Skip to content
13 ខែមិថុនា 2012 / ស្នាមញញឹម

ហេតុផលកំប៉ិឡិះរបស់អូន

កាលដែលយើងទើបចាប់ផ្តើមស្នេហ៍ថ្មោងថ្មី ទាំងបងប្អូនអូន និងគ្រួសារបង សុទ្ធតែមានទំនាក់ទំនងនឹងគ្នាយ៉ាង ជិតស្និទ្ធ។ យើងមិនមែនជាគូស្នេហ៍លួចលាក់ដែលត្រូវគេចពីភ្នែកអ្នកដទៃឡើយ ព្រោះមនុស្សនៅជុំវិញខ្លួនយើង គឺជាសាច់ញាតិរបស់យើងទាំងអស់ យើងធ្វើអ្វីខុស មានពួកគេជួយណែនាំ ជួយតម្រង់ទិស ជួយគាំទ្រ និងរីករាយ ជាមួយស្ទើរគ្រប់ពេលវេលា។

ដល់ពេលបែកគ្នា អ្វីៗទាំងអស់បានផ្លាស់ប្តូរតែក្នុងមួយប៉ព្រិចភ្នែក ដែលបងស្ទើរមិនជឿថា រឿងនឹងទៅជាបែប នេះកើតឡើយ។ មិនត្រឹមតែការបែកគ្នារបស់ពួកយើងនាំឱ្យជីវិតរបស់យើងទាំងពីរត្រូវផ្លាស់ប្តូរទេ វានាំប៉ះពាល់ ដល់ពួកគេផងដែរ ពួកគេធ្លាប់រស់នៅជាមួយគ្នា បែរជាលែងមានទំនាក់ទំនងនឹងគ្នា បែរជាក្លាយជាត្រឹមតែមនុស្ស ធ្លាប់ស្គាល់ ពួកគេបានត្រឹមសើចដាក់គ្នា សួរសុខទុក្ខគ្នាដែលខុសពីមុនដាច់ស្រឡះគឺពួកគេបបួលគ្នាទៅដើរលេង ទាត់ធាក់គ្នា និងមានរឿងអ្វីកើតឡើងគេចេះជជែកគ្នាដើម្បីរកវិធីដោះស្រាយ។ នេះជាការប្រែប្រួលមួយដែលពួក គេគួរតែបន្ស៊ាំខ្លួនទៅនឹងរឿងទាំងនេះតាំងពីយូរមកហើយ។ អូនយល់ដូចបងទេ? រឿងរបស់ពួកយើងសោះ បែរ ជាមនុស្សជិតដប់នាក់ត្រូវឈឺក្បាលជាមួយ ដែលយ៉ាងហោចណាស់បានរំខានការគិតរបស់ពួកគេខ្លះផងដែរ។

ពួកយើងឈប់ទាក់ទងគ្នាជាច្រើនឆ្នាំមកហើយ យើងក៏មានគូស្នេហ៍ថ្មីរៀងៗខ្លួនដែរ យើងកម្របានជួបគ្នាណាស់ ដោយមួយរយៈក្រោយប្រមាណបួនប្រាំឆ្នាំនេះ យើងបាននឿយណាយនឹងកិច្ចការប្រចាំថ្ងៃផង ការងារផ្ទាល់ខ្លួន ផងទើបយើងមិនសូវបានជួបគ្នា ដែលជាធម្មតាមនុស្សមានទស្សនៈទំនើបដូចពួកយើង មិនចង់ឱ្យក្រោយពីបែក គ្នាទៅយើងត្រូវចងចិត្តជាសត្រូវនឹងគ្នាអស់មួយជីវិតទេ បងគ្មានពេលគិតចងគំនុំគុំគួននឹងអូន ព្រោះបងរវល់គិត រឿងសប្បាយៗដែលបងត្រូវប្រឹងស្វែងយល់ក្នុងពិភពលោកដ៏ធំទូលាយមួយនេះ។ បងត្រូវការចង់ដើរទៅគ្រប់ទិស ទីនៃលោកនេះដើម្បីបានឃើញបានយល់របស់ប្លែកៗផ្សេងទៀត របស់ដែលបងត្រូវការចាំបាច់ក្នុងជីវិត និងរបស់ ដែលគួរឱ្យទាក់ចិត្តនានា។ តែ…

ញាតិមិត្តបងប្អូនយើងទាំងសងខាងនៅតែមានទស្សនៈខុសឆ្គងចំពោះទំនាក់ទំនងរបស់យើង គេយល់ថាពួកយើង នៅតែទាក់ទងគ្នា នៅតែនឹកដល់គ្នា នៅតែស្រឡាញ់គ្នា។

អូខេ! បងមិនប្រកែកទេថាបងស្រឡាញ់អូន បងធ្លាប់ស្រឡាញ់អូនខ្លាំងណាស់ ហើយឥឡូវ…បងក៏នៅសល់ក្តី ស្រឡាញ់ចំពោះអូន ចុះអូនវិញ? អូនធ្លាប់ស្រឡាញ់បងទេ? អូននៅស្រឡាញ់បងទេ?

បងចេះតែសួរថា អូនស្រឡាញ់បងដែរទេ? ក្រោយពេលដែលបងតែងសូត្រស្លោកមួយឃ្លារបស់បងថា «បង ស្រឡាញ់អូនណាស់»។ មួយរយសំណួរដែលបងធ្លាប់បានសួរ អូនមិនដែលឆ្លើយតបទេ មនុស្សដែលមានការ គិតជ្រៅជ្រះដូចជាអូននឹងមិនព្រមប្រទាក់ខ្លួននឹងក្រឡាសំណាញ់របស់បងឡើយ ដូច្នេះហើយបានជាអូនស៊ូនៅ ស្ងៀម។ បងក៏ដឹង គឺអូនចង់ឆ្លើយថា អូនមិនធ្លាប់ស្រឡាញ់បងទេ តែក្តីអាណិតមួយនោះបែរជាបង្ខំអូនមិនឱ្យ ក្លាហាននិយាយពាក្យពិតទាំងនេះទៅវិញ។ ស្តាយដែរ បើកាលណោះអូនចេះបន្ស៊ាំបងទៅនឹងការឈឺចាប់ខ្លះ បង ប្រហែលជានឹងចេះងើបឈរដោយខ្លួនឯងបានឆាប់រហ័សក្រោយពេលបងទាក់ជើងដួល។

គ្រួសារអូន និងបងនៅតែមានមន្ទិលក្នុងពេលដែលពួកយើងព្យាយាមកប់អារម្មណ៍ និងមនោសញ្ចេតនារបស់ពួក យើងទៅហើយ។ ប្រហែលជាមកពីពួកយើងបានបង្ហាញនូវអារម្មណ៍នឹករលឹកដល់គ្នា ឬគិតពីគ្នាទើបនាំឱ្យពួកគេ គិតបែបនេះ។ តាមពិតពួកយើងមិនដែលបានទាក់ទងគ្នាទេ មិនដែលបានពិភាក្សាគ្នាពីរឿងជីវិត ពីការងារផ្សេងៗ ជាមួយគ្នាទៀតឡើយ។ ប្រហែលជាមកពីធ្លាប់តែគិតរួមគ្នា ធ្វើអ្វីៗរួមគ្នារបស់ពួកយើងពីមុនទើបពេលដែលយើង «រៀនរស់ដោយខ្លួនឯង សម្រេចចិត្តដោយខ្លួនឯង» យើងបែរជានឹកដល់គ្រាកន្លង និងរឹតតែនាំការសង្ស័យច្រើន ឡើងនៅពេលយើងបានមករស់នៅជិតគ្នាវិញ។

អូន! បងសារភាពថា គ្រប់ពេលដែលបងប្រុងធ្វើអ្វីមួយ បងគិតដល់អូនជានិច្ច។ សូម្បីបងចង់ទិញអាវក៏បងគិត ដល់អូន…អូននឹងធ្វើជាសួរបងថា ម៉េចចឹង? មកពីកាលមានអូន បងគ្រាន់តែនិយាយពីតម្រូវការរបស់បង នោះ ស្អែកបងនឹងបានរបស់ដែលបងចង់បានហើយ ត្រូវចិត្តទៀត។ មានពេលខ្លះបងនឹកដល់កាលមុនដែលបងក្រ គ្មានសូម្បីប្រាក់មួយរយដុល្លារដើម្បីទិញចិញ្ចៀនមួយវង់ជូនអូនទុកជារបស់បញ្ចាំចិត្ត ដល់ឥឡូវបងចង់ទិញ ចិញ្ចៀនពេជ្រមួយពាន់ដុល្លាជូនអូនតែបងធ្វើទៅមិនកើត នេះហើយជាអ្វីដែលបងយល់ថា «ទំនាក់ទំនងយើង កើតឡើងក្នុងពេលមិនសមប្រកប!»។ តែបងមិនសោកស្តាយពេកទេ ព្រោះមានរឿងខ្លះបងគិតថាបងបានធ្វើ រឿងដែលត្រឹមត្រូវបំផុតចំពោះអូនរួចហើយ។ ពេលអូនឈឺ ប្រុងចូលពេទ្យ បងបានលក់ម៉ូតូដែលជាសម្បត្តិតែ មួយគត់ដែលអ្នកក្រដូចបងមានសម្រាប់រកចិញ្ចឹមជីវិតដើម្បីត្រៀមប្រាក់សម្រាប់អូន… បងបានព្យាយាមការពារ និងថែទាំអូនគ្រប់បែបយ៉ាងដែលបងអាចធ្វើទៅបាន សុំត្រឹមតែឱ្យអូនរស់នៅមានសុខភាពល្អ និងរីករាយក្នុង ជីវិតប៉ុណ្ណោះ។

បងយល់មិនអស់នូវអ្វីដែលអូនកំពុងគិត។ អូនគិតពីអ្វី? មានគិតអី  អូនចង់ជួបបងដើម្បីជជែកគ្នា? អត់ទេ!  ចឹងអូនមានការអី? បង! ជួយជូនអូនទៅទិញកង់មួយបានទេ? បងគ្មានពេលទំនេរទេ ស្អែកទំនេរទេ?  បងរវល់ ធ្វើការបង្ហើយប្រញាប់បញ្ចប់របាយការណ៍ ថ្ងៃសៅរ៍បានទេ?  បងត្រូវទៅជួបប្រធានចាស់  ថ្ងៃអាទិត្យទៅអីចឹង? 

អស់ពាក្យនឹងប្រកែកជាមួយអូនហើយ អស់ស្នៀតភូតអូនទៀតហើយ៖ បងសុំសួរបន្តិច! អូនអត់ចេះទិញទេ គ្រាន់តែកង់ហ្នឹង? បងមិនចង់និយាយត្រង់ពេកជាមួយអូនទេ ព្រោះបងមិនចង់ឱ្យអូនស្រក់ទឹកភ្នែកដោយសារ សម្តីត្រង់ពេករបស់បង។ បងដឹងថាអូននៅគិតដល់បង បងអរគុណណាស់ក្នុងនាមមនុស្សម្នាក់ដែលចង់ឱ្យ អូនគិតបែបនេះតាំងពីដប់ឆ្នាំមុនឯណោះមិនមែនទើបតែឥឡូវនេះទេ។

អូន! យើងជ្រើសរើសផ្លូវដើរដ៏ត្រឹមត្រូវស្របតាមគោលការណ៍ជីវិត និងបំណងប្រាថ្នារបស់យើងហើយ យើងបាន ធ្វើរឿងដែលត្រឹមត្រូវបំផុតហើយ ទោះមានម្តងពីរនោះយើងធ្លាប់ធ្វើខុសខ្លះក៏ដោយ តែពួកយើងបានរៀនពីជីវិត មួយ នេះច្រើនណាស់ដើម្បីកែសម្រួលដំណើរជីវិតរហូតដល់ថ្ងៃចុងក្រោយរបស់យើងរៀងខ្លួន។ បងតែងអរគុណ ទេវតា និងក្រុមគ្រួសារយើង ដែលដឹកដៃឱ្យយើងរៀនសិក្សាដោយមិនចាំបាច់ចំណាយប្រាក់អស់មួយរៀលណា ដើម្បី បានស្វែងយល់ពីពាក្យថា «ជីវិត និងសេចក្តីស្រឡាញ់»។

បងកំពុងគិត៖ បងប្រហែលជាត្រូវធ្វើបុណ្យឱ្យខ្មោចស្នេហាមួយនេះ បើមិនដូច្នេះទេ វានឹងតាមលងពួកយើងរហូត ដល់ទីបញ្ចប់។

កុំស្តាយក្រោយអីណា៎! ទោះជាយ៉ាងណា ពេលនេះយើងត្រូវតែពេញចិត្តនឹងអ្វីៗដែលកំពុងមាន ហើយព្យាយាម ស្វែងរកនូវអ្វីដែលយើងកំពុងខ្វះខាតដើម្បីបំពេញសេចក្តីត្រូវការឱ្យជីវិតដែលមានតែម្តងរបស់យើងនេះឱ្យបាន ពេញទំហឹង។ ពេលនោះឯង យើងនឹងដឹងថានេះហើយជាជោគជ័យមួយក្នុងជីវិតយើង។

ឯវំ

Advertisements
  1. somada / មិថុនា 13 2012 8:03 ល្ងាច

    តាំងពីចេះមានសង្សារមក កល្យាណសរសេររឿងស្នេហារហូតហ្មង ។ រឿងរបស់ម្ចាស់ផ្ទះមែនទេ ? កំសត់ដល់ហើយ យំហើមភ្នែកហើយខ្ញុំ ។ មនុស្សគឺអញ្ចឹង​មានពេជ្រនៅក្នុងដៃ​មិនចេះរក្សាទេ ដល់ពេលបាត់​បង់តាំងស្តាយក្រោយ នេះ​បានចំជាមនុស្សក្បាលខ្មៅមែន (តែបងក្បាលសហើយព្រោះហាយឡាយ)។

    • លី កល្យាណ / មិថុនា 13 2012 8:11 ល្ងាច

      ម្ចាស់បងអើយរឿងខ្លីទេ! អរគុណម្ចាស់បងដែលបានតាមដានប្លក់របស់ញ៉ុមជារហូតមក។

    • លី កល្យាណ / មិថុនា 13 2012 8:13 ល្ងាច

      នេះបានពិតជាក្មេងខ្ចីល្វក់មែន​ ហាយឡាយសក់ទៀតលោកអើយ

    • តា ម៉ាប់ / មិថុនា 13 2012 11:58 ល្ងាច

      ស្នេហ៍អើយស្នេហ៍ អីក៏ច្រើនរសជាតិម៉េស ច្រើនជាង​ដុំមាន់ខ្នររាប់រយ​លានដង !

    • លី កល្យាណ / មិថុនា 14 2012 7:43 ព្រឹក

      ដូចឥន្ធនូចឹងណាតាម៉ាប់ ច្រើនព័ណ៌ដូចរូបពពុះសាប៊ូដែលតាម៉ាប់បានថត ហើយខ្ញុំស្រឡាញ៉រូបនោះណាស់។

    • តា ម៉ាប់ / មិថុនា 14 2012 10:08 ព្រឹក

      ឥន្ធនូតែ ៧ ព័ណនឹងបង? យីឈ្លៀតបញ្ជោរទៀត ។

    • somada / មិថុនា 14 2012 10:24 ព្រឹក

      ឃើញមានអ្វីប្លែក ៗ ចេះតែចូលខំមិនទៅ ព្រោះឃើញគេដាក់ថា ខំមិនម្តងបាន ១ដុល្លា ។ ហ្អាស់ ហ្អាៗៗៗ ខ្ញុំជិតក្លាយជាអ្នកមានហើយ និយាយអញ្ចឹងទៅបើកលុយនៅណាទៅ ? ហើយបងបានប៉ុន្មានដុល្លាហើយជួយប្រាប់ផង ។

    • លី កល្យាណ / មិថុនា 14 2012 10:45 ព្រឹក

      ខ្ញុំឃើញបងខំមិនដំបូង មាន១ដុល្លារ តែដល់ពេលខ្ញុំតបទៅវិញលែងមាន បានន័យថា បងបានមួយដុល្លា ដល់ខ្ញុំតបទៅគឺស៊ីដាច់មួយដុលានោះបាត់ ហាសហា

      សុំទោសបង!

    • somada / មិថុនា 14 2012 11:12 ព្រឹក

      អូ អញ្ចឹងបានន័យថា បងអត់បានអីម៉ាដុល្លាហើយអញ្ចឹងនោះ ! ខំអេងគិតរាប់ខែហើយ តើត្រូវយកលុយនោះទៅធ្វើអីខ្លះ ។ ហិ​ៗៗ អស់សង្ខឹមហើយខ្ញុំ

    • លី កល្យាណ / មិថុនា 14 2012 11:26 ព្រឹក

      សូមជម្រាបជូនដំណឹងថា អត់បានអីម៉ាដុលាទេបង។ តែគេងគិតលេងៗសិនទៅ ចាំមើលង៉ៃណាញ៉ុមចាក់ ឆ្នោតត្រូវចាំញ៉ុមចែកបងខ្លះ…

    • somada / មិថុនា 15 2012 10:41 ព្រឹក

      អូ និយាយដូចបងប្រុសគេដល់ហើយ​ គាត់ថាចង់ទិញឆ្នោត​មួយសន្លឹក​ឲ្យត្រូវអារង្វាន់ធំតែម្តង តែមិនដែលឃើញទិញទេ ។ នៅស្រុកថៃអ្នកលក់ឆ្នោតគេដើរលក់នៅតាមបេនឡាន ហាងបាយ … ឲ្យតែបេល​គេមកសួរគាត់ គាត់សួរគេវិញ​ថា អាមួយណាត្រូវរង្វាន់ធំ ? អ្នកលក់ថាអត់ដឹងទេបង គាត់ថាបើអត់ដឹងចឹង គាត់អត់ទិញទេ ។

    • លី កល្យាណ / មិថុនា 15 2012 10:51 ព្រឹក

      ង៉ាស់ៗៗ រកគ្នាឃើញហើយ!
      បានតែថាចឹងទេ ខ្ញុំមិនដែលចាក់ឆ្នោតឡើយ បើទិញឆ្នោតកាកបាទ ក្រហមវិញទុកចោលក្នុងកេះតុ។ បងប្រុសមានគំនិតល្អណាស់ ចាំទិញអាណាដែលត្រូវរង្វាន់ធំតែម្តង។ បើអ្នកលក់មិនដឹងថាមានរង្វាន់ ធំឬអត់ផង យើងត្រឹមអ្នកទិញក៏មុខជាអត់ដូចតែគ្នាហ្នឹង។

  2. ភរិយានិងម្ដាយម្នាក់ / មិថុនា 13 2012 10:04 ល្ងាច

    មើលអត់សូវយល់ទេខ្ញុំ!?!!! អត់យល់ថាតួប្រុសថា តួស្រីមិនធ្លាប់ស្រឡាញ់គាត់ទេ តែហេតុអីក៏​តួស្រីដូចទើបនឹង​ស្ដាយក្រោយ ហើយព្យាយាមមកទាក់ទងតួប្រុសវិញចឹង!!!????

    • លី កល្យាណ / មិថុនា 13 2012 10:08 ល្ងាច

      ដូចបងសុធាថាចឹងណា ជីវី។ ប្រហែលជាជួនកាលគាត់ មិនមាននរណាជជែកជាមួយ គាត់នឹកដល់មនុស្សដែល ធ្លាប់ស្រឡាញ់គាត់។ ជួនកាលគាត់គ្មាននរណាយល់ចិត្ត ដូចមនុស្សដែលធ្លាប់ព្យាយាមស្វែងយល់ចិត្តគាត់ ចឹងបានគាត់អាចប្រៀបធៀបបានថា គាត់ត្រូវការមិត្ត ដែលយល់ចិត្តម្នាក់នោះ។

    • ភរិយានិងម្ដាយម្នាក់ / មិថុនា 14 2012 4:36 ល្ងាច

      បងកល្យាណប្រើពាក្យកំប៉ិឡិះ ដូចខ្ញុំតែងហៅនូនូថាអាកំប៉ិឡិះៗដែរ។

    • លី កល្យាណ / មិថុនា 14 2012 4:56 ល្ងាច

      ម៉ោពីនូនូស្រាលឬបានហៅគ្នាថាអីចឹង?

    • ភរិយានិងម្ដាយម្នាក់ / មិថុនា 14 2012 10:11 ល្ងាច

      ស្រាលនោះស្រាលលែងនិយាយ! រាងដូចឈើចង្កាក់ចឹង!

    • លី កល្យាណ / មិថុនា 15 2012 8:08 ព្រឹក

      ប្រហែលជាអត់ចូលចិត្តភ្លៅមាន់ និងភីស្សាទេបានជាអត់ដូចអ៊ំ និងយក្ស! 😀

    • ភរិយានិងម្ដាយម្នាក់ / មិថុនា 15 2012 2:20 ល្ងាច

      អាមួយហ្នឹងស្អីក៏ញ៉ាំ ស្អីក៏សាកភ្លក្សដែរ តែចឹករលាស់ៗ ដូចមាន់ចឹង មិនដែលបានច្រើនទេ

  3. គឹម ចាន់ / មិថុនា 14 2012 1:29 ល្ងាច

    ha ha…ពិតជាកម្សត់មែន! តាមសាច់រឿង ដូចជាតួស្រី អ្នកខុស?

    • លី កល្យាណ / មិថុនា 14 2012 2:05 ល្ងាច

      អានរឿងថាកំសត់ប៉ុនណឹងហើយ នៅសើចនាំមុខទៀត!
      តួទាំងពីរអត់មានអ្នកខុសទេ មានតែត្រូវ

    • គឹម ចាន់ / មិថុនា 14 2012 2:06 ល្ងាច

      ហា ហា…

    • លី កល្យាណ / មិថុនា 14 2012 2:07 ល្ងាច

      យីស កម្លោះនេះ! ហាសហា

    • គឹម ចាន់ / មិថុនា 14 2012 2:36 ល្ងាច

      ha ha ម៉េចដឹងថាខ្ញុំកំម្លោះ? ហា ហា…

    • លី កល្យាណ / មិថុនា 14 2012 2:39 ល្ងាច

      អ្នកមិនធ្លាប់ដឹងតែពេលស្គាល់គ្នាគេហៅថាកម្លោះចឹងហើយ។ រួចចង់ប្រកាសដែរទេ ថាខ្លួនកម្លោះ នៅលើវើតប្រេស?

    • គឹម ចាន់ / មិថុនា 14 2012 2:52 ល្ងាច

      ha ha..ពិតជាមានន័យមែន!!!

    • ភរិយានិងម្ដាយម្នាក់ / មិថុនា 14 2012 4:39 ល្ងាច

      គឹម ចាន់ជា កំលោះ«ហាហា» ឯបងកល្យាណជាក្រមុំ«ង៉ាស់ៗ»

    • លី កល្យាណ / មិថុនា 14 2012 4:56 ល្ងាច

      មិនព្រមថែម ក្រមុំកញ្ចាស់ ទៀតផងទេ

    • ភរិយានិងម្ដាយម្នាក់ / មិថុនា 14 2012 5:02 ល្ងាច

      អត់ហ៊ានហេ៎ ខ្លាចអត់ធ្មេញញ៉ាំបាយយយយយយយយ

    • គឹម ចាន់ / មិថុនា 15 2012 8:03 ព្រឹក

      ហា ហា ហា………………….!!!! (ហា ហា! ហ្វាក់តូរ្យែល!)

    • លី កល្យាណ / មិថុនា 15 2012 8:07 ព្រឹក

      អីគេទៅលោកពេជគណិត ហ្វាក់តូរ្យែល ហ្នឹង?

    • គឹម ចាន់ / មិថុនា 15 2012 8:16 ព្រឹក

      ha ha…!!! ធ្លាប់តែ សរសេរ 3!=3x2x1, 5!=5x4x3x2x1

      ឡូវមាន (ហា! = ហាxហាxហាxហាxហាxហាx……)

    • ភរិយានិងម្ដាយម្នាក់ / មិថុនា 15 2012 2:21 ល្ងាច

      សុទ្ធតែហ្វាក់តូរ្យែលទៀត (ភ្លេចហើយមិនដឹងអាហ្នឹងស្អីគេទេ) 😀 😀 😀

    • គឹម ចាន់ / មិថុនា 15 2012 3:39 ល្ងាច

      កាលរៀនវិទ្យាល័យក្រែងប្រលងធ្លាក់ លំហាត់ណឹងតើ? ម៉េចបានភ្លេច? ហា ហា…

    • ភរិយានិងម្ដាយម្នាក់ / មិថុនា 15 2012 3:41 ល្ងាច

      នែកកកក អត់បានធ្លាក់ទេ ចំលងគេបានឆ្មោះ កុំចេះតែថានោះ 😆

    • លី កល្យាណ / មិថុនា 15 2012 3:43 ល្ងាច

      យីសពីរនាក់នេះ! កុំផាគ្នាខ្លាំងពេក អនាគតទៅវេបសាយហ្នឹង កូនៗក៏អាចមើលបានដែរ ប្រយ័ត្នកូនវារំលឹក

    • ភរិយានិងម្ដាយម្នាក់ / មិថុនា 15 2012 3:45 ល្ងាច

      hheheheeheheeheeeehe ​ភ្លេចឈឹងថាក្មេងវាអាចមើលឃើញ​ថ្ងៃណាមួយ

    • គឹម ចាន់ / មិថុនា 15 2012 3:43 ល្ងាច

      ហា ហា…. កាលណឹងម្នាក់​ដែលបងស្រីលួចចម្លងនោះគាត់​បានពិន្ទុតិចជាងបងស្រីដែលជាអ្នកចម្លងគាត់​ទៅទៀត! នេះពិតជាមានទេពកោសលមែន!!! ហា ហា!

    • ភរិយានិងម្ដាយម្នាក់ / មិថុនា 15 2012 3:52 ល្ងាច

      😆 😆 😆 😆 😆 😆

    • លី កល្យាណ / មិថុនា 14 2012 5:12 ល្ងាច

      គិតបានឆ្ងាយណាស់ម៉ាក់អាបីនាក់នេះ។

  4. Nataro / មិថុនា 14 2012 9:17 ល្ងាច

    អូយ! អានឡើងចង់បែកខ្ទិះ នៅអានមិនចប់ទៀត!… ​ធ្វើយ៉ាងណាណ៎?

    • លី កល្យាណ / មិថុនា 14 2012 9:33 ល្ងាច

      ទៅរកទិញចេកសិនខ្ញុំ! 😀
      មិនដឹងជួយយ៉ាងម៉េចបានទេ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: