Skip to content
1 ខែ​មីនា 2012 / ស្នាមញញឹម

កុហកគេមិនដែលល្អទេ

ខ្ញុំធ្វើការជាមួយអ្នកស្រុកនៅជនបទតាំងពីឆ្នាំ ២០០២ មកម៉្លេះ ជានិច្ចជាកាលខ្ញុំច្រើនជាអ្នករៀបចំការប្រជុំ ជាអ្នកណែនាំក្នុងការបណ្តុះបណ្តាល និងជាអ្នកសម្របសម្រួលការងាររបស់អង្គភាព។

អ្នកស្រុកទាំងនោះដែលភាគច្រើនយើងនាំគ្នាហៅគាត់ថាសហគមន៍ព្រោះនៅក្នុងគម្រោង គាត់មាននាទី បែបនេះតែងហៅខ្ញុំថាអ្នកគ្រូ។ គាត់ត្រូវបានចូលរួមជាមួយខ្ញុំរហូតដល់ជួនកាលយើងសម្រាកពីការសិក្សា យើងក៏និយាយគ្នាលេងពីគ្រួសារ ពីមុខរបរ ពីការងារផ្សេងដែរ។ ខ្ញុំស្និទ្ធស្នាលនឹងគាត់គ្រប់ៗគ្នា។

អ្នកនៅសៀមរាបត្រូវបានខ្ញុំទៅបណ្តុះបណ្តាលញឹកជាងគេព្រោះតែគម្រោងពីរនោះពិបាកជាងគេលើ បញ្ហាជីវភាពរបស់ប្រជាជននោះមួយផ្នែក តែដែលខ្ញុំចង់ទៅកាន់តែញឹកនោះព្រោះកាលទៅប្រជុំលើក ដំបូងនៅភូមិមួយរបស់គម្រោង មានការមិនពេញចិត្តពីអ្នកស្រុកដោយសារគេគិតថាគម្រោងនេះវាប៉ះ ពាល់ដល់ជីវភាពរបស់ពួកគេ មានអីគេប្រុងរកផ្គាក់កាប់ខ្ញុំទៅហើយ កុំតែបានតៃកុងឡាន និងលោកម្នាក់ ដែលទៅជាមួយប្រាប់ទាន់ ម៉្លេះគ្មានបានមកប៉ប្រែនៅលើវើតប្រេសនេះទេ។

កាលពីខែមុននេះយើងមានរៀបចំការប្រជុំមួយជាមួយគាត់ដែលរាល់លើកមានតែខ្ញុំទេទៅជួបគាត់។ លើក នេះមានទាំងអស់លោកជាប្រធាន ជាក្រុមការងារគម្រោងគាត់អញ្ជើញទៅចូលរួមដែរ។

រឿងដែលខ្ញុំនឹកអស់សំណើចម្នាក់ឯងក្នុងឡានត្រឡប់មកវិញ គឺរឿងដែលខ្ញុំកុហកសហគមន៍ រួចហើយ ជាន់កន្ទុយខ្លួនឯងទុក។ 😀

ពេលទៅបង្រៀន ប្រជុំ ឬជួបគ្នាជាមួយពួកគាត់នៅឯភូមិ ខ្ញុំតែងត្រូវបានគាត់សួរថា មានគ្រួសារឬនៅ? កូន ប៉ុន្មានហើយ? គ្រួសារធ្វើការអី? នៅឯណា? ប្រុងយកកូនប៉ុន្មាន? ។ល។ និង ។ល។

ឯចម្លើយរបស់ខ្ញុំតបទៅវិញនោះគឺ ខ្ញុំមានគ្រួសារហើយ ការឆ្នាំ២០០៥ មានកូនស្រីម្នាក់កើតឆ្នាំ ២០០៥ បើ គិតមកទល់ពេលសរសេរនេះគឺមានអាយុប្រាំពីរឆ្នាំហើយ គ្រួសារខ្ញុំគាត់ជាអ្នកច្នៃម៉ូតខោអាវ នៅក្នុងផ្សារ ធ្វើការនៅភ្នំពេញទាំងអស់គ្នា។ល។ និង។ល។ ដែរ។

មូលហេតុដែលខ្ញុំចេះ តែកុហកគេនេះគឺមានបី៖ ទីមួយ ខ្ញុំជួនកាលត្រូវដេកនៅភូមិ ត្រូវដើរជាមួយអ្នក ភូមិទៅនេះទៅនោះតាម តែការចាំបាច់ក្នុងការងារ រួចខ្ញុំក៏ត្រូវចេះការពារខ្លួនផងដែរ ។ ទីពីរ ខ្ញុំមាននាទី ជាអ្នកណែនាំគេ ការដែល នៅលីវទំនេរ មិនទាន់មានគ្រួសារក៏ជាផ្នែកមួយដែលនាំលំបាកក្នុងការណែនាំ ផងដែរ។ ឯរឿងក្រៅខោ មួយទៀតដែលខ្ញុំដឹងថាមានហេតុផលច្រើនជាងគេនោះគឺថាពេលនិយាយ ជាមួយសហគមន៍ពួកគាត់ក៏ ត្រូវការការលេងសើចរបៀបចំអេសចំអាសខ្លះៗដែរ បើខ្ញុំស្រីនៅលីវបែប នេះគាត់មិនហ៊ាននិយាយទេ បាត់សប្បាយអស់ហើយ! ខ្ញុំក៏បណ្តោយមាត់តាមពួកគាត់ខ្លះទៅ!

រឿងនេះមិនមែនលេងធេងទេ ពួកគាត់បានលបសួរក្រុមការងាររបស់យើងដែលធ្វើការជាប្រចាំនៅទីនោះ ថាតើព័ត៌មានដែលគាត់ទទួលបានពីខ្ញុំនឹងពិតឬទេ? ប្រហែលជាគាត់សង្ស័យច្រើន ទាំងកាយវិការ ការ និយាយស្តីរបស់ខ្ញុំ និងម្រាមដៃរបស់ខ្ញុំផងដែរ។ នៅទីបំផុតខ្ញុំសម្រេចចិត្តពាក់ចិញ្ចៀនមួយនៅម្រាមដៃ នាងខាងឆ្វេង (និយាយការពិតទៅខ្ញុំមិនចូលចិត្តវាទេ ចិញ្ចៀន ខ្សែក ខ្សែដៃអីនោះ ព្រោះវាទើសទែង) ។ រួចជួនកាលខ្ញុំហៅប្អូនស្រីៗរបស់ខ្ញុំថាកូន នៅពេលដែលខ្ញុំសម្រាកការងារទូរស័ព្ទមករកពួកវានៅឯផ្ទះ។

រឿងក៏វាចេះតែរម្លងទៅច្រើនឆ្នាំហើយដែរ ដែលខ្ញុំចេះតែកុហកពួកគាត់។ ទើបតែខែមុននេះក្រុមការងារ ខ្ញុំចុះទៅប្រជុំនៅទីនោះ ក៏ស្រាប់តែបែកធ្លាយរឿងរបស់ខ្ញុំធ្វើឱ្យគេសើចគ្រប់តែគ្នា។

ម៉ោងណាត់ប្រជុំបានមកដល់ពួកគាត់នៅរង់ចាំដំណើរពួកយើងទៅពីចម្ងាយ។ គ្រាន់តែចុះពីឡានភ្លាម ខ្ញុំជម្រាបសួរគួរសមគាត់ទាំងអស់គ្នាភ្លាម រួចណែនាំគាត់ឱ្យជម្រាបសួរអ្នកដែលអញ្ជើញមកដល់ដើម្បី ឱ្យពួកគាត់បានស្គាល់អ្នកធំៗផង។

មីង មា ពូ បងអីដែលគួរសមរួចក៏រកកន្លែងអង្គុយ ខ្ញុំក៏រកទីសមគួររបស់ខ្ញុំដែរ ស្រាប់តែមានសំណួរភ្លាម៖

អ្នកគ្រូ! សុខសប្បាយជាទេ? បាត់អ្នកគ្រូឯងមិនដែលមកបង្រៀនពួកខ្ញុំទៀតសោះ យូរហើយណា៎! រួចចុះគ្រួសារ កូនចៅអីធំប៉ុណ្ណាហើយអ្នកគ្រូ?

ខ្ញុំរាងមីងមាំងដែរព្រោះមិនទាន់បានតាំងចិត្តត្រឹមត្រូវផង រវល់តែគិតរឿងការងារដែលត្រូវនិយាយពេល ប្រជុំហ្នឹង ក៏មិនទាន់ហាមាត់និយាយថាម៉េចទេ គ្រាន់តែសើចញឹមៗដាក់គាត់ រួចក៏ប្រុងហើបមាត់ស្រាប់ តែប្រធានរបស់ខ្ញុំ និងលោកៗដែលអញ្ជើញទៅជាមួយគាត់ឮក៏ស្រែកតបភ្លាម៖

ហ្អេ! អ្នកគ្រូឯណាទាន់មានប្តី? មានកូនឯណា? គេនៅក្រមុំថាគេមានប្តីមានកូនអី!

គាត់ក៏ងាកមកនិយាយជាមួយខ្ញុំតាមទម្លាប់លេងសើចរបស់អ្នកធ្វើការ៖

ម៉េចចេះអ្នកគ្រូ បណ្តោយឱ្យមកធ្វើការងារនៅនេះ ក៏ស្រាប់តែបានប្តីបានកូនឯណា ដល់ថ្នាក់មានអ្នកសួរ រកលាន់ទៅហើយ! ថាប្រុសៗទៅ ទៅធ្វើការឯណាបានប្រពន្ធមានកូននៅនោះ អ្នកគ្រូហ្នឹងមានចឹងដែរ?

និយាយរួចប្រធានៗ គាត់ក៏សើច តែអ្នកស្រុកមានសើចអី ឯខ្ញុំឯណេះដឹងខ្លួនថាខុសក៏នៅអេះអុះ អៀនបន្តិច ខ្មាសបន្តិចមិនហ៊ានហាមាត់តបទៅយ៉ាងម៉េចទេ ទុកឱ្យពួកគាត់និយាយគ្នាទៅចុះ។ គាត់សួរទៀត៖

ក្រែងអ្នកគ្រូថាមានប្តីមានកូនហើយហ្អីកាលមកបង្រៀនពួកខ្ញុំនោះ!

ប្រធានក៏នាំបង្វែរនិយាយរឿងផ្សេងទៅ ធ្លាយដល់រឿងអ្នកសួរហ្នឹងគាត់ជាអាចារ្យការ ម៉្លោះហើយក៏បែក ប្រាជ្ញទៅនិយាយរឿងធ្វើអាចារ្យ រឿងរកពេលា រឿងអីណាឯណីទៅរួចខ្លួនឯរឿងខ្ញុំ។

ពេលនេះខ្ញុំកំពុងតែគិតថាគួរនិយាយយ៉ាងម៉េចពេលជួបពួកគាត់លើកក្រោយដើម្បីកុំឱ្យអាម៉ាស់មុខពេក!

ពាក្យចាស់ពោលទុកមិនមែនចង់និយាយក៏និយាយទៅទេ គឺសុទ្ធតែមានពិសោធន៍ទៅហើយ៖

«កុហកគេវាបាប» «ពាក្យភូត(កុហក)ច្រើន ច្រើនចាញ់អាត្មា»

Advertisements
  1. តា ម៉ាប់ / មីនា 2 2012 8:53 ព្រឹក

    អូយ ស្ពឹកទាំងព្រលឹម !

  2. somada / មីនា 2 2012 10:00 ព្រឹក

    អត់ស្ពឹកអីទេតាម៉ាប់ព្រើពេលនេះអាចជាឱកាសរកបានអ្នកជួយថែម្នាក់ផង​ក៏មិនដឹង ? កុំឲ្យគេដេញទាន់​ជាន់កែង ថ្ងៃក្រោយកុហុកគេហើយកត់ទុកផង​កុំឲ្យគេជាន់បាន អូច្រឡំជាន់​កន្ទុយតើ ។

    • លី កល្យាណ / មីនា 2 2012 1:22 ល្ងាច

      ហាសហាសហា ស្ពឹកមែនណាបង ព្រោះមិនដឹងដោះសារ ថាម៉េចទៅវិញ។
      រឿងយើងចង់រកអ្នកជួយថែនោះគ្មានទេ មានតែគេរកអ្នកជួយថែបានមាន។
      កត់តើបង! កត់រាល់កិច្ចការងារទាំងអស់ កុំតែកត់កុំអីសរសេរគ្មានចេញទេ តែវាណាស់តែថាខ្ញុំនេះចាស់ណាស់ហើយ បានជាភ្លេចច្រើនរាល់តែលើក ភ្លេចសព្វគ្រប់យកតែមែនទែន។ ហ៊ឺ បាកចិត្តណាស់!

  3. somada / មីនា 2 2012 2:22 ល្ងាច

    ញ៉ាំទាំងដុំទៅចឹង​!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: