Skip to content
5 ខែ​ឧសភា 2012 / ស្នាមញញឹម

តើខ្ញុំកំពុងគិតពីអី?

ត្រឡប់មកពីធ្វើការរាល់ដងខ្ញុំតែងបោះកាតាបចោលទៅកៀនជញ្ជាំងក្បែរតុធ្វើការនៅក្នុងបន្ទប់។ វាស្ទើរតែ ជាទម្លាប់ទៅហើយដែលខ្ញុំត្រូវងូតទឹកផ្លាស់ខោអាវថ្មីសម្រាប់នៅផ្ទះ ឬត្រូវចេញទៅក្រៅបន្តដែលនាំខាត ពេលវេលាខ្ញុំអស់ជាច្រើន។

ថ្ងៃនេះខ្ញុំត្រូវចាប់ផ្តើមលេបថ្នាំតាមការកំណត់របស់វេជ្ជបណ្ឌិត ខ្ញុំគ្មានពេលសម្រាប់ចេញទៅរកការកំសាន្ត នៅខាងក្រៅជាមួយមិត្តភ័ក្តិទេ មិនដឹងជាទៅធ្វើអីបើមិនអាចលើកកែវជល់ជាមួយគេបាន។ ឥឡូវនេះ ពួក វាកំពុងតែនៅផឹកឯកន្លែងចាស់របស់យើងយ៉ាងសស្រាក់សស្រាំដោយមិនរង់ចាំខ្ញុំទៀតឡើយ … ប្រហែល ជាពួកវាមានទុក្ខធំជាងខ្ញុំដែលត្រូវ «សង្សារទាត់ចោល» ទៅទៀតព្រោះវាមិនអាចអាក់ខានផឹកមួយល្ងាច ណាទៀតទេ។ 😦

និយាយៗទៅ ការពិតពួកមិត្តរបស់ខ្ញុំទាំងបីនាក់ជាមនុស្សដែលមិនចេះផឹកស៊ី ដើរលេង រកការកម្សាន្តពេល យប់ទេ តែដោយកាលខ្ញុំត្រូវសង្សារទាត់ចោល ពួកគេក៏ស្ម័គ្រកំដរខ្ញុំផឹក… ហ៊ឺ… រម្លឹករឿងហ្នឹងពេលណាឈឺ ចាប់ពេលនោះ… មិនមែនរឿងសង្សារទាត់ចោលទេ គឺរឿងពួកវាបកស្រាយប្រាប់ប្រពន្ធវា៖

អូនឯងអត់ចេះអាណិតម្នឹសទេអី? ឃើញវាកំពុងមានទុក្ខអូនឯងចេះនិយាយស្តីឱ្យវា ឱ្យបងទៅកើត?

មិនឱ្យស្តីឱ្យយ៉ាងម៉េច បើគាត់នាំប្តីខ្ញុំដើរបាត់ៗមួយខែសាមសិបយប់យ៉ាងនេះនោះ? ថាគាត់ទៅ គាត់មាន ទុក្ខបងឯងហ្នឹងមានទុកស្អីនឹងគេដែរបានជាព្រមទៅជាមួយគាត់គ្មានតវ៉ាមួយម៉ាត់ចឹង?

នែ! នេះបានពិតជាអូនឯងមែន! វាគឺជាមិត្តដែលបងទុកវាដូចជាបងប្អូនចឹង។ អូនឯងគិតមើលមើល៍ បងប្អូន ពុកម៉ែយើងទាំងពីរមានពីណាព្រមឱ្យលុយយើងខ្ចីទេកាលការ? មានតែវាទេណា៎ វាដោះខ្សែកវាឱ្យបងយក ទៅភ្ជាប់ពាក្យជាមួយអូនឯង រួចឱ្យខ្ចីលុយចំណាយថ្លៃការទៀត អូនឯងគិតមើលទៅ! ពីណាក៏គេមើលងាយ បងថាគ្មានកំណើត គ្មានសមត្ថភាពចិញ្ចឹមអូនឯងរស់ដែរ … គេមើលងាយបងណាស់ណាដែលទៅដណ្តឹង អូនឯង។ ឥឡូវមិនបាច់និយាយអីទេ បងនឹងកំដរវារហូតទាល់តែវាបានធូរចិត្តឈប់ផឹក … បើបងកើតអី យ៉ាងម៉េចៗទៅជាមួយវា ក៏បងសុខចិត្តដែរ។

ណែក! ទៅជាប្រពន្ធកូនលែងសំខាន់ចឹងទៅនៀក?

អូនឯងមានគ្រប់សព្វអស់ហើយតើហី នៅចង់បានអីទៀត? អូនឯងចង់បានបង បងការជាមួយ អូនឯងចង់ បានកូនបងមានកូនជាមួយពីរឱ្យ អូនឯងចង់បានចិញ្ចៀនពេជ្របួនប្រាំវង់ បងទិញឱ្យហើយ មានផ្ទះឱ្យនៅ ហើយ មានឡានឱ្យជិះខ្លួនឯងហើយ មានស្អីៗដែលបងប្អូនអូនឯងគ្មានបងខំរកឱ្យអូនអស់ហើយ នៅខ្វះអី ទៀត?

ខ្ញុំចង់បានបងឯងនៅជិតខ្ញុំ!

អើ! នេះមិនម្នឹស អូនឯងបានបងហើយតើ? រួចអូនឯងមិនចង់ឱ្យបងទៅរកស៊ីធ្វើការអីទេឬ?

នែតាប៉ិនេះ ស្រវឹងអីក៏តមាត់មិនបាត់យ៉ាងនេះ!

បើបងមិននិយាយជាមួយថាបងនេះមានរឿងលាក់បាំង អាឡូវនិយាយជាមួយហើយរករឿងទៀត?

នែ តាប៉ិ កញ្ចាស់ និយាយអីស្តាប់មិនបានយ៉ាងនេះ? ខ្ញុំថាឱ្យឈប់នាំគាត់ដើរផឹកទៅ!

មូលហេតុគឺមកពីខ្ញុំទាំងអស់។ ថ្ងៃមួយប្រពន្ធពួកម៉ាកខ្ញុំនាងដាច់ចិត្តនិយាយជាមួយខ្ញុំត្រង់ៗ៖

បងឯង កាលណាបានរកប្រពន្ធ? នៅតែម្នាក់ឯងវាមិនងាយស្រួលប៉ុន្មានទេ!

ខ្ញុំមិនទាន់ចង់រកទេ! ដើរលេងសប្បាយមិនទាន់អស់ចិត្តផង!.. មិនហ៊ានទៅដណ្តឹងគេទេ ព្រោះមិនសូវ មានប្រាក់កាស គ្មានរបរឱ្យពិតប្រាកដចឹងគេមិនលើកកូនឱ្យទេ!

ខ្ញុំសុខចិត្តទៅដណ្តឹងគេឱ្យ ឱ្យតែបងឯងព្រមយកប្រពន្ធ! ការអស់ប៉ុន្មានពួកខ្ញុំទាំងបីនាក់ស្រីៗហ្នឹងសុខ ចិត្តលក់របស់របរបើថាលុយមិនគ្រប់ឱ្យតែបងឯងបានប្រពន្ធ!

ហ្អេ! ចុះ…ម៉េចក៏ព្រមចំណាយអីស្រួលម៉េះ ព្រោះតែរឿងខ្ញុំសោះហ្នឹង?

ខ្ញុំនឹកថាបើបងបានប្រពន្ធទៅ មុខជាមិនសូវដើរលេង បបួលប្តីខ្ញុំទៅផឹកស៊ីរាល់យប់ទៀតទេ ខ្ញុំសុខចិត្ត!

ពុទ្ធោ!…

កំសត់ដល់ហើយខ្ញុំត្រូវគេចាប់បង្ខំឱ្យរៀបការ។ តែខ្ញុំមិនព្រមទេ…ខ្ញុំជាមនុស្សរើសណាស់!

ក្រោយពេលបាយ ខ្ញុំមើលទូរទស្សន៍មួយភ្លែត តែដោយគ្មានកម្មវិធីណាមួយដែលខ្ញុំតាមដានជាក់លាក់ ខ្ញុំក៏ ទាញកុំព្យូទ័រមកចាក់ចម្រៀងស្តាប់បណ្តើរ ឆែករូបថតក្នុងកុំព្យូទ័របណ្តើរ … ភ្លេចៗម៉ោងដប់មួយកន្លះហើយ ខ្ញុំក៏សំងំគេងដោយស្តាប់ចម្រៀងដើម្បីបំពេរអារម្មណ៍។ ឥឡូវនេះខ្ញុំដូចជាពិបាកគេងលក់ណាស់ ប្រហែល ជាមានបញ្ហាអីមួយនៅក្នុងខ្លួន។

គេងលក់រលីវៗទៅហើយស្រាប់តែសម្លេងទូរស័ព្ទដៃរោទិ៍ឡើង…

អាឡូ ជម្រាបសួរ!

អាឡូបង!

អា..ឡូ.. អត់ទោស…

អាឡូបង! ខ្ញុំណា៎!

អូ! មានការអីអូន?

បង! បងខ្ញុំនៅជាមួយបងឯងដែរទេ?

អត់… អត់ផង! បងនៅផ្ទះតើ! មានរឿងអីហ្អោះ?

បងខ្ញុំគាត់បាត់អត់ឃើញមកផ្ទះតាំងពីម៉ោងប្រាំមួយ…ទូរស័ព្ទគាត់ក៏តេមិនចូល…ប្តីគាត់តេរកតាំងពីល្ងាច តែទូរស័ព្ទចូលហើយអត់លើក ដល់ក្រោយមកទូរស័ព្ទក្រៅតំបន់សេវារហូត…ខ្ញុំស្មានតែគាត់នៅជាមួយ បងឯងបានជាខ្ញុំតេមកសួរ។

ខ្ញុំភាំងផង ស្តាប់ពាក្យរៀបរាប់របស់ប្អូនស្រីសង្សារចាស់របស់ខ្ញុំផង គិតខ្លួនឯងផង។

អត់…ទេ… បងអត់បានទាក់ទងគ្នាយូរដែរហើយ។… តើមានរឿងអីក្នុងគ្រួសារទេដឹង? ហើយមានបើក ឡានទៅដែរទេ?

ប្តីគាត់តេមកថាអត់មានរឿងអីទេ គាត់ទៅធ្វើការជិះឡានទៅ តែមិនឃើញត្រឡប់មកផ្ទះវិញសោះ។ ខ្ញុំ បារម្ភពីគាត់ណាស់ មិនដឹងជាគាត់កើតអីបានជាទូរស័ព្ទនៅក្រៅតំបន់សេវា…

ស្តាប់ការរៀបរាប់របស់ប្អូនស្រីនាងបណ្តើរខ្ញុំរាវរកទូរស័ព្ទមួយទៀតដើម្បីចុចទៅរកលេខរបស់នាង។

…អ៊ឺ … បងតេមិញក៏មិនចូលដែរ… បងគិតថាក្រែងគេទៅជប់លៀងអីទេដឹង ហើយទូរស័ព្ទអស់ថ្មមិនអាច តេចូល! (ខ្ញុំលើកជាយោបល់បង្រ្កាបចិត្តកញ្ជ្រោលរបស់ប្អូនស្រីនាង ទាំងមិនច្បាស់ក្នុងចិត្តខ្លួនឯង)

…បែបចឹងដឹងបង… (នាងជាប្អូនស្រីម្នាក់ដែលស្រួលនិយាយគ្នាគ្រាន់បើ) តែបើបងបានដំណឹងអីពីគាត់ បងតេប្រាប់ខ្ញុំផងណា៎…

បាទ។

ដាក់ទូរស័ព្ទចុះ ខ្ញុំស្វាងចេសតែម្តង … នាងទៅណា? នាងមិនដែលដើរដោយគ្មានដំណឹងទេ! តាំងពី ស្គាល់គ្នាមកខ្ញុំដឹងថានាងមិនមានទម្លាប់បែបនេះឡើយ។

នាងទៅណា? នាងមានរឿងអី? តើនាងកើតអីឬអត់?

ខ្ញុំសម្រេចចិត្តចេញទៅរកនាង ទាំងមិនអាចកំណត់ចិត្តស្មានបានថានាងនៅទីណាផងទេ តែត្រូវតែទៅ រកនាងព្រោះថាម៉ោងស្មើណេះហើយ នាងមិនទាន់ទៅដល់ផ្ទះ ហើយមិនតេប្រាប់អ្នកផ្ទះទៀត នាងមុខ ជាមានរឿងអ្វីមិនខាន។

ខ្ញុំចូលចិត្តគិតណាស់ គិតតាមបែបប្រូបាប៊ីលីតេ ថាបើមានរឿងនេះ វានឹងមានរឿងនោះ វាអាចមានរឿង ណាមួយទៀតជាបន្ត ។

សម្លេងទូរស័ព្ទឮម្តងទៀត ៖

អាឡូបង នៅមិនទាន់បានដំណឹងអ្វីទេ បងមានស្គាល់កន្លែងធ្វើការរបស់គាត់ទេ?

បងស្គាល់ដែរ តែចាំមិនច្បាស់ទេ ដឹងតែនៅជិតយូអិនឌីភី ។

បងអាចប្រាប់លេខផ្លូវឱ្យខ្ញុំបានទេ?

ឥឡូវអូនឯងនៅឯណា?

ខ្ញុំនៅផ្ទះ។

ចឹង… (ខ្ញុំដឹងថាប្អូនស្រីនាងមានកូនតូច ខ្ញុំក៏មិនចង់ឱ្យនាងចេញមកក្រៅដែរ បើសិនជាអាច) មិនអីទេបង ចេញទៅរកចុះ។ បងប្រុងនឹងទៅហើយ អូនឯងនៅផ្ទះសិនទៅណា!

ខ្ញុំចេញទៅរកនាងដោយប្រឹងរកនឹកថាតើនាងអាចទៅកន្លែងណា? ដើរម្តេចក៏គ្មានគិតប្តី គិតកូនអីតិច សោះចឹង?

សំណួរទាំងឡាយបានប្រតិស្ឋឡើងក្នុងខួរក្បាលខ្ញុំ។ រហូតដល់ថ្នាក់ខ្ញុំវង្វេងកន្លែងធ្វើការនាង អស់ជិត មួយម៉ោង ទម្រាំនឹកថាឱ្យប្អូនឆែកតាមអ៊ីនធឺណេតរកអាសយដ្ឋានកន្លែងធ្វើការនាងទើបបានឃើញ។

ខ្ញុំបានសាកសួរអ្នកយាមអំពីនាង តើបានមកធ្វើការឬអត់? ដោយសារគេបានប្តូរវេនយាម វាប្រៀបដូច ជាពេលវេលាមួយភ្លែតនោះសឹងតែធ្វើឱ្យខ្ញុំធ្លាក់ទឹកចិត្តអស់ផ្លូវនឹងរកនាងឃើញ។ អ្នកយាមបានជួយរក លេខអ្នកធ្វើការជាមួយនាងដែលខ្ញុំញញើត ទម្រាំដាច់ចិត្តតេទៅរកគាត់នាម៉ោងពាក់កណ្តាលអាធ្រាត្រ បែបនេះ។

នាងបានទៅជប់លៀងជាមួយអ្នកធ្វើការ ទូរស័ព្ទរបស់នាងក៏អស់ថ្ម។ ខ្ញុំបានធូរចិត្តក្រោយពេលតេទៅ មនុស្សទីពីរដែលអាចប្រាប់ខ្ញុំបានថានាងនៅជាមួយក្រុមរបស់គាត់។

អ្វីៗបានកន្លងទៅប្រៀបដូចជាមួយពេល មួយពព្រិចភ្នែកដែលធ្វើឱ្យយើងលំបាកចិត្ត តែពេលនេះពួក យើងបានធូរចិត្តហើយ ក្រោយពេលតេប្រាប់គ្នាពីដំណឹងរបស់នាង។

ខ្ញុំមិនត្រូវការសុំគេនិយាយជាមួយនាងទេ ព្រោះថាខ្មាសគេដែរដែលមនុស្សអស់ធំប៉ុណ្ណឹងហើយដើរមិន ប្រាប់ដំណឹង។

ខ្ញុំត្រឡប់មកវិញចាំមើលផ្លូវនាង ព្រោះតាមស្មានពួកនាងមិនទាន់ចេញពីកន្លែងកម្សាន្តមកទេ។ ខ្ញុំចូល ទៅក្នុងហាងភេសជ្ជៈមួយក្បែរផ្លូវដើម្បីចាំមើលដំណើររបស់នាងត្រឡប់មកវិញ។

ខ្ញុំចូលចិត្តចាំ … រង់ចាំ… ជាពាក្យមួយដែលខ្ញុំបានសរសេរទុកក្នុងខួរក្បាលរបស់ខ្ញុំ មានពេលខ្លះខ្ញុំក៏ធុញ នឹងពាក្យមួយម៉ាត់នេះដែរដែលបានស្រូបខាបយកពេលវេលាស្ទើរតែពាក់កណ្តាលជីវិតរបស់ខ្ញុំចោល ទៅហើយនេះ ព្រោះតែអ្វី? មិនមែនព្រោះតែក្តីស្រឡាញ់មួយមុខទេ តែជាឆន្ទះ និងភាពស្មោះត្រង់។

ដោយសារតែមិនអាចផឹកស្រាបាន ក្នុងពេលឈរសម្លឹងមើលភេសជ្ជៈដែលនៅក្នុងទូក្លាស្សេ ខ្ញុំស្រាប់ តែសម្រេចចិត្តជ្រើសយកការ៉េមមួយប្រអប់តូចមកញ៉ាំ។ អង្គុយបណ្តើរសម្លឹងមើលបណ្តើរទៅផ្លូវធំ ក្រែងឃើញនាងបើកឡានត្រឡប់មកវិញ ខ្ញុំបើកគម្របប្រអប់យកស្លាបព្រាចូកការ៉េមញ៉ាំតាមសភាវគតិ។

គ្រាន់តែការ៉េមចូលដល់ក្នុងមាត់ភ្លាម ខ្ញុំមានអារម្មណ៍ដឹងថានេះជារបស់ដែលខ្ញុំមិនពេញចិត្តទាល់តែសោះ ខ្ញុំមិនដែលចូលចិត្តញ៉ាំការ៉េមទេ តាំងពីណាពីណីមក ចុះម្តេចក៏ខ្ញុំបែរជាជ្រើសរើស របស់ដែលខ្ញុំមិនចូល ចិត្តបែបនេះ?

មនុស្សយើងជួនកាលគ្មានឱកាសនឹងជ្រើសយកអ្វីដែលយើងពេញចិត្តបានឡើយហើយជួនកាល ទៀតនោះយើងបែរជាបង្ខំចិត្តជ្រើសយករបស់ដែលយើងមិនពេញចិត្តទៅវិញ…

ដំណោះស្រាយដ៏ល្អបំផុតដែលអ្នករាល់គ្នាបានដឹងមកហើយគឺថា៖

យើងគួរពេញចិត្តនឹងអ្វីដែលយើងធ្លាប់មាន និងកំពុងមាននេះទៅ ព្រោះហោចណាស់ក៏មួយវិនាទី ណានោះយើងអាចរីករាយបានមួយគ្រាពេលដែលនឹកឃើញថាមានវា គ្រាន់បើជាងអត់មាន!

Advertisements
  1. ភរិយានិងម្ដាយម្នាក់ / ឧសភា 5 2012 9:36 ល្ងាច

    «យើងគួរពេញចិត្តនឹងអ្វីដែលយើងធ្លាប់មាន និងកំពុងមាននេះទៅ ព្រោះហោចណាស់ក៏មួយវិនាទី ណានោះយើងអាចរីករាយបានមួយគ្រាពេលដែលនឹកឃើញថាមានវា គ្រាន់បើជាងអត់មាន!» ខ្ញុំពេញចិត្តឃ្លា​នេះណាស់បង! ហើយក៏ស្អប់មនុស្ស​ដែលដើរមិនប្រាប់ដំណឹងអ្នកផ្ទះ​ដែរ បើទូរស័ព្ទអស់ថ្ម ហេតុអីមិនខ្ចីគេតេ​ប្រាប់អ្នកផ្ទះអោយដឹង មិនដឹងទេហេថាអ្នករង់ចាំនៅផ្ទះ អន្ទះសារចង់ស្ទះគិតឃើញសព្វអស់​​ ភ័យបាយលែងចូល អង្គុយលែងនឹង! សុំអស់យោបល់​តាប៉ាប៉ុនណឹងឯង​ចាស៕

    • លី កល្យាណ / ឧសភា 6 2012 7:24 ព្រឹក

      សូមអរគុណម៉ាក់អាបីនាក់ដែលបានមានមតិមុនគេក្នុងអង្គប្រជុំ។
      ខ្ញុំមិនដឹងថាជីវីធ្លាប់ចាំប្តីដែរអត់ទេ តែដឹងច្បាស់ថាអន្ទះអន្ទែងប៉ុនណា។

      ជួនកាលពិបាករកពេលតេមកប្រាប់អ្នកផ្ទះដែរហ្នឹង ព្រោះជាប់រវល់។ និយាយនេះមិនមែនកាន់ជើងអ្នកដើរគ្មានដំណឹងទេណា៎ គ្រាន់តែធ្លាប់បែបហ្នឹងដែរ។

      សូមអរគុណអង្គប្រជុំដែលមានជីវីម្នាក់ (និងប្រហែលជាយកកូនៗមកជាមួយដែរ) 😀

    • ភរិយានិងម្ដាយម្នាក់ / ឧសភា 6 2012 2:34 ល្ងាច

      no comment! hehehe

  2. somada / ឧសភា 6 2012 9:09 ព្រឹក

    មនុស្សភាគច្រើន​មិនសូវឲ្យតម្លៃ​ទៅលើអ្វីដែលខ្លួនមាននោះទេ ចូលចិត្ត​យកអ្វី ៗ គ្រប់យ៉ាង​ទៅប្រៀបប្រដូច​ជាមួយអ្នកដទៃ តែមិនដែលប្រៀបធៀបជាមួយអ្នកដែលអន់ជាងនោះទេ គឺតែងប្រដូចទៅនឹង​អ្នកដែល​គ្រាន់បើជាងខ្លួន​ជានិច្ច ដល់ទៅអញ្ចឹងទៅមានអីដេកឈឺក្បាលរាប់ថ្ងៃ រាប់ខែក៏មាន ។
    ចូរស្រឡាញ់ និង ថែរក្សា មនុស្សព្រមទាំងសម្បត្តិគ្រប់យ៉ាងដែលយើងមាននាថ្ងៃនេះ ដើម្បី​កុំឲ្យមានការ​សោក​សា្តយទៅថ្ងៃក្រោយ ពេលវេលាមិនរង់ចាំយើងទេ ។

    • លី កល្យាណ / ឧសភា 6 2012 10:55 ព្រឹក

      ឃីវើត ៖ វេលាមិនរង់ចាំ!

    • ភរិយានិងម្ដាយម្នាក់ / ឧសភា 6 2012 2:33 ល្ងាច

      ពេញចិត្តពាក្យថា«ចូរស្រឡាញ់ និង ថែរក្សា មនុស្សព្រមទាំងសម្បត្តិគ្រប់យ៉ាងដែលយើងមាននាថ្ងៃនេះ ដើម្បី​កុំឲ្យមានការ​សោក​សា្តយទៅថ្ងៃក្រោយ ពេលវេលាមិនរង់ចាំយើងទេ» ត្រឹមត្រូវណាស់បង គេថាកុំងើយមើលលើពេក មើលមកក្រោមខ្លះផង យើងនឹងពេញចិត្តនូវអ្វីដែលយើងមានក្នុងថ្ងៃនេះ។

    • លី កល្យាណ / ឧសភា 6 2012 2:37 ល្ងាច

      ឃីវើតទាំងអស់!
      😀

  3. សម្ផស្ស / ឧសភា 6 2012 9:43 ល្ងាច

    រឿង​របស់​អ្នក​ណា​គេ​ឱ្យ​ពិត​ប្រាកដ​ទៅ​បង ! បើ​ម្ចាស់​ប្លក់​នេះ​គឺ​បង​កល្យាណ​នឹង?

    – បើ​យើង​មិន​មាន​នូវ​របស់​ដែល​យើង​ស្រឡាញ់ ចូរ​ស្រឡាញ់​របស់​ដែល​យើង​កំពុង​មាន​!

    • លី កល្យាណ / ឧសភា 7 2012 7:18 ព្រឹក

      វាជារឿងខ្លីដែលខ្ញុំនឹកឃើញ។
      បានឃីវើតមួយទៀតពីសម្ផស្ស!
      «បើ​យើង​មិន​មាន​នូវ​របស់​ដែល​យើង​ស្រឡាញ់ ចូរ​ស្រឡាញ់​របស់​ដែល​យើង​កំពុង​មាន​!»

  4. លី កល្យាណ / ឧសភា 8 2012 4:51 ល្ងាច

    អង្គុយមើលៗទៅ ដូចជាមិនទាន់គ្រប់ជ្រុងជ្រោយទេ ប្រកាសនេះ!
    បែបត្រូវកែសម្រួលពេលក្រោយទៀត។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: