Skip to content
25 ខែ​ឧសភា 2012 / ស្នាមញញឹម

កិរិយាគួរប្រតិបត្តិ (ខ្មាសណាស់លោកអើយ)

ការគួរសមចំពោះញាតិចាស់ទុំដែលខ្ញុំធ្លាប់ស្គាល់ គឺជារឿងដែលខ្ញុំអាចអនុវត្តបានដោយមិនចាំបាច់មានអ្នក មកប្រៀនប្រដៅឬណែនាំទេ ព្រោះថាគំនាបពីម្តាយ និងជីដូនល្មមសមរម្យឱ្យខ្ញុំស្ថិតក្នុងផ្នត់មួយ។

ការគោរព ឱនលំទោន ការគួរសមសម្រាប់មនុស្សមិនធ្លាប់ស្គាល់ ឬមិនបានប្រាស្រ័យទាក់ទងគ្នា វាជារឿង មួយពិបាកសម្រាប់ខ្ញុំ។ ខ្ញុំឆាប់រាងចាល ឆាប់អៀន កាលបើខ្ញុំបានលើកដៃសំពះមនុស្សដែលខ្ញុំបានជួបតែ គាត់បែរជាមិនមានប្រតិកម្មតបវិញកាលបើគាត់មានអារម្មណ៍ថាគាត់មិនធ្លាប់ស្គាល់ខ្ញុំ ខ្ញុំនឹងដើរគេចមុខ មនុស្សនោះ និងអ្នកដែលស្ថិតក្នុងការណ៍នោះជារៀងរហូត អាចដល់អស់មួយជីវិតក៏ថាបាន។

ខ្ញុំនៅនឹកស្នាមរបួសដួងចិត្តរបស់ខ្ញុំកាលពីដប់ប្រាំឆ្នាំមុននៅឡើយ រហូតដល់សព្វថ្ងៃ។ ថ្ងៃនេះក៏សម្រេចចិត្ត ថាត្រូវលើករឿងនេះមកសរសេរចែកគ្នាស្តាប់ គ្រាន់បានជាគំនិតទុកអប់រំកូនចៅ ញាតិមិត្តតាមការគួរ។

«របួសដួងចិត្ត?» មិនមែនជារឿងស្នេហានោះទេ ព្រោះខ្ញុំមិនធ្លាប់មានស្នេហាផង។ របួសដួងចិត្តនៅត្រង់នេះ គឺរបួសដោយសារឈឺចិត្ត ឈឺពេក ឈឺហួសបើថ្លែង…

ឆ្នាំ១៩៩៧ ខ្ញុំបានមករៀនសូត្រនៅភ្នំពេញ ឆ្នាំដែលខ្ញុំចំណាយពេលជាមួយកង់កញ្ចាស់ទៅគ្រប់ទិសទីនៃ ទីក្រុងនេះ រួមទាំងរាជវាំងផង។

ខ្ញុំត្រូវទៅយករបស់ដែលពូបានតេប្រាប់ថាឱ្យទៅចាំនៅក្លោងទ្វារវាំងខាងជើង ក្បែរសាលារចនា ក្បែរផ្លូវទៅ សារមន្ទីរជាតិ ជិតវាលមេន។ ពូផ្តាំមកច្បាស់ប៉ុណ្ណឹងហើយ ឡើងកង់វឹងក្រោយបាយរួចម៉ោងប្រហែលជាង ពីររសៀលទៅឈរចាំពូ។ បើកាលហ្នឹងមានទូរស័ព្ទដូចឥឡូវគ្មានទៅឈររេរយូរទេ! មានតែទូរស័ព្ទលើតុ ទាក់ទងគ្នាហើយមានតែអ្នកដែលមានលទ្ធភាពបង់ថ្លៃទូរស័ព្ទប៉ុណ្ណោះដែលប្រើវាតាមផ្ទះ ក្រៅពីហ្នឹងគឺប្រើ ទូរស័ព្ទតាមទូសាធារណៈ (ដោយប្រើកាត) ឬ ទូរស័ព្ទជួលនិយាយ (គេហៅថាទូរស័ព្ទសាធារណៈដែរ)។

ឈរចាំគាត់តាំងពីម៉ោងជិតបីរហូតដល់ម៉ោងជិតប្រាំល្ងាច ឡើងធុញដល់កម្រិតហើយ ពូគាត់មិនព្រមចេញ មកប្រាប់ថាយ៉ាងម៉េចយ៉ាងម៉ាអីតិចសោះ អ្នកយាមទ្វារក៏គេនៅឈរដូចរូបចម្លាក់ ហើយកាលហ្នឹងខ្ញុំនៅ ក្មេងផងមិនចេះទៅសួរនាំគេសោះ គិតតែពីឈរទាំងធុញទ្រាន់។

កំពុងតែទប់ខ្លួនអង្គុយលើកង់ស្រាប់តែឃើញឡាន ប៉ឺសូ ស៊េរីទំនើបមួយបានមកឈប់នៅអែបផ្លូវចូល។ ជា ធម្មតាខ្ញុំជាអ្នកនិយមសម្លឹងមើល ម៉ូត ម៉ាក ស៊េរីឡានណាស់ ឡានមួយណាក៏មិនអាចភ្លាត់ចេញពីក្រសែ ភ្នែកខ្ញុំដែរ បើជាស៊េរីថ្មីទៀតនោះមុខជាតាមមើលរហូតផុតកន្ទុយភ្នែកមិនខាន តែនេះឈរឡើងចង់ស្រែក ជេរពូទៅហើយ រឿងអីទៅមានអារម្មណ៍តាមមើលឡាននោះ។ គ្រាន់តែក្រឡេកឃើញក៏ដាក់ភ្នែកត្រឡប់ មកវិញសញ្ជឹងគិតរឿងនានាដែលខ្ញុំកំពុងជួបប្រទះ។

ឮសូរឡានបិទទ្វារក៏នឹកក្នុងចិត្តថា សូម្បីសម្លេងទ្វារអាឡានទំនើបហ្នឹងក៏ឮដូចបិទដោយថ្នមដៃដែរហ្ន៎ ចឹង បានគេចូលចិត្តជិះឡានទំនើប។ ឡានចាស់វិញ ទាញម៉ាទំហឹងបិទហើយ ជួនកាលពីរដងអីមិនទាន់ជាប់ផង ត្រចៀកសឹងបែកគ្រាន់តែនៅក្បែរ។

ងើបក្បាលប្រុងទៅមើលឡានទេ ព្រោះថាស្តាយដែលធ្លាប់តែតាមមើលវាទៅជាមិនបានមើលដូចជាខុស ទម្លាប់។ ស្រាប់តែ លោកអ៊ំស្រីពីរនាក់ដើរមកសំដៅចូលទៅក្នុងតាមទ្វារដែលខ្ញុំនៅឈរក្បែរនោះ។ គាត់ ដើរសំដៅមក លើកដៃសំពះខ្ញុំដែលកំពុងធុញទ្រាន់នឹងបរិយាកាសដ៏តឹងតែងរបស់ខ្លួនឯង។

ខ្ញុំទៅជាស្រឡាំងកាំងភ័ន្តរកនឹកអីក៏មិនឃើញ លុះក្រោយបន្តិចមកក៏លើកដៃសំពះតបទៅគាត់វិញទាំងខំ គិតថាតើខ្ញុំធ្លាប់ស្គាល់គាត់ដែរទេ? ស្គាល់នៅកន្លែងណា? ក្រែងធ្លាប់ជួបគ្នានៅឯណាទេដឹងហើយខ្ញុំភ្លេច!

អ្នកក្មួយអញ្ជើញមករកលោកណាដែរ?

ចាសលោកអ៊ំ ខ្ញុំមករកពូ គាត់ឈ្មោះ (…) គាត់ឱ្យខ្ញុំមកចាំគាត់។ ខ្ញុំសុំទោសលោកអ៊ំ…

អញ្ជើញចូលមកចាំខាងក្នុងសិនមក។

ខ្ញុំមិនហ៊ានរំខានលោកអ៊ំទេ ខ្ញុំសុំនៅខាងក្រៅវិញ។

ចាស អីចឹងខ្ញុំសុំជម្រាបលា អ្នកក្មួយ។

ចាសលោកអ៊ំ! (ម្តងនេះមិនឱ្យគាត់លើកដៃបានមុនទេ កុំឱ្យអាមាសមុខពីរដងទាន់ តែម្តងនោះឡើងរឹងខ្លួន ណាស់ទៅហើយ)

ខ្មាសគាត់ណាស់លោកអើយ! ខ្ញុំឈរតាមសម្លឹងមើលគាត់ដោយគោរពត្រង់ជើងភ្លឹង ព្រោះពេលដែលគាត់ ដើរដល់កន្លែងដែលទាហានម្នាក់នោះឈរគ្មានកម្រើកតាំងពីម៉ោងជិតបីដែលខ្ញុំមកចាំពូ ពួកគាត់ទាំងពីរ ត្រូវបានទាហានរូបនោះស្ទុះទៅគំនាប់រួចលូកដៃបើកទ្វារជូនដោយក្តីគោរពឱនលំទោនបំផុត ជាទីបំផុត

ខ្ញុំខ្មាសគេណាស់ ខ្មាសទាហានដែលឈរនៅទីនោះ ខ្មាសទាំងអ្នកបើកឡាននោះ ខ្មាសគ្រប់ខ្មាសសព្វ ។ ខ្មាសទីមួយគឺការដែលធ្លាប់រៀនសូត្រមកបានមើលសៀវភៅរឿង ការគួរសម (តាចាស់ ដែលគោរពក្មេង ប្រុសសំ មុនជានិច្ចដោយដោះមួក) មិនគួរណាខ្លួនខ្ញុំក្លាយជាចៅសំក្នុងសៀវភៅហ្នឹងសោះ។

ខ្មាសទីពីរ គឺខ្មាសគេដែលម្តាយចិញ្ចឹមខ្ញុំគឺជាមនុស្សមានវិន័យ ច្បាប់ និងសីលធម៌ល្អណាស់ សូម្បីពាក្យសម្តី ដែលត្រូវនិយាយ ហើយខ្ញុំត្រូវបានគាត់ចិញ្ចឹមប្រដៅរឹតដូចខ្សែចាប៉ីចឹង តែខ្ញុំមិនបានដើរតាមគន្លងគាត់ បាន ត្រឹមតែដឹងថាទង្វើណាគួរធ្វើ ណាមិនគួរធ្វើ តែមិនសូវទម្លាប់ធ្វើ ម៉្លោះហើយក៏ឆ្គង ឆ្នែងបែបហ្នឹងទៅ!

ឱ្យតែម៉ែចិញ្ចឹមប្រដៅអី គាត់ប្រើរំពាត់ ខ្ញុំរត់ទៅប្តឹងម៉ែខ្ញុំ ឯម៉ែខ្ញុំមនុស្សសេរី អាកូនចង់ក្លាយជាយក្សស្អីក៏ទៅៗ គាត់មិនទៅរវល់ខ្វល់ខ្វាយទេ ម៉្លោះហើយខ្ញុំនេះមានទីអាង ។ ត្រង់នេះខ្ញុំធ្លាប់ជាក្មេងខូច ខ្ញុំគ្រាន់តែសុំផ្តាំថា បើអ្នកប្រដៅកូន សូមកុំឱ្យនរណាមកការពារវា បើមិនអីចឹងទេ វាគ្មានខ្លាចអ្នកប្រដៅបន្តិចណាទេ ហើយក៏ ស្តាប់ពាក្យប្រដៅនោះមិនបាន មិនធ្វើតាមដែរ។ តែសូមកុំប្រដៅសម្លាប់កូន ប្រដៅគ្រាន់តែឱ្យគេដឹង និងចេះ ពិចារណាបានហើយ និយាយជារួមគឺដើរផ្លូវកណ្តាល។

ខ្មាសទីបី គឺខ្មាសនឹងរូបរាងមនុស្សមិនជាបើដូចជាខ្ញុំនៅពេលនោះ ដែលអ្នកចាស់ទុំក្នុងរាជវាំងលើកដៃមក គួរសម។ ខ្ញុំឥតបានសួរពូទេ ថាគាត់ជានរណា ព្រោះអាល័យតែខឹងគាត់ដាច់ក្បាលដាច់កន្ទុយរឿងគាត់ឱ្យ ខ្ញុំចាំគាត់ជាងពីរម៉ោង កាលណោះមានប្រាក់កាសឯណាចាយវាយឱ្យសំបូរសប្បាយនោះ អ្នកឯណាលក់នំ នែកអីក៏គ្មានប្រាក់ទិញ មានតែទឹកមួយបំពង់ដាក់តាមជាប់កង់គ្រាន់នឹងដោះស្រាយពេលឃ្លានខ្លាំង។ រួចបើ និយាយពីខោអាវរបស់ខ្ញុំវិញ គឺអាវយឺតដៃខ្លីព័ណ៌ត្រួយចេក ជាមួយខោព័ណ៌ខ្មៅឱ្យពព្លក់ ព្រោះហាលថ្ងៃ ហាលភ្លៀង (មិនដឹងជាកើតវិកលចរឹតអីទេខ្ញុំកាលណោះ ជិះតែកង់ហាលថ្ងៃហាលភ្លៀងពេញតែភ្នំពេញ)។

ឯកជន៖

លោកអ៊ំស្រីជាទីគោរព!

សូមលោកអ៊ំមេត្តាជ្រាបថា ខ្ញុំជាក្មេងម្នាក់ដែលបានភ្ញាក់រលឹក និងចងចាំជានិច្ចនូវកាយវិការរបស់លោក ទាំងពីរ។ ខ្ញុំនឹងព្យាយាមយកតម្រាប់តាមសុជីវធម៌ល្អរបស់លោកអ៊ំ ហើយដឹកនាំរឿងមួយនេះទៅគ្រប់ទី កន្លែងដែលខ្ញុំបានទៅដល់ ដោយព្យាយាមផ្សាយនូវកាយវិការមួយនេះ។

លី កល្យាណ

Advertisements
  1. តា ម៉ាប់ / ឧសភា 26 2012 7:16 ល្ងាច

    អ៊ីចឹង​នៅ​តែ​ឥត​ស្គាល់លោកអ៊ំទាំង ២ នាក់នោះជា​រៀង​រហូត អេវំ ។

    • លី កល្យាណ / ឧសភា 26 2012 10:13 ល្ងាច

      គាត់ទាំងពីរ រាងទាបទ្រនាប់ ធាត់ តែស្លៀកពាក់ស្អាតបាតណាស់ ព្រោះសូម្បីចុះពីឡានក៏ជាយអាវនៅត្រង់ភ្លីដែរ។ ខ្ញុំភ្លេចមុខពួកគាត់ទៅហើយ គ្រាន់ត្រឹមបានឧទ្ទិសក្នុងចិត្តថា «លោកទាំងពីរជាគម្រូរបស់ខ្ញុំ» បើឱ្យជួបពេលឥឡូវក៏មិនស្គាល់ដែរ។ តែបើថ្ងៃណាខ្ញុំទំនេរ ខ្ញុំនឹងសាកទៅឈរលេងក្បែរហ្នឹង ចង់ដឹងថាមនុស្សនៅក្នុងវាំងដូចគ្នាឬអត់?
      ខ្ញុំមិនសង្ឃឹមថាបានជួបពួកគាត់ទៀតទេ!… RIP in my mind…

    • តា ម៉ាប់ / ឧសភា 27 2012 11:13 ព្រឹក

      15 ឆ្នាំហើយ ។ ហ៊ឹម បង​កល្យាណ​ប៉ិន​ទុក​គ្រាន់​បើ ។

  2. somada / ឧសភា 26 2012 8:07 ល្ងាច

    និយាយ ៗទៅ ការសំពះ​គួរសម​គឺជាទំនៀមទម្លាប់មួយដ៏ល្អប្រពៃរបស់ជាតិសាសន៍ខ្មែរយើង ប៉ុន្តែទម្លាប់​ទាំងនោះ​បានកប់ជ្រៅ​ទៅក្នុង​ក្រអៅបេះដូង​របស់កូនខ្មែរស្ទើរតែគ្រប់រូបគាស់លែងចង់​ឡើងហើយ (នេះបើ​តាមការសង្កេត​របស់ខ្ញុំនាពេលឥឡូវនេះ)។ ពួកគេបែរជាមានអារម្មណ៍ខ្មាស់អៀន​នៅពេលដែល​ដៃ​គេសំពះ​ឡើង ។ ខ្ញុំមកនៅ​ស្រុកគេនេះ(កន្លែងធ្វើការ) ពេលព្រឹក​ជួបគ្នា គេលើកដៃសំពះគ្នាទៅវិញទៅមក ដែល​ជាឥរិយា​បថ​មួយដែលគួរឲ្យអត់ទ្រាំសរសើរមិនបាន ។
    ទីពីររឿងប្រដៅកូនចៅ គ្រួសារបងមានទម្លាប់មួយគឺ​ បើបងប្រុស ឬ បង ស្តីប្រដៅកូន ៗ ម្នាក់​ទៀត​ត្រូវ​ជាអ្នក​អង្គូយ​ស្តាប់ ដោយ​មិនចូលរួម​បញ្ចេញ​មតិ​យោបល់អ្វីទាំងអស់ទោះបីជាពេលនោះ​ភាគី​ណា​មួយជាអ្នកខុស​ក៏ដោយ ។ បន្ទាប់ពីណែនាំរួចហើយ យើងសួរគេពីកំហុសដែល​ពួកគេ​បានធ្វើ បើរក​មិនឃើញ​ទេ យើងជាអ្នកប្រាប់ ព្រមទាំងប្រាប់ពី​វិធីវិធីដោះស្រាយ​ ​បញ្ហាទាំងនោះ ។ បន្ទាប់មកទើបយើងចាស់ ៗ ជជែកពី​បញ្ហាដែលកើតមានទាំងនោះ​ដោយ​មិនមានវត្តមាន​របស់ក្មេង ៗ ។ នេះគ្រាន់តែ​ជាគំនិតតូចមួយសម្រាប់​គ្រួសារ​ដទៃ ទៀតប៉ុណ្ណោះ ។​

    • លី កល្យាណ / ឧសភា 26 2012 10:15 ល្ងាច

      ខ្ញុំចូលចិត្តការអប់រំរបស់បង មិនមែនព្រោះត្រូវចិត្តខ្ញុំទេ ព្រោះខ្ញុំធ្លាប់ខូចមកពីមុនខ្ញុំដឹងថាមួយក្បាច់របស់បងៗនេះ កូនៗនឹងក្លាយជាក្មេងប្រើវិចារណញាណច្រើនជាងបេះដូង។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: