ចេញ​ម៉ូត​ឱ្យ​គេ​​សិន​​ចុះ ចាំដល់ពេល​ខ្ញុំ​វិញ​ខ្ញុំអាច​នឹង​មានម៉ូតថ្មីផងមិនដឹង 😀 ។ ប្តីខ្ញុំប្រុងនាំខ្ញុំទៅ​លេង​មណ្ឌល​គីរី​នៅ​ថ្ងៃសុក្រ-សៅរ៍-អាទិត្យ​នេះផង ពេលនេះ​លែង​បាន​តោងកន្ទុយប្តីទៅដើរលេងហើយ។ ពួកគាត់ទៅតាមធួរ​ជាមួយអ្នក​នៅកន្លែងធ្វើការគាត់។

១២ កុម្ភះ ២០០៥

រវល់តែជាមួយរ៉ូបរបស់គេ ខ្ញុំសង្កេតឃើញថាបងផ្លាស់ទម្លាប់ច្រើន។ គាត់មិនសូវញ៉ាំ​បាយល្ងាចជាមួយខ្ញុំទេ មិន​សូវ​ចុះ​ខេត្ត​តែទៅជប់លៀងជាមួយមិត្តភ័ក្តិញឹកណាស់។ ខ្ញុំ​បារម្ភនឹងគាត់ដែលចេះតែដើរយប់។ បារម្ភៗៗៗ គិតចង់ឆ្កួតទៅ​ហើយ តើគាត់កើតអី​បានជាមិនសូវរវីរវល់ជាមួយខ្ញុំ?

១៥ កុម្ភះ ២០០៥

សំណាងណាស់ យប់មិញលោកប្តីចេះនឹកឃើញនាំទៅញ៉ាំអីខាងក្រៅ ហើយមាន​បាច់​ផ្កា​កុលាប​ក្រហមជូន​ខ្ញុំផង។ គ្មាន​អី​សប្បាយជាងប្តីផ្គាប់ចិត្តទេលោកអើយ ស្រឡាញ់​ណាស់…

១៨ កុម្ភះ ២០០៥

អាណាទាក់ទងទៅពួកម៉ាកនៅជប៉ុនបានហើយ គេឱ្យដំណឹងល្អមកពួកយើងឱ្យធ្វើគម្រូម៉ូតរដូវរងា​ឱ្យ​​គេ​មួយ​ពីរ​​សិន បើ​បាន​ហាង​នោះ​ពេញ​ចិត្ត​យើងត្រូវទៅធ្វើការនៅទីនោះញឹកណាស់។ តែមានការងារមួយ​ទៀត​មក​ដល់​​ដែរ​ហើយ អាណា​ជា​មនុស្ស​ពូកែ​ទាក់ទងគេណាស់​ នៅខាង​ជប៉ុន​ដែរ​តែ​ជា​មិត្ត​ភ័ក្តិ​បងវិសាល​ណែ​នាំ​ឱ្យ​ស្គាល់ មានការងារថ្មី​ហើយធំដុំ​ផង។ ត្រូវទៅចូលរួមការងារជាមួយ ម៉ាមី គុម៉ាហ្គៃ ដែល​ជា​ជើង​ចាស់​ឌី​សាញ​នៅ​ជប៉ុន មាន​ហ្វេសិន​រដូវក្តៅ​នៅខែ​សីហា ដូច្នេះ​ត្រូវ​ទៅ​ធ្វើ​ឱ្យបានខ្លះជាមួយគេ។ ការងារ​នេះ​​មាន​​លុយ​ច្រើន តែមិនចង់​ទៅចោលប្តីសោះទើប​តែត្រូវ​គ្នា​វិញ​ផង។ លុយ និង​ប្តី​យក​មួយ​​ណា​ទៅ?

២០ កុម្ភះ ២០០៥

ជូនដំណឹងទៅគេហើយ។ យើងទៅពីរនាក់ អាណា និងខ្ញុំ។ រៀបចំចេញដំណើរនៅពីរ​ថ្ងៃទៀត។ មិន​ដឹង​ម៉េច​ទេ​​ដូច​​ជា​​​មិន​ចង់ទៅចោលប្តីសោះ។ តែក៏មិនចង់ធ្វើជាចាខ្វៃដែរ ព្រោះគួរឱ្យធុញពេលនៅជាមួយគ្នាញឹកពេក ឈ្លោះ​គ្នា​ក៏ឈ្លោះ ស្រឡាញ់​ក៏ស្រឡាញ់។

៧ មេសា ២០០៥

បែកគ្នាជាងមួយខែហើយ។ ជាពិសេសភ្លេចសៀវភៅកំណត់ហេតុនៅផ្ទះ។ គាត់នៅតែ​ដូចពីមុនគឺដើរ​បាត់​ពី​ផ្ទះ សូម្បីថ្ងៃ​នេះ​ខ្ញុំទើបមកដល់ក៏គាត់ទៅញ៉ាំបាយជាមួយមិត្តដែរ។ ​ខ្ញុំមិនសំខាន់ចំពោះគាត់ទេឬ? ឈឺ​ចិត្ត​ណាស់​ ទៅទទួលខ្ញុំហើយ​គាត់​សុំទៅជប់លៀង​សិន។ អស្ចារ្យលោកប្តីខ្ញុំ គាត់គ្មាននឹកខ្ញុំទេ!

១៣ មេសា ២០០៥

ចូលឆ្នាំ​ឆ្នាំនេះខ្ញុំទៅលេងជាមួយម៉ាក់ គាត់បន្ទោសថាមិនសូវរវីរវល់ជាមួយគាត់សោះ។ ខ្ញុំអាងថាគាត់​មាន​បង​ខេមា​នៅ​ជាមួយ​ហើយបានជាមិនសូវទៅមើលគាត់។ បានជូន​អីវ៉ាន់គាត់សម្រាប់ចូលឆ្នាំដែរ។ ប្តី​ខ្ញុំ​គាត់​ក៏​ជូន​​លុយ​ម៉ាក់ខ្ញុំដែរ តែ​ម៉ាក់​គាត់ៗមិនព្រម​នាំ​ខ្ញុំទៅលេងសោះ។ មិនយល់!

ចេញពីផ្ទះម៉ាក់គាត់ទៅខ្ចីឡានពួកម៉ាកគាត់នាំខ្ញុំទៅលេងកំពង់សោម។ យើងមកដល់ម៉ោងបីល្ងាច។ ខ្ញុំគិតគ្នា​ជាមួយ​គាត់​ថាត្រូវសន្សំលុយទិញផ្ទះ និងមានឡានមួយដែរដើម្បីងាយស្រួលដើរលេងឆ្ងាយៗ។

១៥ មេសា ២០០៥

មកលេងកំពង់សោមបានពីរថ្ងៃហើយ តែក៏ឈឺក្បាលដាក់ថ្នាំ​មិនបាត់។ ត្រូវត្រឡប់​ទៅ​វិញ​ស្អែកនេះ ដែល​តាម​​ពិត​​ទៅ​យើង​សន្យាថានឹងទៅ​លេងកោះកុង​ដល់ថ្ងៃ១៧​បាន​ទៅ​ភ្នំពេញវិញ។ គាត់អស់សប្បាយ​​ហើយ​ពេល​ខ្ញុំ​​ឈឺ។ ខ្ញុំ​អាណិតប្តី​ខ្ញុំ​ណាស់ គាត់អត់ព្រម​គេង​ទេពេលខ្ញុំឈឺក្បាលមួយយប់ យំរហូត។ ឈឺ​ខ្លាំង​ណាស់។ ប្រហែល​ត្រូវ​ទៅ​ពេទ្យ។

១៧ មេសា ២០០៥

ពិបាករកពេទ្យ គេឈប់ថ្ងៃចូលឆ្នាំដែរ។ ទៅពេទ្យវិសាលសុខ គេថតឃើញថា​ខ្ញុំមានដុំ​សាច់​ក្នុងខួរក្បាល។ ទៅ​​ពេទ្យ​​កាល់​ម៉ែត គេថាណាត់ជួបជាមួយម្តងទៀតនៅថ្ងៃ​ច័ន្ទ។ បើសិនជាមានដុំសាច់ក្នុងខួរក្បាលមែន ខ្ញុំ​ខ្លាច​​តែ…​ដូច​ប្អូន​ស្រីខ្ញុំ​ទេ។

១៨ មេសា ២០០៥

ព្រឹកនេះ មុនពេលទៅជួបពេទ្យ ខ្ញុំបានចូលទៅហាង។ មានដំណឹងល្អពីអាណា។ វាថា​កាលឆ្នាំមុន​មាន​រៀបចំ​ការ​បង្ហាញ​ម៉ូត​នៅសៀងហៃ យើងបានសុំចូលរួមជាមួយក្រុមហ៊ុន​ហ្វាងហៃ ស៊ីនជឺ តែគេមិនឃើញ​ទាក់ទង​មក​​សោះ តាមពិត​ក្រុម​ហ៊ុន​នោះមិនសូវល្បីអី​ប៉ុន្មានទេ តែគេពូកែដេញថ្លៃការងារបានច្រើន និងចេះរក​ម៉ូត​ពី​អ្នក​​រក​ស៊ី​​តូច​តាច​ដូច​​យើង​ទៅ​ធ្វើ​​ឱ្យ​គេ។ ឥឡូវ​គេ​ឱ្យ​ដំណឹង​ថា​ទៅ​ជជែក​គ្នា​ជាមួយ​គេ​នៅ​អាទិត្យ​ក្រោយ។ មិន​​ទាន់​បាន​​ត្រៀម​អី​តិច​ផង​ណា​មួយ​ឈឺ​ញឹក​​ណាស់ ឈឺម្តងៗស្ទើរសន្លប់ទៅហើយ។

ដល់ទៅជួបពេទ្យ គេថាខ្ញុំមានដុំសាច់ក្នុងខួរក្បាល។ មួយរយៈនេះវាចាប់ផ្តើមរីកធំបាន​ជាធ្វើឱ្យខ្ញុំឈឺចាប់ ប្រហែល​ជា​ដោយ​សារខ្ញុំគិតច្រើនពេក។ ខ្ញុំត្រូវឆាប់ព្យាបាលបានៗ។

ប៉ុន្មានថ្ងៃនេះចេះតែសង្ស័យ​អាតាប៉ិហ្នឹងណាស់ ពេលចុះទៅខេត្តត្រឡប់មកវិញ​មិន​ដែល​​មានពេលល្អូកល្អឺន​គ្នាទេ បែប​មាន​ស្រីនៅខេត្តហើយមើលទៅ។ កុំឱ្យខ្ញុំទាន់ឱ្យ​សោះ បើមិនអញ្ចឹងទេ ខ្ញីហើយ។

២៣ មេសា ២០០៥

លោកប្តីខ្ញុំយកចិត្តយកថ្លើមខ្ញុំណាស់។ ជួយរៀបអីវ៉ាន់ ជួយជូនទៅឡើងកប៉ាល់ហោះ​ទាំង​កណ្តាលអធ្រាត្រ។ ខ្ញុំ​សប្បាយ​ចិត្ត​ទោះបីមានពេលខ្លះសង្ស័យគាត់ក៏ដោយ​តែគាត់​បានធ្វើល្អចំពោះខ្ញុំហើយ។ ខ្ញុំទៅតែពីរថ្ងៃទេ។

២៦ មេសា ២០០៥

ការងារដំណើរការបានល្អ​គេព្រមសហការជាមួយយើងតែត្រូវទៅបញ្ចេញស្នាដៃ​សិន។ ​យប់មិញគាត់ទៅចាំ​ខ្ញុំ​ចុះ​ពី​កប៉ាល់​ហោះ។ ដោយសារជើងហោះហើរចេញយឺតគាត់ត្រូវ​ខក​ម៉ោងចាំខ្ញុំដល់ទៅមួយម៉ោង។ គាត់​គួរ​ឱ្យ​​ស្រឡាញ់ណាស់ គាត់​ឥត​មានធុញទ្រាន់​នឹងការចាំខ្ញុំទេ គាត់ស្ទុះមកឱបខ្ញុំប្រហែលនឹកខ្ញុំខ្លាំងហើយ! មិនដឹងទេ ដឹង​តែថា​ពួក​យើង​​បើនៅជិត​គ្នា​ញឹកពេកឈ្លោះតែគ្នា តែបើមានពេលនៅបែកគ្នាខ្លះក៏ល្អ។ យើងមក​ដល់​ផ្ទះ​ម៉ោងពីរយប់។ ខ្ញុំក៏នឹកគាត់ណាស់ បែក​គ្នា​បីថ្ងៃសោះតែលើកនេះនឹកគាត់ខ្លាំង។

២៧ មេសា ២០០៥

មិនធុញទេក្នុងការសរសេររាល់ថ្ងៃព្រោះចង់កត់ទុកថាមួយឆ្នាំៗមានពេលល្អូកល្អឺនគ្នា​តិចឬច្រើន? ខ្ញុំមាន​អារម្មណ៍​ថា​​គាត់​ស្រឡាញ់ខ្ញុំជាងមុនទៅទៀត។ មានពេលខ្លះ​រឿង​នេះ​ក៏ជាចំណែកមួយជួយឱ្យពួកយើងកាត់​បន្ថយការរករឿង​ឈ្លោះ​ប្រកែកគ្នាដែរ។ ខ្ញុំ​បែងចែកមិនទាន់ច្បាស់ទេថាពួកយើង​ស្រឡាញ់គ្នាដើម្បី​​តែ​ប៉ុណ្ណឹង​​ឬ? ព្រោះថាពេលខ្លះ​គាត់មិន​ព្រម​យក​ចិត្តខ្ញុំទេ ដល់ពេលខ្លះប្រែប្រួលហួសពីធ្លាប់គិត។ តើជីវិត​វា​ផ្លាស់​ប្តូរ​​បែប​​​នេះ​ញឹក​ញាប់ដែរទេ? ហើយតើយើងទាំង​ពីរ​នាក់អាចកាន់ដៃគ្នាជាប់ដែរទេដើម្បី​ឆ្លង​កាត់​រឿង​នេះ​ផុត?

ថ្ងៃនេះអាណាបាននិយាយពីរឿងមានកូន ដើម្បីកុំឱ្យគាត់រើខ្លួនរួច។ និយាយដល់រឿង​នេះខ្ញុំក៏គិត។ តើ​ពួក​យើង​​ពិត​​ជា​​ស្រឡាញ់​គ្នា ឬក៏ស្រឡាញ់គ្នាដើម្បីកូន? «បើមានកូន​ទៅពួកឯងអាចនឹងនបន្តិចដែរ មិន​អាង​អី​បំបាំង​​ខ្លួន​​នោះ​​ទេ?» នេះ​ជា​រឿង​គួរតែគិត! ខ្ញុំ​មិនទាន់ចង់បានកូនទេចង់នៅប្រឹងរកលុយតិច​សិន​ គាត់​ក៏​មិន​ដែល​​និយាយ​ថាចង់បាន​កូន​ដែរ។ ប្រហែលពួកយើងមិនទាន់អាចធ្វើជាប៉ាម៉ាក់គេទេ។

ស្អែកនេះខ្ញុំត្រូវទៅជួបពេទ្យតាមការណាត់។ មើលខ្លួនពេលនេះអស់ប្រាក់ច្រើនណាស់ ​សំណាង​ហើយ​ដែល​ខ្ញុំ​​មាន​ប្រាក់​​ខ្លះ បើដូចកាលមុនពួកយើងមុខជាវេទនាហើយ។ ខ្ញុំ​ត្រូវតែប្រឹងរកប្រាក់ឱ្យបានច្រើនទាន់​មាន​ឱកាស​ តែកាលណាមាន​កូន​ចៅ​មុខជាធ្វើការ​មិនបានពេញលេញទេ។

២៩​ មេសា ២០០៥

ពេទ្យនិយាយថាខ្ញុំត្រូវឆាប់ព្យាបាលទាន់ដុំសាច់នោះមិនទាន់មានបញ្ហាខ្លាំង។ ថ្នាំដែល​គេឱ្យលេបនេះ​គ្រាន់​តែ​​អាច​​​ជួយ​​សម្រាល​ការ​ឈឺចាប់មួយរយៈប៉ុណ្ណោះ។

ខ្ញុំកំពុងរៀបចំការងារទៅធ្វើជាមួយអាណានៅចិន។ ចាំពេលមានបញ្ហាចូលពេទ្យនៅ​នោះតែម្តង។

លោកប្តីខ្ញុំចេញចរឹតដើរលេងយប់មកទៀតហើយ។ ខ្ញុំមិនយល់ទេ គាត់កំពុងតែធ្វើឱ្យខ្ញុំ​សង្ស័យ។ គាត់មាន​​ស្រី​​ខាង​​​ក្រៅ​ទេ​ដឹង? តែមិនមានអ្វីប្លែកទេនៅតែល្អូកល្អឺនដូចដើម ​គាត់យ៉ាងម៉េចអីចេះបានជាវក់ដើរយប់​ជាមួយ​អ្នក​នៅកន្លែងធ្វើការ​ហ្នឹង? យប់មិញមក​ដល់ម៉ោងពីររំលងអធ្រាត្រ ខ្ញុំសួរទៅមិនព្រមឆ្លើយ។ ឥឡូវ​មិន​ខ្ចី​និយាយ​រក! ចាំមើល​គាត់​ឯង​ធ្វើ​យ៉ាងម៉េច? យូរៗទៅកាន់តែខ្លាំងដៃហើយតើ!

១ ឧសភា​ ២០០៥

ដោយសារតែរឿងគាត់មិនព្រមឆ្លើយសំណួររបស់ខ្ញុំ  មិននិយាយគ្នារកហេតុផល​សួរនាំឱ្យ​ដឹង​ក្បាល​កន្ទុយ ​យើងមិន​និយាយ​​រកគ្នាពីរថ្ងៃហើយ។ ខ្ញុំទ្រាំមិនបានក៏និយាយរកគេមុន។ តើខ្ញុំត្រូវទ្រប្តីរហូត? ​ខ្ញុំត្រូវតាមអង្វរ​គេទាំង​ដែល​គេ​មាន​កំហុស​​ពេញខ្លួនហ្នឹង? ស្រីចាស់បានប្តីក្មេងដូចខ្ញុំត្រូវ​មកវេទនាចិត្តជាមួយការខ្វល់ខ្វាយ​ពីគេ នឹកគេ គិតពីគេ ផ្គាប់គេ​គ្រប់​រឿងទៅឬ?

២ ឧសភា​ ២០០៥

គាត់ភ្លេចទូរស័ព្ទ។ ម៉ាក់គាត់តេរកគាត់ ដល់ពេលនិយាយជាមួយខ្ញុំធ្វើឱ្យខ្ញុំរឹតតែគិត។ គាត់ថា​កូន​គាត់​មិន​ដែល​​សល់​លុយ​អីទេ គិតពីដើរលេងស៊ីចាយជាមួយខ្ញុំ។ គាត់ក៏ថាឱ្យ​ខ្ញុំដែលមិនខំប្រឹងរកលុយ មិន​ចេះ​ទុក​លុយ គាត់​បង្ខំ​ឱ្យ​​ពួក​ខ្ញុំ​រៀបការ​ពេញមុខពេញមាត់ តើខ្ញុំហ្នឹងជាអ្នកចាំតែទទួលកំហុសទាំងអស់ហេះ? ខ្ញុំ​ខឹង​សឹង​ផ្ទុះ​​ក្បាល​ទៅ​ហើយ។

ខ្ញុំទៅហាងជួបអាណានិយាយរឿងនេះប្រាប់វាបានធូរតិចដែរ។ មកផ្ទះវិញគាត់នៅមើល​សៀវភៅ​ដល់​យប់​ជ្រៅ ខ្ញុំគេង​លក់​មុនបាត់ហើយ មិនទាន់បានប្រាប់ពីរឿងម៉ាក់ផង ណា​មួយនិយាយរកគ្នាតែចុងមាត់។

៤ ឧសភា ២០០៥

ថ្ងៃនេះអាណារកអ្នកមកមើលហាងឱ្យយើងបានហើយ។ យើងទៅតែមួយខែទេ តែមាន​សល់ខោអាវគេ​កម្ម៉ង់​ច្រើន​​ដែល​យើង​បានទទួលមកតែធ្វើឱ្យគេមិនទាន់ ទាល់តែរកអ្នក​ដែលអាចជួយយើងបានគ្រប់រឿង ខ្ញុំចង់​ត្រឡប់​មកវិញ មកក្លៀរ​ការងារ​នៅនេះសិន ព្រោះម៉ូយរបស់យើងសុទ្ធតែរាប់អានគ្នាណាស់​​ទុក​ចោល​ឱ្យ​គេ​ធ្វើ​​មិន​​កើត​ទេ។ អាណា​បានតេទៅ​ប្រាប់​គេថាសុំទោស តែយ៉ាងណាក៏ប្រឹងទាំងអស់គ្នាឱ្យបានហើយខ្លះដែរ។ ទៅ​លើកនេះយើងផ្សងព្រេងហើយ។ ប្តីខ្ញុំដើរ​ផឹក​បាត់ៗពីផ្ទះ ខ្ញុំមិនទាន់បានប្រាប់គាត់​ពី​រឿងដែលខ្ញុំត្រូវ​​ទៅ​ចិន​ផង​​ព្រោះ​ជាងកន្លះខែនេះមិនដែលបានជួបគ្នាសោះ រវល់​ទាំង​អស់គ្នាតែម្តង។ គាត់​ទៅ​ធ្វើ​ការ​ម៉ោង​ដប់​បាន​មក​​ដល់​ផ្ទះ​​ស្ទើរ​រាល់​យប់ ខ្ញុំនិងអាណានៅ​បង្ហើយការងារ​ម៉ោងជិត​ដប់​យប់បានចេញពីហាង​​ប្រហែល​​ប្រាំ-ប្រាំមួយ​ថ្ងៃ​ហើយ។

៧ ឧសភា ២០០៥

​ពីព្រឹកមិញខ្ញុំចេញពីហាងទៅរកទិញក្រណាត់នៅផ្សារអូឡាំពិចស្រាប់តែឃើញគាត់ដើរ​នៅជិត​រោង​កុន​គីរីរម្យ។ គាត់ទៅ​ធ្វើការ​តាំងពីព្រឹក តែចម្លែកដែរដែលមិនពាក់អាវស្អាត​ ដល់ឃើញគាត់ខ្ញុំតាម​មួយ​ថ្ងៃ​វាល់​ល្ងាច​​គឺ​គាត់​​នៅ​ជាមួយស្រីម្នាក់ ពេល​ខ្ញុំតេសួរថា​នៅ​ឯណា គាត់​ថា​នៅកន្លែងធ្វើការ។ ចាំបាច់​កុហក​អី។ ពេល​ខ្ញុំ​​តាម​ទៅ​ឃើញនាំគ្នាចូលផ្ទះ​សំណាក់ម្តុំ​គីរីរម្យ ខ្ញុំតេហៅអាណាឱ្យមក វាក៏​អូសខ្ញុំមកផ្ទះវិញ។ ខ្ញុំ​ចង់​តែ​ចូល​ទៅ​ចាប់​​ឱ្យ​ទាន់នឹងភ្នែកទេ ខ្ញុំខឹងឡើងញ័រសាច់ ហើយ​ក៏​ឈឺក្បាលខ្លាំងណាស់ មិនបានធ្វើការ​ទេ​ថ្ងៃនេះ ទៅជាស្អី​ក៏ទៅ​ចុះ​ខ្ញុំខឹង​ពេញ​បន្ទុក​ហើយ។ បើគាត់មិនកុហក​ខ្ញុំ​ទេ​ប្រហែលខ្ញុំមិន​ទៅគិតអីច្រើនទេ។

ថ្ងៃស្អែកខ្ញុំត្រូវចេញដំណើរទៅចិន រឿងនេះមានតែទុកសិនចាំមកវិញនិយាយគ្នាឱ្យដឹង​សខ្មៅ។ អា​តា​ប៉ិ​នេះ​ពិត​ជា​មាន​អីៗ​ជាមួយស្រីម្នាក់ដែលខ្ញុំឃើញនោះហើយ ព្រោះគេ​បាននាំគ្នាចូល​ផ្ទះ​សំណាក់​ហើយ​​កុហក​ខ្ញុំ។

៨ ឧសភា ២០០៥

ថ្ងៃនេះខ្ញុំសុំបែកគ្នាពីប្តីរបស់ខ្ញុំ។

យើងស្រឡាញ់គ្នា និងរស់នៅជាមួយគ្នាដោយមិនបាន​រៀបការ​ជាងពីរ​ឆ្នាំ​ហើយ​តែមាន​ពេល​​ខ្លះ​ពួក​យើង​មើល​​ចិត្ត​គ្នា​​មិន​ទាន់​ធ្លុះទេ។ ខ្ញុំគិតថា​បែកគ្នាមួយរយៈសិនក៏ល្អដែរ។ រឿងរ៉ាវរបស់គាត់ធ្វើឱ្យខ្ញុំកាន់តែ​​​មិន​​ប្រាកដ​ចិត្ត​​ថា​គាត់ជាមនុស្ស​បែបណា​ចំពោះខ្ញុំ ព្រោះឪពុកគាត់ក៏ជាមនុស្សមានប្រពន្ធ​ច្រើន​ដែរ​បាន​ជា​ទុក​ម្តាយ​គាត់​ចោល…​រឿងនេះ​ពីម្សិលមិញ​ខ្ញុំ​ឃើញ​គាត់ច្បាស់​ណាស់​ដើរ​ចូល​ផ្ទះ​សំណាក់​ជាមួយ​ស្រី​ម្នាក់​​នោះ​​រួច​​សុំ​កូន​​សោរបន្ទប់តែ​មួយទេពីអ្នកទទួលភ្ញៀវ…​​តើ​មាន​ន័យ​ខុស​ពី​ការ​គិត​របស់​ខ្ញុំ​ដែរ​ទេ?

ណាមួយក្រោយពេលដែលពេទ្យប្រាប់ថាដុំសាច់ក្នុងខួរក្បាលខ្ញុំកាន់តែរីកធំទៅៗ ខ្ញុំដូចជាលែងចង់នៅ​ជិត​គាត់​ទៀត​ហើយ ខ្ញុំមិនចង់ឱ្យគាត់ពិបាកដោយសារខ្ញុំ ត្រូវមើលថែខ្ញុំក្នុងពេលព្យាបាលឡើយ។ គាត់​កំពុង​តែ​មាន​ការងារល្អធ្វើ បើ​គាត់​ដឹងថាខ្ញុំត្រូវចូលពេទ្យគាត់មុខជាសុំទៅតាម រួចត្រូវសុំ​លា​ឈប់​ពី​ការ​ងារ ពេល​​ដែល​​គ្មាន​​ប្រាក់​ចំណូល មិនដឹងថា​ជីវិត​​យើងទៅជាយ៉ាងណាទេ?

ខ្ញុំដូចជាមិនទាន់ច្បាស់ក្នុងចិត្តសោះ គួរត្រឡប់មករកគាត់វិញទេ? ខ្ញុំ និងគាត់ ពេលដែលមាន​បញ្ហាតែង​​តែ​​មាន​​​ម្នាក់​ជា​​អ្នក​ឱន​ក្បាល រួចជានិច្ចកាលអ្នកនោះឯងគឺខ្ញុំ។

១ កក្កដា ២០០៥

ថ្ងៃនេះសប្បាយចិត្តណាស់។ ពីព្រឹកមិញនេះក្អួត វិលមុខទាំងព្រលឹមអាណាក៏ជូនទៅពេទ្យ។​​ គេវាស់សម្ពាធ​ឈាម និង​ពិនិត្យទឹកនោម លទ្ធផលគឺខ្ញុំទម្ងន់ជាងពីរខែហើយ។ ខ្ញុំក៏តេទៅបង តែមិនចូលទេ។ ធ្វើការ​ភ្លេចៗ​មិន​​ដឹងថាខ្លួនឯងមាន​ទម្ងន់សោះ។ ពីថ្ងៃនេះទៅលែងពាក់ស្បែកជើងកែងចោទហើយ លែង​ញ៉ាំ​ស្រា​ទៀត​ហើយ ​អូននឹងខំថែខ្លួននិងកូនដើម្បី​ឆាប់បានទៅជួបប៉ា។

៨​ កក្កដា ២០០៥

បងវិសាលមកពីស្រុកខ្មែរប្រាប់ថាម៉ាក់ប៉ាសុខសប្បាយជាទេ។ ខ្ញុំមិនទាន់បានប្រាប់គាត់ពីរឿងខ្ញុំមានកូនទេ ព្រោះខ្ញុំ​ចង់​ប្រាប់ប៉ាៗគេមុនគេ។

២ សីហា​ ២០០៥

ពីរខែនេះមិនសូវបានធ្វើការទេព្រោះតែឈឺច្រើនផង កូនធ្វើទុក្ខអង្គុយមិនបានឈរមិនបាន អាណានៅ​ចែក​លុយឱ្យស្មើ​គ្នា។ ខ្ញុំ​មិនចង់ក្លាយជាមនុស្សដើរខ្សែលើ តែអាណាថាចាំ​ដល់​ពេល​​​កើត​កូន​រួចចាំគិតថាត្រូវសង​គេវិញ​បែបណា? ត្រូវ​ហើយ​​អាណា​ដឹងថាខ្ញុំត្រូវការលុយច្រើនដើម្បីមើលខ្លួនផង ដើម្បី​ទុកសម្រាប់ពេល​កើត​កូន​ផង។ អរគុណពួកម៉ាក បើ​គ្មាន​ឯង​គ្នា​មិនដឹងទៅពឹងនរណាទេ។ អរគុណមួយលានដង បើគ្នាមាន​ឱកាស គ្នានឹងសងឯងឱ្យដល់ទីបំផុត។

២៥ សីហា ២០០៥

ថ្ងៃនេះអាណាជូនទៅពេទ្យព្រោះឈឺក្បាលពេក ក្រោយចេញពីបន្ទប់ចាក់ថ្នាំ គេនាំខ្ញុំទៅកន្លែង​ពិនិត្យ​ផ្ទៃ​ពោះ។ អូនអរ​ណាស់​ដែលកូនយើងជា​ស្រី មានប្រវែងប្រាំសង់ទីម៉ែត្រហើយ គ្រូពេទ្យ​ប្រាប់​ថា​គេ​គួរ​បារម្ភ​ដែរ​​ព្រោះ​មិនសូវមាន​ចលនា។ គ្រូពេទ្យឱ្យអូនខំញ៉ាំអាហារមានប្រយោជន៍ចំពោះសុខភាព មិនឱ្យញ៉ាំខ្លាញ់ និងម្សៅ​ច្រើន​ពេកទេ នំផ្អែមពេក​ក៏​មិន​ឱ្យញ៉ាំដែរ ម្ទេសក៏ត្រូវកាត់បន្ថយ។ អូននឹងធ្វើតាមគ្រូពេទ្យទោះជាអូន​ចូលចិត្ត​ញ៉ាំនំ​ផ្អែមស្នូលសណ្តែកក៏អូនអាចឈប់​បានដែរ។

កូនស្រីយើងគេមុខជាកាត់ទៅរកប៉ាៗច្រើនជាងកាត់មករកអូនព្រោះអូននឹក គិត ដេកយប់​យល់សប្ត​ឃើញតែ​បងស្ទើរ​រាល់​យប់។ គេថាកូនស្រីមុខដូចប៉ាជាកូនមានសំណាង។ សុំឱ្យគេមានសំណាងបាននៅជាមួយប៉ាៗ​រហូតទៅ។

០២ កញ្ញា ២០០៥

ដឹងទេបងថ្ងៃនេះកូនយើងបម្រះខ្លាំងៗ។ គេមានអាយុជាងប្រាំខែតែគេមានកម្លាំងខ្សោយ​ដោយសារ​អូនឈឺ​ទើប​បានជា​គេ​ក្រ​បម្រះ ពេទ្យថាអញ្ចឹង។ ពេទ្យណែនាំឱ្យអូនខំញ៉ាំ​អាហារ​​បំប៉នឱ្យច្រើនដើម្បីសុខភាព​របស់អូន​និ​ងកូន។ អូនភ្ញាក់​ដោយ​​សារ​គេបម្រះតាំង​ពីម៉ោងដប់យប់មិញតែពេលទូរស័ព្ទទៅរកបង បង​មិន​ទទួល​រួចក៏​ទូរស័ព្ទមិនចូលរហូត។​ ចង់ឱ្យ​បង​សប្បាយ​​ចិត្តជាមួយអូនដែរ តែគិតៗទៅ មិន​ដឹង​ថា​បង​ស្រឡាញ់​កូន​អត់? មិនចង់​គិត​ច្រើនទេ កាន់តែគិត​ពីបង​អូន​កាន់​តែ​ឈឺចាប់…ម៉េចក៏ទៅជាយ៉ាងនេះ? បើ​បង​មិន​ស្រឡាញ់​កូន​ទេ យើងត្រូវ​ឈ្លោះគ្នាទៀត។ នេះឬស្នេហា? អូន​ព្យាយាម​លួងចិត្តខ្លួនឯង។ ​តាម​តែ​​កម្ម​ទៅ​ចុះ។

៥ កញ្ញា ​២០០៥

ថ្ងៃនេះធ្វើការបានតែបន្តិចអាណាបាននាំទៅញ៉ាំអីនៅខាងក្រៅ។ ពីរថ្ងៃហើយមិនឈឺ​ក្បាលខ្លាំងទៀតទេ ប្រហែល​​​មក​​ពី​ខ្ញុំ​សប្បាយ​ចិត្ត។ កូនបម្រះកាន់តែខ្សោយទៅ ខ្ញុំបារម្ភ​ពីគេដែរ តែប្រឹងគិត​ថាមិនអីទេ​ឱ្យ​តែ​ខ្ញុំ​ខំ​ញ៉ាំអី​ច្រើនៗ​គេ​មុខ​​ជា​រឹង​ប៉ឹង​មិន​ខាន។

ទូរស័ព្ទរកបងទៀតតែលេខទូរស័ព្ទបងបិទទៅហើយ។ មិនអីទេ អូននឹងប្រឹងតស៊ូជាមួយកូន​ដើម្បីឆាប់ជា​នឹង​​អាល​ត្រឡប់​​ទៅ​ជួប​ជុំបងវិញ។ យើងនឹងបានរស់នៅជាមួយគ្នាឆាប់ៗនេះមិនខាន។

៦ កញ្ញា ២០០៥

ថ្ងៃនេះខ្ញុំបានទៅជួបពេទ្យពិនិត្យសុខភាពកូន។ គេខ្សោយកម្លាំងមិនសូវរើដូចថ្ងៃ​​មុន​ទេ ខ្ញុំនឹងខំញ៉ាំ​វីតាមីន។ កូនស្រី​តូច កូន​ទ្រាំណាទ្រាំជាមួយម៉ាក់។

ខ្ញុំញ៉ាំបាយរួចញ៉ាំថ្នាំ។ អាណាចេញទៅក្រៅជាមួយពួកម៉ាក។ ខ្ញុំនៅគេងមើលទូរទស្សន៍ក៏​ទាញ​ទូរស័ព្ទ​មក។ ចង់​ប្រាប់​​បង​​ថាកូនយើងស្រី គួរតែរកឈ្មោះដាក់ឱ្យគេ។​ ប៉ាឈ្មោះវីរៈ កូនឈ្មោះ វីរនារី ឬវិមលា ឬក៏​វិសាខា។ មួយ​ណា​ទៅ​​ហ្ន? ទូរស័ព្ទ​​រក​បងមិនចូលទេ។ ចង់​ប្រាប់បងណាស់ថាកូនធំជាង​មុនបន្តិច ចង់​និយាយ​​ជាមួយ​បង ពិគ្រោះ​គ្នា​រឿង​​ជា​ច្រើន​ចង់​នៅ​ក្បែរ​​បង តែធ្វើម៉េចបើបងនៅឆ្ងាយយ៉ាងនេះ។ អូននឹក​បង ក៏ស្រឡាញ់​បង​បំផុតដែរ។

៧ កញ្ញា ២០០៥

ប៉ុន្មានថ្ងៃនេះធ្វើការជាមួយអាណាបានច្រើនព្រោះមិនសូវឈឺក្បាល តែកូនក៏មិនសូវ​រើ​ខ្លាំងដែរ។ ពោះខ្ញុំ​កាន់​​តែ​ខ្ទាត​ធំ​ហើយ អាណានិយាយថាក្មួយស្រីរបស់គេ​ប្រហែល​ជា​ថ្លោស​​ហើយបានជា​ពោះខ្ញុំធំ​លឿន​ម្ល៉ឹង។ ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​​ដែល​កូន​ខ្ញុំ​នៅ​មានអ៊ំស្រី​ចិត្ត​ល្អដូចជាអ៊ំរចនា។ ឃើញខ្ញុំឈរមើលតុក្កតាខ្លាឃ្មុំ Pooh អាណាទិញ​ឱ្យ​មួយ​យក​មក​ទុក​ឱប។ ថ្ងៃនេះយើងបានបើកប្រាក់កម្រៃលើកទីប្រាំ និង​ចែកគ្នា​បាន​សម​គួរ។ ខ្ញុំត្រូវ​បង់​ថ្លៃពេទ្យ​ទៀត ទុក​សម្រាប់​​កូន​ផង ខ្ញុំ​ត្រូវ​ការព្យាបាលខ្លួនផងដែរ។ មិនដឹងថាកូន និង​​ខ្ញុំអាចទ្រាំ​បានដល់ពេលគេកើតឬអត់ទេ? នឹក​ប៉ា​កូនណាស់។

៩ កញ្ញា ២០០៥

ខ្ញុំយំពីយប់មិញ។ ព្រឹកនេះស្រាប់តែមានធ្លាក់ឈាម។ ខ្ញុំទៅពេទ្យតែពេទ្យថាមិនអីទេសុំ​កុំឱ្យតែខ្ញុំឈរឬ​អង្គុយ​​យូរៗ​​ពេក​ អរណាស់ព្រះអើយ កូនអត់កើតអីទេ។ តស៊ូជាមួយ​ម៉ាក់​ណាកូនណា! អាណាឈប់​ឱ្យ​អង្គុយ​​ដេរ​ហើយ គេជា​អ្នក​​ដេរ ខ្ញុំ​ជា​អ្នកគូរ។ អរគុណពួកម៉ាកដែលចិត្តល្អចំពោះគ្នា។ អរគុណអ៊ំណា! អាណា​ស្រឡាញ់​ឈ្មោះ វិមលា គេ​ប្រាប់​ថា​ដាក់​ឈ្មោះ​នេះទៅ ខ្ញុំសម្រេចចិត្តហើយថាតាម​តែអាណា​ចុះ​ព្រោះ​​គេជាអ្នក​មើលថែ​ក្មួយ​និងខ្ញុំជំនួសប៉ាៗ។

១៣ កញ្ញា ២០០៥

អូនសុំទោសដែលថែកូនមិនបាន។ សុំទោស មួយលានដងចំពោះបង ចំពោះកូន។ តើកម្មពៀរអ្វី​បានជា​ព្រះ​​ប្រទាន​​គេ​​មក​ឱ្យពួកយើងហើយ មិនព្រមឱ្យគេបាននៅឃើញពន្លឺព្រះអាទិត្យផង? ខ្ញុំស្រឡាញ់​គេ​ណាស់ ខ្ញុំក៏​សង្ឃឹម​​ថាប៉ា​គេ​​នឹង​​ស្រឡាញ់​គេដូចខ្ញុំដែរ។ ខ្ញុំនឹកក្នុងចិត្តថាគេគឺជាអ្នកព្យាបាលការឈឺចាប់​របស់ខ្ញុំ និងអាច​ជា​អ្នក​ថែ​របួស​បេះ​ដូង​​​ប៉ាគេ​​នៅ​ពេល​លែងមានខ្ញុំ អារម្មណ៍របស់ខ្ញុំពេលនេះលែងមានអ្វី​គួរ​​ឱ្យសំខាន់​សម្រាប់​រស់តទៅទៀតហើយ បើ​អស់​ពី​កូន​ទៅយើង​ទាំងពីរនាក់ក៏រកមិនឃើញផ្លូវដែល​អាច​ត្រឡប់​មករកគ្នាជាថ្មី​ទៀត​ដែរ យើងគ្មាននៅ​សល់​ចំណង​​អ្វី​ចំពោះ​គ្នាទៀតទេ។ អូន​បានដឹងថាម្តាយបង​បាន​ទៅ​ដណ្តឹងកូន​គេឱ្យ​បង ម៉្លេះសមពេលនេះបងនឹង​ជិត​រៀប​ការ​មាន​គ្រួសារ​ថ្មី​បងក៏មុខជា​បាន​​​បំភ្លេច​អូន នឹកមិនឃើញ​​អនុស្សាវរីយ៍​​រវាងពួកយើងទេ។ បើសិន​ជាបង​បើក​ទូរស័ព្ទ​នៅ​ពេល​នេះ​អូនចង់និយាយ​ជាមួយ​​បងតែបន្តិចទេ ចង់ប្រាប់ថា​ខ្ញុំ​សុំទោស​ដែលថែរក្សាកូនមិនបាន វត្ថុគាប់​ចិត្តបំផុតដែលបង​ទុក​ឱ្យអូន​ហើយដែល​អូន​សង្ឃឹម​ថា​នឹង​មាន​​គេ​​នៅ​កំដរជីវិតបង​ជំនួសអូនរហូតទៅ…​ឥឡូវនៅ​សល់ត្រឹម​ស្រមោល​អនុស្សាវរីយ…ប៉ុណ្ណោះ។ អូន​គ្មានអ្វី​ជូន​បង​ជាចំណងដៃទេ សូមជូនពរ​បង​ឱ្យជួប​តែ​សេចក្តី​សុខ​ក្សេមក្សាន្តជានិច្ច។ ទោះ​មិនបាន​ជូនពរ​ផ្ទាល់​មាត់​តែ​អូន​សូមបន់ស្រន់ឱ្យបងរស់នៅប្រកបដោយ​កិតិ្តយស មាន​ក្រុម​គ្រួសារ​ដ៏កក់ក្តៅ និង​មាន​សុខភាពល្អ ។ ចិញ្ចៀន​បញ្ចាំ​ស្នេហ៍​នេះអូនសង​បងវិញ​តែមិន​មាន​ន័យ​ថា​ខ្ញុំឈប់​ស្រឡាញ់​បង​នោះទេ។ អូននៅ​តែ​ស្រឡាញ់​បង ស្រឡាញ់ដូចពី​មុន​មិន​ដែលកែប្រែ នឹងមិនព្រម​កែប្រែទោះជាគ្មានបង​ឱ្យអូន​ស្រឡាញ់​ដូចមុន ទោះ​បង​ជាប្តីរបស់​គេទៅហើយ​ក៏អូន​សូម​តម្កល់​ក្តី​ស្រឡាញ់​​នេះតែក្នុងចិត្តអូន និងសូមស្បថថា​ក្នុង​បេះដូង​អូនក៏គ្មាន​នរណា​មកជំនួសតំណែងបងដូចគ្នា។

មិនដឹងជាយ៉ាងម៉េចទេ ក្នុងចិត្តខ្ញុំដឹងថាបងនឹងរៀបការហើយ ម្តេចក៏សោកសៅម្ល៉េះ? ទោះបងមិន​បែកគ្នា​នឹង​ខ្ញុំក៏ខ្ញុំ​មិន​​អាច​​រស់នៅជាមួយបងរហូតបាន។ ឱបងអើយ លើកនេះយើងមិនអាចបន្ទោស​នរណាបាន​ទេ នេះ​ហើយ​គឺជា​កម្ម!

កូន…កូនរបស់ខ្ញុំ…​ខ្ញុំលែងចង់រស់នៅទៀតហើយ​ សូមព្រះជាម្ចាស់មកយកជីវិតខ្ញុំទៅផង កុំទុកខ្ញុំឱ្យរស់​លើ​​លោក​​នេះ​តែ​ម្នាក់ឯងអីខ្ញុំខ្លាចណាស់។

…សៀវភៅកំណត់ហេតុនេះក៏អស់ត្រឹមហ្នឹង…

អូនស្លាប់បាត់ហើយ?…

ខ្ញុំនៅធ្មឹងទ្រឹងក្នុងផ្ទះនេះមិនដឹងជាប៉ុន្មានម៉ោង ដេកលក់រួចភ្ញាក់ ភ្ញាក់រួចដេកទៅវិញប៉ុន្មានដងទេ តែពេល​ព្រឹក​​ឡើង​​ទូរស័ព្ទ​​របស់ខ្ញុំរោទិ៍ គឺជាលេខនៅការិយាល័យមេធាវី។ ខ្ញុំទទួលទូរស័ព្ទ៖

អាឡូ សុវណ្ណ (គេជាមិត្តដែលខ្ញុំរកស៊ីចូលហ៊ុនជាមួយ)

វីរៈ ឯងនៅឯណាស្មើណេះហើយមិនទាន់ចូលកន្លែងទៀត?

មានការអីហះ? គ្នាចង់សុំច្បាប់បានពីរបីថ្ងៃ។

កុំទាន់អីណា ព្រោះមានការងារសំខាន់មួយត្រូវការឯងជួយការពារក្តីរឿងរកស៊ី។ ឆាប់ម៉ោការិយាល័យម៉ោ គ្នា​នៅ​​ចាំ។

ខ្ញុំប្រុងថាគេចមិនទៅធ្វើការបួនដប់ថ្ងៃ ព្រោះខួរក្បាលខ្ញុំលែងដំណើរការហើយ។ តែពេលនេះ មិត្តខ្ញុំមិន​ព្រម​ឱ្យឈប់​ទៀត​។

មកដល់ការិយាល័យទាំងពព្រូសប៉ប្រះ ខ្ញុំដូចជាមិនស្រួលខ្លួនចង់គ្រុន។ ជំនួយការខ្ញុំ នាងយកថ្នាំ​ឈឺ​ក្បាល​​មក​ឱ្យ​ជាមួយ​​នឹងនំប៉័ងមួយដុំលាបប៊័រ។ ខ្ញុំលេបថ្នាំបណ្តើរនិយាយសុំទោស​ទៅកាន់នាង​ដែលខ្ញុំមក​ធ្វើការ​យឺត ហើយមិន​បាន​​ប្រាប់​នាង។

សុវណ្ណនៅក្នុងបន្ទប់ឬអត់? គេចង់ជួបខ្ញុំបន្ទាន់ណាស់។

ចាស បង។ គាត់កំពុងទទួលភ្ញៀវ។ បងត្រូវការជួបគាត់ឥឡូវទេ?

អត់អីទេ ខ្ញុំចាំគេទៅចុះ។ ថាបណ្តើរខ្ញុំទាញកាសែតដែលដាក់នៅលើតុមកមើល ស្រាប់តែភ្ញាក់​ព្រើតព្រោះ​ឃើញ​​រូប​ថត​​ប្តី​របស់រចនាពួកម៉ាកប្រពន្ធខ្ញុំដែលខ្ញុំបានឃើញនៅឯបុណ្យចុះនៅទំព័រមុខ «លោក សង់ សាមី ត្រូវ​បា​នចោទ​ប្រកាន់​​​ពីបទ​ធ្វើ​លិខិត​ស្នាមក្លែងក្លាយលក់ដីខ្យល់!» ខ្ញុំមិនទុកចិត្តខ្លាចខ្ញុំមើលច្រឡំ ក៏​កាន់​​កាសែត​​ដើរទៅ​បន្ទប់​ផ្នែក​​ស៊ើបអង្កេត និង​ផ្តល់ព័ត៌មានដែលមាន នូ-រ៉េត ជាប្រធាន គាត់​ជា​មនុស្ស​គួរ​ឱ្យទុក​ចិត្ត​ណាស់សម្រាប់ពួកយើង ដោយ​​ធ្វើការជាមួយគ្នា​ជិត​ប្រាំឆ្នាំហើយ។

រ៉េត! មានដឹងព័ត៌មានទាក់ទង លោក សង់ សាមី នេះទេ?

បាទបង! រឿងនេះបងសុវណ្ណគាត់ឱ្យខ្ញុំស៊ើបពីអាទិត្យមុន ព្រោះគាត់បានមកការិយាល័យ​យើងឱ្យជួយ​ការពារ​​រឿង​ក្តី​នេះ​​ដែល​ពាក់ព័ន្ធទឹកប្រាក់រាប់លានដុល្លារ។

ប្រពន្ធរបស់គាត់…ឈ្មោះអី? រ៉េតឯងមានដឹងទេ?

បាទបង ឈ្មោះ រិន រចនា ផ្ទះនៅម្តុំផ្សារចាស់ ជាអ្នកកាត់ដេរហាងគាត់នៅម្តុំវិមានឯករាជ្យ។ តាមខ្ញុំដឹង​គាត់​​ហ្នឹង​​ពួក​ម៉ាក​​ប្រពន្ធរបស់បងដែរ។

ខ្ញុំចូលទៅក្នុងបន្ទប់ទទួលភ្ញៀវចង់សួរសុវណ្ណឱ្យបានច្បាស់ពីរឿងនេះទាំងភ្លេចគិតថាគេមានភ្ញៀវ។ ស្រាប់​តែ​ឃើញ​​លោក​សាមី និងរចនានៅក្នុងនោះដែរ។ ខ្ញុំលូកដៃទៅចាប់ដៃគាត់ដោយមានសុវណ្ណជាអ្នកណែនាំ និង​ងាក​មក​ញញឹម​​ដាក់រចនា​ដែលកំពុងមើលមកខ្ញុំដែរ។

លោកមិនអីទេ? ខ្ញុំមិនបានរាក់ទាក់គួរសមសោះពីម្សិលម៉្ងៃព្រោះតែមានរឿងជាប់ខ្លួនក៏លាគេឯងមកមុន។

ខ្ញុំទើបតែដឹងរឿងនេះពីកាសែតអម្បាញ់មិញនេះឯង។ តើដំណើររឿងយ៉ាងម៉េចបានជាគេប្តឹងបង​រឿង​នេះ?

គឺខ្ញុំរកស៊ីគួកជេរដីធ្លីឱ្យជនជាតិកូរេតាំងពីឆ្នាំ ២០១០…

តាមពិតទៅបងសាមីគាត់ក៏មិនដឹងថាមេឃុំ មេភូមិ និងក្រុមគ្នីគ្នាគាត់បានធ្វើលិខិតក្លែង​បន្លំលក់ដីដែល​មិន​មាន​​នៅ​ក្នុង​​​បញ្ជីដីធ្លីរបស់ខេត្ត តែបាននាំទៅចង្អុលដីមួយកន្លែងថាជាទីតាំងដែលត្រូវលក់ បងសាមី​ក៏នាំជន​ជាតិ​កូរេ​ដែល​ពឹង​​គាត់​​ឱ្យ​ជួយរកទិញដីធ្វើរោងចក្រ និងកសិដ្ឋានដាំដំឡូងមីនៅខេត្ត គេពេញ​ចិត្ត​ក៏​តថ្លៃ និយាយ​គ្នាត្រូវផ្តិតមេដៃ​ដែល​​​ខាង​ឃុំ​ភូមិ​​ជា​អ្នកជួយរត់ការដល់សាលាខេត្តឱ្យគេ។ លុះដល់​គ្រឿង​ចក្រ​បាន​ដឹក​ចូលទៅ ម្ចាស់ដីពិតប្រាកដ​គេ​បាន​​ប្តឹង ហើយ​ក៏​សើ​រើ​ឯកសារទើបដឹងថាជាដីខ្យល់ គេក៏ចោទ​បង​សាមី​ថា​បាន​ចូលដៃជាមួយពួក​ទុច្ចរិតទាំងនោះ​បោក​​ប្រាស់​​ពួកគេ។ ខ្ញុំ​នៅ​មិនទាន់ជឿថា​បងសាមី​គាត់​មើល​មិន​ដឹង​ឯកសារ​ក្លែងបន្លំឬឯកសារដើមព្រោះ​ជាធម្មតា​អ្នក​​គួក​ជេរ​ត្រូវតែ​ច្បាស់​ពី​រឿង​​​ពិនិត្យឯកសារ។ ខ្ញុំបានសាក​សួរ​ដំណើរដើមរឿងជាច្រើនពីម៉ោងប្រាំបួន​រហូតដល់​ម៉ោង​ដប់​មួយ។ ណាមួយ​ដល់​ម៉ោង​បាយ​ថ្ងៃត្រង់ផង ណា​មួយ​យើងម្នាក់ៗអស់កម្លាំងផង ព្រោះខ្ញុំបាន​លេបថ្នាំ​គ្រុន​ធ្វើ​ឱ្យ​ទៅជា​ងងុយ​ដេក តែប្រឹង​ជម្នះ​ងងុយ​ព្រោះ​រឿង​ក្តីនេះបានចូលសាលាដំបូងក្រុងភ្នំពេញហើយ មិនហួសពី​៣០ថ្ងៃទេ តុលាការ​នឹង​កោះ​​ហៅដើម​បណ្តឹង និង​​ចុងចោទទៅសាកសួរមិនខាន។ ខ្ញុំដេកក្នុងបន្ទប់ក្រោយ​ពេល​បាយ​ថ្ងៃ​ជាមួយ​ជំនួយ​​ការរួច​អស់ជាង​មួយ​ម៉ោង​ខ្ញុំរសាប់​រសល់ណាស់ ណាមួយរឿងក្តីនេះពាក់ព័ន្ធដល់មិត្ត​សម្លាញ់​ប្រពន្ធ​ខ្ញុំផង គ្រួសារ​រចនាមាន​គុណ​ចំពោះ​ខ្ញុំណាស់ នាងជា​អ្នក​មើលថែទាំរក្សាតាំងពីឈឺរហូតដល់ថ្ងៃស្លាប់ ទោះ​ខ្ញុំ​​មិន​​ចង់រស់​ក៏​ត្រូវជួយសង្រ្គោះ​ពួកគេឱ្យបានសិន។ ខ្ញុំបាន​សរសេរ​របាយការណ៍ស្តីពីសម្រង់​រឿងនិង​តួអង្គ​ដែល​ត្រូវ​ពាក់ព័ន្ធបញ្ជូន​ទៅ​ឱ្យ សុវណ្ណ និង នូ-រ៉េត ពិនិត្យ​ បន្ទាប់មកធ្វើ​ការប្រជុំ​រួម​មុនពេលចាប់ផ្តើម​ស្រាវជ្រាវ​អ្នកពាក់ព័ន្ធ​ទាំងឡាយដែល​បាន​កំណត់ដោយការសាកសួរលើកដំបូងជាមួយកូន​ក្តីគឺ​បង​សាមី។ ពេលធ្វើការប្រជុំនោះបងសាមី និងរចនា​ក៏​ចូលរួម​ជាមួយពួកយើងដែរ។

ខ្ញុំមើលឃើញពួកគេពីរនាក់ប្តី​ប្រពន្ធ​ស្រឡាញ់​គ្នាណាស់ ពេលប្តីមានរឿងរចនាសុខចិត្តចោលការងារ​ហាង​ដែល​តាម​ខ្ញុំ​ដឹង​​គឺមានការរវល់ណាស់ទៅ​ហើយ មក​នៅ​ជិតប្តីដើម្បីពិគ្រោះយោបល់គ្នា ចំណែកបងសាមី (ខ្ញុំហៅគាត់បង ព្រោះ​​ប្រពន្ធ​​​គាត់ និងប្រពន្ធខ្ញុំក៏អាយុ​បងខ្ញុំ​ដែរ) ពេលប្រពន្ធពឹងឱ្យជូនទៅ​បុណ្យក៏តត្រុក​ជូន​ទៅទាំង​ដែលខ្លួនឯង​មាន​​ភ័យ​ស្មើ​​ជីវិតទៅហើយ។

តាមពិតទៅ​រឿង​នេះ​បានចូលមកការិយាល័យមេធាវីយើងតាំងពីអាទិត្យមុនម្ល៉េះ តែមិនដឹងថាសុវណ្ណចាត់​ការ​​យ៉ាង​​ណា​​​​បាន​ជាមិន​ប្រាប់​ការងារ​នេះឱ្យខ្ញុំដឹង រហូតទាល់តែជិតដល់ពេលទើបបានចាត់ចែង​ហៅគ្នីគ្នា​មក​​ពិគ្រោះ​​ការណ៍​ ខ្ញុំបាន​និយាយ​​ជាមួយ​សុវណ្ណដោយសុំធ្វើការងារនេះដែររួមជាមួយបងដារ៉ុង ព្រោះគាត់​មាន​​ជំនាញ​ខាងច្បាប់ដីធ្លី ឯខ្ញុំ​​ជំនាញ​​ខាង​ច្បាប់​អាពាហ៍​ពិពាហ៍ រដ្ឋប្បវេណី។ នូ-រ៉េត ត្រូវបានចាត់តាំងឱ្យ​ទៅ​​ស៊ើប​រក​ឈ្មោះមេឃុំ មេភូមិ និង​មនុស្ស​ទាំង​ឡាយ​​ដែល​បាន​ចូល​រួម​ផ្តិត​មេដៃក្នុងឯកសារទិញ-លក់ដី​ទាំង​នេះ និង​ខ្សែ​​ស្រឡាយអ្នកដែលជួយ​ជំរុញ​ការងារ​ស៊ីញ៉េ​​ទទួល​ស្គាល់​ឯកសារនេះ។ នូ-រ៉េត ធ្លាប់ធ្វើជា​ទាហាន​នៅខេត្ត​នោះ គ្រាន់តែបានឃើញ​របាយការណ៍​​របស់​​ខ្ញុំ​ដែល​​មានរាយ​ឈ្មោះគាត់បាន​ឱ្យ​តម្រុយ​មក​ខ្លះៗ។ នៅតែម្យ៉ាង​ទេ គឺ នូ-រ៉េតត្រូវទៅស៊ើបដំណើររឿងនេះ និង​ស្វែង​​រកអ្នក​ពាក់​ព័ន្ធ​ដែល​អាចជាសាក្សី​របស់​​យើង។ ខ្ញុំ និង នូ-រ៉េត ត្រូវទៅទីនោះទាំងអស់គ្នា តែខ្ញុំ​ទៅ​ចូល​ការិយាល័យ​​សាលា​ដំបូង​ខេត្ត​ដើម្បី​​​ប្រមូល​សំណុំរឿងចាស់ គឺ​បណ្តឹង​របស់ម្ចាស់ដីឈ្មោះ ថាវី ប្តឹងលោក គួងបុក ពី​រឿង​ការ​រំលោភ​ដី​កម្មសិទ្ធិ​របស់​គាត់ ដែល​​ក្រោយ​ពេល​លោក គួងបុក​ ចាញ់ក្តីនេះ​ដោយសារ​ឯកសារ​ដីធ្លី​ក្លែងក្លាយ​នេះ​​មកគាត់​ក៏​ដាក់​​ពាក្យ​​បណ្តឹងទៅ​តុលាការ​​​ភ្នំពេញ​(ព្រោះផ្ទះបង​សាមី​នៅភ្នំពេញ)ពីរឿងផ្សំគំនិតឆបោកគាត់។ ឯ​បង​​សាមី​ឯណេះ​គាត់​មាន​គ្នាបីនាក់ រួច​ទាំង​​​បី​នាក់ហ្នឹងត្រូវ​ចូលខ្លួន​មក​តាម​ការកោះរបស់​តុលាការ​សាលា​ដំបូង​​ក្រុង​ភ្នំពេញទាំងអស់។ អ្វី​ដែល​​ខ្ញុំ​សង្ស័យដំបូង​បំផុត​​​ក្នុងនាមអ្នកកាន់​រឿងក្តី​គឺ​រឿង​​នេះមានការ​ពាក់​ព័ន្ធ​ដល់មន្ត្រីធំៗរបស់​ខេត្ត​មានដូចជា​ចៅហ្វាយ​ខេត្ត ស្រុក ឃុំ ភូមិ​។

ខ្ញុំទៅដល់ខេត្តនោះក៏បានដាក់ពាក្យស្នើសុំថតចម្លងឯកសារ គ្រាន់តែដឹងថាខ្ញុំមកថតឯកសារ​នោះស្រាប់​តែ​អ្នក​​ទទួល​​សំបុត្ររបស់ខ្ញុំប្រែចរឹតភ្លាមមួយរំពេច។ មិនដល់មួយម៉ោងផងខ្ញុំត្រូវបានគេអញ្ជើញ​ចូលជួប​លោក​​ព្រះរាជ​អាជ្ញា ។

តមកដល់ត្រឹមនេះ ខ្ញុំសុំសង្ខេបរឿងនេះទៅចុះ។ លោកព្រះរាជអាជ្ញា និងលោកចៅហ្វាយ​រងខេត្ត​បាន​ដាក់​សំណើរ​មក​ខ្ញុំ​ក្នុងនាមអ្នកស្គាល់គ្នាខ្លះៗ ខ្ញុំសំណូមពរភាគីទាំងអស់ចរចារគ្នា​ហើយដកពាក្យបណ្តឹង។ កិច្ច​ការ​​នេះបន្លាយ​ពេល​ដល់​ទៅ​​​បួន ប្រាំខែក៏មិនទាន់សម្រេចថាយ៉ាងណា។ តាមដោយពិតទៅ បងសាមី​ត្រូវ​អាច​​ប្តឹង​គេ​ពីបទក្បត់​សេចក្តី​ទុកចិត្ត ដែល​ពួកគេក្លែងឯកសារលក់ដីនេះ តែគាត់​ព្រម​ស្តាប់​ខ្ញុំក្នុង​ការកាត់​បន្ថយ​​កំហឹង​​តាមរយៈការសម្រុះ​សម្រួល​គ្នា ព្រោះអ្នក​ដែលបានឃុបឃិតក្នុងការក្លែងឯកសារគឺម្ចាស់ដី​ពិត​ប្រាកដ មេឃុំ មេភូមិ ថ្នាក់ដឹកនាំខេត្ត រួម​ទាំង​ព្រះរាជអាជ្ញាផងដែរ។ ហើយណាមួយ​គាត់មិនចង់មាន​រឿង​ច្រើន​​អូស​បន្លាយ​ពេលវេលា ចុងបញ្ចប់​ភាគី​ទាំង​អស់​​ហាក់​ស្រុះស្រួលគ្នា ដោយព្រម​ធ្វើសារឡើង​វិញ​លិខិត​​លក់ដី​ពិត​ប្រាកដ (ពីមុនដោយសារថ្នាក់ដឹកនាំ​ខេត្តចង់​ស៊ី​​ដាច់​ប្រាក់​ថ្លៃដីច្រើនពេកទើបកុហក​ម្ចាស់​ពិតថាបានតម្លៃ​ទាប រួចក៏មានរឿងផ្ទៃក្នុងរបស់ពួកគាត់ដែល​នាំឱ្យ​ម្ចាស់​ដីរារាំង​គ្រឿង​ចក្រ​មិនឱ្យចូល និង​ចោទ​​លោកគួងបុក ថា​បានរំលោភដីរបស់គាត់ តាមពិតបែងចែកលុយគ្នា​មិន​សមភាព​សោះ) ព្រមបង់ថ្លៃ​ខូចខាតសមស្រប​ដែល​លោក​គួងបុកទាមទារមួយម៉ឺនប្រាំបីពាន់ដុល្លារ ព្រមបង់ជម្ងឺចិត្ត​ឱ្យ​បង​​សាមី​ដែល​គាត់និងគ្នីគ្នាទាមទារ​ជិត​បីម៉ឺន​ដុល្លារ។ ដំបូងភាគីម្ខាងៗសុទ្ធតែអាងខ្នងរៀងខ្លួន ចំពោះខ្ញុំជារឿង​ងាយ​​ស្រួល​សោះទេ ព្រោះខ្ញុំមានគ្រូ​ស្និទ្ធស្នាលម្នាក់​កាន់​ការនៅ​​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ដូច្នេះគ្រាន់តែ​ហា​មាត់​​ឡើង​គេនាំគ្នាទម្លាក់​កន្ទុយ​ព្រមចូល​ចរចារគ្នាបានតាម​ការ​គួរ ឬ​ប្រហែលជាព្រះព្រមជួយដឹកនាំ​បង្ហាញផ្លូវពួកគេ​ផង​ទើប​ការណ៍​នេះក៏​ដំណើ​រ​ទៅ​ដោយរលូន។ ពេលខ្លះពិបាក​ពេក​ខ្ញុំក៏​ជឿអបិយខ្លះដែរ។

តាំងពីបានស្គាល់គ្នាគ្រាពឹងពាក់រឿងក្តីនេះមក​ រាល់ល្ងាចថ្ងៃសៅរ៍បងសាមីតែងហៅខ្ញុំទៅទទួលទាន​បាយ​នៅ​ផ្ទះ​របស់​​គាត់​​ដោយសង្កត់ថាខ្ញុំមានទំនេរ​នៅថ្ងៃអាទិត្យមិនអាចប្រកែកបានទេ​ជួនកាលនៅជជែក​គ្នា​ជាមួយ​គាត់​​ដល់​ថ្ងៃ​អា​ទិត្យ​​​ពេលព្រឹកទៅទៀតទើបលាទៅ​ផ្ទះ ​យើងជជែកគ្នាដល់ថ្នាក់ដេកលក់​លើកៅអី​ផ្តៅ។ ទៅ​លេង​ផ្ទះ​គាត់​ញឹក​ញាប់ ខ្ញុំ​ទៅ​ជា​ស្និទ្ធ​ស្នាលជាមួយគ្រួសារគាត់ជា​ខ្លាំង។ រចនា (ដែលតាមពិត​ទៅ​ខ្ញុំ​ហៅគាត់​ទាំង​ពីរថាបង) តែង​យក​ចិត្ត​​ទុកដាក់​ចំពោះ​ម្ហូប​អាហារដែលខ្ញុំពេញចិត្តដោយមិនដឹង​ជា​គាត់​ចង់គាប់​គួរ​រឿង​ក្តីរបស់ប្តីគាត់ឬយ៉ាងណា តែខ្ញុំ​…​មាន​ពេល​ខ្លះ…​​សម្លឹង​មើល​ពួកគាត់រីករាយជាមួយ​គ្នា ខ្ញុំបែរជាសោកសៅ…​កើតអ្វីទៅខ្ញុំ? ច្រណែនឬ? អត់ទេ! ខ្ញុំ​កំពុង​ស្តាយ​…​​ស្តាយ​មិន​មាន​វេលា​រីករាយ​របៀប​នេះ…ជាមួយនាង…

កំពុងតែឡើងជណ្តើរទៅជាន់ទីពីរជាផ្ទះរបស់គាត់ កូនៗគាត់ក៏ចុះមកទទួល។

ហ្អា! ចុះមកធ្វើអីក្មួយ?

ប៉ា ប្រាប់ឱ្យមកទទួលពូ។ (កូនស្រីបងគេរបស់គាត់ឈ្មោះលីហ្សាហក់មកឱបកខ្ញុំ នេះបើកុំតែខ្ញុំក្រឡេក​ឃើញ​ទាន់​ចាប់​​ទប់​ខ្លួនវាទេ កុំអី…បានដល់ដីទាំងពូទាំងក្មួយ ចំណែកអាមួយកណ្តាលជាប្រុស​ឈ្មោះ​អេនឌី ទើបមាន​អាយុ​បីឆ្នាំ តោង​ដៃម្ខាង រួចមួយទៀតក្មួយស្រីពៅអាយុមិនទាន់បីឆ្នាំទេរពឹសជាងគេ ឈ្មោះ​អេមី ចុះមកទទួលខ្ញុំដែរ) គាត់​ទាំង​​ពីរ​​នាក់​ហ្នឹង​បណ្តោយកូនណាស់ ក្មេងតូចៗសោះឱ្យចុះ​ឡើង​ជណ្តើរ​​យ៉ាងម៉េច​ទេ?

ពូមានតុក្កតាផ្ញើអាលីហ្សា និងអេមី។

យ៉េ!

ចុះអូន? (អេនឌីគេសួរទាំងនិយាយបិបឹ)

អេនឌីក៏មានដែរ!

បង! ក្មេងៗចុះជណ្តើរខ្ញុំខ្លាចធ្លាក់ដល់ហើយ។

វីរៈអើយ! (បងសាមីនិយាយបែបហី) ពួកវាហ្នឹងធ្លាប់អស់ហើយ មិនអីទេ។ បើមិនជឿសួរពួកវាទៅ អាណា​ជាន់​​ទី​ប៉ុន្មាន អាណាប៉ុន្មានថ្នេរ? (អុញ! អញ្ចឹង…ទៅ ឯងឯណេះបារម្ភសឹងស្លាប់ គាត់ទៅជា…​ស្រួល​ម្យ៉ាងដែរ…)

ក្មេងៗនាំគ្នាសប្បាយនឹងរបស់លេងថ្មី។ និយាយគ្នាលេងមួយស្របក់ មុនពេលរចនារៀបបាយឱ្យហូប ខ្ញុំក៏​និយាយ​នឹង​​បងសាមី៖

បង! រឿងក្តីបង ខ្ញុំគិតថាមិនអីទេ ព្រោះថាការសម្រុះសម្រួលជាមួយលោក គួងបុក និងបង ថាវី ក៏ជិត​បាន​ស្រេច​​បាច់​​​ហើយ ខ្ញុំចង់ទៅខេត្តមួយរយៈ ប្រហែលពីរអាទិត្យ។ ខ្ញុំគិតថា​ត្រឡប់មកវិញ​ល្មម​ពេល​រឿង​បង​ត្រូវ​ចប់។

រួចទៅធ្វើអី?

ខ្ញុំត្រូវទៅធ្វើការថ្មី។

បង្អង់មួយស្របក់ បងសាមីគាត់ក៏និយាយ៖ ខ្ញុំអរគុណវីរៈឯងណាស់ បើមិនបានវីរៈ​ជួយទេខ្ញុំមុខជាមាន​បញ្ហា​ជាមួយ​​កូរេ​ហ្នឹងមិនខាន។ អរគុណហើយប្អូន ខ្ញុំទុកប្អូនជាអ្នកមានគុណរបស់ខ្ញុំដែរ។ យ៉ាងណាក៏​ដោយ​​សុំ​រាប់អាន​គ្នា​​តទៅ​មុខ កុំឱ្យ​ភ្លេចគ្នាឱ្យសោះណា។

ខ្ញុំមិនទាន់ថាយ៉ាងណាផងស្រាប់តែអាអេមីគេស្រែកឱ្យ៖ ពូឯងទៅណា?

ពូទៅធ្វើការ។

ធ្វើការនៅណា?

ទៅធ្វើការនៅឯខេត្ត។

ខេត្តណា?

ប៉ាវាក៏ស្រែកកាត់៖ ឈប់សួរពូទៅ តោះញ៉ាំបាយ។

អត់…ឱ្យ…ទៅ…ហេ! អត់ឱ្យពូឯងទៅហេ!

ពូទៅតែពីរអាទិត្យទេ ពូត្រូវទៅធ្វើការ!

ហ៍! មិនបាច់និយាយច្រើនទេ ញ៉ាំបាយ! (រចនាគាត់ស្រែកគំហកឱ្យអាអេមី អានោះយំហ៊ីៗៗ)

ពូទៅធ្វើការទេតើ? (ខ្ញុំខំលួងវា តែមានដូចចិត្តអីវាកាន់តែយំខ្លាំងឡើងៗ)

ម្បាច់ធ្វើការហេ! អត់ឱ្យទៅហេ! (ចូលដល់កម្មវិធីនិយាយគ្នាស្តាប់លែងបានហើយខ្ញុំ ប៉ាវាក៏ស្រែកឱ្យវា៖ ឈប់​​យំ ញ៉ាំ​បាយ​ភ្លាម!) យើងក៏ញ៉ាំបាយយ៉ាងស្ងៀមស្ងាត់ មានតែបងសាមីមួយទេដែល​និយាយ​ចេក​ចាច​​ក្នុង​ពេលបាយ ដើម្បី​កុំ​ឱ្យ​​ស្ងាត់ ព្រោះថាខ្ញុំឡឺនឡង់ដោយសារការគំហកដាក់​កូនរបស់គាត់ទៅ​ហើយ​…​Shock…

នៅជាមួយពួកគាត់ដែលមានកូនតូចៗបីនៅក្នុងបន្ទុក (នេះបើកុំមានអ្នកនៅជាមួយដើម្បីជួយ​សម្រាល​ការងារ​​ទៀត​នោះ​​​កុំអីវង្វេងស៊ុងហើយ) ខ្ញុំពិចារណាយូរទៅដូចជាយ៉ាងម៉េចមិនដឹងទេ! ខ្ញុំវិលមុខណាស់។​ ក្នុង​ពេល​ដែល​សម្រាក​​ពី​​ការងារ​ពួកយើងសង្ឃឹមថានឹងបានសម្រាកយ៉ាងសុខស្រួល តែសង្កេតមើល​ពួក​គាត់ ពេលត្រឡប់មកពី​កន្លែង​​ការងារ​បែរ​ជារវល់វក់វីជាមួយកូនៗ…​គាត់សប្បាយដែរទេ? ឬមកពីខ្ញុំ​ទម្លាប់​រស់​តែ​ម្នាក់​ឯងក៏គិតថាស្រួល​តាម​បែប​​របស់​ខ្ញុំ?

បាយរួចអង្គុយមើលក្មេងៗលេងតុក្កតា និងឡានប្រើប្រដាប់បញ្ជា អាលីហ្សាគេស្ទុះមកអង្គុយ​លើភ្លៅវឹប​ដែល​​ខ្ញុំ​​កំពុង​ពែន​​ភ្នែនលើឥដ្ឋកម្រាល វាក៏ផ្តេកខ្លួនមកលើដៃខ្ញុំសន្សឹមៗ ខ្ញុំដូចត្រូវមួយដំបងឈឺចង់​សន្លប់​ព្រោះ​​មិន​ធ្លាប់​​មានក្មេង​ឯណា​​មកហក់ដាក់បែបនេះទេ ស្រាប់តែវាលើកជើងទាំងពីរដាក់លើដៃម្ខាងទៀត។ ដំបូង​ចង់​ខឹង​ដែរព្រោះ​វាដូចជា​លេង​​ច្រើន​ណាស់ជាមួយខ្ញុំ តែពេលវាចាប់ចង្កាខ្ញុំហើយលោមុខ​មកថើប​ថ្ពាល់​ស្តាំរបស់ខ្ញុំ ខ្ញុំព្រឺ​ខ្លួនខ្ញាក…​អូហ៍…​ដូចរក្សាម៉្លេះ!…

នឹកអូនអត់? (វានិយាយមករកខ្ញុំយ៉ាងកញ្ឆក់ដូចដែលប្រពន្ធខ្ញុំធ្លាប់និយាយជាមួយ…ឱ្យខ្ញុំបះរោមព្រឺ​សម្បុរ​​តែ​ម្តង)

អូហ៍…(ខ្ញុំលាន់មាត់មួយទំហឹង)…ដូចម្ល៉េះ! អាលីហ្សា!

បងសាមីក៏ងាកមុខពីទូរទស្សន៍មកមើលខ្ញុំដែលលាន់មាត់ដូចត្រូវមួយព្រនង់។ រចនាដែល​នៅអង្គុយ​លើ​សាឡុង​​ក៏​សើច​៖

កើតអីហ្នឹងវីរៈ? ដូចអី?

…បង…ដូចប្រពន្ធខ្ញុំណាស់…ដូចគេធ្លាប់ធ្វើដាក់ខ្ញុំចឹង…អាលីហ្សា!

កាលខ្ញុំមានទម្ងន់វា ខ្ញុំយល់សប្តឃើញអាសាមកអង្អែលក្បាលខ្ញុំ និងបងមី។ ខ្ញុំក៏និយាយនឹងវាក្នុង​យល់សប្ត​ហ្នឹងថា ចុះ​ឯងមកពីណាមកអង្អែលក្បាលប្តីខ្ញុំហ្នឹង? ប្រយ័ត្នគាត់ខឹងណា! ដល់ពេលវា​ធំឡើង​ទាល់​​តែលេង​សក់​​ក្បាលឪវា​បាន​​ដេកលក់ បើអត់គាត់វាលេងសក់ខ្ញុំទាល់តែដេកលក់។ ខ្ញុំសុំមិន​និយាយ​អ្វីទេ កុំឱ្យតែវា​ឈឺ​ទៅ​បានហើយ។

មែនហ្អេះ? ខ្ញុំទើបឃើញវាធ្វើបែបនេះដាក់ខ្ញុំ ព្រោះយាយប៉ិនោះមិនដែលថើបថ្ពាល់ឆ្វេងរបស់ខ្ញុំទេ… និយាយ​អស់​​ខ្មាស​​​ទៅចុះ…ខ្ញុំធ្លាប់កើតបូសនៅលើថ្ពាល់ឆ្វេងនេះ ដូច្នេះហើយបានជានាងថើបតែថ្ពាល់ស្តាំ​ហើយ​ប្រាប់​ទៀត​​ថា​ខ្លាច​​ឆ្លង​បូស​ មិញនេះវាគេងដាក់ក្បាលលើដៃឆ្វេង វាគួរណាស់តែ​ថើបខាងឆ្វេង​នេះ​តែ​បែរ​ជាលោ​ទៅ​ខាងស្តាំវិញ។ ហ៊ិះៗ

មុនពេលលាពួកគាត់មក បងសាមី និងរចនាក៏ជូនដល់ឡានដូចរាល់ដង តែក្មេងៗគេងលក់អស់ហើយ។

​ខ្ញុំបានមើលសៀវភៅកំណត់ហេតុរបស់រក្សា…ខ្ញុំអរគុណបងរចនាណាស់ដែលបានជួយនាងសព្វបែប​យ៉ាង…ខ្ញុំ…ខ្ញុំ​…

មិនមានអ្វីទេ។ គេជាមិត្តរបស់ខ្ញុំៗត្រូវតែជួយគេចឹងហើយ។

បើបងមានការអ្វីតេរកខ្ញុំចុះ ខ្ញុំពេញចិត្តនឹងតបស្នងគុណបង​រហូតឱ្យសមចិត្តល្អដែលបង​មានចំពោះ​ប្រពន្ធ…​កូន​…​​ខ្ញុំ…

ចាសខ្ញុំអរគុណវីរៈណាស់ដែលបានខ្វល់ខ្វាយចំពោះពួកយើង ឆ្លងកាត់រឿងមួយនេះខ្ញុំនឹងប្រដៅកូន​ឱ្យចេះ​ស្គាល់​​ខុស​​ត្រូវ​​កុំឱ្យពួកគេគិតខុសដូចខ្ញុំធ្លាប់គិតចំពោះឯងកន្លងមក។

ខ្ញុំលាបងៗសិនហើយ! (ខ្ញុំសំពះលាគាត់ជាមួយនឹងសម្លេងរអាក់រអួល)

សុខសប្បាយណា! ថ្ងៃក្រោយជួបគ្នាទៀត។ (បងសាមី)

ទំនេរ ឧស្សាហ៍មកលេងផង! (រចនា)

ខ្ញុំរំភើបណាស់មួយឃ្លានេះដែលរចនានិយាយមក ធ្វើឱ្យខ្ញុំនឹកស្រមៃដល់កាលដែលពួកយើង​ស្គាល់គ្នា​ដំបូងៗ ថ្ងៃ​​ណា​​ក៏​​រចនាជេរ រករឿងថាឱ្យខ្ញុំដែរ គេមិនចង់ឱ្យមិត្តរបស់គេស្រឡាញ់មនុស្សប្រុសអាយុប្អូន និង​គ្មាន​ការងារ​​ធ្វើដូច​ជា​​រូប​ខ្ញុំ។ កាលណោះខ្ញុំក៏មិនសូវជាចូលចិត្តរចនាប៉ុន្មានដែរ តែខ្ញុំមិនរវីរវល់ ហើយ​ប្រឹង​ជម្នះ​តាមស្រឡាញ់​រក្សា​រហូត​មក។ បាន​​ត្រឹមញញឹម ខ្ញុំក៏បែកពីពួកគាត់…

បើកឡានបណ្តើរខ្ញុំនឹកដល់គ្រាមួយនោះដែលពួកយើងកាន់ដៃគ្នាដើរនៅមាត់សមុទ្ទ​កំពង់សោម។ ពេល​នោះ​​ខ្ញុំ​​ប្រាថ្នា​​ថា​​​សុំឱ្យពួកយើងកាន់ដៃគ្នាដើររបៀបនេះរហូតដល់ចាស់ នៅមើលថែទាំគ្នា​នាពេល​ចុង​ក្រោយ​​នៃជីវិត​របស់​​យើង ខ្ញុំបាន​​តាំងចិត្តថានឹងស្រឡាញ់នាងរហូតដល់ស្បែកនាងជ្រួញ ធ្មេញបាក់អស់ ពាក់វ៉ែនតា​ម្ញូប​៤០០ដឺក្រេ និង​មាន​​សក់​ស្កូវ​ព្រោងព្រាត ទោះពេលនោះនាងទៅជាយ៉ាងណា​ក៏ខ្ញុំនឹង​ស្រឡាញ់​នាង​ឱ្យដល់ទី​បញ្ចប់ដើម្បី​កុំឱ្យនាង​អស់​​សង្ឃឹម​ដែល​មិនស្តាប់សម្តីគ្រួសារ និងមិត្តភ័ក្តិនាង​មក​ស្រឡាញ់ខ្ញុំ។ បើសិនជា​កាល​ណោះ ម៉ាក់ប៉ា និងរចនា​ព្រម​​ទទួល​ខ្ញុំ ​ប្រហែលពេលនេះខ្ញុំនឹង​មាន​អនុស្សាវរីយ៍​ល្អៗ​ជាច្រើនឱ្យនៅ​ចងចាំ​ក្រោយ​​ពេលនាងទៅបាត់…​គ្រាន់​កំដរ​ជីវិត…

ឡើងមកដល់លើផ្ទះវិញខ្ញុំទាញដបស្រាពីចង្រ្កានបាយមក រួចដើរកាត់កន្លែងព្យួរខោអាវដើម្បីផ្លាស់ខោអាវ​ស្លៀក​​នៅ​ផ្ទះ។ ខ្ញុំក្រឡេក​មើលទៅអាវដែលព្យួរក្នុងទូ…

សូមថែខ្លួនផង អូនលាបងរហូតហើយ។

ឃ្លាមួយនេះជាស្នាមខ្មៅដៃដែលនាងសរសេរនៅលើអាវសឺមីរបស់ខ្ញុំ ខ្ញុំទើបចាំបានថា​កាលណោះ​​អាវនេះ​ត្រូវ​នាង​ទាញ​​ដាច់​​ឡេវខាងលើគេ។ ខ្ញុំលូកដៃទៅចាប់អាវដោយ​មិន​ភ្លេច​ងាកទៅមើលគម្របប្រអប់​ដែល​នៅ​ក្បែរ​នោះ «សូម​កុំ​ប្រាប់​ប្តី​ខ្ញុំ…» អូនគិតហ្អេះថា​បងអាចភ្លេចអូនងាយម្ល៉ឹងៗ? អូនចង់ឱ្យបង​មាន​គ្រួសារ​ថ្មីឬ? អូនមិនដែលគិតទេ​ហ្អី​ថា​​អូន​បាន​​លួច​​យក​ភាពជាកម្លោះនៅលីវរបស់បងទៅបាត់ហើយ? អូន​ស្មានហ៍? មនុស្ស​ឥឡូវមិនមែនចេះតែអាច​រៀប​ការ​​បាន​ដូច​កាល​យើងទៅចុះអេតាស៊ីវិលនោះទេ គេ​ត្រូវ​​ការបញ្ជាក់​ភាព​នៅ​លីវពីមេឃុំ មានលិខិតលែងលះ​ត្រឹម​​ត្រូវ ឬលិខិត​មរណភាព​​​ដូច​ក្នុង​ករណី​របស់បង ចុះបើអូន​មិនព្រម​ធ្វើ​លិខិតលែងលះឱ្យបងផង រួចឱ្យ​បង​ទៅ​រក​លិខិត​បញ្ជាក់​​មរណភាព​​ពីនរណា? នេះ​ឬមនុស្សដែល​គិតពី​បង​បំផុតនោះ?

ខ្ញុំលើកអាវឡើងទាំងអួលអាក់ សម្លឹងមើលទៅរូបនាងនៅលើជញ្ជាំងដែលកំពុងញញឹម​មិនដែលស្រពោន​មក​រក​ខ្ញុំ…​មើល​​អាវ​នេះ…មើលរូបនាង…ខ្ញុំនិយាយមិនចេញ យំក៏មិន​ចេញ​​ដែរ ព្រោះរឿង​កន្លងមក​នេះវា​ជា​​កំហុស​តែ​មួយគត់​របស់​​ខ្ញុំ​ដែល​មិន​ព្រមលើក​ទូរស័ព្ទ​នាង។​ទីបំផុតទឹកភ្នែករមៀលធ្លាក់មកជាមួយការ​ឈឺ​ចាប់​ដែល​មិនអាចបរិយាយ​បាន៖

ឥឡូវឡេវអាវអូនដាក់រួចហើយ…អូនមិនដែលចង់​ឃើញបងពាក់វាទេឬ?

                                                                           ថ្ងៃ សុក្រ ទី ១៦ ខែ ឧសភា ឆ្នាំ ២០១១

                                                                                       សរសេរដោយ៖ លី កល្យាណ


[i] គគោក មិនមាននៅក្នុងវចនានុក្រមខ្មែរ កំណែទី ២ ទេ។ បើមានការកែ​សម្រួលនៅវគ្គក្រោយ ខ្ញុំនឹងជម្រាប​ជូន។

Advertisements
  1. លី កល្យាណ / សីហា 1 2011 12:52 ព្រឹក

    អរគុណពួកម៉ាកដែលបានវាយអត្ថបទនេះឱ្យគ្នា។

  2. Chakrya / សីហា 1 2011 3:17 ល្ងាច

    លោកអ៊ើយលោក អោយគេអានឡើងស្រក់ទឹកភ្នែកនៅកន្លែងធ្វើការហើយនៀក

    • លី កល្យាណ / សីហា 1 2011 3:55 ល្ងាច

      កុំកុំ គ្មានអីលួងទេណា!
      អរគុណខ្លាំងណាស់ដែលបានចូលមកលេង តែចរិយាជួយប្រាប់ផង តើមានចំណុចត្រង់ណានៅខ្វះខាត?

  3. Old Friend from High School / សីហា 2 2011 8:48 ព្រឹក

    I did like your short story. I didn’t know that you are a writer now. I am a member of Khmer Writer’s Association since 2000. I can say I appreciate your masterpiece. Keep on your short story. It will ease your pain and sadness to describe by words and feeling along your pens.

    Remember me dear? This was an outstanding student in Kg Thom High school for 6 generations. Nek khergn nov? This is Borey Na! Long time no see you. You look mab mab heoy neark. Call me when you are available. 012 895 648.

  4. somada / សីហា 3 2011 10:52 ព្រឹក

    ពិតជាកំសត់ភស់គេមែន បងអាន២ថ្ងៃបានចប់ណា ម្សិលមិញអានបណ្តើរ បង្រៀនកូនបណ្តើរ ។ ថ្ងៃនេះ​ឆ្លៀតពេលធ្វើការមកអានបញ្ចប់ ។ មនុស្សប្រុសពិតជាគ្មានមេត្តាធម៌​មែន គិតថាខ្លួនឯងត្រូវ មិនគិតស្វែង​រកការពិតអី្វសោះ ។ រឿងនេះកំសត់​ តែវា​មិនបានធ្វើឲ្យបងអាណិតតួប្រុសទេ បែរជាស្អប់ទៅវិញ ។ កល្យាណ​​ធ្វើឲ្យតួ​ស្រីត្រូវរស់នៅជាមួយភាពឈឺចាប់​រហូតដល់ថ្ងៃស្លាប់បែបនេះ​ ពិតជាធ្វើបាប​នាង​ពេក​ហើយ ។ សង្ឃឹមថា​តួអង្គក្នុងរឿងនេះមិនមែនជាកល្យាណទេណា ។

    • លី កល្យាណ / សីហា 3 2011 11:03 ល្ងាច

      បងជាអ្នកដែលខ្ញុំរង់ចាំយ៉ាងអន្ទះសា។ ចាំថ្ងៃទី១ ដឹងថាបងមិនទំនេរ។ មានមតិពីខាង facebook ល្អៗដែរ គេឆ្ងល់៖

      « Chakrya Leang
      រឿងនេះពិតជាសោកសៅណាស់…
      នេះឬពាក្យថាស្រឡាញ់របស់អូន?
      smilesealed.wordpress.com
      Monday at 4:30pm · UnlikeLike · · ReshareShare this with your
      = Chakrya Leang អានរួចហើយ? មានស្រក់ទឹកភ្នែកអត់?
      = លី កល្យាណ Thanks Chakrya Leang for posting this.
      = Chakrya Leang មានដឹងខ្លួនអត់ថាបានធ្វើឲ្យ​នារីម្នាក់ស្រក់ទឹកភ្នែកនៅក​ន្លែងធ្វើការ?
      = លី កល្យាណ ហ៊ឺ! តើខ្ញុំខុសឬដែលធ្វើឱ្យនារីម​្នាក់​នេះស្រក់ទឹកភ្នែកដោយសា​រអានរឿងរបស់ខ្ញុំនោះ?
      = លី កល្យាណ ហ្អើយ… ទើបតែដឹងថាមានអ្នកអានរឿងហើយ​យំទៀត សំខាន់គឺកំពុងធ្វើការផង បែបខ្មាសគេដែរហើយមើលទៅ! សុំទោសណា៎!
      = Chakrya Leang ជារឿងពិតឬ?
      = លី កល្យាណ ពិតខ្លះដែរ មានប្រឌិតផ្សំផង។ តែយ៉ាងណាក៏ដោយ តួឯកស្រីនោះពិតជាស្លាប់ពិតម​ែនដោយសារជម្ងឺដែលមនុស្សជាច្​រើនមិនសូវបានយកចិត្តទុកដាក់​ ដោយចេះតែគិតថាជាការឈឺក្បាលធ​ម្មតា។
      = Chakrya Leang អូ… ចុះពេលដែលនាងឃើញតួប្រុសនោះប​ណ្តើរស្រីម្នាក់ចូលអូតែល តើតួប្រុសនោះបកស្រាយយ៉ាងណា?​ ហើយ តើនាងបាត់បង់កូនដោយរបៀបណា? ហើយដែលតួប្រុសឃើញនាងជិះឡានហ​ើយសើចសប្បាយជាមួយប្រុសម្នាក​់ តើនាងបកស្រាយយ៉ាងណាដែរ?
      = លី កល្យាណ រឿងទីមួយ ចូលអូតែល៖ កាលណោះគេបានតាមដានរឿងក្តី ប្តីប្រពន្ធលែងលះគ្នា ដូច្នេះប្រពន្ធនោះក៏ពឹងវីរៈ​ឱ្យជួយតាមដានស្រីដែលប្តីគេធ​្លាប់ដេកជាមួយដើម្បីរកភស្តុ​តាងលែងលះដោយឱ្យប្តីចុះចេញទទ​េព្រោះជាប់ចោទពីបទមានសាហាយ។
      = លី កល្យាណ ទីពីររឿងបាត់បង់កូន (រលូតកូន)៖ នាងជាអ្នកកាត់ដេរ ដូច្នេះការងារនាងច្រើនតែអង្​គុយ។ មួយទៀតមុននឹងខ្ញុំសរសេរក៏បា​នសួរទៅពេទ្យដែរ គេថាពិបាកក្នុងការទ្រាំទ្រណ​ាស់ចំពោះជម្ងឺដុំសាច់ក្នុងខ​ួរក្បាលនេះ សូមយោងទៅក្នុង Google វាយពាក្យ Brain Turmor អ្នកនឹងអាចស្វែងយល់ខ្លះ។
      = លី កល្យាណ រឿងចុងក្រោយនេះ តាមពិតជាការប្រឌិតរបស់ខ្ញុំ​ ដែលគ្រាន់តែចង់ដាក់ពាក្យថា សើចឡើងលឹបភ្នែកឱ្យអ្នកអានអស​់សំណើចបន្តិចប៉ុណ្ណោះ។ ការពិត លោកវិសាលជាបងជីដូនមួយរចនា គឺគាត់ជូនពួកគេឡើងយន្តហោះ។
      = លី កល្យាណ អរគុណចរិយាដែលបានបន្ថែមយោបល​់ ខ្ញុំនឹងពិចារណាជាបន្តក្នុង​ការកែសម្រួលទៅតាមការខំមិនរប​ស់ចរិយា។ នៅតែចង់និយាយពាក្យថាអរគុណៗៗ​ៗៗ។
      = Chakrya Leang គ្រាន់តែឆ្ងល់ទេ។ យ៉ាងណាក៏ដោយ… ពេលខ្ញុំមើលពីដំបូង ខ្ញុំគិតថាតួប្រុសប្រហែលនៅត​ែនឹកតួស្រី តែមិនព្រមបន្ទន់ខ្លួនទេ ធ្វើឯងខ្លាំងអត់ព្រមលើកទូរស​័ព្ទគេ ហើយមកធ្វើស្តាយក្រោយ
      = លី កល្យាណ ត្រូវម៉ាច់ហ្មង! អ្វីដែលខ្ញុំចង់បង្ហាញ ពេលនេះចរិយាដឹងហើយ! »

      ខ្ញុំសរសេរនេះ ពិតមែនតែមិនចង់ឱ្យវីរៈជាមនុស្សគួរឱ្យអាណិត​ពិតមែន​តែបើ​ខ្ញុំស្អប់តួអង្គនេះ ខ្ញុំប្រៀបបានបង្ហាញអ្នកអានទាំង​អស់ឱ្យដឹងគ្មានសល់ តែខ្ញុំចង់លាក់ធ្វើឱ្យតួប្រុសមានទឹកភ្នែកខ្លះ ស្តាយអ្វីដែលខ្លួនបានធ្វើ ចឹងក៏កំសត់ដាក់ខ្លះទៅ តែអ្នកដែលពិចារណាឃើញថា មិនគួរឱ្យអាណិតទើបជាអ្នកដែលបានអានសាច់រឿងនេះលម្អិត។
      តួស្រីស្លាប់គឺជារឿងពិតមែនខ្ញុំក៏សរសេរអំពីមូលហេតុដែរ តែការលម្អិតអំពីជម្ងឺនេះ (ខ្ញុំពូកែអង់គ្លេសពេក) ខ្ញុំមិនសូវយល់ (រកតាមGoogle អស់ជាងប្រាំដុល្លាតាមទូរស័ព្ទប្រើអ៊ីនធឺណែត បីបួនយប់រកមើលមិនសូវយល់)។
      បងមានយោបល់អីបន្ថែមសូមជួយខ្ញុំផង។

  5. somada / សីហា 4 2011 6:46 ល្ងាច

    គ្មានអីបន្ថេមច្រើនទេ គ្រាន់តែថា​​ហាងLucky Burger អាងទឹកអូឡាំពិកបើកនៅ​២០០២ កល្យាណច្រឡំ ទេដឹង ? ចំណេករឿងតួអង្គវិរៈបងគិតថា គេជាតួអង្គម្នាក់ដែលឆោតល្ងង់ ព្រោះជា​មេធាវីស៊ើប​រៀងក្តី​ឲ្យគេរាប់មិនអស់ តែរឿងខ្លួនឯងទុករហូតដល់ទុំលែងកែប្រែអ្វីបាន ។ បើតាមគំនិតបងវិញគឹឲ្យតួស្រិ​ស្លាប់ដដែល តែតួប្រុសជាអ្នកតាមស៊ើបសួររកនាង រហូតជួប ហើយអាចឲ្យពួកគេរស់នៅមួយរយៈពេលខ្លី​ជាមួយគ្នានាជីវិតចុងក្រោយ ។ ដូច្នេះមានន័យថា តួប្រុសជាមនុស្សប្រុសពិតប្រាកដ ព្រមទាំងបង្ហាញថា​គេជាមេធាវីដ៏ពូកែម្នាក់ ។ មិនមែនមានគំនិតចាស់បុរាណថា ជាងកន្ត្រៃសក់កន្រ្ទើងនោះទេ ។ សូមទោសបើនិយាយ​ទៅធ្វើឲ្យកល្យាណអន់ចិត្ត ។​

  6. លី កល្យាណ / សីហា 4 2011 10:00 ល្ងាច

    សូមបងប្អូនណាដែលកត់ចំណាំបានជួយយោបល់ផង។ Lucky Burger អាងទឹកអូឡាំពិចនេះ​ប្រហែលបើក​ក្នុង​កំឡុង 2002 -2003 ព្រោះក្នុងឆ្នាំនោះខ្ញុំវក់ហូបភ្លៅមាន់ និងដំឡូងបារាំងបំពងណាស់បង ខ្ញុំទៅញ៉ាំ​រាល់​ល្ងាចរហូតដល់ធាត់មិនអាចកែខ្លួនបានដល់សព្វថ្ងៃនេះ។ ខ្ញុំចាំបានថាពេលថ្ងៃមានលក់ម្ហូបទៀត រួចម្ហូបដែលខ្ញុំចូលចិត្តគឺសម្លម្ជូរព្រៃ។ ខ្ញុំមិនហ៊ានអាង១០០​ភាគរយទេបង (នេះជាកំហុសមួយ)។
    ខ្ញុំសូមការពារសារណារបស់ខ្ញុំនៅទីនេះ ត្រង់កន្លែងដែលបងថាវីរៈជាមនុស្សមិនចេះគិតតាមវិជ្ជាជីវៈ​របស់​ខ្លួនក្នុងនាមជាអ្នកអាចដោះស្រាយបញ្ហាម្នាក់។ នៅពេលបែកគ្នា វីរៈគ្រាន់តែជាជំនួយការក្នុងការរៀបចំ​ឯកសារសម្រាប់ អង្គការជួយស្រ្តីមានវិបត្តិប៉ុណ្ណោះ សូមនិយាយការពារត្រឹមប៉ុណ្ណេះ។ ខ្ញុំចង់ជម្រាប​ថា​មនុស្សយើងនេះ​មិនខ្វល់ថាជានរណាទេ មានពេលខ្លះព្រោះតែកំហឹង​​ ភាពអញនិយម។ល។ ក៏មិនបាន​ពិចារណាអ្វីទាំងអស់​​ខ្ញុំឃើញច្បាស់នឹងភ្នែកមនុស្សដែលខ្ញុំគោរពព្រោះគាត់ធ្លាប់ជួយដោះស្រាយក្តីឱ្យគេ ដល់មករឿងខ្លួនឯង ក៏បំពានគ្មានដឹងមុខក្រោយទេ ដល់តែពេលគេនិយាយខ្លាំង​ដាក់ជិតដប់នាក់ទៅ​បាន​ចេះឆ្លុះបញ្ចាំងខ្លួនឯង​​បានបន្តិច។ ប៉ុណ្ណឹងហើយនៅក្អេងម្តងៗដែរណាបង។ ទាំងនេះជារឿងដែលខ្ញុំ​បាន​ឃើញ តែមិនមែនមាន​ន័យថាសង្គមយើងនេះមានតែមនុស្សបែបហ្នឹងនោះទេ មានមនុស្សជាច្រើនដែល​អាច​គ្រប់​គ្រងសតិបាន។
    ខ្ញុំមានពាក្យតែមួយម៉ាត់ទេ «សេចក្តីស្រឡាញ់ (មិនមែនចំពោះតែស្នេហាទេ) ងប់ងល់ ធ្វើឱ្យងងឹតដល់​ទស្សនវិស័យនៃមនុស្សម្នាក់ចំពោះពិភពលោកបាន» ខ្ញុំខ្លួនឯងក៏ធ្លាប់ភ្លក្សរសជាតិវារួចហើយ។
    សម្រាប់ខ្ញុំ មតិយោបល់របស់បង ក៏ដូចជាមតិយោបល់របស់ញាតិមិត្តទាំងអស់សុទ្ធតែនាំឱ្យខ្ញុំមានគំនិតថ្មី​
    ដូចខ្ញុំបានបញ្ជាក់ពីខាងដើមថាខ្ញុំរង់ចាំបងទាំងអន្ទះសាព្រោះគិតថាបងនឹងជួយយោបល់មកខ្ញុំ ដើម្បីឱ្យ រឿងក្រោយទៀតកាន់តែប្រសើរឡើង។ ចំពោះគំនិតរបស់បង ខ្ញុំមានគំនិតមួយទៀតហើយ 🙂
    រួចចង់ខ្សឹបប្រាប់បងកុំឱ្យគេឮ ថា៖ ទម្រាំបានរឿងនេះមួយ ខ្ញុំហូរទឹកភ្នែកស្ទើរជោគក្រមាទៅហើយ ម្តងទៅ​ស្តាប់រឿងកម្សត់របស់អ្នកនេះ ម្តងទៅស្តាប់រឿងអ្នកនោះ រួចខំរកនឹកឃ្លាល្បះណាដែលខ្លួនឯងធ្លាប់ស្តាប់ទៅ​ជក់ចិត្ត ជាប់ចិត្ត ក៏លើកមកដាក់បន្តុប។

    អរគុណ បងខ្លាំងណាស់។

  7. លី កល្យាណ / សីហា 4 2011 10:08 ល្ងាច

    អរគុណចរិយា មិត្តសម្លាញ់របស់ខ្ញុំពីវិទ្យាល័យ និងបងស្រីសុធា (Somada) ដែលបានផ្តល់គំនិតបន្ថែមដល់​រឿងកំសាន្តរបស់ខ្ញុំ។
    ខ្ញុំសូមបញ្ជាក់ម្តងទៀតថាខ្ញុំមិនមែនជាអ្នកនិពន្ធទេ ក៏មិនដែលបានរៀនសូត្រលើផ្នែកនេះដែរ ដោយហេតុ​ផលមួយនេះ ទើបខ្ញុំត្រូវការមតិរបស់អស់លោក សម្រាប់ជួយកែសម្រួល។
    សូមគិតថារឿងនេះគ្រាន់ជាគ្រឿងកម្សាន្តចិត្តនាពេលសម្រាកទៅចុះ លើកក្រោយខ្ញុំនឹងសរសេរពីរឿង​ដែល​អាចនាំឱ្យអ្នកអានបានសើចខ្លះ រឿងនេះ ទុក្ខពេកហើយ។ ប៉ុន្តែដូចមិត្តសម្លាញនៅវិទ្យាល័យ​របស់ខ្ញុំគាត់​និយាយចឹង គឺខ្ញុំចង់បង្ហូរភាពតានតឹងខ្លះក្នុងចិត្ត។

  8. somada / សីហា 5 2011 9:41 ព្រឹក

    កល្យាណដឹងទេព្រឹកមិញនេះ មុននឹងចេញមកធ្វើការបងបានមើល​ទូរទស្សន៍ Thai PBS ម៉ោង​៨.៣០តែចាំចំណង​ជើងកម្មវិធីមិនបាន គេសម្ភាសន៍អ្នកនិពន្ធម្នាក់ តែអ្វី​ដែលធ្វើឲ្យបង​ចាប់អារម្មណ៍ និង​ ពេញចិត្ត​បំផុត​នោះ​គឺគាត់បានលើកឡើងថា សាលារៀនតែងនិពន្ធគ្មានទេ លើលោកនេះ (ពិត ឬ មិនពិតបងក៏អត់​ដឹង​ដែរ) ព្រោះរឿង​ដែល​យើង​តែង​និពន្ធ​ឡើង មិនមែនយកគម្រូតាមគ្នាបាននោះទេ ហើយការិយាល័យ​របស់​អ្នកនិពន្ធគឺ ផ្ទៃមេឃ និង ផែនដី ។ បើឲ្យគាត់​និពន្ធ​រឿង​នៅក្នុង​ការិយាល័យ​ គាត់សរសេរ​មិនចេញទេ ។ គាត់បានបញ្ជាក់ទៀតថា អ្នកនិពន្ធ​ម្នាក់​ៗ មិនមែនសុទ្ធតែមកពីមហាវិទ្យាល័យ​តែមួយដូចគ្នានោះទេ សំខាន់បំផុត គឺចំណូលចិត្តរបស់អ្នកតែង ។ គាត់ធ្លាប់ជាសិស្សគេចសាលាហើយក៏លះបង់​ការសិក្សា​ទៀតផង តែគាត់បានផ្លាស់​ប្តូរគំនិត បន្ទាប់ពីបានអាន​សៀវភៅមួយក្បាល​ (មហាវិទ្យាល័យជីវិត និង ប្រវត្តិអ្នកនិពន្ធជាភាសាថៃ) ។
    ចូលមកដល់រឿងកល្យាណវិញម្តង បងគិតថាមូលហេតុ​ដែល​កល្យាណការពារសារណាត្រឹមត្រូវ​តែមិនបាន​១០០% ទេណា (បើឲ្យការពារម៉េចកើត បើធ្វើតាមគំនិតខាងលើ សាច់រឿង​ពិតជាត្រូវដូរទាំងអស់មិនខាន ជួលគេវាយអត្ថបទទម្រាំតែបានប៉ុណ្ណេះ​មិនដឹងជាអស់ស្រូវប៉ុន្មានបាវហើយទេ )។
    សូមសួរមួយទៀតណា រក្សាជាអ្នកចុះចោលវីរៈ តើមូលហេតុ​អ្វីបានជា​ឲ្យរក្សា​ជាតួអង្គ​ទន់ជ្រាយ​បែបនេះ ? ទូរស័ព្ទមករកវីរៈ កុំឆ្លើយថា​ដើម្បីកូនណា ព្រោះមុនក្នុងសាច់រឿងក៏មានបញ្ជាក់ដែរថា រក្សា​មិនចង់​ឲ្យ​វីរៈ​ពិបាកព្រោះខ្លួនមានជម្ងឺប្រចាំកាយ ។ បងជឿថា​មនុស្សស្រីដើម្បីកូនហ៊ានលះបង់​គ្រប់យ៉ាង តែមានចំណុច​មួយទៀត​គឺ មនុស្សស្រីយើងកាលណាមានកូន កូននោះហើយដែលជាតំណាងប្តី ដូច្នោះ​ក្តីនឹករលឹកចំពោះ​ប្តី ក៏រសាយបាន៥០%ទៅហើយ ។​

  9. ឧត្តម / តុលា 8 2011 9:12 ព្រឹក

    សួស្តីម្ចាស់ប្លកទាំងពីរ! សុខសប្បាយទេ?
    រឿងនេះវែងណាស់ ប៉ះខ្ញុំជាមនុស្សមិនសូវចូលចិត្តអានផង តែចូលចិត្តស្តាប់! បើមាន​​ជា​កាសែតស្តាប់ ល្អវិញ!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: