Skip to content
19 ខែ​កុម្ភៈ 2012 / ស្នាមញញឹម

ពាក្យថា «មីង» និង «អ៊ី»

ឆ្លើយឆ្លងជាមួយបងសុធា somada រួចក៏ស្រាប់តែមានអារម្មណ៍ថាឃ្លានរបស់ចាស់ គឺភ្លៅមាន់បំពង។ ស្ទុះភ្លែតឡើងម៉ូតូប្អូនទៅរកទិញភ្លាមយកមកហូបនៅផ្ទះ។

នឹកឃើញថាកុំឱ្យប្អូនវាស្តីឱ្យថាឯងនេះគិតតែពីស៊ីផឹកៗ ម៉្លោះហើយក៏ទាញទុយោមកលាងម៉ូតូដែលខ្ចីគេ ជិះ(របស់ខ្ចីគេថែឱ្យគេឃើញបន្តិច ថ្ងៃក្រោយគេឱ្យខ្ចីទៀត :D)។

កំពុងបាញ់ទឹកម៉ូតូបណ្តើរហូបកាភ្លៅមាន់បណ្តើរស្រាប់តែក្មេងពីរនាក់ដើរបណ្តើរជជែកគ្នាបណ្តើរក្នុងពេល ម៉ោងបីរសៀលស្ងាត់ល្អបែបនេះ៖

ក្មេងទី១៖ ចែឯងទៅស្រុកម៉ាក់ង៉ៃមុនជួបមីងខាន់ដែរអត់?

ក្មេងទី២៖ មិនមែនមីងខាន់ទេ គាត់ធ្លាប់នៅជាមួយយើងដែរគាត់ឈ្មោះអ៊ីខាន់។ ជួបតើ ចែជួបនៅផ្ទះកុង!

ក្មេងទី១៖ ម៉េចញ៉ុមឮគេហៅគាត់មីង មីងខាន់។

ក្មេងទី២៖ មកពីគាត់ទៅនៅស្រុកស្រ៊ែបានជាគេហៅគាត់មីង!

ក្មេងទី១៖ មែនហ្ន៎ ឱ្យតែអ្នកនៅស្រ៊ែគេហៅមីង អ្នកនៅអំពេញបានគេហៅ អ៊ី។

ក្មេងទី២៖ អ៊ឺ មែនហ្នឹងអ្នកស្រ៊ែហៅមីង អ្នកនៅនេះហៅអ៊ី។

លី កល្យាណគ្មានទុកចាំស្អែកទេ៖

ហ្អេក! ក្មួយឯងដឹងទេ? អ្នកដែលហៅមីងមាពូបងអ៊ំជីដូនជីតាអីហ្នឹងហ្នា៎គឺជាជនជាតិខ្មែរជាម្ចាស់ស្រុកម្ចាស់ទឹកដីនេះ ហើយអ្នកដែលហៅគ្នាអាជែ អាម៉ា អាកុង អាទី អាមួយ អាគឹម អ៊ី គ្រូ ស៊ិនស៊ែ ឡៅស៊ឺ អាស៊័រអីអស់ហ្នឹង គឺជាជនជាតិចិនដែលមករស់នៅលើទឹកដីខ្មែរ។ អាក្មួយៗឯងចាំឱ្យច្បាស់ ប្រយ័ត្នប្រឡងធ្លាក់។ បើមិនជឿមីងទេទៅបើកសៀវភៅមើលទៅ!

ក្មេងៗវាស្លឺភ្នែកព្រោះមិននឹកស្មានថាអាអ្នកលាងម៉ូតូមុខផ្ទះគម្រិះ ស្លៀកខោខ្លី ពាក់អាវកញ្ចាស់ សម្បុរខ្មៅជាងស្បែកក្របីហ្នឹង ស៊ីភ្លៅមាន់ដូចដាច់របបអាហារយូរថ្ងៃណាស់មិនគួរមកហ៊ាននិយាយជាមួយវាដែលជាកូនចៅចិនទេ។

ម៉េច? បើមិនជឿបើកកុំព្យូទ័រឱ្យមើលឡូវហ្នឹង!

វាក្រឡេកភ្នែកចូលទៅក្នុងផ្ទះសម្បុកកណ្តុរជួលគេរបស់ខ្ញុំដែលគ្មានសូម្បីតុហូបបាយទាំងរបៀបមើលងាយ៖

មាន…កុំព្យូទ័រ…ដែរ?

យី មានទាំងសៀវភៅទៀតហ្ន៎! មិនមើល? ឱ្យតែថាភ្នាល់ ឡើងរើសៀវភៅឱ្យមើលឡូវហ្នឹង!

វាអត់មាត់ព្រោះគ្រវាសភ្នែកទៅចំធ្នើសៀវភៅរបស់ខ្ញុំដែលនៅរានខាងមុខគេក្នុងផ្ទះ ពួកវាក៏ដើរតយង៉យ ចេញទៅរបៀបមហាមើលងាយ។ កុំឱ្យគេថាឯងជាអ្នកចង់ឈ្លោះជាមួយក្មេង តែយ៉ាងហោចណាស់បាន ប៉ុណ្ណេះទុកថាវាអាចចងចាំបាននៅពេលវាប្រឡងឡើងថ្នាក់ទី១២ដែរ។

គ្រាន់តែសង្ឃឹម … ក្នុងអារម្មណ៍រវើរវាយថា… ថ្ងៃណាមួយជាតិរបស់ខ្មែរនឹងរុងរឿងថ្កុំថ្កើងប្រសើរជាងនេះ!

ពីមនុស្សម្នាក់ដែលមានជាតិសាសន៍ចម្រុះនៅក្នុងខ្លួន តែសុំស្លាប់រស់ក្នុងនាមជាខ្មែរម្នាក់ដែលពូជ ពង្ស វង្សត្រកូលខ្ញុំបានសម្រេចចិត្តមកផ្ញើខ្លួនលើទឹកដីនេះ។

ខាងក្រោមនេះជាឃ្លាមួយដែលខ្ញុំចង់ប្រើវាយូរមកហើយ ហើយក៏បានដាក់ពាក្យសុំទៅម្ចាស់ដើម គឺអ្នកមីង កែវ ច័ន្ទបូរណ៍ ដែរតែគាត់មិនទាន់តប។ ជាឃ្លាមួយដែលគាត់ជូនពរបងប្អូនជាតិចិន ជាប់ស្រឡាយចិនក្នុងថ្ងៃចូល ឆ្នាំរបស់គេក្នុងខែមករា ២០១២។

សង្ឃឹមថាដាក់ហើយគាត់មិនប្រកាន់ទៅចុះ!

`«ញុំដុតនំនេះ ថ្ងៃនេះ ដើម្បីផ្ញើជូន បងប្អូន ប្រិយមិត្ត ដែលជាប់សែចិន ជារង្វាន់ឆ្នាំថ្មី និង ជូន បងប្អូនមិត្តញាតិជាតិខ្មែរ ទាំងអស់ ដែលមាន ចិត្តទូលាយ បានទទួលរាប់អាន បងប្អូនចិន មករស់នៅ ស្រុកយើង ដោយសុខសប្បាយ ទាំងអស់គ្នា ជាញាតិសន្តាន ពុំមានប្រកាន់ ពូជសាសន៍។ សូមសុខសួគ៌សិរី ទាំងអស់គ្នា ហើយ សូមថែរក្សាគ្នា ជាញាតិ ដោយក្តី គោរពស្រឡាញ់ ស្មោះស ជ្រាលជ្រៅ ពុំមានរបងចិត្ត មកខារខាំងអោយមាន អារិភាព តទៅទៀតឡើយ។»

ខាងក្រោមនេះមានរូបនំដែលគាត់បានធ្វើតែខ្ញុំកូពីមកមិនជាប់។ ប្រសិនបើចង់រក សូមចូលក្នុង ហ្វេសប៊ុក រួច វាយឈ្មោះ Khmer Author Keo Chanbo អ្នកនឹងរកឃើញក្នុងប្រកាសខែមករា ២០១២ របស់គាត់។

Advertisements
  1. somada / កុម្ភៈ 20 2012 4:51 ល្ងាច

    តែពេលខ្លះ​ក៏ត្រូវចេះបត់បែនតាមកាលៈទេសៈដែរណា អ្នកនៅកំពង់ចាមគេច្រើនហៅគ្នាថា​ “ចែ អ៊ី គឹម​ ទ្រា ស៊ីម​ នឹង….” ព្រោះពួកគាត់ជាកូនកាត់ចិន​​ លោតែយើងហៅ​មីង​ ពូ​ …​គាត់ពិតជាមើលមុខ ឬ លួចសើចមិន​ខាន​ទេ ។ ទើបការហើយថ្មី ៗ ទៅលេងផ្ទះ​បងប្អូននៅកំពង់ចាម ទម្រាំតែធ្លាប់មាត់ បែកញើសប៉ុន ៗ គ្រាប់​ពោត​ដែរហ្នឹងណាស់ ព្រោះខាងខ្ញុំជាខ្មែរ ធ្លាប់តែហៅគ្នាតាមរបៀបខ្មែរ ។ តែឥឡូវ​បានខ្លះ ៗ តែ​ស្គាល់មិន​ទាន់អស់ទេ​ ព្រោះខាងចិន គេមានកំណត់ហៅ​បងប្អូនខាងម្តាយផ្សេង​​ឪពុកផ្សេង ។ តែអារឿងទៅញ៉ាំភ្លៅ​មាន់​​កុំថាមកពីបងណា ព្រោះឃើញ​សរសេរថានិយាយជាមួយបងយូរហេវហើយទៅទិញ​ភ្លៅ​មាន់ញ៉ាំ​​ ​ខ្លាចមានវគ្គ​បន្តទៀត អត្ថបទក្រោយចេញមកថា​​ ញ៉ាំភ្លៅមាន់ហើយធាត់ខូចរាងអស់​​។ អូយពិតជាវីវរហើយខ្ញុំ !!!!​

    • លី កល្យាណ / កុម្ភៈ 20 2012 9:42 ល្ងាច

      អត់ហ៊ានថាទេបង ខ្ញុំធាត់តាំងពីកាលមុនហ្នឹងយូរហើយ។
      😀

    • lavorn (ឡាវ័ន​) / កុម្ភៈ 21 2012 10:24 ព្រឹក

      ធាត់​?? ហាហា =))

    • លី កល្យាណ / កុម្ភៈ 21 2012 2:13 ល្ងាច

      មូលដូចត្បាល់អត់វ័ណ្ឌចឹង។ 😀

  2. lavorn (ឡាវ័ន​) / កុម្ភៈ 21 2012 10:24 ព្រឹក

    ខ្ញុំ​អ្នក​កំពង់​ចាម​ដែរ​ តែ​ទម្លាប់​ហៅ​ ចែ​ អ៊ី​ មែន​ តែ​ចម្លែក​អី​ចំពោះ​មនុស្ស​ប្រុស​ គឺ​ហៅ​ធម្មតា​ គឺ​ពូ​ អ៊ំ​ មិន​ដែល​ហៅ​ ទ្រា​ គឹម​អី​ផង​។ តែ​ចំពោះ​សាច់​ថ្លៃ​គឺ​ហៅ​ នឹង​ និង​​ សោ​ ^^
    ទាល់​តែ​មក​នៅ​ភ្នំ​ពេញ​ទើប​ទម្លាប់​ហៅ​អ្នក​អាយុ​បង​ ថា​ បង​ៗ​វិញ​។ ដំបូង​អត់​ទម្លាប់​ទេ​ ព្រោះ​ធ្លាប់​តែ​ហៅ​ ចែ​ៗ 😀

  3. lavorn (ឡាវ័ន​) / កុម្ភៈ 21 2012 10:30 ព្រឹក

    និយាយ​តាម​ត្រង់​មួយ​ទៀត​ កាល​មុន​ខ្ញុំ​អត់​ដឹង​ថា​ពាក្យ​ថា​អ៊ី​និង​មីង​នឹង​ ជា​ពាក្យ​តែ​មួយ​មែន​ គឺ​ស្រដៀង​នឹង​ក្មេង​២​នាក់​នឹង​ដែរ​ >.

    • លី កល្យាណ / កុម្ភៈ 21 2012 2:12 ល្ងាច

      ខ្ញុំខឹងពួកគេដោយសារតែពាក្យអ្នកស្រ៊ែ! ខឹងណាស់ ជាពិសេសអ្នកនិយាយពាក្យកែវមិនច្បាស់ ក៏ខ្ញុំមិនចូលចិត្តដែរ។

    • lavorn (ឡាវ័ន​) / កុម្ភៈ 21 2012 8:55 ល្ងាច

      អូ​សំណាង​ហើយ​ ដែល​ខ្ញុំ​និយាយ​ពាក្យ​កែវ​ច្បាស់​ ;;;;​^^

    • លី កល្យាណ / កុម្ភៈ 21 2012 9:36 ល្ងាច

      lavorn (ឡាវ័ន​): nothing to think about or care it, just my crazy idea, I didn’t expected anyone to change because of me. Thanks for visiting. I lasted visit you about 2 months, how’s your life there? Can’t responded in Khmer Unicode.

    • lavorn (ឡាវ័ន​) / កុម្ភៈ 22 2012 10:27 ព្រឹក

      oh m fine as well^^ thx for visiting n sour sok tok me na 😀

    • somada / កុម្ភៈ 22 2012 8:06 ព្រឹក

      ស៊យហើយខ្ញុំអញ្ចឹងនោះ ក្មួយកល្យាណនិយាយកែវអត់ច្បាស់ទេ ឲ្យគេនិយាយថាកែវ​​​​​​ តែ​បែរជាចេញថា​កេវ​ ទៅវិញ ម្យ៉ាងទៀតអាចមកពីភាសាដែលគេប្រើរាល់ថ្ងៃផងក៏មិនដឹង ថៃគេ​អានថា កេវ (แก้ว) ។

    • លី កល្យាណ / កុម្ភៈ 22 2012 2:07 ល្ងាច

      ក្មួយខ្ញុំអត់អីទេ នៅតូចមិនទាន់កែបាន ដល់តែធំម៉ាក់និងប៉ាប្រាប់ពីហេតុផល ទៅមុខជាអាចគិតឃើញហើយ។

  4. លី កល្យាណ / កុម្ភៈ 21 2012 5:05 ល្ងាច


    លីងដែលខ្ញុំចង់ដាក់
    ព្រោះប្រកាសរបស់ អ្នកមីង កែវ ច័ន្ទបូរណ៍ នៅក្នុង ហ្វេសប៊ុកមានច្រើន

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: