Skip to content
26 ខែ​មីនា 2012 / ស្នាមញញឹម

កិត្តិយស ឬស្នេហា? មួយណាធំជាង?

«ប្រាប់បងតាមត្រង់ ខ្ញុំនៅស្រឡាញ់បងស្ទើរតែដូចពីដើម…

តែរវាងកិត្តិយស និងស្នេហា ខ្ញុំត្រូវធើ្វការថ្លឹងថ្លែង។

សេចក្តីស្នេហារបស់ខ្ញុំចំពោះបងធំធេងណាស់ ជ្រាលជ្រៅណាស់ បងដឹងទេ? ខ្ញុំហ៊ាននិយាយប្រាប់គ្រួសារខ្ញុំ ថាខ្ញុំស្រឡាញ់បងបំផុត ខ្ញុំចង់រួមដំណើរជីវិតជាមួយបងក្នុងពេលសេសសល់ដែលខ្ញុំមាន។ គ្មានអ្វីនឹងអាច បញ្ជាក់បានថាខ្ញុំស្រឡាញ់បងប៉ុណ្ណា គ្មានអ្វីវាស់បានថាក្នុងជម្រៅចិត្តខ្ញុំមានរូបបងត្រឹមណាទេ តែខ្ញុំវាស់ កម្លាំងឆន្ទះរបស់ខ្ញុំបានថា៖

ខ្ញុំនៅស្រឡាញ់បង … ខ្ញុំនៅស្រឡាញ់កិត្តិយសខ្លួនឯង…

ខ្ញុំមិនអាចធ្វើជាអ្នកទីបីសម្រាប់ក្រុមគ្រួសារបងទេ ខ្ញុំលែងចង់បានបងជាកម្មសិទ្ធិរបស់ខ្ញុំទៀតហើយ។ ខ្ញុំគិត បែបនេះតាំងពីថ្ងៃដែលបងសម្រេចចិត្តជ្រើសយកគេ តាំងពីថ្ងៃដែលខ្ញុំបានដឹងច្បាស់ថាបងត្រូវការគេជាងខ្ញុំ ខ្ញុំមើលឃើញគុណសម្បត្តិរបស់គេមានចំពោះបងច្រើនជាងខ្ញុំមានចំពោះបង…

ដូច្នេះ ខ្ញុំប្រាកដចិត្តណាស់ថាគេនឹងថែបងបានល្អជាង។ ខ្ញុំស្រឡាញ់បងខ្លាំងពិតមែន តែមិនប្រាកដថាខ្ញុំនឹង ថែបងបានល្អនោះទេ ខ្ញុំប្រហែលជាមិនធ្លាប់ថែបងផងមិនដឹង…

សូមបងសម្រេចចិត្ត និងថ្លឹងថ្លែងឱ្យបានត្រឹមត្រូវ កុំយកការវិនិច្ឆ័យសម្បកខាងក្រៅជាគោល គួរគិតថាគេមាន អ្វីដែលល្អៗសម្រាប់បងដែរ មិនមែនគ្មានសោះនោះទេ នោះជាអ្វីដែលបងបានសម្រេចចិត្តជ្រើសរើសគេ។ កុំ មើលឃើញតែវិបត្តិរបស់មនុស្សដែលគេស្រឡាញ់បង គួរសម្លឹងរកគុណសម្បត្តិរបស់គេផង នោះបងនឹងដឹង ថាគេមានក្តីស្រឡាញ់សម្រាប់បងដូចគ្នា។

បងចាស! អ្នកដទៃអាចនឹងនិយាយអាក្រក់ពីគេ តែអ្នកដែលដឹងពីគុណសម្បត្តិរបស់គេច្បាស់គឺមានតែបងទេ សូមទុកពេលវេលាសម្រាប់គេផង មុននឹងបងតវ៉ាថាគេគ្មានពេលសម្រាប់បង!…»

ឯវំ

នេះជាអត្ថបទដែលខ្ញុំ (លី កល្យាណ) សាកសរសេរពីអារម្មណ៍។ សូមញាតិជិតខាងទាំងឡាយជួយវាយតម្លៃ (មិនមែនក្នុងន័យគាំទ្រ) ដើម្បីខ្ញុំបានកែលម្អ ក្នុងពេលសរសេរអត្ថបទក្រោយៗទៀតផង។

Advertisements
  1. ភរិយានិងម្ដាយម្នាក់ / មីនា 26 2012 10:13 ល្ងាច

    បងបើកដៃឲ្យរិះគន់ អញ្ចឹងសុំបញ្ចេញយោបល់មួយហើយខ្ញុំ។លុបពាក្យ«បងចាស» ចេញទៅចឹង ស្ដាប់ទៅដូចមិនមែនខ្មែរម៉េចមិនដឹងទេ។

    • លី កល្យាណ / មីនា 26 2012 10:14 ល្ងាច

      លុបចោលលែងប្រើតាមសំណូមពរ។

    • លី កល្យាណ / មីនា 26 2012 10:19 ល្ងាច

      ម៉ាក់អាបីនាក់​ នៅយប់ៗម៉េះ មិនខ្លាចទៅជាឈឺអីទេហ្អី?
      រឿងដើមសុំរក្សាដដែល តែរឿងក្រោយខ្ញុំលែងប្រើពាក្យហ្នឹងហើយ!
      អរគុណណាជីវីដែលបានណែនាំ។ ខ្ញុំអរណាស់
      😀

    • ភរិយានិងម្ដាយម្នាក់ / មីនា 26 2012 10:24 ល្ងាច

      នៅយប់ៗដូចទីទុយហើយបង បើមិនទាន់ម៉ោង១១ យប់ទេចូលគេងក៏មិនលក់ដែរ តែដល់ពេលក្រោកវិញហេ៎ បើនាឡិកាមិនរោទិ៍មិនខ្ចីក្រោកទេ 😳

    • លី កល្យាណ / មីនា 26 2012 10:41 ល្ងាច

      😀

  2. តា ម៉ាប់ / មីនា 26 2012 11:57 ល្ងាច

    កិត្តិយស និង ស្នេហា ដូចជា​ចំណងជើង​រឿង​បារាំង​ដែល​ខ្មែរ​បក​ប្រែមក វ៉ាំងសង់ និង រ៉ូឌ្រិច អ៊ីចឹងហើយ បើ​តាមចាំ ។

    • លី កល្យាណ / មីនា 27 2012 7:34 ព្រឹក

      រឿងហ្នឹងជារឿងដែលគេបានដាក់បញ្ចូលក្នុងអក្សរសិល្ប៍ដែរ ជារឿងល្បីមួយនិយាយអំពីកិត្តិយសគ្រួសារ ប្រទេសជាតិ។ តែរឿងដែលខ្ញុំប្រុងសរសេរនេះ​គ្រាន់តែរឿងជីវិតមួយសាមញ្ញប៉ុណ្ណោះ។

    • តា ម៉ាប់ / មីនា 27 2012 12:35 ល្ងាច

      ដោយ​សារ​តែអា២នឹងហើយធ្វើឲ្យមនុស្ស​ជា​ច្រើនព្រាត់​ប្រាស​គ្នា តួយ៉ាង ប៊ុនធឿន-វិធាវី ទុំ-ទាវ …

  3. ស្រុកស្រែ / មីនា 27 2012 8:53 ព្រឹក

    បើសួរប៉ះចំពួកស្ទាវ​ល្អិតល្អោច (ពួកគេចសាលា) វា​​មិន​យក​កិត្តិយស​ទេ គឺ​វា​នឹង​នាំគ្នា​​ជ្រើសរើស​យក​ស្នេហា​​ជា​ធំ​ហើយ…

    • លី កល្យាណ / មីនា 27 2012 9:05 ព្រឹក

      ហេងវិញពូ នៅស្រុកយើងនេះសុទ្ធជាមនុស្សដែលអាច​ថ្លឹងថ្លែងបាន រវាងរឿងពីរនេះ។

      ស្រុកវើតប្រេស!

  4. somada / មីនា 27 2012 10:10 ព្រឹក

    ពាក្យថា “បង ចា៎ស ” នេះស្តាប់ទៅក៏ពិរោះម្យ៉ាងដែរ តែខ្មែរយើង​មិនសូវ​មានអ្នក​ប្រើដូចជីវីនិយាយអញ្ចឹង តែសម្រាប់ក្មេង​ៗ ថៃវិញ​គេប្រើពាក្យ​នេះ​ពិរោះខ្លាំងណាស់ (ប្រៀបដូចជាសម្លេង​អង្រួនបេះដូងអ្នកស្តាប់​អញ្ចឹង មិនមែនថៃននិយមទេណា) គឺជាពាក្យដែល​ក្មេងៗ ប្រើជាមួយ​ឪពុកម្តាយ បងប្អូន​ ។ និយាយពីរឿងថៃ ពាក្យសម្តី​ដែលគេនិយាយចេញមក​ហាក់ដូចជាស្រទន់ខ្លាំងណាស់ ជាពិសេស​ម្តាយឪពុក​ដែល​និយាយ​ទៅកាន់​កូន​ៗ ចំណែកពាក្យសម្តី​ដែលខ្មែរយើង​ប្រើច្រើនតែនិយាយខ្លាំង ៗ មិនសូវជាទន់ ឬ ផ្អែមនោះទេ ។​
    ចូលរឿងកល្យាណវិញម្តង កិត្តិយស និង ស្នេហាមួយណាធំជាង ? បើស្រឡាញ់គ្នាខ្លាំងដូចខ្មែរថា​ចាក់​ទឹក​មិនលិច​ហើយនោះ ពិតជាស្នេហាធំជាងហើយ តែបើថាស្រឡាញ់​បែបលេងសើច​ ឬ គ្រាន់តែកំដរអារម្មណ៍​មួយពេលនោះ គេពិតជារកលេស​នេះ​រកលេស​នោះ មក​បកស្រាយ​ដើម្បី​បែកគ្នា ជាមិនខាន និយាយនេះ​មិនមែនថាឲ្យម្ចាស់រឿងទេ តែវាជាធាតុពិត​របស់មនុស្សប្រុសស្រីលើលោកនេះ​។ ហើយចំពោះរឿងខាងលើតួ​ប្រុសនោះ​សាវាណាស់​ សេពគប់មិនបានទេច៎ាស ។

    • លី កល្យាណ / មីនា 27 2012 10:16 ព្រឹក

      បានសាច់រឿងបញ្ចូលតួមួយឈុតទៀតពីបងខ្ញុំ។
      តួប្រុសមហាសាវា… តួស្រីមិនសូវក្លាហាន…

    • លី កល្យាណ / មីនា 27 2012 10:23 ព្រឹក

      ខ្មែរនិយមគិតថា ផ្អែមល្ហែមពេកច្រើនព្រាត់ប្រាស។ ម្តាយខ្ញុំមិនដែលសរសើរកូនទេ ទោះជាកំពុងស្តាប់អ្នកដទៃសរសើរកូនខ្លួនឯងយ៉ាងណាក៏ដោយ។ មិនមែនមកពីគាត់គិតថា «ងើយស្កក ឱនដាក់គ្រាប់» ទេ តែគាត់ខ្លាច។
      ខ្ញុំធ្លាប់មានមិត្តម្នាក់ គាត់និយាយទន់ផ្អែមណាស់ គាត់ធ្លាប់រស់នៅស្រុកគេច្រើនដែរ ដូចជាអង់គ្លេស ជប៉ុន ចិន ថៃ… ប្រហែលជាបែបហ្នឹងបានជាគាត់ តែងប្រាប់ខ្ញុំថា «យើងរស់នៅជាមួយគ្នា មិនដឹងថ្ងៃណា បែកគ្នាទេ សូមឱ្យមុននឹងបែកយើងបាននិយាយរក គ្នានូវពាក្យទន់ផ្អែមពីបេះដូងផង។ បើយើងនឹងស្អប់ គ្នា សូមនឹកដល់កាលដែលផ្អែមល្ហែម តើមូលហេតុអីដែល ផ្អែមល្ហែមកើត?»
      គ្រាន់តែថា ពាក្យហ្នឹងខ្មែរយើងមិនដែលប្រើ ដូចជា​ថៃមែនហ្នឹង អ្នកផ្សេងស្តាប់ទៅក៏ឆ្គងត្រចៀកដែរ។

  5. somada / មីនា 27 2012 10:44 ព្រឹក

    មិនមែនជាពាក្យសរសើរទេ តែវាជាភាសាដែលគេប្រើប្រាស់ប្រចាំថ្ងៃ ចង់និយាយថាពាក្យសំដី​ដែលគេប្រើ វាទន់ និង មានហេតុផល ។ ថ្ងៃមុនបងទៅផ្សារទៅរកទិញសម្លៀកបំពាក់ នៅក្នុង​ផ្សារនោះ​គេ​មាន​កន្លែង​សម្រាប់​ឲ្យ​យើង​ល​ បងក៏ដើរចូលទៅក្នុង​បន្ទប់នោះ ដោយកន្លែងនោះ​មានបន្ទប់​ដែលនៅ​ជាប់​គ្នា​ចំនួន​បី​បន្ទប់ ។ បងបានឮសម្លេង​ម្តាយកូន​ពីរនាក់ជជែកគ្នា ក្មេងស្រីនោះ​អាយុ​ប្រហែលជា ៥ឆ្នាំ គេកំពុង​ល​អាវ​ជាមួយម្តាយរបស់គេ ។​ ក្មេងស្រីនោះចង់បានអាវព័ណ៌លឿង ចំណែកម្តាយ​ចង់ឲ្យកូនពាក់​ព័ណ៌ផ្កាឈូក ។​ ម្តាយក៏ឲ្យកូនលអាវទាំងពីរនោះមើល​ ហើយគាត់និយាយជាមួយកូនថា​ “ព័ណ៌លឿងដែលកូនពាក់នោះ​ស្អាត​ខ្លាំងណាស់ តែបើកូន​ពាក់ព័ណ៌ផ្កាឈូកនេះវិញ​ កូនពិតជាដូចស្អាតដូចជាបាប៊ីអញ្ចឹង (សង្ស័យ​តែកូន​គាត់​ចូល​ចិត្ត មើលតុក្កតា​រឿងបាប៊ីហើយមើលទៅ កូនខ្ញុំទាំងពីរវិញចូលចិត្តខ្លាំងណាស់ ជាទេព​អប្សរ​ក្នុងចិត្តរបស់​ក្មេង​ស្រី​ សូម្បីតែ​ខ្ញុំក៏​ចូល​ចិត្តដែរ)​ ” ។ ពេលនោះក្មេងស្រីនោះក៏យកព័ណ៌ផ្កាឈូកនោះមកល ហើយក៏លាន់​មាត់ថា “អ្នកម៉ាក់ពិតជាពូកែមែនទែន ហើយម្យ៉ាងទៀត​ស្រី ៗ ពាក់ព័ណ៌ផ្កាឈូក​ពិតជាស្អាតណាស់ អរគុណ​អ្នកម៉ាក់ កូនស្រឡាញ់អ្នកម៉ាក់” ។ នេះជារឿងពិតមួយក្នុង​ចំណោមរឿងទាំងអស់ដែលខ្ញុំបានជួប ។ ចង់បញ្ជាក់ថា ទន់ភ្លន់ និង មានហេតុផល ។

    • លី កល្យាណ / មីនា 27 2012 11:00 ព្រឹក

      ខ្ញុំនឹងរកបាប៊ីមើលដែរ រឿងតុក្កតា មិនដែលមើលសោះក្រៅពីឆ្មារនិងកណ្តុរ និងអេនីម៉ា។

    • លី កល្យាណ / មីនា 27 2012 11:20 ព្រឹក

      ម៉ាក់ៗស្រឡាញ់កូនណាស់ ហើយមានវិធីសាស្រ្តបញ្ចុះបញ្ចូលខ្ពស់ (ចិត្តសាស្រ្តខ្ពស់)។
      ក្មេងតែយើងប្រទាញប្រឆាំងខ្លាំង គេមិនព្រមតាមយើងដាច់ខាត។
      មួយក្បាច់នេះរឿងដែលបងចែករម្លែកខ្ញុំនឹងទុកជាផ្នែកមួយនៃរឿងដែលខ្ញុំប្រុងសរសេរ។

    • លី កល្យាណ / មីនា 28 2012 9:10 ព្រឹក

      ខ្ញុំមើលបាប៊ីរួចហើយ(Barbie in a mermaid tale) តែដូចជា…និយាយមិនត្រូវទេ។
      ចឹងដឹងបានជាខ្ញុំអត់មានគ្រួសារ អត់មានកូនចៅអីនឹងគេ!

  6. Lovepeehs05 / មីនា 27 2012 12:55 ល្ងាច

    រឿងដែលខ្ញុំចាប់អារម្មណ៍គឺ គុណភាព និង កិត្តិយស រឿងនេះខ្ញុំធ្លាប់បាន សិក្សាអបរំតាំងពីនៅក្មេងម្លេះ ហើយក៏បានអនុវត្តន៍ជាបន្តរបន្ទាប់ រហូតមកដល់សព្វថ្ងៃនេះ តាមពិតទៅក្មេងៗជំនាន់ក្រោយ មិនសូវចាប់អារម្មណ៍ទេ ខ្ញុំធ្លាប់ជួបប្រទះជាច្រើន តែខ្ញុំនៅតែប្រកាន់អាកប្បកិរិយានេះដដែល ថ្វីត្បិតមានវ័យ ដូចសព្វថ្ងៃនេះក៏ដោយ នៅតាំងចិត្តថាដូចជាថា នៅគ្រាន់បើជានិច្ច ឬ មិនទាន់អន់ដែរទេ !

    តាមពិតទៅប៉ុន្មានថ្ងៃមុននេះ ធ្វើដំណើរតាមឡានក្រុង នៅស្រុកគេលើកទីមួយ ធ្វើដំណើរយ៉ាងឆ្ងាយ ប្រហែលជា ៦០០-៧០០ គីឡូម៉ែត្រ ទៅមកបូកជា ២ បានជួបមនុស្សចម្លែកៗជាច្រើន អង្គុយចំកន្លែង សុទ្ធតែក្រមុំចិន (ហុងកុង?) មុនដំបូងសួរគេ គេហាក់ដូចជា មិនចង់ ឬ មិនហ៊ាននិយាយ (ស្មានតែមិនចេះ អង្គ្លេស) តែក្រោយមក ស្រាប់តែចោមនិយាយ មិនឈប់ ខ្ញុំស្មានថាខ្ញុំហួសសម័យ តែយ៉ាងណាក៏មិន បណ្តោយតាមមនោសញ្ចេតនាដែរ មានចិន មានអាគាំង ភាគច្រើនគេពាក់អាវ និងស្លៀកខោចិត្តល្អ នៅពេលវិស្សមកាល (Spring Break)មួយអាទិត្យ (កូនសិស្ស) ពិបាកមើលណាស់ គេហៅអោយថតទៀត តែដូចជាមិនហ៊ានថត ទៅទៀត តែក្រោយមកនឹកចង់ថត តែយឺតពេលទៅហើយ កុំអីបានដាក់ចែកគ្នាមើល ។ល។៚…

    គ្រាន់តែចង់ពិសោធន៍មើលតែប៉ុណ្ណោះ…

    • លី កល្យាណ / មីនា 27 2012 3:16 ល្ងាច

      យ៉ាលោកពូ នៅទាត់ប៉ោតឮតើ នរណាថាពូហួសសម័យ មើលតែមួកចុះ តួខូវប៊យសុំខ្មាសហើយ។

      ជីវិតយើងជាអ្នកឱ្យតម្លៃ។ ការដែលយើងប្រកាន់យកភាពត្រឹមត្រូវគឺជាអំណួតសម្រាប់ជីវិតយើង នឹងកាន់តែធ្វើឱ្យយើងចង់រស់នៅដោយរីករាយថែមទៀត។

      ចុះរឿងខ្លីដែលខ្ញុំសរសេរខាងលើនេះលោកពូយល់ថាម៉េចដែរ? តួស្រីអន់ពេក ឬតួប្រុសមានមន្តស្នេហ៍?

    • Lovepeehs05 / មីនា 27 2012 10:39 ល្ងាច

      អ្នកសរសេរមានគំនិតល្អ ដាក់ជាចំណោទ ដើម្បីអោយអ្នកអានមានការវិភាគ ទៅរកផលវិជ្ជមាន សម្រាប់ដំណើរជិវិតរៀងៗខ្លួន ។

      តួរស្រីមិនអន់ទេ ដោយលើកយកអាវុធគឺ កិត្តិយសមកថ្លាថ្លែង សម្តែងវែកញែក ជូនប្រុសស្នេហ៍អោយបានយល់ និងស៊ីជម្រៅ នូវទង្វើររបស់ខ្លួនដែលកំពុងធ្វើ… មិនថាអញ្ចឹង ?

    • លី កល្យាណ / មីនា 28 2012 9:13 ព្រឹក

      អរគុណលោកពូ ។
      លោកពូមានគិតថាឃ្លាមួយនេះ ៖
      «សេចក្តីស្នេហារបស់ខ្ញុំចំពោះបងធំធេងណាស់ ជ្រាលជ្រៅណាស់ បងដឹងទេ? ខ្ញុំហ៊ាននិយាយប្រាប់គ្រួសារខ្ញុំ ថាខ្ញុំស្រឡាញ់បងបំផុត ខ្ញុំចង់រួមដំណើរជីវិតជាមួយបងក្នុងពេលសេសសល់ដែលខ្ញុំមាន។»

      យ៉ាងម៉េចដែរលោកពូ? ចំពោះគំនិតរបស់លោកពូផ្ទាល់?

    • Lovepeehs05 / មីនា 28 2012 12:33 ល្ងាច

      សេចក្តីស្នេហាចំពោះបងធំធេងណាស់ ខ្ញុំបានប្រាប់គ្រួសារខ្ញុំថា ស្រឡាញ់បងបំផុត តែខ្ញុំចង់រួមដំណើរជីវិត ជាមួយបង ក្នុងពេលដែលសេសសល់ បន្តិចបន្តួចដែលខ្ញុំមាន ។

      ពាក្យទាំងនេះ ស្តាប់មើលទៅ ដូចជាគ្មានន័យជាវិជ្ជមានទេ បើខ្ញុំវិញដូចជាមិនសូវចាប់ អារម្មណ៍ទេ ! មិនថាអញ្ចឹង ?

  7. vsthea / មីនា 27 2012 1:05 ល្ងាច

    ធានាថាមើលរឿងបាប៊ីហើយពិតជាចូលចិត្ត​ ព្រោះទាំងសម្លៀកបំពាក់ ការតុបតែងខ្លួន​គឺសមអត់ខ្ចោះ​តែម្តង​ ដូច្នោះបាប៊ីទាក់ទាញចំណាប់អារម្មណ៍​ក្មេងស្រីច្រើនជាងគេ មានរឿងខ្លះ​ក្មួយកល្យាណ​ចាក់​មើល​ពីរ បីដង​ហើយ​នៅតែចង់​មើល​ទៀត ។ ចំពោះ​ក្មេង ៗ ដូចកល្យាណនិយាយអញ្ចឹង​គេត្រូវការផ្អែម​ត្រជាក់ និង​ ហេតុផល​ច្បាស់លាស់ដូចមនុស្សចាស់ដែរ តែបងនៅមិនទាន់ទម្លាប់ជាមួយពាក្យទន់ភ្លន់​នៅឡើយទេ (សង្ស័យតែធ្លាប់​ខ្លួនតាំងពីតូចមកហើយមើលទៅ) ។​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: