Skip to content
23 ខែ​មេសា 2012 / ស្នាមញញឹម

អត់មាននរណាថា ថាខ្លួនឯង

និយាយពាក្យហ្នឹងពេលណា ក៏អ៊ំមុនីតែងតែថាឱ្យខ្ញុំ «អង្គុយលើចង្អេរលើកខ្លួនឯង» … ចុះបើអីចឹងមែន!

អត្ថបទមុនរបស់ខ្ញុំ ពាក្យពរជ័យសម្រាប់ជនប្រមឹក គោលបំណងដែលសរសេររឿងហ្នឹងមិនត្រឹមតែដើម្បី សើចកំសាន្តអារម្មណ៍ប៉ុណ្ណោះទេ តែចង់បញ្ជាក់ការណ៍ពីរបីឃ្លា (ធ្វើដូចខ្លួនឯងហ្នឹងជាអ្នកមានចំណេះដឹង ជ្រៅជ្រះរឿងសរសេរអត្ថបទអីអញ្ចឹង) ៖

១ – ខ្ញុំមើលឃើញបច្ចុប្បន្នភាពរបស់យុវវ័យ មជ្ឈិមវ័យនៅកម្ពុជាកំពុងរីករាយ និងដុះដាលក្នុងការប្រព្រឹត្តិ គ្រឿងស្រវឹង។ មិនហ៊ាននិយាយទេថាការប្រព្រឹត្តិនោះវាខុសឬត្រូវ គ្រាន់តែចង់រម្លឹកព្រះពុទ្ធដីកាដែលយើង បានដឹងទាំងអស់គ្នាថា៖ យើងត្រូវពិចារណា សូម្បីតែព្រះពុទ្ធក៏មិនដែលប្រព្រឹត្តតឹងតែងពេក ឬធូររលុងពេក ដែរ ពោលគឺព្រះអង្គជ្រើសយកផ្លូវកណ្តាលសម្រាប់ដើរ។

២ – គិតតាមរបៀបមនុស្សមានមនោសញ្ចេតនាជោគជាំក្នុងរឿងប្រលោមលោក ខ្ញុំមើលឃើញភាពរឹងត្អឹង ក្នុងការសម្តែងសេចក្តីស្រឡាញ់របស់មនុស្សយើង។ នរណាក៏ដឹងដែរថា អ្វីៗជារបស់អនត្តា … រូបនីមួយៗ គង់មានថ្ងៃរលាយសូន្យទៅ… នរណាមកកុហកថា ខ្ញុំនឹងអាចរស់បានដល់អាយុប៉ុណ្ណេះ ឬប៉ុណ្ណោះអី កុំមក បៀតខ្ញុំ … គ្មាននរណាដឹងបានថាជីវិតរបស់យើងត្រូវចប់ក្នុងវិនាទីណាមួយនោះទេ! កុំថាដល់ទៅដឹងថ្ងៃ ស្លាប់ទៀតនោះ … ម៉េចយើងមិនជ្រើសរើសការលើកទឹកចិត្តចំពោះគ្នាទៅវិញទៅមក ដើម្បីភាពរីករាយ មួយភ្លែតណានោះសម្រាប់មនុស្សនៅជុំវិញខ្លួនយើងទៅ!

តើមានអ្នកណាដឹងថាស្អែកនឹងមានរឿងអ្វីកើតឡើង? ស្មានថាក្មេងស្រីទាំងហ្នឹងវាមិនដឹងថា ពូដែលផឹក ស្រាសល់សម្បកកំប៉ុងជិតកន្លះកេសហ្នឹងនឹងទៅជាយ៉ាងម៉េចនាអនាគតឬ? អ្នកប្រមឹកនោះពិតជាដក់ចិត្ត ជាប់នឹងពាក្យឱ្យពររបស់ក្មេងរើសសម្រាម ទោះជាការដែលក្មេងនោះឱ្យពរគេ អាចធ្វើឱ្យអ្នកដទៃមាន អគតិជាមួយក៏ដោយព្រោះគាត់នឹងគិតថា ក្មេងរើសសម្រាមឱ្យពរ ក៏គ្រាន់ជាងមនុស្សធម្មតាម្នាក់ជេរដែរ!

បើខ្ញុំជាអ្នកប្រមឹកហ្នឹងវិញក៏ខ្ញុំលួចគិត ញញឹមម្នាក់ឯងដែរ!

៣ – ខ្ញុំនៅតែគោរពក្តីស្រឡាញ់របស់មាតាគ្រប់រូបលើលោកនេះចំពោះបុត្ររបស់ខ្លួន។ ទោះបីដឹងថាកូន ជាមនុស្សបាតសង្គមយ៉ាងណា ជាមនុស្សដែលមិនគួរឱ្យពឹងពាក់បានយ៉ាងណា ក៏គាត់នៅតែទុកកូនជា សាច់របស់គាត់ដែលត្រូវមើលថែកុំឱ្យមានស្លាក មានដំបៅ។ ទាំងកូននៅតូច ក៏ដូចជាពេលកូនមាន គ្រួសារទៅហើយ គឺនៅចាំរវល់ខ្វល់ខ្វាយជានិច្ច … ជាតិខ្មែរ ជាតិអាស៊ី តែអីចឹងឯង…ខុសពីជាតិអឺរ៉ុប និង អាមេរិចដែលគេបើកទូលាយចំពោះកូនចៅមានអាយុចាប់ពី១៦ឆ្នាំឡើង។

មានមតិលើកចង្អេរតែប៉ុណ្ណឹងឯង! បើខ្ញុំលើករួចកាលណា ហ៊ឹស! អ៊ំមុនីដឹងតែចាញ់ខ្ញុំដាច់ បង់ថ្លៃភីស្សាឱ្យ មិនខានទេ!

ជួយមតិយោបល់ខ្ញុំផង (ជួយកាន់ជើង) បើខ្ញុំបានភីស្សាខ្ញុំនឹងផ្ញើចែកគ្នាហូបលើហ្វេសប៊ុកនេះដែរមិនខាន!

😀

Advertisements
  1. somada / មេសា 23 2012 8:27 ល្ងាច

    ចង់ជួយកាន់ជើងដែរ តែអនិច្ចាអ្នកភូមិវើដប្រេសអត់បានញ៉ាំផង ស្អែកបានជួយ !
    ម្តាយគ្រប់រូបអាណិតស្រឡាញ់កូនគ្រប់គ្នា មិនថាល្អឬ អាក្រក់នោះទេ ប៉ុន្តែចិត្តម្តាយទូទៅមិនបានស្រឡាញ់​កូនស្មើទាំងអស់នោះទេ តែងតែមានចិត្តលម្អៀងជានិច្ច ។ ចិត្តលម្អៀងនោះគឺមានទៅលើកូនចៅណាដែល​លំបាកតោកយ៉ាកជាងគេ រូបរាងអាក្រកើជាងគេជាដើម (មើលតែជីវីដឹងហើយស្រឡាញ់អាទីពីរជាងគេ​ មែនអត់ជីវី ?) ចំណែកបង…​សាកទាយទៅមើល ?

    • លី កល្យាណ / មេសា 23 2012 9:35 ល្ងាច

      ខ្ញុំដឹង! បងស្រឡាញ់អាទីពីរ ព្រោះមុខវាដូចប៉ាដែរ។ ដូចជីវីដែរ…
      ទៅ ខ្ញុំដឹងហើយទាំងពីរនាក់ហ្នឹងនោះ ស្រឡាញ់ប៉ាវាឡើងហៀរដល់កូន។ រួចចំណែកប៉ាហ្នឹងក៏ចឹងដែរ ស្រឡាញ់ម៉ាក់ រួចឱ្យតែកូនណាដូចម៉ាក់ក៏ដាក់ចិត្តជាងគេបាត់ហើយ។
      ទាយរួច សង្ឃឹមហោចណស់ក៏បានពីរពាន់រៀលដែរ។

    • somada / មេសា 24 2012 9:31 ព្រឹក

      ពូកែទាយមែនកូនគេ ចាំថ្ងៃសៅរ៍ ថ្ងៃអាទិត្យទៅវត្តភ្នំពីរនាក់បងណា៎ ! បងជាអ្នកកាន់លុយ ឯកល្យាណជាអ្នកទាយ ព្រមអត់ ?

    • លី កល្យាណ / មេសា 24 2012 9:29 ល្ងាច

      ខ្ញុំទាយត្រូវតែប៉ុន្មាន ផ្ទះនេះទេ រកស៊ីបានតែក្នុងភូមិ បានតែជាមួយអ្នក ជាប់ផ្ទះប៉ុណ្ណោះ!
      ង៉ាសៗៗៗ បងកាន់ លុយប្រយ័ត្នទៅ អ្នកកាន់លុយ ហ្នឹងមានការងារ មួយទៀតគឺចាំជួយ ចូកជួយចែវគេផង 😀

    • ភរិយានិងម្ដាយម្នាក់ / មេសា 23 2012 10:33 ល្ងាច

      ជំពាក់សិន អត់ទាន់ឆ្លើយហេ ងុយអេងហើយ ង៉ាស់ៗៗៗៗ( ចូលផ្ទះបងកល្យាណ សើចតាមគាត់មួយ)

    • លី កល្យាណ / មេសា 23 2012 10:37 ល្ងាច

      ឆាប់គេងទៅ កូនតូចកូនធំយំពេញផ្ទះហើយបើម៉ាក់ អាល័យតែលេងវើតប្រេសចឹងនោះ!
      ញញឹមខ្ជឹបដាក់វិញព្រោះយកចិត្តគេតិចទើបតែ ផា ឱ្យគេហើយចឹង 🙂

    • ភរិយានិងម្ដាយម្នាក់ / មេសា 24 2012 3:56 ល្ងាច

      កាលនៅពីក្មេង ពេលខ្លះខ្ញុំខឹងនឹងម៉ាក់ថាស្រឡាញ់កូនមិនស្មើគ្នា ដល់មានកូនខ្លួនឯងបានដឹងចិត្តគាត់។ កូន​ម្នាក់ៗ មាន​លក្ខណៈ​ពិសេស​របស់គេ​រៀងៗ​ខ្លួន ហើយភាពពិសេសនេះហើយដែលធ្វើអោយ ប៉ានិងម៉ាក់​ស្រឡាញ់​គេ​ជាង​គេ សូមលើក​ឧទាហរណ៍មួយ នាងនាងរបស់ខ្ញុំ ជាកូនដំបូង ជាកូនដែល​ធ្វើ​អោយ​ខ្ញុំ​បាន​ភ្លក់​រសជាតិ​នៃ​សុភមង្គលដែលបាន​​ក្លាយ​​ជាម្ដាយគេ​ជា​លើកដំបូង នាងនាងដែលតែងការពារប្អូន មើលថែប្អូន លួង​ប្អូន ពេលប្អូនយំ(កាលនូចូលរៀន​ដំបូង) ជា​កូន​ស្រី​ដែល​ធ្វើអោយខ្ញុំមាន​មោទនភាព នេះជាលក្ខណៈ​ដែល​រិត​តែ​ធ្វើ​អោយ​ខ្ញុំ​រិត​តែ​ស្រឡាញ់​នាង។ នូនូ កូន​ដែល​មាត់​ច្រើន រប៉ិលរប៉ូច ចេះឆ្លើយឆ្លងមិន​ដែល​ទាល់​ សំដីធំ​ជាង​មាឌ ពូកែ​រក​រឿង​អោយម៉ាក់ខឹង ពេលដែលម៉ាក់​ខ្លួនឯងខឹងកូន ក៏តាំងលួចអាណិតវិញ គិត​ថា​មិន​ដែល​បាន​និយាយ​ល្អជាមួយកូនទេ នេះជាលក្ខណៈពិសេស​របស់នូ។ ឯអាពេជ្រ កូនដ៏សេនស្លូត តាំងពីកើត​មក​មិន​ដែលយំម៉ាង៉ាំង អី​នឹងគេទេ អ្នកជិតខាងផ្ទះមិនដែលដឹងថា​ខ្ញុំមានកូនខ្ចី​សោះ ទាល់តែបី​ចេញ​ក្រៅ​បាន​គេ​សួរ​ថា «ហា៎ក!! កើតពីកាលណា បានអត់ដែលលឺកូនយំ?» ម៉ាក់​មិន​​ដែល​​អត់​ងងុយ​រូង​ភ្នែក​ម៉ាយប់​ណាដោយសារ​​កូនយំយប់ទេ​ ស្លូតនោះស្លូត​​ ហើយជា​ពិសេស អាមួយនេះ​មុខដូចម៉ែវាពីតូចចឹង​ ត្រង់នេះ​ជា​លក្ខណៈ​ពិសេស​របស់​អា​ពេជ្រ​។​ សរុបមក មិនដឹង​ថា​ខ្ញុំខ្លួនឯង ស្រឡាញ់​អាមួយ​ណា​ជាង​អា​មួយ​ណា​ផង​ហ្នឹង។ ហេហេហេ វែងតិចហើយបងៗ សុំចប់ប៉ាប៉ុនណេះឯង ឯវំ។

    • សម្ផស្ស / មេសា 24 2012 7:59 ល្ងាច

      វែង​ក៏​ទ្រាំ​អាន​ដែរ​បង​! អាន​ហើយ​ចង់​ស្រក់​ទឹក​ភ្នែក​ ព្រោះ​នឹក​ទៅ​ដល់​អ្នក​​ម្ដាយ​ខ្ញុម​។

    • លី កល្យាណ / មេសា 24 2012 8:53 ល្ងាច

      កូនដែលចេះនឹកអាណិតម្តាយមុខជាមានបុណ្យវាសនាខ្ពស់!
      ខ្ញុំថាតាមតែចាស់ៗខ្ញុំ!

      ខ្ញុំជឿពាក្យចាស់ «គ្រូទាយ ម្តាយថា»។

    • ភរិយានិងម្ដាយម្នាក់ / មេសា 24 2012 9:43 ល្ងាច

      Thumb up!!!

  2. ភរិយានិងម្ដាយម្នាក់ / មេសា 24 2012 3:12 ល្ងាច

    បានអានរួចហើយ ដូចជាមិនមាន​យោបល់​ជំទាស់​ទេ! ខ្ញុំ​ឃើញ​ថា​សម​ហេតុ​ផល​ម្យ៉ាង​ដែរ តែ​អានេះ​គេ​មិន​ហៅ​ថា​អង្គុយលើចង្អេរ​លើកខ្លួនឯង​ទេ គ្រាន់តែបកស្រាយអោយគេយល់ប៉ុណ្ណោះ (កាន់ជើង​ប៉ា​ប៉ុន​ណេះ​ហើយ​ បែបមិន​អត់ភីសាទេ​មើលទៅ 😀 😀 😀 ហេហេហេ)

    • លី កល្យាណ / មេសា 24 2012 9:32 ល្ងាច

      មិនបាច់និយាយពីភីស្សាទេ ព្រោះខ្ញុំលើកច្រើនដងហើយ តែមិនរួច…តែ… បើខ្ញុំលើករួចក៏ខ្ញុំគិតដល់ក្មួយមុនដែរ មិនឱ្យម៉ាក់វាមុនទេ! កុំច្រឡំ! 😀

    • ភរិយានិងម្ដាយម្នាក់ / មេសា 24 2012 9:42 ល្ងាច

      អត់អាដែល 😦

  3. សម្ផស្ស / មេសា 24 2012 8:10 ល្ងាច

    សុំ​គាំ​ទ្រ​បង​កល្យា បើ​យើង​មើល​មក​សង្គម​បច្ចុប្បន្ន​មនុស្ស​នាំ​គ្នា​ចំណាយ​លើ​ការ​សេប​គ្រឿង​ស្រឹង​ច្រើន​ដោយ​មិន​ដឹង​ខ្លួន ។ អ្នក​ក្រ​ដែល​រក​លុយ​បាន​បន្តិច​បន្តួច​យក​លុយ​ទៅ​ទិញ​ត្នោត​ជូ ​អ្នក​ទ្រើស​បន្តិច​យក​ទៅ​ទិញ​ស្រាស ឬ​ស្រា​ផែនដី ឯ​អ្នក​គ្រាន់​បើ​បន្តិច​យក​លុយ​ទៅ​ទិញ​ស្រា​បៀ ឯ​អ្នក​មាន​ខ្លាំ​គេ​ទិញ​ស្រា​បរទេស​ថ្លៃៗ ចំណាយ​រាប់​រយ​ដុលា មើល​ទៅ​អត់​បាន​ប្រយោជន៍​អ្វី​ផង! ផឹក​ហើយ​នោម​ចោល​អត់​មាន​សល់​ជា​ការ​ចង​ចាំ​ល្អអ្វី​បន្តិច​សោះ ជួន​កាល​បន្សល់​នូវ​វិបដិសារី នានា​ដោយ​សារ​តែ​គ្រឿង​ស្រវឹង​ទៅ​វិញ ។ និយាយ​នេះ​មិន​មែន​ខ្ញុំមិន​ដែល​ផឹក​ដែរ​ទេ​ ខ្ញុំ​ក៏​ជា​អ្នក​ផឹក​ខ្លះៗ ដែរ​ពេល​ជួប​ជុំ​ជា​មួយ​មិត្ត​ភ័ក្តិ ។ តែ​គ្រាន់​តែ​គិត​ឃើញ​អញ្ចឹង​ហើយ​ចង់​ព្យា​យាម​កាត់​បន្ថយ​ឱ្យ​នៅ​សល់​តិច​បំផុត​តាម​តែ​អាច​ធ្វើ​ទៅ​បាន ។ ខ្ញុំ​គិត​ថា​បើ​យើង​ទាំង​អស់​គ្នា​នាំ​គ្នា​និយាយ គ្រប់ៗ​គ្នា​ពី​ផល​មិន​ល្អ​របស់​វា​យូៗ​ទៅ​នឹង​ស្បើយ​អ្នក​ផឹក​ហើយ ។ មើល​តា​បារី​ទៅ​កាល​ពី​ខ្ញុំ​នៅ​តូច អ្នក​ជក់​បារី​ជា​អ្នក​សង្ហារ​ មាន​បារី​ជក់​គឺ​ជា​អ្នក​អស្ចារ្យ ប៉ុន្តែ​នៅ​ពេល​បច្ចុប្បន្ន​អ្នក​ចេះ​ជក់​បារី​ជា​អ្នក​គួរ​ឱ្យ​ខ្មាស​គេ​ទៅ​វិញ ។ បន្តិច​ទៀត​អ្នក​ចូល​ចិត្ត​ផឹក​ស្រា​ប្រកដ​ជា​អញ្ចឹង​ដែរ​ហើយ​។

    • លី កល្យាណ / មេសា 24 2012 8:56 ល្ងាច

      អរគុណកម្លោះសង្ហារ! ហោចណាស់ពេលដាក់ប្រកាសនេះទៅ ខ្ញុំដឹងថាសម្ផស្សគិតយ៉ាងម៉េច បងសុធា និងសុជីវី ដឹងតែមិនគាំទ្រអ្នកផឹកស្រេចហើយ។ 😀

      ប៉ិនតែភីស្សា បែបអត់បានទេ ព្រោះខ្ញុំលើកខ្លួនឯងដែលនៅលើចង្អេរមិនដែលរួចសោះ never

  4. តា ម៉ាប់ / មេសា 25 2012 12:30 ព្រឹក

    ខ្ញុំឥតមាន​មតិទេ តែចាំហូបភីហ្សាដែល ព្រោះខ្ញុំពួក Straight Edge 😀

    • លី កល្យាណ / មេសា 25 2012 8:47 ព្រឹក

      អ្នកភ្នាល់គ្នាលើកមិនរួចផងបានភីស្សាអីញ៉ាំម្ចាស់អូនអើយ។

      អរគុណតាម៉ាប់!

    • តា ម៉ាប់ / មេសា 25 2012 9:16 ល្ងាច

      ឥតទៀតហើយ ហេហេហេ អរគុណបង​កល្យាណ​ដែល​បាន​កែ​សំបុក​មតិ ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: