Skip to content
29 ខែកក្កដា 2012 / ស្នាមញញឹម

ចុងសប្តាហ៍រីករាយ

ទៅផ្ទះលើកនេះមានរឿងហួសចិត្តផង ស្តាយក្រោយផង និងសប្បាយសើចផង។

រឿងហួសចិត្តមានពីរ៖

កាលពីយប់ថ្ងៃសុក្រជិះឡានក្រុងពេលយប់ទៅកំពង់ធំ។ អ្នកលក់សំបុត្រប្រាប់ថាមានតែកៅអីក្បែរតៃកុង។ អូខេ

បុរសម្នាក់ដែលជាអ្នកទទួលខុសត្រូវក្នុងឡានបានរៀបចំកន្លែងអង្គុយសម្រាប់ភ្ញៀវត្រឹមត្រូវហើយ ឡានចេញពី បេនទៅដល់មុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាឡានក៏ឈប់ដាក់មនុស្សស្រីពីរនាក់ទៀត។ នារីពីរនាក់នេះប្រហែល ជាលោកជំទាវណាមួយហើយមើលទៅបានជាចូលទៅអង្គុយក្នុងកៅអីក្រោយតៃកុងដែលមិនមែនជាកៅអីទិញ សំបុត្រ។

នាងម្នាក់រូបរាងស្អាតជាងគេរអ៊ូ៖ បងឯងឱ្យខ្ញុំអង្គុយកៅអីហ្នឹង? ខ្ញុំថាទិញសំបុត្រត្រឹមត្រូវមិនឱ្យទិញទេ រួចឱ្យខ្ញុំ អង្គុយចឹងខ្ញុំមិនព្រមទេ។ (នាងរអ៊ូដាក់បុរសរៀបចំកន្លែងអង្គុយ) បងឯងនេះយ៉ាប់ណាស់!

នាងមិនមែនជានារីវ័យក្មេងខ្ចីដែលតាមស្តាប់សម្តីសមតែជាកំណាន់របស់អ្នករៀបកៅអីហ្នឹងទេ តែបើជាប្រពន្ធ ពេញច្បាប់ក៏ពេញជាមិនមែនដែរ ព្រោះថា ពេលឡានចេញដំណើរមកនាងរអ៊ូរង៉ូវជាប់រហូតប្រហែលម្ភៃនាទី ហើយក្នុងពេលដែលបុរសម្នាក់នោះឃើញមនុស្សឆ្កួតរត់តាមឡានក៏បើកកញ្ចក់ស្រែកសួរថាទៅណា? អ្នកផ្សេង ថាទេមនុស្សឆ្កួតទេ! នាងក៏ស្តីឱ្យថា បងឯងហៅមនុស្សឆ្កួតហ្នឹង បងឯងក៏ឆ្កួតដែរ! 8-(  បុរសនោះនៅស្ងៀម!

អូហ្គត់! ខ្ញុំជាស្រីផងទើសត្រចៀកប៉ុណ្ណឹងហើយ ចុះទម្រាំបុរសពីរនាក់ទៀតដែលអង្គុយនៅលើជណ្តើរនោះ គិត យ៉ាងណាទៅលោកអើយ!

ដល់កន្លែងឈប់ទិញនំប៉័ង នាងនិងបុរសនោះក៏ចុះទៅ ខ្ញុំខ្ជិលចុះក៏នៅអង្គុយកាន់កន្ទុយសំបុត្រនៅនឹងដៃមើល ផ្អៀងផ្អងតាមតែនឹកឃើញ (តាមពិតមើលអក្សរមិនឃើញទេព្រោះភ្លេចយកវ៉ែនយាយតាម)។ មួយសន្ទុះ បុរស នោះក៏មកនិយាយនឹងខ្ញុំ ៖ បងអាចអង្គុយនៅកន្លែងនោះបានទេ? សុំកន្លែងហ្នឹងឱ្យម្នាក់នោះអង្គុយ!

ខ្ញុំសម្លឹងមើលមុខសុភាពបុរសម្នាក់នោះបន្តិចមុននឹងសម្រេចចិត្តឆ្លើយតបវិញ៖ អ៊ឹមហ៍! អូខេ។

ខ្ញុំនឹកថាបើទោះជាខ្ញុំមិនព្រមដូរក៏ខ្ញុំទ្រាន់ត្រចៀកនឹងសម្លេងរបស់នារីម្នាក់ហ្នឹងណាស់ដែលធ្វើមើលតែជាជំទាវ ជិះឡានមួយតែម្នាក់ឯងចឹង តាមពិតអ្នករកស៊ីទិញខោអាវលក់ពីស្រុកថៃមកស្រុកខ្មែរសោះហ្នឹង ជិះឡានក្រុង សឹងសឹកគូទទៅហើយធ្វើជាមិនចេះអង្គុយទេកៅអីគ្មានបង្អែកដេកបាន។ ណាមួយបុរសម្នាក់នេះប្រហែលជា ទទួលខ្លួនមកសុំនិយាយដូរកៅអីជាមួយខ្ញុំទាំងដឹងថាតួនាទីរបស់ខ្លួនជានរណា ហើយនារីម្នាក់ដែលគាត់ដាក់ មិនបានទិញកៅអីនោះជានរណា ខ្ញុំនឹកថាគ្នាខំកាត់ខ្មាស លះកិត្តិយសជាបុរសដឹងខុសត្រូវមកសុំខ្ញុំប៉ុណ្ណេះទៅ ហើយ បើខ្ញុំមិនព្រមទៀតដូចជាបំបាក់មុខគ្នាចំពោះស្រីកំណាន់នោះពេកកូវ។

ខ្ញុំដូរជាមួយដោយធុញទ្រាន់ ដោយនឹកក្នុងចិត្តថា មុនពេលចុះខ្ញុំនឹងនិយាយពាក្យ ពីរបីម៉ាត់ដើម្បីកុំឱ្យបុរសម្នាក់ នោះវង្វេងខ្លាំងពេក៖ បងជាសុភាពបុរសពិតមែនដែលសុខចិត្តហាមាត់សុំខ្ញុំប្តូរកៅអីដែលមានសំបុត្រត្រឹមត្រូវ ត្រង់ៗមិនខ្លាចខ្មាស សូមបងពិចារណាឡើងវិញណា៎!

ខ្ញុំចង់និយាយតែប៉ុណ្ណឹងទេ។ ដល់ពេលឃើញបុរសម្នាក់នោះត្រូវនាងស្តីឱ្យ ត្រូវនាងប្រើឱ្យជួយសម្រួលកៅអីផ្អែក ឱ្យយកខ្នើយឱ្យនាង ឱ្យរកទឹកសុទ្ធត្រជាក់ស្រេបឱ្យនាង ខ្ញុំលែងមានសល់អារម្មណ៍ចង់ស្តីឱ្យគាត់ ព្រោះនឹកថា៖ ហេតុតែគាត់ស្រឡាញ់នាងនោះពេក នាងប្រើធ្វើអីក៏ធ្វើ នាងស្តីថាយ៉ាងម៉េចក៏មិនមាត់នៅតែញឹមៗរហូត។ ដល់ ថ្នាក់តែកុងឡានគាត់ទើសទែងពេកគាត់សួរទៅព្រូក្មេងម្នាក់ទៀត ថាតើមានកៅអីណាទំនេរដែលអាចឱ្យខ្ញុំឡើង ទៅខាងលើបាន តែគ្មានសល់សោះ ព្រោះកៅអីដែលខ្ញុំទិញនោះជាកៅអីចុងក្រោយហើយ។

កៅអីតៃកុង និងកៅអីមុខនោះសុទ្ធតែជាកៅអីមានបូមដែលគេធ្វើប្រយោជន៍កុំឱ្យពួកគាត់ងងុយគេង ចំណែក នាងម្នាក់នោះសម្រាកក៏មិនលក់គិតតែពីនិយាយរហូតចប់តែផ្លូវ ប្រសិនបើជាពេលថ្ងៃវិញខ្ញុំនឹងចុះរកឡានមួយ ទៀតជិះមិនខានព្រោះទ្រាន់ត្រចៀកជ្រុលពេក។

ពេលចុះទៅបុរសនោះខំនិយាយប្រាប់ខ្ញុំថាបើត្រឡប់មកវិញចាំជិះឡានគេទៀត ខ្ញុំស្រែកសឹងភ្លាត់ NO NOWAY

ត្រឡប់មកវិញឡើងឡានមកពេលយប់ទៀត ក៏ជួបរឿងពិសេសមួយទៀត៖

បុរសម្នាក់ដែលអង្គុយកៅអី ខាងឆ្វេងដៃខ្ញុំហ្នឹងគាត់កំពុងពេញគេងលក់ស្រួល ស្រាប់តែមានទូរស័ព្ទប្រាំប្រាំមួយ ដងរោទិ៍ គាត់ក៏លើកម្តង។ និយាយជាមួយសង្សារដោយអង្វរសង្សារថាកុំទាន់និយាយចាំទៅដល់ភ្នំពេញចាំគាត់ តេប្រាប់។ តែទំនងនាងមិនព្រម ទើបគាត់និយាយបន្តទៀត ថាគាត់អត់បានគេងថ្ងៃហើយធ្វើការមួយថ្ងៃពេញ គាត់សុំគេងលក់ឱ្យឆ្អែតម្តង។ គាត់អង្វរសង្សារតែបែបគេមិនព្រម គាត់ក៏បិទទូរស័ព្ទ។ នាងនោះតេមកប្រមាណ បីដងទៀតបានគាត់លើកនិយាយ អូនឯងបានគេងថ្ងៃអូនឯងទុកឱ្យបងគេងឱ្យឆ្អែតផងបានទេ? បងសុំតែ ប៉ុណ្ណឹងបានទេ? … បើអូនឯងគេងមិនលក់អូនមើលទូរទស្សន៍ឬធ្វើកិច្ចការផ្សេងទៅ ឬមួយចង់ឱ្យបងអត់បាន គេងដូចអូនឯងដែរ? ល្មមឈប់ទម្លាប់គេងមិនលក់ពេលយប់ហ្នឹងហើយ! គួរតែកុំគេងពេលថ្ងៃច្រើនពេក ចឹង ពេលយប់ អាចគេងលក់ស្រួល… បើអូនឯងគេងមិនលក់ហើយឱ្យបងនិយាយជាមួយឱ្យឈឺឬអី? គាត់ក៏បិទ ទូរស័ព្ទ។នាងតេមកទៀត មុនពេលលើកទូរស័ព្ទគាត់ក៏និយាយ៖ អូយសុំខ្លាចហើយ សុំចាញ់តាម៉ង (គាត់ និយាយទាំងសម្លេងក្រងួរដោយសារងងុយគេងពេក)… គាត់និយាយលន់តួហួសវិស័យ ចំពោះសង្សារទម្រាំ នាងនោះព្រមឈប់និយាយហើយគាត់ក៏រអ៊ូម្នាក់ឯង ហ៊ឺយយយយ៍…

ខ្ញុំនឹកតែគិត មនុស្សស្រីតែធ្វើដល់ថ្នាក់ហ្នឹងពេកដូចជាលែងជាស្រីខ្មែរហើយទេដឹង?

ថាទៅខ្ញុំហ្នឹងក៏អឺរ៉ុបណាស់ដែរ កុំមើលឃើញតែកំហុសគេពេក!

រឿងស្តាយមានតែមួយទេ៖

ខ្ញុំទៅដល់ផ្ទះធ្វើការងារមួយចំនួនរួច ខ្ញុំឆ្លៀតទៅលេងព្រៃមួយល្ងាចទៀត ព្រោះមានមួយកន្លែងតាមផ្លូវនៅក្នុងព្រៃ ដុះសុទ្ធតែគ្រញូង មានកូនគ្រញូងមួយដើមដែលទើបចេញផ្កាដំបូងរបស់ខ្លួនខ្ញុំបានឃើញកាលពីលើកមុន។ ដល់ តែនឹកគិតទៅគឺថាស្តាយព្រោះមិនបានដាក់កាមេរាទៅតាមខ្លួនសោះ ក៏បកក្បាលមកវិញមិនទៅនាំខាតសាំងទេ។

រឿងសប្បាយសើចមានតែមួយដែរគឺជារឿងកូនប្រុសសំណព្វដួងចិត្តរបស់ខ្ញុំ៖

គ្រាន់តែដើរចូលក្នុងផ្ទះភ្លាម មីងរបស់ខ្ញុំគាត់ប្រាប់ខ្ញុំថាឆ្កែខាំគាត់ពេលគាត់ចាប់វាប្រុងចាក់ថ្នាំ។ អាយក្សវាកំពុងតែ ប្រតោងប្រឡែងជាមួយខ្ញុំដែលវានឹកព្រោះបែកមួយអាទិត្យហើយ ខ្ញុំស្តាប់ម្តាយមីងនិយាយបណ្តើរឆ្ងល់បណ្តើរ រាល់ដងឆ្កែរបស់ខ្ញុំវាប្រតោង លោតប្រឡែងពីខាងមុខ ចុះម៉េចក៏លើកនេះតោងហើយដើរទៅក្រោយជើងខ្ញុំចឹង? ទើបតែដឹងវាក្បាលខូចបានធ្វើកំហុសមួយធំណាស់ជាមួយយាយវា ហើយគាត់អត់និយាយរកវាបួនថ្ងៃហើយ ៖

មើលនែ! ដៃមីងហើមដោយសារអាកូនសំណព្វចិត្តរបស់ឯងហ្នឹងខាំ! ចង្កូមទាំងបួនមុតទាំងបួន។

ម៉េចបានហ្អែងខាំយាយចឹងហះ? (ខ្ញុំងាកទៅមើលវាដែលដើរចេញយឺតៗពីខ្ញុំ ខុសពីទម្លាប់វាដែលនៅតោងខ្ញុំទាល់ តែខ្ញុំទម្លាក់សំពាយចាប់លើកដៃវា យោងខ្លួនវាដូចទោងចុះឡើងមួយសន្ទុះបានវាឈប់តោងហើយរត់ទៅលេង ជាមួយគ្នាវា) មើលវាធ្វើ! (ខ្ញុំសម្លឹងមើលកូនសំណព្វចិត្តរបស់ខ្ញុំដែលដើរចេញទៅរកមាត់ទ្វារ ហើយសម្លឹងមើលខ្ញុំ ម្តងៗដោយព្រិចភ្នែក ដាក់ភ្នែកចុះ រួចដាក់ខ្លួនចុះដេកលូនបែរមុខមករកខ្ញុំ)។

ដោយសារយប់ហើយខ្ញុំមិនឡូឡាទេ ក៏មុជទឹកចូលដេកទៅ។

ព្រឹកព្រលឹមឡើងខ្ញុំទ្រមក់មិនទាន់ងើបទេ ទោះជាម្តាយខ្ញុំក្រោករៀបចំឥវ៉ាន់រួចហើយក៏ខ្ញុំមិនទាន់ប្រែខ្លួនដែរ អាយក្សវាចូលមកមើលខ្ញុំបីបួនដងហើយ តាំងពីម្តាយខ្ញុំបើកទ្វារមក ព្រោះវាអត់ឃើញខ្ញុំភ្ញាក់ហើយឥវ៉ាន់រៀប ទៅស្រែទៅភ្លឺអីគេប្រុងប្រៀបរួចរាល់ហើយ។ ចូលមកលើកទីប្រាំវានៅអត់ឃើញខ្ញុំប្រែខ្លួនទៀត វាក៏លូកជើង មុខវាចូលក្នុងមុងកេះដៃខ្ញុំដែលសន្ធឹងទទឹងខ្លួនពេញគ្រែ ខ្ញុំធ្វើមិនដឹងព្រោះមិនទាន់ចង់ភ្ញាក់ មួយសន្ទុះទៀត វាក៏លូកជើងមកកេះម្តងទៀត ហើយក៏ចេញទៅក្រៅបាត់ទៅ ។ ជាទម្លាប់ឆ្កែរបស់ខ្ញុំជាអ្នកដាស់ខ្ញុំរាល់ព្រឹក ព្រោះបើមានមនុស្សណាមកដាស់ ខ្ញុំខឹងគេដាច់ក្បាលដាច់កន្ទុយ តែបើឆ្កែខ្ញុំដាស់វិញ អូខេ អត់អីទេ។ ហើយ រាល់ដងបើម្តាយខ្ញុំនិយាយប្រាប់វាថា ទៅដាស់ម៉ែហ្អែងទៅស្រែ គឺវារត់ត្រុយលោតឡើងលើពូក ត្រសុលចូល មុងរកខ្ញុំឱ្យក្រោកទៅស្រែ។ តែលើកនេះវាបានធ្វើកំហុសមួយធំណាស់ គឺវាមិនហ៊ានឡើងលើគ្រែទេ សុខចិត្ត យកជើងកេះដៃខ្ញុំ ដែលពីមុនវាមិនដែលធ្វើបែបនេះឡើយ។

ក្រោកពីដេកបានខ្ញុំក៏ស៊ុតវាមួយរយៗ ស្តីឱ្យរឿងវាខាំមីងខ្ញុំ។ ស្តាប់ខ្ញុំស្តីឱ្យរួចវាក៏នាំបងប្អូនវាឆ្លងថ្នល់ទៅលេង ជាមួយពួកម៉ាកវានៅម្ខាងថ្នល់។

មីងមិននិយាយរកវាតាំងពីថ្ងៃវាខាំមក ហើយវាចេះតែដើរតាមមីងគ្រប់កន្លែងទាំងអស់ ទាំងព្រឹកព្រលឹមក៏មិន ទៅឆ្លងថ្នល់ មិនទៅណាក្រៅពីដើរតាមមីង និងនៅចាំផ្ទះ។ វាដឹងថាវាខុសដែរ ពេលមីងទៅវត្ត ធម្មតាបើវាជូន មីងទៅហើយវានឹងត្រឡប់មកវិញចាំផ្ទះ តែលើកនេះនៅអង្គុយស្តាប់លោកទាំងងោកឯកន្លែងសុំសីល។ មីង អត់រវល់និយាយរក។ អើ! មកពីមីងចង់ចាប់វាចាក់ថ្នាំ តែពេលសង្រ្គប់វាទៅវាភ្ញាក់ក៏ខាំមីងទៅ!

មូលហេតុគឺមកពីដល់ពេលចាក់ថ្នាំវា រួចម្នាក់ៗមិនអាចចាប់វាបានទេ វាជាឆ្កែសេរី មួយភូមិប្រហែលជាងដប់ផ្ទះ នោះសុទ្ធតែជាមាមីងវាទាំងអស់ វាខឹងអ្នកផ្ទះខ្ញុំ វាដើរទៅដេកផ្ទះមាមីងវា រួចគេស្រឡាញ់ក៏ចេះតែឱ្យបាយស៊ី ទៅដល់វាអស់ចិត្តលែងខឹង វាមកផ្ទះវិញមក។ អ្នកដែលចាប់វាចាក់ថ្នាំបានមានតែប្អូនប្រុសខ្ញុំទេ តែអាប្អូនប្រុស ក្បាលខូចខ្ញុំហ្នឹងមិនចង់ចាប់ឆ្កែ ខ្លាចឆ្កែមិននៅចាំទ្វារឱ្យវាពេលវាមកផ្ទះយប់ វាខ្ជិលចាក់សោរ រួចបើប្រាប់វាថា ចាំពូមកវិញផង រួចឱ្យឆ្អឹងមួយទៅ គឺនៅយាមនឹងទ្វារហ្នឹងរហូត។

ដល់ពេលចាប់វាមិនបាន ហើយវាខាំទៀតមីងខ្ញុំគាត់ខឹងលែងនិយាយរក វាក៏ដឹងកំហុស។ ល្ងាចពេលត្រឡប់ មកពីស្រែវិញខ្ញុំហៅវាមកនិយាយជាមួយ ពីរបីដងទៅវាក៏ព្រមឱ្យចាប់ចាក់ថ្នាំ ខ្ញុំនឹកឃើញចង់តែសើច ដែលជា ធម្មតាឱ្យតែចាប់ឆ្កែចាក់ថ្នាំ ឬមុជទឹកគឺផ្អើលមនុស្សអស់មួយភូមិ ។​​ ចាក់ថ្នាំរួចវាក៏ចុះហែលទឹកស្រះក្រោយផ្ទះ ឡើងមកវិញទៅននៀលដីប្រឡាក់ខ្លួនឡើងបះរោមដូចកញ្ជ្រោង! តែណ្ហើយឱ្យតែវាបានចាក់ថ្នាំ ចាំមុជទឹកឱ្យ តាមក្រោយទៀតចុះ។

ឱ្យតែមកដល់ផ្ទះ បើមិនមនុស្សប្តឹងទេ គឺឆ្កែប្តឹងខ្ញុំ។ យូរៗទៅផ្ទះរបស់ខ្ញុំសឹងតែលែងមានរឿងអីសំខាន់ជាងហ្នឹង ហើយ ប្រហែលជាជីវិតរបស់ពួកយើងគឺមានពួកវាជាកូនក្មេងដែលអាចប្រឡែងជាមួយបាន។

មើលទៅជម្លោះមីងខ្ញុំ និងកូនរបស់ខ្ញុំដែលជាចៅរបស់គាត់នៅមានរឿងវែងឆ្ងាយតទៅទៀត… ហ៊ឺ…

Advertisements
  1. ភរិយានិងម្ដាយម្នាក់ / កក្កដា 29 2012 10:28 ល្ងាច

    ស្រីៗតែដល់ថ្នាក់ហ្នឹងពេក មិនដឹងហៅអាម៉េចអោយសមទេនេះ។
    បង ឆ្កែបងអីក៏ចេះមើលតែកូនមនុស្ស!!! មានដែលបាត់បង់គេទាក់លួចស៊ីអីទេបង?

    • ភរិយានិងម្ដាយម្នាក់ / កក្កដា 29 2012 10:31 ល្ងាច

      អោយតែនិយាយដល់រឿងឆ្កែ ស្ដាយមិនបាត់សោះហើយខ្ញុំ

    • លី កល្យាណ / កក្កដា 30 2012 7:47 ព្រឹក

      ដឹងថាជីវីស្រឡាញ់វាណាស់ ព្រោះជួនកាលសត្វទាំងនោះ វាស្រឡាញ់​ ស្មោះត្រង់នឹងយើងជាងមនុស្សខ្លះទៅទៀត។

    • លី កល្យាណ / កក្កដា 29 2012 10:34 ល្ងាច

      ទើបតែមានមួយហ្នឹងដែលចេះពេកទៅ រួចបារម្ភតែគេទាក់វាទេ។ គ្រាន់តែថា វាមិនចេះស្តាប់ភាសាខ្មែរឡើយ ខ្ញុំនិយាយជាមួយតែភាសាអង់គ្លេស។

      បារម្ភណាស់ជីវី បើបាត់វាអាប្អូនកំជិលខ្ញុំ ដែលស្រឡាញ់វាហ្នឹង តាមរកទាំងយប់ដល់ ភ្លឺអីឯណោះ ធ្លាប់បាត់ម្តងដែរដោយសារវាខ្លាចកាំជ្រួច តែវារកកន្លែងធ្វើការខ្ញុំឃើញ ក៏នាំមកផ្ទះវិញ។

      បើប្អូនខ្ញុំទៅចាំស្រូវដែលទើបព្រោះវិញ វាឆ្កែទៅដែរ វាដេកលេងហ្គេម ហើយវាប្រើឆ្កែឱ្យដេញមាន់ ហើយ ប្រាប់ទៀតថា បើខាំមាន់បាននៅក្នុងស្រែយើង វានឹងធ្វើមាន់នោះឱ្យស៊ី។ ខាំបានមួយពាំមកដាក់ មុខរួចឈរសម្លឹងមើល ថាគេនាំវានិងមាន់ហ្នឹងមក ផ្ទះវិញស្មើណា នឹងអាលវាបានស៊ី! អត់ទៅដេញទៀតទេ!

    • ភរិយានិងម្ដាយម្នាក់ / កក្កដា 29 2012 10:40 ល្ងាច

      យ៉ាហ៊ី!!!! ឆ្កែចេះស្ដាប់តែអង់គ្លេសទៀត!!! និយាយរឿងវាខ្លាចកាំជ្រួច ឆ្កែតែចាស់វាខ្លាចណាស់ សំលេងផ្គរ និង កាំជ្រួចឌុងឌាំង បើពេលវាខ្លាចចឹង យើងនៅជិតៗ អោបឬគោះវា វាអត់រត់ទេ គឺវានៅជិតៗយើងហ្មង ព្រោះវាអាងយើងនៅក្បែរ

    • លី កល្យាណ / កក្កដា 29 2012 10:46 ល្ងាច

      ចេះស្តាប់តែ អាយក្ស មួយម៉ាត់ហ្នឹងដែលជាឈ្មោះភាសាខ្មែរ ក្រៅពីហ្នឹង Come here, no way, nothing for you, lunch time, I want to go to your aunt house, go with me, … បងប្អូនណាមកចង់ហៅអីក៏មិនខ្ចីរវល់ដែរ
      ង៉ៃគេបាញ់កាំជ្រួចហ្នឹងអត់មាននរណានៅផ្ទះ ហើយផ្ទះចាក់សោរទៀត ចឹងវាអត់ដឹងទៅណាវាចេះតែនាំគ្នា រត់ទៅៗ ខ្ញុំបាយលែងចូលពីរថ្ងៃ ពួកម៉ាកនៅកន្លែងធ្វើការជួយរកទៀត។

    • ភរិយានិងម្ដាយម្នាក់ / កក្កដា 29 2012 11:00 ល្ងាច

      ចុម ក្រែងបងធ្វើការនៅអំពេញតើហី ម៉េចបានមានអ្នកធ្វើការជួយរក

    • លី កល្យាណ / កក្កដា 29 2012 11:02 ល្ងាច

      កាលនៅធ្វើការឯកំពង់ធំ បាត់តាំងពីឆ្នាំ ២០០៦​ម្តងហ្នឹង

    • ភរិយានិងម្ដាយម្នាក់ / កក្កដា 29 2012 11:04 ល្ងាច

      អ៎ ចុះឥឡូវអាយក្សអាយុម៉ានហើយ

    • លី កល្យាណ / កក្កដា 29 2012 11:05 ល្ងាច

      អាយុប្រាំបីឆ្នាំហើយ

      ផ្ទះជីវីអត់មានឆ្កែឱ្យអាបីនាក់លេងទេឬ?

    • ភរិយានិងម្ដាយម្នាក់ / កក្កដា 29 2012 11:10 ល្ងាច

      មានមួយដែរ តែឡើងកាចាស់ អានូខ្លាចណាស់ ធ្លាប់ត្រូវមេហ្វ៊ីដែលខាំដៃម្ដង នូរៀងចាល អោយតែឆ្កែមកជិត នូយំវ៉ាំមិនខានទេ

  2. តា ម៉ាប់ / កក្កដា 30 2012 11:44 ព្រឹក

    ក្មួយខ្ញុំចេះៗដល់ហើយ ចេះអង់គ្លេសជាងខ្មែរអញ្ចឹងបន្ទោសម្ដាយវាបានត្រូវ ! ហេហហេ
    និយាយរឿងផ្ទះបងវី ទៅលើកណាធុណតែឆ្កែព្រុសដេញខ្ញុំហ្មង!

    • លី កល្យាណ / កក្កដា 30 2012 2:11 ល្ងាច

      មិនដឹងធ្វើម៉េចទេតាម៉ាប់អើយ ព្រោះកាលយកវាមក ខ្ញុំនៅតែពីរនាក់វាឯភ្នំពេញក៏និយាយតែភាសាអង់គ្លេស ដាក់វា ដើម្បីកុំឱ្យគេហៅវាទៅបាន។ កូនខ្មែរចេះតែអង់ គ្លេស!!! 😦

      ហសហសហស! ភ្ញៀវនិយាយដើមល្មមដឹង ខ្លួនហើយម្ចាស់ផ្ទះ

    • ភរិយានិងម្ដាយម្នាក់ / កក្កដា 31 2012 12:24 ព្រឹក

      តាម៉ាប់អើយ ធ្លាប់មាន៣គ្រឿង ឥឡូវសល់តែមួយទេ

    • ភរិយានិងម្ដាយម្នាក់ / កក្កដា 31 2012 12:27 ព្រឹក

      បងកល្យាណ ជួយកែផង សរសេរ តាម៉ាប់ ខុសហើយ

    • តា ម៉ាប់ / កក្កដា 31 2012 11:05 ព្រឹក

      ហាហាហា ម្ចាស់ផ្ទះគាំងសម្ដីហើយ !

      បងវី សរសេរខុសអី? អា៣ណុងកាលទៅឆ្នាំទៅដូចឃើញ ។

    • ភរិយានិងម្ដាយម្នាក់ / កក្កដា 31 2012 10:40 ល្ងាច

      តាម៉ាប់ អា២មុនទើបតែបាត់ប្រហែល២ខែនេះទេ

    • តា ម៉ាប់ / កក្កដា 31 2012 10:54 ល្ងាច

      ខានទៅយូរដែលហើយ ហេហេហេ រកថ្មីទៀតទៅបង ។

    • ភរិយានិងម្ដាយម្នាក់ / កក្កដា 31 2012 11:14 ល្ងាច

      រករួចហើយ គេប្រាប់ថាមេវាកំពុងមានផ្ទៃពោះ :mrgreen:

    • តា ម៉ាប់ / សីហា 1 2012 1:42 ព្រឹក

      ឲ្យវាចាំមុខខ្ញុំផង!

    • ភរិយានិងម្ដាយម្នាក់ / សីហា 1 2012 4:38 ល្ងាច

      បងអត់ចេះនិយាយភាសាឆ្កែទេ ចាំមកពេលណាប្រាប់វាខ្លួនឯងទៅ ហាហាហាហា

    • តា ម៉ាប់ / សីហា 1 2012 11:27 ល្ងាច

      ចុះនិយាយរាល់ដងម៉េចវាស្ដាប់? 😛

    • ភរិយានិងម្ដាយម្នាក់ / សីហា 2 2012 1:19 ល្ងាច

      😛

    • លី កល្យាណ / សីហា 1 2012 10:04 ព្រឹក

      ឱ្យវាចាំមុខខ្ញុំផងដែរ ជីវីត្រូវព្រីនរូបតាម៉ាប់ និងខ្ញុំដាក់ស៊ុមឱ្យវាមើលផង។ :mrgreen:

    • តា ម៉ាប់ / សីហា 1 2012 1:42 ល្ងាច

      តែហាមដាក់កម្រងផ្កា!

    • លី កល្យាណ / សីហា 1 2012 4:15 ល្ងាច

      យីស ឯងហើយចេះនឹកឃើញទាន់!

    • ភរិយានិងម្ដាយម្នាក់ / សីហា 1 2012 5:05 ល្ងាច

      ចេះនឹកឃើញទាន់ បើព្រីនហើយរចនាម៉ូដស៊ុំរូបថតជាកំរងរូបផ្កា ចប់ប៉ារយ!!!!! :mrgreen:

    • លី កល្យាណ / សីហា 1 2012 5:11 ល្ងាច

      ចប់ប៉ារយ!

    • តា ម៉ាប់ / សីហា 1 2012 11:28 ល្ងាច

      មិនទាន់ដល់ពេលសមស្របទេហាហាហា

    • ភរិយានិងម្ដាយម្នាក់ / សីហា 2 2012 1:20 ល្ងាច

      😆 😆 😆 😆 😆 😆 😆 😆 😆 😆 😆 😆 😆 😆 😆 😆 😆 😆 😆 😆 😆 😆 😆 😆 😆 😆 😆 😆 😆 😆 😆 😆 😆 😆 😆 😆 😆 😆 😆 😆 😆 😆 😆 😆 😆 😆 😆 😆 😆 😆 😆 😆 😆 😆 😆

  3. somada / សីហា 1 2012 3:43 ល្ងាច

    កូនចៅបង្ករឿង យើងជាចាស់ទុំត្រូវប្រញាប់ដោះស្រាយទៅកុំទុកយូរពេក បើមិនអញ្ចឹងទេ កូន ៗ ច្បាស់ជា​អត់បាយមិនខាន បើម្តាយវាមិនដែលនៅផ្ទះផង បានបងប្អូននឹងហើយគ្រាន់ឲ្យបាយទឹក ហើយបែរជាទៅ​ឈ្លោះជាមួយគេទៀតចប់ប៉ាដោយ ។

    • លី កល្យាណ / សីហា 1 2012 4:08 ល្ងាច

      យីស ទៅជាបានអ៊ំវាជួយគិតគូរទៅវិញ។ ចឹងបានថាមានមិត្តភ័ក្តិគឺបានជួយឱ្យយោបល់គ្នាពីបញ្ហាជីវិត រាប់ទាំងរឿងកូនឆ្កែផងដែរ។

      បងហើយកុំទៅភ័យ និយាយរឿងមួយឱ្យហួសចិត្តទៅដល់ប៉ែតទៀតចុះ។
      ពីម្សិលមិញម៉ែតេមកប្រាប់ទាំងក្បាលល្ងាច ថាបាត់ចៅគាត់ហើយ គាត់និយាយអួលដើមកអត់ចង់ប្រាប់ទេ
      «វាទៅតាមមីងឯងទៅដាំបាយឯវត្ត (មីងដែលវាឈ្លោះជាមួយ វាតាមយកចិត្តគេរហូត) ធម្មតាតែពេលវាជូនអ្នកផ្ទះទៅដល់កន្លែងហើយគឺវាមកផ្ទះវិញហើយ អត់ចេះនៅលេងហ្នឹងទេ តែលើកនេះអត់ឃើញមកផ្ទះវិញរហូតដល់ល្ងាច ប្អូនប្រុសឯងវាតាមរកសព្វហើយ នៅផ្សារតូចផ្សារធំ តាមភូមិជិតៗ ទៅដល់ស្រែទៅដល់កន្លែងគេលេងបាល់ដែលវាចំណាំទៅលេងជាមួយ ក្នុងវត្តរកអស់ហើយ នៅតែមិនឃើញ ម៉ាក់អស់កម្លាំងញ័រដៃណាស់កូន មិនដឹងជាវាត្រូវគេចាប់ទៅ ឬនៅឯណាទេ? បើគេចាប់ទៅចិញ្ចឹមគ្រាន់បន្តិច»
      «ម៉ាក់ទៅរកនៅផ្ទះអ៊ំហើយនៅ? ផ្ទះមីង? ផ្ទះបង? ផ្ទះយាយ?» ម៉ាក់រកអស់ហើយ។
      «ហ៊ឺ បើមិនឃើញស្អែកទេ មុខតែគេទាក់ទៅហើយ» អើម៉ាក់ខ្លាចចឹងណា៎ បើគេយកទៅចិញ្ចឹមទៅគ្រាន់តិច។
      ដេកមិនលក់មួយយប់ទល់ភ្លឺ មិនខ្ចីបើកឥន្ទនេត្រ។
      ស្អែកឡើងម៉ោងប្រាំបួន កំពុងធ្វើការម៉ែតេមកប្រាប់ថា ឃើញអាយក្សមកផ្ទះវិញហើយ វាតាម(អង្វរ)មីងខ្ញុំរហូតនៅឯវត្ត ហើយគាត់ចូលទៅក្នុងឃ្លាំងដាក់ចានឆ្នាំង វាចូលតាម ដល់គាត់ចេញមកវិញគាត់មិនបានមើលវាស្មានថាវា ទៅផ្ទះហើយក៏បិទទ្វារមកវិញ ចាក់សោរចោលវានៅក្នុងឃ្លាំងមួយយប់។
      ខ្ញុំសើចហៀរទឹកភ្នែក ធូរចិត្តបន្តិច។

  4. ភរិយានិងម្ដាយម្នាក់ / សីហា 1 2012 5:03 ល្ងាច

    សំណាងហើយ ដែលជាប់នៅឃ្លាំងលោក បើគេចាប់យកទៅ​ មិនដឹងជាម៉ែវាស្ដាយបោកខ្លួនយ៉ាងណាទេ!

    • លី កល្យាណ / សីហា 1 2012 5:10 ល្ងាច

      ឯងហើយ ស្តាប់ទូរស័ព្ទគាត់បណ្តើរ នឹកគិតបណ្តើរថារឿងប្រុងកើតត្រូវកើត តាំងចិត្តថាទទួលស្គាល់ថាត្រូវតែមានថ្ងៃបែកគ្នាចឹង​ កុំយំអី តែទ្រាំមិនគិតនឹកវាមិនបាន នឹកតែថាអ្នកផ្ទះហ្នឹងវាធ្វើឱ្យគេស្លាប់ចិត្តទាំងស្រុង យាយវា យាយទួតវា សុទ្ធតែស្រឡាញ់វាណាស់ បើគ្មានម្ហូបសម្រាប់វាទេគាត់សុខចិត្តដើរទៅរកទិញឱ្យភ្លាម រួចបើកូនវិញគ្មានម្ហូបដែលវាស៊ីបានគាត់ លួងថា អើចាំល្ងាចម៉ែធ្វើម្ហូបឱ្យឆ្ងាញ់ម្តង តែតាមពិតគ្មានទេ ម្ហូបតែដដែលហ្នឹង។ ឆ្កែវិញ បើព្រឹកហ្នឹងវាមិនស៊ីបាយទេគាត់ទៅទិញម្ហូបឱ្យវាភ្លាមដាក់ឱ្យស៊ី កូនចាំសិន។ នេះបានថា!

    • ភរិយានិងម្ដាយម្នាក់ / សីហា 1 2012 5:13 ល្ងាច

      នេះបានថាស្រឡាញ់ឆ្កែជាងកូន ង៉ាំស់ៗៗៗ

  5. somada / សីហា 1 2012 8:21 ល្ងាច

    ម៉ែវាបើចេះតែយកចិត្តគេប៉ុណ្ណឹងនោះ​មិនដឹងជាយកទៅណាអស់ទេលោកអើយ !

    • លី កល្យាណ / សីហា 2 2012 9:16 ល្ងាច

      យកស្អីទៅណាបង រកតែមួយគ្មានផងនោះ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: