Skip to content
18 ខែធ្នូ 2011 / ស្នាមញញឹម

ពៀរ និង កំហឹង

មុនឈានដល់រឿងដែលខ្ញុំបានជួបពីម្សិលម្ង៉ៃ ខ្ញុំសុំលើកយកអត្ថន័យនៃពាក្យទាំងពីរនេះពីក្នុង​វចនា​នុក្រម​​សម្តេចព្រះសង្ឃរាជ ជួន ណាត មកបង្ហាញជូន៖

ពៀរ (ន.) (សំ.), (បា.) (វៃរ;វេរ) ចំណងចិត្តក្រោធដែលចងដោយព្យាបាទបម្រុងនឹងសងសឹកវិញ, ចំណងចិត្ត​ជា​សត្រូវ។

កំហឹង (ន.) សេចក្តីខឹង។

ខឹង (កិ.) កម្រើកចិត្តដោយទោមនស្ស ព្រោះមានអារម្មណ៍មិនគាប់ចិត្តមកប៉ះពាល់ត្រូវទ្វារទាំង៦ មានចក្ខុទ្វារ​ជាដើមនាំឱ្យក្តួលក្តៅចិត្តឡើង។ (ន) រង្វាល់តូចចុះពីកន្តាំងតូចមក ៖ អង្ករមួយខឹង។

អំណាចចិត្តទាំងពីរនេះតែងពាក់ព័ន្ធគ្នាជាដរាប។

ពីថ្ងៃសុក្រខ្ញុំចេញពីការិយាល័យម៉ោងច្រើនបន្តិចជិះម៉ូតូកាត់តាមក្រោយក្រសួងធនធានទឹកក្បែរផ្សារថ្មី។​ មក​​ដល់​ផ្លូវខ្វែងកាត់ជាបួនមានរថយន្តមួយបរមកពីខាងឆ្វេងដៃដាក់សញ្ញាសុំបត់ឆ្វេង ខ្ញុំក៏បង្អង់ដើម្បី​ឱ្យ​​​រថយន្ត​​នោះ​​​បើក​តាមទិសដៅរបស់គេ ក៏ស្រាប់តែមានម៉ូតូគុបមួយទៀតបរមកពីក្រោយតាមផ្លូវ​ជាមួយ​ខ្ញុំ​ក្នុង​ល្បឿន​ដ៏​លឿន (ខ្ញុំហៅថាលឿនព្រោះនៅក្នុងក្រុងបែបនេះគាត់បើកដូចជាព្យុះ) ជ្រែករថយន្តដែលកំពុង​បត់​ឆ្វេង។ ខ្ញុំ​នឹក​​ក្នុង​​ចិត្ត​ថា ឱ នេះបើមានម៉ូតូ ឬរថយន្តណាមួយមកពីក្រោយរថយន្តដែលកំពុងបត់ឆ្វេងនេះ ម៉ូតូដែល​ក្មេង​ប្រុស​​ម្នាក់​​កំពុង​បើកនេះចាប់ហ្រ្វាំងយ៉ាងណាក៏មិនជាប់ដែរ។ រថយន្តបត់ឆ្វេងហួសទៅ​នាំ​ឱ្យ​មុខ​ផ្លូវ​ខ្ញុំ​ស្រឡះ​​ខ្ញុំ​អាច​មើល​ឃើញ​ម៉ូតូនោះបត់ស្តាំម្តុំផ្សារតាប៉ាងទៅរកមាត់ទន្លេដោយបញ្ចេញ​សម្លេង​លាន់​ឮ​និង​​ចេញ​​ផ្កា​ភ្លើង​​​ព្រាក​​​លើ​​​ថ្នល់​​នាំឱ្យខ្ញុំ​ស្រៀវឆ្អឹងខ្នង​។ សម្លេងលាន់ឮជាងមុនរួចមនុស្សម្នាតាម​ផ្លូវ​ក៏​ងាក​មើល​ទៅ​តាម​តម្រុយ​ដែល​ក្មេង​ប្រុសនោះ​ឆ្ពោះទៅ។ ខ្ញុំឥតបានឃើញស្ថានភាពពេលនោះទេ ខ្ញុំមកទាន់​នៅ​ពេល​បុរស​ម្នាក់​ឈរ​ក្បែរ​នារី​មា្នក់​​បាន​ចាប់​​ក្មេង​ប្រុស​នោះ​លើក​ឡើង វាយនឹងដៃ ទាត់នឹងជើង។ ឆ្លង​ផុត​ផ្លូវ​ខ្វែង​មួយ​នេះ​ទៀត​ខ្ញុំអែបស្តាំមើលពួកគេមួយស្របក់ គឺក្មេង​ប្រុស​នោះជិះម៉ូតូទៅប៉ះមនុស្សស្រីនោះហើយដួលម៉ូតូ។

ចេញពីទិដ្ឋភាពនោះ ខ្ញុំបន់ស្រន់ក្នុងចិត្តសូមឱ្យបុរសម្នាក់ដែលកំពុងវាយក្មេងប្រុសនោះ​សម្រន់​កំហឹង​របស់​គាត់​ហើយក្មេងប្រុសនោះសូមឱ្យគេគិតក្នុងចិត្តថា បើមាននរណាមកប៉ះពារ​មនុស្ស​ដែល​ជា​ទី​ស្រឡាញ់​របស់​ខ្លួន ខ្លួនក៏នឹងធ្វើដូចគេកំពុងធ្វើដាក់ខ្លួនឯងដែរ ហើយអ្នកទាំងពីរសូមកុំឱ្យមានចិត្តចងពៀរគ្នានឹងគ្នាតទៅ។

Advertisements
  1. somada / ធ្នូ 22 2011 9:08 ព្រឹក

    គេថាក្មេងឈាមរាវ ពិតជាមិនខុសទេ កាលនៅក្មេងខ្ញុំក៏ជាអ្នកជិះម៉ូតូលឿនម្នាក់ដែរ ហើយមិនសូវចេះខ្លាច​អីនោះទេ ។ ប៉ុន្តែលោកអើយឥឡូវនេះ​គ្មាននរណាខ្លាចដល់ខ្ញុំនោះទេ មុននឹងឡើងជិះម៉ូតូជាមួយប្អូន ៗ ត្រូវ​ដាក់លក្ខខណ្ឌជាមួយគេ ជួនកាលគេខឹងក៏មានដែរ ។​
    នេះបានចំជាំចាស់ខ្លាច…​មែន ។​ អរគុណកល្យាណដែលបានលើកយករឿងក្មេងស្ទាវ​ធ្វើឲ្យបងនឹកឃើញ​កាលពីនៅឈាមរាវ​ដូចក្មេងម្នាក់នោះដែរ ។
    តាំងពីចូលលេងផ្ទះកល្យាណមិនដែលបានសួរសុខទុក្ខអ្នកបងមុនី(សូមហៅថាអ្នកបងព្រោះបើមើលតាមរូបថត​អាយុបងស្រករនឹងបងប្រុសទី​២របស់ខ្ញុំ)សោះ ពេលនេះសូមជម្រាបសួរពីចម្ងាយ កុំប្រកាន់អី។ អ្នកបងសុខសប្បាយទេ ?​ ចំណែកកល្យាណមិនបាច់សួរទេ ចូលមកដល់ថ្ងៃណាក៏ឃើញតែសើច ហើយរិតតែមានព្រលឹងជាងមុនទៅទៀត ។

    • លី កល្យាណ / ធ្នូ 23 2011 8:26 ព្រឹក

      យ៉ាបងខ្ញុំ! ខ្ញុំគិតថាយ៉ាងណាក៏លឿនមិនដល់មួយដែលខ្ញុំជម្រាបជូនដែរ។ តែ…បង! កុំដាក់លក្ខខណ្ឌច្រើនពេកណាបង ក្រែងគេធុញនឹងយើងគេកាន់តែ​ជិះលឿនជាងមុនទៀត។
      អ៊ំមុនីគាត់សុខទុក្ខធម្មតាទេបង។ គាត់ឈឺច្រើនដែរបានជាមិនសូវបាន​សរសេរប្រកាស។ អរគុណបងស្រីណាស់ ខ្ញុំនឹងជម្រាបគាត់ជូន។
      ខ្ញុំ…មិនបាច់សួរក៏បានដែរបង…មហាសែនសុខ…​មូលដូចត្បាល់អត់វ័ណ្ឌចឹង 😀

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: