Skip to content
25 ខែតុលា 2011 / ស្នាមញញឹម

សរុបរឿងដែលកប់ក្នុងចិត្តបីខែ

សរុបរឿងក្នុងចិត្តបីខែ

ខ្ញុំខ្ជិលណាស់! ខ្ជិលដល់ថ្នាក់មិនចង់និយាយស្តីអីទៅហើយ! តែបើផ្តើមនិយាយគឺតាប៉ែហ្មង!

តែតាំងចិត្តថាត្រូវនិយាយរឿងដែលបានប្រទះជិតបីខែនេះតែម្តងឱ្យអស់! ខ្ជិលរៀបរាប់តាម​និយាម​តែង​សេចក្តី​​ចូល​សាច់​រឿង​ហ្មងទៅ!

ទីមួយ៖ ពីរខែមុន ខ្ញុំជូនចាស់ៗទៅលេងចំការគាត់ដែលនៅឆ្ងាយជាងប៉ែតសិបគីឡូម៉ែត្រពីទីរួមខេត្ត។ ឆ្លង​កាត់​ទី​ប្រជុំ​ជន​មួយ​ដែល​​អាចឱ្យយើងទាំងអស់គ្នាស្រស់ស្រូបអាហារពេលព្រឹកមុនបន្តដំណើរ ទម្រាំ​ខ្ញុំចត​ឡាន​​រួច ចាស់ៗនាំគ្នា​ទៅ​​រក​ទិញម្ហូបនៅផ្សារបាត់អស់រលីង(ក្មេងតែយឺតយ៉ាវណាស់) ដោយមិន​ដឹង​ជា​ទៅ​ដើរ​​តាម​​យួរ​អីវ៉ាន់​ឱ្យ​គាត់​ម្តេច​កើត ខ្ញុំក៏ហៅមីគាវហូប។ ចាំយូរនោះយូរ ងាកទៅស្តាំដៃខ្ញុំឃើញ​គ្រួសារ​​មួយ​​កំពុង​ហូប​អាហារ​​ពេលព្រឹក! បុរសម្នាក់អាយុសែប្លាយកាន់ចង្កឹះជ័រពណ៌​ក្រហមដោយ​ធុញ​ទ្រាន់ ក្នុង​មាត់​កំពុង​ទំពារ​សាច់​ញាប់​​ស្អេក​ហាក់​ចង់​ឱ្យ​​សាច់នោះជ្រុះចេញពីមាត់ឬធ្លាក់​ទៅក្នុង​ក្រពះ​ឱ្យ​ឆាប់ៗ​​ដោយ​រអ៊ូ​បណ្តើរ​​ថា​គុយទាវ​ដែល​​គាត់​កំពុង​​ហូប​​នោះ​គ្មានរសជាតិឆ្ងាញ់អីបន្តិចទេ ប្រពន្ធ​គាត់​កំពុង​ឆ្កឹះ​ស្លឹក​ជីរ​បន្លា​ចេញ​​ពី​​ចាន​​មាន​កាយ​វិការ​និងវាចារដូចគ្នា​ ខ្ញុំដកភ្នែកចេញពីពួកគេដើម្បីសម្លឹងរកមើល​អ្នក​រត់តុ ខ្ញុំ​​ហៅ​កាហ្វេ​ខ្មៅ​មក​ទៀត។ ដោយ​សារ​អង្គុយជិតគ្នាខ្ញុំចេះតែចោលភ្នែកជារឿយៗទៅគ្រួសារនោះ ម្តង​នេះខ្ញុំ​ឃើញ​កូន​ប្រុស​របស់​គាត់​មាន​អាយុ​ប្រហែលប្រាំបីឆ្នាំចាប់កាន់ឆ្អឹងជើងជ្រូកដែលសុទ្ធតែសាច់ ខាំ​ទាញញ៉ាំ ខ្ញុំក៏​លេប​ទឹក​មាត់​បន្តិចតាមសភាវគតិ​រួច​​នឹកថាបើចានរបស់ខ្ញុំគ្មានឆ្អឹងបែបនេះទេ​ខ្ញុំនឹងប្រាប់​អ្នករត់តុឱ្យ​យក​មក​ថែម។ ខ្ញុំទាញកែវតែ​មក​ក្រេប​បន្លប់​ការ​លេបទឹកមាត់របស់ខ្ញុំរួចដាក់ភ្នែកទៅនឹងរូប​គំនូរសេះខ្មៅនៅលើ​សរសរ​ចំ​ពី​មុខ​ខ្ញុំ ចំណាំងផ្លាតរបស់កញ្ចក់​នោះ​នាំឱ្យខ្ញុំបានឃើញក្មេងស្រីម្នាក់កំពុង​ញ៉ាំឆ្អឹងជ្រូកដែរ តែគ្រួសារ​នេះ​តាម​មើល​ដូចជាពេញចិត្ត​ជាមួយ​នឹង​ការ​ញ៉ាំជាងឬបើនិយាយឱ្យស្រួលស្តាប់​មើលទៅឆ្ងាញ់ណាស់។ នៅ​ខាង​ក្រោយ​ខ្ញុំ គ្រួសារនេះមានម្តាយ ឪពុក និងកូនស្រីពីរនាក់កំពុងទំពារ​អាហារដូចគ្នា បើមាននរណាដែលញ៉ាំ​អាហារ​មិន​សូវ​បាន បើបានមកអង្គុយញ៉ាំ​ក្បែរ​នេះ​មុខជាចង់ញ៉ាំដែរ​ហើយ។ ខ្ញុំភ្ញាក់ខ្លួននៅពេលបានឃើញ​ក្មេងស្រី​តូច​កូន​របស់​គាត់​ដែលកាន់ឆ្អឹង​ជ្រូក​ញ៉ាំ​ម្តង​បន្តិចៗ តែងាក​មកមើលក្មេងប្រុសដែលនៅខាងស្តាំ​ដៃ​ខ្ញុំ​វិញ​វា​បាន​បោះចោលឆ្អឹងជ្រូក​នោះទៅក្រោម​តុក្រោយពីញ៉ាំមិន​បានប្រាំមាត់ផង ខ្ញុំតាមសម្លឹង​ឆ្អឹង​ជ្រូក​នោះ​ឃើញ​សល់​សុទ្ធ​តែ​សាច់។ ម្តេច​ទេវតា​ចេះ​តែ​ឱ្យ​ខ្ញុំ​ឃើញ​គម្រូ​បែបប្រៀបធៀបនេះ? ងាកទៅ​ក្មេង​ស្រី​ម្នាក់​នោះ​វា​ញ៉ាំ​សាច់​ជុំ​វិញ​ឆ្អឹង​នោះ​ស្ទើរ​តែ​អស់ មុនបោះ​ចោល​ឆ្អឹង វាបានសួរទៅម្តាយវា ហើយប្រហែល​ជា​ម្តាយ​​នោះ​ប្រាប់​កូន​ឱ្យ​ញ៉ាំ​បន្តិច​ទៀត​ឱ្យ​អស់​បានជាវា​នៅ​ញ៉ាំ​សាច់​ជុំវិញឆ្អឹងនោះទាល់តែអស់។ គ្រួសារ​ទាំង​ពីរ​នេះ​តាមការសង្កេតរបស់ខ្ញុំគឺជាគ្រួសារធូរធារ ប្រហែល​ជាមាន​ឡានជិះ​ហើយ​ប្រុង​ទៅ​ដើរ​លេង​កន្លែង​ណា​មិន​ខាន។ តែគុណភាពជីវិតគឺខុសគ្នាទាំងស្រុង។

កាហ្វេ និងមីគាវរបស់ខ្ញុំក៏មកដល់ ខ្ញុំលែងរវល់ជាមួយពួកគេ។ កំពុងតែញ៉ាំបានពាក់កណ្តាល ចាស់ៗ​ចេញ​ពី​ផ្សារ​មកវិញខ្ញុំក៏ប្រញាប់បង្ហើយមី និងក្រេបកាហ្វេ។ ទូទាត់ឱ្យគេរួចហើយខ្ញុំក៏ចេញដំណើរបន្តទៅ​ទៀត។

ពេលរសៀលយើងក៏ចេញដំណើរមកវិញព្រោះខ្លាចយប់តាមផ្លូវ។ មិនខ្លាចចោរឃ្មួញអីទេ ខ្លាចខូចឡាន​តាម​ផ្លូវ ហើយមានសត្វពន្លាត់ជួបយើង! ខ្ញុំគ្មានអាងអីទេព្រោះមានស្បៀងគ្រប់គ្រាន់ហើយ បើដេកផ្លូវគឺ​នៅ​តែ​មាន​របស់​ហូប។ ចេញមកជិតបានពាក់កណ្តាលផ្លូវស្រាប់តែឃើញឡានមួយចតនៅចំពាក់កណ្តាល​ផ្លូវតែម្តង ខ្ញុំ​ទម្លាប់​តែ​មាត់​ច្រើន៖ ចុះអាណាឈប់ឡានចំកណ្តាលផ្លូវបែបនេះ មិនព្រមរកមែកឈើអីមក​ដាក់ទេ?

បើកមកដល់ជិតខ្ញុំឃើញគ្រួសារដែលមានកូនស្រីពីរនាក់នោះកំពុងតែរេរ៉រកមើលអ្នកជួយ។ ខ្ញុំក៏ចុះទៅ​ជួយ​មើល ឡាននោះខូចឌីណាម៉ូដេរលែងឆេះហើយ។ ម៉ោងពីររសៀលនៅកណ្តាលព្រៃដែលមិនសូវមាន​មនុស្ស​ឆ្លង​កាត់ និងគ្មានសេវាទូរស័ព្ទបែបនេះ បងប្រុសម្ចាស់ឡាននោះក៏សុំខ្ញុំសណ្តោងមកខេត្តវិញ។​ ខ្ញុំ​ទាញ​ខ្សែ​ដាក់​សណ្តោងរួចឱ្យប្រពន្ធនិងកូនគាត់មកជិះជាមួយឡានខ្ញុំ។ ក្មេងៗត្រូវបានចាស់ៗរបស់ខ្ញុំឱ្យ​នំ​និង​ចេក​ដែល​ទិញ​ពី​ផ្សារ​មកសន្ធឹកសន្ធាប់ទៅពួកគេ(ព្រោះគាត់ខ្លាចខ្ញុំឃ្លាន ខ្លាចខ្ញុំស្គមមិនដឹង?) ដែល​​មើល​ទៅ​ប្រហែល​​ជា​ញ៉ាំ​បាយ​ថ្ងៃអត់ឆ្អែត។ ពួកគាត់និយាយគ្នាលេង​ ទើបខ្ញុំដឹងថាគាត់មកពីលេងទឹកធ្លាក់​​ពេល​ត្រឡប់​មក​វិញ​​ក៏ខូច​ឡាន​តាមផ្លូវ។

សណ្តោងគ្នាមិនបានដប់គីឡូម៉ែត្រផង ស្រាប់តែជួបឡានមួយទៀតខូចដែរនៅចំហៀងផ្លូវ។ ខ្ញុំមិនចង់​ឈប់​ទេ​តែពេលបើកមកទន្ទឹម ចាស់ៗរបស់ខ្ញុំគាត់ស្គាល់គ្នានឹងម្ចាស់ឡាននោះក៏ឈប់សួរនាំ ម្តងនេះខ្ញុំ​ភ្ញាក់​ព្រើត​គឺ​គ្រួសារ​ដែលមានកូនប្រុសម្នាក់ដែលខ្ញុំបានជួបនៅកន្លែងបាយព្រឹក។ ខ្ញុំចុះទៅមើលឡាននោះ​គឺដាច់​ខ្សែ​ពាន​ម៉ាស៊ីន នេះបានពិតជាអ្នកជិះឡានមែន។

ខ្ញុំដោះអាគុយឡានទីពីរនេះទៅចាប់ដាក់ឡានទីមួយហើយឱ្យគាត់បើកទៅមុនចាំអស់អាគុយស្មើណាចាំ​សណ្តោងទៀត។ ខ្ញុំចាប់ដូរខ្សែសណ្តោងឡានទីពីររួចឱ្យប្រពន្ធនិងកូនរបស់គាត់មកជិះជាមួយ។ ខាងមុខ​ទន្ទឹមខ្ញុំគឺបងស្រីកូនស្រីពីរនាក់ប្រជ្រៀតគ្នាជិះ។ ខាងក្រោយចាស់ៗពីរនាក់ និងបងស្រីកូនប្រុសមួយ។ ក្មេងៗបានចំណីដែលមានក្នុងឡានរបស់យើងញ៉ាំយ៉ាងឆ្អែត តែមើលទៅបើមានស្អីផ្សេងឱ្យញ៉ាំទៀតបែប​វាញ៉ាំទៀត! ព្រោះថាជិះក្នុងឡានហ្នឹងវាប្រាប់ថាឃ្លានរហូត!

ឡានខ្ញុំដាច់នេះដាច់ហ្ន?

ដល់ពេលឡានទីមួយអស់អាគុយគាត់ក៏ឈប់ចាំ ដោយសារមកដល់ផ្លូវជាតិជិតដល់ខេត្តហើយ និងណា​មួយ​យប់​​ណាស់ទៅហើយផង ម៉ោងដប់កន្លះបានយើងមកខេត្ត ខ្ញុំជូនឡានទាំងពីរហ្នឹងទៅដាក់​សណ្ឋាគារ​រួច​ប្រាស​ទៅ​​ផ្ទះ​ភីង។ ឱគ្រែអើយគ្រែ ខ្ញុំនឹកឯងណាស់!

ទីពីរ៖ ជូនចាស់ៗទៅដាក់បិណ្ឌដោយត្រូវឆ្លងសាឡាង ខ្ញុំចតឡានដាក់លើសាឡាងរួចហើយក៏បញ្ឆេះ​ឡាន​ចោល​ព្រោះចាស់ៗគាត់នៅក្នុងឡាន។ តែខ្ញុំចុះមកមើលឡានខ្ញុំ ដើរក្រឡឹងជុំវិញឡានមួយជុំខ្ញុំ​ឃើញ​អ្នក​ជិះ​ម៉ូតូ​ឌុប​គ្នាប្តីប្រពន្ធកូនតូច ខ្ញុំភ្ញាក់ខ្លួនព្រោះថាគ្នាប្រជ្រៀតទៅណាមិនរួចគឺទ្រាំហិតក្លិនផ្សែង​ឡានរបស់ខ្ញុំ ខ្ញុំ​ដើរ​មក​បើកទ្វារចូលក្នុងឡានវិញរួចប្រាប់ចាស់ៗរបស់ខ្ញុំ៖

ខ្ញុំសុំពន្លត់ម៉ាស៊ីនហើយបើកកញ្ចក់ព្រោះថាមានអ្នកជិះម៉ូតូនៅពីក្រោយច្រើនណាស់ គ្នាទ្រាំហិតផ្សែង​ឡាន​យើង។

ចាស់ៗរបស់ខ្ញុំមិនមែនជាមនុស្សកំណាចឯណា គាត់មានតែលើកទឹកចិត្តថែម អើពន្លត់ទៅចំណេញសាំង ទុក​ជិះ​ដើរលេង។

បើកកញ្ចក់ពន្លត់ឡានហើយ ខ្ញុំចុះទៅមើលឡានទៀត (ខ្លាចគេមកប៉ះព្រោះស្រឡាញ់ស្មើជីវិតទៅហើយ) ​ខ្ញុំ​ឈរ​មើល​អ្នកដំណើរឡើងសាឡាង មួយស្របក់ធំទើបសាឡាងចេញដំណើរ ខ្ញុំដើរចេញពីឡានរបស់ខ្ញុំ​​ទៅ​ឈរ​ជិតក្បាលសាឡាង ខែទឹកឡើងបែបនេះគួរឱ្យខ្លាចណាស់ខ្ញុំទើបអានព័ត៌មានពីការលិចទូកឆ្លងនៅ​ស្រុក​ចិន​ផង ស្រាប់តែនឹកខ្លាចភ្លាមៗ។ ខ្ញុំបែរមុខមកខាងក្នុងវិញរួចមើលទៅចាស់ៗក្នុងឡានរបស់ខ្ញុំ។ នៅ​ក្បែរ​ខ្ញុំ​ហ្នឹង​មានឡានឡិចស៊ីស ៥៧០ មួយពណ៌ខ្មៅរលោងស្រិលពាក់ស្លាកលេខ ខម ខ្ញុំចង់នៅឈរ​ជិត​ហ្នឹង​ទៀត​ព្រោះ​ខ្ញុំកំពុងមើលដោយឆ្ងល់ថាតើម៉េចក៏ឡានហ្នឹងគេនិយមម៉្លេះ វាមានស្អីដែលល្អខ្លះ? ក្នុងចិត្តក៏ស្រមៃថា ឱ​បើ​បាន…ច្បាស់ជាមិនហ៊ានជិះទេព្រោះរលោងស្រិលបែបនេះ ខ្ញុំមិនដាច់ចិត្តឱ្យវា​ប្រឡាក់ភក់ទេ។ កំពុង​តែ​គិត​ផ្តេស​ផ្តាសស្រាប់តែកញ្ចក់ឡានរបើកឡើង សម្បកកំប៉ុងពីរហើរចេញមក​ធ្លាក់​ទៅក្នុងទឹកទន្លេបន្តបន្ទាប់ មាន​សម្បក​កំប៉ុងបីបួនទៀត និងថង់សម្រាមពីរទៀតក៏ត្រូវបានគប់ចេញពី​ក្នុងឡានចូលទៅក្នុងទឹកទន្លេ! ស៊ិក!

ខ្ញុំបង្វិលគ្រាប់ភ្នែករបស់ខ្ញុំ៣៦០ដឺក្រេរួចបិទត្របកភ្នែកនិងបើកវិញយ៉ាងរហ័សហើយបែរក្បាលចេញមករក​​ឡាន​ខ្ញុំវិញ។ អ្នកការពារបរិស្ថានដូចខ្ញុំនេះគ្មានបានការអីទេ គឺបានត្រឹមតែមានគំនិតប៉ុណ្ណោះ គ្មានហ៊ាន​ពន្យល់​ណែនាំគេទេ។

ទីបី៖ ទើបតែកន្លងទៅថ្មីៗនេះ ខ្ញុំទៅរកដៃគូនាំគ្នាទៅផ្សារ តែគាត់ប្រាប់ថាគាត់មានរវល់បន្តិចឱ្យខ្ញុំចាំ​ប្រហែល​កន្លះ​ម៉ោងទៀត។ ជាធម្មតាខ្ញុំមិនញ៉ាំអីពេលព្រឹកទេលើកលែងតែត្រូវធ្វើការតាមខេត្តឬចេញ​ដំណើរ​ទៅ​ណា​បាន​ខ្ញុំញ៉ាំអាហារពេលព្រឹក សម្រាប់ខ្ញុំកាហ្វេខ្មៅមួយកែវពេលព្រឹកគឺគ្រប់គ្រាន់ហើយ ចំណែក​ដៃ​គូ​ខ្ញុំ​គាត់​ពិសា​បាយ​ស្រូបសាច់ជ្រូកឬសាច់មាន់។

ពេលឮគាត់ប្រាប់អីចឹងខ្ញុំខ្ជិលចូលទៅបើកកុំព្យូទ័រវិញក៏ដើរទៅតូបលក់នំបញ្ចុក៖

បងនំបញ្ចុកសម្លខ្មែរមួយកុំដាក់ល្បោយ!

ខ្ញុំឮចេញពីមាត់អ្នកស្រីម្នាក់ដែលគាត់កំពុងអង្គុយញ៉ាំក្បែរខ្ញុំ៖

…ស្រុកខ្មែរមិនដឹងអង្កាល់បានឈប់ពុករលួយទេ បើអ្នកធំៗស៊ីគ្មានសល់ស្អីយ៉ាងនេះ អំណោយស្អីៗគ្មាន​បាន​ដល់​ដៃ​អ្នកស្រុកទេ…បានតែពួកវាចែកគ្នាហ្នឹង…មើលចុះលុយគេជួយរាប់ម៉ឺនដុល្លារយកទៅចែកបាន​ត្រីខ មី ទឹកត្រី តង់…

ម្នាក់ទៀតបន្ទរ៖ មែនហើយ អាមេរិចគេលែងចង់ជួយហើយព្រោះខ្មែរយើងវាស៊ីពេក មើលហ្នគេជួយថៃ​ច្រើន​ជាង​យើង ព្រោះគេលែងទុកចិត្តហើយ បើជំនួយតាមអង្គការបានអ្នកស្រុកលិចទឹកបានមែន!

ខ្ញុំចង់លូកមាត់ជាមួយគេណាស់ តែខ្ញុំបែរជាខ្ជិលទៅវិញ បើមាននរណាស្គាល់ឈ្មោះថ្នាំបំបាត់ខ្ជិល ឬអាច​ទិញ​ឱ្យ​ខ្ញុំ​លេបទៅឈប់ខ្ជិលបាន គាត់ហ្នឹងជាអ្នកមានគុណរបស់ខ្ញុំដែរហើយ។

អ្នកលក់សួរ៖ ដាក់ត្រយូងចេកអត់អាអូន?

ខ្ញុំ៖ អត់ដាក់ស្អីទាំងអស់!

ធ្លាក់ចូលរឿងអង្ករម្តង៖

អ្នកស្រីនោះនៅតែបន្ត៖ រឿងលក់អង្ករនេះក៏កុំបានក្រុមហ៊ុនបៃតងគេជួយបញ្ចេញអង្ករលក់ទប់ថ្លៃកុំអីអង្ករ​ឡើង​ថ្លៃ​ទ្វេរមួយជាពីរមិនខាន!

ម្នាក់ទៀត៖ ខ្ញុំឮគេថាមួយគ្រួសារទិញបានតែមួយបេប៉ុណ្ណោះ!

អ្នកស្រី៖ ខ្ញុំទៅមើលគេឈរលក់នៅមុខរ៉ាមិនឃើញគេហាមឃាត់អីទេ បងឯងទៅទិញនៅឯណា?

ម្នាក់ទៀត៖ ខ្ញុំឮប្តីខ្ញុំថាទេ គេលក់នៅមុខផ្សាររាត្រីហ្នឹង។ គេខ្លាចមានឈ្មួញទិញទៅលក់បន្តបានគេ​ទប់​ស្កាត់​មិន​ឱ្យ​ម្នាក់ៗទិញច្រើនបេ។

អ្នកស្រី៖ ខ្ញុំមិនមែនអ្នកលក់ទេ ប្រុសៗទេគេអ្នកលក់តែខ្ញុំទៅគ្រប់គ្រងនៅហ្នឹង បើបងឯងចង់ទិញ យក៍​ប៉ុន្មាន​បេ​ប្រាប់​ខ្ញុំមក មិនបាច់ទៅប្រជ្រៀតឈរចាំ មានគេដឹកឱ្យដល់ផ្ទះទៀតឯណោះខ្ញុំ ឱ្យតែខ្ញុំចង់បាន​ប៉ុន្មាន​បេ​ក៏​បាន​ដែរ គេយកមកឱ្យដល់ផ្ទះហ្មង!

គាត់និយាយរបៀបមានអំណួត ដែលធ្វើឱ្យខ្ញុំលែងចង់មើលមុខគាត់។ តាមធម្មតាខ្ញុំចូលចិត្តស្រីស្អាត​ណាស់ ចង់​​មើលមុខគេធ្វើម៉េចបានស្អាតដូច។

គិតមើលទៅ! អ្នកដែលរិះគន់គេថាពុករលួយ សូម្បីខ្លួនឯងក៏ពុករលួយតាំងពីរឿងតូចប៉ុនក្រចកមួយទៅ​ហើយ! ឱ្យ​និយាយថាម៉េចទៀត? បង់ប្រាក់ឱ្យអ្នកលក់ហើយខ្ញុំដើរចេញមកដោយមិនភ្លេចទាញបន្ធូរ​ខ្សែ​ចង្កេះ​ដែល​ចង​ខោ​របស់ខ្ញុំ។

នេះគឺអ្វីដែលនៅក្នុងចិត្តខ្ញុំ។

Advertisements
  1. តា ម៉ាប់ / តុលា 25 2011 12:41 ល្ងាច

    នរណា​ទៅ​ដៃគូបងកល្យាណ ?

    • លី កល្យាណ / តុលា 25 2011 7:21 ល្ងាច

      អ៊ំមុនី និងអ្នកនៅជិតផ្ទះណា៎តាម៉ាប់។
      តាម៉ាប់ យាយម៉ាប់ សុខសប្បាយទេទាំងពីរនាក់?

    • តា ម៉ាប់ / វិច្ឆិកា 12 2011 12:57 ល្ងាច

      អរគុណបង អត់​បានតបយូរបន្តិច ។ សុខណាស់បងអើយ ដូច​ចានក្នុង​រាវ 😀

    • លី កល្យាណ / វិច្ឆិកា 14 2011 6:05 ល្ងាច

      😀

  2. ឌីយ៉ា / តុលា 25 2011 12:58 ល្ងាច

    សាមញ្ញតែគួរឲ្យចង់អាន! ជីវិតបងមានពណ៌ស្រស់ស្អាតច្រើន គួរឲ្យចង់មើលមែន!

    • លី កល្យាណ / តុលា 25 2011 7:22 ល្ងាច

      អរគុណឌីយ៉ាដែលចាប់អារម្មណ៍។ សូមកុំសើចកុំយំខ្ញុំអី។

  3. somada / តុលា 25 2011 6:36 ល្ងាច

    អញ្ចឹងបានគេចូលចិត្តរាប់អានអ្នកធំហ្នឹងណា ឃើញទេអ្នកក្រទិញបានតែម្នាក់១បាវទេ តែបើមានអ្នកស្គាល់​គ្នាដូចកល្យាណរៀបរាប់ខាងលើអញ្ចឹង ទិញប៉ុន្មានបាវក៏បានដែរ ហើយគេដឹកឲ្យដល់ផ្ទះទៀត ។ ឱវាសនា​ខ្មែរហើយ ពិតជា… ។

    • លី កល្យាណ / តុលា 25 2011 7:29 ល្ងាច

      ពិតជា វេទនា មែនបង។ ថ្ងៃសៅរ៍នេះខ្ញុំនឹងទៅមើលកន្លែងលក់អង្ករហ្នឹងម្តង។
      នៅបាត់ដំបងកន្លែងដែលខ្ញុំធ្លាប់ទិញអង្ករ ព្រឹកមិញនេះដាច់ស្តុកគ្មានអង្ករលក់ទេ។
      បង នៅឯណោះខ្ញុំឮថាមានកន្លែងខ្លះតម្លៃមានឡើងទ្វេរដែរមែនទេបង?
      ខ្ញុំចង់សរសេររឿងមួយទៀតដែរនិយាយពីអង្ករនេះ។ ចាំមើលទំនេរតិចសិន។

  4. somada / វិច្ឆិកា 4 2011 12:34 ល្ងាច

    ឡើងគ្រប់មុខ បើនៅតាមហាងធំ ៗ ដូចជាBigC Tesco Lotus ដែលជាផ្សារទំនើប​(ដូចផ្សាLucky) មានលក់ឥវ៉ាន់​និង​ម្ហូបអាហារគ្រប់មុខទៅរកទិញអីបាននឹង តែពេលនេះមីម៉ាម៉ា ឬ យីហោផ្សេង​ៗ គ្មានលក់​ទេ គឺអស់ពីស្តុករលីងហើយ ហើយសូម្បីតែទឹកសុទ្ធក៏ពិបាករកទិញដែរ ។ ថ្ងៃមុនទិញ​ហាតឌីសគេឡើងថ្លៃ​ដែរ គេប្រាប់ថា មកពីទឹកជំនន់ សូម្បីតែសម្ភារៈដែលគិតថា​មិនចាំបាច់​ប្រើប្រាស់​នៅពេលទឹកជំនន់ក៏​ឡើង​ថ្លៃ​ដែរ នេះមកពីរោងចក្របិទទ្វារអស់ហើយ ។
    http://vsthea.wordpress.com/2011/11/04/goods-price/

  5. លី កល្យាណ / វិច្ឆិកា 4 2011 5:04 ល្ងាច

    ខ្ញុំបានចូលទៅអានប្រកាសរបស់បងពីព្រឹក ឃើញថាគ្រាន់តែគ្រឿងកុំព្យូទ័រឡើងប៉ុណ្ណឹងទៅហើយ ចុះទម្រាំគ្រឿងទេស ម្ហូបទៀតនោះ…
    ថ្ងៃមុនថាទៅមើលកន្លែងលក់អង្ករ ស្រាប់តែទៅដល់គេអត់លក់ផងព្រោះជាថ្ងៃឈប់។

  6. khmerling / វិច្ឆិកា 9 2011 2:20 ល្ងាច

    រវល់ពេកមិនបានដើរត្រេចផ្ទះញាតិសោះ ទើបថ្ងៃនេះអផ្សុកពេកសុំចូលលេងផ្ទះកល្យាណមួយភ្លេតសិនចុះ ។ យីផ្ទះនេះក៏រវល់ដែរហ្ន! បីខែសរុបម្ដង វែងល្មមដែរ ។ សុំចូលរួមចេញមតិលើរឿងទីពីរ ពីរចំណុច ១!ចាស់ៗ លោកថាបើទៅកន្លែងណាដែលមានគ្រោះថ្នាក់កៀកខ្លួនដូចជាដើរព្រៃ ឆ្លងទឹក សូមកុំគិតផ្ដេសផ្ដាស ត្រូវគិតតែពីអ្វីដែលល្អ ។ នៅលើទូកកាណូតកប៉ាល់ កុំគិតអីរឿងលិចទូក ។ ២!ឡានឡិចស៊ីសថ្មីនោះ​កើតពីការដុស​ខាត់សម្រិតសម្រាំងពីអ្នកបច្ចេកទេស ខាងការផលិត តែមនុស្សដែលជិះក្នុងឡាននោះ​មិនមាន​អ្នកណាដុសខាត់ឲ្យទេដឹង ទើបចោលសម្រាមពាសបែបហ្នឹង ។ អូ! ខ្ញុំភ្លេចសួរ សម្រាមចេញពីឡាន​កល្យាណ ឬពីឡានឡិចស៊ីស?

  7. លី កល្យាណ / វិច្ឆិកា 12 2011 9:36 ព្រឹក

    ចាស់ៗប្រដៅចឹងមែន តែលោកពូអើយបើក្រឡេកមើលទៅសាឡាង​ដែលយើងកំពុងឆ្លងវិញចង់មិនចង់ក៏គួរ​តែគិតខ្លះដែរ ចាស់ក៏ចាស់ ម៉ាស៊ីនបញ្ចេញផ្សែងមកក្លិនអាក្រក់​ណាស់ព្រោះវាចាស់ បើស្រ្តីកូនខ្ចីមកឈរជិត​បែបទាស់ហើយ។ ខ្ញុំអត់គិតមិនបានទេ គិតរកកន្លែងណាដែល​អាចចៀសបានបើត្រូវទៅលើកក្រោយ។
    ចេញពីឡានឡិចស៊ីសទេលោកពូ។ ឡានខ្ញុំអត់មានចោល​បែបហ្នឹងទេ ទាល់តែដល់កន្លែងមានដាក់ធុង​ឬកន្លែងដែលអាចចោលបាន បានចោល។ បើជាសម្រាម​ដែលអាចរលួយគឺប្រហែលជាបោះចោលតាមផ្លូវ​​ខ្លះ​តែបើជាថ្មពិលវិញខ្ញុំយកមកទាល់តែដល់ភ្នំពេញ។
    អរគណលោកពូដែលបានចូលមកលេង។ ង៉ៃក្រោយ​ខ្ញុំទៅលេងផ្ទះលោកពូម្តង (ហៅពូចឹងមិនដឹងថាខឹងអត់ទេព្រោះខ្ញុំមិនដឹង​ជាចាស់ឬក្មេង)។
    ជម្រាបលា។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: