Skip to content
5 ខែ​មីនា 2012 / ស្នាមញញឹម

តើហ្នឹងដែលហៅថាស្នេហា? ឬគ្រាន់តែជាអារម្មណ៍?

ខ្ញុំអត់ទាន់ស្គាល់ច្បាស់ពាក្យ «ស្នេហា, ស្រឡាញ់, ចូលចិត្ត, អារម្មណ៍ល្អ» នៅឡើយទេ។ ដោយគេចពី ការបើកវចនានុក្រមទាំងអស់ និងការណែនាំពីគ្រូបង្រៀននៅសាលា ខ្ញុំព្យាយាមស្វែងយល់ពាក្យនេះ ខ្លួនឯងតាមរបៀបរបស់ខ្ញុំ។

មនុស្សដែលខ្ញុំស្រឡាញ់មុនគេគឺម្តាយ និងជីដូនរបស់ខ្ញុំ អាចជាស្នេហាដែរព្រោះមានពាក្យថាស្រឡាញ់ នៅក្នុងនោះ។ ចុះតើស្នេហាដែលគេដទៃមានគ្រប់តែគ្នានោះវាយ៉ាងណាទៅវិញ។

បុរសម្នាក់ដែលធ្វើការជាមួយមិត្តខ្ញុំបានសារភាពថាស្រឡាញ់នាង។ នាងក៏ស្រឡាញ់គាត់ ក្រោយមក អ្នកទាំងពីរបានរៀបការជាមួយគ្នា។ ហ្នឹងបែបស្នេហាហើយមើលទៅ ស្នេហាផ្លេកបន្ទោរ។

មិត្តពីរនាក់របស់ខ្ញុំដែលធ្លាប់រៀនជាមួយគ្នាក៏បានស្រឡាញ់គ្នាតាំងពីរៀនវិទ្យាល័យរហូតក្រោយចប់ មហាវិទ្យាល័យពីរឆ្នាំពួកគេក៏ព្រមព្រាងរៀបការជាមួយគ្នា។ ហ្នឹងក៏ស្នេហាដែរ ស្នេហាអមតៈ។

បងប្អូនសាច់ឆ្ងាយរបស់ខ្ញុំរៀបការហើយជិតដប់ឆ្នាំហើយតែគ្មានកូនសោះ ម្នាក់ៗខំរកវិធីធ្វើយ៉ាងណា ដើម្បីមានកូន ហើយក៏ទង្គិចចិត្ត ទាស់ទែងគ្នាមិនសូវលោះតែក៏នៅតែទ្រាំនៅជាមួយគ្នាបានរហូតមក។ ហ្នឹងក៏ស្នេហាដែរ ស្នេហាអត់កូន។

មិត្តម្នាក់ទៀតរបស់ខ្ញុំរៀបការបានកូនពីរទៅហើយ នៅតែចង់បានកូនបួនប្រាំនាក់ទៀត។ ហ្នឹងក៏ស្នេហាដែរ គឺសេ្នហាកូន និងគ្រួសារ។

ប្អូនៗខ្ញុំ មានសង្សាររួចក៏បែកគ្នា រួចអង្គុយសញ្ជប់សញ្ជឹងនឹកសង្សារ ហ្នឹងក៏ជាស្នេហា សេ្នហាយុវជន។

ចុះចំណែកខ្ញុំ! ខ្ញុំមានស្នេហានឹងគេដែរអត់? ខ្ញុំក៏អត់ច្បាស់ក្នុងចិត្តដែរ។ សូមក្រឡេកមើលស្នេហារបស់ ខ្ញុំវិញម្តងមើល តើដូចជាគេឯងដែរទេ?

ខ្ញុំស្រឡាញ់តួកុនហូលីវូត ចិន ហុងកុង កូរេ ជប៉ុន បារាំង អង់គ្លេស សៀម ។ល។ ព្រោះដោយច្រើនពេក មិនដឹងរៀបរាប់ម៉េចអស់។

និយាយពីរឿងស្រឡាញ់តួកុននេះ មានតែតួហូលីវូតទេដែលខ្ញុំស្រឡាញ់ច្រើនជាងគេ និងយូរជាងគេ ។ ឯតួកុនចិន នាងក្វាន់ ជឺលីន (Rosamund Kwan/Kwan Chi-lam) ហ្នឹងខ្ញុំស្រឡាញ់បានមួយឆាវ ប្រហែល បីខែក៏ឈប់ស្រឡាញ់ទៅ។ តួ ហុងកុង នាងបូបូ ក្នុង «រឿងជួសបន្លាក្នុងបេះដូង» បានឆក់បេះដូងខ្ញុំអស់ ជាងមួយឆ្នាំ ទម្រាំត្រឡប់មកជាមនុស្សជានាដូចដើម ខ្ញុំប៊ិះប្រឡងឌីប្លូមធ្លាក់។ តួកុនកូរេ ដែលស្រូបពេល វេលារបស់ខ្ញុំមួយចំភ្លូសដែរនោះគឺនាង ស៊ូ អា (Park Soo-ae) នាង លី យ៉ូវ៉ុន(Lee Yo-won) និង លោក រ៉េន (Jung Ji-Hoon)។ ដោយសារនាង លី យ៉ូវ៉ុន មានមុខមាត់ដូចមិត្តម្នាក់របស់ខ្ញុំ ខ្ញុំក៏សម្រេចចិត្តឈប់ ស្រឡាញ់នាងទៀត។ តួនាង អូស៊ីន ក្នុង «រឿងអូស៊ីន»របស់ជប៉ុន ធ្វើឱ្យខ្ញុំមិនត្រឹមតែកោតសរសើរនូវ ការតស៊ូរបស់ជនជាតិនេះក្នុងការកសាងជាតិក្រោយពីត្រូវបានបំផ្លាញ ដោយសង្គ្រាមលោកលើកទីពីរ នោះទេ តែតួម្នាក់នោះសម្តែងបានល្អសឹងថាឥតខ្ចោះគ្រាន់តែថារហូតមកដល់ពេលនេះនៅមិនទាន់ ស្គាល់ឈ្មោះពិតរបស់តួស្រីអូស៊ីននៅឡើយទេ។ តួកុនបារាំងនាង សូភី ម៉ាសូ (Sophie Marceau) ដែល មានរូបរាងស្អាតអស្ចារ្យនោះក៏មានឈ្មោះនៅក្នុងបញ្ជីមនុស្សដែលខ្ញុំ ស្រឡាញ់ម្នាក់ដែរ។  តួកុនជាតិ អង់គ្លេស នាងខេត វីនស្លេ (Kate Elizabeth Winslet) ក្នុង «រឿង ទីតានិច» នាងរ៉ាឆែល សេលី (Rachel Shelley) ក្នុង«រឿង Land Tax/Lagaan» របស់ឥណ្ឌា។ នាងអែនថង ប្រាសុម អ្នកនាងជីនតារា ស៊ុខាផាត់ តួកុនសៀមក៏ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីឈ្មោះមនុស្សដែលខ្ញុំស្រឡាញ់ដែរ។

តួកុននានាជាតួរាយរង ក៏ស្ថិតក្នុងចំណាត់ថ្នាក់រាយរងក្នុងដួងចិត្តខ្ញុំដូចគ្នា។ និយាយពីរឿងតួកុនហូលីវូត វិញម្តងដែលនៅក្នុងបញ្ជីរបស់ខ្ញុំមានដល់ទៅពីរទំព័រ គឺជាមនុស្សដែលខ្ញុំស្រឡាញ់ច្រើននាក់ ជាងតួជាតិ ដទៃ និងបានយូរជាងគេផងដែរ (មានកិត្តិយសដល់ប៉ុណ្ណឹងហើយម៉េចទៀត?)។

លោក ស្ទេវិន ស្ពីលប៊ើក, គ្រីស្តូហ្វើរ កូឡំបើស, ថូនី ហ្គោលវីន, ថែមលោក ចេមី អ៊ុយស៍(ជាតិអាហ្រ្វិកខាង ត្បូងមួយទៀតទៅចុះ) និង ជេមស៍ កាមេរ៉ុន ទោះមិនមែនជាតួកុន តែជាអ្នកដឹកនាំរឿង ផលិតករ និងជា អ្នកនិពន្ធ តែខ្ញុំស្រឡាញ់គាត់ដែលហ្មត់ចត់ និងប្រិតប្រៀងដូចមនុស្សស្រី រឿងដែលគាត់ដឹកនាំមិនសូវមាន ភាពខ្វះចន្លោះទេ។ បើជ្រុលជាស្រឡាញ់អ្នកដឹកនាំរឿងបុរស ខ្ញុំសុំថែមអ្នកដឹកនាំរឿងស្រ្តីទៀតចុះ លោកស្រី ក្លែរ គីលនើរ (Clare Kilner), អៃលីន ឆៃឃិន (Ilene Chaiken), លីហ្សា ឆូឡូដេនកូ (Lisa Cholodenko), រ៉ូស ត្រូចឆេ (Rose Troche), ជីននេវើរ ធើននើរ (Guinevere Turner), ស្ហាមីម សារីហ្វ (Shamim Sarif), ប៉ាទ្រីស្យ៉ា រ៉ូសេម៉ា (Patricia Rozema) ។ល។

ចំណែកតួកុនប្រុសវិញ ខ្ញុំស្រឡាញ់ ថម គ្រូស (Tom Cruise), ដឺម៉ុត មុលរ៉ូនី (Dermot Mulroney), ឡេអូណាដូ ឌីកាព្រីអូ (Leonardo Willhelm DiCaprio), ប្រែត ភីត (William Bradley “Brad” Pitt)។ កាលណឹងប្រហែល ជាឆ្នាំ ១៩៩៧ – ២០០០ ខ្ញុំស្រឡាញ់ ប្រែត ភីត ឡើងវង្វេង អង្គុយសញ្ជឹងគិតរក វិធីទៅជួបតួកុនសំណព្វ ចិត្ត … តើធ្វើម៉េចបានជួបទៅ? … គិតចុះគិតឡើង ខ្ញុំបែកគំនិត… ប្រាក់ថ្លៃ សំបុត្រយន្តហោះគ្មានទេ គ្មានសូម្បី មួយសេន ទោះជាមានក៏ទូតមិនឱ្យទៅលេង អាមេរិច ខ្ទឹមអីហ្នឹង បានដែរ រំពឹងលើសមត្ថភាពទៅរៀននៅ បរទេសបានបួក មិនបាច់សង្ឃឹម បើម្ង៉ៃៗគិតតែរឿងមិនបានការ … មានវិធីតែមួយទេ គឺទៅរកក្ងានបានបួន ដប់មក គិតចងវាជាប់គ្នាជាខ្សែ តជាប់ នឹងពោងក្រណាត់មួយមានកន្លែងសម្រាប់ខ្ញុំ រួចរកចង្កូតមួយភ្ជាប់ពី ក្រោយសម្រាប់បញ្ជាទិសខ្យល់ គិត រួចក៏ប្រុងទៅរកក្ងាន តែក៏មានយោបល់មួយទៀតដែរ … ក្ងានមិនដែល ឃើញហើរបានឆ្ងាយទេ មានតែកុក ក្រសារ រឺស្ទាំងប៉ុណ្ណោះ … ស្ទាំងហ្អេះ? ទំនងដែរ ព្រោះធ្លាប់ឃើញវា សំកាំងលើមេឃបានយូរ ណាស់ទម្រាំវាឆាបមកស៊ីត្រីក្នុងស្ទឹងសែនស្រុកខ្ញុំ វាប្រហែលជាអាចហើរឆ្លង សមុទ្របាន … តែចុះបើ វាគ្មានអីស៊ី វាមិនមានខ្ញុំទៅហើយទេ??? បែបនេះមិនបាច់គិតដល់ត្មាត ដល់ ឥន្រ្ទីយ៍អីទេ! ចំណែក កុក ក្រសារវិញ វាហើរយោងតែអាត្មាវាទៅមិនទាំងចង់ឆ្លងសមុទ្ររួចផង ទម្រាំយោង ខ្ញុំមួយទៀត!…

ណ្ហើយ បើថាពឹងលើអ្នកខាងក្រៅ (សត្វ) អស់ហ្នឹងទេ ដូចពឹងក្រពះគេឱ្យទំពារបាយឱ្យដូច្នេះដែរ គិតរកធ្វើ ពោងមួយហោះឆ្លងសមុទ្រទៅរកតួកុននោះនៅហូលីវូត អង្គុយរកនឹកថាត្រូវធ្វើអីខ្លះដើម្បីបានកើតជាពោង មួយ មានកៅស៊ូដែលត្រូវដេរភ្ជាប់គ្នាជាពោងផ្ទុកខ្យល់ មានខ្សែពួរចងរឹត និងប្រតោងសង្រែកសម្រាប់ផ្ទុក ខ្ញុំនិងអីវ៉ាន់ដែលត្រូវប្រើប្រាស់ ត្រូវរកជាលមួយរែងជាសង្រែកដាក់របស់ រួចត្រូវ មានកន្លែងដុតភ្លើងផង បានខ្យល់ក្តៅអាចយោងពោងឱ្យហោះឡើងបាន… ឱព្រះជាម្ចាស់ ទៅពឹង នរណាបានបើខ្លួនងមិនចេះ ដេរប៉ះអីផង រំពឹងតែគេ បើគេដេរបានល្អទៅគ្រាន់ ចុះបើគេដេរមិនជាប់ ល្អ … ខ្ញុំមិនបានទៅឋានសួគ៌ទៅ ហើយទេ!!! ហើយចុះបើមិនអីចឹង ស្រាប់តែកំពុងជិះៗពោងនោះវា ឆេះដោយសារខ្ញុំមិនបានមើលភ្លើង ត្រឹមត្រូវ វាមិនឆេះទាំងអស់ទៅហើយទេ តើឱ្យខ្ញុំរត់ទៅណា?… បើសិនជាមិនដូចការគិតរបស់ខ្ញុំ ស្រាប់តែ ខ្ញុំមិនចេះបញ្ជា ពោងវាមិនទៅអាមេរិច ស្រាប់តែវាទៅអាព្រិចវិញនោះ ខ្ញុំមិនធ្លាក់នៅកណ្តាលវាលខ្សាច់ កាឡាហារី ស្លាប់ចោលតួកុនខ្ញុំទៅហើយទេ? (ឡាប់ហើយ នៅគិតពីតួកុនទៀត!) … ណ្ហើយ វាមិនទៅ អាក្រក់ពេកនោះទេ គិតរឿងធ្វើពោងតទៅទៀត! ពេល គណនាចុះឡើងទៅស្រាប់តែ! ខ្ញុំនឹងអីវ៉ាន់ដែល ចាំបាច់នោះមិនសមាមាត្រនឹងគ្នាសោះ ទំងន់មនុស្ស និងអីវ៉ាន់ធ្ងន់ជាងទំហំខ្យល់ដែលអាចហោះហើរបាន … ចឹងគិតទម្លាក់អីវ៉ាន់ចោលខ្លះ…ទម្លាក់ម្តងមួយ រួចគណនាសារជាថ្មីនូវមាឌខ្យល់ដែលត្រូវការ … ចុះឡើងៗ ត្រូវទម្លាក់ទាំងខ្ញុំទៀតបានពោងនោះអាច ហោះបាន… ចុះបើមនុស្សដែលត្រូវទៅ បានទម្លាក់ចុះហើយ ចាំបាច់ធ្វើពោងធ្វើអី? មានវិធីមួយទៀត ដែលឮគេនិយាយគឺថាមានកាំជ្រួច អីគេ បរិមាណូ ណាណោះ អាចធ្វើដំណើរបានឆ្ងាយ … យី! មួយហ្នឹងទំនងមែនទែន តែ… អ្នកដែលរកឃើញកាំជ្រួចអីអស់ហ្នឹងរៀន ឡើងក្បាលទំពែកអស់ហើយ ទម្រាំរកឃើញវា ចុះខ្ញុំ? កាលណាបានបានទៅដល់អាមេរិចទៅ? ចង់ចិញ្ចឹម ក្រពើមួយដែរ តែទម្រាំវាធំខ្ញុំ ណេះចាស់បាត់ទៅហើយ លែងចង់ជួបតួកុនសំណព្វចិត្តហ្នឹងទៀតហើយ ណាមួយក្រពើដែលវា ហែលនាំខ្ញុំទៅនោះ បើសិនជាកំពុងតែជិះឆ្លងសមុទ្រស្រាប់តែវាឃើញញីឈ្មោលវា ខ្ញុំមិនត្រូវវាធាក់ ចោលឱ្យនៅកណ្តាលសមុទ្រទៅហើយទេ? មានអីអស្ចារ្យជាងមនុស្សមិនចេះហែលទឹក នៅកណ្តាល សមុទ្រទៅ? ឱក្តីស្រមៃ…ត្រូវអាលាយសូន្យ… ណាមួយក្រោយមកឮថា ប្រែត ភីត នោះទៅ ទាក់ទងនាង អាន់ជឺលីណា ចូលី ទាំងដែលខ្លួនងជាប្តីរបស់នាង ជេនីហ្វឺរ អានីស្តុន នៅឡើយខ្ញុំក៏ដកចិត្ត ស្រឡាញ់ពី មនុស្សពីរនាក់នេះទៅ ព្រោះខ្ញុំគិតថានាង អាន់ជឺលីណា ចូលី នេះក៏ជាមនុស្សយ៉ាប់ដែលធ្វើ ខ្លួនជាមនុស្សទីបីនៅក្នុងចំណងអាពាហ៍ពិពាហ៍របស់គេ។ ឈប់ស្រឡាញ់! ពួកតួកុនតែប៉ុណ្ណឹង!

ទើបតែមួយរយៈនេះដែលខ្ញុំព្យាយាម រកវិធីដើម្បីរៀនថតរូប ក៏បានចាប់ចិត្តជាប់ស្នេហ៍តួកុន អ្នកនាង អាឡិចសាន់ដ្រា ហេឌីសុន និង អ្នកនាង មៀ គឺស៍ស្នឺរ ដែលជាអ្នកថតរូបទេសភាព និងម្នាក់ក្រោយជា អ្នកទាមទារសិទ្ធិស្រ្តី និងកុមារ។ ស្រឡាញ់នេះមហាស្រឡាញ់នាង អាឡិចសាន់ដ្រា ទោះដេក ដើរ ឈរ អង្គុយក៏គិតឃើញតែរូបនាងម្នាក់គត់ ណែ! វាទៅជាចឹងទៅ? ធ្វើមើលតែក្មេងអាយុបួនប្រាំ ដណ្តប់ទើបមាន ស្នេហាអីណាអីណី ក្បាលកញ្ចាស់ឡើងសក់ស្កូវហើយនៅព្រើលស្រមៃស្រឡាញ់ តួកុនទៀត ដល់ថ្នាក់ ដេកយល់សប្តបីយប់ជាប់គ្នាឃើញបានទៅលេងហូលីវូត និយាយពីសប្បាយចិត្ត នោះសប្បាយឡើង ចង់ឆ្កួត។ តែភ្ញាក់ឡើងនៅផ្ទះជួលដដែល មានសមត្ថភាពអីទៅលេងស្រុកអាមេរិច អាខ្ទឹមនោះកើតទៅ រកតែប្រាក់ចាយឱ្យគ្រាន់ដល់ចុងខែមិនដែលបានផងនោះ បើទោះជាមានក៏មិន ដឹងទៅរកនៅណា អាមេរិចមិនមែនព្រៃទំរីងណា មិនស្គាល់ផ្លូវ មិនស្គាល់ផ្ទះ មិនទាំងដឹងថាគេនៅ ណាផងហ្នឹង (ធ្វើ មើលតែមានសមត្ថភាពបានទៅចឹង)។ ចិត្តដែលស្រឡាញ់គេហ្នឹងប្រុងថាទិញកន្សែងរុំកធ្វើពីសសៃសូត្រ ល្អជាងគេពីស្រុកខ្មែរទៅជូនគេមួយគ្រាន់ជារបស់កំដរដៃ និងសារភាពប្រាប់ថាខ្ញុំបានឆ្កួត វង្វេងដោយ សារការងារថតរូបរបស់គាត់។ រម្លងបានបីយប់មកខ្ញុំយល់សប្តឃើញទៅដល់ហូលីវូតទៀត ទៅលើកនេះ មិនដឹងចេញដំណើរយ៉ាងម៉េចអីយ៉ាងម៉ាទេ ស្រាប់តែឃើញខ្លួនងជិះម៉ូតូ ប៉ារ៉ាស៊ូតដែលគេប្រើសម្រាប់ ថតរូបលើអាកាសនៅស្រុកខ្មែរ ខ្ញុំចំណាំឃើញក្រុមការងារលោក តេង ប៉េងស៊ាង ជាអ្នកជំនាញខាងធ្វើ ផែនទីដីធ្លីជាអ្នកបង្កើតនៅស្រុកខ្មែរមុនគេ។ គ្រាន់តែដឹងក្នុងយល់សប្ត ថាខ្លួនងកំពុងជិះម៉ូតូប៉ារាស៊ូត នោះ ស្រាប់តែខ្ញុំឃើញអក្សរ Hollywood ដែលនៅលើចំរាក់ភ្នំ នៅ ក្រុងឡូសអាន់ជឺឡើស រដ្ឋកាលីហ្វ័រញ៉ា រវល់តែសប្បាយចិត្តព្រោះដឹងថាខ្លួនបានមកដល់ហូលីវូតហើយ ខ្ញុំមើលទៅម្តងទៀតគឺខ្ញុំនៅស្ទើរតែជិតនឹង ផ្ទាំងដែកកំពស់១៤ម៉ែត្រនោះទៅហើយ ខ្ញុំស្រែក អា៎!!!! ឡើងភ្លាត់សម្លេងភ្ញាក់ទាំងខ្លួនពីយល់សប្តនោះមក វិនាសអស់ក្តីសង្ឃឹមដែលភ្ជាប់ជាមួយយល់សប្ត និងសម្លេងម៉ូតូប៉ារ៉ាស៊ូតដែលនៅពីក្រោយខ្នងថានឹងបាន ជួបនារីជាទីស្រឡាញ់នៅហូលីវូតនេះ បានជូនកន្សែងរុំកដល់គេ … ក្រោកពីដេកហើយនៅឆ្លៀតគិតទៀត ថា យីស! គ្រាន់បើចេះភ្ញាក់ទាន់ បើមិនភ្ញាក់ទេច្បាស់ជាហោះបុក ផ្លាកហូលីវូតនោះ បែកច្រមុះ ក្រពិតមុខ ខូចម៉ាកអស់មិនខាន ទោះជាពេលនោះបានជួបតួកុនហ្នឹង ហើយក៏រឹតតែយ៉ាប់ទៅទៀតក្នុងស្ថានភាពបែប ហ្នឹង! (បែកក្បាលមែនទែនមិនគិតទេ)។

គិតយូរៗទៅ ចឹងតើបានជាមនុស្សខ្លះនៅទប់ចិត្តខ្លួនងមិនបាន នៅទៅស្រឡាញ់អ្នកផ្សេងក្នុងពេលដែល ខ្លួនមានអាយុចាស់ណាស់ទៅហើយ គឺការដែលមិនអាចគ្រងបេះដូង និងចិត្តខ្លួនងបាន។

ហ៊ឺ មាននរណាមានសេចក្តីស្រឡាញ់ដូចខ្ញុំដែរអត់? ខ្លួនខ្ញុំមានតែមួយ បេះដូងក៏មានតែមួយ តែចិត្ត ស្រឡាញ់ របស់ខ្ញុំមានរាប់ពាន់ ដែលនេះមិនទាន់គិតដល់អ្នកដែលខ្ញុំធ្វើការជាមួយ មិត្តរបស់ខ្ញុំ និង គ្រួសារ របស់ខ្ញុំនៅឡើយផង បើបញ្ចូលមនុស្សអស់នោះទៀត មិនដឹងជាប៉ុន្មានម៉ឺននាក់ទេ។ តើគ្រាន់ដែរទេ? សំណួរនេះខ្ញុំតែងសួរខ្លួនឯងជានិច្ច សួររាល់ពេលដែលខ្ញុំពេញចិត្តនឹងអ្វីមួយរបស់ នរណាម្នាក់ហើយក៏ ប្រើពាក្យថាស្រឡាញ់គេនោះភ្លាមទៅ។

ខ្ញុំមិនប្រើពាក្យថាស្នេហាទេ ព្រោះវាមានរួមបញ្ចូលទាំងន័យថា ស្រឡាញ់ផង ស្និទ្ធផង ដែលនោះមិនមែន ជាអ្វីដែលខ្ញុំកំណត់ខ្លួនឯងថាកំពុងគិតបែបនេះឡើយ។

អា ! ភ្លេច! ខ្ញុំក៏ស្រឡាញ់ ថម និងជែរី ដែរ ស្រឡាញ់ខ្លាំងទៀតផង។ ម៉ាក់របស់ខ្ញុំបានដាក់នាម ឱ្យប្អូនៗខ្ញុំ គឺប្អូនប្រុស ជាឆ្មា ថម និងប្អូនស្រី ជាកណ្តុរ ជែរី កាលនៅក្មេងពួកវាឈ្លោះគ្នាមិនចេះស្វាង តែដល់ធំទៅ ពួកវាពីរនាក់នោះស្រឡាញ់គ្នាជាងវាស្រឡាញ់ខ្ញុំទៅទៀត។ តាមពិតទៅឆ្មា និងកណ្តុរនៅផ្ទះរបស់យើង បើខ្វះមួយណាក៏មិនបាន អត់ថម ជែរីអត់មានអីលេងជាមួយ បើអត់ជែរី ថមអផ្សុក។

ខ្ញុំស្រឡាញ់ថម និងជែរី ណាស់…នៅផ្ទះរបស់ខ្ញុំ! ……. ខ្ញុំស្រឡាញ់ខ្លាំងជាងអ្វីៗទាំងអស់!

Advertisements
  1. តា ម៉ាប់ / មីនា 5 2012 1:57 ល្ងាច

    អានឡើង​ចង់​ស្រវាំង !

    • លី កល្យាណ / មីនា 5 2012 6:36 ល្ងាច

      ចង់ទិញវ៉ែនយាយជូនមួយ 😀

    • តា ម៉ាប់ / មីនា 5 2012 9:21 ល្ងាច

      អត់ត្រូវការ​ទេបង ព្រោះខ្ញុំមិនទាន់​ម៉្យូប ហើយក៏​មិន​ចង់​ មីញ៉ូប ដេរ ។

    • វិសាល / មីនា 5 2012 9:56 ល្ងាច

      អានអត្ថបទចឹងស្រវាំង តែបើអត្ថបទអីនោះអីវិញ ដូចមិនដែលឃើញថ្ងូរចឹងទេ ហាហា​ 😛

    • លី កល្យាណ / មីនា 5 2012 10:39 ល្ងាច

      យ៉ា វិសាល! អត្ថបទអីនោះហ្នឹង អីគេទៅ ខ្សឹបប្រាប់ខ្ញុំផងមើល កុំឱ្យតាម៉ាប់ដឹងខ្លួន!

    • វិសាល / មីនា 5 2012 11:01 ល្ងាច

      ហិហិ កុំមាត់លឺពេកចឹង ស្ងាត់ៗ​ 😀

    • លី កល្យាណ / មីនា 5 2012 11:09 ល្ងាច

      😀

    • តា ម៉ាប់ / មីនា 5 2012 10:49 ល្ងាច

      អត្ថបទអី ?

  2. ភរិយានិងម្ដាយម្នាក់ / មីនា 5 2012 3:47 ល្ងាច

    ឳបងហើយបង ខ្ញុំសើចចង់ជ្រុះធ្មេញហើយនេះ! 😀 😀 😀 ក្ដីស្រឡាញ់បងក៏ធំធេងអីក៏យ៉ាងនេះ! 😯 បើកុំតែភ្ញាក់ទាន់កុំអីបានឈាមមុខនឹងផ្ទាំងអក្សរ ហូលីវូតនៅលើភ្នំមិនខានទេបង! “ហេងវិនបាក់ធ្មិនអត់បែកទូរសាត់”

    • លី កល្យាណ / មីនា 5 2012 3:53 ល្ងាច

      បេះដូងមហាសមុទ្រ រកកោះរកត្រើយមិនឃើញទេ! 😀 😀 😀
      សំណាងហើយប្រពន្ធលោកពេទ្យមិនជ្រុះធ្មេញ កុំអីលោកពេទ្យរករឿងអ្នកសរសេរហ្មង!
      ហាសហាសហា ហេងមែនហ្ន៎!
      អរគុណណាស់ដែលបានខាំមាន់!

    • ភរិយានិងម្ដាយម្នាក់ / មីនា 5 2012 3:59 ល្ងាច

      អ៊ូយ ច្រឡំហើយបង ខ្ញុំមិនមែនប្រពន្ធលោកពេទ្យណាទេ! ម៉ាកខ្ញុំទេតើដែលជាប្រពន្ធពេទ្យ ឯខ្ញុំកូនពេទ្យទេ! 😆

    • លី កល្យាណ / មីនា 5 2012 4:20 ល្ងាច

      អូយ! សុំទោសៗៗ
      ខ្ញុំស្មានតែប្រពន្ធរបស់ពេទ្យ!

    • ភរិយានិងម្ដាយម្នាក់ / មីនា 5 2012 4:38 ល្ងាច

      មិនជាអីទេបង​ 😆

  3. Somada Vsthea / មីនា 6 2012 10:31 ព្រឹក

    អាហ្នឹង​ គេហៅស្នេហ៍ហឺត ១ ! ម្សិលមិញ​អត់បានទៅលេង​ផ្ទះ​បងប្អូនណាសោះព្រោះ​រវល់តែ​តត្រុកទៅខេត្តខនកេនទាំងថ្ងៃក្តៅ​ដូចភ្លើង ។

  4. លី កល្យាណ / មីនា 6 2012 1:44 ល្ងាច

    ម៉េចក៏មាន លេខ ១ ទៀតផងបង? ខ្ញុំអាណិតម៉ាក់ចាបដល់ហើយ!
    ខែនេះចូលខែក្តៅហើយ ចុះបងទៅដោយឡានឬម៉ូតូ?

  5. somada / មីនា 6 2012 9:13 ល្ងាច

    អូ អាហ្នឹងភ្លេចចុច Shift តើ ពូកែឆ្ងល់មែនកូនគេនេះ ។ នៅស្រុកគេនេះ​ទៅណាមួយជំហានក៏ឡាន​ដែរ បង​ទិញ​ដាក់ទូទាំងប្រទេសហ្នឹង គីៗៗៗ ។ និយាយលេងទេ​ឡានឈ្នួលហ្នឹងណ៎ា ។ បើនៅក្នុងសាកលវិទ្យា​ល័យវិញ​គេមានឡានហ្វ្រី​សម្រាប់រត់​ជុំវិញ​មហាវិទ្យាល័យ​នានា ។ ដូច្នេះ​ទៅណា​មកណាក៏ឡាន​ រឿង​អី​គីឡូ​វាមិនឡើងនោះ ។

    • លី កល្យាណ / មីនា 7 2012 7:15 ព្រឹក

      ង៉ាស់ៗៗ បងខ្ញុំមានដល់ក មានឡានទូទាំងប្រទេស! ដូច្នេះបើទៅលេងស្រុកថៃគឺមិនបាច់ភ័យឡើយ។
      រឿងគីឡូឡើងនោះគឺមកពីសប្បាយចិត្ត គេងលក់ស្រួល ពិសាបាយបានទេបើតាមខ្ញុំដឹងតាមប្រកាសរបស់បង។
      ជយោ ខ្ញុំមានស្នេហ៍ហឺតនឹងគេដែរហើយ!

  6. តា ម៉ាប់ / មីនា 7 2012 3:57 ល្ងាច

    អូយ !

    • លី កល្យាណ / មីនា 7 2012 8:04 ល្ងាច

      ណាស់តែមានអ្នកមកដាក់ផ្លែឱ្យចឹងនែក! គេកំពុងមានស្នេហ៍ហឺតផង ប្រយ័ត្នឆ្លង!

    • តា ម៉ាប់ / មីនា 7 2012 11:25 ល្ងាច

      មិនឆ្លងទេ ពាក់ម៉ាសបក្សី !​ 😀

  7. somada / មីនា 8 2012 8:16 ល្ងាច

    ហើយម៉េចហ្នឹងម្ចាស់ផ្ទះ ! កំណាញ់​នឹងមូសហើយ មកកំណាញ់នឹងអ្នកភូមិ​ទៀតហី ដាក់អត្ថបទថ្មី​ អត់ឲ្តគេខាំមិនអញ្ចឹង ខំនឹកពាក្យពេចន៍​ផាឲ្យ​អស់ចិត្ត ដឹង​អី​ បែរជាខកចិត្តទៅវិញ ។

    • លី កល្យាណ / មីនា 8 2012 9:09 ល្ងាច

      បងហើយបង! ខ្ញុំមិនដឹងជាវាយ៉ាងម្តេចទេ សូម្បីតែខ្ញុំខ្លួនឯងហ្នឹងក៏ចូលក្នុងប្រកាសនឹងមិនរួចដែរ!
      ហ៊ឺ វើតប្រេសវាកំពុងរករឿងទេដឹង?
      ខ្ញុំប្រើ អាយខន់ សរសេរអត្ថបទថ្មី រួចវាយវា រួចកែ រួចអាប់ដេត រួចជាប់ង៉ង់ ទៅណាក៏មិនរួច!
      សុំទោសផង ប្រហែលកម្មពៀរជាមួយមូសហ្នឹង!

  8. lavorn (ឡាវ័ន​) / មីនា 10 2012 11:44 ព្រឹក

    យី​ ហាហាហា ពី​ដំបូង​ដូច​ត្រឹម​ត្រូវ​ណាស់​ ខំ​អាន​ឡើង​លង់​ ដល់​ពាក់​កណ្តាល​ អុញ​! កំប្លែង​ស្ងួត​ទេ​ដឹង​? ហាហា

    • លី កល្យាណ / មីនា 10 2012 5:03 ល្ងាច

      ថាហើយថា! មានមួយលង់ដែរតើ!
      😀

  9. khmerling ភាសាខ្មែរ / មីនា 17 2012 1:08 ល្ងាច

    អត់ចង់ខំមេនអីនៅនេះទេ ព្រោះមានគេខំមុនហើយ ម្យ៉ាងទៀតគេនាំគ្នាសើចអស់ហើយ ។ ចឹងចង់ខំអត្ថបទថ្មីមួយទៀត មានចំណងជើងថា អ្នកដែលគួរឲ្យអាណិតជាងខ្ញុំ ។ តែខំមិនបាន ព្រោះម្ចាស់ផ្ទះចាក់សោរជាប់ បានត្រឹមអាន ។ ស្អែកជួលជាងធ្វើសោរចាក់ចូលឲ្យទាល់តែបាន៕

    • លី កល្យាណ / មីនា 17 2012 9:26 ល្ងាច

      អរគុណលោកពូដែលបានចូលមកលេង។ អ្នកមុនសើចខ្លះមែន តែបើលោកពូមានអីល្អៗចែកពួកខ្ញុំសើចទៀតខ្ញុំរឹតតែត្រេកអរ 😀
      ខ្ញុំអត់ដឹងធ្វើយ៉ាងម៉េចទេលោកពូ ព្រោះព្យាយាមច្រើនដងហើយ តាមតាម៉ាប់ប្រាប់ឱ្យដាក់ប្រកាសថ្មីតែនៅតែជាប់សោរដដែល ប្រកាសតាំងពីថ្ងៃទី៨ ដល់ថ្ងៃទីដប់បួនប្រាំដងនៅតែមិនអាចឱ្យម្ចាស់ប្រកាសចូលក្នុងនឹងបាន។ 😦
      បើសិនជាពូចូលបានជួយទាញគន្លឹះទ្វារឱ្យខ្ញុំចូលផង។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: