Skip to content
25 ខែកក្កដា 2012 / ស្នាមញញឹម

តើជាយុទ្ធសាស្រ្តអ្វី?

ខ្ញុំមិនដែលដឹងរឿងរ៉ាវសំខាន់ៗពីមុនមកទេ ទើបតែដឹងនៅពេលដែលខ្ញុំឈប់ឆ្កួតនឹងបច្ចេកវិទ្យា ឈប់នឹកនារឿង អត់បានការនានាជុំវិញខ្លួន ហើយសម្លឹងមើលទិដ្ឋភាពក្នុងសង្គម។ រឿងទីមួយគឺ ការប្រមូលទិញរទេះគោចាស់ៗ ដើមត្នោត ដើមរាំងទឹក រាំងភ្នំ ដើមចំប៉ី និងដើមឈើជាច្រើនដែល «ត្រូវប៉ាន់» របស់ឈ្មួញប្រទេសជិតខាង។

ទាំងអស់ហ្នឹងគ្រាន់តែខ្ញុំបានឮប៉ុណ្ណោះ តែមិនដែលបានចាប់អារម្មណ៍គិតឱ្យស៊ីជម្រៅនោះទេ។

ខ្ញុំទើបតែបានឃើញសកម្មភាពរបស់ឈ្មួញមួយចំនួនដោយផ្ទាល់ ហើយគំនិតច្របូកច្របល់បានរត់ប្រណាំងនៅ ក្នុងខួរស្វារបស់ខ្ញុំស្ទើរតែពេញមួយអាទិត្យ។ នោះគឺដំណើរទៅលេងផ្ទះរបស់ខ្ញុំរៀងរាល់ថ្ងៃសៅរ៍ អាទិត្យ។

រាល់ថ្ងៃសៅរ៍ ខ្ញុំតែងជិះម៉ូតូពីម៉ោងបីព្រឹកទៅកំពង់ធំ ដើម្បីជួយការងារគ្រួសារ ។ ទៅដល់ទីប្រជុំជនស្គន់ នៅម៉ោង ប្រាំព្រឹកព្រលឹម ខ្ញុំមិនទាន់ឈប់សម្រាកទេ រង់ចាំទៅដល់ព្រំប្រទល់ខេត្តកំពង់ចាម កំពង់ធំ ទើបសម្រាក ព្រោះនៅ ទីនោះមានគេរៀបចំដាក់បាត្រលោក ខ្ញុំចាំទៅឈប់ដាក់បាត្រលោកដែរ កុំឱ្យខាតពេល។

សុំនិយាយបន្តិចទៅចុះត្រង់នេះ បានជាខ្ញុំចង់ដាក់បាត្រលោកនៅទីនោះ ព្រោះអ្នកស្រុកគេរៀបចំបានល្អ គឺមាន ការប្រមូលគ្នាពីរបីគ្រួសារ មានចង្ហាន់ មានម្ហូប មានបង្អែម តាមតែលទ្ធភាព ពេលលោកនិមន្តមកបិណ្ឌបាត្រនា ពេលព្រឹកគេស្រូតដាក់បាត្ររួចទើបបររទេះទៅស្រែ ឬចេញទៅរកស៊ីឈ្នួល ឬប្រវាស់ដៃគ្នា ជាខាងក្រោយ។ ខ្ញុំមិន ឃើញមានការដាក់បាត្រជាបច្ច័យឡើយ នាពេលព្រឹកនោះ ដូច្នេះខ្ញុំក៏ទិញនំប៉័ងមានសាច់ជ្រូកស្ងួតពីក្នុងទៅដាក់ បាត្រយកមុខយកមាត់នឹងគេដែរទៅ ។ ង៉ាស់ៗៗ តាមពិតខ្ញុំចូលចិត្តគេគោរពលោកសង្ឃពីទឹកចិត្ត មិនមែនដោយ ព័ណ៌សម្បុរ ណាមួយលោកនៅវត្តក្បែរនោះក៏មើលទៅមិនខ្ជិលច្រអូស មានការសម្អាតវត្ត មានពេលសម្រាប់រៀន តែដឹងតែថាមនុស្សមហាគម្រិះ មិនដែលថ្វាយបង្គំលោកដូចខ្ញុំហ្នឹងជាមនុស្សមិនងាយធ្វើបុណ្យតែប៉ុណ្ណឹងបាន ហើយ។

ដល់តែឃ្លាតពីកន្លែងដាក់បាត្របន្តិចមក ខ្ញុំក៏ឃើញក្រុមបុរសជាច្រើននាក់ មានម៉ូតូមួយម្នាក់ដែលនៅជាប់នឹង នោះមានបន្តោងឆ្នាំង កំសៀវថ្មីៗ រណេងរណោងដែលខ្ញុំមិនធ្លាប់ឃើញ (សុំទោសទៅចុះ មិនបានថតរូបមកដាក់ ជូនទេ ព្រោះតែមិនបានដោយកាមេរ៉ាទៅតាម) ជាប់នឹងទ្រុងមួយទទឹងប្រហែលកន្លះម៉ែត្រ បណ្តោយមួយម៉ែត្រ។ គ្នាគេប្រហែលជាជាងដប់ម៉ូតូ មានយួនមានខ្មែរ ដែលដំកង់គ្នាមកប្រមូលទិញឆ្កែពីស្រុកយើងទៅលក់ឱ្យយួននៅ ព្រំប្រទល់ ដែលដំណើរការនេះគឺបានលុកលុយចូលដល់ស្រុកស្រែ ចំការ ឆ្ងាយៗ (តាមការសាកសួរគឺទៅដល់ រហូតឃុំទំរីង ស្រុកសណ្តាន់ ស្រុកដែលខ្ញុំធ្លាប់ទៅធ្វើការ ដែលផ្លូវធ្វើដំណើរសែនលំបាក)។

ខ្ញុំជឿថាលោកអ្នកប្រាកដជាបានដឹងពីរឿងនេះខ្លះៗហើយ នៅផ្ទះខ្ញុំនេះ ខ្ញុំគ្រាន់តែចង់បញ្ចេញមតិរបស់ខ្ញុំថា៖

កាលមុនយើងមិនបានឃើញការប្រមូលទិញឆ្កែនៅតាមជនបទទេ បើមានក៏ជាការដោះដូរគ្នារវាងអ្នកស្រុកដែរ ដូចជាកូនមាន់មួយដូរឆ្កែមួយ ឬពេលនរណាឡើងផ្ទះថ្មី គេចាប់កូនឆ្កែដែលផ្តាច់ដោះរួចទៅចងដៃដែរ ដើម្បីបាន ការពារផ្ទះសម្បែង។ បើនៅទីក្រុង មានខ្លះដែរ ដូចជាគេលួចចាប់ឆ្កែទៅស៊ី (ច្រើនអ្នកប្រមឹក) ទាក់ឆ្កែទៅលក់។

ភូមិដ្ឋានស្រុកស្រែ ដូចលោកអ្នកដឹងស្រាប់ហើយ គ្មានទ្វារ គ្មានជញ្ជាំងឱ្យមាំមួនដូចអ្នកផ្សារនោះទេ មានតែឆ្កែ ដែលជា «សន្តិសុខភូមិ» នេះគ្រាន់ជាអ្នកឱ្យសញ្ញា ផ្តល់ដំណឹងពេលមានមនុស្សចម្លែកចូលមក ឬជួនកាលធ្វើ ជាអ្នករកម្ហូបក្នុងគ្រួសារដែរ និងក៏ជាអ្នកជួយការពារទ្រព្យសម្បត្តិ សត្វពន្លាត់ពេលយប់យ៉ាងសំខាន់…

ខ្ញុំជិះម៉ូតូបណ្តើរគិតបណ្តើរ តើនេះជាយុទ្ធសាស្រ្តអ្វីទៅ? ឬមិនមែនទេ?

ពេលដែលអ្នកការពារភូមិត្រូវបានម្ចាស់ចាប់លក់ហើយ នរណានៅការពារទៀត? ឆ្កែមិនមែនចិញ្ចឹមបានធំ លឿនឯណា! តើគេបានកំណត់ទីផ្សារច្បាស់លាស់ណាស់មែនទេ ក្នុងពេលដែលអ្នកស្រុកស្រែត្រូវការរបស់ ប្រើប្រាស់ មានចាន មានឆ្នាំង អីអស់ហ្នឹង គេដឹកទៅដាក់រួចប្តូរមកវិញជាសត្វឆ្កែដែលគេចង់បាន ព្រោះតែគេ ដឹងថាអ្នកស្រុកអស់ហ្នឹង បើសិនឱ្យយកលុយទៅទិញចាន ឆ្នាំងគឺមិនងាយទិញទេ ព្រោះក្រលុយ តែបើចង្អុល ឆ្កែមួយដូរឆ្នាំងនេះមួយ គេប្រហែលជាងាយទទួលយកសំណើរនេះជាង។ល។

គិតមិនឃើញរឿងហេតុនោះសោះ ខំគិតយ៉ាងណាក៏គិតមិនទាន់ដល់។ ឥឡូវមានតែចាំមើលបងប្អូនក្នុងភូមិ យើងមាននរណាមានគំនិតដូចម្តេចគ្រាន់ជួយដាស់សតិខ្ញុំឱ្យបានភ្លឺផង… ត្រឡប់មកពីផ្ទះវិញម៉ោងពីររសៀល ថ្ងៃអាទិត្យ ខ្ញុំនឹងបានឃើញក្រុមម៉ូតូទាំងនោះត្រឡប់មកវិញជាមួយនឹងឆ្កែក្នុងទ្រុង ពីរ បី…

ពេលជិះឡានឆ្លងកាត់តាមផ្លូវ ហើយឃើញគេដឹកឆ្កែទាំងនោះដាក់ទ្រុង ខ្ញុំសង្វេគខ្លាំងណាស់ រួចក៏គិតឆ្កួតៗ ថាបើសិនជាខ្ញុំនៅដូចកាលពីមុន (ជើងកាងប្រចាំខេត្ត ដើរបង្ករឿងឱ្យម្តាយវេទនារាល់អាទិត្យ) ខ្ញុំនឹងហៅកន ខ្ញុំឱ្យលើកគ្នាមកបើកទ្រុងហ្នឹងឱ្យឆ្កែរត់ទៅឱ្យបាត់ទៅ នរណាហ៊ានធ្វើអីខ្ញុំ?

សូមស្វែងយល់បន្ថែមពីព័ត៌មាននេះ នៅកាសែតកោះសន្តិភាពតាមតំណភ្ជាប់ខាងក្រោម៖

http://kohsantepheapdaily.com.kh/article/45432.html

ប្រកាសរបស់ពូស្រុកស្រែក៏មានសរសេរពីរឿងនេះដែរ បើចង់ជ្រាបច្បាស់សូមចូលទៅប្លក់របស់គាត់ ស្រុកស្រែ

មានតំណភ្ជាប់ផ្សេងទៀតដែលខ្ញុំនឹងដាក់ជាខាងក្រោយ។

សូមអរគុណអង្គប្រជុំភូមិដែលបានអានប្រកាសនេះតាំងពីលើរហូតដល់ក្រោម ហើយសង្ឃឹមថា បើសិនមាន អ្នកចូលចិត្តហូបសាច់ឆ្កែបានអានទេ សូមបន់ស្រន់ឱ្យគាត់បានផ្លាស់ប្តូរតាមការគួរ។

ពីអ្នកស្រឡាញ់ឆ្កែបំផុតម្នាក់នៅស្រុកខ្មែរ (កូនខ្ញុំឈ្មោះ លី អសុរិន្ទ និង លី អង្គារា គឺជាឆ្កែ) ៖ លី កល្យាណ (តែ ម៉ែវាមិនមែនឆ្កែទេ 😀 )

Advertisements
  1. ហែម​ សុខជា / កក្កដា 25 2012 2:01 ល្ងាច

    ចឹងបាន​ភូមិខ្លះ សម្បូរចោរ។​ មក​ពី​អស់​អ្នកយាមយប់

    • លី កល្យាណ / កក្កដា 25 2012 2:17 ល្ងាច

      😀 ខ្ញុំគិតថាអីចឹង ដំបូងគេទិញអ្នកយាមសិន បន្ទាប់មករកផ្លូវដឹកគោឡើងឡានយ៉ាងស្រួល។

    • ហែម​ សុខជា / កក្កដា 25 2012 2:48 ល្ងាច

      ពួកគាត់​គួរតែគិត​អោយ​ដល់​ចំនុចនេះ ខ្ញុំ​គិតថា​ថ្ងៃក្រោយ​កាន់​តែ​ធ្ងន់ធ្ងរជាង​នេះ​ទៀត។ គិតទៅ អោយ​តែគេទិញ​ ស្អីក៏លក់ដែរ លក់ទាំងអស់

    • លី កល្យាណ / កក្កដា 26 2012 4:46 ល្ងាច

      ចាសពិតណាស់លោកសុខជា ពីដំបូងគេទិញដើមត្នោតគាត់កាប់អស់ ត្រូវទិញគេប្រើតាំងពីកញ្ច្រែងជ័រ អីៗទៅ ដល់តិចទៀតគេទិញគោអស់ អ្នកផលិតគោយន្តមិនមែនខ្មែរឯណា? បែកឆ្វេងតិចហើយខ្ញុំ។

    • ហែម​ សុខជា / កក្កដា 27 2012 12:43 ល្ងាច

      កាលខ្ញុំទៅក្រចេះ​កាលពីឆ្នាំមុន​ ឃើញគេ​មក​ទិញ​ដើម​ពោធិ​(រកសញ្ញាដាក់ពីលើអត់ឃើញសូមសរសេរតែប៉ុណ្ណឹង) កាប់យ៎ៗតែម្តង។ ខ្ញុំឆ្ងល់​ពួកគេទិញយកទៅធ្វើអី​ គិតតែពីដើរទិញ ទិញសឹងតែសព្វមុខ

    • លី កល្យាណ / កក្កដា 27 2012 2:25 ល្ងាច

      ខ្ញុំអត់ដែលបានទៅលេងស្រុកយួនដល់ឆ្ងាយទេ ទៅតែខេត្តរោងដំរី (តៃនិញ) របស់ខ្មែរពីមុន តាមផ្លូវអត់មានអីពិសេសក្រៅពីអាកាស្យា និងដើមស្អីដែលដុះត្រង់ទៅលើ គ្មានមែន មានតែស្លឹក។
      តាមខ្ញុំមើលលើផែនទី ស្រុកយួនមិនសូវមានដើមឈើទេ មានព្រៃគេរក្សារទុកដែរ តែគេតឹងតែងណាស់មិនឱ្យកាប់ផ្តសផ្តាសឡើយ តែហ៊ានគឺ…

  2. Heng-dee / កក្កដា 25 2012 9:32 ល្ងាច

    យ៉ាប់ណាស់នៅជិតពួកវ៉េ បើទៅរួចចង់ទៅនៅអោយឆ្ងាយពីហ្នឹង

    • លី កល្យាណ / កក្កដា 26 2012 10:34 ព្រឹក

      រើកញ្ជើរមិនកើតទេ ឌីអើយ តែអាមេរិចផងក៏មានវ៉េដែរ ឆ្លងសមុទ្រដល់ណាក៏មានដែរ រួចសូម្បីតែស្រុកថៃ ក៏មានដែរ មានពេញផែនដីតាម៉ង 😦

    • Heng-dee / កក្កដា 26 2012 7:24 ល្ងាច

      ដូចតែពួកផ្កាយ៥​ ដែរបង

    • លី កល្យាណ / កក្កដា 27 2012 5:02 ល្ងាច

      បែបដូចគ្នាមែនហ្នឹង តែមិនសូវខ្លាំង មិនសម្រុកចូលដូចយួនទេ។

    • Heng-dee / កក្កដា 27 2012 7:27 ល្ងាច

      តិចទៀតញ៉ុមសង្ស័យតែប្រជាជនយួនច្រើនជាងខ្មែរផងមិនដឹង

  3. somada / កក្កដា 26 2012 7:20 ព្រឹក

    គិតមិនចេញសោះខ្ញុំម្តាយជាមនុស្ស​ហេតុអ្វីមានកូនមកជាឆ្កែទៅវិញ ? មិនថាតែស្រុកយើងទេ សូម្បីតែនៅស្រុកថៃក៏មានសកម្មភាពដូចគ្នានេះដែរ ។ គេដើរទិញពីអ្នកស្រុក ដល់ពេលមួយទិញលែងបាន​ចាប់ផ្តើមវិធានការថ្មីគឺ លួចចាប់ដោយវិធីផ្សេង ៗ ។ តែខាងគេនេះមានវិធីដាក់ទោសអ្នកចាប់ឆ្កែ ។
    កាលពីមុនផ្ទះខ្ញុំចិញ្ចឹមឆ្កែច្រើនដែរ តែធំមិនទាន់ទេ ហើយមានខ្លះកំពុងតែពេញស្រឡាញ់ក៏ត្រូវ​គេលួច​ចាប់​បាត់ អង្គុយស្រណោះវាពីរថ្ងៃក៏មានដែរ ។

    • លី កល្យាណ / កក្កដា 26 2012 10:51 ព្រឹក

      Dog Lover ម្នាក់ទៀតហើយ.

      មកពីស្រឡាញ់ពេកបងអើយ យើងដើរចោលផ្ទះបាត់អីចឹងខ្លាចគេធ្វើបាបវា ម៉្លោះហើយស្រឡាញ់ឱ្យខ្លាំងបន្តិចឱ្យគេខ្លាចខ្លះ។ វាចេះប្តឹងផងណាបង កាលនៅធ្វើការឯកំពង់ធំ ពេលទៅធ្វើការបាត់ វានៅផ្ទះជាមួយប្អូនប្រុសខ្ញុំ ប្អូនខ្ញុំវាទាត់ធាក់ព្រោះគេធុញ ស្រាប់តែខ្ញុំមកពីធ្វើ ការវិញវារត់មកប្តឹង ធ្វើឈីសៗ រួចទឹកភ្នែករលីងរលោង ហើយរត់នាំមុខខ្ញុំទៅរកប្អូនប្រុសខ្ញុំហើយ ព្រុសគេ។ ខ្ញុំសើចឡើងហូរទឹកភ្នែក វាប្តឹងថាគេធ្វើអីវា។ ហើយឱ្យតែដល់ម៉ោងបាយថ្ងៃត្រង់ ខ្ញុំក្រមកហូបបាយ ម្តាយខ្ញុំប្រាប់វាឱ្យទៅតាមខ្ញុំមករកបាយ វានាំគ្នាពីរនាក់បងប្អូនវាឆ្លងថ្នល់ទៅរកខ្ញុំដល់កន្លែងធ្វើការ។

      ពេលជីដូនខ្ញុំឈឺ ហើយពួកយើងត្រូវទៅធ្វើការចោលគាត់ ខ្ញុំប្រើវាឱ្យនៅចាំមើលគាត់ វានៅចាំក្នុងមុង ជាមួយគាត់អត់ដើរទៅណាទេទោះជាវាឈឺនោមក៏ដោយ ទាល់តែឮមាត់ម្ចាស់មកបានវារត់ចេញពីមុង ទៅរកកន្លែងវា។

      ស្រឡាញ់វាណាស់បងអើយ រាល់ថ្ងៃនេះនរណាធ្វើអីវាក៏មិនបានដែរ ព្រោះវាចេះប្តឹង គេស្អប់វាពីរនាក់ហ្នឹងណាស់ ស្អប់ត្រង់តែខ្ញុំទៅដល់ផ្ទះ បើមាននរណាធ្លាប់វ៉ៃវា ចាំមើលវាប្តឹងខ្ញុំ។

      ស្រឡាញ់ត្រង់តែថា ខ្ញុំធ្វើអីខុសក៏ដោយ ល្អក៏ដោយអាក្រក់ក៏ដោយ វានៅតែកាន់ជើងខ្ញុំ ដូចម្តាយខ្ញុំចឹង។

    • somada / កក្កដា 26 2012 7:02 ល្ងាច

      មិនបាច់ថាដល់ឆ្កែទេ សូម្បីតែមនុស្សក៏គេស្អប់ដែរ បើវាពូកែទូលពិតម្លឹង ៗ​នោះ ។ សង្ស័យតែដាច់បាយមិនខានទេល្បងពីរហ្នឹងនោះ ពេលម៉ែវាមិននៅ ។

    • លី កល្យាណ / កក្កដា 26 2012 10:38 ល្ងាច

      បើថាខ្ញុំមិននៅទេ វាចេះយកចិត្តគេណាស់ រួចបើថាខ្ញុំទៅដល់ផ្ទះហើយ នរណាធ្លាប់វ៉ៃវា ចាំមើលវាហៅខ្ញុំទៅហើយព្រុសគេផង ងាក មកខ្ញុំផងដូចចង់ប្រាប់ថា គេហ្នឹងបានធ្វើ បាបវាចឹង។

      ខ្ញុំជឿថាឆ្កែដូចម្ចាស់ណាស់ បានជាថាចឹងព្រោះអ៊ំមុនី ឆ្កែដែលគាត់ចិញ្ចឹម វាស្តាប់បង្គាប់ណាស់ គ្រាន់តែម្ចាស់បញ្ច្រកថ្នាំវានៅស្ងៀម លេបយ៉ាងស្រួល ឆ្កែខ្ញុំវិញ គ្រាន់តែនិយាយសួរគ្នាថាចាក់ថ្នាំ ឆ្កែហើយនៅ ងាកទៅវារត់បាត់ មួយល្ងាចបានវាចូលផ្ទះវិញ រួចវាមិនខ្ចីដើរមកក្បែរទេ។ កូនអ៊ំមុនីស្តាប់បង្គាប់ ចេះគួរសមណាស់ និយាយអីទៅស្តាប់ ចំណែកខ្ញុំវិញម្តាយខ្ញុំចិញ្ចឹមគឺស្រេចតែក្បាលចិត្តកូន ចង់កូនក្លាយជាយក្សក៏ក្លាយទៅ គឺពេញទៅដោយសេរីភាព។

  4. ភរិយានិងម្ដាយម្នាក់ / កក្កដា 26 2012 2:14 ល្ងាច

    ឆ្កែជាទីស្រឡាញ់របស់ខ្ញុំ ឈ្មោះវា Fidel​​ ត្រូវអាពួករកស៊ីទាក់ឆ្កែទាក់យកទៅដែរ។ ខ្ញុំស្ដាយវាណាស់ យកវាមកចិញ្ចឹមតាំងពីតូច ដល់ពេលបាត់ខ្លួនវាអាយុបានប្រហែល ១២ឆ្នាំហើយ វាចេះណាស់ ជាឆ្កែមាយាទមនុស្ស តែអាពួកស៊ីសាច់វាជាមនុស្សមាយាទសត្វ! សុំទោសបង និយាយអាក្រក់តិចហើយ ព្រោះស្ដាយឆ្កែខ្ញុំពេក

    • លី កល្យាណ / កក្កដា 26 2012 2:26 ល្ងាច

      គួរឱ្យស្តាយណាស់ ហើយក៏ដឹងថាជីវីស្រឡាញ់វា ព្រោះនៅជាមួយគ្នាដប់ពីរឆ្នាំ ។
      ចំពោះខ្ញុំ នរណាហូបសាច់ឆ្កែ តែខ្ញុំដឹង ខ្ញុំមិនសូវដើរជាមួយទេ ខ្លាចរាសីដាក់ ដឹងតែមិនសូវចូលចិត្តអ្នកស៊ីសាច់ឆ្កែ បើចំកូនកំពូលសំណព្វចិត្តខ្ញុំវិញ ខ្ញុំយំបែកអាកាសមិនខានទេ។

      រាល់ថ្ងៃខ្លាចតែម៉្យាងទេ ខ្លាចវាឆ្លងថ្នល់ឡានបុក ព្រោះវាតែងឆ្លងថ្នល់ទៅដើរលេងជាមួយគ្នាវា រាល់ព្រឹក ពេលល្ងាចវាជូនយាយៗវាទៅហាត់ប្រាណ រួចថ្ងៃសីល ដឹងតែរត់ទៅតឿនម្តាយខ្ញុំឱ្យឆាប់ទៅវត្ត ពេលវាឮលោក វាយជួង (វត្តជិតផ្ទះ) វាមហាសែនចេះទៅណា កូនៗ គាត់មិនដែលលលល ឃែរថាម៉ែកើតអី តែឆ្កែហ្នឹងវិញ តែយាយវាឈឺចាំមើលវាអត់ទៅណាទេ វាដើរទៅដើរ ម៉ោកន្លែងយាយវាសម្រាន្តហ្នឹង ។

      កូនក្មេងពេលវាអផ្សុក បើមានឆ្កែលេងជាមួយវាមាន អារម្មណ៍ល្អណាស់ណា៎ ចុះអាពីរនាក់មានឆ្កែលេង ជាមួយក៏អត់?

      តែក៏ខ្លាចឆ្លងមេរោគដែរ។

    • តា ម៉ាប់ / កក្កដា 27 2012 5:08 ព្រឹក

      ឈ្មោះមហាហើយ ខ្ញុំចាំថាដូចមានអ្នកវតប្រេសឈហមោះអញ្ចឹងដែរ ហេហេហេ ។ និយាយលេងនិយាយុមែន ឪខ្ញុំថាឈ្មោះខ្ញុំដាក់តាមឈ្មោះឆ្កែ ឪពុកធំ គាត់ ឈ្មោះ អាភ័ក្រ្ត ។ នឹកឃើញរឿងណឹងអស់សំណើចហ្មង ។

    • លី កល្យាណ / កក្កដា 27 2012 7:21 ព្រឹក

      😀 😀 😀
      បើចឹងមែនឆ្កែនោះមានអីពិសេសហើយ មិនចឹងមិនមែនដាក់ឈ្មោះកូនចឹងទេ។

    • តា ម៉ាប់ / កក្កដា 27 2012 12:32 ល្ងាច

      មិនមានពិសេសអីទេ តែពេលខ្ញុំកើតៗនៅខែត្រ ជីតាខ្ញុំនៅស្រែ មិនដឹងម៉េចគាត់ដាក់ឈ្មោះឆ្កែគាត់អញ្ចឹងដោយមិនដឹងថាឪខ្ញុំដាក់ឈ្មោះខ្ញុំអញ្ចឹងដែរ ដល់ពេលទៅលេងគាត់ៗថាឈ្មោះអី ឪខ្ញុំថាឈ្មោះ សុភ័ក្ត្រា គាត់ថា អើអាភ័ក្ត្រ ឈ្មោះឆ្កែគាត់តាស ខ្ញុំក៏ជាប់ងារមកអញ្ចឹងរហូតទៅ ។

    • ភរិយានិងម្ដាយម្នាក់ / កក្កដា 27 2012 1:34 ល្ងាច

      យ៉ាហ៊ី ចុះឈ្មោះជួនគ្នានឹងឆ្កែដែរចឹង 😉

    • តា ម៉ាប់ / កក្កដា 27 2012 4:20 ល្ងាច

      គេហៅថាចៃដន្យ មិនចង់ប៉ុន្មានទេ ឈ្មោះដូចស្រី

    • លី កល្យាណ / កក្កដា 27 2012 4:42 ល្ងាច

      ប្រហែលជាគាត់ស្រឡាញ់កូនស្រី ចង់បានកូនស្រី ។
      មានអ្នកខ្លះខ្លាចកូនជាមនុស្សរឹងរូសដាក់ឈ្មោះកូន យ៉ាងសុភាព ស្តាប់ទៅពីរោះដែរតើ។

      ដោយសារខ្លាចជាន់ឈ្មោះជាមួយកូនឧត្តម បានជានៅ ហ្វេសប៊ុកង៉ៃមុនខ្ញុំសួរគ្នាថាប្រុងដាក់ឈ្មោះកូនថាម៉េច កុំឱ្យជាន់ឈ្មោះ នឹងកូនខ្ញុំ 😀

    • តា ម៉ាប់ / កក្កដា 27 2012 5:51 ល្ងាច

      រឿងអីមិនចង់បានបងបើប្រុសទាំង៣ហើយ តែថាចាំយកកូនខ្ញុំហ្មងបើខ្ញុំបានកូនស្រី ដឹងអង្កាល់ទេុម៉ែអើយ!

    • ភរិយានិងម្ដាយម្នាក់ / កក្កដា 27 2012 10:00 ល្ងាច

      ឈ្មោះហ្នឹងស្រីក៏មានប្រុសក៏មាន ជាឈ្មោះ Neutre

    • តា ម៉ាប់ / កក្កដា 27 2012 11:47 ល្ងាច

      យស ហ៊ានដៀមដាមផ្លែផ្កាផងហេស បងវី ចង់ថាឈ្មោះខ្ញុំឈ្មោះខ្ទើយហ្មង!

    • ភរិយានិងម្ដាយម្នាក់ / កក្កដា 28 2012 10:49 ព្រឹក

      យ៉ាហ៊ី ទៅចឹងទៅ

  5. តា ម៉ាប់ / កក្កដា 27 2012 5:09 ព្រឹក

    បងកល្យាណ សុំទៅតាមថ្ងៃណាមួយផងបានទេ?

    • លី កល្យាណ / កក្កដា 27 2012 4:54 ល្ងាច

      ចាំង៉ៃណាខ្ញុំអាចនាំលោកប្អូនទៅបានខ្ញុំនឹងប្រាប់យ៉ាងតិចមួយអាទិត្យមុនណា៎ បានទេ???

    • តា ម៉ាប់ / កក្កដា 27 2012 5:54 ល្ងាច

      ប្រយ័ត្នចំពេលខ្ញុំរវល់វិញណាបង!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: