Skip to content
28 ខែវិច្ឆិកា 2011 / ស្នាមញញឹម

ពាក្យសម្បថ

ខ្ញុំសូមជម្រាបថារឿងនេះជារឿងប្រឌិតទេ ចឹងហើយបានជាខ្ញុំចាត់ថ្នាក់វានៅក្នុងរឿងខ្លី។ អរគុណ។

*****

«អាកូនក្មេង! ទៅណាហ្នឹង?»

សម្រែកហៅរបស់នារីម្នាក់បានទាញបង្អាក់ដំណើរទៅរកអាហារពេលល្ងាចរបស់ខ្ញុំ។ ខ្ញុំឃើញគាត់ដើរ​តម្រង់​​មក​​រក​ខ្ញុំ​ក្នុង​សម្លៀក​បំពាក់ថ្មីច្រឺង អាវពណ៌ក្រហមនិងខោខ្លីពណ៌ស ដែលមើលយូរៗទៅ​ដូចជា​តួ​កុន ឬ​អ្នក​នាង​ម៉ូដែល​ដើរ​បង្ហាញ​ម៉ូតអីចឹង។ គាត់មានសម្បុរស្បែកសស្អាតរាងស្គមស្តើងរហ័ស​រហួនមាន​សក់​ខ្មៅ​រលើប​​​លើក​ក្របួចចង​ទៅ​​ក្រោយ ទឹកមុខរបស់គាត់ញញឹមជានិច្ច ចរឹតរបស់គាត់ជា​មនុស្សរួស​រាយ​​រាក់ទាក់​ជាមួយ​មនុស្ស​​ផង​ទាំងពួងមិន​ថា​ជា​ភ្ញៀវរបស់គាត់ឬគ្រាន់តែគេមកសួរនាំទេ។ នេះជាការ​អង្កេត​របស់​ខ្ញុំ​ពេល​ទៅ​​អង្គុយ​​​ញ៉ាំ​​បាយ​នៅ​តូបរបស់គាត់។  ​អាជែនោះដើរមករកខ្ញុំ ​ម្តងឈ្ងោកដីម្តង​មើល​នាយ​អាយទាំងញញឹម​ពព្រាយ​​​​បង្ហាញឱ្យឃើញធ្មេញស​ល្អិតស្មេ​តម្រៀប​គ្នា​ជា​ជួរ ជាមួយ​បបូរមាត់​ពណ៌​ក្រហម​ស្រស់​គួរ​ឱ្យ​ស្រ​ឡាញ់។ ដោយភាំងនឹងវត្តមានឥតព្រាងទុកនេះ ខ្ញុំអត់បានញញឹមដាក់គាត់ទេ ណា​មួយ​ភ្លេច​យក​វ៉ែនតា​មក​ ទាល់​តែឃើញ​មុខគាត់ច្បាស់ទើប​ខ្ញុំញញឹមដាក់​ដូច​ទម្លាប់​ដែល​​ជា​ធម្មតា​ខ្ញុំ​ចូលចិត្ត​​ព្រោក​ប្រាជ្ញបូរ​បាច់​រាក់​ទាក់​ដាក់​​​ស្រីៗ​ណាស់។

«ខ្ញុំទៅរកអីញ៉ាំនៅផ្លូវខាងមុខនោះ! ជែ(បង)ទៅណាដែរ?»

«ទៅរកញ៉ាំអីដែរហ្នឹង ចឹងបានជាហៅឱ្យឈប់ ដើរបានគ្នាពីរនាក់!»

គាត់ជាអ្នកលក់អាហារពេលព្រឹកនៅក្បែរផ្ទះដែលគ្រួសារខ្ញុំទើបមកជួលនៅ។ ថ្ងៃធ្វើការធម្មតាខ្ញុំទៅញ៉ាំ​អា​ហារ​​ពេល​​ព្រឹកនៅក្បែរកន្លែងធ្វើការព្រោះមានអ្នកធ្វើការជាមួយគាត់បបួលមិនដែលខាន លើកលែងតែ​​ថ្ងៃ​​សៅរ៍-​អាទិត្យ​​ដែល​​សម្រាកពីការងារខ្ញុំតែងចូលទៅរកអីញ៉ាំនៅតូបរបស់គាត់។ ជួនពេលនេះប្អូនៗខ្ញុំ​មិន​​នៅ ខ្ញុំ​ទៅ​​កន្លែង​​គាត់​ទាំងព្រឹក​ទាំង​​ថ្ងៃ​ ចឹង​បានជាគាត់ដឹងថាខ្ញុំកំពុងដើរទៅរកអីញ៉ាំពេលល្ងាចទៀត។ យើង​បាន​​មក​ដល់​​មុខ​​តូប​លក់​បាយ​ឆាមីឆាក៏នាំគ្នា​ចូលទៅ​អង្គុយ​​រក​​កន្លែង​ដែលមានខ្យល់ចេញចូល​បាន​​ស្រួល គាត់​និង​​ខ្ញុំ​​ជ្រើស​​រើស​​ម្ហូប​រៀងខ្លួន។ យើងជជែកគ្នាបណ្តើរៗរង់ចាំម្ហូប។

«ធ្វើការនៅឯណាបានជាឃើញជិះម៉ូតូរាល់ព្រឹកតាំងពីម៉ោងប្រាំមួយកន្លះ?»

«ខ្ញុំទៅធ្វើការនៅជិតពោធិ៍ចិនតុងឯណោះ ដូច្នេះត្រូវតែងើបពីព្រឹកបន្តិចបានទាន់ម៉ោង។ បង! ខ្ញុំហៅ​ថា​បង​​ដូច​ជា​ស្រួលជាង! ខ្ញុំសួរមួយ…ពីណាគេដាក់ឈ្មោះឱ្យខ្ញុំថា អាកូនក្មេង ហ្នឹង?»

«មានពីណា! »

«រួចនឹកឃើញម៉េចបានជាបងដាក់ឈ្មោះខ្ញុំថា អាកូនក្មេង ចឹង? ខ្ញុំអាយុច្រើនហើយណា!»

«ម៉ោពីឃើញចរឹតដូចកូនក្មេង លេងសើចច្រើន ហើយញ៉ាំបាយក៏ដូចកូនក្មេងដែរ»

«ដូចកូនក្មេង? ភ្នែកបងមើលឃើញខ្ញុំដូចក្មេង? »

«អ៊ឺ!… ម៉េច?»

គាត់និយាយជាមួយខ្ញុំមិនសូវមានប្រធានទេ មិនគោរពនិយាមវេយ្យាករណ៍សោះតែម្តង ហើយមិនដឹង​ជា​គាត់​បាន​​ឈ្មោះមកពីណាទេដាក់ឱ្យខ្ញុំ តែខ្ញុំក៏មិនបានទៅប្រកែកប្រណាំងអីជាមួយពួកគាត់ដែរ ព្រោះនៅ​ឯតូប​គាត់​និងជុំវិញ​ផ្ទះខ្ញុំគេស្គាល់ឈ្មោះ អាកូនក្មេង ដែលគាត់ដាក់ឱ្យគ្រប់គ្នា។

«បង…រាល់ថ្ងៃលក់ដាច់ហ្អេស?»

គាត់មើលមុខខ្ញុំបន្តិចមុននឹងឆ្លើយដោយសម្លេងធ្ងន់៖ «លក់ដាច់គ្រាន់បើដែរតើ! ម៉េចចង់ដឹងធើអី?»

«ខ្ញុំមិនដឹងត្រូវនិយាយជាមួយបងរឿងអីក៏សួរនាំទៅ!»

គាត់ឈប់មើលមុខខ្ញុំរួចបែរទៅមើលកន្លែង​ផ្សេង​វិញ។

យើងទាំងពីរមិនដឹងចាប់ផ្តើមនិយាយយ៉ាងម៉េចព្រោះខ្ញុំខ្លាចគាត់ថាខ្ញុំចង់ដឹងរបររកស៊ីរបស់គាត់ ឯគាត់​មុខ​​ជា​​​គិត​ថាត្រូវធ្វើយ៉ាងម៉េចកុំទម្លាយរឿងរបស់គាត់ឱ្យខ្ញុំដឹង វាអាចជារឿងស្លាប់រស់សម្រាប់អ្នករកស៊ី​​ដូច​​ជា​​គាត់។​ ស្រាប់​តែ​ភ្លាមៗ​នោះបរិយាកាសហាក់ដូចជាទៅជាចង្អៀតចង្អល់ព្រោះតែពាក្យប៉ុន្មានម៉ាត់​របស់​ពួកយើងនេះ ខ្ញុំងាកមើលជារឿយៗទៅអ្នកធ្វើម្ហូបចង់ដឹងថាហើយឬនៅដើម្បីឆាប់បានញ៉ាំនឹងអាលបាន​ទៅ​ផ្ទះរៀងខ្លួន។ ខ្ញុំ​មិនចង់ស្ថិតនៅក្នុងបរិយាកាសតឹងតែងបែបនេះយូរទេ ខ្ញុំចាប់ផ្តើមរសាប់រសល់ ម្តង​ជូត​ស្លាបព្រាសម ម្តងជូត​កែវរួចចាក់ទឹកផឹក… ហាងនេះមានមនុស្សច្រើនចឹងមុខតែយូរ​ហើយទម្រាំបាន​ម្ហូប​របស់ខ្ញុំ… ថាទៅបើមាន​មិត្តភ័ក្តិអង្គុយជាមួយគ្រាន់បាននិយាយចេកចាចទៅមិនសូវធុញ និយាយគ្នា​ពី​រឿង​ការប្រកួតបាល់ពីយប់មិញ​នេះខ្ញុំមិនទាន់បានដឹងពីលទ្ធផលនៅឡើយទេ… អង្គុយជាមួយមនុស្សស្រី មិន​ដឹងជាជជែកគ្នាពីរឿងបាល់​យ៉ាងម៉េចកើត ហើយមានរឿងអីអាចនិយាយគ្នាបានទៀត បើជាស្រី​ដែល​យើង​ចង់ញ៉ែទៅ គ្រាន់និយាយពី​នេះពីនោះ កុហកឯលិចឯកើត សួរនាំពីជីវិតផ្ទាល់ខ្លួនខ្លះវាសមបន្តិច តែ​នេះ​មនុស្សមិនសូវស្គាល់គ្នាផង… យើសអាអ្នកធ្វើបាយឆាហ្នឹងក៏វាធ្វើអីយូរម៉េះ? បាយតែមួយចានសោះ​ហ្នឹង!

«ខឹងក៏អីហ្នឹង?» គាត់សួរមកខ្ញុំក្នុងពេលដែលយើងមិនបាននិយាយគ្នាជាងដប់នាទី។ ខ្ញុំក៏ភ្ញាក់ដែរព្រោះ​កំពុងមើលផ្លូវបាយឆាសាច់ក្រកពងទាលាយសាច់ជ្រូកចិញ្រ្ចាំរបស់ខ្ញុំ។

«អត់ទេបង! ខ្ញុំ…ឃ្លាន…ចាំពេលបាត់ឃ្លានចាំជជែកគ្នាទៀត។» ដោះសាឱ្យតែរួចទៅ តាមពិតទៅ​ធុញទេ​តើ​​ព្រោះពួកយើងមើលទៅមិនអាចធ្វើជាមិត្តនឹងគ្នាទេដោយសារតែភាពខុសគ្នារវាងគំនិត។

ក្នុងពេលជជែកគ្នានេះអ្នករត់តុបានលើកបាយឆា និងមីឆាមកដាក់ឱ្យពួកយើង។ ខ្ញុំថែមម្រេចមួយ​ស្លាប​ព្រា​​កាហ្វេដាក់ក្នុងកូនចានទឹកស៊ុបដែលគេទើបដាក់មកឱ្យខ្ញុំ រួចក្រឡេកទៅគាត់មិនឃើញ​គេដាក់​ទឹក​ស៊ុប​ខ្ញុំក៏​សួរអ្នករត់តុ៖

«ចុះគាត់អត់ដាក់ទឹកស៊ុបឱ្យទេ?»

«មីឆាអត់មានទឹកស៊ុបទេ!» គាត់ឆ្លើយ។

«មីហ្នឹងគេឆាជាមួយទឹកស៊ុបហើយតើបង!» អ្នករត់តុប្រាប់ខ្ញុំ។ ខ្ញុំបន្តកូរទឹកស៊ុបរបស់ខ្ញុំ អ្នករត់តុដើរចេញ​បាត់​ទៅខ្ញុំក៏ខ្សឹបប្រាប់គាត់៖

«ខ្ញុំមិនដែលញ៉ាំមីឆាទេ។​ ខ្ញុំអត់ដឹងសោះថាគេដាក់ទឹកស៊ុបឱ្យតែបាយឆា! បងចង់បានទឹកស៊ុបទេ?»

«អត់ទេៗ» គាត់រាដៃដាក់ខ្ញុំញាប់ស្មេ រួចក៏ចាប់បង្គាមកញ៉ាំ។

ខ្ញុំញ៉ាំបាយរបស់ខ្ញុំបណ្តើរមើលទៅកាយវិការរបស់គាត់បណ្តើរ។ ទើបតែដាក់បាយឆាបានពីរបីម៉ាត់ ខ្ញុំ​ឃើញ​​​លេខទូរស័ព្ទប្អូនស្រីខ្ញុំលោតឡើងលើអេក្រង់ វាប្រហែលជាបារម្ភថាខ្ញុំអត់មានអីញ៉ាំព្រោះ​ពួកវាទាំង​ប្រាំ​នាក់​ទៅ​លេងផ្ទះក្រោយពេលវិស្សមកាលអត់មាននរណាដាំបាយទេ ណាមួយខ្ញុំនៅតែ​ម្នាក់ឯងបែប​នេះ​​​ប្រាកដ​ជាញ៉ាំ​មីស្រុះហើយ។

«បាទ… បងកំពុងញ៉ាំបាយ…បាយឆានៅជិតផ្លូវធំ…​អត់អីទេញ៉ាំបានតើ!…​តិចទៀតបងទៅផ្ទះហើយ…​បាទៗ… បាយៗ» ខ្ញុំនិយាយចប់ក៏តភាគបាយឆាដ៏ឆ្ងាញ់របស់ខ្ញុំ។

«និយាយទូរស័ព្ទជាមួយពីណាពីរោះម៉្លេះ?»

«និយាយ…ជាមួយប្អូនខ្ញុំ។ ប្អូនខ្ញុំសុទ្ធតែស្រី បើខ្ញុំនិយាយគំហកកំហែងទៅខ្លាចប្អូនភ័យ ម្យ៉ាងអ្នកផ្សេងគេ​មើលមកមិនសមរម្យទេ ខ្ញុំបងគេចឹងទាល់តែចេះធ្វើគម្រូល្អឱ្យពួកគេ។»

«ផ្ទះហ្នឹងនៅគ្នាប៉ុន្មាននាក់? នរណាគេខ្លះ?»

រឿងអីត្រូវប្រាប់នោះបើខ្ញុំទើបតែត្រូវមួយផូងគេទះក្បាលអម្បាញ់មិញមិនទាន់ទាំងបាត់ងឿងផង។

«នៅគ្នាច្រើនដែរ…។ ឆ្ងាញ់ទេបងមីឆាហ្នឹង?» ខ្ញុំសួរបន្លប់កុំឱ្យគាត់អន់ចិត្ត។

«អ៊ឺ!» គាត់ឆ្លើយទាំងអារម្មណ៍មិនមូលធ្វើឱ្យខ្ញុំអាចកាត់យល់បានថាគាត់គិតដល់សម្តី​របស់​គាត់​ចំពោះ​ខ្ញុំ​មិញ​នេះដែរ។ ធ្វើជាមនុស្សប្រុសមិនត្រូវប្រើវិធីសងសឹកដាក់ស្រីៗទេ។ គិតដល់គោល​គំនិត​របស់​ខ្ញុំ​នេះ ខ្ញុំ​ក៏​ដាក់ចិត្តថាមិនត្រូវឌឺដាក់គាត់​។

«មកនៅនេះ ខ្ញុំមិនសូវមានពួកម៉ាកទេ។ (បង្អង់មួយស្របក់គាត់បន្តទៀត) ចឹងហើយបានជាមិនដឹងថា​ទៅ​​រកនរណាជជែកគ្នាពេលពិបាកចិត្ត។ យើងហ្នឹងមានពួកម៉ាកច្រើនដែរទេ?» គាត់និយាយ​រៀបរាប់​ឱ្យខ្ញុំ​ស្លុង​​អារម្មណ៍ រួចងាកមកសួរខ្ញុំពីរឿងមិត្តភ័ក្តិ។

«ខ្ញុំមានមិត្តច្រើនដែរ តែបើពួកម៉ាកមានតែនៅតាមខេត្តទេ។ ពេលពួកយើងបែកគ្នា គេក៏មាន​គ្រួសារ​អស់​ទៅ​​ទើបមិនសូវមានពេលបានស្និទ្ធស្នាលដូចមុនទៀត។»

«ពេលពិបាកចិត្តធ្វើម៉េចទៅ?»

«ខ្ញុំមិនដែលពិបាកចិត្តផង! នៅផ្ទះមានប្អូនៗខ្ញុំនិយាយលេងជាមួយ ទៅកន្លែងធ្វើការមាន​អ្នកធ្វើការ​និយាយ​​ជាមួយ ថាទៅខ្ញុំដូចជាមិនដែលពិបាកចិត្តអីទេបង។ នៅផ្ទះបងអត់មាននរណាទេ?»

«មាន! មានបងប្អូនដូចតែគ្នា តែរឿងខ្លះពិបាកនិយាយជាមួយអ្នកផ្ទះណាស់។ បើមានពួកម៉ាកដូចនៅឯ​ស្រុក​ទៅគ្រាន់បាននិយាយគ្នាឱ្យធូរទ្រូង…​»

«បង…អត់ទាន់មានគ្រួសារទេ?» ខ្ញុំសួរទាំងញញើតញញើមទៅគាត់ដែលកំពុងទំពាមីឆា។

«មិនដែលមាននរណាអត់គ្រួសារនោះទេ! ទៅបាយរាល់ដងមិនឃើញបងប្អូនខ្ញុំពេញផ្ទះទេអី?» គាត់​និយាយ​ទាំងសើចតិចៗ ភ្នែករបស់គាត់បញ្ចេញរស្មីភ្លឺព្រោងព្រាយ បញ្ជាក់ថាគាត់មានចេតនាចង់និយាយ​លេងជាមួយខ្ញុំដែរ។

«ឱទេ! ខ្ញុំសំដៅទៅលើប្តី។ បងរៀបការហើយឬនៅ?»

«ការជាងដប់ឆ្នាំហើយ» ខ្ញុំសង្កេតមើលការញ៉ាំរបស់គាត់ ក៏ឃើញគាត់ប្រែទឹកមុខជាស្រពោន។

«ចឹង​​…បងមានអ្នកជជែកជាមួយហើយ មិនសូវអផ្សុកពេកទេ។ ខ្ញុំឯណេះបាន…ម្នាក់ឯងសុទ្ធ»

បង្អង់មួយស្របក់ គាត់ក៏និយាយខ្សឹបៗស្ទើរមិនឮ ហាក់ដូចស្ទាក់ស្ទើរក្នុងការសម្រេចចិត្ត៖

«លែងលះគ្នាយូរឆ្នាំហើយ!…»

«អូហ៍…សុំទោស …​ ខ្ញុំមិនគួរសួរបងទេ… (បង្អង់មួយស្របក់ខ្ញុំក៏ចាប់ផ្តើមនិយាយបន្លប់) និយាយចឹង​ស្រុក​​កំណើតបងនៅណាដែរ?»

«នៅខេត្តក្រចេះ។ ដែលទៅលេងក្រចេះទេ?»

«មិនដែលទៅទេ។ ខ្ញុំមានពួកម៉ាករៀនជាមួយគ្នានៅមហាវិទ្យាល័យនៅក្រចេះដែរតែមិនដែលបានទៅ​លេង​​​ក្រចេះសោះ អង្កាល់ហ្នឹងដូចជាផ្លូវពិបាកផង ហើយជាប់ធ្វើការរហូតផង។ ឥឡូវ​ក្រចេះអភិវឌ្ឍ​បាន​ច្រើន​​​ហើយ​មានកន្លែងទេសចរជាច្រើនទៀត។ ង៉ៃណាបានទៅលេង ខ្ញុំសុំទៅស្គាល់ផ្ទះបងម្តង!»

«ខ្ញុំចេញមកនៅភ្នំពេញយូរហើយតាំងតែពីការរួច…តែក៏ទៅលេងជាមួយបងប្អូននៅនោះច្រើនដងដែរ។ ឱ្យ​តែ​​​ចូល​ឆ្នាំឬភ្ជុំបិណ្ឌខ្ញុំទៅលេងក្រចេះហើយ។» គាត់និយាយរាងសប្បាយចិត្តបន្តិចវិញពេលរំលឹក​ពី​ស្រុក​​កំណើត​​។

«បងត្រូវការហៅអីថែមទៀតទេ?»

«អត់ទេ! ខ្លួនឯងចង់ហៅអីហៅទៅ!»

«អូនហ្អេក! មានកាហ្វេទេ?»

«អត់មានទេបង មានតែកូកា ទឹកក្រឡុក ទឹកអំពៅ!»

«អូខេ! បានហើយ។ គិតលុយទៅ!…»

ក្នុងពេលរង់ចាំគេអាប់លុយ គាត់ក៏សួរខ្ញុំ៖

«យប់ហើយនៅរកកាហ្វេទៀត? មិនខ្លាចគេងមិនលក់ពេញមួយយប់ទេឬ?»

«អត់អីទេព្រោះខ្ញុំធ្លាប់ទៅហើយ បើមិនបានកាហ្វេទេខ្ញុំស្ងាបរហូតតែមិនងងុយទេ»

«ស្មើណេះទៅរកកាហ្វេនៅឯណា?»

«អត់អីទេខ្ញុំទៅកន្លែងរបស់ខ្ញុំ!»

«តោះទៅ! ទៅដែរ!»

«បងចង់ទៅដែរ? យប់ហើយហ្នឹង?»

«ម៉េចដើរយប់មិនបាន?»

«អត់ទេគ្រាន់តែឆ្ងល់!… បងចង់ច្រៀងលេងទេ?»

«មានអី!»

«ចឹងទៅរកកាហ្វេនៅមុខវត្តកោះ មានគេលេងភ្លេងហើយយើងអាចច្រៀងលេង​បានសប្បាយជាមួយ​គេ​ដែរ»

«ទៅចឹង!»

ពួកយើងមូលគំនិតគ្នាក៏ឡើងតាក់ស៊ីទៅមុខវត្តកោះ កន្លែងនោះខ្ញុំចូលញឹកញាប់ដែរជាមួយមិត្តភ័ក្តិខ្ញុំ។ គេ​ចូលចិត្តស្តាប់ចម្រៀងដែលក្រុមតន្រ្តីប្រចាំនៅទីនោះប្រគុំដោយជួនកាលមានភ្ញៀវខ្លះដែលគាត់មាន​ជំនាញ និងចំណូលចិត្តតន្រ្តីចម្រៀង គាត់តែងនាំគ្នាឡើងច្រៀង ឬដេញហ្គីតាឱ្យស្តាប់យ៉ាងពីរោះគាប់ចិត្ត ព្រោះបើ​បទមនោសញ្ចេតនាលន្លង់លន្លោចវិញ គឺស្តាប់ហើយក៏លង់ភ្លេចខ្លួនមួយដងមួយគ្រាដែរ។

ខ្ញុំស្តាយណាស់ព្រោះថាបើសិនដឹងមុនថាត្រូវមកទីនេះ ខ្ញុំនឹងមិនញ៉ាំបាយឆាទេ ខ្ញុំចូលចិត្តពោតលីង​ជាមួយ​​បង្គាក្រៀមនៅទីនេះជាង វាអាចជំនួសបាយបានសម្រាប់ខ្ញុំ។

«បងញ៉ាំស្រាដែរទេ?»

«អីក៏បានដែរ មិនដែលតមស្អីមួយមុខទេ!»

«ស្រាក្រហម?»

«អ៊ឺ!»

ខ្ញុំមើល​បញ្ជីរាយឈ្មោះស្រាក្រហម ខ្ញុំរើសយកស្រាដែលមានរសជាតិផ្អែមបន្តិចសម្រាប់គាត់ព្រោះ​គិត​ថា​មនុស្សស្រីមិនសូវចូលចិត្តស្រាដែលចត់ខ្លាំងទេ។

«ស្រាក្រហមមួយកែវ កាពុឈីណូមួយ… ប៉ុណ្ណឹងសិនចុះ!»

«បាទ សូមរង់ចាំបន្តិចណាបង!» អ្នករត់តុត្រឡប់ខ្លួនដើរចេញពីពួកយើង ទុកឱ្យខ្ញុំសម្លឹងមើលគាត់ទាំង​មិន​​ប្រាកដចិត្ត។ ខ្ញុំកំពុងតែគិត ហេតុអីបានជាគាត់ព្រមមកជាមួយខ្ញុំស្រួលៗម៉្លេះ? មនុស្សមិន​សូវស្គាល់​គ្នា​ផង​រឿងអីត្រូវមកដើរជាមួយគ្នា គាត់មិនខ្លាចខ្ញុំទេអី?

«ឆ្ងល់ហ្អេះ? … ឆ្ងល់ថាម៉េចបានជាខ្ញុំមកជាមួយ?»

«…បាទ…បង …មិនខ្លាច…ទេ?» សម្លេងទូរស័ព្ទរបស់ខ្ញុំរោទិ៍កាត់សង្វាក់ការសន្ទនារបស់យើង។ សម្លេង​ទូរស័ព្ទ​ខ្ញុំបើលេខស្គាល់គ្នា មិនឮសម្លេងទេគឺញ័រ។

«ជម្រាបសួរ…បាទ!…អត់ទេ…បាទ…បងនៅញ៉ាំអីខាងក្រៅ…អត់ទាន់ដឹងទេចាំមើលសិន…បងអត់អីទេ!…បាទ!»

ខ្ញុំស៊កទូរស័ព្ទចូលក្នុងហោប៉ៅខោវិញលួចញញឹម ហើយងាកទៅមើលអ្នកចម្រៀងកំពុងអោនត្រចៀកខ្សឹប​ប្រាប់ឈ្មោះបទចម្រៀងដាក់អ្នកភ្លេង។ ប្រហែលជាប្អូនៗកំពុងធ្វើបដិវត្តគ្រប់គ្រង​ខ្ញុំហើយបានជាវា​ទូរស័ព្ទ​មក​សួរគ្រប់ម៉ោងគ្រប់ពេល មិញនេះប្អូនប្រុសខ្ញុំដែលវាទៅលេងផ្ទះនៅឯខេត្តវាកំពុងផឹក​ស៊ីជាមួយ​ពួក​ម៉ាក​​ហើយ​ខ្ចីទូរស័ព្ទពួកម៉ាកទូរស័ព្ទមករកខ្ញុំ វាខ្លាចថាខ្ញុំមិនទៅរកអីញ៉ាំហើយញ៉ាំមី ឬផឹកតែស្រា «បង​ឯង​មានញ៉ាំមី​ទេ? … បងឯងកំពុងផឹកហស៍? … បងឯងនៅណាហ្នឹង?…​ស្មើណាបានទៅផ្ទះ?…​បង​ឯង​កើតអីអត់?» មិនយូរទេពួកវានឹងប្រកាសបដិវត្តហើយតាំងខ្លួនជាម្តាយខ្ញុំវិញមិនខាន។ នឹកដល់​ត្រង់​នេះ​​ខ្ញុំសើច​ឃឹក ខ្ញុំមិន​ដែលមានសង្សារ មានអ្នកដែលខ្លួនស្រឡាញ់ទេ បើមានក៏តែជាមនុស្ស​ដែល​មក​ឆ្លង​កាត់​ក្រសែភ្នែកមួយភ្លែត​តែប៉ុណ្ណោះ តែខ្ញុំក៏មានសេចក្តីសុខមិនចាញ់អ្នកដែលមានសង្សារ មាន​ប្រពន្ធដែរ ព្រោះ​ថាខ្ញុំ​មានប្អូនៗ​ដែល​បារម្ភ​​ដែលស្រឡាញ់ខ្ញុំលើសពីសង្សារទៅទៀត ស្រឡាញ់ដោយ​គ្មាន​ថ្ងៃ​នឹងក្បត់​ឡើយ។

បដិវត្តហ្អេះ?

ប្អូនៗខ្ញុំ ពួកវាកំពុងធ្វើបដិវត្តដំណែង និងតួនាទី។ បើវាបដិវត្តបានទទួលជោគជ័យពេលណាវានឹងក្លាយ​​ជាខ្មែរក្រហមមិនខាន ពោលគឺវានឹងមិនផ្តល់សេរីភាពឱ្យខ្ញុំទៀតឡើយ។ ដល់ពេលនោះ​បើខ្ញុំ​ចង់​ទៅ​ណា​​ត្រូវសុំការអនុញ្ញាតពីពួកវាសិន រួចបើមិនបញ្ជាក់មូលហេតុច្បាស់លាស់ទេមុខជាពួកវា​មិនឱ្យ​ខ្ញុំ​ទៅ​ទេ។ ខ្ញុំ​ស្រមៃថាវានឹងធ្វើដូចដែលខ្ញុំធ្លាប់តឹងតែងដាក់វាបែបរាល់ថ្ងៃនេះឯង។ បើមានថ្ងៃនោះមែន ឱកម្មអើយកម្ម!​អេហ៍! ចុះម៉េចក៏កម្មវាតាមមកទាន់ខ្ញុំលឿនបែបនេះ?

អ្នករត់តុបានយកស្រាក្រហម និងកាហ្វេរបស់ខ្ញុំមក។

ក្រេបស្រាបណ្តើរយើងនិយាយដើមនារីម្នាក់ដែលកំពុងលើកកែវស្រាដើរជល់ជាមួយនៅតុខាងមុខ៖

«ម្នាក់នោះមើលទៅដូចជាស្រវឹងហើយ បានជាដើរជល់គេឯងមិនរើសមុខចឹង!»

«ខ្ញុំគិតថាជួនកាលមនុស្សខ្លះមានចរឹតរួសរាយរាក់ទាក់ មានភាពសប្បាយរីករាយនិងចង់ឱ្យអ្នកនៅ​ក្បែរ​ខ្លួន​មានភាពរីករាយដូចគ្នាដែរទើបបានជាគេធ្វើបែបនេះ!»

ខ្ញុំក្រេបកាហ្វេមួយចឹបឱ្យដឹងរសជាតិមុនពេលក្រេបពីរក្អឹកបន្តទៀត។

«ល្អដែរតើស្គាល់គ្នាកាន់តែច្រើនកាន់តែសប្បាយ​ជាមួយគ្នា…​(បង្អង់មួយស្របក់ខ្ញុំក្រេបកាហ្វេ​របស់ខ្ញុំ​បង្ហើយ) បងចង់ច្រៀងទេ? ខ្ញុំទៅប្រាប់គេឱ្យ!»

«ចង់!»

«បទអី?»

បទដែលគាត់ចង់ច្រៀងនេះខ្ញុំមិនដែលបានស្តាប់ និងក៏មិនដែលឮចំណងជើងដែរ តែនឹងរង់ចាំស្តាប់​បន្ទាប់ពីបទ Hold Me For A While ដែលជនជាតិហ្វីលីពីនម្នាក់គាត់នឹងឡើងច្រៀង។

គាត់សប្បាយចិត្តណាស់ គាត់ច្រៀងបួនបទម្នាក់ឯង ចម្រៀងទាំងនោះសុទ្ធតែជាទំនុកសម័យថ្មីដែលខ្ញុំ​មិនដែលបានស្តាប់តែអត្ថន័យពោរពេញដោយការខកចិត្ត ការឈឺចាប់ដែលមិនអាចដោះស្រាយបាន ដោយសារអំពើផិត។ ម៉្យាងដែរសម្រាប់អ្នកដែលធ្លាប់តែជក់វក់នឹងមនោសញ្ចេតនាលន្លង់លន្លោច ពេញ​ចិត្តតែនឹងសំនៀងរបស់លោក ស៊ិន ស៊ីសាមុត និង លោកស្រី រស់ សិរីសុទ្ធា (លោកស្រី កែវ ច័ន្ទបូរណ៍ បានបញ្ជាក់ថា ឈ្មោះលោកស្រី រស់ សិរីសុទ្ធា​ មិនមែនសរសេរ រស់ សេរីសុទ្ធា ទេ) ដល់មក​ប្លែក​ជាមួយ​សម្លេង​​របស់អ្នកចម្រៀងក្រៅឆាកម្នាក់នេះ ខ្ញុំក៏ជក់ចិត្តស្តាប់សម្លេងស្រួយស្រេះរបស់គាត់ដែរ។

ក្រោយច្រៀងបានបួនបទ និងផឹកស្រាក្រហមពីរកែវមក ហាងដល់ម៉ោងបិទយើងក៏រើរោងរើចាន ហើយឱ្យ​គេគិតលុយ។ កំពុងតែរង់ចាំអ្នករត់តុមកគិតប្រាក់ គាត់ស្រែកឮឡូងៗធ្វើឱ្យអ្នកដែលមិនទាន់​ចេញ​ទៅ​ងាក​មើលមកពួកយើងគ្រប់គ្នា។

«ពិបាកចិត្តណាស់លោកអើយ! ចង់តែលោតទឹកឱ្យបាត់ៗទេ!»

«កុំៗ… បងឯងចង់នាំកូនគេឱ្យពោះម៉ាយម្នាក់ទៀតក៏អី?»

«និយាយលេងដូចឆ្កួតចឹង! គេនិយាយមែនណា!​… ពិបាកចិត្តពេកមួយថ្ងៃៗរួចការងារ​ខ្ញុំមើលតែ​រឿងភាគ​​ទេ! កុំតែមានម៉ែ មានប្អូនៗ ក្មួយៗដែលនៅជាមួយទេកុំអីខ្ញុំទៅលោតទឹកឱ្យបាត់មែនណា!»

«យើងអាចមានគ្រួសារដែលខ្លួនចង់បាន សំខាន់គឺស្វែងរកនរណាម្នាក់ដែលយល់ចិត្តយើង ហើយយើងក៏​យល់ចិត្តគេ និងទទួលយកបាននូវចរឹតរបស់គ្នាទៅវិញទៅមក។ យើងអាចនឹងរស់នៅជាមួយគ្នា រហូត​បង្កើត​ជាក្រុមគ្រួសារមានកូនមានចៅដូចដែលបងចង់បាន បានទៅហើយ។ កុំទៅពិបាកចិត្តអី!»

ខ្ញុំលួងលោមគាត់ដោយសម្លឹងមិនដាក់ភ្នែកទៅមុខរបស់គាត់ដែលរលីងរលោងមិនព្រមងើបក្បាល។ គាត់​នៅតែជ្រប់មុខនិយាយមករកខ្ញុំខ្សឹបៗស្ទើរស្តាប់មិនឮ ៖

«ខ្ញុំមិនអាចរកនរណាម្នាក់មកជំនួសម្នាក់នោះបានទេ ជិតដប់ឆ្នាំហើយខ្ញុំនៅតែនឹកគេដដែល។»

ខ្ញុំគិតថាក្នុងចិត្តគាត់ពិតជាឈឺខ្លាំងណាស់ ឈឺដល់ថ្នាក់មិនដឹងនិយាយថាម៉េចប្រាប់ខ្ញុំឱ្យត្រូវ។ គាត់ដក​ដង្ហើមធំរួចទើបព្រមងើបមុខមើលមកខ្ញុំ៖

«ដឹងទេថាខ្ញុំកាន់សាសនាកាតូលិក?»

«ខ្ញុំឮបងសេងថាដែរ! រាល់រសៀលថ្ងៃអាទិត្យបងទៅវិហារអស់ខ្ញុំរកកាហ្វេញ៉ាំអត់បាន ត្រូវដើរឡើងធ្លាក់​អណ្តាតបាន​ដល់កន្លែងកាហ្វេឆ្ងាញ់!»

គាត់ប្រឹងសើចកៀនបបូរមាត់បន្តិចលើកទឹកចិត្តខ្លួនឯង បង្អង់មួយភ្លែតគាត់ក្រេបស្រាក្រហមរបស់គាត់​មួយក្អឹកមុននឹងចាប់ផ្តើមនិយាយរឿងក្នុងចិត្តរបស់គាត់ ៖

«សាសនារបស់ខ្ញុំតឹងតែងណាស់ ខ្ញុំបានរៀបការនៅចំពោះមុខព្រះម៉ែ…ខ្ញុំបាន​ស្បថហើយថា​នឹង​ស្រឡាញ់​​​គ្នារហូតដល់ស្លាប់។ ខ្ញុំមិនអាចរៀបការជាមួយអ្នកផ្សេងបានទេ។»

Oh! hO!

«មិត្តភ័ក្តិខ្ញុំម្នាក់ក៏លែងលះគ្នាដូចខ្ញុំដែរ តែប្តីគេបានស្លាប់ពេលទៅមានប្រពន្ធថ្មីហើយស្រីនោះជាប្រពន្ធ​របស់អ្នកផ្សេងដែរ។ ក្រោយមកគេក៏រៀបការជាមួយប្តីក្រោយបានកូនពីរ។»

«អូហ៍! គាត់អាចរៀបការថ្មីទៀតបាន?»

«បាន! ព្រោះប្តីរបស់គេស្លាប់ទៅហើយ!»

ព្រះជាម្ចាស់អើយ ម៉េចក៏អយុត្តិធម៌ម៉្លេះ? ពេលរៀបការត្រូវស្បថផងបានអាចនៅជាមួយគ្នាបាន រួចពេល​លែង​លះគ្នាមិនអាចរៀបការថ្មីបាន ហើយបើចង់រៀបការទៀតទាល់តែមានម្នាក់ៗស្លាប់!

ចុះអីក៏ផ្តែសៗ…

ស្មាទោសទៅចុះ! បើថាមានមនុស្សថ្មីដែលខ្លួនឯងស្រឡាញ់ហើយចាំបាច់ត្រូវរៀបការជាមួយគ្នាផងនោះ មានតែបន់ឱ្យអ្នកចាស់ឆាប់ស្លាប់ទៅផង! Wow Wow សូមកុំឱ្យគំនិតនេះឆ្លងមកខ្ញុំ។

ពេលគិតប្រាក់រួចកន្លែងនោះបានបិទ គាត់ចង់បន្តនៅការ៉ាអូខេទៀតដោយទាមទារឱ្យខ្ញុំទៅជាមួយទាល់​តែ​បាន។ ដោយស្រវឹងតិចៗផង គាត់និយាយគំរាមថាបើមិនទៅជាមួយគាត់ទេ គាត់និងខ្ញុំលែងមើលមុខ​គ្នា​ទៀត​ហើយ។

មួយយប់ស្ទើរតែទល់ភ្លឺពួកយើងច្រៀងការ៉ាអូខេ និងផឹកស្រាផងរាំផងនៅបារបារាំងក្បែរមាត់​ទន្លេ​រហូត​ដល់​គាត់​ស្រវឹងមែនទែនទន់ខ្លួនដើរលែងរួចទើបនាំគ្នាមកផ្ទះវិញ។

«បង! យើងដើរជាមួយគ្នាមួយយប់ហើយខ្ញុំមិនទាន់ស្គាល់ឈ្មោះបងឯងផង បងឯងឈ្មោះអី?»

ខ្ញុំសួរទៅគាត់ពេលជិះតាក់ស៊ីវាស់ម៉ែត្រមកផ្ទះវិញ។ គាត់និយាយទាំងមិនបើកភ្នែក៖

«អើ… អត់ដឹងថាខ្ញុំឈ្មោះអីទេ?» គាត់ផ្អែកក្បាលទៅក្រោយ ដៀងភ្នែកមកខ្ញុំដែលនៅអង្គុយក្បែរគាត់។

«ឈ្មោះដូចយើងចឹង! ចឹងហើយបានជាខ្ញុំដាក់ឈ្មោះឱ្យឯងថាអាកូនក្មេងហ្នឹងកុំឱ្យគេហៅឈ្មោះឯង ខ្ញុំច្រឡំ​ឆ្លើយ!»

«ចុម!»

😀 😀 😀

Advertisements
  1. លី កល្យាណ / វិច្ឆិកា 29 2011 7:59 ព្រឹក

    ខ្ញុំភ្លេចឈ្មោះ ទើបឃើញពួកម៉ាកដាក់ឈ្មោះចំណងជើងបទចម្រៀងនោះ គឺបទព្រោះគេចង់ចប់។
    អរគុណប៊ុនណាលីន!

  2. somada / ធ្នូ 8 2011 12:59 ល្ងាច

    សួស្តីកល្យាណ សុខសប្បាយជាទេ ? មិនទាន់មានcommentទេ​ព្រោះបងមិនទាន់បានអាន​អត្ថបទ​របស់​កល្យាណ មួយរយៈមិនសូវទំនេរ ហើយឃើញអត្ថបទវែងផង ចាំរកពេលអានម្តងឲ្យចប់តែហ្មង កុំឲ្យ​ពិបាក​ត​ភាគទៀត ។ តែយ៉ាងណាក៏សូមសរសើរដែលពុកែសរសេរបានក្បោះក្បាយដូច្នេះ​។

    • លី កល្យាណ / ធ្នូ 8 2011 2:25 ល្ងាច

      ជម្រាបសួរបង! ខ្ញុំជានាទេ ចុះបងវិញ? កូនៗបងយ៉ាងណាដែរ? អាកាសធាតុប្រែប្រួលសូមប្រយ័ត្នសុខភាពជាពិសេសគឺគ្រុនឈាម។
      កុំនាំអំពល់បងអី! ខ្ញុំអរណាស់គ្រាន់តែបងចូលមក​លេងហើយសួរសុខទុក្ខនោះខ្ញុំ​រអៀសខ្លួនណាស់ទៅហើយព្រោះខ្ញុំទៅ​ផ្ទះលេងបង ខ្ញុំឈ្លើយណាស់មិនដែលបាន​សួរសុខទុក្ខបងទេ។

  3. somada / ធ្នូ 8 2011 5:20 ល្ងាច

    អានរឿងចប់ នៅតែឆ្ងល់ អត់ដឹងថាតួអង្គទាំងពីរនាក់ហ្នឹងឈ្មោះអី ? ជួយខ្សិបប្រាប់ផង​បានទេកល្យាណ !

    • លី កល្យាណ / ធ្នូ 8 2011 5:34 ល្ងាច

      ឱបង ខ្ញុំភ្លេចដាក់ ឈ្មោះ រក្សា។ ម្នាក់ស្រីហ្នឹងក៏ឈ្មោះ រក្សា ម្នាក់ប្រុសហ្នឹងក៏ឈ្មោះរក្សា។ ខ្ញុំខ្សិបតិចៗចឹងបងឮអត់?

  4. somada / ធ្នូ 9 2011 9:40 ព្រឹក

    អត់សូវឮទេ តែនេះជាល្បិចរបស់អ្នកនិពន្ធមែនទេ ដែលលាក់ឈ្មោះតួអង្គមិនឲ្យស្គាល់ឈ្មោះ ?

    • លី កល្យាណ / ធ្នូ 9 2011 11:03 ព្រឹក

      ង៉ាស់ៗ។ អ្នកសរសេរខ្ជិលមហាសែនខ្ជិលទៅវិញទេបងមិនមែនល្បិចសោះឡើយ។ អរគុណបងស្រីដែលឆ្លៀតពេលរវល់ការងារមកអានរឿងរបស់ខ្ញុំ 😀

  5. somada / ធ្នូ 10 2011 5:02 ល្ងាច

    វាក៏អាចបន្ធូរអារម្មណ៍ពីការងារបានមួយភាគធំដែរណាកល្យាណ ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: