Skip to content
23 ខែ​ឧសភា 2012 / ស្នាមញញឹម

ជីវិតក្នុងរបត់ថ្មី

ខ្ញុំជឿថាមនុស្សម្នាក់ៗមិនងាយកែប្រែទម្លាប់ប្រចាំថ្ងៃ ឬទម្លាប់ផ្សេងៗឡើយ។ ដរាបណាមានអ្វីមួយមកផ្លាស់ ប្តូរដំណើរប្រព្រឹត្តទៅនៃទម្លាប់នោះ មនុស្សម្នាក់ៗនឹងភ្ញាក់អារម្មណ៍គិតដល់ពេលវេលាកន្លង និងទម្លាប់ដែល ត្រូវបាន ផ្លាស់ប្តូរ

ខ្ញុំសុំជូនឧទាហរណ៍មួយ៖ បុរស កាលនៅមិនទាន់មានសង្សារ មិនមានទម្លាប់ចេញទៅខាងក្រៅ បាញ់ទឹក អប់ មិនត្រូវការអ៊ុតខោអាវ ឬស្លៀកពាក់ស្អាតបាតពេកនោះទេ។ តែដល់ពេលចាប់ផ្តើមចង់ស្រឡាញ់ នរណាម្នាក់ហើយ គាត់ក៏ចាប់ផ្តើមផ្លាស់ប្តូរទម្លាប់អាក្រក់មួយចំនួនចេញ។ នារីៗក៏ដូចគ្នា កាលបើគាត់មាន ចិត្តផ្តោតគិតទៅនរណាម្នាក់ហើយ គាត់ក៏ផ្លាស់ប្តូរទម្លាប់ នឹងគិតកែសម្រួលឥរិយាបថដើម្បីជាទីគាប់ចិត្ត នៃមនុស្សដែលគាត់កំពុងចាប់អារម្មណ៍។ ការផ្លាស់ប្តូរនេះបណ្តាលមកពីតម្រូវការ។

មួយវិញទៀត (មិនទាញឧទាហរណ៍តែយុវជនទេ) ចាស់មួយចំនួនក៏មានការផ្លាស់ប្តូរក្នុងជីវិត ជាមួយនឹង ភាពរីករាយក្នុងឳកាសចុងក្រោយ។ លោកអ៊ំប្រុសចាស់ៗ គាត់ផ្លាស់ប្តូរពីការឈ្ងោកមុខតែជាមួយការងារពី មុនមកសប្បាយរីករាយជាមួយការរាំរែក ជប់លៀងច្រៀងកំសាន្ត។ល។ ចំណែកអ៊ំស្រីៗវិញ គាត់ប្រែជារីក រាយនឹងការធ្វើបុណ្យដាក់ទាន ដែលពួកគាត់ពីមុនមកទម្លាប់តែមើលថែផ្ទះសម្បែង ការពារកូនចៅប្តីសី និង ប្រឹងរក និងរក្សាប្រាក់ ទុកដាក់ឱ្យគង់វង្ស។ ការផ្លាស់ប្តូរនេះបណ្តាលមកកាលៈទេសៈផង និងតម្រូវការផង។

ទម្លាប់កុមារមួយចំនួនក៏មានការប្រែប្រួល។ កាលពីមុន ក្មេងៗចូលចិត្តលេងគប់វង់ លេងឈូស លេងលោត អន្ទាក់ ដល់មួយរយៈនេះ ក្រោយពីទូរស័ព្ទ និងកុំព្យូទ័របានដើរតួនាទីសំខាន់ក្នុងសង្គមមក ក្មេងៗមិនសូវមាន ពេលលេងកំសាន្តតាមរបៀបសាមញ្ញទៀតទេ។ ពួកគេបានផ្លាស់ទម្លាប់ដែលធ្លាប់លេងល្បែងពីមុន មកចាប់ អារម្មណ៍ជាមួយល្បែងថ្មីដែលពេញនិយម។ ការផ្លាស់ប្តូរនេះគឺទៅតាមទំនោរ។

ខ្ញុំជឿថាមនុស្សណាម្នាក់ក៏មិនអាចប្រកាន់ទម្លាប់មួយណាឱ្យខ្ជាប់ខ្ជួនអស់មួយជីវិតដែរ។ ទម្លាប់របស់យើង ត្រូវតែប្រែប្រួលកាលបើមានអ្វីមួយថ្មីចូលមកផ្លាស់ប្តូរ អាចជាគំនិតថ្មី អាចជាមនុស្សថ្មី អាចជាវត្ថុថ្មី ហើយក៏ អាចជាជំនឿថ្មី។ 😛

ខ្ញុំបានជួបរឿងផ្លាស់ប្តូរនេះថ្មីៗ ដែលនាំឱ្យខ្ញុំពិចារណាដល់ការផ្លាស់ប្តូរផ្សេងទៀតក្នុងជីវិត។

ខ្ញុំជាមនុស្សដែលជោគជាំទៅដោយសារជាតិកាហ្វេអ៊ីន រហូតដល់អ្នកនៅជុំវិញលាន់មាត់ពីទម្លាប់ផឹកកាហ្វេ របស់ខ្ញុំ។

ខ្ញុំចូលចិត្តកាហ្វេលីងជាជាងកាហ្វេសម្រេច (Instant Coffee) ប្រើពាក្យឆ្អិនស្រេចដូចមិនសូវសម។ កាហ្វេ លីងច្រើនប្រើសម្រាប់ហាងកាហ្វេដែលអតិថិជនជាអ្នកចូលចិត្តកាហ្វេលីងឆុង ចោលក្លិនឈ្ងុយឈ្ងប់។

កាហ្វេរបស់ខ្ញុំ អ្នកដែលឆុងឱ្យ គេដឹងចិត្តស្រេច គឺកាហ្វេខ្មៅក្តៅមិនដាក់ស្ករ។ ប្រសិនបើជាកាហ្វេសម្រេច (Instant Coffee) កាហ្វេពីរស្លាបព្រាក្នុងមួយពែងចាក់ទឹកក្តៅចូល ដោយគ្មានដាក់ថែមអ្វីផ្សេងឡើយ បើ កាលណាគេច្រឡំឆុងមានស្ករខ្ញុំដឹងក្លិនភ្លាម។ មានជួនកាលខ្ញុំក៏ញ៉ាំកាហ្វេដោយថែមទឹកកកដែរ។ នៅ កន្លែងណាដែលគ្មានកាហ្វេឆុង ខ្ញុំចូលចិត្ត «អេសប្រេសសូ» ឬ «ប្លេកកូហ្វី»។ ខ្ញុំផឹកទឹកដោះគោ តែមិន ផឹកលាយជាមួយកាហ្វេទេ ដូចគ្នានឹងហូបនំបញ្ចុកដែរ ខ្ញុំមិនដាក់ល្បោយទេ តែក្រោយពេលហូបរួច ខ្ញុំ កាន់សណ្តែកកួរ ឬត្រសក់ហូបតាមក្រោយ។ ខ្ញុំដឹងថានេះជាទម្លាប់មួយអាក្រក់ តែខ្ញុំប្រែវាមិនទាន់បាន។

កាលពីខែមុន ខ្ញុំបានទទួលអំណោយពីក្មួយៗដែលទើបត្រឡប់មកពីលេងស្រុកថៃ។ ប្រហែលជាអ្នកម៉ាក់ លោកប៉ាដ៏គួរឱ្យគោរពទាំងពីរ ប្រាប់កូនថាមីងចូលចិត្តកាហ្វេបានជាគេផ្ញើមកនូវកាហ្វេ «ខាវសង Khao Shong» ។ កាហ្វេនេះជាផលិតផលរបស់អ្នកស្រុកខេត្តត្រាងនៃប្រទេសថៃ ដែលជាកាហ្វេក្នុងស្រុកបាន  ប្រើឈ្មោះជាភាសាថៃមុនគេបង្អស់ និងជាទីពេញនិយមនាពេលបច្ចុប្បន្ន។ នេះជាអំណោយដំបូងដែល បានផ្លាស់ប្តូរផ្នត់គំនិតខ្ញុំ គឺជាអំណោយដែលខ្ញុំមានឆន្ទៈក្នុងការផ្លាស់ប្តូរទម្លាប់។

ដំបូងទទួលអំណោយមកដោយគិតក្នុងចិត្តថា មើលទៅសាកឱ្យបានពីរបីដង កុំឱ្យក្មួយគេអន់ចិត្ត បំណាច់ នឹងគេខំយកមកជូន។ តែពេលបានស្វែងយល់ពីការណែនាំ ប្រៀនប្រដៅកូនរបស់ពួកគាត់មក ខ្ញុំបានរក ឃើញនូវចំណុចមួយចំនួនដែលគួរយកតម្រាប់តាម ពេលណាខ្ញុំមានកូនដែរ។

ក្នុងពេលញ៉ាំអាហារជាមួយគ្នា (ខ្ញុំហៅថាញ៉ាំព្រោះមានក្មេងៗក្នុងហ្នឹងដែរ ដើម្បីកុហកខ្លួនឯងថានៅក្មេង តិចទៅចុះ!) កូនៗរបស់គាត់ញ៉ាំបាយ ឬម្ហូបសល់ក្នុងចានច្រើន លោកប៉ាអ្នកម៉ាក់របស់ក្មួយៗ ជាអ្នក បង្ហើយតាមក្រោយ។ មួយចំណុចនេះខ្ញុំចាប់អារម្មណ៍ជាងគេព្រោះថា គ្រួសាររបស់ខ្ញុំមិនមានទម្លាប់បែប នេះទេ។ ពួកយើងទទួលខុសត្រូវអាហារនៅក្នុងចានរបស់ខ្លួន បើសិនជាអាហារនោះមិនឆ្ងាញ់យើងញ៉ាំ មិនអស់ ម៉ែនឹងវ៉ៃរហូតទាល់តែអស់បាយក្នុងចានបានរួចខ្លួន។ របៀបរឹតបន្តឹងបែបនេះ មានតែពីសម័យ ខ្ញុំនៅក្មេងទេ។ គាត់ក៏ប្រាប់ដែរថា សូមកូនកុំបន្ថែមការងារឱ្យម៉ែទៀត ក្នុងពេលដែលម៉ែលាងចាន ម៉ែត្រូវ ប្រមូលអាហារដែលសល់នោះដាក់ឱ្យសត្វ ហើយបានយកវាមកលាង ចុះបើកូនញ៉ាំឱ្យអស់ពីចាន ម៉ែក៏ ងាយនឹងយកវាមកលាង ឯសត្វដែលត្រូវការបាយដែរនោះយើងនឹងមានចំណែកផ្សេងសម្រាប់វា។ គាត់ មានហេតុផលរហូត។

ក្រឡេកមើលទៅទម្លាប់លោកប៉ាអ្នកម៉ាក់របស់ក្មួយស្រីទាំងពីរវិញ។ ពួកគាត់អប់រំកូនតាមរបៀប មាន គោលការណ៍ច្បាស់លាស់ ហើយតាមដែលខ្ញុំដឹង គោលការណ៍មួយក្នុងចំណោមនោះគឺ ប្រដៅណែនាំ ដោយមានហេតុផល និងតាមវិធីសាស្រ្តនិយាយដោយសម្តីទន់ភ្លន់។

ក្នុងពេលហូបអាហារជុំគ្នា ខ្ញុំឃើញគាត់ពិសាបង្ហើយ ខ្ញុំស្មានថាគាត់មិនទាន់ឆ្អែត (ខ្ញុំគិតដែរ ថាខ្ញុំមនុស្ស ហូបបាយច្រើនជាងគេ តែគាត់ហូបច្រើនជាងខ្ញុំទៅទៀត???) ទាល់តែសួរទើបដឹងថា គាត់មានវិធីអប់រំកូន ដោយការអនុវត្តន៍ផ្ទាល់… កូនញ៉ាំបាយមិនអស់ ម៉ាក់ស្តាយបាយដែលពិបាករក ប៉ាស្តាយបាយព្រោះពេល ប៉ា ម៉ាក់ និងកូនៗមានបាយញ៉ាំយ៉ាងឆ្អែត ថែមទាំងសល់ តែមានមនុស្សមួយចំនួនទៀតកំពុងតែដើរចច្រប់ ស្វែងរកអាហារត្រឹមតែមួយភាគបីនៃអ្វីដែលយើងកំពុងមាន។ តើយើងគួរអាណិតគេទេ? គួរខ្ជះខ្ជាយទេ ក្នុងពេលដែលយើងអាចនឹកប្រៀបធៀបបែបហ្នឹងបាន? ចំពោះខ្ញុំ ខ្ញុំមិនដែលបង្ខំចិត្តធ្វើអ្វីដែលខ្ញុំមិនចង់ ធ្វើដូចជាស្តាយបាយខំញ៉ាំឱ្យអស់បែបហ្នឹងឡើយ។ របៀបរបបរស់នៅពិតជាខុសគ្នា ឯគុណភាពជីវិតក៏ មិនដូចគ្នាដែរ។

ក្រោយបានស្តាប់ពាក្យប្រដៅរបស់លោកប៉ា អ្នកម៉ាក់ ក្មួយៗ ចំពោះកូនៗ របស់គាត់ ខ្ញុំដូចជាភ្ញាក់ខ្លួន។ តើខ្ញុំនឹងទុកឱ្យកាហ្វេហ្នឹងសល់ឬ? ក្នុងពេលដែលអ្នកខ្លះចង់ញ៉ាំកាហ្វេ តែគ្មានឳកាសបានញ៉ាំកាហ្វេ ឆ្ងាញ់បែបនេះផង។ ខ្ញុំមានឆន្ទៈក្នុងការផ្លាស់ប្តូរ ឬអាចនិយាយបានថាទទួលយករបត់ថ្មី ដើម្បីឱ្យជីវិតកាន់ តែបានភ្លក្សរសជាតិថ្មីៗថែមទៀតចាប់ពីពេលនេះតទៅ។

កាហ្វេរបស់ក្មួយឈ្ងុយឆ្ងាញ់ណាស់ ហើយមីងក៏បានញ៉ាំអស់ហើយដែរ ព្រោះមីងចង់ញ៉ាំរសជាតិដែល ក្មួយបានជ្រើសរើសឱ្យ។ I like it a lot, I like the kindest mind of yours.

 

អរគុណក្មួយៗ និងលោកប៉ា អ្នកម៉ាក់ ដែលនាំឱ្យខ្ញុំស្គាល់រសជាតិជីវិតមួយទៀតបានមកពីការផ្លាស់ប្តូរ

អាចស្វែងយល់បន្ថែម ប្រសិនបើចង់ដឹងពីប្រវត្តិរបស់កាហ្វេនៅវីគីផេឌៀ ដោយចុច ត្រង់នេះ

សំណូមពរ៖ សូមបង សុម៉ាដា  មេត្តាអាណិតជួយកែសម្រួលអត្ថបទរបស់ខ្ញុំផង។

I like you all!

Advertisements
  1. ភរិយានិងម្ដាយម្នាក់ / ឧសភា 23 2012 9:36 ល្ងាច

    បងហា៎ ខ្ញុំក៏ញៀនកាហ្វេដែរ អត់កាហ្វេមួយព្រឹក ខ្ញុំទន់ដៃទន់ជើងធ្វើការអីមិនបានទេ រហូតដល់កាលមាន​ទំងន់អាពេជ្រ ខ្ញុំ​ព្យាយាមផ្ដាច់ដែរ ព្រោះខ្លាចប៉ះពាល់សុខភាពកូនក្នុងពោះ ក៏នៅតែផ្ដាច់មិនបាន គ្រាន់តែ បន្ថយត្រឹមមួយកែវ​ក្នុងមួយថ្ងៃ។​ តែកាហ្វេអីក៏ចេះតែញ៉ាំបានដែរ ធ្វើយ៉ាងណា​អោយ​តែមាន​ជាតិ​កាហ្វេ​អ៊ីន​ចូល​ពោះ​ គឺរួចគ្នា​ហើយ។

    • លី កល្យាណ / ឧសភា 23 2012 11:22 ល្ងាច

      ចុះកូនអត់កើតអីទេឬ? ខ្ញុំឮគេថា កាហ្វេក្តៅណាស់ ។ ធម្មតាខ្ញុំធ្វើការនៅវាលក្តៅ ដល់មកនៅការិយាល័យម្តងម្កាលក្នុងម៉ាស៊ីនត្រជាក់ជាមួយគេ ខ្ញុំទៅជារងាវិញ កុំតែបានកាហ្វេយោងកុំអីអង្គុយមិនបានទេ ព្រោះមិនទ្រាំរងាបាន។

    • ភរិយានិងម្ដាយម្នាក់ / ឧសភា 24 2012 8:36 ព្រឹក

      ខ្ញុំស្រាវជ្រាវឯកសារច្រើនដែរ តែគេគ្រាន់តែថាវាជាការល្អ​បើយើងអាចតមបានពេលមានផ្ទៃពោះ តែបើទ្រាំមិនបាន​ដោយសារមិនអាច​ផ្ដាច់បាន មួយកែវក្នុងមួយថ្ងៃ មិនប៉ះពាល់ទេ។ កាលពីមានទំងន់អា២នាក់មុន ចេះផឹកកាហ្វេដែរ តែមិនញៀនទេ ដល់មានអាពេជ្រ​ស្រាប់​តែផ្ដាច់អត់កើត ហ៊ានតែអត់កាហ្វេមួយព្រឹក​ល៏មើល​ ម៉ាថ្ងៃហ្នឹង មុខតែដេកសន្លប់សន្លិន មិនខានហេស។

    • somada / ឧសភា 24 2012 9:37 ព្រឹក

      កាលពីទម្ងន់នីតា(កូនស្រីទីពីរ)ខ្ញុំក៏ញៀនកាហ្វេដែរ រហូតដល់ថ្នាក់ម៉ាក់របស់ខ្ញុំទៅប្រាប់អ្នកលក់ ឈប់​ឲ្យលក់ឲ្យ តែខ្ញុំនៅតែលួច​ញ៉ាំ រហុទលទ្ធផលចុងក្រោយគឺ កូនទីពីររបស់​ខ្ញុំខ្មៅដូចកាហ្វេអញ្ចឹង គិៗៗ ។ មានរឿងមួយទៀតគឺរហូតដល់ពេលឈឺពោះជិតនឹងកើតហើយនោះ ខ្ញុំក៏មិនភ្លេចបន្ថែមជាតិកាហ្វេជាចុង​ក្រោយ​​ដែរគឺ កាហ្វេទឹកដោះគោទឹកកក ។ ខ្ញុំចូលចិត្តកាហ្វេ តែមិនរហូតញៀនដល់ថ្នាក់អត់មិន​បាននោះទេ គឺញ៉ាំក៏បានអត់ក៏បាន ទាល់តែថ្ងៃណាអត់ងងុយខ្លាំង ឬ ការងារច្រើនទើបខ្ញុំផឹក តែបើហ៊ានផឹកដូចកល្យាណ​ពិតជាអត់ដេកប្រាំពីរយប់ ប្រាំពីរថ្ងៃជាមិនខានទេ ។

    • លី កល្យាណ / ឧសភា 24 2012 9:07 ល្ងាច

      អាមួយហ្នឹងខ្មៅស្រស់ណាស់ណាបង!

    • លី កល្យាណ / ឧសភា 24 2012 9:53 ព្រឹក

      ខ្ញុំយ៉ាប់ណាស់! ខ្ញុំផឹកកាហ្វេរហូតដល់ថ្នាក់អ្នកលក់គេដាក់កំណត់ឱ្យខ្ញុំ។ ក្នុងមួយថ្ងៃគេលក់ឱ្យខ្ញុំតែពីរកែវទេ ទៅទិញលើសពីនេះ ណូវេ! បើចចេសទិញមុខជាចេញ ង៉ាំង៉ូវទឹកកក ឬ ទឹកក្រូចឆ្មារទឹកកកមិនខានទេ 😀
      អ្នកលក់ហ្នឹងឬកធំជាងអ្នកទិញ!

  2. តា ម៉ាប់ / ឧសភា 24 2012 1:27 ព្រឹក

    ខ្ញុំអីក៏ចូលដែល អ៊ីចឹង​បាន​គេ​ហៅតាម៉ាប់ 😀

    • លី កល្យាណ / ឧសភា 24 2012 6:57 ព្រឹក

      រកគ្នាឃើញហើយតើនេះ! តាម៉ាប់ផ្ទះច្រើនពេកខ្ញុំចូលម្ង៉ៃៗមិនដែលអស់ទេ។ ហើយមានរបស់ថ្មីមករហូត!

    • តា ម៉ាប់ / ឧសភា 24 2012 9:55 ព្រឹក

      ហេហេហេ ផ្ទះមាន ៩ ដើរជា​ប្រចាំ​មាន ៣ ដើរ​យូរ​ៗ​ម្តងមាន ៥ និង មិនទាន់ដើរមាន ១ ។ ដើរ​ជា​ប្រចាំគឺ តាម៉ាប់យាយម៉ាប់ ហ្វេសប៊ុកឯកជន និង មួយ​ថ្ងៃរូប​មួយ​សន្លឹក ។

      បើ​ផ្ទះ មួយ​ថ្ងៃរូប​មួយ​សន្លឹក​ណឹងគឺ មាន​ប្រកាស​អត្ថបទ ១ ជា​រៀង​រាល់​ថ្ងៃ​ហ្មង ឱ្យ​ត្រូវ​នឹង​ឈ្មោះ​ ។

      តាម៉ាប់យាយម៉ាប់ មួយរយៈ​ណឹង​មិនសូវ​មា​ន​ពេល​ទំនេរ​បក​ប្រែ ។

  3. somada / ឧសភា 24 2012 9:45 ព្រឹក

    កល្យាណបងអត់ដឹងថាត្រូវកែត្រង់ណាទេ ! អរគុណ​ដែលបានលើកយកចំណុចពិសេស ៗ មកសរសេរ ជាពិសេស​អារឿងហូបបាយហូបទឹកនោះ ពិតជាអៀនដល់ហើយ រកកន្លែងពួនមិន​ឃើញ​នោះទេ ។ ក្មួ​យ​ ៗ ប្រាប់ថា​បើលើកក្រោយ​ផ្ញើរមីង គេពិតជារើសយករសជាតិកាហ្វេសុទ្ធ (អេសប្រេសូ)មិនឲ្យមីង​ខកបំណង​ទៀតទេ ។ ព្រោះបើបងញ៉ាំកាហ្វេខាងលើនោះវិញ បងញ៉ាំតែកន្លះកញ្ចប់ទេហើយត្រូវ​ថែមស្កសរបន្តិច និង ម្សៅ​ទឹកដោះគោទៀតផងទើបញ៉ាំបាន ។

    • លី កល្យាណ / ឧសភា 24 2012 10:22 ព្រឹក

      សុំផ្តាំទៅក្មួយផងបង មីងអរគុណខ្លាំងណាស់។ តែសូមកុំផ្ញើមីងទៀតអី មីងខ្លាចអ្នកលក់កាហ្វេក្បែរផ្ទះមីងគេជេរ ព្រោះបាត់មុខមីងពីហាងគេ!
      តាមពិតទៅកាហ្វេនេះមានរសជាតិខ្លាំង និងឆ្ងាញ់ អ្នកធ្វើពូកែលីងណាស់ មិនបានបាត់រសដើមច្រើនឡើយ តែមកពីវាមានលាយ កូហ្វីមេត ច្រើន ទើបខ្ញុំមិនសូវនិយម។
      ខ្ញុំពិបាកណាស់រឿងបាយទឹក រឿងហូបចុកហ្នឹង របស់ណាមានលាយ ច្រើនគ្រឿងខ្ញុំពិបាកញែករសជាតិ ខ្ញុំអត់សូវចូលចិត្តដែរទេ។
      សុំនិយាយដើមអ្នកបម្រើក្មេងនៅសណ្ឋាគារសាន់វេតិចចុះ៖
      ថ្ងៃមុនសិក្ខាសាលានៅនោះ ខ្ញុំអ្នករៀបចំផង អ្នកសម្របសម្រួលផង អ្នកបញ្ចាំងស្លាយផង នៅឆ្លៀតទទួលភ្ញៀវទៀត។ ដល់ពេលសម្រាកអាហារសម្រន់ ខ្ញុំសំដៅតែកាហ្វេទេ ព្រោះពេលសម្រាកចឹង ទំពារអីមិនបានទេ ត្រូវការនិយាយជាមួយគេ។ ឈរនិយាយគ្នាបណ្តើរ ហុចពែងកាហ្វេទៅអ្នកចាក់ឱ្យ៖
      អ្នករៀបភេសជ្ជៈ ៖ អត់ទោសបង អញ្ជើញពិសាអីដែរ?
      ខ្ញុំ៖ កាហ្វេ អូន!
      អ្នករៀបភេសជ្ជៈ ៖ ត្រូវការទឹកដោះគោទេបង?
      ខ្ញុំ៖ ណូ សែងស៍! (គ្រវីក្បាលថែមផង បញ្ជាក់ឱ្យច្បាស់មិនអីចឹងទេ ត្រូវទទួលឆ្លើយមួយសំនួរទៀតមិនខាន)
      ជាប់មាត់ផឹកបណ្តើរនិយាយគ្នាបណ្តើរពីការងារ អស់មួយពែងដើរសៀរៗនាំ អ្នកនិយាយជាមួយទៅនិយាយ ដល់កន្លែងកាហ្វេទៀត។ ហុចពែងទៅបណ្តើរ ជាប់មាត់ជាមួយភ្ញៀវបណ្តើរ ៖
      ខ្ញុំ៖ កាហ្វេ!
      ងាកមកឆ្លើយឆ្លងជាមួយគ្នាខ្ញុំ។
      អ្នករៀបភេសជ្ជៈ ៖ អត់ទោសបង អញ្ជើញពិសាអីដែរ?
      ខ្ញុំ៖ កាហ្វេ អូន!
      ផឹកបណ្តើរជជែកបណ្តើរ អស់ពីពែងទៅថែមទៀត។ ហុចពែងទៅ គេនៅរេរ ចាំសួរទៀតព្រោះខ្ញុំកំពុងជាប់មាត់រកដកឃ្លាប្រាប់ថា កាហ្វេ មិនបានសោះ តែបានញញឹមដាក់អ្នកចាក់ដែរ៖
      អ្នកធ្វើការជាមួយខ្ញុំម្នាក់ទៀត ៖ ចាក់កាហ្វេជូនគាត់ទៅ!
      អ្នកចាក់ហ្នឹង នៅអេះអុះៗ ហ្នឹង គេអត់ព្រមចាក់ទេ ទាល់តែអ្នកធ្វើការជាមួយខ្ញុំគាត់កាន់ពែងថ្មី ប្រាប់អ្នកចាក់កាហ្វេហ្នឹងឱ្យចាក់កាហ្វេ ហើយហុចពែងហ្នឹងមកខ្ញុំបានខ្ញុំបានផឹកកាហ្វេ។
      ខ្ញុំ៖ អរគុណលោកពូ! (ត្រូវតែអរគុណ ព្រោះបើមិនបានគាត់ ខ្ញុំត្រូវឈរកាន់ពែងហ្នឹងមួយសន្ទុះទៀត)

      នេះបានថា មិនត្រឹមតែអ្នកលក់កាហ្វេនៅក្បែរផ្ទះទេដែលតឹងរឹងដាក់ តែអ្នករៀបភេសជ្ជៈនៅសណ្ឋាគារក៏គេរើសអើងដែរខ្ញុំ។ 😀

  4. somada / ឧសភា 24 2012 11:07 ព្រឹក

    នរណាទៅហ៊ានចាក់ឲ្យទៀតបើថែមម្លឹង ៗ នោះ ។ បើជាបងក៏មិនចាក់ឲ្យដែរ ! ប៉ុណ្ណឹងហើយនៅមិនទាន់ដឹងខ្លួនទៀតមើលទៅ សង្ស័យតិចទៀតគេឃើញមុខទៅ គេទាញទ្វារបិទហើយ​មើលទៅនោះ ។

    • ភរិយានិងម្ដាយម្នាក់ / ឧសភា 24 2012 1:53 ល្ងាច

      និយាយរឿងញ៉ាំប្រមូល​សល់ពីកូននេះ នូនូក្បាលខូចតែងតែញ៉ាំសល់រហូត ហើយខ្ញុំជាអ្នកបង្ហើយតាម​ក្រោយជានិច្ចដែរ(ស្ដាយហ្នឹងណា) រហូតដល់ថ្នាក់​ពេលណា​ញ៉ាំអី​សល់ក៏គេយកមកហុចអោយម៉ាក់ មិនថាទឹកដោះគោជូរ អាខាប់ក្ដី អាទឹកក្ដី បាយ បបរ​ នំនែក ចំណីសព្វបែបយ៉ាង គឺម៉ាក់ជាអ្នកបង្ហើយ… ដល់យូរៗទៅ ថាស្អីក៏យកមក​ហុចអោយម៉ាក់​ដែរ ពេលមួយនោះ នូនូយកនំមកសល់តែមួយ​ជ្រុងតូច​ប៉ុន​មេដៃមក​ហុច​អោយ​ ម៉ាក់ហួសចិត្តពេក ក៏សួរថា ម៉ាក់ជាធុងសំរាមរបស់កូនឬ បានជាស្អីសល់ក៏យកមកអោយម៉ាក់ចឹងនោះ???!!! 😕

    • លី កល្យាណ / ឧសភា 24 2012 4:57 ល្ងាច

      បងអើយកុំយកការពិតមកនិយាយ! ឆ្នាំមុនៗ មានបងស្រីម្នាក់គាត់សហការជាមួយខ្ញុំធ្វើការងារ។ កន្លែងធ្វើការគាត់មានអ្នកឆុងកាហ្វេលីងដែលខ្ញុំចូលចិត្តបំផុត។ ដំបូងៗគាត់សប្បាយចិត្តណាស់ ឱ្យតែខ្ញុំទៅ គាត់ប្រាប់គេឱ្យដាក់កាហ្វេឱ្យ ដល់មើលទៅបែបរាងមិនស្រួល ទៅលើកក្រោយៗ គេដាក់តែ ឱ្យវិញ (តែហ្នឹងក៏ខ្ញុំចូលចិត្តដែរ) រួចគាត់ថាម៉េចបងដឹងទេ? ខ្ញុំឡើងផ្ងារពោះ «ង៉ៃហ្នឹង ម៉ាស៊ីនឆុងខូចបាត់ ហើយ!» ចេញពីហ្នឹងវិញខ្ញុំឆ្លៀតលួចមើល ឃើញម៉ាស៊ីនឆុងកាហ្វេមានកាហ្វេនៅកន្លែងកម្តៅសោះហ្នឹង! 😀

      ជីវី៖ ក្មួយប្រហែលជាអត់បានគិតដល់ទេ ព្រោះគ្នានៅក្មេង (ហើយក៏ប្រហែលជាយូរៗទៅជាទម្លាប់)! តែម៉ាក់ធ្វើបដិវត្តបែបនេះគឺជាការដាស់ស្មារតីដ៏ល្អចំពោះកូន! កូនក្មេងស្មារតីដូចចន្លុះចឹង ត្រូវការឆ្កៀលឱ្យញឹកតិច។
      បែបនេះហើយបានជាគេ ឱ្យកូនធ្វើពិធីសុំខមាទោស ឱពុកម្តាយមួយឆ្នាំម្តង។

  5. somada / ឧសភា 25 2012 10:06 ព្រឹក

    កល្យាណផ្ងារពោះប៉ុណ្ណឹងហើយនៅតែមិនរៀងទៀតហ្ន៎ បានតែផ្ងាពោះដូចអណ្តើកតើបានដឹងខ្លួន ។
    ជីវី៖​ បងក៏យល់ស្របតាមកល្យាណដែរ ការដែលថាឲ្យកូនបែបនេះ អាចមកពីពេលនោះជីវីអារម្មណ៍មិនល្អ​ផងក៏​មិនដឹង(សង្ស័យតែខឹងប៉ាវាហើយមើលទៅ) តាមពិតនេះ​មកពីនូនូដឹងថា ម៉ាក់វាស្តាយ​នឹងណា ទើបយក​មកឲ្យ អារឿងស្តាយនោះហើយទើបធ្វើឲ្យបង​ក្លាយជាយាយម៉ាប់ហ្នឹងណា ។ គ្រួសារបងមាន​ទម្លាប់​មួយគឺម្នាក់ ៗ ត្រូវម្ចាស់ការលើនំចំណី ម្ហូបអាហារ​និង​សម្លៀកបំពាក់ ​(សម្រាប់ការធ្វើដំណើរទៅឆ្ងាយ កាបូបអ្នកណាអ្នកហ្នឹងស្ពាយ​​ការរៀបចំសម្លៀកបំពាក់សម្រាប់ការប្រើប្រាស់រៀង​ៗខ្លួន) និយាយរួមម្នាក់ ៗ ត្រូវទទួលខុសត្រូវលើខ្លួនឯង ។ សម្រាប់អាហារក៏អញ្ចឹងដែរ អ្នកណាចង់ញ៉ាំអី ទិញហ្នឹងទៅ​តែត្រូវញ៉ាំឲ្យអស់​ ក្រោយមកដោយម្នាក់ ៗ ទិញតាមចំណង់ ឃើញថាដូចជាខ្ជះខ្ជាយពេក ទើបសម្រេចថា​ថ្ងៃនេះ​កូន ៗ​ចង់ញ៉ាំអី​ក៏ទិញមក តែប៉ាម៉ាក់ មិនបាច់ទិញទេ ហើយថ្ងៃណាដែលកូន ៗ រកនឹកមិនឃើញ​ទើបប៉ាម៉ាក់ទិញ (ម្ហូបពេលល្ងាច ព្រោះពេលថ្ងៃត្រង់​២នាក់បាយនៅសាលា ឯប៉ានិង​ម៉ាក់នៅកន្លែងធ្វើការ) ។ ដូច្នេះហើយទើបអាហារ​ ឬ នំចំណីដែលទិញមកមិនឲ្យសល់ទេ ទោះជាឆ្អែតហើយក៏ដោយ​ ក៏ម្នាក់ ៗ ត្រូវប្រឹងឲ្យអស់ដែរ ។

  6. rav4 / ឧសភា 25 2012 1:23 ល្ងាច

    តើខ្ញុំអាចទិញកាហ្វេដូចក្នុងរូបភាពដែលបងបង្ហាញនេះនៅទីណាបាន ?

    • លី កល្យាណ / ឧសភា 25 2012 2:22 ល្ងាច

      ខ្ញុំអត់ដឹងទេ ដឹងតែក្មួយគេមកពីស្រុកថៃ គេទិញពីនោះមកផ្ញើ ឯត្រង់ស្រុកយើងមានដែរអត់ខ្ញុំមិនដឹងឡើយ។

  7. តា ម៉ាប់ / ឧសភា 26 2012 7:18 ល្ងាច

    ជួបគ្នា​ឥត​មាន​ហៅខ្ញុំសោះ !

    • លី កល្យាណ / ឧសភា 26 2012 10:30 ល្ងាច

      កម្លោះសង្ហារអើយ ចាំខ្ញុំទៅដើរលេងចាំខ្ញុំហៅទាំងយាយម៉ាប់ទៅផង។ ខ្ញុំចូលចិត្តដើរ តែបើតាម៉ាប់ទៅដែរទាល់តែយាយម៉ាប់តាមផងបានទៅកើត! 😀

    • តា ម៉ាប់ / ឧសភា 27 2012 11:13 ព្រឹក

      បែបគាត់ទៅមិនកើតទេ 😀

  8. somada / ឧសភា 26 2012 8:10 ល្ងាច

    សាកទៅរក​មើលនៅផ្សារទំនើប​ឡាក់គីទៅក្រែងលោមាន ។ តាម៉ាប់​ចង់ហៅដែរតែ​មិនស្គាល់លេខទូរស័ព្ទ ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: