Skip to content
10 ខែមិថុនា 2012 / ស្នាមញញឹម

បទពិសោធន៍ថ្មីជាមួយគោយន្ត

និយាយៗពេលណាចេះតែខ្លាចគេថាខ្ញុំហ្នឹងឆ្កួត។ តែវាជាបទពិសោធន៍ក្នុងជីវិតពិត នាពេលបច្ចុប្បន្នរបស់ខ្ញុំ។

ខ្ញុំខំសន្សំប្រាក់ច្រើនឆ្នាំហើយដើម្បីទិញបានគោយន្តមួយគ្រាន់នឹងភ្ជួរស្រែកុំឱ្យលំបាកទៅជួលគេ ព្រោះថាពេល យើងត្រូវការ ជួលជួនកាលគេមិនមានពេលឱ្យយើងទៀត នាំលំបាកធ្វើស្រែក្រោយគេ ទឹកលិចផង បានផលតិច ហើយទុំក្រោយគេសត្វស៊ីគ្មានសល់។

ខ្ញុំមិនចង់បានគោយន្តប៉ុន្មានទេ តែកាលៈទេសៈនេះខ្ញុំគ្មានសល់គោទុកប្រើឡើយ។ គោទាំងប៉ុន្មានដែលមាន ត្រូវបានលក់អស់ គ្មានសល់យកប្រាក់មកឱ្យប្អូនៗរៀន ដូច្នេះមានតែវិធីមួយទេគឺទិញគោយន្តទុកប្រើ។ ការប្រើ គោយន្តបានបង្ខាតសេដ្ឋកិច្ច គ្រួសារមួយចំណែកដែរ ព្រោះយើងលែងមានជីរដាក់ស្រែទៀតហើយ។ តែបើប្រើ គោយើងលែងមានវាលសម្រាប់ឃ្វាលវា និងពិបាករកស្មៅឱ្យវារាល់ថ្ងៃ។ ពាក្យចាស់ថា «បើចង់មានឱ្យជួញអង្ករ ចង់ក្រឱ្យជួញឡានចាស់» ដឹងយ៉ាងណាយ៉ាងណីទេ!

ប៉ុន្មានអាទិត្យនេះ ខ្ញុំមិនបាននៅផ្ទះវើតប្រេសទេ ព្រោះរវល់ទៅមើលរៀបចំស្រែភ្លឺ ដើមរដូវវស្សាហើយ បើមិនចុះ ភ្ជួររាស់ទាន់ ពេលទេក្រែងមិនបានស្រូវដាក់ជង្រុក។ ណាមួយទើបបានគោយន្តថ្មីមកផង ជាម្ចាស់វាត្រូវចេះសព្វ គ្រប់កុំឱ្យគេមើលងាយ។

តាមពិតទៅ ពូខ្ញុំទេគាត់អ្នកកាន់កាប់វា ព្រោះខ្ញុំមិននៅជាប់លាប់ គាត់ជួយភ្ជួរយើងផងគាត់ភ្ជួរស្រែគាត់ផង។ ខ្ញុំ ឯណេះជាម្ចាស់ បានត្រឹមជួយមើលថែ ប្រាប់ពីរបៀបប្រើវាឱ្យសមស្របតាមបច្ចេកទេសប៉ុណ្ណោះ។ ព្រឹកម្សិល មិញទៅដល់កំពង់ធំភ្លាម រូតទៅ ស្រែភ្លាមដែរ ទៅជួយមើលគេភ្ជួរ និងបំណងមួយទៀតស្រូតទៅមើលដើមរំដួល ខ្ញុំនឹកថាក្រែងបានមួយមែកធំមកផ្ញើ ម៉ាក់អាបីនាក់ ព្រោះចង់ឱ្យក្មួយបានហូបរបស់ស្រស់ៗ ទៅដល់មិនដឹងជា រំបល់យក៍ណាមកលួចបេះរំដួលខ្ញុំមួយមែកធំដែលខ្ញុំបាន សម្លឹងទុកតាំងពីអាទិត្យមុន។ ទ្រាំខកបំណងមិនបាន ស្រែកជេរទាំងព្រលឹម ត្រូវនរណាត្រូវទៅ ព្រោះលួចរបស់ខ្ញុំ តាមស្មាន ប្រហែលជាគេទៅបេះមិនដល់មួយម៉ោង មុនខ្ញុំទៅដល់។ ឡើងលើដំបូករកមើលដែរ ឱ្យតែឃើញរត់ទៅដណ្តើមយកវិញមិនខាន ហ៊ឹះ កុំច្រឡំជាមួយខ្ញុំ!

ដើរតយង៉យមកវិញ ម៉ែដឹងតែថាអត់ហើយ ព្រោះដៃទទេ គាត់ប្រឹងលួងលោម៖

អើចាំទៅមើលឯផ្សារបានមួយគីឡូពីរទៅ!

អូខេ!

ដើរមកវិញ ពូយកគោយន្តមកដល់ល្មម។ ក្រោយពេលសួរនាំអស់មួយសន្ទុះធំមក ដឹងតាក់ទិចវាខ្លះៗពីមុនមក ដែរហើយ ព្រោះធ្លាប់បាក់ឆ្អឹងជំនីរអស់មួយដោយសាររៀនភ្ជួរគោយន្ត។ រៀបចំដោះពីរទេះ បំពាក់ផាលរួច ខ្ញុំ បណ្តើរវាចុះស្រែដែលដីមិនទាន់ជោគទឹកនៅឡើយទេ ព្រោះទើបភ្លៀងបានបីបួនមេ ឡើងជាន់បើកតិចៗរហូត ដល់ចុងស្រែ ម៉ែ និងពូបានទៅឈរនៅចាំត្រង់នោះព្រោះជាកន្លែងបត់។ ម្ចាស់ថ្មី គោយន្តថ្មី មិនទាន់ស្គាល់គ្នាអស់ គ្រាន់តែចាប់ផ្តាច់អំប្រ៊ីយ៉ាកង់មួយចំហៀង ស្រាប់តែភ្លេចមិនបានថយឱ្យផុតចង្កូតដែលវាបត់ មានអី ដៃចង្កូតវាត់ មកប៉ះឆ្អឹងជំនីរ ដួលព្រូសខ្ទាតពីគោយន្តទៅម្ខាង សំណាងណាស់វាបត់ទៅឆ្វេង វាបោកឯងទៅស្តាំ កុំអីអស់ជើង និងផាលវាកិនពីលើទៀត។ ម៉ែនៅហ្នឹង រត់មកលើកទាំងភ័យសភ្នែក ព្រោះគាត់គ្មាននរណាក្រៅពីខ្ញុំទេ។

ខ្ញុំត្រដរងើបឈរឈឺជិតនឹងសន្លប់ តែមិនចង់ឱ្យគាត់ពិបាកចិត្តក៏ប្រឹងធ្វើជាមិនអី!

អត់អីទេម៉ាក់! ហេសហេសហេ! ខ្ញុំបើកបានហើយ! ស្រួលតើ! (តាមពិតជិតនឹងឡាប់ហើយលោកអើយ! ចង់ឱប ពោះព្រោះចុកខ្លាំងណាស់ តែមិនហ៊ាននិយាយ មិនហ៊ានឈឺ ហ្នឹងមកពីចំណេះជិះកឯងរបស់ខ្ញុំ ខំធ្វើឬកជាអ្នក ចេះបែរជាតម្រិះជាន់កវិញ) 😀

ក្រោយមកខ្ញុំដើរទៅក្រោយគុម្ពោតដើម្បីមើលស្នាម តើវាយ៉ាងម៉េចហើយ? ទុកឱ្យពូខ្ញុំបណ្តើរគោយន្តជួសខ្ញុំទៅ។ រួចការយើងក៏ត្រឡប់មកផ្ទះវិញជាមួយនឹងបន្លែល្ពៅ និងត្រសក់មកផ្ទះវិញ។ ក្រោយបាយរួចក៏ដេកលក់តាំងពី ម៉ោងប្រាំពីរយប់ ព្រឹកឡើងម៉ោងបីក៏ងើបមកភ្នំពេញវិញ ដេកដល់ម៉ោងដប់មួយ។

ដេកឈឺមួយល្ងាចទៀត ម៉ែក៏តេមកសួរថាយ៉ាងម៉េចយ៉ាងម៉ាហើយ។ មិនហ៊ានប្រាប់តាមត្រង់ទេព្រោះម៉ែគាត់ ភ័យអាក្រក់ណាស់ គាត់លើសឈាមផង។

ទើបត្រឡប់មកពីពេទ្យ ក៏បានធូរចិត្តព្រោះមិនកើតអីទេ គ្រាន់តែជាំសាច់ក្បាលពោះបន្តិចប៉ុណ្ណោះ។

ហេងវិញណា៎! ម៉ាក់អាបីនាក់ថា គ្រាន់តែបាក់ធ្មេញ អត់បែកទូរស័ព្ទ 😀

អត់មានអីផ្ញើក្មួយទេ ព្រោះងើបម៉ោងបីយប់ព្រឹកមិញ គ្មាននរណាលក់អីឡើយ។ ចាំលើកក្រោយចាំអ៊ំទៅរកនៅ ក្នុងព្រៃមកឱ្យតែម្តង ទៅរកអារបស់ធម្មជាតិពិតៗ ង៉ាស់ង៉ាស់ង៉ាស់ ប្រុងភរក្មេងបានប៉ុន្មានចាំមើល៍ 😀

Advertisements
  1. តា ម៉ាប់ / មិថុនា 11 2012 12:06 ព្រឹក

    ហូប​ដើម​ចំប៉ា ? ចុម​បងកល្យាណ ការងារ​ដូច​ដល់ហើយ ពេល​អាន​ដំបូង​ខ្ញុំ​ស្មាន​ថា​ជា​រឿង​ខ្នាត​ខ្លីតួប្រុស​ទៀត​ហើយ ដឹង​អីបង​កល្យាណ​លាត់ជើង​ខោ​ចូល​ទៅប្រឡូក​ផ្ទាល់​សោះ ។

    ឆាប់​ធូរ​ស្រាល​ណា​បង !

    • តា ម៉ាប់ / មិថុនា 11 2012 12:06 ព្រឹក

      ច្រឡំ រំដួល គេហូបដែរ ?

    • លី កល្យាណ / មិថុនា 11 2012 1:48 ព្រឹក

      ផ្លែរំដួលគេហូបតើ តាម៉ាប់ ហើយឆ្ងាញ់ដែរតើ គ្រាន់តែថាគ្រាប់វាធំតិច ខ្ជិលខ្ជាក់ ហើយស្វាយអណ្តាតព្រោះព័ណ៌វាក្រម៉ៅ។

      អរគុណ តាម៉ាប់។ ចង់រៀបរាប់ឱ្យបានសើចតែដល់ខ្លួនឈឺពេកទៅ ក៏ទៅជាមើលហើយសើចមិនចេញវិញ ចាំមើលកែសម្រួលទៀត។ គ្រាន់តែចង់ឱ្យបានសើចប៉ុណ្ណោះឯង…

    • លី កល្យាណ / មិថុនា 11 2012 1:49 ព្រឹក

      អាពាក្យ ឡុល ហ្នឹងមានន័យថាម៉េច ចង់ដាក់នឹងគេដែរតែមិនដឹងន័យវាច្បាស់ 😀

    • តា ម៉ាប់ / មិថុនា 11 2012 11:18 ព្រឹក

      នេះ LOL

  2. somada / មិថុនា 11 2012 2:26 ល្ងាច

    សូមចូលរួមត្រេកអរផង ជាមួយនឹងបទពិសោធន៍ថ្មីនេះ សង្ឃឹមថាទៅវិញលើកក្រោយនេះបានជិះគោយន្ត​ជាមួយកល្យាណម្តងទៀត ។

    • លី កល្យាណ / មិថុនា 11 2012 2:39 ល្ងាច

      គេភ្ជួរឱ្យហើយពីម្សិលហើយបងអើយ! គ្មានបានជិះជាមួយខ្ញុំទេ ព្រោះពិបាកប្រើបន្តិច ស្មុគ្របន្តិច តែរីករាយពិតមែនជាមួយបទពិសោធន៍ថ្មីនេះ ចឹងហើយបានជាសរសេរចែកគ្នាសើច។

  3. ភរិយានិងម្ដាយម្នាក់ / មិថុនា 11 2012 2:29 ល្ងាច

    អរគុណអុំទុកជាមុន។ អ្នកអំពេញទើបតែដឹងទេថា ផ្លែរំដួលគេហូបបានដែរហ្ន៎។ ហើយស្នាមជាំនោះ ធូរស្រាលបន្តិចឬនៅបង?

    • លី កល្យាណ / មិថុនា 11 2012 2:45 ល្ងាច

      ស្នាមជាំនោះទើបតែខ្មៅខ្លាំងពីព្រឹកមិញ ព្រោះពេលថ្មីមិនហ៊ានលាបប្រេងកូឡា ខ្លាចគាត់ដឹង 😀
      ខ្ញុំមិនជឿថាមិនបានហូប ឬមិនធ្លាប់ហូប ប្រហែលជាជីវីភ្លេចក៏មិនដឹង។ ផ្លែរំដួល ផ្លែចង្កោមៗទុំព័ណ៌ ក្រហម ក្រម៉ៅហើយឆាប់ជោរខូចណាស់កាលបើទុំល្អហើយទង្គិចត្រូវអ្វីច្រើន ប្រហែលជាបែបណឹងបានជាមិន សូវឃើញលក់នៅទីឆ្ងាយពីព្រៃ។ បើហូបច្រើនកាលណា អណ្តាតឡើងស្រគៀ ព័ណ៌ស្វាយតាមផ្លែវា។ ចាំមើលអាទិត្យក្រោយទៅរាស់ម្តងទៀតក្រែងមានគេលក់ទិញមកផ្ញើអ្នកអំពេញ អ្នកកាពុងចាមម្តង …
      គ្រាន់តែថាពិបាកចិត្ត មិនដឹងជាទូល ឬក៏ស្ពាយ បើខ្ញុំជិះម៉ូតូទៅនោះ?

    • ភរិយានិងម្ដាយម្នាក់ / មិថុនា 11 2012 2:51 ល្ងាច

      មិនស្គាល់ផងផ្លែហ្នុងនោះ អោយហូបឡាម៉េចទៅ! ហីអត់រៀងចាលទៀតអុំឯង ចង់ទៅរាស់អីទៀតហ្នុង?!!!

    • លី កល្យាណ / មិថុនា 11 2012 3:33 ល្ងាច

      បើមិនរាស់ព្រោះគ្រាប់ស្រូវមិនទាន់បានទេ ទាល់តែរាស់បានដីស្មើល្អ ធ្វើទៅបានផលច្រើន។ ទៅពីរអាទិត្យនេះគ្រាន់តែភ្ជួរផ្អាប់ដីទេ។
      ខ្ញុំធានាចាំមើលតែបានឃើញដឹងតែចេះញ៉ាំតាម៉ង។ ខ្ញុំសង្ស័យតែជីវីភ្លេចទេ មិនដែលថាមិនធ្លាប់ញ៉ាំ ឡាបស់គេឆ្ងាញ់គ្រាន់ដែរណា៎ (មិនហ៊ានថាល្អពេកទេ ខ្លាចគេថាពេលបានឃើញរបស់ពិត 😀 ) ក្រែងតែភ្លេចព្រោះមួយឆ្នាំផ្លែបានតែមួយដងទេ។

    • ភរិយានិងម្ដាយម្នាក់ / មិថុនា 11 2012 8:38 ល្ងាច

      អីយ៉ា ប្រូម៉ូស្យិនដល់កហើយអុំ មានពេលអុំថតរូបដាក់ចែកអ្នកភូមិយើង​មើលផង 😀

    • លី កល្យាណ / មិថុនា 11 2012 10:29 ល្ងាច

      មិនសូវចេះថតរូបទេជីវីអើយ ដូចជាមិនត្រូវធាតុនឹងម៉ាស៊ីនម៉េចមិនដឹង ថតពេលណាមើលមិនយល់។ ចាំមើលរកអាមែនទែនមិនបានចាំថតរូបចែក។

  4. somada / មិថុនា 11 2012 4:19 ល្ងាច

    បើក្មួយកល្យាណវិញ​កាលណាមានជាំអញ្ចឹងគេអត់យកបាយស្អំទេ តែគេឲ្យបងស្ងោរពងមាន់ឬ ពងទា​ឲ្យគេស្អំ ។ គេថាស្អំហើយបកញ៉ាំហ្មង តែកុំភ្លេចលាយអំបិលម្រេចឲ្យហើយផង ។ និយាយអញ្ចឹងនឹក​ឃើញ​អាប្រយោគជិតចប់នោះ បានទងល្ពៅ ធ្វើឲ្យបងកូរពោះគ្រូក ៗ អង្គុយលែងស្ងៀមតែម្តង ។ សម្លប្រហើរ​ទងល្ពៅ បងចូលចិត្តខ្លាំងណាស់ មិនដឹងជាថ្ងៃបានញ៉ាំទេខ្ញុំ ។

    • លី កល្យាណ / មិថុនា 11 2012 4:55 ល្ងាច

      ចាំមើល៍មីងទៅវិញស្ងោរពងទាដែលនៅក្នុងស្តុករបស់មីងម៉ាឆ្នាំងដាក់ស្អំ តាម៉ងព្រោះជាំពេញពោះហើយខ្មៅមែនទែន។ ចេះមួយក្បាច់ទៀតពីក្មួយខ្ញុំ។

      បងឆាប់ត្រឡប់មកវិញមុខជាបានញ៉ាំមិនខានទេ អ៊ំមុខតែស្លទទួលហើយ ពេលហ្នឹង…ខ្ញុំទៅដែរ…

  5. somada / មិថុនា 11 2012 8:13 ល្ងាច

    ចាំតែឲ្យញ៉ាំតើ ! ឮសូរផ្ទះគេមានរបស់ខ្ញុំមិនបានទេ ស្នើខ្លួនរហូត ។ និយាយអញ្ចឹងពងទាស្ងោរញ៉ាំអស់ឬនៅ បើនៅបងទៅ​ជួយបសម្បកឲ្យណា ខ្លាចកល្យាណឈឺដៃទៀតពិតជាពិបាកហើយ ។

    • លី កល្យាណ / មិថុនា 11 2012 10:12 ល្ងាច

      ហាសហាសហា បងខ្ញុំឌឺម៉ាចប់។
      តែខូចខ្លួនឯងមែន ចេះតែរកអីហូប ចឹងបានជារាងដូចខ្លាឃ្មុំ
      ពងទាស្ងោរនៅក្នុងស្តុកមួយអាទិត្យមិនតិចជាងសាមសិបទេ បង សូមធានាឱ្យតែអញ្ជើញមកដើមអាទិត្យបែបនេះនៅ សល់ច្រើន ទទួលបង​បានពេញទំហឹង 😀

  6. somada / មិថុនា 12 2012 8:11 ព្រឹក

    ហាស់ ហា អញ្ចឹងតើបានជាមុខដូចពងទា ! ដឹងទេឲ្យតែថ្ងៃសៅរ៍​ថ្ងៃអាទិត្យ ក្មួយកល្យាណ​ពីរនាក់ហ្នឹងណា នាំគ្នាទាយថាយ៉ាងហោច​ណាស់ ក៏មានថ្ងៃណាមួយក្នុង​ចំណោមថ្ងៃទាំងពីរ​នៃអាហារ​ទាំង៦ពេល​របស់​យើង​មាន​ពងទា​មួយពេលមិនខាន ទាយ​ហើយគេក៏នាំគ្នាសើច ឌឺដាក់ម៉ាក់គេទៀត (ព្រោះម៉ាក់ខ្ជិលនោះអី ដល់អញ្ចឹងទៅ​ ពងទាចៀន ពងទាស្ងោរ ពងទាខ )។

    • លី កល្យាណ / មិថុនា 12 2012 8:32 ព្រឹក

      ង៉ាស់ៗៗ អស់ទាស់ម៉ងក្មួយ! ចូលចិត្តយកការពិតមកនិយាយ។

      ខ្ញុំដឹង គឺអាហារពេលព្រឹកច្រើនជាពងទាមិនខាន។

      ពីយប់មិញគេងដាក់ស្អំពងទា គេងលក់ទៅពងទារត់ពេញគ្រែ! អស់ទាស់ម៉ងខ្ញុំ។

  7. somada / មិថុនា 12 2012 9:37 ព្រឹក

    ពូកែទាយណាស់តើកល្យាណ ថ្ងៃណាដូរអាជីពប្រាប់បងផង បងទៅជួយរាប់លុយ ។ ស្មានតែពងទារត់ពេញ​ពោះខំតែភ័យ គិតថាវាទៅធ្វើបាបក្រពះតើមិញនេះ ។

    • លី កល្យាណ / មិថុនា 12 2012 3:04 ល្ងាច

      បងហើយ ខ្ញុំទាយត្រូវបានតែពីរបីផ្ទះគ្នាឯងទេ។

      ពងទាទាំងនោះត្រូវបានក្លាយជាអាហារពេលព្រឹករបស់ខ្ញុំ ហើយសល់ប៉ុន្មានទុកស្អែកទៀត 😀

      អរគុណម្ចាស់បងដែលឧស្សាហ៍មកលេងជាងគេ។
      អរគុណក្មួយៗដែលនាំមីងឱ្យស្គាល់ ដឹងអ្វីៗកាន់តែច្រើនជាងមុន 😀

  8. somada / មិថុនា 12 2012 5:41 ល្ងាច

    គិតលុយឥឡូវហើយ ម្ចាស់ប្អូន ។

    • លី កល្យាណ / មិថុនា 12 2012 10:36 ល្ងាច

      យ៉ា កាចផងម្ចាស់បង? 😀 នឹកបងៗ និងក្មួយៗ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: