Skip to content
23 ខែ​កុម្ភៈ 2012 / ស្នាមញញឹម

ពូថៅមួយ និងមនុស្សស្រវឹង

ខ្ញុំចូលទៅក្នុងព្រៃជារៀងរាល់ខែក្នុងពេលធ្វើការងារទាក់ទងនឹងព្រៃឈើ។ ចួនកាលកន្លះខែនៅក្នុងព្រៃ និង កន្លះខែនៅក្នុងស្រុកទាំងក្នុងពេលដែលសេវាទូរស័ព្ទមិនមានទូលំទូលាយដូចសព្វថ្ងៃ។ ខ្ញុំមិនដឹងថា អារម្មណ៍ របស់គ្រួសារខ្ញុំយ៉ាងម៉េចទេដែលខ្ញុំជាបង្គោលការពារគ្រួសារដើរបាត់ៗរហូតបែបនេះ។ ចំពោះខ្ញុំ នេះជាជីវិត ដែលយុវជនដូចជាខ្ញុំនៅត្រូវការស្វែងយល់ក្នុងសង្គមឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ ចង់ដឹង ចង់ ឃើញ ចង់ភ្លក្ស ជាពាក្យស្លោកសម្រាប់ការងាររបស់ខ្ញុំ។ មានថ្ងៃណាមិនសូវវក់ខ្លាំងទៅខ្ញុំនឹក ដល់អ្នកផ្ទះ ខ្ញុំខំ ប្រវាប្រវាទៅរកកន្លែងទួលមានដើមឈើខ្ពស់ដើម្បីតេមកប្រាប់ដំណឹងដល់អ្នកផ្ទះថាខ្ញុំនៅ រស់រានមានជីវិត ក្នុង កន្លែងមួយលើលោកនេះនៅឡើយទេ។

ជារៀងរាល់ពេលខ្ញុំតែងស្តាប់ពាក្យទូន្មានរបស់មនុស្សចាស់ទុំជានិច្ច ជាពិសេសទាក់ទងនឹងរបៀបរបប រស់ នៅរបស់អ្នកស្រុកដែលខ្ញុំកំពុងធ្វើការជាមួយ។ ពាក្យប្រដៅមានច្រើនណាស់ ច្រើនដល់ថ្នាក់ខ្ញុំភ្លេចខ្លះទៅ ហើយ។ នៅទីនេះចាស់ៗប្រាប់ថាទំនៀមអ្នកស្រុកបើមានមនុស្សប្លែកមុខចូលស្រុកហើយមានរឿងអាក្រក់ កើតឡើង អ្នកចម្លែកនោះនឹងត្រូវបណ្តេញចេញពីស្រុកទាំងយប់ទាំងថ្ងៃភ្លាមៗ ទោះអ្នកឯងធំអីមកពីណា ក៏ដោយ ព្រោះ ស្រុកនេះគេគោរពជំនឿធំជាងគោរពមនុស្ស។

លើកនេះយើងមានអ្នកសហការម្នាក់ទៀតមកជួយយើងធ្វើការ ពួកយើងទាំងបីនាក់បានមកដល់ស្រុកភូមិ ក្នុងវេលាម៉ោងបួនរសៀលហើយក៏ដាក់រទេះនៅផ្ទះលោកគ្រូបង្រៀនដដែល។ ខ្ញុំតែងត្រូវបានគេឱ្យមុជទឹក មុនគេព្រោះតែខ្ញុំអត់ដែលដុសលាងម៉ូតូទេ ពួកគាត់មុនពេលមុជទឹកគាត់សម្អាតម៉ូតូរបស់គាត់យ៉ាងស្អាត ខ្ញុំបាននិយាយជាមួយមីងម្ចាស់ផ្ទះឱ្យគាត់ដាំបាយឱ្យហូបជាមួយម្ហូបរបស់ម្តាយខ្ញុំដែលបានខ្ចប់មកឱ្យ។ ម្តាយខ្ញុំគាត់បានធ្វើសាច់ជ្រូកចិញ្ច្រាំផ្ញើឱ្យពួកគាត់សម្រាប់ញ៉ាំជាមួយនំប៉័ង ហើយផ្តាំខ្ញុំថាទុកញ៉ាំពេលព្រឹក ខ្ញុំគ្មានចាំព្រឹកអីទេ ទៅដល់ស្មើណាខ្ញុំប្រគល់របស់បញ្ញើជូនគាត់ ចំណែកនំប៉័ងវិញស្វិតឡើងនៅសល់ប៉ុន កដៃខ្ញុំ។ ពួកគាត់ក៏ប្រមូលកូនចៅមកហូបនំប៉័ងជាមួយសាច់ជ្រូកចិញ្ច្រាំដែលលាយគ្រឿងដូចគ្រឿងការី នៅខាងក្រោយយ៉ាងរីករាយ។ បើកាលណោះខ្ញុំមានម៉ាស៊ីនថតក៏ខ្ញុំថតទុកមើលដែរ។

ថ្ងៃនោះពូៗគាត់លាងម៉ូតូដែលប្រឡាក់ភក់យ៉ាងក្រាស់ព្រោះជារដូវវស្សារហូតដល់យប់បន្តិចបានយើងជុំ គ្នាហូបបាយ ព្រោះសម្អាងថាពួកយើងមានពិលក្រឡុកម្នាក់មួយ មានពិលប្រើថ្មម្នាក់មួយដែលអាចប្រើការ បានប្រហែលប្រាំបួនម៉ោងបានអស់ថ្ម។ រាត្រីទីមួយជារាត្រីរីករាយព្រោះថ្មពិលមិនទាន់អស់ទេ យើងក៏បើក វាហូបបាយផង និយាយគ្នាលេងផង និយាយរឿងផែនការសម្រាប់ស្អែកផង ចំណែកម្ចាស់ផ្ទះក៏អង្គុយជិត គ្នានោះដែរព្រោះមិនអាចទៅមើលវីដេអូនៅផ្ទះផ្សេងបានដោយសារភ្លៀងធ្លាក់ស្រិចៗគេមិនហ៊ានបញ្ចាំង។ ទើបនឹងវាតវង់រៀបដួសបាយ ស្រាប់តែមានមនុស្សប្រុសស្រីពីរនាក់ពរកូនតូចម្នាក់ជាប់ដៃផងមកស្រែកហៅ លោកគ្រូនៅមាត់ជណ្តើរ មីងគាត់ឮគាត់ស្គាល់សម្លេងក៏ហៅឱ្យឡើងមកលើ។ គ្រាន់តែឡើងមកមិនទាន់ អង្គុយស្រួលបួលផងស្រាប់តែទាំងប្តីប្រពន្ធនិយាយបណ្តើរយំបណ្តើរក្នុងភាសាមួយដែលខ្ញុំស្តាប់មិនសូវបាន ព្រោះជាជនជាតិភាគតិចកួយ។ យើងដួសបាយហុចចែកគ្នាហើយក៏ស្ងាត់ស្ងៀមចាំស្តាប់ថាមានរឿងអី ព្រោះមិនសូវយល់ភាសាហ្នឹងទាំងអស់គ្នា លោកម្នាក់ដែលទើបទៅនោះគាត់មិនដឹងរឿងអីទេ តែក៏ចំហមាត់ ស្តាប់ការរៀបរាប់របស់ប្តីប្រពន្ធនោះ។ គាត់យំបានបន្តិចលោកគ្រូក៏បែរចេញពីពួកយើងមែនទែនរំកិលទៅ ជិតភ្ញៀវសោករបស់គាត់ដោយនិយាយភាសាកួយទៅកាន់គាត់ទាំងពីរនាក់។ ប្រពន្ធនោះដាក់កូនលើភ្លៅ ថ្វាយបង្គំលោកគ្រូរួចយកចេកមួយស្និតស្ទើរទុំបន្តិច មានធូបបីសសៃរលើកជូនលោកគ្រូព្រមទាំងយំឮខ្លាំង ជាងមុនទៅទៀត។ ខ្ញុំបីនាក់គ្នាខ្ញុំសម្លឹងមើលគ្នាទៅវិញទៅមក រួចដាក់ភ្នែកទៅរកចានបាយដែកព័ណ៌ខៀវ របស់យើងដែលមានបាយពេញប្រៀបចាន ពូដែលចាស់ជាងគេគាត់នៅតែដួសម្ហូបដួសបាយហូប រួច ប្រាប់ខ្ញុំថាហូបទៅក្មួយឆាប់បានសារចានក្នុងពេលដែលខ្ញុំស្ងួតរកទឹកមាត់លេបគ្មាន។ ខ្ញុំនឹកដល់សម្តីរបស់ ពូថាបើមាននរណាចម្លែកចូលភូមិ ហើយមានរឿងអី គេនឹងបណ្តេញមនុស្សនោះចេញទោះយប់ ថ្ងៃអីក៏ ដោយ ខ្ញុំនឹកទៀតថាមុខជាមានរឿងអីហើយបានជាគេយំ រួចក៏គិតថាពួកយើងប្រហែលជាត្រូវបណ្តេញចេញទាំង យប់ភ្លៀងសស្រិចបែបនេះ យើងរងាស្ទើរពេញមួយថ្ងៃមកហើយពេលធ្វើដំណើរ គិតថាបានជ្រកក្នុងផ្ទះ ដែលសមរម្យជាងគេក្នុងភូមិនេះទុកថាជាទីចតមួយដ៏សមគួរ ចុះបើពួកយើងត្រូវគេបណ្តេញទៅ តើយើង ទៅកន្លែងណា បើមេឃកំពុងភ្លៀងហើយផ្លូវមហាសែនរអិលបែបនេះ? ភូមិដែលយើងអាចសំចតបានមួយ ទៀតមានចម្ងាយប្រហែលជា១០គីឡូម៉ែត្រកាត់ព្រៃឆ្លងទឹក ហើយផ្លូវដីក្រហម ជាប់កង់ម៉ូតូទៀត យប់ ស្មើណេះបើមិនជួបសត្វទេ យ៉ាងហោចណាស់ម៉ោងមួយយប់បានយើងអាចទៅដល់រកកន្លែងដេកបាន។ ខ្ញុំប្រឹងលេបបាយលាយម្ហូបតាមពាក្យពូប្រាប់ ព្រោះទាំងគាត់ទាំងខ្ញុំសុទ្ធតែដឹងថាត្រូវមានកម្លាំងគ្រប់គ្រាន់ ទោះមានរឿងអីកើតឡើងក៏ដោយ ត្រូវហូបបាយច្រើនៗ ការពារក្រែងយើងអត់បាយតាមផ្លូវ។ ខ្ញុំស្រាប់ តែមានអារម្មណ៍ថាបាយនោះចត់ ចត់យកតែមែនទែន ចត់ជាងខ្វិតខ្ចីទៅទៀត យ៉ាអ៊ី! ចុះមកលេបបាយ មិនរួចអីស្មើណេះ កំពុងតែមានរឿងផង។ ខ្ញុំងើបទៅយកទឹកមកផឹករួចក៏អង្គុយប្រឹងលេបតិចទៀតក្រែង គ្រាន់បានបាយខ្លះការពារកុំឱ្យខ្យល់ សម្លេងដែលពួកគេនិយាយគ្នានៅតែឮក្នុងត្រចៀកដដែលទេ តែខ្ញុំស្តាប់ មិនយល់ ស្តាប់មិនបាន មិនដឹងជាមានរឿងអី នរណាកើតអី តើគេនាំគ្នារកវិធីដោះស្រាយយ៉ាងម៉េច? ខ្ញុំអង្គុយនឹកគិតដល់របស់របររបស់ខ្ញុំតើខ្ញុំទុកស្អីនៅកន្លែងណាខ្លះ ដើម្បីពេលដែលត្រូវប្រមូលខ្ញុំអាចរកវា ឃើញភ្លាមៗ… គិតទៅដល់ថាចុះប្រអប់ម្ហូបដែលម្តាយខ្ញុំខ្ចប់សាច់ជ្រូកឱ្យអ្នកផ្ទះនេះគេលាងរួចហើយ នៅ ឯណាខ្ញុំខ្លាចភ្លេច។

ខ្ញុំចាំបានថា អ្នកប្តីនិងប្រពន្ធនោះនិយាយពាក្យខ្មែរមួយពីរឃ្លាប៉ុណ្ណោះ ហើយនិយាយយ៉ាងរដឺនជាងក្រុម គ្រួសារលោកគ្រូទៅទៀត។

…ចុះអីក៏ផ្តែសៗ…

ពាក្យនេះក្រោយមកត្រូវបានខ្ញុំត្រាប់តាមស្ទើរគ្រប់អត្ថបទពីនេះពីនោះរបស់ខ្ញុំ។

មួយម៉ោងបានកន្លងផុត យើងក៏សម្រេចថាសារចានបាយចេញព្រោះទោះជាទុកនៅទៀតក៏លេបលែងចូល រៀងៗខ្លួនហើយ។ លោកគ្រូបានសារធូបដែលបានដុតចេញ ប្រពន្ធលោកគ្រូដែលខ្ញុំហៅថាមីងៗ គាត់ បានដើរទៅរកស្រវាចេកនៅខាងក្រោមផ្ទះមកចងចេកដែលគេយកមកជូនហុចឱ្យទៅពីរនាក់ប្តីប្រពន្ធនោះ វិញ តែទំនងអ្នកទាំងពីរមិនចង់យកព្រោះខ្ញុំឃើញគេរាដៃ។ មីងចេះតែហុចឱ្យដោយនិយាយភាសារបស់ ពួកគាត់ឆ្លើយឆ្លងទៅមក ឯលោកគ្រូក៏នៅតែនិយាយជាមួយពួកគេ ដោយគ្រវីក្បាលតិចៗ ខ្ញុំឯណេះក៏ស្លុត ចិត្តទៅតាមហ្នឹងដែរព្រោះគិតថាបែបដោះស្រាយអីមិនចេញហើយបានជាគ្រវីក្បាល ហើយឱ្យរបស់ដែល គេយកមកជូនទៅវិញ។

ពួកយើងចាំតែរើរបស់ទៅ! សម័យជាកូនស្រីពៅរបស់មីងអាយុប្រហែលដប់ប្រាំឆ្នាំ វានៅអង្គុយក្បែរខ្ញុំ ចាំខ្ញុំ ហូបបាយរួចនឹងអាលវាបានរបស់បញ្ញើដែលខ្ញុំធ្លាប់សន្យាជាមួយវា។ លើកមុនខ្ញុំមកនៅផ្ទះវា ខ្ញុំឃើញវា យកក្រដាសដែលគេសែនចិនមានព័ណ៌ក្រហមមកប្រើ ខ្ញុំនៅនឹកមិនទាន់បាត់ទេ លើកមុនខ្ញុំនៅអង្គុយលើ រានហាលមុខផ្ទះខ្ញុំឃើញសម័យវាយកក្រដាសព័ណ៌ក្រហមដោយសារល័ក្តមកដាក់ចន្លោះបបូរមាត់ដើម្បី បានព័ណ៌ក្រហមស្អាតលើបបូរមាត់ ខ្ញុំនឹកឃើញ ឱហេតុតែគ្នាចង់ស្អាត ចង់ល្អ មិនដឹងថាអាក្រដាសហ្នឹង គេសម្រាប់យកទៅដុតសែនចិនអី។ ខ្ញុំក៏ហៅវាមកប្រាប់៖ ចាំបងមកលើកក្រោយ បងទិញការ៉ែមផ្ញើ! រួចខ្ញុំក៏ មិនភ្លេចដែរតែខ្ញុំមិនមែនអ្នកទៅទិញទេគឺម្តាយខ្ញុំជាអ្នករៀបចំឱ្យ។ ខ្ញុំបានប្រាប់គាត់ថា៖ ម៉ាក់ សម័យកូនមីង បានយកខោអាវខ្ញុំទៅបោកពេលខ្ញុំទៅធ្វើការ ហើយក្មេងហ្នឹងឧស្សាហ៍ណាស់ វាទៅកាប់អុសកាប់កូនឈើ យកមកលក់ក្នុងភូមិ យកមកបិតស្រាលក់បានលុយចាយណាម៉ាក់។ ម្តាយខ្ញុំ គ្រាន់តែឮថាគេបោកខោអាវ ឱ្យកូនគាត់ គាត់ស្រឡាញ់ណាស់ គាត់សួរ វាប៉ុណ្ណា អាយុប៉ុន្មាន ខ្ញុំក៏ប្រាប់ គាត់ ថាទិញក្រែមផ្ញើវាផង ម្សៅផង របស់ណាដែលក្មេងស្រីចង់បានហ្នឹង  ព្រោះគាត់ស្រណោះក្មេងពេលឮខ្ញុំនិយាយរឿងវាយកក្រដាសចិន សម្រាប់សែនយកទៅលាបមាត់ គាត់មានកូនស្រីដែរតែវាមិនដែលចេះ ចង់ល្អចង់ស្អាតដូចក្មេងម្នាក់នោះ។ មុនមួយថ្ងៃខ្ញុំចេញមកព្រៃ គាត់បានខ្ចប់អាវប៉ាក់និងផាមួងចាស់មួយ របស់គាត់ផ្ញើមីង និងខោខូវប៊យ និងអាវយឺតរបស់យុវវ័យមួយដែលទិញពីផ្សារមកផ្ញើឱ្យសម័យ និងមាន ក្រែមលាបមាត់ ក្រែមលាបមុខ ម្សៅ ឡេដែលគាត់ធ្លាប់ទិញឱ្យខ្ញុំផ្ញើឱ្យសម័យទាំងអស់ បូករួមទាំងរបស់ដែលមិត្តខ្ញុំផ្ញើពីស្រុកក្រៅមកដែល ខ្ញុំមិនបានប្រើគឺមួយកាបូបធំ។

ខ្ញុំនឹកថា បើខ្ញុំត្រូវទៅណា ហៅក្មេងមកឱ្យរបស់នេះផុតៗទៅព្រោះវាមកចាំយូរហើយ វាចង់បានណាស់ ពីក្បាលល្ងាចវាមិនទាន់មកពីព្រៃទើបខ្ញុំមិនទាន់ហុចឱ្យ ណាមួយម៉ាក់សុទ្ធតែមានសរសេរអក្សរណែនាំពី របៀបប្រើដាក់លើនោះទៀត ខ្ញុំចាំប្រាប់វាតាមក្រដាសនោះ ព្រោះគ្នាអត់បានរៀនសូត្រចេះអាន ចេះ សរសេរអីទេទោះជាកូនគ្រូបង្រៀនហើយក៏ដោយ។ សាលាបឋមសិក្សាដែលទើបបើកបានពីរឆ្នាំនៅក្នុង ភូមិហ្នឹងត្រូវបានបើកបិទៗមិនសូវជាប់លាប់ទេ ណាមួយអ្នកស្រុកនេះគិតតែពីរវល់នឹងរឿងរកលុយ ជា ជាងគិតរឿងរៀនសូត្ររបស់កូន សូម្បីលោកគ្រូ ខ្ញុំសួរគាត់ទៅគាត់ថាកាលកូននៅក្មេងគាត់រវល់តែដើរ កាប់ឈើ កាប់អុសគ្មានបានបង្រៀនកូនទេ ខ្ញុំក៏នឹករកពុទ្ធោតាមហ្នឹងដែរ គិតថាកូនគ្រូបង្រៀនផងមិនចេះ អក្សរចុះទម្រាំកូនអ្នកស្រុកធម្មតា?

ខ្ញុំរើយកកាបូបនោះហុចទៅឱ្យក្មេងដែលកំពុងអរញញឹមញញែម ទាំងក្នុងចិត្តនឹកថា៖ តិចទៀតបងទៅ ហើយសម័យ។ «សម័យ! ម្តាយបងផ្ញើខោអាវឱ្យអូនឯង» «មែន? ម្តាយបងឯងហ្នឹងម៉ែបងឯង មែន?» ហ៊ឺ ខ្ញុំថាមិនយកប្តីមិនយកកូនព្រោះធុញខ្លាចវាសួរខ្ញុំច្រើន ដល់ឥឡូវក្មេងនេះធំប៉ុណ្ណឹងហើយវានៅតែសួរ ខ្ញុំចឹងទៀត ខ្ញុំក៏តបទាំងល្វើយទៅវិញ «បាទ» ខ្ញុំចាំមើលវានឹងសួរខ្ញុំថាម៉េចទៀត។

អ្នកពីរនាក់ប្តីប្រពន្ធនោះបានចុះទៅវិញហើយដោយយួរចេកហ្នឹងទៅជាមួយផង។ តែគេក៏លែងយំលែង សោកអីទៀត ខ្ញុំនឹកថាបែបស្ថានការណ៍ធូរស្រាលវិញហើយ ប្រហែលជាលោកគ្រូសុំគេមិនឱ្យដេញពួក យើងទៅទេមើលទៅ ព្រោះពួកយើងមិនមែនជាមនុស្សអាក្រក់ គាត់ក៏ធ្លាប់បានស្គាល់មកដែរ។ ពេលភ្ញៀវ ទាំងនោះចុះទៅផុត ខ្ញុំរហ័សសួរលោកគ្រូភ្លាមពីហេតុការណ៍ទាំងនោះព្រោះខ្ញុំមិនចេះភាសា។

ស្តាប់ការសរុបសេចក្តីរបស់គាត់ទៅខ្ញុំឯណេះហួសចិត្តសឹងទៅដល់ប៉ែត។

ទាំងពីរនាក់ប្តីប្រពន្ធហ្នឹងឡើងមករកលោកគ្រូទាយ គាត់មិនត្រឹមតែជាគ្រូបង្រៀនទេ ជាគ្រូស្តោះផ្លុំ គ្រូខ្មែរ គ្រូទាយផង និងជាមនុស្សចាស់ទុំដែលគេហៅរកនៅពេលមានពិធីរៀប សែនព្រេនអីៗផង។ អ្នកប្រពន្ធ នោះនៅតែផ្ទះទេ ឯប្តីទៅកាប់អុសជាមួយពួកសម័យដែរហ្នឹង គាត់បាត់ពូថៅដែលខ្ចីគេយកទៅកាប់អុស ដល់ទៅរកយ៉ាងណាក៏មិនឃើញក៏ទៅទិញចេកមករកលោកគ្រូឱ្យជួយទាយរកពូថៅហ្នឹងឱ្យ ព្រោះគាត់ ចោទថាមានមនុស្ស ឬអារក្សដែលតាមព្យាបាទគាត់ជាអ្នកក្រដែលចេះតែលួចនេះលួចនោះរបស់គាត់។ មីងឆ្លៀតបញ្ជាក់ទៀតថាមួយភូមិនេះមានតែគ្រួសារនេះទេដែលកូនប្រាំពីរ ហើយគ្នាក្រណាស់ ក្រដល់ ថ្នាក់រកពូថៅមួយសម្រាប់ចិញ្ចឹមជីវិតគ្មាន។ ឯហេតុដែលបណ្តាលឱ្យក្រនោះវាមានត៖

ប្រពន្ធប្តីទាំងពីរគ្មានបងប្អូនគ្មានសាច់ញាតិ គឺកំព្រាក៏បានយកគ្នាជាប្តីប្រពន្ធមិនបានសែនព្រេនអីត្រឹមត្រូវ ទេគេបណ្តេញទៅនៅក្រៅភូមិជាយូរមកហើយ ដល់លោកមេភូមិគាត់អាណិតគាត់បានសុំរដ្ឋចែកដីឱ្យធ្វើ ផ្ទះនៅក្នុងភូមិជិតគេជិតឯងទៅគ្រាន់នឹងកាប់អុសកាប់ឈើលក់បានប្រាក់ចិញ្ចឹមកូនព្រោះនៅក្នុងព្រៃ ឯណា ឆ្ងាយពីគេវាលំបាកពេកចេះតែមករកបេះបោចក្នុងភូមិ។ បានដីក្បាលប្រហែលម្ភៃម៉ែត្រ បណ្តោយ ប្រហែលមួយរយនោះ បើមាននរណាគេមកឃោសនា ចែកអំណោយអី អ្នកភូមិ មេភូមិ មេឃុំអីគេអាណិត គេដាក់ឈ្មោះប្តីបើកមួយរបបទៅ ឯប្រពន្ធគេដាក់ឈ្មោះឱ្យបើកមួយរបបទៀត រួចកូនមានប្រាំនាក់នៅតូច ល្អិតល្អោចនៅឡើយមិនទាន់ជួយដៃជើងម៉ែឪបានទេ។ សម័យវាលូកមាត់កាត់ប្រសាសន៍មីងតាមសម្លេង រដឺនរបស់វា ក្នុងពេលដែលពួកខ្ញុំបានធូរដើមទ្រូងខ្សាកតែម្តង គឺដូចគេដកបាវខ្សាច់ចេញពីទ្រូង៖

អ្នកនឿតហ្នឹង បើគាត់ទៅទិញប្រហុកម្រយ គាត់ដាក់ស្រាសម្រយដែរ (គេនិយាយពីរោះណាស់) រួចទៅ ទិញមួយព្រឹកប្រហែលជាប្រាំជើង ម្តងទិញប្រហុក ម្តងទិញទឹកត្រី ម្តងទិញប៊ីចេង ម្តងទិញខ្លាញ់ មិនដែល ចេះទិញបានឱ្យរួចតែមួយជើងនោះទេ ហើយដាក់ស្រាប្រាំរយដែរ ហើយដាំបាយធ្វើម្ហូបអីក៏មិនកើតដែរ ឱ្យតែស្រាចូលពោះហើយនោះ។ (សម័យរើកាបូបបណ្តើរ និយាយជាមួយពួកយើងបណ្តើរ វាទាញសំពត់ អាវប៉ាក់មករលាស់)។

ខ្ញុំឃើញក៏ស្រែកទៅ ព្រោះថាខ្ញុំចាប់ផ្តើមរីករាយវិញហើយ៖ នែ! អាហ្នឹងបស់មីងទេ!

លោកគ្រូក៏បន្ត៖

តាមមើលទៅពូថៅហ្នឹងមិនបាត់ទៅណាទេ តែប្តីហ្នឹងស្រវឹងដាក់ដៃទៅណាមិនដឹងក៏ចេះតែមករកឱ្យជួយ ទាយឱ្យ គាត់ថា ឱ្យខំរកស្អែកហ្នឹងទៀត។ ព្រោះលើកមុនដាំបាយបាត់ឆ្នាំងបាយរួចចោទថាមានគេលួច តាមពិតទាំងប្តីទាំងប្រពន្ធស្មើដៃគ្នាខាងផឹក ម៉្លោះហើយក៏ភ្លេច វង្វេងឡើងវិលខួរអស់ ឯឆ្នាំងបាយនោះគឺ ដាំបាយរួចដើរទៅផឹកទាំងអស់គ្នា ឆ្កែឃ្លានវាពាំទៅស៊ីឯចុងភូមិ(ដី) ដល់ពីរថ្ងៃក្រោយទៅបត់ជើងទើបរក ឃើញមកវិញ កាលហ្នឹងរកគ្រូមើលដែរ ដល់រកឃើញវិញរត់មកប្រាប់លោកគ្រូវិញដែរ។

ខ្ញុំ៖ ចុះផ្ទះនៅឯណាមីង?

នៅខាងត្បូងទល់មុខផ្ទះកូនប្រសារគាត់ (ប្រហែលពីររយម៉ែត្រពីផ្ទះគាត់)។

ពូដែលទៅជាមួយខ្ញុំ៖ ចុះអត់មានពូថៅខ្លួនឯងទេ រកស៊ីនឹងពូថៅហើយខ្ចីតែគេ។

លោកគ្រូ៖ មានស្អីនៅក្នុងផ្ទះនោះ! របស់របរអីក៏ខ្ចីគេដែរ អ្នកខ្លះមានគេឱ្យទៅ ខ្លះគេធុញគេមិនព្រមឱ្យទេ ព្រោះគំនិតយើងវាមិនកើត!

ពូដែលទៅជាមួយខ្ញុំ៖ គ្មានបងគ្មានប្អូនអីសោះទេ?

មីង៖ កំព្រាតាំងពីក្មេងៗមក មិនមានញាតិមិត្តណាគេរាប់រកទេ ព្រោះគេជួយមិនកើត។

យើងបានសម្រាកយ៉ាងត្រជាក់ស្រេបក្នុងរាត្រីដែលរួចភ័យនោះ។

ខ្ញុំដេកមិនលក់ឆ្អែតដូចរាល់ដងទេ ព្រោះតែគ្មានបាយក្នុងពោះ។ ខ្ញុំងើបម៉ោងប្រាំក៏ហាត់ប្រាណរត់ត្រឹកៗ តាមផ្លូវមុខផ្ទះនាំឱ្យឆ្កែព្រុសទ្រហឹងពេញភូមិព្រោះវាឆ្ងល់នឹងមួកជាប់អាវរងារបស់ខ្ញុំ និងទម្លាប់ហាត់ប្រាណ ដែលគ្មាននរណាធ្លាប់ប្រទះភ្នែកក្នុងស្រុកភូមិនេះ។ ខ្ញុំលួចទៅសម្លឹងរកមើលផ្ទះរបស់ពួកគេ ដែលតាម មីងប្រាប់គឺជាខ្ទមតូចជាងគេមួយ។ មែន! លោកអើយ ស្រុកដ៏មហាសែនត្រជាក់នេះមានផ្ទះប៉ុនផ្ទះលោកគ្រូ (ផ្ទះឈើធំបីខ្នង ធំជាងគេក្នុងភូមិនេះ) ហើយខ្ញុំត្រូវដេកជាមួយនឹងសម្លៀកបំពាក់បីជាន់ហើយ នៅតែដេក មិនមានក្តីសុខទៀត។ ចុះទម្រាំខ្ទមប្រក់ស្លឹកត្នោត បិទជញ្ជាំងមិនជិតនេះ?

ខ្ញុំសុំនិយាយឱ្យច្រើនបន្តិចពីរឿងខ្ទមនេះ៖

ដូចខ្ញុំបានជម្រាបក្នុងប្រកាសមុនថាខ្ញុំដេកមិនលក់ទេពេលយប់ដោយត្រូវងើបយកក្រដាសហ្វ្លីបឆាតមកបិទ ជុំវិញមុងតែនៅមិនធន់នឹងអាកាសត្រជាក់ នៅក្នុងភូមិកណ្តាលព្រៃនេះ។ ខ្ញុំស្លៀកខោបីជាន់៖ ទីមួយ ខោរ៉ូម៉ារឹប ទីពីរខោក្រាស់មួយ ទីបីគឺខោស្លៀកធ្វើការដែលស៊កត្រឹមជង្គង់និងចងចុងជើងជាមួយកៅស៊ូ កុំឱ្យខ្យល់ឆ្លង កាត់។ អាវក៏ដូចគ្នានិងមានកន្សែងពោះគោមួយទៀតរុំក្បាល។ មានភ័យម្តងដែលខ្ញុំចង់ប្រាប់ទៀតដែរ តែសុំ ចាំទំនេរច្រើនសិនចាំដាក់ប្រកាសទៀត។

ដីភូមិរបស់គាត់នោះមានសង់ខ្ទមនៅចំកណ្តាលដើមពោតជុំវិញដែលប្រហែលជាអាចទប់ទល់ខ្យល់បាន ខ្លះ។ ខ្ទមនោះមានដំបូលប្រក់ស្លឹក និងជញ្ជាំងបិទដោយស្បូវក្រង តែមិនបានជិតទាំងបួនជ្រុងទេ កម្ពស់ ខ្ទមនោះពីដីប្រហែលជាមួយម៉ែត្រ និងកម្ពស់ពីកម្រាលក្តារទៅដំបូលមានប្រហែលជាមួយម៉ែត្រដែរ ប្រហែលជាមានតែក្មេងៗទេទើបអាចឡើងទៅអង្គុយបានលើខ្ទមនោះ។ ខ្ញុំព្រិចភ្នែកជាញឹកព្រោះទើប ក្រោកពីដេកក្រែងខ្ញុំមើលមិនសូវច្បាស់ ទាំងយកដៃញីភ្នែកពីរបីដង ខ្ញុំមិនហ៊ានចូលទៅជិតឡើយព្រោះ មើលត្រឹម១០ម៉ែត្រពីផ្លូវទៅនេះ ខ្ញុំមើលឃើញច្បាស់គឺមានពំនូកចំបើងនៅខាងជើងផ្ទះមួយគរតូច នៅ លើខ្ទមនោះមានកូនក្មេងដេកពីរបីនាក់ បានជាខ្ញុំមើលឃើញព្រោះវាអត់មានជញ្ជាំងមុខហើយឃើញ សុទ្ធតែជើងស្គមៗ។ ខ្ញុំក្រឡេកភ្នែកមួយជុំទៀតមុនពេលបោលក្បាលត្រឡប់មកវិញ មានកន្លែងដាំបាយ ដែលផ្គុំដោយថ្មកល់ជើងក្រានបីដុំ មានឆ្នាំងបាយនៅលើរានមួយដែលចំហគ្រប រួចផ្អៀងមួយចំហៀង ដោយកល់នឹងចានដីដុតសម័យឆ្នាំប៉ែត្រជាងប្រាំប្រាំមួយនៅក្បែរនោះ គ្មានឃើញពាងទឹក ពាងអីទេហើយ ក៏ប្រហែលជាគ្មានទាំងអណ្តូងទៀត។

ខ្ញុំឃើញហើយមីងខ្ទមហ្នឹង!

ខ្ញុំរត់មកវិញរាយការប្រាប់មីងនិងចាស់ៗដែលអង្គុយអាំងភ្លើង។ ខ្ញុំគ្រាន់តែនិយាយបានប៉ុណ្ណឹងដូចមានស្អី មកបង្អាក់មិនឱ្យនិយាយចេញអំពីភាពក្រីក្ររបស់មនុស្សរួមលោករបស់ខ្ញុំដែលហួសវិស័យ។ ខ្ញុំក៏រត់ចេញ ពីពួកគាត់បន្តហាត់ប្រាណទៀត។ ព្រះអើយ! មនុស្សកំពុងតែក្រហើយបានធ្វើបាត់ពូថៅដែលខ្ចីគេទៀត ខ្ញុំអាណិតណាស់។

ខ្ញុំត្រូវចេញទៅធ្វើការនៅភូមិផ្សេងបួនថ្ងៃ។ មុនពេលត្រឡប់មកផ្ទះឯខេត្តវិញ ខ្ញុំបានចូលយករបស់របរ ដែលខ្ញុំផ្ញើទុកនឹងផ្ទះលោកគ្រូ ដោយមិនភ្លេចអើតមើលខ្ទមនោះពេលជិះកាត់ទាំងក្តុកក្តួល។

គ្រាន់តែខ្ញុំនិយាយប្រាប់រឿងនេះក្នុងពេលរើឥវ៉ាន់ផ្លាស់ខោអាវបណ្តើរក្រោយមកដល់ផ្ទះវិញ ម៉ាក់ខ្ញុំគាត់យំ  គាត់ថាស្រុកយើងសម័យនេះហើយនៅគ្មានពូថៅប្រើសម្រាប់ចិញ្ចឹមជីវិតទៀត មិនមែនសម័យប៉ុលពត ឯណា។

ខ្ញុំបានឆ្លៀតទៅផ្ទះបងប្អូនឯភូមិក្បែរទីរួមខេត្តនោះដែរដើម្បីសួរយោបល់ពូខ្ញុំ ថាតើផ្លែពូថៅដែលជាងដំ និង ផ្លែដែលគេលក់នៅផ្សារមួយណាគ្រាន់ជាង ព្រោះផ្ទះរបស់ខ្ញុំប្រើពូថៅសល់ពីសម័យសង្គមពីរដែរ។ ពូ ប្រាប់ថាពូថៅដំដោយជាងស្រុកយើងល្អមាំជាប់ជាងពូថៅទិញ តែបើចង់ឱ្យគេដំទាល់តែចាំបួនប្រាំថ្ងៃសិន ខ្ញុំមិនអាចចាំបានទេព្រោះត្រូវត្រឡប់ទៅធ្វើការវិញក្នុងពីរថ្ងៃទៀត ក៏ទិញផ្លែពូថៅពីរតាមដែលម៉ាក់ប្រាប់ ដោយគាត់អ្នកចេញលុយឱ្យ មួយសម្រាប់ឱ្យយកទៅសងម្ចាស់គេដែលពួកគាត់បានធ្វើបាត់ មួយទៀតឱ្យ ទុកប្រើសម្រាប់ខ្លួនឯង។ បានលុយម៉ាក់ចេញឱ្យ ខ្ញុំក៏សុំម៉ាក់ឱ្យទិញខោអាវជជុះនៅផ្សារកន្លះការ៉ុងទៅឱ្យ ផង មុននឹងម៉ាក់ទៅទិញផ្តាំទៀត ម៉ាក់ទិញអាណាក្រាស់ៗណាម៉ាក់ មិនបាច់ខ្វល់ធំតូចអីទេ សំខាន់សុំឱ្យ តែកក់ក្តៅគ្រាន់នឹងដេកលក់ព្រោះរងាខ្លាំងណាស់។

ពេលមកដល់ភូមិនេះម្តងទៀត ខ្ញុំបានយកផ្លែពូថៅទៅឱ្យទាំងក្បាលល្ងាចទោះជាបានដំណឹងពីអ្នកផ្ទះ លោកគ្រូថាពូថៅនោះរកឃើញវិញដោយអ្នកស្រុកដែលទៅកាប់ឈើ គេបានឃើញវាភ្លេចចោលនៅឯព្រៃ។

ភ្លេចថាមានការ៉ុងខោអាវនៅជាប់កែបម៉ូតូខ្ញុំនឹកថាចាំព្រឹកចាំយកទៅឱ្យ តែដល់យប់ទើបបាយរួច អ្នកពីរ នាក់ប្តីប្រពន្ធនោះក៏មកលេង នាំកូនរញ៉ាក់រញៀវមកជាមួយផងមានដោយចេកមួយស្និតទើបកាច់ពីដើម ហូរជ័រតិចៗ និងកូនមាន់ប៉ុនកំភួនដៃខ្ញុំពីរមកផ្ញើ។ គ្នាមកអរគុណ រួចយករបស់ទ្រនាប់ដៃមកជូនវិញ។ មីងនិងលោកគ្រូជាអ្នកបកឱ្យស្តាប់ ខ្ញុំឯណេះវាទៅជាជនបរទេសទៅហើយព្រោះស្តាប់ភាសាគេនោះមិន បានសោះ តែលើកនោះខ្ញុំឆ្លៀតថតសម្លេងមកជាមួយចែកម្តាយខ្ញុំស្តាប់តាមរយៈម៉ាញ៉េតូច។ ខ្ញុំយកតែ ចេកទុកផ្ញើទៅម្តាយខ្ញុំតាមសំណូមពរ រួចឯមាន់ខ្ញុំប្រាប់ថាចាំវាធំខ្ញុំមកហូបតែម្តង តាមពិតទៅគេមុខមាំ មិនព្រមទេ ទារថាទាល់តែខ្ញុំព្រមទទួលទើបបាន ខ្ញុំប្រាប់ថាខ្ញុំដេកមិនលក់ទេបើសិនជាចងមាន់នៅក្រោម ផ្ទះហ្នឹងមួយយប់នោះខ្ញុំប្រហែលជាអាចឈឺ។ មីងអ្នកបកមិនដឹងនិយាយយ៉ាងម៉េច គេក៏ទុកមាន់ឱ្យចង ក្រោមផ្ទះរួចក៏ចុះទៅទាំងអស់គ្នាទុកឱ្យខ្ញុំសម្រាក។ មីងគាត់លបចុះទៅស្រាយមាន់នោះឱ្យវាដើរទៅបាត់ ទៅគាត់ក៏ថ្លង់វាយំដែរ។

ម្តាយខ្ញុំហូរទឹកភ្នែកផង សើចផង។ គាត់នឹកហួសចិត្តនឹងដើរទៅភ្លេចពូថៅនៅក្នុងព្រៃ គាត់ថា មិនដឹងជា ស្រវឹងប៉ុណ្ណាដល់ថា្នក់ភ្លេចរបស់ដែលកាន់ជាប់ដៃទៅ។ ខ្ញុំប្រាប់គាត់ថា ទាំងប្តីប្រពន្ធគឺដើរទៅដើរមកព្រោះ បានប្រាក់ពីលក់អុសទៅតូបលក់ចាប់ហួយហួសផ្ទះមីងប្រហែលពីរបីផ្ទះ ខ្ញុំសួរទៅមីងគាត់ថាគ្មានស្អីក្រៅ ពីនាំគ្នាទៅផឹកនោះទេ គាត់ខ្លាចថាបានផ្លែពូថៅទៅយកទៅលក់ទិញអង្ករហូបទៀតឯណោះ។

ធ្វើអីធ្វើទៅ ព្រោះម្តាយខ្ញុំគាត់តាំងចិត្តថាធ្វើបុណ្យហើយ គាត់គ្មានគិតអីទេ។

ទៅលើកក្រោយទៀត គេបាននាំកូនស្រីតូចមួយអាយុប្រហែលប្រាំពីរឆ្នាំមកលេងនៅយប់ទីមួយ។ មីង គាត់ខ្សឹបប្រាប់ខ្ញុំថា ចង់បានកូននោះទៅចិញ្ចឹមទេ? ខ្ញុំប្រកែកញ៉ាញតែម្តង។ យប់ទីពីរ ដឹងការណ៍មុន គ្រាន់តែឮឆ្កែព្រុសខ្ញុំបិទពិលរបស់ខ្ញុំទទូរភួយដេកលក់បណ្តោយ មីងក៏ស្រែកប្រាប់ថា គេដេកលក់អស់ ហើយ គាត់នាំគ្នាទៅវិញទៅ។

ខ្ញុំមិនមែនមនុស្សចិត្តដាច់ទេ ម្តាយខ្ញុំរឹតតែចង់បានកូនគេមកចិញ្ចឹមទៅទៀត តែសម្រាប់ខ្ញុំ ខ្ញុំធ្លាប់ត្រូវគេ បំបែកពីម្តាយខ្ញុំ ខ្ញុំដេកយំទាល់តែគេនាំមកជួបម្តាយវិញបានខ្ញុំហូបបាយ ខ្ញុំជួបបែបនេះហើយឱ្យខ្ញុំសាង ស្នាមរបៀបនេះទៀតឬ? រកស៊ីចិញ្ចឹមតែខ្លួនមួយមិនចង់រស់ស្រួលផង ទម្រាំមានមនុស្សម្នាក់ទៀតក្នុង បន្ទុកទៀតនោះយ៉ាងណាទៅខ្ញុំ?

ខ្ញុំជឿថា មនុស្សមានវាសនាខុសៗគ្នា។ នៅទីក្រុងខ្ញុំតូចចិត្តដែលខ្លួនឯងទន់ទាបជាងអ្នកនៅក្បែរ តែទៅ ដល់ព្រៃ ទីជនបទដាច់ស្រយាលខ្ញុំរឹតតែមើលឃើញពួកគេលំបាកជាងខ្ញុំមួយរយដងទៅទៀត។ ប្រហែល ជាមកតែពីគំនិតមិនចម្រើននេះហើយបានជាខ្ញុំនៅតែអាចឹងដដែល គ្មានទៅណាឆ្ងាយសោះ។

Advertisements
  1. somada / កុម្ភៈ 23 2012 5:36 ល្ងាច

    អត់ទាន់មានពេលអានទេច៎ាស ព្រោះដល់ម៉ោង​ទៅផ្សារទិញម្ហូប​ហើយ ចាំយប់បន្តិចញ៉ាំបាយហើយចាំអាន​ !សង្ស័យ​ទាល់តែអានតភាគហើយមើលទៅ​ពីរ​បីយប់បានចប់ ។ ចប់បេលណានិង ខាំមាន់ភ្លាម អូច្រឡំទេ​ខំមិន​ ! Please enjoy with your dinner dear sister !

    • លី កល្យាណ / កុម្ភៈ 23 2012 6:16 ល្ងាច

      បង កុំភ្លេចទិញត្រប់ឆា ផ្ញើខ្ញុំផងព្រោះខ្ញុំក៏អត់ទាន់មានម្ហូបដែរ។
      បងអានចប់ខ្ញុំមានមាន់ញ៉ាំដែរទេដឹង!
      អរគុណបង! សូមពិសាបាយឱ្យឆ្ងាញ់ជាមួយគ្រួសារ!

  2. ភរិយានិងម្ដាយម្នាក់ / កុម្ភៈ 24 2012 10:47 ព្រឹក

    អានរួចហើយតាំងពីយប់ តែអត់បានខាំមាន់(អីយ៉ាស ខុំមែន) ព្រោះយប់ម៉ិញទំរាំអានចប់ ងុយគេងប៉ាដោយ! ឥឡូវសុំចេញវាចាបន្តិច៖ អានហើយចង់សើចបន្តិច ចង់យំបន្តិចម៉េចទេខ្ញុំ ចង់សើចព្រោះហួសចិត្តរឿងបាត់ពូថៅ ឯចង់យំព្រោះនឹកឃើញនៅពេលដែលខ្ញុំ កូនខ្ញុំ មានខោអាវស្លៀកពាក់ល្អៗ នៅផ្ទះថ្ម មានអាហារឆ្ងាញ់ៗញ៉ាំ ក្មេងៗអ្នកព្រៃភ្នំ បែរជារកសម្បីតែខោអាវរុំអោយជិតខ្លួនមិនបាន មិនដែលស្គាល់អ្វីថាម្ហូបឆ្ងាញ់ ផ្ទះមិនមែនជាផ្ទះ រកជញ្ជាំងបាំងគ្មាន! 😦

    • លី កល្យាណ / កុម្ភៈ 24 2012 6:10 ល្ងាច

      ខោអាវដែលមានស្លៀកពាក់នោះសឹងព័ណ៌ភក់ទាំងអស់ បើអ្នកនៅតំបន់ដីក្រហម ខោអាវក៏ប្រែព័ណ៌តាមហ្នឹងដែរទៅ។ បើក្លិនវិញ មិនបាច់ថ្លែង…
      យើងនៅស្រុកផ្សារសម្បូរអីហូប មានសាច់ មានត្រី តែអ្នកស្រុកទាំងនោះរកតែត្រីក្នុងស្រះឱ្យសល់ដល់ខែប្រាំងមិនបានទេ បែបនេះប្រហែលជាពិបាកក្នុងការទប់ទល់រងាណាស់ ចឹងហើយបានជាគេចូលចិត្តដេកក្នុងពំនូកចំបើង
      បើសិនជាមានមនុស្សកាន់តែច្រើនគិតដូចសុជីវី ប្រហែលជាបដិវត្តកសិករមិនកើតមានទៀតទេ។

    • ភរិយានិងម្ដាយម្នាក់ / កុម្ភៈ 25 2012 10:41 ល្ងាច

      ខ្ញុំកើតមកមិនដែលស្គាល់ពាក្យថាអត់នោះយ៉ាងម៉េចទេ ទោះជាកាលនៅពីតូចមិនសម្បូរសប្បាយដូចឥឡូវ ក៏មិនដែលស្គាល់ថាអត់ឃ្លាននោះយ៉ាងណាដែរ។ ពេលឃើញគ្នាអ្នកក្រខ្សត់នោះ ខ្ញុំតែងឆ្ងល់ថា មនុស្សម្នាក់ៗ កើតមកមានជីវិតតែមួយ រស់នៅក៏តែម្ដងដែរ ហេតុអីកុំថាដល់ហូបឆ្ងាញ់ ត្រឹមហូបមួយឆ្អែតក៏គ្នាមិនដែលស្គាល់ដែរ? តើវាជាកំហុសនរណា? តើយើងម្នាក់ៗអាចជួយអ្វីដល់អ្នកទាំងនោះបានខ្លះ? ខ្ញុំសូមសសើរបងកល្យាណដោយស្មោះដែលបងបានជួយ អ្នកដែលទីទាល់ក្រទាំងនោះ យ៉ងហោចណាស់បងបានជួយសំរាលការពិបាករបស់ ពួកគាត់បានមួយចំណែកដែរ។

  3. somada / កុម្ភៈ 24 2012 11:26 ព្រឹក

    អានចប់ហើយបាទ! កល្យាណ​អរគុណណាស់ដែលពាំនាំបទពិសោធន៍ល្អ ៗ សម្រាប់អ្នកភូមិយើង​ ។ តែ​បង​ចំណុច​ដែលបង​ចង់ដឹងបំផុត​នោះគឺ ទំនៀមទម្លាប់​ និង​របៀប​របប​រស់នៅរបស់​បងប្អូន​យើង នៅតាមស្រុក​ភូមិ​នានា​ ជាពិសេស​នៅតំបន់​ព្រៃភ្នំតែម្តង ។ សូមអរគុណទុកជាមុន ។

  4. លី កល្យាណ / កុម្ភៈ 24 2012 5:55 ល្ងាច

    ជនជាតិកួយ ប្រកាន់ថា បើមានមនុស្សចំណូលថ្មីចូលភូមិ ហើយមានរឿងអីកើតឡើង គេត្រូវបណ្តេញមនុស្សនោះចេញភ្លាមៗ អត់ទុកទេ។
    មិនដឹងថាឥឡូវគេប្រែក្លាយយ៉ាងណាទេ តែកាលណោះ២០០៤ ២០០៥ នៅតែគោរពជំនឿហ្នឹងដដែល។

  5. សម្ផស្ស / កុម្ភៈ 26 2012 8:06 ល្ងាច

    សុំ​សរសើរ​ដោយ​ស្មោះ​ពូកែឧស្សាហ៍​សរសេរ​មែន ។ ប៉ុន្តែ​ខ្ញុំ​អត់​ទាន់​អាន​ចប់​នៅ​ឡើយ​ទេ! 😀 ចាំ​មាន​ពេល​ចាំ ​អាន​ឱ្យ​ចប់​នឹង​គេ​ដែរ ។

    • លី កល្យាណ / កុម្ភៈ 26 2012 8:10 ល្ងាច

      😀 តាមសម្រួល។
      រាត្រីសួស្តី។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: