Skip to content
23 ខែធ្នូ 2011 / ស្នាមញញឹម

ខ្ញុំបន្ទោសគាត់ទាំងងងុល

ថ្ងៃអាទិត្យមុនខ្ញុំបានរើបន្ទប់រៀបចំជាថ្មី។ ថតតុតូចរបស់ខ្ញុំគឺសម្រាប់តែដាក់វត្ថុអនុស្សាវរីយ៍ កំពុងតែពេញ​ណែនស្អេកស្កះដោយសាររូបថត​ និងរបស់ផ្សេងៗទៀតសុទ្ធសឹងជាអនុស្សាវរីយ៍រវាងខ្ញុំ និងមិត្តភ័ក្តិតាំងពី​យូរមក។ ខ្ញុំទាញចេញម្តងមួយៗដើម្បីជូតសម្អាតមុនដាក់ចូលទៅកាន់កន្លែងដើមវិញ ដោយរម្លឹកបណ្តើរ​ដល់វត្ថុចំណងចិត្តទាំងនោះ ខ្ញុំលើកក្រដាសទ្រាប់ថតតុមករលាស់ជម្រុះធូលីស្រាប់តែសំបុត្រអញ្ជើញចូល​រួមមង្គលការសង្សារចាស់របស់ខ្ញុំប្រាកដឡើងចំពោះមុខ។ ចិត្តដែលធ្លាប់មានដំបៅស្រាប់ក៏ចាប់ឈឺ…

៦​ វិច្ឆិកា ២០០៥ …ប្រាំមួយឆ្នាំកន្លងមកហើយ​ដែលគាត់បានរៀបការជាមួយ​មនុស្សគាត់អះអាង​ថា​​ស្រឡាញ់​​គេយ៉ាង​ពិតប្រាកដ។ វាមានន័យថា ខ្ញុំប្រហែល​គ្រាន់តែជាវត្ថុដែលគាត់សេពគប់ក្នុង​គ្រា​មួយ​ដែល​គាត់​មិន​ទាន់​មាននរណាចូលក្នុងជីវិតគាត់ប៉ុណ្ណោះ។​ វាក៏មានន័យផងដែរថា រឿងរបស់​យើង​គ្រាន់​តែ​ជា​កំប្លែងកំដរ​ជីវិត។ ម៉្យាងដែរ យើងជា​មនុស្សទាន់សម័យដូចពួកអឺរ៉ុប ពេលស្រឡាញ់គ្នាក៏​មិន​លំបាក​នឹង​ប្រាប់​ ពេល​បែក​គ្នាក៏ស្រួល​គឺ​គ្រាន់​តែ​​និយាយថា «I am in love with someone else! ខ្ញុំស្រឡាញ់គេ​ម្នាក់!»។ ឃើញទេ? ជីវិត​របស់ពួកយើងគឺវាអឺរ៉ុបចឹង!

គាត់ជាសង្សារដែលខ្ញុំធ្លាប់ស្រឡាញ់ស្មើជីវិត។ ចំពោះខ្ញុំគាត់គឺជាព្រះ ជាម្ចាស់ ជាអំណាច ជាសេចក្តី​ស្នេហា​ដ៏ផូរផង់។ ពេលគាត់សុំបែកគ្នាខ្ញុំយំស្តាយគាត់​ជាខ្លាំង ​ស្តាយថានៅលើលោកនេះខ្ញុំលំបាកនឹង​រក​នរណា​ម្នាក់​ដែលល្អសម្រាប់ខ្ញុំដូចគាត់បានទៀត។

នឹកៗទៅកាលណោះខ្ញុំដូចមនុស្សឆ្កួត! ខ្ញុំនៅចាំបានថាខ្ញុំត្រូវទៅធ្វើការនៅកំពង់សោមបួនថ្ងៃ និងបាន​ដាក់​ច្បាប់​​បន្ថែមមួយថ្ងៃទៀតព្រោះមិត្តជិតស្និទ្ធរបស់ខ្ញុំបានទៅតាមដល់នោះហើយទាមទារឱ្យខ្ញុំនៅលេង​ជាមួយ​បន្ថែមថ្ងៃសុក្រមុនពេលត្រឡប់មកវិញនៅថ្ងៃសៅរ៍ និងហួសទៅសៀមរាបទៀត។

ខ្ញុំគេងមិនលក់ទេ យប់ថ្ងៃសុក្រខ្ញុំអង្គុយផឹកស្រានៅមាត់សមុទ្ររហូតដល់ម៉ោងមួយព្រឹកថ្ងៃសៅរ៍ទើបខ្ញុំទៅ​មុជទឹក ខ្ញុំចាំបានថាកាលណោះ ខែវិច្ឆិកា ឆ្នាំ២០០៥ ត្រជាក់ណាស់តែគ្មានរងាដល់បេះដូងខ្ញុំបន្តិចទេ។ ចិត្ត​ខ្ញុំ​ដូចកំពុងត្រូវដុត​កម្ទេចឱ្យទៅជាផេះ…ឬមួយសមុទ្រវាល្ហល្ហេវពេកទើបខ្ញុំគិតមិន​ឃើញថា​ត្រូវធ្វើ​យ៉ាង​ណា​ដោះ​ស្រាយបញ្ហា​ចំពោះមុខរបស់ខ្ញុំបាន។ ខ្ញុំមិនបានតេទៅរកគាត់ទេក្នុងពេលដែលមុននោះមួយខែ​យើង​នៅ​ទាក់​ទង​គ្នានៅឡើយ យើងចូលរួមសម្រេចចិត្តជាមួយគ្នានៅឡើយ សូម្បីតែគាត់មានរវល់ក្នុងការ​រៀប​ចំ​មង្គល​ការ​របស់គាត់ក៏យើងនៅតែពិភាក្សាគ្នា​ស្ទើរគ្រប់រឿង។

តាមពិតទៅខ្ញុំឈឺចិត្តណាស់ ឈឺដល់ថ្នាក់មិនអាចនិយាយពាក្យនេះចំពោះគាត់បាន។ តាំងពីថ្ងៃដែលគាត់​ប្រាប់ថាគាត់ស្រឡាញ់អ្នកផ្សេងខ្ញុំនៅតែជាមិត្តរបស់គាត់ក្នុងពេលដែលខ្ញុំស្ទើរក្អួតឈាមនៅពេលឃើញ​គាត់​បណ្តើរគេនៅចំពោះមុខ តែសួរថាខ្ញុំអាចធ្វើអ្វីបាន? គាត់ប្រាប់ថាស្រឡាញ់អ្នកផ្សេង ខ្ញុំត្រូវ​តវ៉ាឬ? អត់ទេ ខ្ញុំ​សម្ងំ​ស្ងៀម រួចហើយក៏ទុកតួនាទីឱ្យពេលវេលាជាអ្នកដឹកនាំរឿងទៅ។ ខ្ញុំគឺអីចឹងឯង!…

ថ្ងៃនេះខ្ញុំត្រឡប់មកពីខេត្តវិញកាត់តាមសៀមរាប។ វាលស្រែស្រូវពណ៌ស្លាបសេកដែលអ្នកស្រុករៀបនឹង​ច្រូត​បង្ហើរ​ក្លិនក្រអូបប្រហើរ អ្នកឡើងត្នោតពុនបំពង់ឬស្សីដែលអប់រួចជាច្រើនសន្ធឹកសន្ធាប់ដោយ​ដំណើរ​ស្វាហាប់​នាំឱ្យបំពង់ទាំងនោះទង្គិចឮ​ណែងណង​រណ្តំគ្នា​ដើម្បីឡើងទៅប្តូរនឹងបំពង់ចាស់ដែលបានដាក់​ត្រង​តាំង​ពី​ព្រឹក​។ ឈប់រថយន្តសម្លឹងឃើញទិដ្ឋភាពទាំងនេះខ្ញុំនឹកព្រួចដល់កាលយើងនាំគ្នាទៅរកផឹកទឹក​ត្នោត​នៅ​ហួស​ពោធិ៍ចិនតុងកាលគ្រាយើងនៅរៀនជាមួយគ្នា…អង្គុយរង់ចាំទឹកត្នោតបណ្តើរជជែកគ្នា​បណ្តើរ​ពី​គម្រោង​​ជីវិត​​នា​អនាគត…អនាគតដែលយើងមើលឃើញយ៉ាងភ្លឺស្វាងតាមសន្ទុះចិត្តយុវវ័យ…​អនាគត​ដែល​​យើង​សង្ឃឹម​​ថា​បាន​ជួបគ្នាជាគូជីវិត…។

ចម្រៀងបទ សម្លេងឃ្មោះការ របស់លោកស្រី ប៉ែន រ៉ន បង្ហើរមកពីរោះគួរស្រណោះខ្លួនណាស់ មិន​ដឹង​ថា​សាច់​​រឿងតំណាងដោយបទ​ចម្រៀងនេះយ៉ាងណាទេ តែពាក្យពេចន៍ ឃ្លា ល្បះនីមួយៗ​មុខគួរ​ល្មម​ឱ្យ​យើង​​ដឹង​​ថា​​ជារឿងជីវិតស្នេហា​សោក ស្រងេះស្រងោចចិត្តបំផុត។ ថាសចម្រៀង​ក្នុងរថយន្ត​បាន​ផ្តើម​បទ​នេះ​កាល​ណា ចិត្ត​ខ្ញុំ​ដែល​កំពុង​រុកកួនដោយ​ស្នាមវិប្បដិសារីក៏នាំទឹកភ្នែកឱ្យស្រក់មកទប់មិនបាន​ មិនដឹង​ថា​អ្នក​នៅ​ក្បែរ​ខ្ញុំ​​គាត់​​​បាន​​ឃើញ​ឬយ៉ាងណាទេ តែខ្ញុំឈប់ឆ្លើយឆ្លងជាមួយគាត់តទៅទៀត ទុកពេល​ឱ្យ​គាត់​​តម្រង់​​ភ្នែក​​ទៅ​​​មើល​ផ្លូវ។

«សម្លេងឃ្មោះការកត់ត្រាដួងចិត្ត ចាររឿងស្នេហ៍មិនពិត ប្រឌិតជីវិតឱ្យខ្លោចផ្សារ ប្រុសព្រាន គ្មានក្តី មេត្តា​​ ជឿលង់ចិន្តា រស់ខ្មាសលោកាក្រៃណាព្រះអើយ។

សម្លេងភ្លេងការប្រហារចិត្តខ្ញុំ ចង់ស្រែកទ្រហោយំ ប្រាប់ថាទុក្ខខ្ញុំទុក្ខរឿងស្នេហា ថា ខ្ញុំនៅស្រឡាញ់បង អូន​គេង​​សោកា ឥឡូវប្រែជាបងបំភ្លេចអស់។

ព្រះពាយផាត់មក នាំទាំងទុក្ខសោក ចិន្តាវិយោគសោកសៅព្រោះស្នេហ៍ នឹកឃើញ​យប់មួយ​នៅ​ក្រោម​ដួងខែ បង​បានស្បថស្បែ ថាចិត្តបងស្នេហ៍ៗ​តែរូបស្រី។

ព្រះពាយផាត់អូននៅស្រឡាញ់បង តែហួសក្តីបំណង ព្រោះតែរូបបងរៀបការគូថ្មី អូនស៊ូគេង​យំ​អាល័យ យំលុះដល់ក្ស័យ ព្រោះអីយើងគ្មាននិស្ស័យជាគូ…»

បន្តជាមួយបទ ទឹកភ្នែកសម្ងាត់ របស់លោកស្រី ម៉ៅ សារេត កាន់តែធ្វើឱ្យចិត្តខ្ញុំវិយោគថែមទៀត។ ទឹកភ្លៀង​ស្រក់​ស្រិចៗនៅខាងក្រៅកញ្ចក់រថយន្ត មុនពេលបទ ស្រណោះភ្លៀង របស់លោក អ៊ឹង ណារី បន្លឺមកកំដរ​បរិយាកាសស្ងាត់ស្ងៀមនៅខាងក្នុង។ រហូតទាល់តែមានឆ្កែមួយប្រុងឆ្លងកាត់ថ្នល់​ក្នុង​ពេល​ដែល​យើង​​កំពុង​​បរ​ទៅ​កាន់តែកៀកនឹងវា ទើបខ្ញុំអាចទាញអារម្មណ៍រវើរវាយមកវិញបាន។

ខ្ញុំជាមនុស្សដែលខ្លាចបំផុតពាក្យថា បែកគ្នា ។ ពីមុនមកខ្ញុំតែងបន្ទោសគាត់ថាខុសអីចេះ ខុសអីចុះ គឺ​បន្ទោស​គាត់​ទាំងងងឹតងងល់ តែតពីនេះទៅ ខ្ញុំឈប់បន្ទោសគាត់ទៀតហើយ ព្រោះដើមចមនៃរឿងនេះគឺជា​ខ្ញុំ។

«រឿងស្នេហ៍នៃយើង ប្រៀបកែវដែលស្រាំ រំលងយូរឆ្នាំ គ្មានថ្ងៃដូចដើម។»

ខ្ញុំក៏មិនចង់បែកពីមនុស្សដែលខ្ញុំស្រឡាញ់ដែរ តែធ្វើម៉េចយើងគ្មាននិស្ស័យជាគូ!

Advertisements
  1. ស្រុកស្រែ / ធ្នូ 27 2011 8:52 ព្រឹក

    សូមចូលរួមសោកស្តាយផង និងសូមសរសើរ អ្នកក្លាហានសរសេរបានល្អណាស់…

  2. somada / ធ្នូ 30 2011 6:52 ល្ងាច

    គ្រប់អត្ថបទដែលកល្យាណ​សរសេរភាគច្រើនសុទ្ធតែជារឿងវិបត្តិស្នេហ៍ តែម្ចាស់អត្ថបទ​តែង​តែប្រាប់​ថា​ជារឿងរបស់អ្នកដទៃ ។ តែទោះជាយ៉ាងណា​ក៏សូមចូលរួមសោកស្តាយ​សោកស្តាយផង​ដែលព្រមលះ​បង់​មនុស្ស​ជាទីស្រឡាញ់ដោយគ្រន់តែគេប្រាប់ថា គេជួបស្នេហ៍ពិតរបស់គេហើយនោះ បើជាខ្ញុំវិញពិត​ជាមិ​ន​ព្រម​ទេ(តែបើសួរបងថាឲ្យធ្វើម៉េចបងក៏មិនដឹងដែរណា ដូច្នេះកុំសួរអីល្អជាង) ។

  3. Fidele / ធ្នូ 30 2011 11:12 ល្ងាច

    អាន​ទៅ​ពីរោះ​ណាស់! :mrgreen:

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: