រំលង ទៅខ្លឹមសារ
22 ខែ​មេសា 2012 / ស្នាមញញឹម

ពាក្យពរជ័យសម្រាប់ជនប្រមឹក

ម្តាយខ្ញុំតែងតែហាមមិនឱ្យខ្ញុំផឹកស្រាច្រើនពេកទេ។ ក្រៅពីការជួបជុំគ្នាដើម្បីមុខរបរ និងការងារក្នុងវង់ផឹកស៊ី ខ្ញុំជាមនុស្សប្រមឹកម្នាក់យ៉ាងជោគជាំ ជោគរហូតដល់ថ្នាក់ម្តាយខ្ញុំលែងហាមហើយ គឺមានតែសួរថែមថា៖ កូន ចង់ផឹកស្រាស ឬ ទឹកត្នោតជូរ? រួចគាត់ក៏ពឹងគេដែលអាចទិញស្រាស ឬទឹកត្នោតជូរឱ្យខ្ញុំបានទៅរកវាមកឱ្យ កូនប្រមឹកម្នាក់នេះ។ នេះជាការលះបង់ដ៏ខ្ពង់ខ្ពស់ក្នុងនាមម្តាយម្នាក់ដែលសុំសីលប្រាំបី ដើម្បីកូនជាទីសម្អប់

កាលវិភាគការងាររបស់ខ្ញុំគឺ ពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ (គ្មានសុរា ឬជាតិអាល់កុលណានាំចូលក្នុងពោះវៀន ឡើយ វៀរលែងតែថ្ងៃបុណ្យ ដែលត្រូវបានសម្រាកពីការងារ) កាលវិភាគសម្រាប់គ្រួសារខ្ញុំ គឺម៉ោងប្រាំបួន ព្រឹក ដល់ ម៉ោងប្រាំល្ងាច សម្រាប់ពីរថ្ងៃនៃសៅរ៍ និងអាទិត្យ ដែលមានបញ្ចូលទាំងការទំនាក់ទំនងផ្សេងៗ ក្នុងមុខរបរ។

ជារៀងរាល់ថ្ងៃសៅរ៍ ចាប់ពីម៉ោងប្រាំមួយល្ងាច ដល់យប់ជ្រៅខ្ញុំតែងរីករាយនឹងផឹកស្រាតែម្នាក់ឯងនៅមុខផ្ទះ អានរឿងកំប្លែងភាសាអង់គ្លេស ជាមួយដបស្រា និងកញ្ចប់បារី។

ដោយសារតែបារម្ភពីសុខភាពរបស់ខ្ញុំ ម្តាយខ្ញុំបាននាំខ្ញុំទៅលេងមិត្តរបស់គាត់ជាវេជ្ជបណ្ឌិតរួចបង្ខំខ្ញុំឱ្យចូល ខ្លួនឱ្យមិត្តគាត់ពិនិត្យ។

រឿងដែលមិត្តគាត់ណែនាំខ្ញុំគឺថា៖

លោកវេជ្ជបណ្ឌិត៖ ក្មួយត្រូវតែដឹងថា សុរា និងបារីអាចធ្វើឱ្យក្មួយមានសុខភាពទ្រុឌទ្រោមម្តងបន្តិចៗ ប្រៀប ដូចពាក្យដែលគេនិយាយថា ស្លាប់បន្តិចម្តងៗ

ខ្ញុំ៖ តើខ្ញុំនៅសល់ពេលប៉ុន្មានទៀតអ៊ំ? (ខ្ញុំរាងស្លុតចិត្តដែលគ្រាន់តែឮពាក្យថាស្លាប់នេះ)

លោកវេជ្ជបណ្ឌិត៖ ទេ! អ៊ំចង់និយាយថា យើងផឹកស្រា ជក់បារីរាល់ថ្ងៃ គឺនាំឱ្យគ្រឿងក្នុងរបស់យើងចាប់ផ្តើម ខូចខាតម្តងបន្តិចៗ… ស្លាប់យ៉ាងយឺតៗ… មិនមែនឆាប់ៗនេះទេ! (គាត់និយាយបញ្ជាក់កុំឱ្យខ្ញុំស្លុតចិត្តពេក)

ខ្ញុំ៖ អូហ៍… ល្អណាស់អ៊ំព្រោះខ្ញុំមិនទាន់ចង់ស្លាប់ឆាប់ពេកទេ ខ្ញុំផឹកមិនទាន់អស់ចិត្តផង។

ព្រឹកថ្ងៃអាទិត្យនេះ ខ្ញុំក៏ប្រព្រឹត្តតាមទម្លាប់ខ្ញុំដដែល ខ្ញុំក្រោកពីម៉ោងបួន រត់ហាត់ប្រាណប្រមាណដប់ប្រាំនាទី រួចក៏អង្គុយជក់បារីនៅក្បែរកំប៉ុងស្រាបៀរដែលសល់ពីយប់មិញនៅក្បែររបងផ្ទះ នឹងអានកាសែតពីម្សិលមិញ ម៉ោងជិតប្រាំពីរព្រឹកហើយ ខ្ញុំក្រោកពីកៅអីប្រុងចូលក្នុងផ្ទះ ព្រោះមានសម្លេងក្មេងរើសអេតចាយបានមក រំខានចិត្តដែលប្រឹងផ្តោតលើព័ត៌មានលើក្រដាសកាសែត។ ពេលឆ្មៀងភ្នែកមើលទៅពួកវា ខ្ញុំឃើញក្មេងស្រី អាយុប្រហែល ដប់ឆ្នាំកំពុងសប្បាយជាមួយគ្រឿងតែងខ្លួនដែលគេបានបោះចោលនៅមុខផ្ទះមួយទល់នឹងផ្ទះ ខ្ញុំ។ ដោយសារពួកវាកំពុងដណ្តើ់មគ្នាចំពោះរបស់ដែលពួកវាត្រូវការ ខ្ញុំនឹកអាណិតក្មេងទាំងពីរនេះភ្លាម ៖ ហេតុតែគ្នាចង់ល្អ ចង់ស្អាត ខ្ញុំខំរកនឹកថាតើនៅក្នុងផ្ទះខ្ញុំមានរបស់របរបែបហ្នឹងដែរទេ? តែ…នឹកមិនឃើញ។

ខ្ញុំអង្គុយសម្លឹងពួកវាយូរគ្រាន់បើដែរ… ស្តាប់សម្លេងពួកវា ខ្ញុំគិតថាពួកវាជាអ្នកស្រុកចំនៀរខាងបន្ទាយមាន ជ័យ សៀមរាបអីហ្នឹង។ ខ្ញុំមើលឃើញពួកវារើយកសៀវភៅដែលមានគម្របរូបតុក្តតាស្អាតលើកមើលផ្អៀង ផ្អង។

ក៏ស្រាប់តែនឹកឃើញរឿងមួយ ខ្ញុំបក់ដៃហៅពួកវាមកជិត។ ដំបូងវាមិនចង់មកទេព្រោះមិនដឹងជាខ្ញុំហៅវាមែន ឬមិនមែនផង។

ខ្ញុំចូលទៅក្នុងផ្ទះរកមើលដបទឹកក្រូចដែលសល់ពីចូលឆ្នាំយកចេញមកក្រៅរួចហុចឱ្យក្មេងស្រីម្នាក់ដែលដើរ មកដល់មុន។

ខ្ញុំ៖ អាណេះសម្រាប់ញ៉ាំ។ ហើយណ៎! (ខ្ញុំចង្អុលទៅសម្បកកំប៉ុងស្រាដែលរាយប៉ាយក្បែររបង)

ខ្ញុំងាកទៅឃើញប្រដាប់កើបសម្រាមនៅក្បែរនោះក៏ទាញមកកើបដាក់រទេះរបស់ពួកវា។

ក្មេងដែលអូសរទេះមកដល់ក្រោយ ឃើញខ្ញុំធ្វើបែបនេះវាក៏សួរ៖ ពូអត់រាប់វាទេ?

ខ្ញុំ៖ ណូ! ទេ! មិនរាប់ទេ គឺឱ្យក្មួយ! (ខ្ញុំនិយាយទាំងមិនទាន់អស់ជាតិស្រាបារីនៅឡើយពីក្នុងខ្លួន និយាយម្តង ភាសាខ្មែរ ម្តងអង់គ្លេស)

ក្មេងទាំងពីរដើរមកទន្ទឹមគ្នាឈរពីមុខខ្ញុំ៖

អរគុណពូ! (គេលើកដៃសំពះយ៉ាងសមសួន) សូមឱ្យពូមានសុខភាពល្អ មាំមួន និងមានអាយុវែង!

ខ្ញុំដែលកំពុងស្រវឹងមិនទាន់ស្វាងស្រួលបួលនៅឡើយ ភ្ញាក់បន្តិចដែរចំពោះកាយវិការដែលខ្ញុំមិនបានរំពឹង ទុកនេះ។ ខ្ញុំប្រញាប់លើកដៃសំពះតបទៅវិញ៖

អរគុណ! សូមឱ្យក្មួយៗក៏មានអាយុវែង និងឆាប់…ខំរៀនឱ្យពូកែផង។

ពួកវាក៏បែរខ្លួនដើរចេញទៅជាមួយរទេះរបស់ពួកគេ ដោយទុកខ្ញុំឱ្យឈរគិតមួយស្របក់មុនពេលបិទទ្វាររបង ចូលទៅមុជទឹកសម្អាតខ្លួន។

នរណាថាក្មេងរើសសម្រាមជាក្មេងគ្មានបានរៀនសូត្រ គ្មានការចេះដឹង?

មេរៀនពេលព្រឹកមួយនេះខ្ញុំអាចនិយាយបានថាទ្រឹស្តីរបស់ខ្ញុំពិតជាមិនខុសឡើយ។

«មនុស្សម្នាក់ៗមិនអាចសម្លឹងមើលឃើញដោយភ្នែក ហើយវាយតម្លៃតាមតែរូបភាពនោះទេ» មនុស្សពិត ណាស់ត្រូវការពិនិត្យអង្កេតមើលឱ្យបានជ្រៅ ឱ្យបានយូរ ចឹងបានជាគេតែងនិយាយថា មុននឹងជ្រើសរើស គូជីវិត យើងត្រូវពិនិត្យស្វែងយល់ឱ្យបានយូរ។

អរគុណក្មួយស្រី! ពាក្យជូនពររបស់ក្មួយគឺផ្ទុយទាំងស្រុងពីការណែនាំរបស់លោកវេជ្ជបណ្ឌិត។

ឯវំ

  1. vsthea / មេសា 22 2012 12:34 ល្ងាច

    ថែរក្សាសុខភាពផងលោកពូអើយ ដើម្បីខ្លួនឯង និង អ្នកនៅក្បែរខ្លួនយើងជាពិសេស​អាណិតអ្នក​ម្តាយដែល​កាន់​សីលហើយ​ឆ្លៀតទៅ​កុម្ម៉ង់ស្រាស ទឹកត្នោត​ជូរ​ឲ្យកូនទៀត ពិតជារកមិនបានទេ ។​

    • ភរិយានិងម្ដាយម្នាក់ / មេសា 22 2012 1:48 ល្ងាច

      គាំទ្រយោបល់បងសុធា!​

    • លី កល្យាណ / មេសា 22 2012 3:34 ល្ងាច

      អរគុណយោបល់របស់ បងប្អូនទាំងពីរ ខ្ញុំនឹងជម្រាបគាត់ជូន។

    • តា ម៉ាប់ / មេសា 23 2012 12:52 ព្រឹក

      សំណាងហើយខ្ញុំពួក Straight Edge

    • លី កល្យាណ / មេសា 23 2012 7:19 ព្រឹក

      រកកន្លែងបកប្រែមិនចេញទេ តាម៉ាប់អើយ! Straight Edge ហ្នឹងស្អីគេ?

    • តា ម៉ាប់ / មេសា 23 2012 10:40 ព្រឹក

      Straight Edge ជាជន​​ដែល​រស់​នៅក្នុង​សង្គម ហើយមិនជក់ មិនផឹក មិនប្រើថ្នាំ ។

      វាមានន័យ​ជ្រៅ​ជាង​នេះ​ទៅទៀត តែ​សម្រាប់​ខ្ញុំ​គឺបណ្ណឹង ។ នេះបង http://en.wikipedia.org/wiki/Straight_edge

    • លី កល្យាណ / មេសា 24 2012 8:17 ព្រឹក

      អរគុណម្ចាស់អូន!

    • តា ម៉ាប់ / មេសា 25 2012 12:33 ព្រឹក

      បងកល្យាណ​សុំដូរ​កន្លែង​បញ្ចេញមតិ​ឲ្យ​នៅ​ត្រឹម​ ២ ប្រអប់វិញទៅ បើអញ្ចឹង​ទេវាធ្លាក់មក​ចំហៀង​ខាង​ស្ដាំ​នេះ​យ៉ាង​អន្លាយ​ដូច​ភ្នំ​ដង​រែកហើយ ។

  2. ស្រុកស្រែ / មេសា 23 2012 8:11 ព្រឹក

    សុំសួរមួយ… ពាក្យ “ខ្ញុំ” នៅ​ទីនេះ ជាអ្នកណាគេហូវ? ព្រោះ​តាមការ​រៀបរាប់​​សាច់រឿង​ ដំណើរ​ដើមទង កាលអើយ​កាលនោះណា… គឺថាសកម្មភាពតួ​ “ខ្ញុំ” ​នៅ​ទី​នេះ​ គឺ​ជាមនុស្ស​ប្រុស​ចំតួ​ហើយ…តែ​​ចំឡែក​​ឯម្ចាស់ផ្ទះ​​ គឺ​សុទ្ធ​តែ​ជា “ឆីៗ” ទៅវិញ…។ ដូច្នេះ តើ​​លក្ខណៈ​សម្បត្តិ​របស់​បុរស​ក្នុង​ប្រកាស​នេះ ជា “ឆង់ឆា” ឬក៍​ជា​មិត្ត “យិនស៊ិនពាន់ឆ្នាំ” ​របស់​ម្ចាស់​ផ្ទះ?… សួរលេង… មិនមែន​សាលា​ក្រុង​អោយ​សួរ​ទេ… ឆ្លើយក៍​បាន មិន​ឆ្លើយ​ក៍​បាន… 😀

    • លី កល្យាណ / មេសា 23 2012 8:24 ព្រឹក

      ជម្រាបពូស្រុកស្រែ! ខ្ញុំទើបតែដឹងខ្លួនឯងកាលពីពីរអាទិត្យមុនថា ខ្ញុំអត់ចេះសរសេររឿងដែលប្រើ «បុរសទីបី» ឡើយ។
      សូមលោកពូមើលចុះ គ្រប់អត្ថបទរបស់ខ្ញុំគឺសុទ្ធតែ ប្រើ «បុរសទីមួយ» ទាំងអស់។
      អ្វីដែលអាចសម្គាល់បានគឺ បើសិនរឿងនោះជារឿងខ្លី ខ្ញុំគ្រាន់តែចាត់ថ្នាក់វានៅក្នុងរឿងខ្លីប៉ុណ្ណោះ។
      សូមអរគុណចំពោះការចាប់អារម្មណ៍របស់លោកពូ។

    • ស្រុកស្រែ / មេសា 23 2012 8:29 ព្រឹក

      ខិខិខិៗៗៗ… ដឹងតើ… តែ​ខ្ញុំ​ភ្លេច​សុំទោស… ព្រោះ​ខ្ញុំ​និយាយ ផា អោយ​​ម្ចាសើ​ផ្ទះ​លេង​ទេ… តិច​លោ​ខឹង​ដុត​ផ្ទះ​ស្រុកស្រែ​ខ្ញុំ​ចោល​ចុះ?… ចាំ​មើល​​ពេល​ទំនេរ​បន្តិច ខ្ញុំ​នឹង​សាក​ល្បង​សរសេរ​រឿង​ខ្លី ដោយ​ខ្ញុំ​ដើរ​តួ​ជា​មនុស្ស​ស្រី​វិញ​ម្តង​មើលមើល៎… 😀

    • លី កល្យាណ / មេសា 23 2012 8:36 ព្រឹក

      ខ្ញុំមិនហ៊ានដុតផ្ទះពូទេ ខ្លាចពូដុតផ្ទះខ្ញុំវិញ:D តែយ៉ាងណាផ្ទះពូបានចុះបញ្ជីដីធ្លីរួចហើយ មានប្លង់រឹងហើយ ។ ចាំមើលពូរឿងខ្លីពូ តួជាស្រីវិញខ្ញុំនឹងផាដូចដែលពូបានផាឱ្យខ្ញុំ ដើម្បី …សងសឹក… 😀

    • ស្រុកស្រែ / មេសា 23 2012 8:42 ព្រឹក

      អត់បញ្ហា… ផាយ៉ាងម៉េច​ក៍​មិន​ចេះ​ស្ពឹកដែរ ព្រោះ ខ្ញុំ​ប្រឡងជាប់​វិជ្ជាគុណ​ខាង “ផាអោយ​គេ និង​គេ​ផា​អោយ​វិញ​ឡើង​ស្ពឹកៗ” រួចហើយ… 😀

    • តា ម៉ាប់ / មេសា 25 2012 12:32 ព្រឹក

      ហាហាហា ពូស្រុកស្រែឆ្ងល់​ដូច​ខ្ញុំ​ធ្លាប់​ឆ្ងល់​លើក​មុនដែរ 😀

បញ្ចេញមតិ