Skip to content
11 ខែ​ឧសភា 2012 / ស្នាមញញឹម

មិត្តសម្លាញ់ និងម៉ូតូអេសអិល

ដោយសារតែអត្ថបទមុនៗមានអ្នកសង្ស័យថាខ្ញុំហ្នឹងខ្ទើយ ឬស្រឡាញ់ស្រីៗ ឬស៊ីមពីរ (ដូចជាតាម៉ាប់ និងពូ ស្រុកស្រែ) និងដោយសារមានការជជែកគ្នាទាក់ទងនឹងម៉ូតូអេសអិលផង ខ្ញុំសូមនិយាយរឿងមួយបន្ថែម ទៀត ជាភស្តុតាងថា ខ្ញុំបានជួបរឿងដែលគេច្រឡំហ្នឹងមិនមែនទើបតែឥឡូវនេះទេ គឺយូរយារណាស់ហើយ ហើយក៏ស៊ាំត្រចៀក និងធ្វើចិត្តបានដែរ (មិនខឹង មានតែសើចចាក់បណ្តោយ)។

ខ្ញុំមានមិត្តសម្លាញ់ម្នាក់កាលធ្វើការជាមួយគ្នាក្នុងអង្គការម្លប់បៃតង នៅកំពង់ធំ គាត់ឈ្មោះ សូ ខាន់សោម។ ឆ្នាំ ២០០៥ ដល់ ២០០៦ យើងស្រឡាញ់គ្នាណាស់ ដេកជាមួយគ្នា ដើរជាមួយគ្នាទៅណាមួយជំហានក៏តាម គ្នាទៅដែររហូតដល់ថ្នាក់អ្នកធ្វើការជាមួយមមៃថា តើយើងទាំងពីរបានធ្វើអ្វីខ្លះ…ជាមួយគ្នា? តើយើងបាន បង្កើតរឿងរ៉ាវស្នេហាជាមួយគ្នាទេដឹង បើម្ង៉ៃៗឃើញជាប់គ្នាជាងចាខ្វៃនៅហាងកាហ្វេស្ទឹងសែនទៀតនោះ? (ហាងកាហ្វេដែលខ្ញុំចូលចិត្ត 😀 )

មីនាង! កុំខឹងបើនាងបានអានអត្ថបទរបស់យើងនៅទីនេះ យើងគ្រាន់តែមិនចង់ពេលយើងបាត់ការចងចាំទៅ បាត់ទាំងអនុស្សារីយជាមួយនាងទៅផងទេ! (ក្រែងគ្នាកើតជម្ងឺអាល់ហ្សេមែរ)

អស់ពីអង្គុយមមៃ ពួកគាត់ក៏ហាមាត់សួរត្រង់ៗតែម្តង៖

ពីរនាក់នេះទៅភូមិបានធ្វើអីខ្លះ?

ខ្ញុំ៖ ខ្ញុំបានចុះទៅប្រជុំ និងពិនិត្យមើលការងារ… (ខំរាយការស្មានតែគេកំពុងតាមដានការងារយើង)

នៅតាមផ្លូវឈប់ធ្វើអីខ្លះ?

សោម៖(វាមានខួរក្បាលឆ្លាតជាងខ្ញុំឆ្ងាយណាស់ វាឆ្លាត និងពូកែមែនទែន ទាល់តែនៅជាមួយគ្នាបានដឹង) មានធ្វើអីគ្រាន់តែឈប់បត់ជើងហ្នឹងក៏ សួរដែរ!

អើ សួរៗទៅក្រែងមានធ្វើអីផ្សេងទៀត។

សោម៖ បើគេធ្វើអីផ្សេងចាំតែប្រាប់តើ! ហ៊ឹស!

ខ្ញុំបានត្រឹមចំហរមាត់ធ្លុងស្តាប់គេនិយាយរកកាត់យល់ន័យ ដើម្បីដឹងសាច់រឿង តែបានត្រឹមតែស្លឺ…

ពីរនាក់នេះឱបគ្នាឡើងខ្វិត បែបទើបធ្វើអីគ្នាហើយ មើល៍ទៅ?

ខ្ញុំ៖ ជិះម៉ូតូផ្លូវរលាក់ជិតដាច់ប្រម៉ាត់ម្តងៗយ៉ាងនេះ បើមិនឱ្យឱបធ្លាក់អ្នកក្រោយបាត់ បានបកទៅរើសវិញ មិនខានទេ!

សោម៖ ណែ! គេធ្វើអីគ្នាហើយៗ មិនបាច់ចាំសួរទេ! … ហ៊ើយអញហត់ជិតដួលហើយមកសួរលេងសើច អីទេ! (នាងហ្នឹងវាខឹងដល់កំពូលហើយតែធ្វើអីគេមិនបានវាមករករឿងខ្ញុំ) នែ មកពីមីនាងឯងហ្នឹងជិះរកតែ ក្រឡុក អញឈឺខ្លួនហើយ យប់ហ្នឹងកោសខ្យល់ឱ្យផងវ៉ី! (ថារួចវាទម្លាក់សាក់កាដូព្រូសទៅលើតុធ្វើការ របស់ខ្ញុំ)

ខ្ញុំ៖ ណែ… បែកប្រដាប់ថតសម្លេងបាត់ហើយ! (ខ្ញុំនិយាយទាំងនឹកថា ខូចបាត់ហើយព្រោះវានៅបាតគេ ផង) នាង … អង្គុយតោងតែគេសោះ មកហត់ស្អី? អាអ្នកបើកឯណេះជិតបាក់ដៃហើយ ប្រឹងទប់ម៉ូតូ និង គេច ក្រឡុកឡើងគ្រេចកដៃមិនគិត! ណែ … កុំមកខឹងគោវាយរទេះ គ្មានដៃកោសខ្យល់ឱ្យទេវ៉ី! យើងក៏ហត់ដែរ!

ដល់ឃើញពួកយើងឈ្លោះគ្នា ពួកគាត់ក៏បង្អង់ជជីកខ្លះដែរទៅ។ បន្ទោសពួកគាត់ក៏មិនបានដែរ។

បន្ទោសពួកគាត់យ៉ាងម៉េច បើមនុស្សធ្វើសកម្មភាពឱ្យគេសង្ស័យ ដូចជាទៅណាមកណាក៏ទៅជាមួយគ្នា បាយទឹកហូបនៅផ្ទះខ្ញុំជាមួយគ្នាជាញឹកញាប់ ដេកជាមួយគ្នាបន្ទប់តែមួយ ថតរូបថើបគ្នា (ពូកែថា ហ្អេះ?) ជិះម៉ូតូឱបគ្នាយ៉ាងសស្រាក់សស្រាំ ជួយគ្នាក្នុងការងារយ៉ាងអស់ពីចិត្តពីថ្លើម។ល។ និង ។ល។

មានម្តងនោះដឹកកូនត្រីយកទៅឱ្យកសិករពីភ្នំពេញទៅដល់ស្រុកប្រាសាទសំបូរ និងចូលទៅក្នុងភូមិដាច់ ស្រយាលទៀត។ ដោយសារកូនត្រីដឹកពេលថ្ងៃក្តៅមិនបាន ពួកយើងបានចេញដំណើរម៉ោងបួនល្ងាចពី ភ្នំពេញ ទៅដល់ទីរួមខេត្តនៅម៉ោងប្រាំពីរកន្លះ និងបានបន្តទៅភូមិពីរទៀត ទម្រាំរួចការងារចែករំលែកកូន ត្រីនោះម៉ោងជាងមួយយប់ ខ្ញុំបើកឡានត្រឡប់មកវិញទាំងល្វើយ វាដេកលក់ព្រងើយ ព្រោះអស់កម្លាំង ដោយទ្រាំអត់ងងុយមិនបាន ខ្ញុំក៏ឈប់តាមផ្លូវដោយអែបមកខាង ពន្លត់ម៉ាស៊ីនដេកមួយស្រឡេតដែរ ទើប បើកបន្តមកទៀតរហូតដល់ផ្ទះ។ ដោយមិនងូតទឹក ងូតភក់អី ពួកយើងដេកជាមួយគ្នារហូតដល់ម៉ោងប្រាំ ពីរព្រឹកបានក្រោកទៅធ្វើការ។ ដោយវាមិនទាន់អស់ងងុយ និងគ្មានខ្វល់ស្អីផងនោះ វាដេកអោបពីក្រោយ ខ្ញុំជិះម៉ូតូឌុបវាទៅដល់កន្លែង ហៅចុះពីម៉ូតូបានភ្ញាក់ពីដេក គេក៏តាំងថាឱ្យទៀតហើយ!

លើកណានោះយើងយកកូនត្រីទៅដាក់ឯភូមិ ម៉ោងដប់ពីរហើយតែមិនទាន់រួចការ ស្រាប់តែឡានអស់សាំង ខ្ញុំភ័យណាស់ព្រោះនៅស្រុកហ្នឹងគ្មាននរណាបើកទ្វារ ឬដើរហើរស្មើហ្នឹងទេ។ វាភ័យបន់អ្នកតានៅក្នុងភូមិ ត្រឡប់មកវិញម៉ោងជិតពីរបានដល់ផ្ទះ ដោយខ្ញុំឈប់ដេកតាមផ្លូវមួយស្រឡេតទៀត។ ព្រឹកឡើង យើង ត្រូវត្រដរទៅតាមដានត្រីទាំងនោះ និងណែនាំដល់សហគមន៍ក្នុងការចិញ្ចឹម ថែទាំ។ ដោយមិនភ្លេចយក ចេកមួយស្និត ទៅថ្វាយអ្នកតាលាបំណន់ពីយប់ 😀

ក្រោយមកវាក៏រៀបការជាមួយអ្នកធ្វើការជាមួយគ្នា។ ដោយឈប់ធ្វើការ និងអផ្សុកព្រោះធ្លាប់ខ្លួនក្នុងការដើរ ហើរជាមួយគ្នា វាក៏តាមខ្ញុំទៅធ្វើការឯភូមិ។ មុនចេញដំណើរប្តីវាបានហាមដែរថាកុំឱ្យទៅភូមិ តែពួកយើង បានចេញដំណើរដោយអាងថាមិនអីទេ។

ជិះម៉ូតូបណ្តើរជជែកគ្នាបណ្តើរពីសុខទុក្ខ (ព្រោះទើបរៀបការរួច 😀 ) ឆ្លងកាត់ភូមិជាច្រើនតាមដងផ្លូវទៅ ស្រុកប្រាសាទសំបូរ ហួសវិទ្យាល័យកំពង់ឈើទាលដែលជាទីប្រជុំជនរបស់ស្រុកតែប្រហែលពីរគីឡូម៉ែត្រ ស្រាប់តែយើងឮសូរ ផូង! យ៉ាងខ្លាំង។ វាស្រែកដាក់ត្រចៀកខ្ញុំ (ព្រោះជិះម៉ូតូពាក់មួកឃ្លុបទាំងអស់គ្នា) ថា៖ នែ ពីណាបាញ់អីហ្នឹង!

ខ្ញុំ៖ បាញ់ស្អី! ម៉ូតូបែកកង់ហ្នឹង! (ខ្ញុំស្រែកប្រាប់វាវិញ ដោយចាប់ផ្តើមបន្ថយល្បឿន ប្រុងប្រៀបអបអំប្រ៊ីយ៉ា ពេលល្បឿនធ្លាក់ចុះ ហើយប្រឹងទប់កុំឱ្យរេចង្កូតខ្លាំងពេក)

ដោយសារតែយើងកំពុងបើកលឿន និងឡើងទួលផង ការបែកកង់ក្រោយក៏នៅតែធ្វើឱ្យម៉ូតូដួលបោកយើង ទាំងពីរនាក់ទៅដី វារលាត់ក្បាលជង្គង់ចេញឈាមរឹមៗ និងប្រឡាក់សុទ្ធតែដីក្នុងស្នាមរបួស កួយដៃក៏រលាត់ វាត្រូវធ្ងន់ជាងខ្ញុំ ។ ខ្ញុំភ័យឡើងមានជាតិផ្អែមក្នុងមាត់ រត់ទៅលើកវា៖

ខ្ញុំ៖ នាង! នាង! មានត្រូវអីទេៗ?

សោម៖ នាងអើយ ជើងអញៗ ឈឺវ៉ើយឈឺ!

ខ្ញុំ៖ មានត្រូវក្បាលទេៗ? (ខ្ញុំលើកវាមកទាំងប្រហោងពោះ ព្រោះខ្ញុំត្រូវទទួលខុសត្រូវចំពោះអ្នកជិះជាមួយ)

ពេលមើលឃើញជង្គង់ និងកួយដៃមានរបួសសើស្បែក ខ្ញុំរាងអន់ភ័យបន្តិច តែនៅមិនទាន់អស់ចិត្ត។ ខ្ញុំលើកវាទៅរកដង្គត់ឈើឱ្យអង្គុយស្រួលបួល ប្រមូលសាក់កាដូស្ពាយទៅដាក់ជិតវា និងរត់ទៅលើកម៉ូតូ ម៉ូតូបែកកង់ក្រោយ និងដាច់ហ្រ្វាំងដៃ។ ខ្ញុំនៅមិនអស់ចិត្តពីវាទោះមើលឃើញថាស្នាមរបួសនៅឆ្ងាយពី បេះដូងក៏ដោយ។

ខ្ញុំ៖ នាងៗ មានត្រូវត្រង់ណាទៀតទេ? មានត្រូវក្បាលអត់?

សោម៖ អើ! ក្បាលអញ ៗ អូយៗៗៗ ឈឺៗ

ខ្ញុំ៖ ហាស! ត្រូវត្រង់ណាៗ?

សោម៖ ក្បាលអញ ត្រូវនឹងមួកឃ្លុបអញ បោកត្រូវជាមួយមួកវា អាឡូវខូចខួរក្បាលហើយ ហ៊ឺៗៗៗ

ខ្ញុំ៖ រំបល់យក៍ ហ៊ឺយ! តោះទៅពេទ្យ! របួសហ្នឹងទាល់តែលាងបានៗ!

ខ្ញុំទាញម៉ូតូមកបណ្តើរ ចង់ធ្លាក់អណ្តាតត្រឡប់មកទីប្រជុំជនវិញ។

សុំបើកវង់កាចកនិយាយរឿងឆោតរបស់ពួកយើងបន្តិចទៀត៖

បណ្តើរម៉ូតូមួយសន្ទុះស្រាប់តែងាករកវា វាទើបអូសជើងមកមិនទាន់បានហាសិបម៉ែត្រផង។ ឈប់ម៉ូតូដាក់ ជន្ទល់ហើយ ខ្ញុំរត់ទៅរកវា៖ នាងៗ នាងឡើងជិះលើម៉ូតូទៅ ចាំយើងរុញ!

សោម៖ ទេ! យើងមិនចេះជិះផង!

ខ្ញុំ៖ អត់អីទេ គ្រាន់តែកាន់ចង្កូតកាច់ដូចតែម៉ូតូយើងធម្មតាតើ! ចាំអញទប់ពីក្រោយ! បើនាងដើរមិនកើតចឹង ខ្លាចដំបៅទៅជាធ្ងន់ទម្រាំដើរដល់ជាង!

វាក៏ព្រមឡើងលើម៉ូតូ ខ្ញុំក៏ឈរកាន់ចង្កូតផងទប់វាពីចំហៀងនៅឡើយ។ គ្រាន់តែខ្ញុំជួយវាឡើងលើម៉ូតូភ្លាម វាស្រែកដូចពីណាគេចាក់ថ្នាំជ្រូកចឹង!

អញចុះវិញៗ នាងទប់ៗ … មិនជិះទេវ៉ី សុខចិត្តដើរវិញ កើតអីក៏កើតទៅ!

ចុះវាយ៉ាងម៉េចឯង? ក្រែងគ្រាន់តែកាន់ចង្កូតតើ? យើងរុញពីក្រោយ!

រុញក្បាលវាស្អីបើជើងយើងមិនដល់ដីផង! (វាក៏ទារចុះមកវិញ ហើយដើរតិចៗតាមក្រោយខ្ញុំ)

ពេលដើរហត់មែនទែន ជិតអស់ជើង សោមស្រែកតិចៗ ៖ នាងៗ ពេលយើងកាន់ចង្កូតបើនាងនៅបណ្តើរ ចឹងយើងអាចជិះបាន! (វាចង់ប្រាប់ថា វាចង់ជិះម៉ូតូវិញហើយ)

ខ្ញុំនឹកអស់សំណើចនឹងវាក៏ឱ្យវាឡើងជិះហើយខ្ញុំបណ្តើរម៉ូតូនោះទាំងបែកកង់ ដូចអូសឈើហ៊ុប។

សោម៖ អញឆ្ងល់វាណាស់ ម៉េចក៏ជិះម៉ូតូហ្នឹងកើតបើវាទាបជាងយើងទៀតនោះ? … លើលោកនេះពិតជា ចេះតែមានម៉ង! រឿងស្អីក៏ប្លែកទាំងអស់…សម្រាប់ភ្នែកយើង!… ហ៊ឹះ!

ខ្ញុំដកដង្ហើមសឹងមិនដល់គ្នាកាលបើវាបានធូរស្រាលព្រោះទំលើម៉ូតូឱ្យខ្ញុំបណ្តើរ…

មកដល់កន្លែងជាង ប្រាប់គេឱ្យប៉ះកង់ រួចបានខ្ចីម៉ូតូជាងឌុបវាទៅផ្ទះពេទ្យលាងរបួស។ ទៅដល់ផ្ទះពេទ្យ ហើយ មានពេទ្យហើយ តែពេទ្យអត់មានអាល់កុល … យ៉ៃ! ចុះអីក៏វេទនាម៉្លេះ!

រត់ទៅទិញអាល់កុល និងសំឡីមកទាំងស្តាយ ព្រោះថាខ្ញុំក៏អាចលាងរបួសបានដែរគ្រាន់តែមានអាល់កុល និងសំឡីទៅគឺបានហើយ ចាំបាច់ទៅរកពេទ្យឱ្យអស់ឈ្នួលអី។ តែក៏នឹកថា បើជាអ្នកផ្សេងប្រហែលខ្ញុំលាង ឱ្យមិនសូវញញើត តែនេះជាវា ខ្ញុំខ្លាចវាឈឺជាងអីទៅទៀត។

ឈឺប៉ុណ្ណឹងហើយវានៅនិយាយប៉ប៉ាច់ប៉ប៉ោចកុំឱ្យខ្ញុំភ័យ ព្រោះខ្ញុំឡើងញ័រដៃពេលជូតរបួសវា ។

ជាលទ្ធផល៖ ខ្ញុំត្រូវបានត្រង់ជើងអស់រយៈពេលបីខែ ហើយពេលបច្ចុប្បន្ននេះគឺមិនអាចអង្គុយបត់ជើងបាន យូរទេ ចំណែកសោមបានបន្សល់ទុកស្នាមរបួសក្បាលជង្គង់ និងកែងដៃឆ្វេងទុកកេរ្តចែកកូនៗវាមើល! 😀

អនុស្សាវរីយពិតជាមិនអាចលុបបានទេ ព្រោះខ្ញុំជាអ្នកស្រឡាញ់អនុស្សាវរីយ ជាអ្នកចូលចិត្តនិយាយពីបទ ពិសោធន៍ ទាំងនោះ។

ម៉ូតូអេសអិល ខ្ញុំធ្លាប់ជិះឆ្អែតឆ្អន់ហើយ ហើយវាក៏ធ្លាប់ជិះខ្ញុំឡើងឆ្អែតដូចគ្នាដែរ 😀 … បង្ហោះវាឆ្លងស្នាម ភ្លោះ បើកកាត់ទឹកអូរជម្រៅដើមទ្រូង រុកព្រៃរុកផ្សៃ គ្នាឡើងវេទនា ធ្លាប់បណ្តើរវាចម្ងាយដីរាប់គីឡូម៉ែត្រ ធ្លាប់ លើក សែងនឹងស្នែងពេលវាមិនឆេះហើយត្រូវដើរឆ្លងទឹក ជួលរ៉ឺមកដឹកជ្រូកបាមកដឹកម៉ូតូ … សព្វគ្រប់អស់ ហើយ តែក៏នៅតែអរគុណដែលវាបាននាំខ្ញុំទៅកាន់កន្លែងការងារដោយរលូន ទោះម្តងម្កាលមិនរលូន ក៏ដោយ។

ដូចអស់អីនិយាយដើមពួកម៉ាកហើយ សុំចប់តែត្រឹមហ្នឹង!

ឯវំ

Advertisements
  1. ភរិយានិងម្ដាយម្នាក់ / ឧសភា 11 2012 10:20 ល្ងាច

    So what? who care if you were a lesbian or a gay or whatever blah blah blah…. as long as you are you មែនអត់បង?

    • លី កល្យាណ / ឧសភា 11 2012 10:33 ល្ងាច

      មួយហ្នឹងគាំទ្រហ្គេយ៍ព្រោះតែមានមនុស្សដែលខ្លួនចូលចិត្តអាចជាហ្គេយ៍។ សូមអរគុណ!
      តែកុំអី បើសិនជាប្អូនគ្រាន់តែដើម្បីអ្នកដទៃសប្បាយចិត្ត ព្រោះមនុស្សប្រភេទនេះជា មនុស្សពិបាកទទួលយក និងរំខានចិត្តប្អូនទៅវិញទេ!
      អរគុណអ្នកមីង ឬអ្នកអ៊ំជាម្តាយប្អូនដែលមានកូនស្រី និងប្រៀនប្រដៅកូនប្រកបដោយធម៌ មិនមែនជាមនុស្សដែលប្រទូសនឹងសង្គម។
      គោរពអរគុណដោយស្មោះសអំពីចម្ងាយ ចំពោះលោកពូ អ្នកមីង និងប្អូនស្រី ជួសមុខឱ្យមនុស្សវិបល្លាសទាំងនោះ។

    • ភរិយានិងម្ដាយម្នាក់ / ឧសភា 12 2012 3:58 ល្ងាច

      ខ្ញុំគ្រាន់តែគិតថា ពួកគេក៏ជាមនុស្សដូចយើងដែរប៉ុណ្ណោះ អ្វីដែលសំខាន់គឺថា​គេជាមនុស្សល្អឬអត់ មានដែលធ្វើអោយអ្នកណាក្ដៅក្រហាយឬទេ

    • លី កល្យាណ / ឧសភា 15 2012 7:33 ល្ងាច

      និយាយតាមត្រង់សុជីវី ខ្ញុំឥតទាន់ប្រាកដចិត្តទេ ព្រោះខ្ញុំដូចជាស្រឡាញ់មនុស្សជាជាងស្រឡាញ់ភេទ ហើយការស្រឡាញ់របស់ខ្ញុំមិនសូវ ជាជាប់លាប់ថិតថេរទេ ស្រឡាញ់អ្នកនេះតិចទៅ រួចដល់ពេលគេ ទាស់ចិត្តគេឈប់ស្រឡាញ់ខ្ញុំ ខ្ញុំក៏ទៅស្រឡាញ់អ្នកនោះទៀត និយាយរួមឱ្យតែមាននរណាល្អៗចូលមក គឺខ្ញុំស្រឡាញ់ទាំងអស់។

      តាមខ្ញុំដឹង មនុស្សស្រឡាញ់ភេទដូចគ្នា ច្រើនធ្វើឱ្យក្រុម គ្រួសារទាំងសងខាងឈឺចាប់ តែមិនមែនមកពី ពួកគេជាអ្នកធ្វើឱ្យឈឺចាប់ទេ ព្រោះតែពួកគេចង់បានក្តីសុខ បែរជាគ្រួសារមិនព្រម ទទួលស្គាល់ថានោះ ជាសេចក្តីសុខរបស់គេទៅវិញ។

      អត់ដឹងថាយ៉ាងណាដែរ តែចាស់ៗរបស់ខ្ញុំពេញចិត្តដែលខ្ញុំនៅ តែម្នាក់ឯងដូចរាល់ថ្ងៃនេះជាងមានប្តី។
      គាត់មិនបានថាអីទេ ព្រោះពេលខ្ញុំប្រាប់គាត់ថាខ្ញុំចង់ទៅធ្វើកញ្ជះនៅហូលីវូត (ព្រោះថា គ្មានចេះស្អីសោះ) គាត់ថា ទៅណាទៅទៅ សំខាន់គឺផ្ញើតែលុយមកបានហើយ ឯងចង់សប្បាយអីទៅរកខ្លួនឯងចុះ! ឮពេលណាស្រក់ទឹកភ្នែកពេលនោះ មិនមែនស្រក់ព្រោះនឹកថានឹងបែកម៉ែទេ តែស្រណោះខ្លួន… រួចចុះ ជាតិជាស្រី ជាម្តាយអីក៏គ្មានលើកលែងម្នាក់យ៉ាងនេះ មួយណាក៏ចង់បានតែលុយមកឱបរហូត! ហ៊ឺ…

    • ភរិយានិងម្ដាយម្នាក់ / ឧសភា 15 2012 10:27 ល្ងាច

      យោបល់តបមកវែងពេក ដូចជារកកន្លែងឆ្លើយមិនចង់ឃើញទេខ្ញុំ។ ខ្ញុំថាអារម្មណ៍ដែលបងមានមិនមែន​ជាស្នេហាទេ បើបងស្រឡាញ់នរណាម្នាក់ ពេលគេទាស់ចិត្ត​ហើយចេញពីបង បងពិតជាមិនអាចដកចិត្តស្រឡាញ់បានភ្លាមៗទេ បងមិនអាចទៅស្រឡាញ់អ្នកផ្សេងភ្លាមបានទេ បងពិតជាត្រូវខូចចិត្ត ពិបាកចិត្ត…. អ៊ូយពិបាកនិយាយណាស់… ដឹងត្រឹមថា បើយើងស្រឡាញ់នរណាម្នាក់ យើងតែងគិតដល់​គេគ្រប់ពេល បារម្ភពីគេ ចង់នៅជិតគេ។ល។​ និង។ល។ (ព្រោះមិនចេះនិយាយវែង) ។ អារម្មណ៍ដែលបងយល់ថាស្រឡាញ់​ អាច​មក​ពីបង​ជាមនុស្ស​ស្មោះ​នឹង​អារម្មណ៍​ខ្លួនឯង ពេលពេញចិត្តនរណាម្នាក់ ក៏តាំងស្រឡាញ់គេអស់ពី​ចិត្ត​ ដល់ពេលទាស់ចិត្ត ក៏ខឹងហើយឈប់ខ្វល់ពីគេ។ អស់យោបល់ហើយ ព្រោះខ្ញុំមិនមែនជា expert ខាងស្នេហាផង 😀

    • លី កល្យាណ / ឧសភា 15 2012 10:45 ល្ងាច

      អារម្មណ៍បែបហ្នឹងខ្ញុំអត់ដែលមានទេ Love Specialist អើយ! ខូចចិត្ត បាកចិត្តអីហ្នឹងនោះ ខ្ញុំទូលាយណាស់ ស្រឡាញ់ពេលស្រឡាញ់ ធ្វើល្អដាក់គ្នាឱ្យច្រើនៗ ដល់ពេលបែកគ្នាក៏បែកទៅ ក៏នៅតែរាប់គ្នា ដូចមិនដែលខ្វល់ បារម្ភ ពិបាកចិត្តអីទេ បែបដូចជីវីថា ហើយ អត់ទាន់ចេះស្រឡាញ់ទេ ង៉ាស់ៗៗ ក្បាលឡើង កញ្ចាស់ នៅវក់ជាមួយតួកុនហូលីវូតទៀតខ្ញុំ។

    • ភរិយានិងម្ដាយម្នាក់ / ឧសភា 15 2012 10:50 ល្ងាច

      ង៉ាស់ៗៗៗ ហ្នឹងហើយបានគេថា បងមិនទាន់ជួបស្នេហាពិតនោះ​អី

  2. តា ម៉ាប់ / ឧសភា 12 2012 12:39 ព្រឹក

    គាត់កូនលោក សូ ខាំខយ ឬបង?

    • លី កល្យាណ / ឧសភា 12 2012 6:51 ព្រឹក

      ខ្ញុំមិនបានស្គាល់ឈ្មោះឪពុកគាត់ជាគ្រូបង្រៀនទេ តែសោមមានស្រុកកំណើតឯបាត់ដំបង ។

    • តា ម៉ាប់ / ឧសភា 12 2012 9:39 ព្រឹក

      សូ ខាំខយ ជាអ្នកនយោបាយនៃសាធារណរដ្្ឋខ្មែរ ជាទីគោរពនៃខ្ញុំ ។

  3. សម្ផស្ស / ឧសភា 13 2012 6:52 ព្រឹក

    ពិត​ជា​បទ​ពិ​សោធន៍​ដ៏​ល្អ​មែន​! ហេតុ​អ្វី​បាន​ជា​បង​ដាច់​ចិត្ត​លក់​វា​ចោល​បង!

    • លី កល្យាណ / ឧសភា 13 2012 7:04 ព្រឹក

      អាមួយកាល ២០០៣ ខ្ចីលុយម៉ែទិញ ដល់វាខូចពេកទៅលក់សងលុយគាត់វិញ។ អាកាលជិះដួល ២០០៦​ហ្នឹង របស់អង្គការគេឱ្យជិះធ្វើការទេ ឈប់ធ្វើការក៏អស់អាណត្តិដែរ។ តាមពិតអង្គការគេឱ្យខ្ញុំអាសង់២០០៥ តែខ្ញុំតែងសុំដូរជាមួយពួកម៉ាកម្នាក់ទៀតជិះអេសអិល វាក៏ជិះអាសង់។ តែអាសង់ស្រាល ជិះទៅព្រៃកាត់ខ្សាច់អីដួលដាច់ដៃដាច់ជើងអស់ហើយ បើនរណាចង់ទិញម៉ូតូជិះតាមព្រៃ សូមរកអាណាដែលធ្ងន់ព្រោះវាមិនក្រឡាច់នឹងខ្សាច់ កុំយកអាសង់។

    • vsmada / ឧសភា 14 2012 1:37 ល្ងាច

      ផ្ទះមួយនេះ​សម្បូររឿងណាស់ហ្ន៎! ជើងបង្ហោះម៉ូតូ​នៅនេះសោះ មិនបាច់ដើរ​រកឆ្ងាយទេ បើមានបងប្អូន​ណា​ចង់​បានបទពិសោធន៍​ពីការបង្ហោះម៉ូតូ សូមកុំភ្លេចកល្យាណ មកសាកសួរ​ព័ត៌មានបន្ថែមបាននៅ​ភូមិវើត​ប្រេស ផ្ទះស្នាមញញឹម ។

    • លី កល្យាណ / ឧសភា 15 2012 7:36 ល្ងាច

      ដូចស្ពត់ផ្សាយពាណិជ្ជកម្មចឹងបង ។
      បងហ្អា៎ ម៉ែផ្តាំថា អារឿងជើងខ្លាំងខាងចឹងៗមិនបាច់អួតដាច់ខាត ម៉ែហាមផ្តាច់ណាបង។ ចាំរកឃើញបរិមាណូ អាតូមិច ឬរបស់របរអីដែលថ្មីហើយនាំចម្រើនមនុស្សលោក ចាំមកអួត។
      តែទើបតែបង្ហោះឡានហើយពីយប់មិញ មកដល់ផ្ទះមិនទាំងដុសធ្មេញផង 😀

    • សម្ផស្ស / ឧសភា 17 2012 10:42 ល្ងាច

      ពិត​ជា​សំបូរ​ទៅ​ដោយ​បទ​ពិសោធន៍​មែន​!

  4. សុផាត / ឧសភា 15 2012 8:55 ព្រឹក

    រឿងរបស់បងមួយណាក៏ប្លែកៗដែរ ហេហេហេ:)

    • លី កល្យាណ / ឧសភា 15 2012 7:45 ល្ងាច

      តិចទៀតសុផាត នឹងហួសចិត្តនិយាយលែងចេញ ព្រោះរឿងប្លែកៗមិនមែនសុទ្ធតែរឿងល្អទេ 😀

  5. somada / ឧសភា 16 2012 10:49 ព្រឹក

    ថ្ងៃក្រោយទៅបង្ហោះឡាន ហៅបងទៅផងណា ចង់ដឹងថាអាឡានហោះហ្នឹងវាម៉េចដែរ ? ធ្លាប់តែឃើញកូនជិះ​កន្ត្រក​ហោះ​ ឥឡូវ​ចាំមើលមីង​កល្យាណ​ជិះឡានបង្ហោះវិញ​មើល​ម៉េចដដែរ ។

    • លី កល្យាណ / ឧសភា 16 2012 4:01 ល្ងាច

      មានអីអស្ចារ្យទេបងអើយ មកពីកំពង់ធំដល់ភ្នំពេញ តែបីម៉ោងដប់ប្រាំនាទីទេផ្លូវកំពុងជួសជុលទៀត ធម្មតាបើកបីម៉ោងកន្លះ ផ្លូវធម្មតា។ ធានាថាបងបិទភ្នែកដូចម៉ាក់ញ៉ុំម៉ង 😀

  6. somada / ឧសភា 16 2012 8:01 ល្ងាច

    ប៉ុណ្ណឹងហើយអត់អស្ចារ្យទៀត អ៊ំស្រីគាត់បិតភ្នែកសង្ស័យតែគាត់ងងុយសម្រាន្តហ្នឹងណាស់ ហើយម្យ៉ាង​ទៀត​គាត់ទុកចិត្តអ្នកបើកទៅហើយ(បើគាត់ហ៊ានតែបើកភ្នែក ពីតជាស្រែកដូចស៊ើរ៉ែនឡាន​ពេទ្យជាមិន​ខាន​ទេ) ។​

    • លី កល្យាណ / ឧសភា 16 2012 9:01 ល្ងាច

      វ៉ាវៗៗ បងពូកែអាចធ្វើគ្រូទាយបានហើយ។

  7. sopheaksrey / ឧសភា 16 2012 10:21 ល្ងាច

    SL ?
    មិត្តខ្ញុំម្នាក់មានបំណងប្រាថ្នាធំជាងគេ គឺចង់បាន ម៉ូតូ អែសអិល ហ្នឹង… នាងពិតជាលំបាកហើយ 🙂

    • លី កល្យាណ / ឧសភា 17 2012 7:01 ព្រឹក

      ផ្តាំទៅមិត្តវិញផង ថាបើអាចដូរចិត្តសុំគិតទិញអីផ្សេងទៅល្អជាង។ ចាំមកពី វាលស្រែ វិញចាំខ្ញុំតបទៅទៀត។

  8. ភរិយានិងម្ដាយម្នាក់ / ឧសភា 16 2012 10:21 ល្ងាច

    មកផ្ទះបងម្ដងណាក៏មានរឿងសើចដែរ នេះបានហៅថាស្នាមញញឹមមែន 😀

    • លី កល្យាណ / ឧសភា 17 2012 7:10 ព្រឹក

      សូមកុំឱ្យតែញញឹមពេកជ្រួញកៀនបបូរមាត់ ហើយរករឿងខ្ញុំថានាំអាទិ៍នោះ បានហើយ។ អរគុណមិត្តទាំងអស់នៅទីនេះដែលតែងតែផ្តល់គំនិតល្អៗដល់ខ្ញុំ។

      ទោះយ៉ាងណា មិនដែលភ្លេចសន្យារឿង ស្នេហា Happy Ending ទេ 😀

  9. ភរិយានិងម្ដាយម្នាក់ / ឧសភា 17 2012 1:45 ល្ងាច

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: