Skip to content
28 ខែ​ឧសភា 2012 / ស្នាមញញឹម

ខ្ញុំបានធ្វើរឿងដែលខ្ញុំចង់ធ្វើជាងដប់ឆ្នាំ!

ពីម្សិលមិញខ្ញុំបានទៅលេងផ្ទះមួយថ្ងៃ ដោយខ្ចីឡានគេទៅព្រោះមានការសំខាន់ដែលត្រូវធ្វើនៅផ្ទះ។

ចេញពីភ្នំពេញទៅខួរក្បាលខ្ញុំពោរពេញដោយគំនិត និងសម្តីរបស់តួឯកសំណព្វដួងចិត្ត រហូតដល់ភូមិត្រពាំង ឈូកជិតកំពង់ថ្មបានឃើញគ្រោះថ្នាក់ចរាចរមួយនៅទីនោះ៖

កង់ខ្មែរចាស់មួយក្រពិតរួញជាប់គ្នា ឡានកូរេមួយតោនកន្លះជ្រុលចង្កូតមកនៅបញ្រ្ចាសក្បាលខាងស្តាំដៃខ្ញុំ មនុស្សកំពុងរោមជុំមើលអ្នករបួស ខ្ញុំឃើញគេលើកបុរសម្នាក់ស្លៀកក្រមា មានរបួសលើខ្នងដោយកោសនឹង ថ្នល់ចេញឈាមរហាម និងបាក់ជើង ដាក់លើម៉ូតូដឹកទៅពេទ្យ។ ហ៊ឺ!

ខ្ញុំទៅពីភ្នំពេញដល់ផ្ទះត្រឹមតែបីម៉ោងម្ភៃនាទី រួមទាំងឈប់ចាក់សាំងនៅស្គន់ប្រហែលដប់នាទីផង!

ម៉ែឆែករហូត ហើយគាត់ក៏ដឹងតែមិននិយាយប្រដៅទេ ព្រោះកូនម្នាក់នេះនិយាយទៅដូចចាក់ទឹកលើក្បាល ទាចឹងម៉្លោះហើយគាត់សុខចិត្តគិតល្បិចតាមផ្លូវផ្សេងវិញ។ រឿងល្បិចនេះខ្ញុំនឹងបញ្ជាក់នៅចុងក្រោយគេ។

កាលវិភាគរបស់ខ្ញុំត្រូវបានគ្រប់គ្រង និងរៀបចំដោយម្តាយខ្ញុំ។ គាត់ត្រូវការខ្ញុំឱ្យទៅផ្ទះដើម្បីគាត់បានប្រើខ្ញុំ ឱ្យធ្វើអ្វីផ្សេងសម្រាប់គាត់ ដោយខ្ញុំគ្រាន់តែប្រាប់គាត់ពីពេលវេលាដែលខ្ញុំមានសម្រាប់គាត់។ ពីម្សិលមិញនេះ ខ្ញុំគ្រាន់តែប្រាប់គាត់ថាខ្ញុំមានពេលសម្រាប់គាត់តែប្រាំបួនម៉ោងប៉ុណ្ណោះនៅផ្ទះ។ ដូច្នេះអ្វីៗគាត់ជាអ្នករៀបចំ និងគ្រប់គ្រងទាំងអស់។

ដោយសារចាំប្អូននាំឱ្យខ្ញុំយឺតពេលចេញដំណើរ ហើយទៅដល់ផ្ទះកាន់តែខើចពេលសម្រាប់គ្រួសារខ្ញុំ។  ចុះ ពីឡាន ខ្ញុំទៅមុជទឹករួចមានបាយ មានម្ហូបដែលម៉ែធ្វើចាំ ដូចជាប្រហុកចិញ្រ្ចាំផ្ទាប់ត្រសក់ផ្អខ្ចីល្អូក និងត្រកួន ស្រុះដែលតាមខ្ញុំដឹងគឺទាំងត្រកួន និងត្រសក់គឺបងប្អូនខ្ញុំយកមកផ្ញើពីភូមិក្បែរទីរួមខេត្ត។ មានសម្លម្ជូរត្រកួន ដែលខ្ញុំចូលចិត្តមួយមុខទៀត ក្រៅពីនោះគឺសម្លរម្ជូរគ្រឿងស្លឹកទ្រមូងសាច់ទន្សាយដែលពូដាក់អន្ទាក់បាន នៅឯស្រែរបស់ខ្ញុំ។ ហ្គោអឹវេយ៍! ឱ្យតែមានគ្រឿងមិនមើលទេ។

បាយរួចតែប្រាំនាទីទេ ព្រោះខ្ញុំជាកូនទាហានធ្លាប់ហ្វឹកមកឱ្យហូបបាយរហ័សបន្តិច។ ស្រាប់តែម៉ែប្រាប់ថា៖

តោះ! ជូនម៉ែទៅសាលាវិស័យ! (គាត់ហុចអាវសម្រាប់ពាក់ទៅព្រៃឱ្យខ្ញុំដែលគាត់ទើបបោករួច)

ខ្ញុំមិនសូវរញ៉ាំរញ៉ូវទេ តែគាត់ប្រើខ្ញុំទៅតាមហើយ ព្រោះថ្ងៃនេះជាថ្ងៃរបស់គាត់។

ម៉ែ៖កូនឯងបើកឡានជូនម៉ែទៅរកអុស! ម៉ែទៅលេងផ្ទះមីងឯងផង កាលចូលឆ្នាំមិនបានទៅមើលវា!

ខ្ញុំ៖ ម៉ែអើយ! អាឡូវគេឈប់ប្រើអុសហើយ គ្មានព្រៃឯណាឱ្យម៉ែរកអុសទៀតទេ។ ទិញហ្គាសប្រើទៅ!

ម៉ែ៖ កូនហ្អើយ! ជាជាងដើរលេង មកវិញរើសអុសដាក់កុំឱ្យទំនេរឡាន!

ព្រះជាម្ចាស់! កុំឱ្យទំនេរឡាន? គាត់បែបមិនដែលគិតទេថាអាឡានមហាកំពូលសំណព្វដួងចិត្តរបស់ខ្ញុំហ្នឹង វាជិតរលំកាលបើឮយាយវានិយាយយ៉ាងហ្នឹង (ឡានហ្នឹងកូនខ្ញុំ 😀 )។

ឡើងឡានបញ្ឆេះកម្តៅម៉ាស៊ីនរួចស្រែកសួរម្តងទៀត ស្របពេលដែលមីងខ្ញុំបួននាក់ដើរមកតាមក្រោយ ជាមួយប្អូនជីលួតមួយរបស់ខ្ញុំអាយុប្រហែលប្រាំឆ្នាំម្នាក់មកទៀត។

កូនហ្អើយកូន សុទ្ធតែយក្សមកជិះកូនឯងទៀតហើយ! 😦

ខ្ញុំ៖ ម៉ាក់ដាក់ខ្សែក្រវាត់ផង! … មីងៗម៉ោធើ្វអី?

ម៉ែ៖ អើស! វាចង់ទៅដែរ ឱ្យវាទៅៗ គ្រាន់បានគ្នាជួយរើសអុស! (ស្រួលបស់គាត់ទៅ គាត់ស្មានតែបើក ឡានហ្នឹងគឺចេះតែបើកទៅមិនគិតសុវត្ថិភាពអីតិចទេមើលទៅ! យ៉ាប់ណាស់អ្នកអត់ចេះចរាចរនោះ!)

មីងៗ និងប្អូនខ្ញុំឡើងប្រជ្រៀតក្នុងឡានហ្នឹងជាមួយខ្ញុំ និងម៉ែ។ ណែនភ្អឹះ! ខ្ញុំមិនដែលបានបើកឡានពេល ណាដែលមានតែខ្ញុំម្នាក់ឯងជិះសោះ!

ខ្ញុំ៖ ឱ្យតែពីណាចង់ធ្វើអីហើយ គឺត្រូវទាំងអស់រួមទាំងម៉ែខ្ញុំផង!

ម៉ែ៖ កុំរអ៊ូ ក្រែងង៉ៃហ្នឹងង៉ៃរបស់ម៉ាក់ហ្អី?

ខ្ញុំគ្រវីក្បាលហួសចិត្ត។ ថ្ងៃនេះជាថ្ងៃកំណើតរបស់គាត់ ចឹងធ្វើឱ្យគាត់សប្បាយចិត្តម៉ាទំហឹងទៅ ព្រោះមួយ ឆ្នាំគាត់មានថ្ងៃនេះតែម្តងទេ ក្រៅពីហ្នឹងជាថ្ងៃរបស់ខ្ញុំទាំងអស់! 😀

ចេញពីទីរួមខេត្តកំពង់ធំ តាមផ្លូវទៅខេត្តព្រះវិហារប្រមាណជាសាមសិបគីឡូម៉ែត្រចេញពីផ្លូវបំបែកសៀម រាប-ព្រះវិហារទៅ យើងបានមកដល់ទីរួមស្រុកប្រាសាទបល្ល័ង្គ ដែលស្ថិតក្នុងឃុំសាលាវិស័យ (ស្រុកដែល សំបូរជនជាតិកួយរស់នៅច្រើនជាងគេបន្ទាប់ពីស្រុកកំពង់ស្វាយ)។ តាមពិតកាលមុនកួយសម្បូរតែនៅ ស្រុកកំពង់ស្វាយទេ តែក្រោយពេលជាតិចិន និងជាតិផ្សេងនាំគ្នាទៅរកស៊ីក្នុងស្រុកភូមិរបស់ជនជាតិនេះ មកពួកគេមិនចេះរស់នៅជាមួយខ្មែរ ចិនទេ (អត់ចេះលក់របស់ គឺចេះតែសុំគ្នា ខ្លួនមានរបស់ក៏ចែកគេវិញ ដែរ) គេបានរើភូមិចេះតែចូលជ្រៅទៅក្នុងព្រៃ ដើម្បីគេចចេញពីអ្នកចំណូលថ្មី ម៉្លោះហើយពីមុននៅម្តុំស្រុក កំពង់ស្វាយ ឥឡូវរើមកនៅប្រាសាទបល្ល័ង្គ ហើយក៏នឹងរើបន្តទៀតទៅនៅខាងលើៗទៀត (អាចជាតំបន់ ព្រៃអភិរក្សជម្រកសត្វបឹងពែរ) ។ល។

ទៅតាមផ្លូវម៉ែឃើញរានមួយលក់ឳឡឹក គាត់ក៏ប្រាប់ថា មកវិញចូលទិញឳឡឹកហូប។

ទៅដល់ដីរបស់បងប្អូនខ្ញុំ ដោយចូលតាមសាលាវិស័យទៅក្នុងប្រហែលបួនគីឡូម៉ែត្រតាមផ្លូវភ្ជាប់ពីស្រុក ប្រាសាទបល្ល័ង្គ ទៅស្រុកស្ទោង ដែលបច្ចុប្បន្នអ្នកព្រះវិហារ-ភ្នំដែក ដែលចង់ទៅសៀមរាបដោយមិនបាច់ ឆ្លងកាត់ទីរួមខេត្តកំពង់ធំ គេអាចធ្វើដំណើរតាមនេះបានដោយងាយ។

អង្គុយលេងផ្ទះមីងបានតែមួយភ្លែត ប្អូនជីលួតមួយកូនគាត់បបួលដើរទៅរកគ្រាប់ខ្យូវទុកដុតហូប ខ្ញុំក៏ ទាញម៉ាស៊ីនថតដើរទៅតាមវាកាត់វាលឆ្លងទៅចម្ការក្រោយភូមិ។ មីងៗរបស់ខ្ញុំគាត់អូសរទេះរ៉ឺមកសម្រាប់ រើសអុសរបស់គាត់ជាមួយម្តាយខ្ញុំ។ មីង និងគាត់កំពុងតែជជែកគ្នារឿងការងារប្រទេសជាតិទាំងពីរផ្ទះ (ផ្ទះខ្ញុំ និងផ្ទះមីង ផ្ទះណាកើតរឿងអីខ្លះ ត្រូវធ្វើសេចក្តីលម្អិតរឿងរ៉ាវឱ្យគ្នាដឹងទៅវិញទៅមក)។ ខ្ញុំខ្ជិលរវល់ ជាមួយ ដឹងតែថាចាស់ៗហ្នឹងមានរឿងអីលាក់លៀមខ្ញុំ តែខ្ញុំធ្វើជាមិនចង់ដឹង។ ដឹងរឿងច្រើនពេកឈឺក្បាលណាស់ គិតតែពីប្រឹងធ្វើការទៅបានហើយ ការងារគ្រប់គ្រងផ្ទះសម្បែងទុកសិទ្ធិជូនគាត់ជាធំទៅក៏ម៉្យាងដែរ គាត់ បានសប្បាយចិត្តផង។

តាមពិតមកស្រុកលើកនេះប៉ងថា នឹងទៅថតរូបផ្កាក្រវាន់នៅភូមិគោកងួនក្បែរខេត្តដែលជាស្រែរបស់ខ្ញុំ ផងព្រោះបានជាប់មាត់ជាមួយបង កុលធីតា ដែលថ្ងៃមុនទៅលូកមាត់នៅហ្វេសប៊ុក មីងច័ន្ទបូរណ៍ពីរឿង ផ្ការំដួល ផ្កាក្រវាន់។ ដល់មកទីនេះហើយ ក៏ប្រឹងដើររកមើលក្រែងឃើញក្រវាន់ សោះមិនជំពាក់មាត់យូរ

ដើរចុះឡើងៗ ស្រាប់តែទាក់ជើងដួលព្រូស ៖

ចុះរំបល់យក៍ស្អីក៏មកដុះប្រទើសផ្លូវគេនេះវ៉ី! (ខ្ញុំតែចឹងឯង ចេះតែស្រែកឱ្យតែគេឮមាត់ទៅព្រោះដើរព្រៃគេ មានទម្លាប់បែបនេះ តាមពិតគ្មានទៅចង់ជេរស្អីទេ តែយូរៗក៏ជាប់មាត់រហូតដែរ 😀 )

មីង៖ ណែ! បងឯងមើលវា ដើរមិនមើលក្រោមទេ ទៅទាក់វល្លិក្តួច! ហ្អើយ! ប្រយ័ត្នមុតជើង បេះឱ្យស្រួល!

ម្តាយមីងខំស្រែកប្តឹងម៉ែ និងប្រាប់ខ្ញុំឱ្យដោះបន្លាស្អិតហ្នឹងម្តងមួយៗ ។ ជាមួយខ្ញុំគ្មានទុកយូរទេ ខ្ញុំចាប់បូត ទាញបន្លាចេញពីជើង ហើយដែលមកទាក់ជាប់ខោខ្ញុំនឹងដៃដោយខឹងតិចៗផង (ខឹងថាឯងដើរមិនមើល) សំណាងណាស់ដៃហ្នឹងយួរទឹកស្រោចដំណាំឡើងក្រិនអស់ហើយ ជាប់បន្លាក៏មិនឈឺ មិនចេញឈាម។ ឡូយត្រង់ហ្នឹង ត្រង់ថាដៃក្រិនក៏មានប្រយោជន៍ដែរ 😀

ទៅហ្នឹងថតបានវល្លិក្តួច និងវល្លិគុយ យកមកចែកគ្នា ។ នៅមានលំពង់ដើមត្រាច ដើមខ្លុងនាំមកឱ្យស្គាល់ ទៀតផង (បំណាច់ដើរលេងមួយថ្ងៃហើយ កុំឱ្យខាត)។ ដើរត្រុកៗថតរូបបណ្តើរ ម៉ែមានយោបល់បណ្តើរ៖

ម៉ែ៖ ម៉ាក់គិតរកមើលដីមួយកន្លែងទុកសម្រាប់ដាំកូនឈើ។

ខ្ញុំ៖ ល្អតើ! ពេលណាយើងរកអុសដុតមិនបានយើងមានកន្លែងរកអុស សោះមិនខ្វល់ទៅពឹងគេ។

ម៉ែ៖ អើ ម៉ែនឹកថាលោកពិបាករកអុសណាស់ឥឡូវ ព្រោះកន្លែងណាៗក៏សុទ្ធតែជាព្រៃគេរក្សាទុក គេមិនឱ្យ យើងរកអុសបានស្រួលដូចមុនទេ ហើយលោកឥឡូវមករៀនក៏ច្រើនឡើងៗ ពិបាករកចង្ហាន់មួយផ្នែកហើយ នៅពិបាករកទាំងអុសទៀតផង។

ខ្ញុំ៖ ព្រះជាម្ចាស់លោកអើយ! …ខ្ញុំស្មានថាម៉ាក់ចង់រកដីមកដាំកូនឈើព្រៃ គ្រាន់នឹងខ្ញុំបានមកដេកលេងនៅ ហ្នឹង!… ហ៊ឺ!…

ម៉ែ៖ អើ! ជាជាងសល់ដីទំនេរ លោកតែដល់ខែវស្សាហើយ អត់មានអុសដុតទេ គ្មានរកបច្ច័យមកទិញអុស សម្រាប់ដាំចង្ហាន់ទេ ព្រោះលោកមករៀនច្រើនណាស់។ តេជគុណធំមុខឡើងសល់ប៉ុនមេដៃហើយ ណា ចំណាយថ្លៃភ្លើង ណាចំណាយថ្លៃប្រេងបូមទឹក ណាដើររកបច្ច័យមកទប់រឿងចង្ហាន់។ នេះបើកុំតែមានវេន ពុទ្ធបរិស័ទគេជួយរាល់ចង្ហាន់ថ្ងៃត្រង់នោះ កុំអីរត់មិនរួចចំណាយទេ។

ខ្ញុំ៖ ម៉ែ! យើងមិនទាន់មានដល់ថ្នាក់ហ្នឹងទេ! កុំទាន់គិតអី ចាំមានដល់សល់លុយច្រើនជាងហ្នឹងបន្តិចសិន ចាំនិយាយគ្នា!… ចុះលោក! ម៉េចមិនទិញហ្គាសប្រើទៅ ខ្ញុំគិតថាវាថោកផង!

ម៉ែ៖ កូនហ្អើយ! បើលោកមានបច្ច័យទិញហ្គាសនោះមិនមែនមកបួសលោករៀនទេ មុខជាធ្វើការធ្វើងារអី ដូចឯងអស់ហើយ។ មនុស្សអត់ណា៎បានមកបួសមករៀន ខំរកចំណេះដាក់ខ្លួនជាជាងទៅជក់ថ្នាំ ទៅធ្វើ ជើងកាងជើងអី! ឯងមិនឃើញទេ អ្នកដែលមិនបានបួសរៀននៅតាមស្រុកតាមភូមិអី ភាគច្រើនសុទ្ធតែ ញៀនថ្នាំ ជើងកាប់ចាក់ រកតែស្រីស្រាល្បែង។ វត្តយើងនេះ កុំតែលោកតាមិនព្រមទទួលទេ បើចេះតែទទួល នោះលោកមករៀនពេញៗវត្តរកកន្លែងសឹងគ្មាន រកចង្ហាន់ប្រគេនគ្មានទេ។

គ្មានយោបល់បន្តព្រោះជារឿង sensitive ណាស់។ តែហ៊ានមានយោបល់ច្រើនអស់លុយឥឡូវហ្នឹង។

តែ៖ គ្រួសារយើងមួយផ្នែកធំបានរៀនសូត្រធំធាត់លូតលាស់ដល់ត្រឹមនេះក៏បានអាស្រ័យគុណបុណ្យ របស់វត្តអារាមស្ទើរទាំងស្រុង តាំងពីសម័យអាណានិគមបារាំងមកដល់សម័យសង្គមរាស្រ្តនិយម ដូច្នេះ ហើយ បានជាមតិយោបល់ណាដែលលើកឡើងជាប្រយោជន៍សម្រាប់ព្រះសង្ឃ សម្រាប់កសាងវត្ត សម្រាប់ជួយ បណ្តុះបណ្តាល គឺភាគច្រើនលើសលប់ត្រូវបានគាំទ្រដោយសមាជិកគ្រួសារយើង។ រហូតដល់ថ្នាក់ ជួនកាលខ្ញុំចង់ខ្លាចការធ្វើបុណ្យរបស់ពួកគាត់។

ត្រឡប់មកដល់ឡានវិញគេរៀបរួចអស់ និយាយទៅម្តាយខ្ញុំគាត់មានជំនាញមួយគឺជំនាញលេខា គឺថាពេល ណាក៏គាត់គ្រប់គ្រងពេលវេលាមិនឱ្យខាតចោលឥតប្រយោជន៍ដែរ។ គាត់ចាត់ចែងការងារ អ្នកណាត្រូវធ្វើអី  អ្នកណាត្រូវជួយអ្នកណា គឺគាត់រៀបរួចអស់ស្រេចហើយ។ តែមួយនាទីក៏ខ្ញុំមិនបានខាតដែរ។

ចេញដំណើរមកវិញខ្ញុំបើកយឺតៗ មិនមែនមិនប្រញាប់ទេ តែឡានរបស់ខ្ញុំឡើងដាបកង់ ព្រោះអុសរបស់គាត់ ពេលណាក៏ខ្ញុំសឹងស្រក់ទឹកភ្នែកអាណិតឡានដែរ។ រួចម៉ែ និងមីងខ្ញុំ៖

បើដឹងសម្បូរអុសចឹង ទៅខ្ចីឡានកូរេអាបីតោនមក រើសយកទាំងអស់អុសមិញហ្នឹង!

មកដល់ផ្ទះ ប្អូនៗគេរៀបចំកម្មវិធីសម្រាប់គាត់ យើងក៏រីករាយពេញមួយល្ងាចហ្នឹង។ ម៉ោងប្រាំបីយប់បានខ្ញុំ ចេញឡានត្រឡប់មកវិញ។ ម្តាយខ្ញុំមិនចង់ឱ្យខ្ញុំបើកម្នាក់ឯង គាត់បាននិយាយបញ្ចុះបញ្ចូលប្អូនស្រីជីលួត មួយរបស់ខ្ញុំម្នាក់ទៀតឱ្យមកជាមួយរួចចាំឱ្យវាត្រឡប់ទៅវិញនៅព្រឹកស្អែកតាមឡានក្រុង ខ្ញុំមិនឱ្យវាមកទេ ព្រោះពេលវេលានេះជាពេលវេលារបស់ខ្ញុំ ដែលខ្ញុំប្រាថ្នាចង់មានពេលបែបនេះជាងដប់ឆ្នាំហើយ។

ក្តីប្រាថា្ននោះគឺថា ចង់មានពេលជិះឡានតែម្នាក់ឯងម្តងគ្រាន់នឹងបានស្រែកច្រៀងក្នុងឡានបាន តាមចិត្តចង់។

និយាយតាមត្រង់ទៅចុះ គ្រួសារខ្ញុំជាមនុស្សដែលចូលចិត្តទៅណាជាមួយគ្នា ដើរជាក្រុម (ម្តងៗមិនតិចជាង ពីរឡានទួរីសទេ) ហើយបើថាបានខ្ញុំទៅណាយកឡានទៅ ប្អូនៗខ្ញុំវាឡើងមកប្រជ្រៀតរកតែដកដង្ហើមសឹង មិនរួច។ មិនដែលមានទេ ឡានកាមរីមួយ ជិះគ្នាដប់បួននាក់ ៖ ធំៗប្រាំនាក់ តូចអាយុប្រាំឆ្នាំពីរនាក់ អាតូចៗ បីឆ្នាំប្រាំនាក់ តូចល្អិតៗលើជើងពីរនាក់ទៀត។

ថាមហាសែនសប្បាយចិត្តដែលបានជិះឡានមកភ្នំពេញតែម្នាក់ឯង! មកដល់ម៉ោងដប់មួយកន្លះយប់ នៅ ឆ្លៀតមានអ្នកអផ្សុកហៅទៅរកញ៉ាំអីជាមួយទៀត។

មិត្តខ្ញុំសួរថា ម៉េចឥឡូវសរសេរតែរឿងផ្ទាល់ខ្លួនអីចឹង? (គេមិនចង់ឱ្យសរសេររឿងផ្ទាល់ខ្លួនទេ ព្រោះវាមិន សមរម្យ not professional) តែខ្ញុំម៉េចហ៊ានសរសេររឿងផ្សេង ក្រោយពីត្រូវមួយដំបង និងបីដងចបមក 😦

Advertisements
  1. s / ឧសភា 28 2012 2:30 ល្ងាច

    ខាងបងក៏អញ្ចឹងដែរទៅណា​មកណា​ម្តង ៗ ត្រូវញាត់ឲ្យពេញឡានណែបក្តន់ ហើយ​បើជិះមិនអស់ទៀត មាន​ម៉ូតូតាមក្រោយឡាន ពីរ ទៅបីទៀត ផ្ទះយើងមនុស្សច្រើនទាល់តែធ្វើអញ្ចឹង ។ តែថាទៅណា​មកណា​ជុំគ្នាសប្បាយជាង​ទៅតែ២ ឬ បីនាក់ ។

    • លី កល្យាណ / ឧសភា 28 2012 2:55 ល្ងាច

      តែខ្ញុំចូលចិត្តទៅម្នាក់ឯងខ្លះដែរណាបង! ដូចជាពេលនេះចឹង ចង់ទៅដើរលេងឯណាស្ងាត់ៗម្នាក់ឯង។ មនុស្សទារទៅជាមួយជិតមួយឡានទួរីស។

  2. Heng-dee / ឧសភា 28 2012 9:08 ល្ងាច

    ហាសហាអបអរសាទរផងបង​ បានសំរេចបំណង

    • លី កល្យាណ / ឧសភា 28 2012 9:10 ល្ងាច

      យ៉ាស ចែងឃ្យូ លោកប្អូន។

  3. តា ម៉ាប់ / ឧសភា 29 2012 12:09 ព្រឹក

    ខ្ញុំចង់ដើរ​លេងដែរ ។

    • លី កល្យាណ / ឧសភា 29 2012 2:38 ល្ងាច

      ឃើញដើររាល់តែថ្ងៃនិងយប់សោះហ្នឹងណា៎! 😀

    • តា ម៉ាប់ / ឧសភា 29 2012 10:07 ល្ងាច

      ដើរ​ឡើង​ស៊ាំហើយភ្នំពេញនោះ ។

  4. somada / ឧសភា 29 2012 10:10 ព្រឹក

    អាឃ្លាចុងក្រោយហ្នឹងមានន័យថាម៉េចទៅ អត់យល់ទេ ? (នរណាគេត្រូវមួយដំបង ហើយបីដងចបនោះ ? ម្នាក់នោះពិតជាមិនធម្មតាទេណា ពិតជាឆ្អឹងដែកស្បែកស្ពាន់មែន ។)

    • លី កល្យាណ / ឧសភា 29 2012 10:34 ព្រឹក

      ខ្ញុំហ្នឹងណាបង ត្រូវគេស្តីឱ្យ គេរកប្តឹងផង តែខ្ញុំចេះគួរសមគេទាន់។

      មិនមែនឆ្អឹងដែកស្បែកស្ពាន់ទេ ព្រោះក្រោយពីត្រូវចឹងហើយ ខ្ញុំក៏ច្រឡោតសរសេរ ច្បាប់ដាក់ក្នុងប្លក់នេះវិញ។ ច្រឡោតព្រោះត្រូវឈឺពេក

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: