រំលង ទៅខ្លឹមសារ
15 ខែ​កុម្ភៈ 2012 / ស្នាមញញឹម

រឿងខ្ញុំនៅស្រុកព្រៃភ្នំ

ជាការដែលគួរតែចែករម្លែកគ្នាឱ្យបានជ្រាបពីជីវិតរបស់ខ្ញុំនៅក្នុងពេលធ្វើការងារតាមជនបទ។

ខ្ញុំធ្លាប់ធ្វើការនៅក្នុងព្រៃនៃខេត្តកំពង់ធំ។ រឿងមួយនេះជឿជាក់ថាបងប្អូនញាតិមិត្តពិតជាសើចមិនខាន។

ខ្ញុំទៅស្រង់ព័ត៌មានស្តីពីស្ថានភាពនៅក្នុងព្រៃជ្រៅ ដោយចេញដំណើរតាំងពីម៉ោងប្រាំមួយព្រឹកពីទីរួមខេត្ត កំពង់ធំជាមួយលោកម្នាក់ដែលសហការជាមួយគ្នា។ ម៉ោងបួនល្ងាចទើបយើងបានដល់ភូមិកណ្តាលព្រៃ ដែលមិនទាន់មានការចុះបញ្ជីទទួលស្គាល់ពីក្រសួងមហាផ្ទៃថាជាភូមិកត្រឹមត្រូវនៅឡើយទេ។ ខ្ញុំត្រូវបាន ស្នាក់នៅផ្ទះលោកគ្រូបង្រៀនវ័យចំណាស់ម្នាក់ដែលខ្ញុំនឹងរៀបរាប់ជាខាងក្រោយពេលណាទំនេរអំពី គ្រួសាររបស់គាត់។ ឥឡូវបន្តមករឿងរបស់ខ្ញុំសិន។

ខ្ញុំបានមុជទឹក ក្រោយរលាក់បាយម្ហូបដែលម្តាយខ្ញុំបានខ្ចប់ដាក់មកឱ្យជាសន្ធឹកព្រោះគាត់ខ្លាចតែម្យ៉ាងគត់ គឺខ្លាចខ្ញុំឃ្លានព្រោះខ្ញុំតែឃ្លានខ្លាំងមែនទែនចត់បាយគឺខ្ញុំលែងញ៉ាំបាយពីរទៅបីពេលឯណោះ។ អ្នកផ្ទះ នោះក៏គ្មានម្ហូបអីហូបដែរក្រៅពីត្រីឆ្អើរល្អិតៗពីរចង្កាក់សម្រាប់មនុស្សប្រាំមួយនាក់ ជាមួយទឹកត្រីមួយចាន ធំលាយម្ទេសនិងអំពិលទុំ។ ពួកគេហូបបាយនៅម៉ោងប្រាំល្ងាចពោលគឺពេលដែលខ្ញុំមុជទឹករួច គ្រាដែលខ្ញុំ ក្រឡេកឃើញបាយម្ហូបនោះខ្ញុំសឹងស្រក់ទឹកភ្នែក ក្នុងពេលដែលមនុស្សដូចខ្ញុំនិងប្អូនៗញ៉ាំបាយពេល ល្ងាចជាមួយនឹងសាច់ជ្រូកចៀន ឬឆាសាច់គោដំឡូងបារាំងក្នុងបរិមាណមនុស្សពេញកម្លាំងប្រាំមួយនាក់ ដូចគ្នា។ ខ្ញុំលើកម្ហូបដែលម៉ាក់ខ្ចប់ឱ្យដាក់ឱ្យពួកគាត់ពាក់កណ្តាលទុកពាក់កណ្តាលចាំហូបជាមួយគ្នាខ្ញុំ។

ពេលដែលខ្ញុំកំពុងមុជទឹក លោកម្នាក់ដែលទៅជាមួយគាត់បានទៅណាត់មេភូមិកូនភូមិ ចាស់ទុំពីរបីនាក់ ដើម្បីមកជួបជុំគ្នាពិភាក្សាស្ថានភាពភូមិស្រុក។ តាមផ្លូវមកផ្ទះវិញគាត់បានឱ្យគេយកទឹកត្នោតជូរបួនធុង ដួសទឹកប្រហែលជាសាមសិបលីត្រមកដល់ផ្ទះ ខ្ញុំក៏ចេញប្រាក់ឱ្យគេ ឯគាត់ក៏ទៅងូតទឹកដើម្បីហូបបាយ ជាមួយខ្ញុំព្រោះម្ចាស់ផ្ទះហូបបាយរួចហើយ។ ប្រពន្ធលោកគ្រូបង្រៀននោះបានជួយចាក់ទឹកត្នោតជូរដាក់ កំសៀវមានកែវមានផ្តិលសម្រាប់ផឹក មានប៉ាន់តែ មានថ្នាំចុកម្លូស្លាតាមលំអានស្រុកគាត់ដើម្បីទទួលភ្ញៀវ របស់យើងនាពេលយប់តាមដែលយើងបានសំណូមពរ។

បាយរួចខ្ញុំក៏បានពិនិត្យមើលប្រដាប់ថតសម្លេង សៀវភៅការងាររបស់ខ្ញុំដើម្បីត្រៀមធ្វើការជាមួយពួកគាត់ ព្រោះយើងមិនអាចរកមនុស្សមកប្រជុំបានទេនាពេលថ្ងៃ។

មេភូមិ អនុភូមិ និងចាស់ទុំ ដោយទាំងក្មេងស្រគាលអីដែរបានមកជុំគ្នាលើរានហាលផ្ទះនោះដើម្បីជជែក គ្នាពីការងារតាមគោលបំណងរបស់ក្រុមការងារយើង ខ្ញុំបានស្រាយនំធុងមកដាក់ចំកណ្តាលដើម្បីកំដរ បរិយាកាសជាមួយនឹងទឹកត្នោតជូរផលិតផលគ្មានសារជាតិអាល់កុលនាំឱ្យខូចសុខភាព និងជារបស់ ដែលខ្មែរធ្វើបានដោយខ្លួនឯង (ខ្ញុំអ្នកជាតិនិយម)។

ដំបូងយើងក៏មកដំកង់ជុំគ្នាក្នុងវង់មួយដែលមានប៉ាន់តែរបស់មីងនៅចំកណ្តាល និយាយគ្នាមួយសន្ទុះ គេក៏ចាក់ទឹកតែចែកគ្នាផឹក។ ខ្ញុំត្រូវបានគេចាក់ទឹកតែមកឱ្យមុនគេ ភ្លាមនោះគំនិតអាក្រក់របស់ខ្ញុំក៏ ចាប់បដិសន្ធិមកភ្លាម … ព្រះជាម្ចាស់អើយ! នៅការិយាល័យផឹកតែ កាហ្វេរួចកែវនោះត្រូវបានគេយក ទៅលាងចេញភ្លាមមិនទុកនាំឱ្យទើសមុខយើងទេ តែនេះមនុស្សប្រហែលដប់នាក់មានតែមួយប៉ាន់ និងកែវសម័យឆ្នាំប៉ែតជាងព័ណ៌ខៀវដែលជារបស់ខ្មែរផលិតដែរ ពីរ… ចាំអីទៀតខ្ញុំហូបមុនទៅខ្លាច ឆ្លងមេរោគពីពួកគាត់បើខ្ញុំអាល័យតែគួរសមនោះ! អ្នកចាក់ឱ្យចេះតែរុញមកនឹងអាលគេបានចាក់ឱ្យ អ្នកផ្សេងទៀតពេលខ្ញុំផឹករួច។ ខ្ញុំនឹកឃើញនូវជោគជ័យនៃការប្រើខួររបស់ខ្ញុំ … ខ្ញុំលើកកែវតែសម័យ បុរាណរបស់ម្ចាស់ផ្ទះមកផឹកក្អឹក … ទើបតែបានកន្លះក្អឹកទេ ខ្ញុំដឹងច្បាស់ថាមានក្លិនអាចម៍កន្លាតពេញ មាត់របស់ខ្ញុំ ព្រោះខ្ញុំនេះកុំថាឡើយក្លិនស្អុយ តែក្លិនក្រអូបហ្នឹងក៏ខ្ញុំទ្រាំមិនបានដែរ (យោងលើទំព័រ លី កល្យាណ ក្នុងប្លក់នេះ) … មុនមកទីនេះ ម្តាយមីងខ្ញុំផ្តាំថាកុំឱ្យទៅធ្វើជាខ្ពើមរអើមអីជាមួយអ្នកស្រុក អ្នកភូមិក្រែងគេថាយើងនេះជួរ … ចាំបានបណ្តាំនេះ ខ្ញុំធ្មេចភ្នែកលេបទឹកបង្ហើយបីក្អឹកទៀត រួចហុច កែវនោះទៅបងម្នាក់នោះវិញដោយនិយាយថា អរគុណបង! ទាំងក្នុងចិត្តត្រដរជិតនឹងស្លាប់ព្រោះតែ មនុស្សម៉ាស្អាត ម៉ាអនាម័យដូចខ្ញុំមកធ្លាក់ខ្លួនផឹកទឹកតែដែលលាងប៉ាន់មិនស្អាត។ គ្រាន់តែកែវហុច ដល់ដៃគាត់ភ្លាមខ្ញុំក៏យកលេសមកយកប៊ិចសរសេរនៅក្នុងសម្ពៀតស្បែករបស់ខ្ញុំ … តាមពិតទៅ ខ្ញុំ មក ស្រវារកដបអាល់កុលដែលម្តាយខ្ញុំទុកឱ្យសម្រាប់លាងដៃ លាងរបួស ចាក់ចូលដបទឹករបស់ខ្ញុំដែល នៅសល់ជិតកន្លះរួចផឹកក្អឹកៗជិតអស់មួយដបទឹកនោះ … ខ្ញុំនឹកថាយ៉ាងណាក៏ប្រហែលជាអាល់កុល អាចសម្លាប់មេរោគទាំងនោះបានខ្លះមុនពេលវារីករាលដាលពេញក្នុងខ្លួនខ្ញុំ។ មានអី! ដល់ទៅខ្លាច មេរោគពេកទៅខ្ញុំប្រឹងផឹកទឹកលាយអាល់កុលនោះយ៉ាងរីករាយទៀត … រួចត្រឡប់មកអង្គុយជុំនឹង គេនឹងឯងវិញធ្វើដូចជាគ្មានរឿងអីកើតឡើងចឹង។

មួយយប់នោះខ្ញុំគ្មានបានយល់សាច់រឿងដែលគេនិយាយគ្នានោះទេ ណាមួយអាល់កុលវាចេញឬទ្ធិ ណា មួយទឹកត្នោតជូរដែលគេហុចមកឱ្យជាញយៗផង ខ្ញុំដេកគ្មានដឹងត្រជាក់យ៉ាងម៉េចទេ។

លុះតែព្រឹកឡើងម៉ោងប្រាំមួយព្រឹកបានក្រោករួច ដល់ល្ងាចថ្ងៃទីពីរយើងសម្រាកពីព្រលប់ព្រោះមិនមាន កម្មវិធីអីក៏ស្រាប់តែលោកអើយដូចម៉ាស៊ីនត្រជាក់ដប់ពីរសេះដែលគេបើកឱ្យចឹង ខ្ញុំដេកមិនលក់ដោយសារ ត្រជាក់ពេកក៏ងើបទាំងយប់យកក្រដាសផ្ទាំងធំ ដែលយើងហៅថាហ្លីបឆាតហ្នឹងយកមកបិទជុំវិញមុង នាំឱ្យដេកទៅឮតែស្នូរប្រេកប្រោកនៃក្រដាសនោះ ដេករឹតតែមិនលក់ទៀត។

ត្រឡប់មកពីព្រៃវិញខ្ញុំត្រូវឈឺ ម្តាយខ្ញុំគាត់ស្មានតែខ្ញុំគ្រុនចាញ់គាត់ក៏នាំទៅជួសឈាមពីរព្រឹកទម្រាំដឹង គ្រុនធម្មតា …

នេះជារឿងមួយដែលខ្ញុំបានជួបនៅក្នុងព្រៃ … ជារឿងមួយក្នុងចំណោមរឿងរាប់រយដែលខ្ញុំធ្លាប់ប្រទះ…

  1. តា ម៉ាប់ / កុម្ភៈ 16 2012 1:49 ព្រឹក

    ផឹក​អាល់កុល សំណាងហើយដែល​មិនត្រូវ​បញ្ជួនទៅពេទ្យនោះ !

  2. somada / កុម្ភៈ 16 2012 8:31 ព្រឹក

    អីយ៉ា គិៗៗៗៗ ផឹកទឹកតែលាយអាចម៌កន្លាត ពិតជាបទពិសោធន៍​កម្រ​រកមានមែនកល្យាណ ! និយាយ​ទៅ​និយាយមកដូចគ្នាខ្លះ​ហើយតើនេះ ធ្លាប់ជួបញយមកហើយមិនបាច់ទៅដល់​កណ្តាលព្រៃ​ភ្នំ​អីនោះទេ​កល្យាណ​អើយ ហែកកេរ្តិ៍បងប្អូនឯង​បន្តិចចុះ គឺទៅលេងផ្ទះ​មាមីង​បងប្អូននៅឯព្រៃវែង​ជាស្រុកកណើត​ខាងម្តាយ​បង គ្នាឃើញ​យើងទៅអរ អើយ អរ ស្ទុះទៅយកប៉ាំន់តែ​ដែលដាក់​តាំង​ក្នុង​ទូ​ យកមកបង់តែ​ហើយ​ចាក់ទឹកក្តៅ​ចូលភ្លែត ដើម្បីមកទទួលភ្ញៀវ ។ តែគាត់មិនបាននឹកថាអាប៉ាន់តែដែលគាត់ដាក់ក្នុងទូនោះ វាមាន​ដី វាមានអាចម៌កន្លាត អាចម៌កណ្តុរនៅអី ។ ឯអ្នកដំណើរនេះ​កំពុងស្រេកទឹកស្រាប់ផង ម្ចាស់ផ្ទះ​ទទួល​ហើយ ក៏ត្រូវ​ទទួលទឺកតែយកមកក្រេបដើម្បីជាភាពគួរសម ។ គ្នាអ្នកស្រុកស្រែមានប៉ាំន់តែ មានកែវ ៤-៥​នៅក្នងផ្ទះពិតជាអស្ចារ្យណាស់សម្រាប់ក្រុមគ្រួសារគាត់ តែមិនបាច់សួរ​រក​សាប៊ូលាងចាន​ទេណា គ្មាន​ទេ ពេលខ្លះ សាប៊ូបោកខោអាវក៏គ្មានប្រើដែរ ។ ពេលខ្លះឃើញហើយ ពិតជាអាសូរខ្លាំងណាស់ ពួកគាត់ និង យើងមានដៃពីរជើងពីររស់នៅលើផែនដីជាមួយគ្នា ហេតុអីបានជាជីវភាព​ខុសគ្នាឆ្ងាយ​ដូចមេឃ និង ដីបែប​នេះ ? តើសុភមង្គល សុខមាលភាពរបស់គាត់នៅឯណា ? បើផ្ទះខ្លះ​រកតែលុយមួយម៉ឺនរៀល​ដាក់​ផ្ទះមិនបាន​ផង​នោះ ? សម្រាប់យើងមួយម៉ឺន​រៀល គុយទាវ​មួយចាន​កាហ្វេទឹកកមួយកែវអស់បាត់ទៅហើយ តែពួកគាត់​នៅពេល​ដែលបានទទួល​មួយម៉ឺនពីយើងដៃគាត់ទទួលទឺកភ្នែកហូរសស្រាក់ នេះហើយសិទ្ធិសេរីភាព ការ​រស់នៅស្មើភាពគ្នាក្នងសង្គមខ្មែរ… ។ សូមទោស​បែកអូរ ចូលស្ទឹងបន្តិចហើយ !

    • លី កល្យាណ / កុម្ភៈ 16 2012 3:25 ល្ងាច

      អត់អីទេបងទៅដល់សមុទ្រក៏បានដែរ ព្រោះខ្ញុំចូលចិត្តសមុទ្រ។ 😀
      បងមានប្រសាសន៍នេះត្រូវរឿងនេះណាស់ ចឹងបានជាខ្ញុំសុំតបចម្លើយបងក្នុងប្រកាសមុនតាមរយៈកន្លែងនេះ។
      ខ្ញុំនេះមហាសែនមេរោគព្រោះតែខ្ញុំទៅធ្វើការជាមួយសហគមន៍គឺខ្ញុំដេក ផ្ទះគេហ្នឹងតែម្តងរួចឱ្យខ្ញុំគ្មានកើតអីយ៉ាងម៉េចទៅ ពេទ្យទាំងហ្នឹងចេះតែថាទេ។
      ចូលរឿងនេះវិញ យើងហូបបាយរួចតែងរកសាប៊ូលាងដៃ តែផ្ទះគ្នារកតែសាប៊ូ​ម្សៅសម្រាប់កក់សក់គ្មានផង ទៅរកសាប៊ូលាងដៃស្អី។ ចំណែកអ្នកមានវិញសាប៊ូកក់សក់សុទ្ធតែរើសម៉ាកទៀត ហើយបើមានអ្នកស្រែណាមកនៅទីក្រុងហើយគ្នារាងឡូយឆាយបន្តិចក៏តាំងវាយ តម្លៃគ្នាអាក្រក់ភ្លាម សូមមេត្តាគិតបន្តិចទេ គិតថាបើសិនយើងរស់នៅក្នុងរបៀបមួយចំណែកតូចដូចពួកអ្នកស្រុកអស់ហ្នឹង
      (ដូចជាគ្មានសាប៊ូកក់សក់ បោកខោអាវ) ហើយពេលយើងបានមកឃើញពិភពលោកថ្មីមានរបស់
      ប្រើគ្រប់សព្វបែបនេះ សួរថាតើ យើងព្រមធ្វើតាមទម្លាប់ដើមទេ (ព្រមប្រើសាប៊ូម្សៅកក់សក់)? សូមអាណិតគ្នាផង គិតថាគ្នាវាមិនដែលបានមានដូចយើងទៅចុះ។ រឿងផ្សេងទៀតខ្ញុំសុំមិននិយាយទេព្រោះជួនកាលអាចថា​ខ្ញុំជាមនុស្សដែលមិនមានពិសោធន៍គ្រប់គ្រាន់ក៏ថាបាន ព្រោះខ្ញុំនេះមិនដែលមានគ្រួសារ មិនដែលមានកូន ខ្ញុំរាល់ថ្ងៃរស់ក្នុងបន្ទុករបស់ម្តាយខ្ញុំទេ។
      បទពិសោធន៍ផឹកតែ ផឹកអាល់កុលនេះខ្ញុំឆ្អែតហើយ។
      តែប្រូជម្រាបបងឱ្យហើយថា មានរឿងមួយទៀតដែលនាំបងឱ្យសើចផងយំផងដូចម៉ាក់ខ្ញុំចឹង។ ចាំទំនេរបន្តិចសរសេរចែកគ្នាមើលទៀត។
      តែ នៅតែអរគុណបងណាស់ដែលចូលមកលេងនឹងខ្ញុំញឹកជាងគេ ហើយចែករម្លែករឿងរបស់បងឱ្យខ្ញុំបានដឹងដែរ។ អរគុណចាស (ប្រើចាសឱ្យញឹកតិចខ្ញុំ ខំៗតាម៉ាប់ថាខ្ញុំហ្នឹង… មិនខានទេ! កំពុងតែចង់សរសេររឿងខ្លីពីអារម្មណ៍របស់មនុស្ស ប្រុស ស្រី និងភេទ ទីបី ទីបួនទីប្រាំផង)។ 😀

    • ភរិយានិងម្ដាយម្នាក់ / កុម្ភៈ 18 2012 12:29 ព្រឹក

      ខ្ញុំនឹងរង់ចាំអានរឿងទាក់ទងនឹងព្រៃភ្នំនឹងទៀត ផ្សាយឆាប់ៗណាបង 🙂

    • លី កល្យាណ / កុម្ភៈ 18 2012 7:24 ព្រឹក

      ចាស តែអរគុណណា៎ដែលបានចូលមកលេង។

  3. បុរិន្ទ / កុម្ភៈ 17 2012 11:58 ព្រឹក

    គ្មានក្បួនផឹកអាល់កុលលាយទឹកទេ ប្រយ័យគ្រោះថ្នាក់ដល់សុខភាព

    • លី កល្យាណ / កុម្ភៈ 17 2012 2:52 ល្ងាច

      ពេលដែលភ័យមុខជាគិតបានខ្លីត្រឹមខ្ញុំនេះហើយ! អរគុណដែលលោក និងតាម៉ាប់បានប្រាប់។

  4. ភរិយានិងម្ដាយម្នាក់ / កុម្ភៈ 18 2012 12:26 ព្រឹក

    យីបងចេះនឹកឃើញផឹកអាល់កុលកើត(លាយទឹកក៏ដោយ) បងហា៎ត្រឹមអាចន៍កន្លាតយ៉ាងច្រើនឈឺពោះរាក​ទេ តែអាល់កុលស្លាប់ណាបង!

    • លី កល្យាណ / កុម្ភៈ 18 2012 7:23 ព្រឹក

      លាយមិនច្រើននោះទេប្អូន ព្រោះខ្ញុំឆ្លៀតចូលក្នុងមុងស្រវាបាន​អាល់កុលប្រុងក្រេបតែតិចទេតែក្លិន​វាខ្លាំងពេកឃើញដបទឹកក្បែរហ្នឹងខ្ញុំ​ចាក់ច្រូចចូលទៅ ហើយប្រឹងលេប​ឱ្យអស់ នឹកថាបើអា​បីបួនក្អឹកខ្ញុំមិញ​ចូលទៅថែមអាប្រាំប្រាំមួយក្អឹក​​នេះទៀតបែបជួយសម្លាប់មេរោគ​បានទាន់ពេល ខ្ញុំប្រើអាល់កុលរាល់ថ្ងៃមួយខែប្រហែលអស់កន្លះលីត្រដែរដូច្នេះអាចនិយាយ បានថាធ្លាប់នឹងក្លិនវាហើយ។
      កូនៗទៅរៀនប្អូនត្រូវប្រយ័ត្នដែរណា៎ ព្រោះពីម្សិលមិញខ្ញុំអត់ទៅធ្វើការឆ្លៀតដើរផ្សាររកអីញ៉ាំ ក៏នឹកចង់ហូបនំពុម្ព និងក្រម៉ៅថត ដើរទៅឃើញរានមួយនោះគាត់មានប្រដាប់ចាប់ ខ្ញុំនឹកថាទិញកន្លែងហ្នឹងហើយមានអនាម័យ ក៏ប្រាប់អ្នកលក់ឱ្យខ្ចប់ឱ្យ មានអី! គាត់យកដៃគាត់ទៅចាប់នំដាក់ឱ្យខ្ញុំ! ខ្ញុំក៏ប្រាប់គាត់ថាមានប្រដាប់ចាប់ហើយមិនព្រមប្រើ? គាត់ថាដៃគាត់លាងរហូត! ក្តៅចិត្តពេកខ្ញុំនៅឈរចាំមើលនៅហ្នឹង​មួយម៉ោងគាត់អត់ទាន់លាងដៃម្តងផង ខ្ញុំក៏និយាយថា បងឯងនិយាយកុហក ហើយដើរចេញមក។ តាំងចិត្តថាមិនទិញញ៉ាំទៀតទេ។

    • លី កល្យាណ / កុម្ភៈ 19 2012 10:42 ល្ងាច

      ទេ! អង្គុយគិតយូរៗទៅ ខ្ញុំនេះបែបជាមានរោគចិត្ត បានជាស្អីក៏លាងអាល់កុល សាប៊ូដែរ តែបើប្រហុកវិញគ្មានពីណាហ៊ានលូកជាមួយខ្ញុំទេ (ព្រោះគេខ្លាចកើតមុន ឯខ្ញុំនេះមុន របស់ខ្ញុំច្រើនជាងសសៃរសក់ខ្ញុំទៅទៀត)។ បែបមែនហ្នឹងឯង!

  5. somada / កុម្ភៈ 19 2012 4:23 ល្ងាច

    បើនិយាយពីអនាម័យនោះពិតជាគួរឲ្យសរសើរស្រុកថៃណាស់ គេហាក់ដូចជាមានរបៀប​របប​ជាងយើង​ច្រើន​ណាស់ ។ អ្នកលក់ដូរគេ​មានពាក់មួកការពារ​មិនឲ្យ​សក់​ចូល​ម្ហូប តែបើនៅតាមទីផ្សារ​យ៉ាងហោចណាស់​គេក៏មានស្រោម​ដៃ ឬ ដង្កៀប​សម្រាប់​ចាប់​ម្ហូប​អាហារ​ដាក់ក្នុង​ថង់​ឲ្យយើង​ដែរ ។ ​ចំណែក​ផ្លែ​​ឈើ​គេវិញគេដាក់លក់​មានគ្រប​ថង់ផ្លាស្ទិក(ផ្លែឈើ​ដែលបកសម្បក​ហើយ ដូចជាខ្នុរជាដើម) តែបើ​និយាយ​​ពីរឿងខ្នុរ​បក​នៅស្រុកយើង​ជាពិសេស​ផ្សារដើមគ​ បកលើតូប​មែន​តែខាងក្រោម​សុទ្ធ​តែភក់ ពេល​ខ្លះ​ឃ្លាន​ចង់​ញ៉ាំ​ក៏មិនចង់ហ៊ានទិញ​ទៀត ព្រោះគាត់បកហើយមិនគ្របទេ ទុកឲ្យរុយទុំ ហើយគាត់​យក​ដៃ​បក់ខ្វិច ៗ ពេលខ្លះអ្នកដើរ​ទាត់​ខ្ទាត​ភក់ដាក់ទៀត ។ ពេលខ្លះនិយាយទៅ​គេ​ថាយើងហ្នឹង​អី​ក៏អនាម័យ​មេះ ! គេស៊ីគ្រប់គ្នាមិនឃើញមានកើតអីផង … អត់មានយោបល់ទេខ្ញុំដល់ចឹងទៅនោះ ។

  6. Khmerling / កុម្ភៈ 19 2012 10:09 ល្ងាច

    រឿងហ្នឹងស្ដាប់ទៅអណោចអាធមណាស់ ។ តែពេលគិតឲ្យបានមួយជុំទៀត ខ្ញុំទប់សំណើចមិនបាន ។ ពាក្យខ្មែរយើងថា ចេះរបេះក្បាច់ ។ គេយកអាល់កុលទុកគ្រាន់លាងដៃសម្លាប់មេរោគ តួក្នុងរឿងយកអាល់កុលលាងក្រពះ ។ ម៉េចក៏ប្រថុយសម្បើមម្ល៉េះពុទ្ធោពុទ្ធាំអើយ កណ្ដាលព្រៃផង ។ នេះបើផឹកតែអាចម៍កន្លាតប្រហែលមិនវេទនាថ្នាក់ហ្នឹងទេ ។
    សុំទោសដែលខ្ញុំឆ្លើយតបបណ្ដើរខ្ញុំសើចឃឹកៗបណ្ដើរ ។

    • លី កល្យាណ / កុម្ភៈ 19 2012 10:36 ល្ងាច

      ជម្រាបលោកពូ (លោកបងក៏មិនដឹង) សុំហៅថាពូទៅចុះ ខ្ញុំកំពុងសរសេររឿងមួយទៀតធានាថាលោកពូ ញាតិញោមវើតប្រេស ពិតជាសើចហើយលាយយំ បើបានពិចារណារឿងល្អិតល្អន់។ សូមទោស ពូ អ្នកអនាម័យដូចខ្ញុំហ្នឹងភ្លាត់រាល់តែដងទេ បើថាមានប្តីវិញ កូនមិនដឹងប៉ាម៉ានកាឆេហើយទេនេះ 😀

  7. លី កល្យាណ / កុម្ភៈ 20 2012 11:16 ល្ងាច

    ញាតិញោម បងប្អូនអើយ ម្តេចក៏ខ្ញុំចេះតែសរសេរខុសបែបនេះ «…កែវតែសម័យឆ្នាំប៉ែតជាងព័ណ៌បៃតង…» មិនមែនព័ណ៌ខៀវទេ។

  8. សម្ផស្ស / កុម្ភៈ 22 2012 9:04 ល្ងាច

    ហើយ​ស្អាត​ពេក​ទៅ​ជា​ឈឺ​ចឹង​ទៅ ! ខ្ញុំ​ក៍​ធ្លាប់​ទៅ​ដេក​ក្នុង​ព្រៃ​ជ្រៅ​ដែរ​ដេក​ហាល​មូស​អស់​១​យប់ មក​ដល់​ផ្ទះ​ធម្មតា ដែល​អ្នក​ទៅ​ជា​មួយ​ខ្ញុំ​ចំនួន​៥​នាក់ គ្រុន​ចាញ់​ទាំង​អស់! វា​ពិត​ជា​សំណាង​ណាស់ ។

    • លី កល្យាណ / កុម្ភៈ 23 2012 12:04 ព្រឹក

      ខ្ញុំឈឺកាលហ្នឹងប្រហែលមកពីគេងមិនលក់ទេ មិនមែនមកពីផឹកអាល់កុលឡើយ។ សំណាងណាស់ដែលសម្ផស្សមិនគ្រុនចាញ់ព្រោះនៅក្នុងព្រៃមូសផងសត្វផង ពិបាកណាស់។

    • Khmerling / មីនា 1 2012 12:44 ព្រឹក

      វាផ្សំគ្នាទេ ។ គេងមិនលក់ក៏មកពីអាល់កុលហ្នឹងដែរ ។

    • លី កល្យាណ / មីនា 1 2012 1:36 ល្ងាច

      ឱ ប្រហែលហើយលោកពូ!

ទំលាក់ មួយចំលើយតប ទៅ somada បោះ​បង់​ការ​ឆ្លើយ​តប