Skip to content
4 ខែ​កុម្ភៈ 2012 / ស្នាមញញឹម

កំប្លែង៖ ស្វាយគ្រហែម

ទាន់ ផ្កាយសួគ៌ សរសេរពីស្វាយចន្ទី និងសារប្រយោជន៍របស់វានៅក្នុងប្រកាសរបស់គាត់ ខ្ញុំឆ្លៀតសរសេរ​រឿង​មួយនេះដែលខ្ញុំបានធ្លាប់ស្តាប់មិត្តរបស់ខ្ញុំគាត់និយាយប្រាប់កាលនៅធ្វើការជាមួយគ្នាចែកបងចែកប្អូន​ក្នុងភូមិ​វើតប្រេសនេះសើចគ្រាន់ជាគ្រឿងកំសាន្តចិត្ត។

តាម្នាក់នៅស្រុកសន្ទុក (ស្រុកដែលសម្បូរចម្ការស្វាយចន្ទីច្រើនជាងគេនៅកំពង់ធំ) មានកូនស្រី​ក្រមុំសុទ្ធ​តែ​ស្អាតៗ ល្អៗបីនាក់ ដែលនាំឱ្យកម្លោះៗស្រុកជិតស្រុកឆ្ងាយប៉ងប្រាថ្នាជាគូគាប់។ មិនតែប៉ុណ្ណោះ តាយើងក៏​ជាអ្នកមានម្នាក់ដែលប្រកបដោយគំនិតវៃឆ្លាតខាងការជំនួញ តែលុះមកមានកូនស្រីពេញវ័យដែលមានបុរស​ជាច្រើនតាមសុំដណ្តឹងពេក គាត់ក៏មានគំនិតរារែកដោយមិនដឹងសម្រេចថាគួរនឹងលើកកូនស្រីបងឱ្យទៅ​នរណា(ស្រុកខ្ញុំកូនស្រីបងត្រូវរៀបការមុនកូនស្រីប្អូន កូនប្រុសបងក៏ត្រូវរៀបការមុនកូនប្រុសប្អូនដែរ)។

ដល់ទៅគេមកដណ្តឹងកូនច្រើនពេកទៅតាមិនដឹងជាដោះស្រាយយ៉ាងម៉េច ព្រោះបើលើកឱ្យម្នាក់នោះស្តាយ​ម្នាក់នេះ គាត់ក៏បែកគំនិតថា៖ គួរល្បងរកអ្នកណាដែលមានប្រាជ្ញាគ្រាន់បើជាងគេបន្ថែមលើគុណសម្បត្តិ​ទាំងឡាយដែលពួកគេមានស្រាប់។ គាត់បានហៅបុរសខ្លះៗដែលគាត់យល់ថាជាមនុស្សល្អដឹងខុសដឹងត្រូវ​មានចំណេះដឹងសមគួរជាទីពំនាក់នៃកូនស្រីគាត់បាន មកជួបជុំគ្នាហូបចុកនៅផ្ទះរបស់គាត់។

ក្រោយបាយទឹកជប់លៀងមានស្រាមានម្ហូបពោរពាស តាក៏ប្រើក្មេងក្មាង​ទៅបេះស្វាយចន្ទី​មកហូបជ្រលក់​ទឹក​ត្រីស្ករក្លែមស្រាសបន្តទៅទៀត។ ហូបបណ្តើរតាក៏និយាយលេងបណ្តើរ៖

នរណាហូបខ្យូវអស់ប្រាំបីផ្លែដោយមិនក្អកគ្រហែមមួយម៉ាត់នោះ អញលើកកូនឱ្យភ្លាម!

បុរសទីមួយ មិនបង្អង់យូរទាញផ្លែស្វាយចន្ទីមកខាំទំពារគ្រួបៗបានពីរផ្លែទ្រាំអត់មិនក្អកគ្រហែមមិនបាន​ក៏​ធ្លាក់​ដោយស្វ័យប្រវត្តិ។ តពីបុរសទីមួយ ទីពីរ​ ដល់ទីប្រាំមួយក៏នៅមិនទាន់មាននរណាអាចទទួលលាភ​ជា​អ្នក​ឈ្មះ​ដល់មកបុរសទីប្រាំពីរ​ដែលជាបុរសចុងក្រោយគេ៖

លោកអ៊ំជាទីគោរព! លោកអ៊ំនិយាយលេងឬមែនការដែលលោកអ៊ំថាបើខ្ញុំហូបខ្យូវអស់ប្រាំបីដោយ​មិន​ក្អក​​មិន​គ្រហែមនោះលោកអ៊ំលើកកូនស្រីដែលខ្ញុំសុំដណ្តឹងឱ្យខ្ញុំ?

អញព្រមលើកកូនឱ្យមែនឱ្យតែឯងហូបអស់ប្រាំបីផ្លែកុំក្អកកុំគ្រហែម ហើយមានអ្នកនៅទីនេះជាសាក្សី!

តានិយាយទាំងអំនួតព្រោះថាសុភាពបុរសប៉ុន្មាននាក់ហើយដែលចាញ់នោះសុទ្ធជាមនុស្សដែលចង់​បាន​កូន​​គាត់ណាស់នៅតែធ្វើមិនបានទម្រាំបុរសម្នាក់នេះតូចទ្រនាប់ សក់រួញក្រញាញ់ ខ្មៅព្រីងទុំបែបនេះនោះ…

បុរសដ៏សុភាពបត់ជើងរំកិលខ្លួនចូលទៅកណ្តាលជិតតា រួចចាប់ស្វាយចន្ទីមកហូប ហូបបណ្តើរនិយាយ​បណ្តើរ៖

លោកអ៊ំ! លោកអ៊ំចាំមើលខ្ញុំណា៎!

អស់មួយផ្លែពីរផ្លែបុរសនេះនៅមិនទាន់គ្រហែមទេព្រោះគេរើសហូបយកតែផ្លែព័ណ៌សនិងទុំជោរល្អ​មក​ហូប ចូលដល់ផ្លែទីបី៖

លោកអ៊ំ! ខ្ញុំហូបអស់ពីរផ្លែហើយខ្ញុំនៅមិនទាន់ធ្វើ ហ្អ៊ែមៗ មិនដូចពួកអស់នេះដែលគ្រាន់តែហូបបាន​ពីរ​ផ្លែ​​វា​ធ្វើ ហ្អ៊ែមៗ ទេ… លោកអ៊ំចាំមើលខ្ញុំទៀត…

មាត់ចេះតែថាដៃចេះតែលូកយកផ្លែស្វាយចន្ទីមកហូបផ្ញាច់ៗ៖

លោកអ៊ំមើល៍ ម្នាក់នេះគ្រាន់តែលោកអ៊ំថាឱ្យហូប ហូបបានមួយផ្លែចង់ ហ្អ៊ែមៗហើយ ខ្ញុំវិញបួនផ្លែ​ហើយ​មិន​ទាន់ចង់ ហ្អ៊ែមៗ មួយមាត់ទេ…

និយាយបណ្តើរបុរសនេះត្រាប់កាយវិការបុរសមុនៗបណ្តើរត្រាប់សម្លេងគ្រហែមរបស់ពួកគេបណ្តើរ។

តាដឹងខ្លួនថាចាញ់តម្រិះបុរសម្នាក់នេះក៏នៅស្ងៀម មិនមានស្រដី ត្រាតែបុរសនោះហូបស្វាយចន្ទី​អស់​ប្រាំបី​ដូចកំណត់ក៏ព្រមព្រាងតាមសម្តីដែលបាននិយាយពីខាងដើមមកមិនឱ្យចាញ់សម្តី។

បញ្ជាក់៖ ស្វាយចន្ទី អ្នកកំពង់ធំហៅផងដែរថា ស្វាយគ្រហែម ខ្យូវ ឬមានដែរខ្លះហៅក្រយូវ។ អ្នកស្រុក​ផ្សេង​ហៅយ៉ាងណាសូមជួយប្រាប់គ្នាយើងឱ្យដឹងផង!

មានគេនិយាយល្ហិចល្ហៀងថារឿងនេះជារឿងពិត តែខ្ញុំស្តាប់តាមតែ លោក ចិត្រ ដែរទេ។

តើមានអ្នកក្លាហានណាអាចហូបស្វាយចន្ទីបានប្រាំបីផ្លែដោយមិនគ្រហែមទេ? បើមានមែន សូមហៅ​ផ្លែ​នេះ​ថាស្វាយចន្ទីចុះ តែអ្នកស្រុកកំពង់ធំខ្ញុំហៅផ្លែនេះថាស្វាយគ្រហែមមិនមែនគ្មានមូលហេតុនោះទេ។ ចំណែក​ឈ្មោះមួយទៀតរបស់វា គឺ ខ្យូវ នេះខ្ញុំស្មានថាអាចជាភាសាហៅរបស់ជនជាតិកួយច្រើនជាង ព្រោះ​ស្រុក​ដែល​​ហៅស្វាយប្រភេទនេះថា​ ខ្យូវ ភាគច្រើនជាស្រុកដើមរបស់ជនជាតិកួយដូចជានៅ កំពង់ស្វាយ ឥន្ទកុមារ នីពេជ្រ។ល។ ឯការពិតយ៉ាងណាៗនោះ សូមទុកនាទីពិតប្រាកដជូនទៅក្រុមជំនុំវចនានុក្រម​ខ្មែរ​វិញ​ចុះ។

ខ្ញុំគោរពសិទ្ធិលោក កែវ ចិត្រ ដែលបានចែករម្លែករឿងកំសាន្តមួយនេះដល់ពួកខ្ញុំក្នុងពេលដែល​ស្រវឹង​ងើប​មុខ​មិនរួចនៅហាងបឹងកញ្ឆែតដែលពួកយើងចូលចិត្តទៅបំផុត។ អរគុណអ៊ំចិត្រ!

ប្រភព៖ លោក កែវ ចិត្រ

Advertisements
  1. តា ម៉ាប់ / កុម្ភៈ 5 2012 2:09 ល្ងាច

    តាមពិត​គ្រហែមឡើង ៤ ប្រាំដង​ហាហាហា

    • លី កល្យាណ / កុម្ភៈ 5 2012 2:15 ល្ងាច

      ច្រើនជាងហ្នឹងទៀត។
      ទុកមួយក្បាច់នេះទៅដណ្តឹងកូនគេទៅតាម៉ាប់!

    • តា ម៉ាប់ / កុម្ភៈ 6 2012 4:13 ព្រឹក

      ខ្ញុំនៅតែថ្ងៃការទេបង ! 😀 តែ​និយាយ​គ្នា​ឲ្យ​ហើយ នៅ​ដល់​ណា​ក៏​ត្រូវ​តែទៅ​ដែល​ណា !

    • លី កល្យាណ / កុម្ភៈ 6 2012 9:31 ព្រឹក

      តាម៉ាប់លឿនវ៉ាខ្ញុំដាច់តែម្តង! សូមចូលរួមអបអរសាទរផងណា៎ប្អូន។
      ខ្ញុំមិនហ៊ានថាយ៉ាងណាៗទេ សំខាន់កុំឱ្យតែជាន់កម្មវិធីការងារ។
      លោកប្អូន សូមត្រៀមរូបថត វីដេអូឱ្យបានច្រើនផង ចែកគ្នាមើលគ្រាន់ជាអនុស្សាវរីយ៍ បង្អួតអ្នកដែលមិនទាន់មានគូឱ្យរូតរះរកគ្នីគ្នានឹងគេនឹងឯង។
      😀

    • តា ម៉ាប់ / កុម្ភៈ 7 2012 1:34 ព្រឹក

      អរគុណហើយបង ប្រហែល​ជា ២ – ៣ ឆ្នាំទៀតទេ មិនយូរប៉ុន្មានដែរណឹង ហេហេហេ។ សង្ឈឹម​ទុកជាមុន​ថា​បង​បានទៅ ! ចុះ​បង​កាលណាវិញ ល្មមហើយ !

    • លី កល្យាណ / កុម្ភៈ 10 2012 4:59 ល្ងាច

      ខ្ញុំស្មានតែឆាប់ៗនេះ។
      គូព្រេងខ្ញុំមិនទាន់កើតទេ! ចាំពេលណាគេកើតមកខ្ញុំនឹងទៅដណ្តឹងគេទុក។

    • តា ម៉ាប់ / កុម្ភៈ 10 2012 10:25 ល្ងាច

      ឆាប់ៗស្អីទៅបង បើ​គ្មាន​ការងារ​ផង ! ឲ្យតែមានការងារ​គេ​យក​ភ្លាម 😀

  2. somada / កុម្ភៈ 5 2012 8:02 ល្ងាច

    ភាសាកួយគេហៅថា ខ្យូវ អ្នកស្រុកខ្ញុំហៅថា ស្វាយចន្ទី តែបើតាមដឹងខ្លះ ៗ គឺខ្មែរសុរន្ទហៅថា ផ្ឡែ ក្តក្រឡិត (មិនសូវជាច្បាស់ ចាំសួរអ្នកខ្មែរ​សុរិន្ទម្តងទៀត ក្រែងលោចាំខុស) សុំទោសផង ដែលប្រើពាក្យអសុរោះ​ក្នុង​ប្លក​របស់កល្យាណ ។ អីយ៉ាម្ចាស់ផ្ទះលួចសើចទៀតហ្ន៎ !

    • លី កល្យាណ / កុម្ភៈ 5 2012 8:23 ល្ងាច

      😀 😀 😀
      អូទេបង គ្មានពាក្យអសុរោះសោះឡើយ គឺពាក្យទាំងនេះជាចំណេះដឹងសម្រាប់ខ្ញុំទៅវិញ ព្រោះខ្ញុំឥតដែលដឹងថាអ្នកស្រុកផ្សេងគេ​ហៅវត្ថុនីមួយៗខុសគ្នាយ៉ាងម៉េចទេ
      ទំនេរបន្តិចខ្ញុំនឹងនិទានរឿងរបស់ឳពុកខ្ញុំ​អំពីស្វាយចន្ទីនេះដាក់ជូនញាតិញោមដែល​ជាវើតប្រេសបរិស័ទគ្រាន់អានកំសាន្តចិត្ត។

  3. លី កល្យាណ / កុម្ភៈ 5 2012 8:35 ល្ងាច

    ព្រះជាម្ចាស់ហ្អើយ ទើបមើលឃើញកែទាន់ពេល ខ្ញុំចេះសរសេរទៅកើត៖
    «ស្វាយប្រវត្តិ»

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: