Skip to content
14 ខែ​កុម្ភៈ 2012 / ស្នាមញញឹម

អនុស្សាវរីយ៍មួយដែលគ្មានថ្ងៃត្រឡប់វិញ

ជារៀងរាល់បួនខែម្តងខ្ញុំតែងទៅមន្ទីរពេទ្យគន្ធបុប្ផានៅក្រោយវាំងដើម្បីផ្តល់ឈាមសម្រាប់ការងាររបស់ពេទ្យ។

ទោះជាខ្ញុំនៅធ្វើការតាមខេត្តឆ្ងាយយ៉ាងណាក៏ដោយតែដល់កំណត់ថ្ងៃត្រូវផ្តល់ឈាមមកដល់គឺខ្ញុំសប្បាយចិត្ត

នឹងចំណាយប្រាក់ជិះឡានជិះម៉ូតូដើម្បីទៅផ្តល់ឈាម។

តាមពិតទៅ កាលរៀននៅវិទ្យាល័យមានក្រុមការងាររបស់មជ្ឈមណ្ឌលជាតិផ្តល់ឈាមធ្លាប់បានទៅ

ផ្សព្វផ្សាយអំពីគុណសម្បត្តិ និងគុណវិបត្តិនៃការផ្តល់ឈាមដល់សាលារៀនរបស់ខ្ញុំដែរខ្ញុំក៏បានស្ម័គ្រចិត្តប្រុង

ផ្តល់ឈាមទៅហើយតែពេលដែលគ្រូពេទ្យបច្ចេកទេសទាំងនោះហៅខ្ញុំឡើងជញ្ជីងខ្ញុំមានទម្ងន់ត្រឹម៣៨គីឡូ

ក្រាមពោលគឺមិនទាន់គ្រប់លក្ខខណ្ឌ របស់គេដែលមិនអាចអនុញ្ញាតឱ្យផ្តល់ឈាមបាន (អាយុ១៧ឆ្នាំ, ៤២

គីឡូក្រាមជាតម្រូវការ)។

ពេលមករស់ផ្ញើខ្លួននៅភ្នំពេញបានបីឆ្នាំទើបខ្ញុំចាប់ផ្តើមផ្តល់ឈាម។ មុនពេលសម្រេចចិត្តជ្រើសរើសកន្លែង

ដែលត្រូវផ្តល់ឈាមជូន ខ្ញុំបានចូលទៅសង្កេតតាមមន្ទីរពេទ្យ មជ្ឈមណ្ឌលនានាអស់រយៈជាងមួយខែដែល

ជារឿងប្រទាំងប្រទើសជាមួយគ្រួសារខ្ញុំមិនល្មមដែរទេ (ម្តាយខ្ញុំ៖ តាំងពីតូចមកម៉ាក់មិនដែលនាំកូនទៅសួរ

សុខទុក្ខញាតិមិត្តណានៅមន្ទីរពេទ្យទេ ព្រោះម៉ាក់ខ្លាចកូនឆ្លងមេរោគពីកន្លែងគគ្រិចហ្នឹង! ឪពុកខ្ញុំ៖ អាណា

ឈឺនៅហ្នឹងក៏អីបានត្រូវទៅរាល់ថ្ងៃ? ទៅហើយមកវិញហូបបាយក្រោយគេមិនឱ្យចូលហូបជាមួយគាត់

ឡើយ!) លុះចុងក្រោយបំផុតការសម្រេចចិត្តរបស់ខ្ញុំគឺមន្ទីរពេទ្យគន្ធបុប្ផានៅភ្នំពេញ/សៀមរាប។ ជម្រើស

នេះជាការសម្រេចចិត្តប្រកបដោយសុភវិនិច្ឆ័យបំផុតតាមលទ្ធភាពខួរស្វារបស់ខ្ញុំ។

ដំបូងឡើយខ្ញុំបានជួបជាមួយអ្នកបូមឈាមនៅមន្ទីរពេទ្យនេះដើម្បីពិភាក្សាមុនពេលសម្រេចចិត្ត។ គាត់ជា

អ្នកគ្រូពេទ្យចំណាស់ម្នាក់ មិនជាចាស់ណាស់ណាទេជាអ្នកប្រឹក្សាជាមួយខ្ញុំមុនមួយសប្តាហ៍នៃការបរិច្ចាគ

ឈាម។ អ្វីដែលខ្ញុំចងចាំបានគឺគាត់ប្រាប់ថា យើងមិនគួរញ៉ាំកាហ្វេ ស្រា មុន២៤ម៉ោងនៃការផ្តល់ឈាមរបស់

យើង ដើម្បីឱ្យឈាមនោះស្អាតនិងងាយស្រួលពិនិត្យ ចំណែកនារីវិញ មិនអនុញ្ញាតឱ្យផ្តល់ឈាមក្នុងកំឡុង

ពេលមានរដូវ ឬក្រោយមានរដូវបីបួនថ្ងៃ។ ការផ្តល់ឈាមត្រូវធ្វើឡើងក្នុងពេលដែលកម្លាំងពលំ រាងកាយ

សុខភាពរបស់យើងល្អប្រសើរ។ ការហាត់ប្រាណទៀងទាត់ ការរួមភេទដែលមានសុវត្ថិភាព ការការពារការ

ឆ្លងរាលដាលនៃមេរោគគ្រប់ប្រភេទមកលើខ្លួនយើង ការត្រួតពិនិត្យសុខភាពទៀងទាត់គឺជាចំណែកដ៏

សំខាន់មួយក្នុងការបរិច្ចាគឈាម។

តាំងពីផ្ដល់ឈាមនៅទីនោះមក គ្រូពេទ្យដែលបូមឈាមខ្ញុំគឺលោកគ្រូពេទ្យប្រុសម្នាក់រាងស្គមដូចឈើចាក់

ធ្មេញ សម្បុរសជ្រះ គាត់ប្រាប់ថាស្រុកកំណើតរបស់គាត់នៅជិតគ្នានឹងផ្ទះរបស់ខ្ញុំ។ បានជាដឹងរឿងនេះ

ព្រោះឱ្យតែពេលបូមឈាមគ្រូពេទ្យទាំងនោះតែងតែនិយាយលេងនិយាយសើច សួរនេះសួរនោះមិនសូវ

ដែលខានតាមស្មានប្រហែលជាគេចង់ឱ្យខ្ញុំបំភ្លេចការដែលគិតថាគេកំពុងបូមឈាមឬយ៉ាងណាមិនដឹង។

គ្រូពេទ្យប្រហែលមិនដែលគិតទេថាខ្ញុំនេះជាជើងកាប់ចាក់ប្រចាំភូមិម្នាក់ដែរ ខ្ញុំមិនដែលខ្លាចឈាមដែល

ហូរសោះឡើយ មិនដឹងជាមកនាំនិយាយអីច្រើនទេ ខ្ញុំមិនសូវចូលចិត្តនិយាយជាមួយមនុស្សមិនស្គាល់គ្នា

ផង។ មនុស្សកំណាញ់សម្តីដូចខ្ញុំនេះប្រហែលជាអាចធ្វើឱ្យគ្រូពេទ្យទាំងនោះធុញក៏មិនដឹង តែខ្ញុំមិនខ្វល់!

ប្រហែលក្នុងកំឡុងឆ្នាំ ២០០៣ ខ្ញុំមានបញ្ហាសុខភាព គឺកើតគ្រុនពោះវៀន ពេលនោះខ្ញុំផ្អាកផ្តល់ឈាម

មួយឆ្នាំពេញ ទម្រាំប្រាកដចិត្តថាខ្ញុំលែងមានមេរោគគ្រុនពោះវៀនហ្នឹងទៀត។ គ្រាហ្នឹងមនុស្សម្នានៅជុំ

វិញខ្លួនខ្ញុំមិនដែលលើកទឹកចិត្តខ្ញុំទេ មានតែថាឱ្យថែមទៀត៖ អើ! ឃើញហ្អេទៅផ្តល់ឈាមបានអីមក

វិញ មានតែនាំជម្ងឺមកដាក់ខ្លួន! មិនឃើញពេទ្យគេព្យាបាលឯងមិនយកលុយដោយសារតែអាចិត្តល្អទៅ

ផ្តល់ឈាមហ្នឹងទៅ! ។ល។ ទោះជាខ្ញុំប្រឹងពន្យល់ហេតុផលរបស់ខ្ញុំចំពោះការផ្តល់ឈាម និងជម្ងឺនេះ

យ៉ាងណាក៏គេមិនព្រមយកត្រចៀកស្តាប់សោះ។

ក្រោយបែកពីមន្ទីរពេទ្យគន្ធបុប្ផាពេញមួយឆ្នាំមក ខ្ញុំបានត្រឡប់ទៅផ្តល់ឈាមដូចរាល់ដងទៀត។ ខ្ញុំ

ឃើញអ្នកគ្រូពេទ្យដែលបូមឈាមខ្ញុំជាស្រ្តីម្នាក់ស្អាតស្រស់ ញញឹមមានខួចនៅថ្ពាល់ សម្បុរស រាង

ទាបទ្រនាប់ គួរឱ្យស្រឡាញ់ណាស់។ ខ្ញុំលួចនឹកតែក្នុងចិត្ត ឱ្យអ្នកគ្រូពេទ្យអើយ ពេលនោះលោក ស៊ិន

ស៊ីសាមុត ពិតជាអ្នកចម្រៀងដែលខ្ញុំកោតសរសើរបំផុតព្រោះគាត់ច្រៀងបទ អ្នកគ្រូពេទ្យក្រមុំ អីក៏ពីរោះ

ម្ល៉េះ? បទនេះខ្ញុំមិនសូវច្បាស់ថានិពន្ធដោយនរណាទេ តែបើតាមស្តាប់អត្ថន័យប្រហែលជាលោក គង្គ

ប៊ុនឈឿន។ កាលហ្នឹងខ្ញុំលួចស្រឡាញ់អ្នកគ្រូពេទ្យម្នាក់នោះតែម្នាក់ឯង ស្រឡាញ់ដោយមិនបាននិយាយ

អ្វីទាំងអស់ប្រាប់គាត់។ ខ្ញុំគិតថាខ្ញុំក្រនៅឡើយ មិនទាន់មានលទ្ធភាពទទួលខុសត្រូវលើគេបានទេ ចាំពេល

ណាមានអ្វីៗគ្រប់យ៉ាងសមល្មមហើយខ្ញុំមានសិទ្ធិនឹងនិយាយសុំស្រឡាញ់គេបានដោយគ្មានការបារម្ភ។

ពេលនោះសុំត្រឹមតែបានជួបមុខ បាននិយាយគ្នាតិចតួចបានឮសម្លេងស្រួយស្រេសរបស់គាត់គឺអាចថា

សមរម្យហើយខ្ញុំមិនចង់សាងស្នេហ៍ដែលគ្មានអនាគតដោយចំណាយពេលវេលាឥតប្រយោជន៍នោះទេ។

អនុស្សាវរីយ៍របស់ខ្ញុំជាមួយអ្នកគ្រូពេទ្យនេះ គឺពេលដំបូងនោះគាត់ចាក់ម្ជុលរកសរសៃរបស់ខ្ញុំមិនឃើញ

អស់បីកន្លែងទៅហើយ ដៃខ្ញុំសឹងតែសុសដោយសារចាក់ហើយឈាមមិនព្រមរត់ចូលក្នុងសឺរ៉ាំងរបស់គាត់។

រយៈពេលជាងប្រាំមួយឆ្នាំដែលខ្ញុំតែងបានជួបគាត់ជាញឹកញយនៅកន្លែងផ្តល់ឈាម គាត់ចេះតែនិយាយ

លេងសួរនាំ នេះ នុះ ជាមួយខ្ញុំមិនសូវលោះពេលដែលនោះជាទម្លាប់ធម្មតារបស់ពេទ្យនៅកន្លែងបូម

ឈាម។ សម្រាប់មួយរយៈចុងក្រោយនេះ ខ្ញុំមិនសូវបានទៅផ្តល់ឈាមទេ ព្រោះជាប់រវល់ការងារច្រើន

ជ្រុលពេក ទើបតែព្រឹកមិញខ្ញុំបានទៅផ្តល់ឈាមម្តងទៀត។

អ្នកគ្រូពេទ្យម្នាក់ដែលបូមឈាមរបស់ខ្ញុំជាមនុស្សផ្សេងដែលខ្ញុំធ្លាប់បានឃើញពីមុនមកដែរ។ ខ្ញុំដាច់ចិត្តសួរ

គាត់ពីអ្នកគ្រូពេទ្យរបស់ខ្ញុំក្នុងពេលគាត់ជួសឈាមរបស់ខ្ញុំទៅពិនិត្យ។

ខ្ញុំសុំសួរមួយបានទេ?

ចាស៎?

អ្នកគ្រូពេទ្យម្នាក់ រាងទាប សម្បុរស ធ្លាប់បូមឈាមឱ្យខ្ញុំរាល់ដងហ្នឹងទៅណាបាត់ហើយអ្នកគ្រូ?

អាសាវីហ្នឹងហ្អ៎?

ខ្ញុំងក់ក្បាលបន្តិច ព្រោះប្រហែលជាគាត់ឈ្មោះហ្នឹងដែលខ្ញុំឃើញហត្ថលេខានៅលើប័ណ្ណសម្គាល់អ្នកផ្តល់

ឈាម គឺ «វី»។

ម្នាក់ហ្នឹងស្លាប់មួយឆ្នាំហើយ។ គាត់បង្អង់បន្តិចដកដង្ហើមធំ មុនបន្តនិយាយទៀត។

ស្រណោះគ្នាណាស់ស្លាប់ទាំងខ្លួននៅក្មេង ទើបតែរៀបការបានមួយឆ្នាំក៏ទៅចោលប្តីបាត់ទៅ។

ស្លាប់ដោយសារអីទៅអ្នកគ្រូ? (ខ្ញុំស្រឡាំងកាំង ព្រោះដូចជានឹកមិនឃើញថាគ្រូពេទ្យអាចស្លាប់បានដោយ

ខ្លួននៅក្មេងល្ហក់នៅឡើយ ឬមួយអារម្មណ៍ខ្ញុំវាមិនទាន់អាចទទួលយកព័ត៌មានហ្នឹងបាន)

មហារីក។ មហារីកដោះ មើលយ៉ាងណាក៏មិនជាដែរ…គ្រូពេទ្យក៏ដោយ មនុស្សធម្មតាក៏ដោយតែកើត

មហារីកហើយលំបាកនឹងព្យាបាលណាស់។ ណាមួយគ្នាក៏មិនសូវមានធនធានច្រើនផង គ្រួសារគ្នាក៏យ៉ាប់…

អ្នកគ្រូពេទ្យម្នាក់នោះ និយាយច្រើនទៀតណាស់ពីរឿងនេះក្នុងពេលដែលគាត់កំពុងរៀបចំប្រដាប់ប្រដាធ្វើ

ការងាររបស់គាត់។

ខ្ញុំ ស្រាប់តែរលីងរលោងទឹកភ្នែកនៅលើគ្រែពេទ្យ ខ្ញុំមិនដែលនឹកចង់យំបែបនេះទេ តែខ្ញុំទប់អារម្មណ៍របស់

ខ្លួនឯងលែងបាន គឺខ្ញុំនឹកស្រណោះអ្នកគ្រូពេទ្យជាទីស្នេហារបស់ខ្ញុំតាមសម្តីរៀបរាប់របស់អ្នកគ្រូពេទ្យ

ម្នាក់នេះ។

ឈឺហ្អ៎?

បាទ…អត់អី…ទេ។

ខ្ញុំងាកមុខទៅជញ្ជាំងបន្លប់ខ្លួនឯងដែលខ្មាសគាត់ព្រោះតែឃើញខ្ញុំរលីងរលោងទឹកភ្នែក។

ឱ! នេះឬជីវិត? ជីវិតរបស់មនុស្សដែលគ្មានអ្វីធានាថានឹងទៀងទាត់ នឹងស្ថិតស្ថេរ នឹងអាចធ្វើអ្វីៗបានតាម

ផែនការរបស់ខ្លួន។ គួរមានអ្វីឱ្យអនិច្ចាជាងពេលដែលមនុស្សម្នាក់ចាកចោលទៅទាំងដែលខ្ញុំមិនទាន់បាន

ប្រាប់ថាខ្ញុំស្រឡាញ់គាត់ខ្លាំងណាស់ ស្រឡាញ់ពីបេះដូង ស្រឡាញ់ព្រោះតែចិត្តប្រាប់ថាគួរតែស្រឡាញ់

បែបនេះ…ទោះពេលនេះខ្ញុំរាងក្លាហានជាងមុន នឹងតាំងចិត្តថាអ្វីៗរៀបរយសមល្មមនឹងសួរ អ្នកនាងថាអាច

ទទួលសំណើរជាមិត្តរួមលោកជាមួយខ្ញុំតទៅ ក៏ខ្ញុំគ្មានពេលនឹងអាចសួរឱ្យអ្នកនាងឆ្លើយបានឡើយ ទោះជា

ចម្លើយនោះអាចផ្ទុយនឹងអ្វីដែលខ្ញុំសង្ឃឹមក៏ដោយក៏ខ្ញុំគ្មានវាសនានឹងបានស្តាប់ឡើយ!

ខ្ញុំស្តាយពេលវេលាអត់ត្រឡប់វិញទេ បើសិនជាអាចខ្ញុំចង់ប្រាប់អ្នកនាងថា៖ មានមនុស្សម្នាក់ដែលកំពុងលង់

ស្រឡាញ់អ្នកនាង ស្រឡាញ់ដោយមិនគិតប្រាថ្នាចង់ឱ្យអ្នកនាងតបក្តីស្រឡាញ់មកវិញទេបើសិនមិនអាច…

ឯវំ។

ដំបូងខ្ញុំត្រូវរកពាក្យគន្លឹះរបស់អត្ថបទនេះ គឺផ្ដល់ និង បរិច្ចាគ ស្រាប់តែវាយច្រឡំពាក្យ ផ ជើង ត និង ល

បន្តក់ ស្រាប់តែត្រូវ រីស្តាតម៉ាស៊ីនកុំព្យូទ័រពីរដង។ យី! ម៉េចអីចេះ? ពាក្យនេះគ្មានក្នុងវចនានុក្រមទេឬ?

លុះតែនឹកថា ផ ជើង ដ និង ល បន្តក់ទើបវាយចេញ។ កុំច្រឡំ ពាក្យខ្មែរស្រួលសរសេរទេ តែបែបមិនស្រួល

ពេកដូចដំឡូងមូលឡើយ បើយល់មិនច្បាស់ក៏ចេះតែសរសេរបានហើយ តែ…គ្មានគុណភាព។

ផ្ដល់ (កិ.)(ជើង ដ) ធ្វើឱ្យដល់, ឱ្យធួន គឺជួយបង្គ្រប់, ជួយបំពេញ ឱ្យគ្រប់គ្រាន់, ឱ្យដល់ទីបំផុតនៃកិច្ចការ។

បរិច្ចាគ (ន.)(បា.),(សំ.) (ប-រ៉ិច-ចាក) (បរិត្យាគ) ការលះ, ការលះទ្រព្យ, ការចំណាយទ្រព្យធ្វើទានឬធ្វើអ្វីមួយ

ឱ្យជាប្រយោជន៍ក្នុងស្រុក ក្នុងនគរ។ ច្រើនប្រើជា កិ.។

Advertisements
  1. តា ម៉ាប់ / កុម្ភៈ 14 2012 10:54 ល្ងាច

    ខ្ញុំសុំឆ្ងល់​មួយ​បង​កល្យាណ​សំណព្វ​ចិត្ត បង​កល្យាណជា​ស្រ្តីទេ​ ម៉េច​ចូលចិត្ត​សរសេរ​រឿង​ដែល​មាន​តួ​ឯកជា​បុរស​ម៉េស? 😀 សុំឆ្លើយណា !

  2. somada / កុម្ភៈ 15 2012 11:54 ព្រឹក

    ជម្ងឺមហារីកស្តាប់ទៅពិតជាគួរឲ្យតក់ស្លុត​ខ្លាំងណាស់​សម្រាប់រូបខ្ញុំ ។ បញ្ហាដែលស្រ្តី​យើង​កំពុង​ប្រឈម​មុខ​ពេលនេះ​គឺ មហារីក​ស្បូន និង មហារីក​ដោះ​​វាគឺជាជម្ងឺ​មួយ​ដែលកំពុងរីករាលដាល​ក្នុង​សង្គមយើង​ទាំងពេញទំហឹង ។ តែអ្វីដែល​ប្លែក​នោះស្រុកយើងមិនសូវចាប់ាងរម្មណ៍​ចំពោះ​បញ្ហាទាំងនេះ​ទេ​ ។ ខ្ញុំក៏មិនហ៊ានបន្ទោសគាត់​ដែរ​ចំពោះ​ការ​មើល​រំលងលើបញ្ហានេះដែរ ។ ជម្ងឺនេះអាច​កើតឡើង​ចំពោះ​មនុស្សស្រី​គ្រប់វ័យ ។ ដូច្នេះដើម្បី​ជៀសវាង​ និង ការពារបញ្ហាទាំងនេះ ស្រ្តី​គ្រប់វ័យតាំង ពីពេលចាប់​ផ្តើម​ពេញ​វ័យ ចាំបាច់ត្រូវតែ​ទៅរក​ពេទ្យ​ដើម្បី​ពិនិត្យ​តាមដាន​រោគសញ្ញាផ្សេង យ៉ាងតិចបំផុត ក្នុង​មួយឆ្នាំមួយ​ដង​ ។
    ​និយាយអញ្ចឹង​កល្យាណ​ធ្លាប់ទៅពេទ្យដើម្បីពិនិត្យសុខភាពដែរឬទេ ? ​

    • លី កល្យាណ / កុម្ភៈ 15 2012 2:15 ល្ងាច

      ចាសបង នេះជាជម្ងឺដ៏សាហាវៗដែលបានសម្លាប់ជីវិតមនុស្សឱ្យខើចខ្លីជាងអ្នកដែលគ្មានវា។
      ក្នុងទីនេះ ខ្ញុំចង់ជម្រាបថា សូម្បីគ្រូពេទ្យក៏អាចស្លាប់បានដែរទោះបីជាគាត់ជាអ្នកជំនាញ​ហើយក៏ដោយ។
      ខ្ញុំបានទៅពិនិត្យសុខភាពប្រចាំឆ្នាំដែរ តែមិនដឹងថាមានប្រសិទ្ធភាពយ៉ាងណាទេ។
      កាហ្វេផឹកសឹងដូចទឹកទៅហើយ និយាយទៅផឹកសុទ្ធតែគ្រឿងបំផ្លាញសុខភាពតែពេទ្យថាអត់អីៗ
      ខ្ញុំក៏លែងទុកចិត្តទៅ។ ប្រុងទៅចាក់វ៉ាក់សាំងថ្លើមស្រាប់តែ ពិនិត្យទៅឃើញថាមានអង់ទីគ័រ អូ! លែងជឿហើយ។ បើមនុស្សអត់មានជម្ងឺអី ម៉េចក៏មុខខ្ញុំមុនច្រើនជាងសសៃសក់បែបនេះ?

      ថ្ងៃណាថ្ងៃហ្នឹងទៅចុះ!

    • លី កល្យាណ / កុម្ភៈ 15 2012 2:31 ល្ងាច

      ឆ្លើយខុសសាច់រឿង!
      ខ្ញុំទៅពិនិត្យហើយបង តែដូចជម្រាបចឹងខ្ញុំមិនសូវទុកចិត្តទាំងស្រុងទេបង។
      ស្អីក៏អត់មានៗ ស្រាប់តែមានថ្ងៃមួយ អត់មានស្អីទាំងអស់!
      ទៅផ្តល់ឈាមក៏ចឹងដែរ គ្រូពេទ្យប្រាប់ថាឈាមល្អណាស់ ខ្ញុំនឹកតែសើចទេ!

    • somada / កុម្ភៈ 15 2012 5:10 ល្ងាច

      ទោះជាយ៉ាងណាបងក៏សូមគាំទ្រដែរ ដែលបានយកចិត្តទុកដាក់ចំពោះសុខភាពខ្លួនឯងបែបនេះ ។ ជឿពេទ្យ​ខ្លះទៅកល្យាណ យ៉ាងហោចណាស់ក៏ត្រូវបាន​៦០% ដែរណា ។

    • លី កល្យាណ / កុម្ភៈ 15 2012 9:31 ល្ងាច

      សុំដាក់ប្រកាសមួយទៀតសិនណា៎បង។
      បន្ទាប់ទៅនេះជាប្រកាសតបបងស្រី somada

  3. លី កល្យាណ / កុម្ភៈ 15 2012 1:59 ល្ងាច

    ចាស លោកតាម៉ាប់សំណព្វចិត្ត។
    ខ្ញុំរៀនសរសេររឿងដែលភាគច្រើនជារឿងរបស់បុរស​ព្រោះខ្ញុំលំបាកនឹងនិយាយពាក្យលេងសើច​មួយចំនួនដែលមិនគួរគប្បីនឹងនិយាយដោយតួអង្គជាស្រីខ្មែរទេ ដូចជា «ចុម!» តែខ្ញុំសូមធានា​ថា​លើកក្រោយខ្ញុំនឹងសាកសរសេរពីរឿងដែល​មានតួអង្គស្រីជាអ្នករៀបរាប់វិញម្តង។
    លោកប្អូន! ខ្ញុំគ្រាន់តែចង់ឱ្យអ្នកដែលចូលមកអានរឿងនៅទីនេះ បានសើច បានញញឹម បានសប្បាយចិត្ត​ហើយអាចរៀនកែទម្លាប់សរសេរអក្សរខ្មែរ ឱ្យស្របតាមវចនានុក្រមផ្លូវការរបស់ខ្មែរប៉ុណ្ណោះ។
    បើសិនជាអ្នកអានអាចពិចារណាអំពីសកម្មភាពទាំងនោះក្នុងរឿង យកជាពិសោធន៍ ហើយកែលម្អផ្លូវជីវិតរបស់ខ្លួនឱ្យរឹតតែប្រសើរថែមទៀតនោះ ខ្ញុំឯណេះក៏អរតាមហ្នឹងដែរទៅ!
    មានហេតុផលតែប៉ុណ្ណឹងទេលោកប្អូន។

    • តា ម៉ាប់ / កុម្ភៈ 16 2012 1:50 ព្រឹក

      ខ្ញុំខ្លាច​តែបងស៊ីម ២ ណឹងណា 😀

    • លី កល្យាណ / កុម្ភៈ 16 2012 7:26 ព្រឹក

      ទេ ប្រាប់ហើយថាខ្ញុំស៊ីមប្រាំបីណា៎

    • តា ម៉ាប់ / កុម្ភៈ 16 2012 11:55 ព្រឹក

      អីខ្លះទៅ?

  4. លី កល្យាណ / កុម្ភៈ 16 2012 1:40 ល្ងាច

    យ៉ា លោកប្អូន បែបចង់ដឹងណាស់ហើយមើលទៅបានជាជីកទាល់តែដល់ឬសបែបនេះ?
    ខ្ញុំមានស៊ីមប្រាំបីមែន ០១២​ ០៧៧ ០១១ ០៩៧ ០៩០ ០១០ ០៩៨ ០១៥
    សព្វថ្ងៃដាក់ប្រើតែស៊ីមបួនទេព្រោះគ្មានទូរស័ព្ទ តែស៊ីមទាំងប្រាំបីនៅតែវ៉ាលីដរហូតហ្នឹង។

  5. chomreun men111 / កុម្ភៈ 19 2012 6:16 ព្រឹក

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: