Skip to content
17 ខែ​មីនា 2012 / ស្នាមញញឹម

មូលហេតុដែលកើតមានតែម្តងក្នុងជីវិត

ខ្ញុំធ្វើការនៅកន្លែងនេះជាងបីឆ្នាំគិតមកទល់ ២០១០។ នៅកន្លែងការងារណាក៏ដូចតែគ្នាដែរតែងមានការ ប៉ះទង្គិចជាមួយមេខ្លះមិនខាន ខ្ញុំក៏ដូចគេដូចឯងដែរ ហើយប្រហែលជាខ្លាំងជាងគេផងព្រោះភាសាអង់ គ្លេសរបស់ខ្ញុំហ្នឹងវាកម្រិត២។ តែអ្វី ដែលខ្ញុំចង់រម្លឹកនៅទីនេះគឺប្រធានចាស់របស់ខ្ញុំ។

គាត់ជាបុរសដំបូងរបស់ខ្ញុំ!

យើងមានកម្មវិធីមុនមួយថ្ងៃ មុនថ្ងៃដែលគាត់ត្រូវត្រឡប់ទៅស្រុកគាត់វិញ ដោយជប់លៀងលាគ្នា មាន ស្រាបៀរ ស្រាក្រហម ទឹកក្រូច ងាវស្រុះ បង្គាស្រុះ មាន់ដុត ពងទាកូនដែលសុទ្ធតែជាចំណូលចិត្តរបស់ ក្រុមការងារយើងទាំងអស់គ្នា និងមានអ្នកស្គាល់គ្នានៅជិតៗនោះមកចូលរួមដែរ។ យើងនិយាយគ្នាលេង រម្លឹករឿងការងារ និយាយរឿងកំប្លែងសើច និយាយដើមគ្នាយើងខ្លះគ្នាគេខ្លះ គាត់នៅឆ្លៀតផ្តាំផ្ញើការងារ ពួកយើងទៀត។ ក្រោយជូនវត្ថុអនុស្សាវរីយ៍ចម្លាក់ឈើខ្មែរ និងមានចុះហត្ថលេខារបស់យើងទាំងអស់គ្នា ចូលដល់កម្មវិធីថតរូបទុកជាអនុស្សាវរីយ៍ ផឹកស្រា ជជែកគ្នា រហូតដល់យប់បានបែកគ្នា។ ខ្ញុំចាំមិនបានថា កាលណោះយើងនាំគ្នាទៅច្រៀងការាអូខេបន្តទៀតឬអត់ទេ!

ស្អែកឡើងក្រោយចប់ម៉ោងការងារ គាត់ក៏លាពួកយើងម្តងម្នាក់។ ខ្ញុំស្ទើរស្រក់ទឹកភ្នែកព្រោះនឹកគាត់ដែល ធ្លាប់តែឃើញមុខគ្នា ដល់មកបែកគ្នាគ្រានេះមិនងាយបានជួបទេព្រោះគាត់ទៅស្រុកវិញ។ ដល់វេនខ្ញុំ ខ្ញុំខំ ទប់ទឹកភ្នែក ចាប់ដៃលាគាត់និយាយពាក្យប៉ុន្មានមាត់ជូនពរគាត់ គាត់ក៏ដូចគ្នា ស្រាប់តែគាត់ស្រវាចាប់ឱប ខ្ញុំមួយទំហឹងដៃគាត់ នេះបើសិនខ្ញុំមានមាឌធំប៉ុនគាត់ខ្ញុំមិនព្រមឱ្យគាត់ឱបខ្ញុំទេ តែនឹកវាមិនដល់ថាមេដែល មហាសុជីវធម៌ដូចគាត់នឹកឃើញមកចាប់ឱបខ្ញុំទាំងគាត់ដឹងថាខ្មែរមិនមានទំនៀមធម្មតាបែបនេះ។ តែមាឌ ក្រោមក្លៀកគាត់ដូចជាខ្ញុំរើគ្មានរួចទេ គាត់ចាប់ឱបរហូតដល់លាន់ឆ្អឹងខ្ញុំឮសូរឃ្លឹក!!! ថើបមួយខ្សឺតទៀតហ្ន៎!

ខ្ញុំមិនដែលឃើញមនុស្សប្រុសបរទេសឯណាដែលមហាសែនល្អដូចជាគាត់ គ្មានស្រី មិនចេះលេងសើចដើរ ផឹកស៊ីយប់ មួយថ្ងៃៗគិតតែការងារ តែដល់ម៉ោងចេញពីធ្វើការទ្រនិចដើរដល់នាទីនោះភ្លាមគឺរៀបចំអីវ៉ាន់ ព្រឹបៗរួចលាគ្នាហើយចេញទៅបាត់។ មានតែបាល់ទាត់ទេដែលអាចឱ្យគាត់សុំចេញមុនម៉ោងបាន គឺបាល់ ទាត់ពិភពលោក ខ្ញុំមិនដឹងរឿងកីឡាទេក៏មិនដឹងថាគាត់តាមដានក្រុមណាជាមួយក្រុមណាទេ ដឹងតែគាត់ ចេញពីការិយាល័យទៅមុនម៉ោងដែលខុសទាំងស្រុងពីទម្លាប់គាត់។

គាត់ស្រឡាញ់ស្មោះស្ម័គ្រជាមួយលោកស្រីគាត់ណាស់ គាត់នាំមកលេងឱ្យពួកយើងស្គាល់ប៉ុន្មានដងដែរ តែខ្ញុំចាំឈ្មោះគាត់មិនបាន។ មានម្តងគាត់និយាយលេងជាមួយយើង គាត់ថាគាត់ត្រូវទៅផ្ទះមុនពួកយើង ព្រោះ «បស់ Boss» របស់គាត់នៅចាំ។ ខ្ញុំចាប់ពាក្យនោះបានព្រោះគាត់កម្រនិយាយលេងណាស់ ពេល ណាក៏មានតែពាក្យថាការងារៗ គ្មានសម្រាកថ្ងៃបុណ្យអីទេ។ ដល់ពេលពួកគាត់ត្រូវសម្រាកត្រឡប់ទៅ ស្រុកវិញ ខ្ញុំក៏ជូនពរគាត់ថា សូមផ្ញើសេចក្តីនឹករលឹក និងជូនពរ «ម៉ាយគ្រេនបស់ My grand boss» ផង សូមលោកទាំងពីរធ្វើដំណើរប្រកបដោយសុវត្ថិភាព។ គាត់ភ្លេចពាក្យគាត់ ខ្ញុំក៏សម្រាយជូនថា កាលពីមុន លោកនិយាយថា ប្រពន្ធលោកជាប្រធានរបស់លោក លោកជាប្រធានរបស់ខ្ញុំ នាំឱ្យប្រពន្ធរបស់លោកជា ជីដូនប្រធានរបស់ខ្ញុំ (បកស្រាយតាមបែបសមីការពេជគណិត)។ គាត់សើចឡើងរលាក់!!!

យ៉េ!!! ថ្ងៃបែកគ្នាពិតជាធ្វើឱ្យខ្ញុំនឹកគាត់ខ្លះដែរ តែមានប្រធានផ្ទាល់របស់ខ្ញុំនៅក្បែរខ្ញុំមិនសូវគិតគាត់ពេក ទេព្រោះប្រធានផ្ទាល់នេះក៏មានប្រវត្តិមិនតិចជាមួយខ្ញុំដែរ។

ស្អែកឡើងខ្ញុំមកធ្វើការជាធម្មតា តែដូចជាយ៉ាងម៉េចមិនដឹងទេ … ដំបូងលាដៃវាយអក្សរ សរសេរអក្សរ ស្រាប់តែញ័រដៃ គ្មានកម្លាំងវាយ ឬកាន់ប៊ិចសរសេរ។ ខ្ញុំនឹកថាបែបមកពីការញៀនកាហ្វេរបស់ខ្ញុំ ក៏ក្រោក ក្រេសពីកៅអីទៅរកកាហ្វេមួយកែវ រួចត្រឡប់មកវិញធ្វើការតទៅទៀត តែមួយម៉ោងកន្លងទៅហើយនៅ តែធ្វើការមិនកើតទៀត និយាយទៅដូចជាយ៉ាងម៉េចមិនដឹង បើថាគ្រុនទៅវាញាក់ញ័រ វិលមុខ រកក្អួតអីគឺ ដឹងថាគ្រុន តែនេះមិនមានចឹងទេ តែដឹងថាធ្វើការតទៀតគឺមិនកើត។ ដោយសារដឹងខ្លួនថាខុសធម្មតា កុំ ឱ្យខូចថ្ងៃការងារគេ ខ្ញុំសុំសម្រាកមួយថ្ងៃ។

ស្អែកឡើងនៅតែចឹងទៀត ហើយក៏ធ្ងន់ជាងម្សិលទៅទៀត គឺរញីរញ័រ ដាក់កាហ្វេបីដងហើយនៅតែចឹង ទៀត។ សុំច្បាប់រួចហើយ តែមិនចង់ទៅសោះ លុះតែនឹកថាបើខ្ញុំផ្តាសាយហើយនៅក្នុងកន្លែងការងារបន្ត ទៀតមុខជាឆ្លងមួយបន្ទប់ហ្នឹងគ្មានសល់ម្នាក់ទេ ក៏សម្រេចចិត្តថាទៅផ្ទះសម្រាកម៉ាទំហឹង។

ស្អែកឡើងទៅធ្វើការនៅមិនទាន់អស់ជាតិវាទេ តែក៏ដឹងថាមិនមែនផ្តាសាយព្រោះមិនចង់កណ្តាស់ មិន ចង់រងារងៀមអីទេ គ្រាន់តែមិនដឹងមូលហេតុប៉ុណ្ណោះ។ អង្គុយគិតចុះឡើងចុះឡើងទៅខ្ញុំស្រាប់តែនឹក មេចាស់ក៏នឹកដល់ពេលបែកគ្នា… បុរសដំបូងរបស់ខ្ញុំ… តាំងពីតូចដឹងក្តីមកខ្ញុំមិនដែលបានត្រូវបុរសណា ម្នាក់ឱបទេ … គាត់ឱបខ្ញុំដល់ថ្នាក់លាន់សូរឃ្លឹក!!! អូហ៍… បែបខ្ញុំទ្រមដោយសារគាត់ឱបរឹតខ្ញុំទេដឹង? ព្រោះថាខ្ញុំអត់មានធ្វើការងារអីធ្ងន់ទេ អត់បានត្រូវគេវាយដំអីទេ ក៏អត់មានបានគ្រុន ឬផ្តាសាយអីដែរ តែមកឈឺសព្វខ្លួនដូចគេវាយបួនប្រាំដំបង ឬទៅសែងបាវអង្ករចឹង ញ័រដៃគ្មានកម្លាំងដៃ ដេកក៏គ្មានហ៊ាន ប្រែខ្លួនព្រោះងាកប្រែខ្លួនពេលណាឈឺសព្វតែម្តង។ ខ្ញុំរកនឹកជាច្រើនដងថាបានធ្វើអ្វីខ្លះ មុននឹងទម្លាក់ រឿងនេះទាំងស្រុងលើការឱបរឹតមួយនេះ… តែគ្មានសោះ គ្មានបានធ្វើអ្វីមុនពេលសម្រាកចុងសប្តាហ៍ ដែលត្រូវទៅហាត់ប្រាណសោះ ទើបនឹកថាមានតែរឿងមួយនេះឯងជាបុព្វហេតុ!!!

ហ៊ឺ បុរសដំបូងរបស់ខ្ញុំ … ដែលលួចឱបខ្ញុំទាំងដែលខ្ញុំមិនអាចរើខ្លួនរួច … ខ្ញុំត្រូវឈឺខ្លួនបីថ្ងៃទម្រាំវិលទៅ រកសភាពដើមវិញ។ ខ្ញុំនឹងចាំលោកគ្មានឱ្យភ្លេចទេ ចាំមើលទៅ!!!

ឯវំ

Advertisements
  1. រាត្រីកំសត់ / មីនា 18 2012 10:28 ព្រឹក

    អើនោះ! ចាំមើលម៉ាក់វាយហើយ អោយគេអោមហ្វ្រីៗចឹងមិនដឹងខាតអស់ប៉ុន្មានតុទេ 😀

    • លី កល្យាណ / មីនា 18 2012 6:28 ល្ងាច

      អត់ទេ កុំប្រាប់ម៉ាក់ញ៉ុម!
      បានអីខាត មានតែចំណេញ! គិតមើលទៅអាយុសាមជាងហើយគ្មានអ្នកណាឱបផងហ្នឹង ហាសហាសហា (អាសមហាអាស ខ្ញុំនេះ)

    • តា ម៉ាប់ / មីនា 18 2012 10:58 ល្ងាច

      ញាក់សាច់ !

  2. តា ម៉ាប់ / មីនា 18 2012 10:34 ព្រឹក

    យី ឲប​យកប៉េមក​អាប៉ិណុង !

    • លី កល្យាណ / មីនា 18 2012 6:26 ល្ងាច

      មេមួយនេះមហាសុភាពបុរស គាត់ឱបព្រោះនឹកអនុស្សាវរីយ៍ជូរចត់ទេ!
      😀

    • តា ម៉ាប់ / មីនា 18 2012 8:24 ល្ងាច

      អនុស្សាវរីយ៍អ្វីខ្លះរ៉ូវបង ?

    • លី កល្យាណ / មីនា 18 2012 8:43 ល្ងាច

      តាម៉ាប់គិតមើលទៅ ដោយសារភាសាអន់ មេប្រើទៅលិច ទៅឯកើត។ ទាំងជូរនិងចត់មានទាំងអស់។ 😀

    • តា ម៉ាប់ / មីនា 18 2012 8:47 ល្ងាច

      បុគ្គលិកជំនិត ! បងកល្យាណរៀន​អង់គ្លេស​ជា​មួយ​ខ្ញុំ មិនចេះ​មិនយក​លុយ ហេហេហេ

    • លី កល្យាណ / មីនា 24 2012 11:43 ព្រឹក

      បងសុធាថាហើយ តាម៉ាប់រវល់តែយាមយាយម៉ាប់គ្មានពេលមកបង្រៀនអង់គ្លេសខ្ញុំទេ!
      សុំមិនរំខានសេចក្តីសុខរបស់គេវិញល្អជាង!
      😀

    • តា ម៉ាប់ / មីនា 24 2012 11:50 ព្រឹក

      អត់ទេបង កុំគិត​អ៊ីចឹង ខ្ញុំចែកពេលវេលា​ដាច់​ពីគ្នា ។ មិនមែន​ងប់​ងុល​តែ​មួយរឿង​នោះទេ ។

    • លី កល្យាណ / មីនា 24 2012 11:52 ព្រឹក

      សុំទោសតាម៉ាប់ បងសុធានិងខ្ញុំ​និយាយចំអន់លោកប្អូនលេងទេ!

    • តា ម៉ាប់ / មីនា 24 2012 12:07 ល្ងាច

      មិនអីទេបងស្រីទាំង​២ ខ្ញុំមិនចេះ​ប្រកាន់ផ្តាស់ទេ ។ កុំភ័យ !

  3. Somada Vsthea / មីនា 18 2012 12:46 ល្ងាច

    អានហើយពិតជាខឹងជំនួសកល្យាណខ្លាំងណាស់ តែអ្នកដែលខ្ញុំខឹងពិតប្រាកដនោះគឺកល្យាណ​ឯណោះ​វិញទេ ឆោតអីក៏ឆោតគេឱបហើយ ម៉េចក៏មិនឱបគេវិញ ទុកឲ្យពេលវេលាកន្លងហួស​ឥតប្រយោជន៍ ពិត​ជាធ្វើឲ្យខូចកិត្តិយសស្រីៗមែន ។ ម្សិលមិញ​ផឹកកាហ្វមួយកែវ​តាំងពីព្រឹក យប់ឡើងគេងអត់លក់សោះ​ដល់ម៉ោង​២.៣០បានគេង ។ អូ! ប្រសិនជាដូចកល្យាណម្តង២ -៣កែវ​ប្រហែលជាអត់ដេកមួយអាទិត្យហើយ​មើលទៅ ។

  4. សុផាត / មីនា 18 2012 3:58 ល្ងាច
  5. monyrinataro / មីនា 19 2012 10:51 ព្រឹក

    ឱប អោប លបលួចលាក់លៀនលឹប… 🙂 ចឹងសោះហ្នឹង ស្មានតែអី បុរសដំបូងរបស់ខ្ញុំ 😆

  6. ភរិយានិងម្ដាយម្នាក់ / មីនា 19 2012 3:50 ល្ងាច

    ចប់ប៉ារយបងកល្យាណ! បាក់ឆ្អឹងអស់ដូចពស់ថ្លាន់រិត! 😳

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: