Skip to content
9 ខែ​ឧសភា 2012 / ស្នាមញញឹម

កូនចិញ្ចឹមរបស់ពួកគេ

ឃើញបង somada មានកូនស្រីពីរនាក់ សុជីវីមានកូនស្រីបីនាក់ ធ្វើឱ្យខ្ញុំនឹកដល់មិត្តរបស់ខ្ញុំម្នាក់ដែលបានសុំ កូនស្រីគេមកចិញ្ចឹម។

អារម្មណ៍ជាម្តាយបែបណាខ្ញុំអត់ដែលដឹងទេ (បើមិនដែលមានកូនផង) អត់ដែលស្រមៃឃើញទេ (ព្រោះរវល់ ស្រមៃឃើញបានទៅលេងហូលីវូត) ហើយក៏មិនជ្រួតជ្រាបថាអារម្មណ៍ទទួលខុសត្រូវនោះបែបណាដែរ តែ មានម្តងនោះខ្ញុំទៅទាន់ពេលកូនគាត់ឈឺ… ពិភពលោកដូចជាថ្មីចែសសម្រាប់ខ្ញុំតែម្តង ព្រោះតែពិភពលោក របស់ខ្ញុំនាពេលនោះនៅចំពោះមុខគាត់… មនុស្សចម្លែករបស់ខ្ញុំ។

និយាយដើមមនុស្សដែលបានចែកឋានទៅហើយបែបមិនបាបទេមើលទៅ!

យើងជាមិត្តនឹងគ្នាតាំងពីឆ្នាំ ២០០៣ ដោយគាត់ជាខ្មែរដែលធ្លាប់រស់នៅបរទេសច្រើនពេកទៅនាំឱ្យគាត់ មាន ទំនោរទៅរកភាពទាន់សម័យ ស៊ីវិល័យ និងមានគំនិតច្នៃប្រឌិតខ្ពស់ មួយរឿងទៀតដែលប្លែកសម្រាប់ ខ្ញុំ គឺថា គាត់ជាស្រ្តីដ៏ស្រស់ស្អាត ស្អាតពិតមែន តែស្រឡាញ់ស្រីដូចគ្នា 😦

គាត់ និងដៃគូជួលខន់ដូរស់នៅជាមួយគ្នាឯសៀមរាប តែដៃគូគាត់ដែលធ្វើការងារក្នុងអង្គការមួយនោះមិន សូវនៅសៀមរាបទេ គាត់នៅតែម្នាក់ឯង ហើយប្រហែលជាមូលហេតុមួយនេះហើយដែលនាំឱ្យគាត់ចង់ សុំ កូនគេមកចិញ្ចឹម។ និយាយរឿងសុំកូនគេមកចិញ្ចឹមនេះ គឺខ្ញុំទេជាអ្នកវេទនា។

ខ្ញុំចូលចិត្តប្រាសាទបុរាណ ទឹកធ្លាក់ និងកន្លែងណាដែលមានព្រៃភ្នំ ខ្ញុំជាញឹកញាប់ទៅសុំស្នាក់នៅផ្ទះ របស់ គាត់ដែលស្អាតដូចជាវិមានប្រធានាធិបតី និងរញ៉េរញ៉ៃដូចជាផ្ទះជាងដេរខោអាវ។ មកទល់ពេល នេះខ្ញុំនៅ មិនទាន់យល់មូលហេតុដែលពួកគាត់ទាំងពីរនាក់អាចរស់នៅជាមួយគ្នាទេ ម្នាក់ជាអ្នកធ្វើការ និងស្អាតស្អំ ម្នាក់ទៀតស្អាត និងធ្វើការដ៏រញ៉េរញ៉ៃ។ ដូចបាតដៃ និងខ្នងដៃ… អេ្ហ! បាតដៃនិងខ្នងដៃនៅ ជាមួយ គ្នា តើ!

កាលហ្នឹងក្រមិនសូវមានលុយ ចេះតែមុខក្រាស់ទៅសុំដេកផ្ទះគេជាមួយនឹងម៉ូតូអេសអិលមួយដែលបាន ដឹកនាំខ្ញុំទៅគ្រប់ទីកន្លែងជាច្រើនដែលខ្ញុំប្រាថ្នា។ អ្នកទេសចរក្រីក្រតែងតែរំខានពួកគាត់ជានិច្ច ដោយជួន កាលទៅដល់ពេលយប់ម៉ោងដប់ ឬជួនងើបម៉ោងបួនចេញដំណើរ។

ពេលសង្សារគាត់ចុះបេសកកម្មនៅមណ្ឌលគីរីមួយខែ មានរឿងមួយបានកើតឡើង គាត់បានទៅសួរសុខ ទុក្ខអ្នកជិតខាងរបស់គាត់នៅមន្ទីរពេទ្យគន្ធបុប្ផាសៀមរាប។ ខ្ញុំបានទទួលទូរស័ព្ទរបស់គាត់ពេលកំពុងធ្វើ ការដ៏មមាញឹក ៖

– កល្យាណ! បងមានរឿងមួយចង់ពឹងប្អូនតើបានទេ?

– (ជាតិជាអ្នកគួរសមព្រោះបានជំពាក់គុណគេជាប់ជាយូរមកផងនោះ) បានតើបង បងមានការអីនិយាយ មកចុះ ខ្ញុំនឹងខំប្រឹងធ្វើឱ្យទាល់តែបាន!

– បងពឹងឱ្យជួយបង បងចង់សុំកូនគេមកចិញ្ចឹម!

– អូហ៍! … ហើយចុះបងសុំកូនពីណាគេ?

– នែក! បងបានមកសួរសុខទុក្ខពួកម៉ាកនៅពេទ្យគន្ធបុប្ផាសៀមរាប បងបានឮគេនិយាយថាមានគេទុក កូនង៉ែតចោល ទើបតែកើតបានពីរថ្ងៃនៅក្បែរពេទ្យហ្នឹង ហើយឥឡូវកូននោះបងបានយកមកផ្ទះហើយ តែបងចង់ឱ្យប្អូនជួយរត់ការក្រដាសស្នាមដើម្បីកុំឱ្យខុសច្បាប់។

– បងមានប្តឹងទៅឃុំ សង្កាត់ គេហើយនៅ។ ឃុំដែលរើសបានក្មេងនោះណា៎។ មានពីណាគេដឹងឮអត់?

– មានមេភូមិ និងប៉ូលីសគេនៅកន្លែងហ្នឹងដែរ បងសុំគេយកក្មេងមកផ្ទះសិនតែបានទុកលេខទូរស័ព្ទឱ្យ គេហើយ បើមាននរណាមករកកូន ឬប្តឹងបាត់កូនក្មេង ពួកគេនឹងទាក់ទងមកបងមិនខាន។

– ចឹងអត់អីទេ តាមខ្ញុំដឹងដូចជាគេទុកពេលបីខែក្នុងការស្វែងរកញាតិរបស់ក្មេង ហើយបើគ្មាននរណាមក រក មកទាមទារទេ បងអាចដាក់ពាក្យសុំសិទ្ធិជាអាណាព្យាបាលក្មេងបាន។ ខ្ញុំមិនទាន់បានមើលច្បាប់ ហ្នឹងទេ ចាំខ្ញុំរកមើលថែមទៀត។ តែបើបងឯងចង់សុំសិទ្ធិចិញ្ចឹមជាកូន អាហ្នឹងបែបត្រូវធ្វើការងារច្រើន។

– អូហ៍ ចឹងហេះ? ល្ងាចនេះអូនឯងមកទេ?

– ទៅ ខ្ញុំទៅ! (អរដែរហ្នឹង ចង់ទៅមើលតើអាក្មេងមានសំណាងណាដែលគាត់ស្រឡាញ់ពេញចិត្តទៅ?)

– ចាំល្ងាចចាំជួបគ្នាចឹង! (ទន្ទឹមនោះខ្ញុំឮសម្លេងកូនង៉ែតយំ ហាសហាសហា ខ្ញុំសើចទាំងមិនដឹងខ្លួន! ថានឹង មានរឿងអីកើតឡើងចំពោះខ្ញុំ)

ក្រោយពេលទៅដល់ផ្ទះគាត់ ខ្ញុំគ្មានបានដេកលក់មួយស្រឡេតណាទេ ដល់ព្រឹកឡើងខ្ញុំភ្ញាក់ម៉ោងប្រាំបួន។ នរណាដេកលក់ទៅ អ្នកម៉ាក់ថ្មីជាមួយលោកកូនថ្មី កូនក្មេងយំរឿងស្អីក៏គាត់មិនដឹង ដឹងតែពរៗៗៗ ដល់ ពេលគាត់ហត់ គាត់ដាក់វាលើពូកវារឹតតែយំ ខ្ញុំទ្រាំមិនបានខ្ញុំលើកវាម្តង។ ម៉ោងប្រហែលជាបីភ្លឺបានវាឈប់ យំ ខ្ញុំហត់អស់កម្លាំងដោយសារបើកបរផ្លូវឆ្ងាយក៏អង្គុយលក់ទាំងក្មេងនៅក្នុងដៃ។ អ្នកម៉ាក់ថ្មីវាក៏ក្រោកមក លើក កូនទៅងូតទឹកបាត់ទៅ ខ្ញុំក៏បន្តដេកលើកម្រាលទៀតព្រោះខ្ជិលងើបខ្លាចដាច់យល់សប្ត 😀 ។

ទម្រាំបានក្មេងនោះមកចិញ្ចឹមស្របច្បាប់ខ្ញុំត្រូវទៅទាក់ទងតាំងពីមេភូមិ មេឃុំ ចៅហ្វាយស្រុក និងសាលា ខេត្តសៀមរាប អស់ជិតបីខែ។ ចឹងបានថាអ្នកចិញ្ចឹមកូនទាំងពីរហ្នឹងអត់សូវពិបាកអីទេ ពិបាកតែជាមួយ ក្មេង ឯខ្ញុំឯណេះបានយ៉ាប់ព្រោះថា លុយចេញរហូត។

គាត់ដាក់ឈ្មោះកូនស្រីនោះថា នីណា តាមអ្នកច្នៃម៉ូតផ្ទះម្នាក់ដែលគាត់ធ្លាប់ស្គាល់ បែបគាត់ចង់ឱ្យកូន ក្លាយ ជាអ្នកឌីសាញម៉ូតផ្ទះមើលទៅ។

មានម្តងខ្ញុំទៅលេងផ្ទះគាត់ ឃើញពួកគាត់កំពុងជ្រួលច្របល់ ព្រោះក្មេងឈឺ។ កាលហ្នឹងប្រហែលជាកូនស្រី នោះវារលាកបំពង់ក វាឈឺ យំ មិនបាត់ យំយូរៗទៅអត់ឮសម្លេងអីទេ ពួកគាត់ក៏ដើរឆ្លេឆ្លាពេញផ្ទះ ម្តងបង ទៅ ប្រមូលប្រដាប់ប្រដាក្មេងថាទៅពេទ្យ ម្តងបងគាត់ទៅបញ្ឆេះឡាន ។ ខ្ញុំឡើងវិលមុខព្រោះទើបចុះពី ម៉ូតូ ដល់ ភ្លាមមិនទាន់អស់ខ្យល់។ ខ្ញុំឃើញសង្សារគាត់បីកូនទាំងរលីងរលោងទឹកភ្នែក បងស្រីនោះរត់ចុះ ឡើង បណ្តើរ ស្រក់ទឹកភ្នែកបណ្តើរ គាត់កំពុងប្រមូលកន្ទប និងដបទឹកដោះគោ។

– មិនដឹងជាឈឺអីឱ្យប្រាកដទេ ពីម្សិលមិញទៅពេទ្យហើយ ពេទ្យថាគ្រុនក្តៅធម្មតា ឱ្យលេបថ្នាំហើយនៅ តែ មិនឈប់យំសោះ! ហ៊ឺ… ពិបាកដល់ហើយ។

មើលទៅពួកគាត់ដូចជាខ្វល់ខ្វាយសម្បើមណាស់ ខ្វល់យកតែមែនទែនទៅ ដល់ថ្នាក់គាត់ទៅពេទ្យញឹក ពេក ពេទ្យគេស្តីឱ្យពួកគាត់ ក៏ត្រឡប់មកផ្ទះវិញតយង៉យ។ ខ្ញុំមុជទឹករួចនៅអង្គុយចាំគាត់មកវិញ។

ពេលដែលស្ថិតនៅក្នុងស្ថានការណ៍នោះ ខ្ញុំនឹកមមៃថា ឱ… បើសិនជាឪពុកម្តាយបង្កើតរបស់ក្មេងនោះ បាន ឃើញនឹងភ្នែកដែលមនុស្សពីរនាក់នេះ ជាអ្នកដទៃសោះ កំពុងតែខ្វល់បារម្ភពីសុខភាពរបស់ក្មេង បែបនេះ តើពួកគេដាច់ចិត្តបោះបង់កូនខ្លួនឯងចោលកើតដែរទេ?

មូលហេតុអីដែលពួកគេបោះបង់ក្មេងនោះចោល? បែបគ្មាននរណាស្មានដល់ទេ តែខ្ញុំដឹងនៅពេល ក្រោយ មកទៀតថា ក្មេងនោះមានផ្ទុកមេរោគអេដស៍។

ពេលនេះប្រហែលជាទាំងអ្នកម៉ាក់ និងកូនទំនើប ទាំងពីរនាក់កំពុងតែនៅជាមួយគ្នាឯឋានសួគ៌ហើយ!

សូមឱ្យអ្នកទាំងពីរស្ថិតក្នុងសុគតិ និងក្នុងការចងចាំមួយរបស់ខ្ញុំ។

Advertisements
  1. សម្ផស្ស / ឧសភា 9 2012 8:24 ល្ងាច

    សូម​ចូល​រួម​រំលែក​ទុក្ឋ​បផង​បង! គួរ​ឱ្យ​ស្ដាយ​ណាស! ប៉ុន្តែ​សាច់​រឿង​នៅ​អត់​ទាន់​អស់! សុំ​ទោស​ណា​បង​ខ្ញុំ​ជាមនុស្ស​ចូល​ចិត្ត​ដឹង​ពី​ជីវប្រវត្តិ​របស់​គេ​ដូច​នេះ​ហើយ​តែង​តែ​ចង់​ជីក​ឬស​ជីក​គល់​នឹង ។

    • លី កល្យាណ / ឧសភា 9 2012 10:55 ល្ងាច

      អរគុណសម្ផស្ស ។ អ្នកដែលខ្ញុំអាណិតជាងគេគឺដៃគូគាត់ (ហៅថាម៉េចសមទៅ បើគាត់ជាហ្គេយ៍ ដៃគូឬសង្សារ) ខ្ញុំដឹងថាគាត់នៅមិនទាន់មាននរណាថ្មីទេ តាំងពីបងស្រីនោះស្លាប់ទៅជាមួយនឹងកូន។

  2. សម្ផស្ស / ឧសភា 9 2012 8:28 ល្ងាច

    :S សុំ​ឆ្លល់​ បង​ស្រី​តែ​ជិះ​ម៉ូតូ SL ? ចំណង់​ចំណូល​ចិត្ត​ដូច​ខ្ញុំ​ណាស់​ ខ្ញុំ​ស្រឡាញ់​ម៉ូតូ​ SL ខ្លាំង​ណាស់ ។ ពេល​ខ្ញុំ​ឃើញ​វា​នៅ​តាម​ផ្លូវ​គឺ​ដូច​ជា​ឃើញ​មនុស្ស​ស្រី​ដ៏​សែន​ស្អាន​ម្នាក់​ចឹង ខ្ញូំ​មិន​អាច​ហាម​ចិត្ត​ខ្លួន​ឯង​មិន​ឱ្យ​តាម​មើល​វា​បាន​ទេ ។ ប៉ុន្តែ​គួរ​ឱ្យ​ស្ដាយ​ព្រោះ​បច្ចុប្បន្ន​ខ្ញុំ​មិន​ទាន់​បាន​ធ្វើ​ជា​ម្ចាស់​ម៉ូតូ​ SL នៅ​ឡើយ ។ ខ្លាច​តែ​មិន​ទាន់​បាន​ធ្វើ​ម្ចាស់​ផង ស្រាប់​តែ​ដូរ​ចិត្ត​លែង​ចង់​ជិះ​វិញ (ដោយ​សារ​មូល​ហេតុ​ផ្សេងៗ) ។

    • លី កល្យាណ / ឧសភា 9 2012 10:52 ល្ងាច

      ខ្ញុំធ្លាប់ជិះម៉ូតូអេសអិលមែន កាលឆ្នាំ២០០៣ ក្រោយមកធ្វើការអង្គការឆ្នាំ២០០៥ ២០០៦ ក៏ជិះដែរ។
      បើខ្ញុំចង់បានស្អីហើយត្រូវតែបាន ខ្ញុំធ្លាប់ជិះម៉ូតូប៉ូលីសដែរ តែទប់មិនជាប់ ឯអ៊ែអ៊ិចខ្ពស់ពេក ខ្ញុំក៏ធ្លាប់សាកម៉ូតូរ៉ឺមកដឹកបាយជ្រូកដែរ តាំងពីឆ្នាំ ៩៧ តែកាលហ្នឹងបាក់ឆ្អឹងជំនីរពីរទៅក៏មិនបានស្រវា ស្រទេញរឿងម៉ូតូធំហ្នឹងទៀត។
      តែបើថា អេសអិល ដូចស្រីស្អាតខ្ញុំអាចគិតឃើញថាប្រហែលជាចឹងខ្លះ បើថាសែនពីមុខទៀតដូចជា មិនចឹងទេហ្អី?
      អូហ៍ សម្ផស្ស! រឿងធ្វើម្ចាស់វាដូចជាងាយ តែការគ្រប់គ្រង និងថែទាំវាបានពិបាក។ គ្រឿងវាថ្លៃមែនទែន សឹងប្រហែលឡានទៅហើយ មានគ្រឿងអន់ដែរ តែដាក់វាមិនបានយូរទេខូចទៀតហើយនាំចំណាយច្រើន បើសិនជាអាចប្តូរចិត្តបាន ខ្ញុំសុំថាគិតទិញឡានទៅល្អជាង ហើយបើចង់ជិះជួលគេម្តងម្កាលក៏បាន។

    • សម្ផស្ស / ឧសភា 10 2012 7:27 ល្ងាច

      ចឹង​ហើយ​បាន​ខ្ញុំ​បា​រម្មណ៏​នឹង​ណា​បង! ទំ​រាំ​ខ្ញុំ​មាន​លុយ​ទិញ​ប្រហែល​ជា​ត្រូវ​ដូរ​ចិត្ត​ឈប់​ទីញ​បាត់​ទៅ​ហើយ​ ខ្ញុំ​ធ្លាប់​ជិះ​វា​ដែរ (ខ្ចី​បស់​មិត្ត​ភ័ក្គិ) វា​គួរ​ឱ្យ​ស្រឡាញ់​ណាស់ ។ អា​ច​ជួល​ជិះ​បានដែរ​បង? តើ​កន្លែង​ណា​ទៅ​មាន​ជួល​ម៉ូ​តូ​ SL ជិះ​នោះ​ខ្ញុំ​ចង់​ជួល​ជិះ​ឱ្យ​បាត់​ចង់​ម្ដង :D។

    • លី កល្យាណ / ឧសភា 10 2012 7:45 ល្ងាច

      ខ្ញុំអត់ដែលជួលជិះទេ តែឃើញមានគេតម្រៀបនៅតាមផ្លូវភ្លោះព្រះអង្គឌួងជិតអេអិនហ្សិតរ៉ូយ៉ាល់មួយ និង តាមស្មាននៅម្តុំគិរីរម្យក៏មានដែរ។ ខ្ញុំគិតសាករកជួលឡើងបូកគោ បូកក្របីម្តងដែរ តែមិនទាន់មានពេលសោះតែម្តង។

    • សម្ផស្ស / ឧសភា 10 2012 9:52 ល្ងាច

      ចឹង​ជួល​ឆាបៗ​ទៅ​បង​ក្រេង​ដឹង​ព័ត៌​មាន​ជួយ​ប្រាប់​ខ្ញូំ​ផង :B

    • លី កល្យាណ / ឧសភា 11 2012 1:45 ល្ងាច

      បានអីឆាប់ៗទៅសម្ផស្ស គ្រាន់តែឯងថាចង់ទៅឡើងបូកគោ មនុស្សជិតពីររ៉ឺមកទារទៅជាមួយដែរ 😦

    • សម្ផស្ស / ឧសភា 11 2012 1:47 ល្ងាច

      ចឹង​មាន​តា​យក​ឡាន​ទៅ​ហើយ! អត់​ដឹង​ពី​របៀប​ជួល​ម៉ូតូ​អាដែល​ខ្ញុំ :T

    • លី កល្យាណ / ឧសភា 11 2012 1:50 ល្ងាច

      យកឡានអី យកអាបែនបានគ្រាន់ 😀

    • សម្ផស្ស / ឧសភា 13 2012 6:53 ព្រឹក

      បើ​អា​បែន​អត់​គ្រាន់​ទៀត​មាន​តា​កុង​ទឺ​នើ​ហើយ ! 😛

    • លី កល្យាណ / ឧសភា 13 2012 7:08 ព្រឹក

      ង៉ាស់ៗៗ

    • លី កល្យាណ / ឧសភា 13 2012 9:52 ព្រឹក

      សម្ផស្សអើយ ខ្ញុំបានសាកតេទៅហាងជួលម៉ូតូពីរហើយ គេមានជួលតែ FTR អេសអិលអត់មានទេ។

  3. តា ម៉ាប់ / ឧសភា 9 2012 11:46 ល្ងាច

    សម្ផស្សមិនចង់ចេះដឹងរឿងគេ តែខ្ញុំនៅមិនសុខបើដឹងរឿង​តែ​មួយ​កំណាត់ ប្រាប់​តិច​មក​បង​កល្យាណ​​សំណព្វ​ចិត្ត​អូន ! ឥឡូវម៉ូតូធំ (FTR ក្នុងក្ដីស្រម៉ៃ) ទុក​មួយ​ឡែកសិន យកលុយធ្វើអ្វីផ្សេងដូចជា​រឿង​ម៉ាស៊ីន​ថត​ជា​ដើម ។

    • លី កល្យាណ / ឧសភា 9 2012 11:50 ល្ងាច

      ហ្នឹងជាក្បួនវិនិយោគរបស់តាម៉ាប់សំណព្វចិត្តបងឬ? (លេងទៅ ម៉ាទំហឹង 😀 )

    • តា ម៉ាប់ / ឧសភា 9 2012 11:58 ល្ងាច

      មិនបាន​លេង​ទេ សួរមែនហ្មង​!

    • លី កល្យាណ / ឧសភា 10 2012 12:12 ព្រឹក

      ខ្ញុំមិនទាន់បានវិនិយោគលើម៉ាស៊ីនថតទេ ព្រោះមិនទាន់ស្គាល់វាច្បាស់ ចាំស្វែងយល់ច្បាស់សិន និងមានឱកាសទិញវាបាន ខ្ញុំសុំចូលក្រុមជាមួយតាម៉ាប់ហើយ។ ខ្លាចតែដល់ពេលហ្នឹងតាម៉ាប់ចូល ធ្វើការបាត់ ខ្ញុំមិនឯកាទៅហើយទេ? ខ្ញុំនៅមិនទាន់គិតដល់ទេ ព្រោះថ្ងៃមុនចង់មើលម៉ាកនីកុង និងឡេនស៍ ស្រាប់តែមើលតម្លៃលោកអើយ! នីកុងតែបួនរយទេ តែឡេនស៍ជិតមួយពាន់។ អូម៉ាយហ្គត់ ខ្ញុំអត់ដែលគិត ថានឹងចំណាយច្រើនដល់ថ្នាក់ហ្នឹងសោះ។
      ទំនេរបន្តិច នឹងចូលទៅផ្ទះតាម៉ាប់រុករកឱ្យខ្ទេចផ្ទះមហាសេដ្ឋី ម្នាក់ឯងមានផ្ទះដល់ទៅប្រាំ 😀 បើមិនហៅសេដ្ឋីហៅអីទៅ?

    • តា ម៉ាប់ / ឧសភា 10 2012 12:20 ព្រឹក

      ឥតអីទេបង ចំពោះ​ខ្ញុំទៅដល់ណា​ក៏​ខ្ញុំ​មិនចោល​ម៉ាស៊ីន​ថត​ខ្ញុំ​ដែល ព្រោះវា​ជា​ចំណង់ចំណូល​ចិត្ត ។ បង​អាច​ទិញឡាន​ក្រុមហ៊ុនទី ៣ (third party) វាថោកជាង តែគុណ​ភាព​មិន​ខុស​គ្នា​ប៉ុន្មាន​ទេ ។ ខ្ញុំ​សុំ​ស្នើ​ឲ្យ​ទិញ កាណុង​ វិញ ។ មិនមែន ៥ ទេ ៦ សូមទានជ្រាប ហើយ​អាច​មានអាទី ៧ មក​ពើក ៗៗៗ

    • តា ម៉ាប់ / ឧសភា 10 2012 12:22 ព្រឹក

      ង៉ាស់ៗៗៗ មិនមែនឡានទេគឺ ឡេនស៍ សរសេរ​ច្រឡំ ។

    • លី កល្យាណ / ឧសភា 10 2012 12:24 ព្រឹក

      ង៉ាស់ៗៗម្ចាស់អូនអើយៗ

    • តា ម៉ាប់ / ឧសភា 10 2012 12:34 ព្រឹក

      យ៉ាងម៉េច​វិញម្ចាស់បង ?

    • លី កល្យាណ / ឧសភា 10 2012 6:24 ព្រឹក

      មានម៉េច គឺឡើងមួយក្រឺតទៀត កំពូលមហាសេដ្ឋីហ្នឹងណា៎។
      ច្រើនចឹងតើនឹងនាំលំបាកដល់ការសិក្សាដែរទេម្ចាស់អូន! 😀

    • តា ម៉ាប់ / ឧសភា 10 2012 1:03 ល្ងាច

      អាទី ៧ កើត​យប់​មិញ​ម៉ោង​រំលង​អាធ្រាត្រ​ហាហាហា មិនអីទេបង ព្រោះខ្ញុំ​មកតែពេល​យប់ ហើយ​ជា​ធម្មតា​សាលា​ខ្ញុំ​ក៏​មិនសូវ​ជា​កាលវិភាគ​​ជាប់​លាប់​ដែរ ។

    • សម្ផស្ស / ឧសភា 10 2012 7:29 ល្ងាច

      ចឹង​ចាប់​ផ្ដើម​ស្រឡាញ់​ម៉ាស៊ីន​ថត​ជាង​ហើយ 😀

    • តា ម៉ាប់ / ឧសភា 10 2012 9:37 ល្ងាច

      ជាងអី ?

    • សម្ផស្ស / ឧសភា 10 2012 9:56 ល្ងាច

      ជាង​ម៉ូតូ FTR នឹង​ណា!

    • តា ម៉ាប់ / ឧសភា 10 2012 9:59 ល្ងាច

      ម៉ាស៊ីនថត​មានហើយ ឥឡូវចង់បាន​ម៉ូតូថែម។

    • សម្ផស្ស / ឧសភា 10 2012 10:01 ល្ងាច

      អូ​! ចឹង​តា​ម៉ាប់​បាន​ជិត​បាន​សម្រេច​​ហើយ​ចឹង!

    • តា ម៉ាប់ / ឧសភា 10 2012 10:02 ល្ងាច

      ការចង់បាន​របស់​មនុស្ស​មិន​មាន​ដែន​កំណត់ ហាហាហាហា

    • លី កល្យាណ / ឧសភា 11 2012 1:46 ល្ងាច

      មានតាម៉ាប់ជាឧទាហរណ៍ ចង់បានប្លក់ឡើងមួយកំភ្លូស!

  4. ឧត្តម / ឧសភា 10 2012 11:31 ព្រឹក

    សូមសួរបន្តិចបង រឿងអេសអិល និងកាម៉ារ៉ាតាម៉ាប់ ខ្ញុំមិនចាប់អារម្មណ៍ទេ។ អ្វីដែលខ្ញុំចង់ដឹងនោះ តើក្មេងនោះស្លាប់អាយុប៉ុន្មាន ហើយម្តាយចិញ្ចឹមម្នាក់នោះស្លាប់ដោយសារអីដែរ?

    • លី កល្យាណ / ឧសភា 10 2012 11:54 ព្រឹក

      ក្មេងស្រីនោះស្លាប់ពេលអាយុបានជិតពីរឆ្នាំ ដោយសារមេរោគអេដស៍
      ម្តាយចិញ្ចឹមស្លាប់ដោយសារជម្ងឺមហារីកដោះកាលឆ្នាំ២០០៦។ កូនស្រីស្លាប់មុនពីរខែ។

    • ឧត្តម / ឧសភា 10 2012 12:12 ល្ងាច

      គួរអាសូរណាស់!

    • តា ម៉ាប់ / ឧសភា 10 2012 1:03 ល្ងាច

      អូ គួរឲ្យសង្វេគ ។

    • ភរិយានិងម្ដាយម្នាក់ / ឧសភា 10 2012 3:16 ល្ងាច

      មហារីកដោះ!!?? ចុះគាត់អាយុប៉ុន្មានដែរ? ២នាក់ម៉ែកូនហ្នឹង​នរណាស្លាប់មុនទៅ? ហើយចុះម៉េច បានបងសសេររឿង​អី​អោយ​គេឆ្ងល់គ្រប់តែគ្នាចឹងណ៎ ម៉េចមិនដាក់អោយ​អស់​សាច់រឿង​ប៉ារយទៅ?

    • ភរិយានិងម្ដាយម្នាក់ / ឧសភា 10 2012 3:22 ល្ងាច

      យ៉ាប់មែនខ្ញុំ គេដាក់ថាកូនស្លាប់មុនម៉ែ២ខែហើយ នៅសួរទៀត!!!

    • លី កល្យាណ / ឧសភា 10 2012 3:26 ល្ងាច

      ឃើញសំណួរប្រុងប្រៀបថានឹងទទួលកំហុស​ដែលគិតថាព្រោះតែខ្លួនឯងដឹង ដល់សរសេរប្រាប់គេអាចភ្លេចកន្លែងខ្លះ ស្រាប់តែអត់អីវិញ! 😀

      កាលស្លាប់គាត់មានអាយុ២៩​​​ ឬ ៣០ឆ្នាំ ទេ។​ ប្រហែលមានបញ្ហាដោយសារគាត់ធ្លាប់វះកាត់ ពីរដងហើយ។

    • លី កល្យាណ / ឧសភា 11 2012 7:55 ព្រឹក

      ខ្ញុំរាងឈ្លើយដាក់ ឧត្តម បន្តិចហើយ កុំប្រកាន់មនុស្សខ្ជិលណា៎ ខ្ញុំសរសេរអីមិនមានក្បាលកន្ទុយទេ ព្រោះអាងអ្នកស្រុកភូមិយើងនៅវើតប្រេសហ្នឹង ធ្លាប់ចេញចូលហូបបាយកក បើកទូទឹកកកញឹកទៅហើយ។

    • ឧត្តម / ឧសភា 11 2012 7:59 ព្រឹក

      បាទបង!!

  5. សម្ផស្ស / ឧសភា 10 2012 7:32 ល្ងាច

    ស្ដាយ​ណាស់​មិន​គួរ​ស្លាប់​ទាំង​ក្មេង​ខ្ចី​អញ្ចឹង​សោះ! គិត​ទៅ​សម្រស់​ធម្ម​ជាតិ​ល្អ​ជាង​មែន​ទេ​បង!

    • លី កល្យាណ / ឧសភា 10 2012 7:52 ល្ងាច

      អូសុំទោសសម្ផស្ស គាត់មានជម្ងឺមហារីកដោះនោះ ប្រហែលជាតាំងពីអាយុម្ភៃពីរ តែពេទ្យគេព្យាយាមបាញ់កាំរស្មីរហូតដល់គាត់ឡើងស្គម ទើបគេវះដុំពកនោះ តែខ្ញុំដឹងត្រឹមថាវះពីរដងហ្នឹងនៅតែមិនអាចបញ្ឈប់មេរោគដែលរាលដាល។ គាត់ជាអ្នកមានបង្គួរដែរ គ្រួសារគាត់មានប្រាក់ច្រើន តែមិនអាចព្យាបាលជា ខ្ញុំមិនសូវដឹងរឿងហ្នឹងទេ។ គាត់ទៅស្លាប់នៅឯស្រុកចិនក្រោយពេលចូល ចេញៗ ពេទ្យប្រហែលមួយខែ។

    • somada / ឧសភា 14 2012 9:34 ព្រឹក

      អីយ៉ា អត់នៅផ្ទះមួយអាទិត្យសោះ គេនិយាយដើមពេញភូមិតែម្តង ។ រឿងសុំកូនគេនេះ មានផលវិបាក​ច្រើន​ណាស់បើតាមបងដឹង ទោះជាក្មេង​នោះ មិនមានជម្ងឺអី្វ ក៏ពេលខ្លះ​មានបញ្ហា​ខាងក្រុម​គ្រួសារ​របស់ក្មេង​នោះ ដែរ បង​មានបងជីដូនមួយម្នាក់គាត់សុំកូនគេមក​ចិញ្ចឹម តែឪពុកម្តាយ និង បងប្អូន​កូន នោះ ឡើងចុះ ៗ ញឹកញាប់ម្តងមកសុំនេះ ម្តងមកសុំនោះប្រៀបដូចជាយើង​និង​ឃ្លាំងលុយអញ្ចឹង ។

    • លី កល្យាណ / ឧសភា 15 2012 7:44 ល្ងាច

      វេទនាហើយចឹង ព្រោះថាដល់វាធំ បើវាចេះគិតមិនអីទេ តែបើវាមិនចេះគិត គឺវាយល់ថាយើងហ្នឹងបំបែកវាពីគ្រួសារ។ រឿងហ្នឹងហើយដែលមិត្តខ្ញុំម្នាក់គាត់ដូរផ្ទះ អស់បួនប្រាំ កន្លែងការងារពីរដោយសារតែសុំកូនគេមកចិញ្ចឹមហើយអ្នកនោះស្គាល់ផ្ទះ។
      ខ្ញុំចេះតែឆ្ងល់វា ឯងអត់ចេះហត់រើផ្ទះទេក៏អី? វាថា ចាំដល់ដូរលែងកើត គ្នារើទៅនៅកាណាដាហ្មង។
      អស់យោបល់ត្រឹមហ្នឹងខ្ញុំ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: