Skip to content
30 ខែ​ឧសភា 2012 / ស្នាមញញឹម

សំដីអូន!

ល្ងាចមិញប្រុងទៅលេងមិត្តភ័ក្តិថ្មីដែលទើបស្គាល់គ្នា បានសុំអាសយដ្ឋានគេមកហើយក៏កត់ទុកលើក្រដាស ស្ទីកណូតមួយសន្លឹកបត់ដាក់ក្នុងកាបូបលុយស៊កដាក់ហោប៉ៅ។ ស្រាប់តែមិត្តភ័ក្តិបបួលចេញក្រៅ ទៅរកការ កម្សាន្តផង និងហូបបាយល្ងាចផង។ យើងក៏សំដៅកន្លែងចាស់របស់ពួកយើង ដែលមិត្តផ្សេងទៀតបានទៅ ចាំកាលពីជាងមួយម៉ោងមុន។

ចេញពីកន្លែងបាយល្ងាចដោយស្រវឹងស្រឿងៗទាំងអស់គ្នាហើយ យើងក៏មូលមាត់គ្នាបន្តទៅកន្លែងច្រៀងឱ្យ ស្រឡះបំពង់កស្រួលនិយាយបន្តិច។ យើងសប្បាយម៉ាអស់ដៃតែម្តងព្រោះថាគ្មាននរណានៅអង្គុយចំអន់គ្នា ដូចនៅកន្លែងធ្វើការទេ នរណាក៏មានគូឡើងរាំគ្រប់ៗតែគ្នា ហើយតាំងស្រែកច្រៀងបន្ទរតាមភ្លេង ឡូឡាម៉ា ទំហឹងដោយគ្មានគិតអ្នកណាធំអ្នកណាតូចឡើយ។

ចេញពីកន្លែងច្រៀងម៉ោងមួយយប់ទៅហើយ។ យើងមានមិត្តម្នាក់ដែលមិនសូវស្រវឹងខ្លាំង បានហៅតាក់ស៊ី ម៉ែត្រឱ្យពួកខ្ញុំបីនាក់ដែលត្រូវមកតាមផ្លូវជាមួយគ្នា ចំណែកឡានរបស់ពួកយើងនៅឯកន្លែងធ្វើការឯណោះ ព្រោះតែដឹងថាបើនាំគ្នាមកផឹកហើយ មិនបើកឡានទៅទេដើម្បីកាត់បន្ថយគ្រោះថ្នាក់ផង និងកុំឱ្យស្រីៗ យើងឆាប់សក់ស្កូវផង។ ក្រោយទម្លាក់ពួកម៉ាកទាំងពីរនាក់នៅផ្ទះរបស់ពួកវាមក ខ្ញុំដែលស្រវឹងដល់កបើក ភ្នែកមិនរួចនោះក៏បិទភ្នែកដេកលើកៅអីឡាន ដោយសំអាងថាអ្នកបើកបរនេះមានអាសយដ្ឋានរបស់ខ្ញុំ ហើយ។

បង! បង! ដល់ផ្ទះបងហើយ!

អូហ៍! … ដល់ហើយ? (ខ្ញុំទើបតែបើកភ្នែក មមីមមើ ខំសម្លឹងរកមើលផ្ទះរបស់ខ្ញុំ តែដូចជាមិនប្រហែលត្រង់ ណាសោះ) កន្លែងណាហ្នឹង តាក់ស៊ី?

ហ្នឹងម្តុំទួលទំពូងណាបង! (អ្នកបើកតាក់ស៊ីបញ្ជាក់ ដោយកំពុងពិនិត្យមើលលេខកុងទ័រម៉ែត្រ និងតម្លៃ)

ហ្អាក! … ម៉េចមកដល់ទួលទំពូងអីចឹង? (ខ្ញុំស្រវាងើបមើលជុំវិញខ្លួន ជាមួយនឹងការហួសចិត្តដែលខ្ញុំមក ដល់មួយចំហៀងមេឃម្ខាងនៃផ្ទះរបស់ខ្ញុំ)

ខ្ញុំមកតាមតែក្រដាសដែលបងហុចឱ្យតើ! … នេះក្រដាសរបស់បង! (គាត់នោះនិយាយការពារខ្លួន ដោយ មានភស្តុតាងច្បាស់លាស់ណាស់គឺក្រដាសស្ទីកណូតរបស់ខ្ញុំដែលបានកត់អាសយដ្ឋានមិត្តថ្មីនៅក្នុងនោះ)

ខ្ញុំទាញក្រដាសមកមើលទាំងងីងើ រកនឹកមិនទាន់ឃើញ ទម្រាំតែដឹងថាជាផ្ទះរបស់មិត្តភ័ក្តិនៅក្នុងនោះ ខ្ញុំក៏ ស្វាងស្រវឹងបន្តិច រួចក៏ប្រាប់អ្នកតាក់ស៊ីថាទៅផ្ទះម្តាយខ្ញុំវិញ ប្រពន្ធលែងឱ្យចូលផ្ទះហើយ។ និយាយកុំឱ្យ គេមើលងាយថាស្រវឹងវង្វេងផ្ទះតែប៉ុណ្ណោះ តាមពិតទៅលួចសើចក្នុងពោះម្នាក់ឯងតាមសំណើចរបស់ តា ព្រហ្មម៉ាញ (បើកឡានដឹកស្រីទៅផ្ទះសំណាក់ មិនចូលផ្ទះសំណាក់បត់ចូលក្នុងផ្ទះតាមទម្លាប់ រួចដល់ពេល នឹកឃើញជ្រុលខ្លួនក៏និយាយប្រាប់ប្រពន្ធថាដឹកស្រីឱ្យមេ តែខ្លាចប្រពន្ធជេរ ក៏ចូលមកផ្ទះប្រាប់គេសិន)។

តាក់ស៊ីក៏បរទៅផ្ទះពិតប្រាកដរបស់ខ្ញុំ។ ទម្រាំប្រពន្ធបើកទ្វារឱ្យឈរក្រៅផ្ទះជិតកន្លះម៉ោង។

មុជទឹករួច ប្រពន្ធដល់ម៉ោងជំរិតសួរចម្លើយ។ សំណួរដំបូងៗជាសំណួរធម្មតា នេះជាស្ទីលរបស់គាត់៖

ម៉េចយប់ម៉េះប៉ាវា?

ឱ្យអាត់ដ្រេសតាក់ស៊ីច្រឡំ គេដឹកទៅដាក់ទួលទំពូងឯណោះ! ទម្រាំស្វាងដឹងទិស ក៏បកមកផ្ទះវិញ! អូនក្រ បើកទ្វារឱ្យទៀត! … នេះសំណាងហើយដែលចោរវាមិនវ៉ៃយកកាបូបលុយ…

ទៅដល់ណាខ្លះហ្នឹង?

ទៅបាយល្ងាចនៅវ៉ាស៊ីងតោន ហើយក៏ចូលច្រៀងនៅហ្នឹងទៀតទៅ។ មានទៅណា! (ខំនិយាយសម្រួល)

ផឹកច្រើនអត់ហ្នឹងបានជាក្លិនសឹងតែវិលមុខយ៉ាងនេះ?

ដូចតែធម្មតាហ្នឹង! មានស្រវឹងឯណា? ឯងស្មើណាបានចូលសម្រាក? យប់ហើយណា!

នែប៉ាវា! បើនៅដើរផឹកយ៉ាងហ្នឹង កូនយើងស្រីណាបង!… ប៉ាវាឯងល្មមបន្ថយខ្លះហើយ ណាមួយសុខភាព ណាមួយក្រុមគ្រួសារយើង បើឯងយ៉ាងម៉េចៗទៅតើខ្ញុំទៅពឹងនរណាបាន? ពេលបងដើរយប់ចឹង ខ្ញុំឯណេះ គិតឡើងស្កូវសក់អស់ហើយ!

នែបងផឹកបងដឹងហើយ!… ឯងគិតតែរឿងផ្ទះសម្បែង កូនចៅឱ្យស្រួលបួលទៅ បងគិតគូរអស់ហើយ។… ផឹកប៉ុណ្ណឹងមានអីអស្ចារ្យ? មិនបានស្កៀបពោះវៀនផង…

ប៉ុណ្ណឹងមិនទាន់អស្ចារ្យទេឬ?… ប៉ាវាហ្អា?

ហ្អឺ?

បងផឹកថែមហ្អេះ? ខ្ញុំទិញមកជូនទុកក្លាស្សេក្នុងទូទឹកកកអាជាន់ក្រោមទៀតហ្ន៎!

យាយប៉ិ នេះឌឺទេតើ! តែខ្ញុំខ្ជិលតមាត់ ព្រោះជិតនឹងភ្លឺហើយ ណាមួយស្អែកត្រូវទៅធ្វើការផង។

ខ្ញុំប្រុងនឹងបិទភ្នែកដេក ក៏ស្រាប់តែដេកមិនលក់ ស្ទុះងើបថានឹងចុះទៅខាងក្រោម ងាកមើលប្រពន្ធខ្ញុំគាត់ សម្រាកលក់ហើយ។ ដើម្បីកុំឱ្យរំខានដំណេកគាត់ដោយសារការដេកមិនលក់របស់ខ្ញុំ ខ្ញុំដើរចុះដើរឡើង នៅចង្ក្រានបាយ ក៏ស្រាប់តែនឹកដល់សំដីរបស់គាត់ដែលប្រាប់ខ្ញុំមុននេះបន្តិចថា មានប៊ីយ៊ែរក្លាស្សេនៅក្នុង ទូទឹកកក។ បើកទូទៅឃើញមានមែន! 😀 អផ្សុកមិនដឹងជាធ្វើអីក៏ទាញមួយកំប៉ុងមកផឹក!

ផឹកបណ្តើរនឹកបណ្តើរដល់សំដីរបស់ប្រពន្ធ៖

កូនយើងស្រី… អត់ពីខ្ញុំទៅប្រពន្ធខ្ញុំមិនដឹងជាទៅពឹងនរណា បើខ្ញុំជាជំហរគ្រួសារ… ហ៊ឺ

អូនហ្អើយ បងមិនទាន់ចង់ឈប់ទេ ព្រោះបងកំពុងពេញសប្បាយណាស់។ តែបងចាស់ពេកទៅ មានតែលុយតែគ្មានកម្លាំងដើរផឹកស៊ីសប្បាយដូចពេលនេះ បងមុខជាស្តាយក្រោយមិនខានទេ!

អាណិតប្រណីបងទៅចុះអូន    😦

Advertisements
  1. គឹម ចាន់ / ឧសភា 30 2012 5:00 ល្ងាច

    ពិតជាមានន័យមែន!

    • លី កល្យាណ / ឧសភា 30 2012 5:08 ល្ងាច

      ហ្នឹងបែបធ្លាប់ខូចរបៀបចឹងហើយមើលទៅ?

    • គឹម ចាន់ / ឧសភា 31 2012 7:54 ព្រឹក

      ha ha…មិនដែលខូចឲ្យគេដឹងទេបងស្រី! ហា ហា!

    • លី កល្យាណ / ឧសភា 31 2012 8:03 ព្រឹក

      កម្លោះឆ្លាត! 😀

    • គឹម ចាន់ / ឧសភា 31 2012 8:07 ព្រឹក

      ha ha… 😉

  2. ភរិយានិងម្ដាយម្នាក់ / ឧសភា 30 2012 10:40 ល្ងាច

    គ្មានយោបល់ បានត្រឹមគ្រវីក្បាលហួសចិត្ត 🙄

    • លី កល្យាណ / ឧសភា 31 2012 8:02 ព្រឹក

      😀 អត់ដឹងថាម៉េចដែរ ដល់តែចឹងទៅ!

  3. somada / ឧសភា 31 2012 10:10 ព្រឹក

    តួអង្គប្រុសពិតជានិយាយត្រូវ​មែន​មានលុយ​ហើយ​បើមិនចេះសប្បាយពិតជាស្តាយខ្លាំងណាស់ ទាន់​នៅដើរបានផឹកបាន​លេងឲ្យអស់ដៃទៅ​បង តែបើប៉ះ​ចំតួអង្កស្រី​ជាបងវិញហ្អេស សុំទោស​ទៅតាម​គ្មាន​ឲ្យ​ជិះ​តាក់ស៊ី​អញ្ចេះទេ ចាំបើកឡានជូន​ប្តី​ត្រឡប់មក​ផ្ទះ​វិញ បារម្ភពីសុវត្ថិភាពតាមផ្លូវ ហើយខ្លាច​ខាតម៉ោងទៀត ឲ្យគាត់​ឈរចាំនៅក្រៅផ្ទះ​អញ្ចឹងអាណិតណាស់ មូសខាំ​រហូតដល់ទៅកន្លះម៉ោង​ ខូចសាច់​ខូចឈាម​អស់ហើយ ។ ត្រឹមត្រូវអត់កល្យាណ​បងនិយាយអញ្ចឹង ?

    • លី កល្យាណ / ឧសភា 31 2012 10:30 ព្រឹក

      មិនហ៊ានថា ខុសទេ ព្រោះជាក់ស្តែងគឺត្រូវមែន
      តែថាប្រពន្ធនរណាគេហ្ន៎! ល្អអើយល្អ ចាំប្តីចេញពីផឹក….

    • សម្ផស្ស / ឧសភា 31 2012 1:44 ល្ងាច

      មិន​មែន​ខ្លាច​ស្រី​ផ្សេង​នាំ​ទោ​ដេក​ផ្ទះ​គេ​ទេ​អ្ហី​​បង?

    • លី កល្យាណ / ឧសភា 31 2012 1:56 ល្ងាច

      ចុះសម្ផស្សថាអីក៏ត្រូវម៉េះ? បងសុធាគាត់ខ្លាចដូចសម្ផស្សថា គាត់ខំទៅចាំដឹកប្តីចេញពីកន្លែងផឹក ។

  4. somada / ឧសភា 31 2012 11:27 ព្រឹក

    អត់ដឹង​ប្រពន្ធ​នរណាគេទេ ចាំទៅសួរឲ្យ !

    • លី កល្យាណ / ឧសភា 31 2012 12:02 ល្ងាច

      យ៉ាស់ៗៗ ខុសឬត្រូវទេខ្ញុំ? បើខុស គឺមានកំហុសព្រោះពាក្យសំដី រួចបើត្រូវវិញគឺត្រូវដំបង។

    • somada / មិថុនា 1 2012 10:40 ព្រឹក

      មានអ្នកលួចខ្សិប​ប្រាប់ថា “ទាល់តែរៀបគម្រោងសិន​ បានសួរ​បាន ​” ។

    • លី កល្យាណ / មិថុនា 2 2012 5:32 ល្ងាច

      ជម្រាបសួរបងប្រុស! ឱ្យខ្ញុំរៀបគម្រោងជួសជុលអីទៅ? 😀

  5. ភរិយានិងម្ដាយម្នាក់ / ឧសភា 31 2012 2:23 ល្ងាច

    ជួញដំបងមែនហើយបងកល្យាណ!!!!! ង៉ាស់ៗៗៗៗៗៗ :mrgreen:

    • លី កល្យាណ / ឧសភា 31 2012 2:31 ល្ងាច

      ឱមែនហ្ន៎! ឈប់ជួញហើយ។ ង៉ាស់ៗៗ

  6. តា ម៉ាប់ / ឧសភា 31 2012 4:34 ល្ងាច

    ខ្ញុំបាន​គម្ពីរ​ទុក​ប្រើ​ជា​មួយ​យាយ​ប៉ិ​ខ្ញុំ​ហើយ​ប៉ុន​នេះ ៕ អរគុណ​ម៉ាលាន​ដង​បង​កល្យាណ ។

    • លី កល្យាណ / ឧសភា 31 2012 4:39 ល្ងាច

      ជួយអបអរដែលមានល្បិចថ្មីយកទុកប្រើ (ស្រាប់តែយាយម៉ាប់ដឹងពុត ដាក់ខ្ញុំបីដំបងអី ល្មមខ្ញុំ) តែមិនទទួលខុសត្រូវពេលយាយម៉ាប់រករឿង តាម៉ាប់ 😀

      🙂 (រៀនតាមតាម៉ាប់)

    • តា ម៉ាប់ / ឧសភា 31 2012 10:44 ល្ងាច

      ដាក់បីដំបង​ក៏​មិនឆ្អី​ដែល​បងព្រោះ​បង​ពាក់​មួក​សុវត្ថិភាព​គ្រប់​ពេល​វេលា​នោះ ហេហេហេ ។ មិនអីទេបង យាយប៉ិណឹង​ឥត​វាយ​អី​ច្រើនទេ ចាប់​បោក​យក​ហ្មង ។

    • លី កល្យាណ / ឧសភា 31 2012 11:00 ល្ងាច

      អានហើយសើចឮពេកប្អូនខ្ញុំសួរ!
      ខ្ញុំដូចកូនជ្រូកចឹង បើយាយម៉ាប់បោកបែបកំពិតអស់ហើយ សង្សារខ្ញុំនឹងរករឿងតាម៉ាប់មិនខាន 😀

    • តា ម៉ាប់ / ឧសភា 31 2012 11:16 ល្ងាច

      អីយ៉ា ភ្ញាក់ព្រើត បងកល្យាណ​ថា​ មាន​សង្សារ តាំង​ពី​ស្គាល់​មក​មិន​ដែល​ឭ​និយាយ​រឿង ស្នេហា​បែប​អូន​បង​ នេះ​មួយ​ម៉ាត់ ស្រាប់​តែ​ចេញ​សង្សារពីណា​ក៏​មិនដឹង មិន​ប្រាប់​គ្នា​ឯង​មុន​សោះ ។

    • លី កល្យាណ / មិថុនា 2 2012 5:33 ល្ងាច

      ទើបតែមាន…អូយអៀនណាស់… កុំសួរអីតាម៉ាប់ ចាស់ៗស្រឡាញ់គ្នាពិបាកនិយាយណាស់។
      😀 😀

    • តា ម៉ាប់ / មិថុនា 3 2012 12:32 ព្រឹក

      សូមជួយអបអរបងកល្យាណ ។ សូមឃេីញបងប្រុសផង ។

    • លី កល្យាណ / មិថុនា 4 2012 6:36 ល្ងាច

      ចាស់ហើយ អៀនណាស់តាម៉ាប់អើយ! 😀

    • តា ម៉ាប់ / មិថុនា 4 2012 9:50 ល្ងាច

      អៀនស្អីទេបងអើយ !!! អ៊ីចឹង​សុំឱ្យសាលាញ់គ្នា ទាល់ខាំ​ចេក​របូត ខាំ​ពោត​របេះ 😀

    • លី កល្យាណ / មិថុនា 5 2012 8:53 ល្ងាច

      អរគុណអូនម៉ាប់ណាស់ 😀

    • ភរិយានិងម្ដាយម្នាក់ / មិថុនា 5 2012 9:22 ល្ងាច

      អីយ៉ា ទើបតែមានបងកល្យាណម្នាក់ហៅតាម៉ាប់ថា«អូនម៉ាប់» ដូចប្លែកត្រចៀកម៉េចទេនេះ!!!

    • លី កល្យាណ / មិថុនា 5 2012 9:55 ល្ងាច

      ខ្ញុំអៀនខ្លាំងពេក ក៏អរខ្លាំងដែរ ដែលតាម៉ាប់ជូនពរ ចឹងទៅហៅអូនម៉ាម៉ាត់ទៅ ព្រោះយាយម៉ាប់មិនដែលឃើញចូលលេង បើយាយម៉ាប់ចូលមក តំណែងនេះត្រូវមានការផ្ទេរ 😀

    • តា ម៉ាប់ / មិថុនា 5 2012 10:21 ល្ងាច

      ខ្ញុំមាន​មោទនភាព​ណាស់ ព្រោះ​ថា គ្រប់គ្នា​នៅទីនេះ ទោះ​ជា​អាយុ​បងខ្ញុំក្តី ប្អូន​ខ្ញុំក្តី តែង​ហៅ​ខ្ញុំ​ដោយ​គោរព ព្រោះ​ខ្ញុំជា តា ហាហាហា 😛 ។

      មួយម៉ាត់របស់​បង កល្យាណ​ ធ្វើ​ឱ្យ​មាន​អារម្មណ៍​ស្រស់​ថ្លា​ ក្មេង​ជាងវ័យ ហេហេហេ ។ យាយប៉ីណុង​បែប​មិន​ងាយ​បាន​មកទេ បើ​មក​ក៏​នៅ​តែ​ប្លុក​ខ្ញុំ​ដែរ ព្រោះ​គាត់​មិន​ទាន់​ចេះ​ប្រើ​ច្បាស់ ។

    • លី កល្យាណ / មិថុនា 6 2012 6:32 ល្ងាច

      ត្រូវហើយតាម៉ាប់ ពាក្យថា តា នេះគេគោរពណាស់ ដូចជាតាព្រហ្ម តាឌី ។ល។

    • តា ម៉ាប់ / មិថុនា 6 2012 11:55 ល្ងាច

      មិនបាច់ដល់ថ្នាក់ណុង​ក៏បាន​ដែរ ឥត​ទាន់ចង់​ក្លាយ​ជា​ អ្នក​តា អ្នក​យាយ ទេ ។

    • តា ម៉ាប់ / មិថុនា 5 2012 10:25 ល្ងាច

      បងវី កុំប្រាប់ថា​ច្រណែនខ្ញុំទៅបានហើយ 😛

    • ភរិយានិងម្ដាយម្នាក់ / មិថុនា 6 2012 11:14 ល្ងាច

      មិនច្រណែនទេ អូនម៉ាប់ កាម៉ាប់ៗៗៗៗ

    • តា ម៉ាប់ / មិថុនា 6 2012 11:51 ល្ងាច

      ឡុល 😛 ឱ្យតែប្រាកដ ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: