Skip to content
2 ខែ​កុម្ភៈ 2012 / ស្នាមញញឹម

ក្រោមម្លប់ចំប៉ី

ក្រោយប្រឡងបាក់ឌុបចប់ឆ្នាំ ១៩៩៧ ខ្ញុំបានមកផ្ញើខ្លួននៅទីក្រុងភ្នំពេញ។ ជាមួយ​មិត្តភ័ក្តិ​ជាច្រើន​ដែល​បាន​ប្រឡងជាប់ដូចគ្នាយើងបានដើររកអាហារូបករណ៍នៅតាមមហាវិទ្យាល័យនានាជាច្រើនរាប់តាំងពី សកល​វិទ្យាល័យភូមិន្ទភ្នំពេញ សកលវិទ្យាល័យភូមិន្ទកសិកម្មចម្ការដូង សាលាជាតិកសិកម្មព្រែកលាប​ វិទ្យាស្ថាន​បច្ចេកវិទ្យាកម្ពុជា(សាលាតិចណូ) មហាវិទ្យាល័យពាណិជ្ជសាស្រ្ត(សកលវិទ្យាល័យជាតិគ្រប់​គ្រង) សាលា​ជាតិ​ពាណិជ្ជកម្ម(មួយនៅក្បែរសាលាពាណិជ្ជសាស្រ្តដែរ តែខ្ញុំបានភ្លេចឈ្មោះទៅ) សកល​វិទ្យាល័យ​ជាតិ​វេជ្ជសាស្រ្ត (សាលាពេទ្យ) សាលាដុនបូស្កូ និងអាហារូបករណ៍បរទេសមួយចំនួន​ដែលអ្នកបញ្ចប់វិទ្យាល័យ​ទាំង​អស់តែងស្វះស្វែងរកដាក់ពាក្យប្រឡងមិនដែលចេះត្អូញត្អែរថាហត់ម្តងណា​ឡើយ។

ខ្ញុំបានប្រឡងនៅសាលាតិចណូ ព្រោះចង់រៀនផ្នែកបច្ចេកវិទ្យាព័ត៌មានជាងគេ ដោយបានទម្លាក់ចោលការ​ប្រឡងនៅមហាវិទ្យាល័យពាណិជ្ជសាស្រ្តដោយសារតែពេលប្រឡងថ្ងៃតែមួយ។ ថ្ងៃចេញលទ្ធផលមកដល់

ពួកម៉ាកខ្ញុំខ្លះជាប់ខ្លះធា្លក់កំពុងឈរជជែកគ្នាពីសុខទុក្ខនៅក្បែរកន្លែងផ្ញើកង់ម៉ូតូ តែខ្ញុំនៅមិនទាន់​បានទៅ​មើល។ ដាក់ជន្ទល់កង់ផាំង ​ខ្ញុំប្រជ្រៀតគេឯងដើម្បីរកមើលឈ្មោះរបស់ខ្ញុំតើជាប់ឬធ្លាក់ ដៃរបស់ខ្ញុំសម្រូត​មកពីលើដល់ក្រោមលើផ្ទាំង​ក្រដាសលទ្ធផលនៅតែមិនទាន់រកឈ្មោះខ្លួន​ឯងឃើញទៀតក៏​ស្រាប់តែមាន​ដៃ​មួយកំពុងតែផ្ទៀងឈ្មោះ​ដូចខ្ញុំដែរនៅទ្រឹងមួយកន្លែងនោះ។ កំពុងតែប្រញាប់ចង់ដឹង​ផងខ្ញុំក៏បង្អូស​ដៃ​ខ្ញុំ​កៀស​ដៃនោះចេញ ស្រាប់តែមានអី! នារីម្នាក់ក្រោកឈរពេញជំហរឡើងងាកមុខចំមករកខ្ញុំ នាងទះ​​កំភ្លៀង​ខ្ញុំ​មួយ​ដៃ​ដោយ​គ្មាននិយាយមួយមាត់។ ខ្ញុំខ្មាសអ្នកនៅជុំវិញនោះសឹងមុជចុះទៅក្រោមដីឱ្យបាត់​ភ្លាម! គ្រាន់តែ​ស្ទាប​ថ្ពាល់​ដែលនៅឈឺនៅឡើយ ខ្ញុំរត់ចេញពីកន្លែងនោះទៅរកកង់របស់ខ្ញុំហើយជិះចេញ​ទៅដោយមិន​និយាយ​រក​ពួកម៉ាកមួយម៉ាត់។

នែ! ឯងប្រញាប់ប្រាសព្រាត់ទៅណា៎? អញមិនទាន់បានសួរអីមួយម៉ាត់ផង! អាឆ្កួត!

ពួកវាស្រែកជេរខ្ញុំតាមតែចិត្តនឹកឃើញដោយសារតែមិនដឹងរឿង។ ខ្ញុំជិះកង់ចេញទៅផ្ទះវិញទាំងអន់ចង់។

ល្ងាចបន្តិច ខ្ញុំក៏ទៅមើលលទ្ធផលម្តងទៀតគឺខ្ញុំធ្លាក់ហើយ។ បានប្រផ្នូលប៉ុណ្ណេះក៏ទុកថាគ្រាន់បើណាស់​ដែរ ទៅ​ងាយរកឯណាបានស្រីម្នាក់ទះកំផ្លៀងកណ្តាលចំណោមជនានុជនចាស់ក្មេងនាពេលនោះ។

ឳពុកខ្ញុំបានសម្រេចឱ្យខ្ញុំចូលរៀនបង់ថ្លៃនៅមហាវិទ្យាល័យពាណិជ្ជសាស្រ្តដែលក្រោយមកដូរជាវិទ្យាស្ថាន​ជាតិគ្រប់គ្រង និងចុងក្រោយនេះដូរមកជាសាកលវិទ្យាល័យជាតិគ្រប់គ្រងវិញ។ ថ្នាក់ខ្ញុំនាវេន​ព្រឹក បានចូលរៀនគ្រាន់ជាងគ្មានបានការដើរទាត់ខ្យល់ដែរ។

ជារៀងរាល់ព្រឹកខ្ញុំជិះកង់ចេញពីផ្ទះទៅសាលាដោយកាត់តាមដេអិន។ ថ្ងៃមួយរឿងចៃដន់ក៏កើតមានឡើង ខ្ញុំ​បាន​ឃើញនារីម្នាក់កំពុងបណ្តើរម៉ូតូនៅផ្លូវសហព័ន្ធរុស្ស៊ីមុខអគ្គបញ្ជាការកងទ័ព ខ្ញុំជិះកង់ហួសបន្តិចទៅ​ហើយ ពេលក្រឡេកមកមើលម្តងទៀតគឺជានារីដែលបានទះកំផ្លៀងខ្ញុំកាលពីមុន។ ចិត្តចំអកក៏កើតមាន​ឡើងភ្លាម៖

សមមុខ!

តែមួយវិញទៀតនោះគឺថាម៉ោងថ្មើរណេះជិតដល់ពេលចូលរៀនហើយ ខ្ញុំនឹកថាម៉ូតូនាងប្រហែលជាអស់​សាំង ខ្ញុំ​ក៏​បត់កង់ត្រឡប់មករកនាងវិញ​ ហើយសួរនាំព្រោះនឹកថាមនុស្សអស់ធំប៉ុណ្ណេះហើយ នៅចងនៅ​គុំគ្នា​ដូច​ក្មេង​ម៉េចនឹងកើត ណាមួយផ្លូវនេះនៅឆ្ងាយពីកន្លែងលក់សាំងដែរ។

ម៉ូតូកើតអី?

នាងមិនព្រមមើលមុខខ្ញុំឱ្យត្រឹមត្រូវទេ នៅតែបណ្តើរទៅមុខតិចៗទំនងហត់អស់​កម្លាំង ទាល់តែ​ខ្ញុំ​សម្លុត​ម្តង​​ទៀត​​បាននាងព្រមប្រាប់។

នែ! ខ្ញុំសួរហ្នឹងខ្ញុំចង់ជួយ មិនមែនចង់ញ៉ែទេ!

…មិនដឹងកើតអីទេ ជិះៗរលត់…

នាងក៏ឈប់ម៉ូតូ ខ្ញុំក៏ឈប់កង់អែបផ្លូវ រួចបើកគម្របសាំងមើលឃើញថានៅមានទេ តែធាក់បួនប្រាំដង​ហើយ​គ្មាន​សញ្ញាប្រទាក់គ្នានៃគ្រឿងម៉ាស៊ីនសោះ។ ខ្ញុំដោះប៊ូស៊ីមើលរួចសាកខ្សែទទេជាមួយម៉ាស៊ីនធាក់​តិចៗ​ឃើញ​ថាមានផ្កាភ្លើង តែពេលដាក់ប៊ូស៊ីសាកគឺមិនមានឱ្យសញ្ញាផ្កាភ្លើងទេ។ ជាតិជាអ្នករិះថាំ ខ្ញុំខំរក​ឈើចាក់​ធ្មេញ​ដែលនៅសម្ពៀតសៀវភៅមកឆ្កឹះមកឆ្កៀល ផ្លុំពីរបីដងនៅតែមិនឆេះ ជម្រើសចុងក្រោយ ខ្ញុំត្រូវ​ជិះកង់​ទៅ​ក្បែរ​សាលាបាក់ទូកទិញប៊ូស៊ីមួយមកដាក់ សម្រាប់ខ្ញុំនាពេលនោះ ប៊ូស៊ីមួយបីពាន់រៀលគឺ​ថ្លៃណាស់ ព្រោះ​ប្រាក់​របបរបស់ខ្ញុំក្នុងមួយថ្ងៃត្រូវចាយអស់តែប្រាំរយរៀលទេ។

ពេលម៉ូតូឆេះហើយខ្ញុំជាអ្នកអស់កម្លាំងម្តង ខ្ញុំដាក់ខ្លួនលើស្បែកជើងសម្រាប់ទ្រាប់គូទអង្គុយសម្រាកលើ​ស្មៅ​ក្រោមដើមចំប៉ីស បានម្លប់ដើមឈើនេះខ្ញុំហាក់មានកម្លាំងបន្តិចឡើងវិញ ពេលនោះខ្ញុំបាននិយាយសុំ​ទោស​នាង​ដែលខ្ញុំគ្មានសុជីវធម៌ថ្ងៃមើលឈ្មោះប្រឡង។ នាងក៏និយាយស្រួលនឹងខ្ញុំវិញដែរ។ តាំងពីពេល​នោះ​មក​ពួក​យើងងាកមករាប់អានគ្នា និងចេះជួយទុក្ខធុរៈគ្នាទៅវិញទៅមកតាមការគួរ។

ម្លប់ដើមចំប៉ីស ជាកន្លែងមួយដែលពួកយើងតែងតែបានជួបប្រាស្រ័យទាក់ទងគ្នា ស្តាប់រឿងរ៉ាវរបស់គ្នាទៅ​វិញ​ទៅ​មក និងជួយគិតគ្នារកដំណោះស្រាយនានាសម្រាប់បញ្ហានីមួយៗ។ នាងតែងរើសផ្កាចំប៉ីដែលជ្រុះ​លើស្មៅ​មកដោតនឹងធាងដូងជាត្រណោតៗលេងជាគ្រឿងកំសាន្ត រហូតទាល់តែមានអ៊ំស្រីម្នាក់មក​និយាយប្រាប់៖

ក្មួយឯងរើសផ្កាចំប៉ីហើយកុំចោលទុកឱ្យអ៊ំយកទៅហាលធ្វើថ្នាំ។

ផ្កាហ្នឹងគេយកធ្វើថ្នាំបានដែរ? ធ្វើថ្នាំអីគេទៅអ៊ំ?

គេហាលឱ្យស្ងួតយកទៅដាំទឹកសម្រាប់ថ្នាំកូនខ្ចី ឱ្យមានទឹកដោះច្រើន។

នាងអៀននឹងគាត់ហើយតាំងពីពេលនោះមកនាងក៏លែងរើសផ្កាលេងដោយទុកឱ្យអ៊ំនោះប្រមូលយកទៅហាល។ ស្តាប់ពួកគេនិយាយគ្នា ខ្ញុំកំពុងតែមន្ទិលថាហេតុអ្វីនាងរៀនខាងពេទ្យមិនដែលដឹងថាផ្កាហ្នឹងមាន​ប្រយោជន៍​ចំពោះ​មនុស្ស?

អនុស្សាវរីយ៍ក្រោមដើមចំប៉ីចំពោះខ្ញុំ គឺជាការចងចាំ និងបន្ថែមបទពិសោធន៍សម្រាប់ជីវិតយុវជនរបស់​យើង។ ពួកយើងបានមើល​ឃើញនូវចន្លោះប្រហោងនៃចំណេះដឹង ហើយដាក់កម្រិតថាត្រូវតែរៀនសូត្រ​ឱ្យបានច្រើន​ជាងមុនដើម្បីអាចរស់នៅក្នុងសង្គមនេះប្រកបដោយភាពថ្លៃថ្នូរបាន។ ពីពេលនោះមក ខ្ញុំ​លែងលេង​ហ្គេម​សង់​ផ្ទះ ហើយនាងក៏លែងចំណាយពេលឥតប្រយោជន៍ជាមួយតុក្កតារបស់នាង។

ពួកយើងបានស្វែងរកព័ត៌មានមួយចំនួនអំពីដើមចំប៉ីទាំងនោះដែលមានអាយុបងយើងដល់ទៅម្ភៃ​ឆ្នាំ និង​ជា​សញ្ញាសម្គាល់ទីក្រុងភ្នំពេញមួយដែរ។ ពេលទំនេរពួកយើងដើរកត់អាសយដ្ឋានក្រុមហ៊ុន អង្គការ ស្ថាប័នជាតិ អន្តរជាតិនានាទុកជាព័ត៌មាន មានពេលខ្លះលួចអួតដាក់គ្នា​ថាពេលខាងមុខនឹង​ចូលធ្វើការ​នៅ​កន្លែងនេះ កន្លែង​នោះដែលល្អៗ…

អនុស្សាវរីយ៍ទាំងនោះកន្លងផុតទៅជាងដប់ឆ្នាំហើយ កំឡុងពេលនោះអ្វីៗបានប្រែប្រួល…តែដើមចំប៉ីនៅ​តែ​បញ្ចេញ​ផ្កាស្ទើរគ្រប់រដូវកាល និងឈរញញឹមដាក់អ្នកដំណើរទាំងឡាយ ភ្ញៀវទេសចរអន្តរជាតិនានា​ដែល​បាន​ឆ្លងកាត់ និងមួយរយៈក្រោយនេះបានរួមចំណែក​រីករាយជាមួយអ្នកដែល​ទៅហាត់ប្រាណនៅ​ទីនោះ​ដែល​ពី​មុន​មកដើមទាំងនេះឈរកណ្តោចកណ្តែងគ្មាននរណាយកចិត្តទុកដាក់ឡើយ។

ខ្ញុំនៅតែជិះម៉ូតូកង់កាត់នោះរាល់ថ្ងៃស្ទើរមិនដែលលោះ ខ្ញុំនៅតែពេញចិត្ត រីករាយជាមួយដើមនិងផ្កាចំប៉ី​​ដែល​ផ្តល់​ភាពស្រស់ថ្លាដល់អារម្មណ៍ឯការបស់ខ្ញុំ។

ប៉ុន្មានខែចុងក្រោយនេះ ខ្ញុំមិនសូវបាននៅផ្ទះ។ ត្រឡប់មកវិញនាព្រឹកមួយដែលខ្ញុំជិះកាត់កន្លែងដែលជា​អនុស្សាវរីយ ខ្ញុំស្រាប់តែធុំក្លិនថ្នាំសម្លាប់សត្វល្អិត ខ្ញុំចាប់អារម្មណ៍ភ្លាមថាប្រហែលជាដើមផ្កាមួយចំនួនក្នុង​សួន​នេះ​ត្រូវបានបំផ្លាញទើបគេបាញ់ថ្នាំសម្លាប់សត្វចង្រៃ។ យូរថ្ងៃមកខ្ញុំក៏មានអារម្មណ៍ថាដើមផ្កា​ទាំង​នេះ​ហាក់​កំពុងជ្រុះស្លឹកអស់ ដើមខ្លះក៏នៅស្រស់ ដើមខ្លះត្រូវបានកាត់មែកចេញ និងមួយដើមនោះ​ទើប​តែ​គាស់​ពីណា​មក​ដាក់ដាំព្រោះមានបង់បាញ់ទប់ជុំវិញដើម។

ខ្ញុំពេលនេះកំពុងគិតថា តើដើមចំប៉ីទាំងនេះអាចនឹងត្រូវជំនួសដោយដើមឈើផ្សេងដែរទេនាអនាគត?

មានកូនសំណួរមួយទៀតដែលកើតមានក្នុងចិត្តខ្ញុំក្នុងពេលបញ្ចប់អត្ថបទនេះ៖ តើមាននរណាធ្លាប់គិតទេ​ថា​ដើម​ចំប៉ីទាំងនេះបានប្រែក្លាយពីដើមដែលមានព័ណ៌ប្រផេះមកជាដើមដែលមានព័ណ៌ខ្មៅដោយសារ​ផ្សែង​ឡាន​ម៉ូតូ និងភាពអាប់អួរនៃទីក្រុង?

អ្នកគ្រូពេទ្យតូច មានដែលដឹងទេថាដើមចំប៉ីរបស់អ្នកគ្រូនៅតែស្រស់ញញឹមនៅឡើយ?

Advertisements
  1. តា ម៉ាប់ / កុម្ភៈ 2 2012 7:28 ល្ងាច

    bookmark សិន ចាំអានតាម​ក្រោយ !

    • លី កល្យាណ / កុម្ភៈ 2 2012 8:24 ល្ងាច

      អរគុណតាម៉ាប់ តែទៅញ៉ាំបាយសិនទៅចាំតាមដានតាមក្រោយ។

    • តា ម៉ាប់ / កុម្ភៈ 5 2012 2:26 ល្ងាច

      ចុះទៅណាបាត់ហើយ ?

    • លី កល្យាណ / កុម្ភៈ 5 2012 8:12 ល្ងាច

      នៅតើតាម៉ាប់ ខ្ញុំមានទៅណា?

    • តា ម៉ាប់ / កុម្ភៈ 6 2012 4:11 ព្រឹក

      ខ្ញុំចង់​ដឹង​ថា​អ្នក​គ្រូ​ពេទ្យ​តូច​ទៅ​ណា​បាត់​ទៅហើយ?

  2. somada / កុម្ភៈ 3 2012 10:00 ព្រឹក

    សម្បូរអនុស្សាវរីយ៍ណាស់កូនគេហ្នែក !​​ នៅភ្នំពេញតាំងតែពីកើតរហូតដល់ចំណាស់នេះហើយ​ ខ្ញុំមិនដែលបាន​ទៅអង្គុយលេងនៅសួនច្បារនោះទេ ធ្លាប់តែជិះកាត់ប៉ុណ្ណោះ ។

    • លី កល្យាណ / កុម្ភៈ 3 2012 2:26 ល្ងាច

      បងហ្អា៎ នេះខ្ញុំអត់មានគ្នាដូចបងផង បើមានដូចបងទៀតនោះ ឡាហ៍។
      និយាយលេងទេណា៎បង រឿងខ្លីតើ សម្រាប់កំសាន្តជាការពិចារណាប៉ុណ្ណោះ។
      អរគុណបងសុធាដែលឧស្សាហ៍ចូលមកលេងខ្ញុំជាងគេបំផុត។

    • somada / កុម្ភៈ 4 2012 8:03 ល្ងាច

      រឿងកំសាន្តមែន តែបើតាមទាយរឿងនេះ មានរឿងម្ចាស់ផ្ទះ ​៥០ ភាគរយដែរមេនទេ ?
      ចូលមក ក្រែងលោបានទឹកកកឈូសមួយកែវនោះអី តែស៊យមែនមកមិនដែលជួបម្ចាស់​គេ​សោះ ។ ​

    • លី កល្យាណ / កុម្ភៈ 4 2012 8:21 ល្ងាច

      មុននឹងឆ្លើយ សូមជូនមេដៃបងខ្ញុំពីរសិន 😀
      ម្តងនេះជួបហើយបង តែដោយសារម្ចាស់ផ្ទះអត់មានអីឈូស​ទឹកកកជូនបងពិសា​និងក្មួយញ៉ាំ ចឹងសុំជំនួសដោយទឹកដូងវិញព្រោះផ្ទះខ្ញុំមានដើមដូងច្រើន។

    • somada / កុម្ភៈ 5 2012 7:38 ល្ងាច

      កាប់ឲ្យហើយទៅអញ្ចឹង ក្លាស្សេទឹកកឲ្យត្រជាក់ផង ! តែបើបានកល្យាណឡើងបេះពី ដើមមក​ខ្លួនឯងទៀត ពិតជាត្រជាក់ដល់បេះដូងមិនខានឡើយ ។

    • លី កល្យាណ / កុម្ភៈ 5 2012 8:16 ល្ងាច

      ចាសបង ព្រោះដឹងថាបងមកពីឆ្ងាយមុខជាត្រូវការអាត្រជាក់ស្រេបមិនខាន។
      សុំទោសទៅចុះបងអើយ មិនដែលឡើងដូងទេ បេះតែនឹងទំពក់ឬប្រើគេឱ្យបេះ
      ចាំខ្ញុំសម្រកទម្ងន់បានច្រើនបន្តិចសិនចាំទៅរៀនឡើងដូង!

  3. ភរិយានិងម្ដាយម្នាក់ / កុម្ភៈ 3 2012 1:36 ល្ងាច

    សសេរបានល្អណាស់បង

    • លី កល្យាណ / កុម្ភៈ 3 2012 2:19 ល្ងាច

      ជម្រាបសួរ! អរគុណដែលបានចូលមកលេង។ ដូចជាប្រហែលៗ តែនឹកមិនឃើញ។
      ខ្ញុំធ្លាប់ចូលប្លុកបង(ប្អូនក៏មិនដឹង)ដែរតែមិនដែលបានជម្រាបសួរម្ចាស់ផ្ទះទេ។
      ចាំមើលខ្ញុំទៅលេងវិញម្តង!

  4. ភរិយានិងម្ដាយម្នាក់ / កុម្ភៈ 4 2012 9:11 ល្ងាច

    ហៅថាខ្ញុំថាប្អូនចុះ ព្រោះខ្ញុំឃើញបងដាក់ឆ្នាំកំណើត១៩៨០ ខ្ញុំកើតឆ្នាំ១៩៨៣តើបង

    • លី កល្យាណ / កុម្ភៈ 4 2012 9:19 ល្ងាច

      ប្អូនមែន! ខ្ញុំកើត១៩៨០ ចាស់តែមុខទេ ចរិតខ្ញុំដូចមិនគ្រប់ទឹកចឹង។ សូមមើលតែរឿងដែលខ្ញុំប្រកាសទៅដឹងហើយ។

    • ភរិយានិងម្ដាយម្នាក់ / កុម្ភៈ 4 2012 9:22 ល្ងាច

      ចេះតែមានហ្មងហើយបង ខ្ញុំឃើញប្រកាសបងសុទ្ធតែគួរអោយចាប់អារម្មណ៍ណាស់

    • លី កល្យាណ / កុម្ភៈ 4 2012 9:28 ល្ងាច

      អ្ហើយ អ្នកហ្អើយអ្នកប្អូន គួរឱ្យចាប់អារម្មណ៍អី មាននរណាមានគំនិតចង់រៀបការដូចក្នុងប្រកាសខ្ញុំដែរទេ?
      ប្រកាសទាំងហ្នឹងសុទ្ធតែមិនគ្រប់ទឹក។

    • តា ម៉ាប់ / កុម្ភៈ 5 2012 2:27 ល្ងាច

      មិនមែន​មិនគ្រប់ទេ គឺ ខ្វះតែម្តង ហាហាហា

    • លី កល្យាណ / កុម្ភៈ 5 2012 8:14 ល្ងាច

      ហាសហាសហា តាម៉ាប់និយាយបែបនេះនាំខ្ញុំឱ្យនឹកដល់ប្រកាសលោក នី កែវប៉ុញ្ញា «ស្ទើរភ្លើង និង មិនគ្រប់ទឹក»។
      ខ្ញុំខ្វះទឹកមែនហ្នឹង!

  5. somada / កុម្ភៈ 5 2012 7:40 ល្ងាច

    តាម៉ាប់កុំយកការពិតមកនិយាយលេងអញ្ចឹង មើលហ្ន៎កល្យាណ​កំពុងតែអៀនហើយ អង្គុយនៅក្រលៀត​ជញ្ជាំងឯណោះ !

  6. ភរិយានិងម្ដាយម្នាក់ / កុម្ភៈ 5 2012 10:07 ល្ងាច
  7. លី កល្យាណ / កុម្ភៈ 6 2012 9:20 ព្រឹក

    បើតាម៉ាប់សួរហើយមិនឆ្លើយក៏ពិបាកនឹងមើលមុខគ្នា
    និយាយចុះនិយាយឡើងគឺចេញសាច់រឿងទាល់តែបាន!
    អ្នកគ្រូពេទ្យតូចរៀបការទៅនៅអាមេរិចយូរដែរហើយ ប្រហែលមានកូនពីរបីហើយដឹងព្រោះខានជួបគ្នា​យូរក្រែលដែរ។

    • តា ម៉ាប់ / កុម្ភៈ 7 2012 1:34 ព្រឹក

      បែកការហើយនោះ !!!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: