Skip to content
27 ខែសីហា 2012 / ស្នាមញញឹម

ពេល«របស់គេពេញនិយម»លែងសំខាន់

នរណាថាបច្ចេកវិទ្យាសុទ្ធតែល្អទាំងអស់?

ខ្ញុំឥតស្របតាមទាំងស្រុងឡើយ។ តួយ៉ាងមានខ្ញុំជាឧទាហរណ៍ស្រាប់។ ពីមុនមកខ្ញុំប្រើទូរស័ព្ទណូគា 1220 ។ វាជា ទូរស័ព្ទសំណព្វចិត្តខ្ញុំ ដោយមូលហេតុច្រើនយ៉ាង ៖

– កាន់ថ្មបានយូររហូតដល់បួនថ្ងៃ (រួមទាំងនិយាយប្រហែលពីរម៉ោងផង)

– ងាយស្រួលប្រើ និងផ្លាស់ប្តូរការកំណត់នានាតែក្នុងប្រមាណប្រាំវិនាទី រួមទាំងការបិទបើក

– ចង់នរណាខ្ចីប្រើក៏គេងាយប្រើ គ្រាន់តែចុចពីរ បីក្រឹប គឺទូរស័ព្ទចេញបានភ្លាម

គុណសម្បត្តិត្រឹមប៉ុណ្ណេះទុកថាវាល្អសមស្របសម្រាប់ខ្ញុំហើយ តែវាខ្វះខាតតែម៉្យាងប៉ុណ្ណោះសម្រាប់ខ្ញុំគឺ ៖

– មិនអាចចងចាំលេខទូរស័ព្ទបានលើសពី ២៥០​លេខ។

ខ្ញុំជាមនុស្សចិត្តទូលាយ មិនបានបិទភ្នែកបិទត្រចៀកចំពោះបច្ចេកវិទ្យាថ្មីនោះទេ។ ខ្ញុំបានគិតដល់ទូរស័ព្ទល្អជា ច្រើនដែលក្នុងនោះមានម៉ាក HTC ដែលខ្ញុំស្រឡាញ់តាំងពី ២០០៤ សម័យដែលខ្ញុំត្រូវការ GPS បំផុតដើម្បីដើរព្រៃ ហើយការងាររបស់ខ្ញុំវាខ្វះខាត GPS ហ្នឹង ដោយក្នុងអង្គភាពមួយមាន GPS តែមួយគត់សម្រាប់ប្រើបីគម្រោង ។

មកដល់ឆ្នាំ ២០០៩ មនុស្សម្នាផ្អើលប្រើទូរស័ព្ទល្អៗជាច្រើន ខ្ញុំក៏នៅតែស្រឡាញ់ HTC ព្រោះមានតែវាទេ ដែលអ្នក ហាក់ឃើរ មិនអាចហែកចូលបាន ។ អូហ៍ទេ! នៅមាន Blackberry មួយទៀត។

ដល់ពេលដែលបាត់ទូរស័ព្ទអស់ទៅ ខ្ញុំក៏សម្រេចចិត្តទិញ HTC One V ដោយគិតថាសាកប្រើវាសិន ព្រោះចង់ដឹង ថារបស់ដែលគេកំពុងពេញនិយមសព្វថ្ងៃនេះតើវានឹងផ្តល់ប្រយោជន៍ឱ្យខ្ញុំប៉ុណ្ណាដែរ? សមនឹងតម្លៃវាដែរទេ? បើសិនជាវាគួរឱ្យស្រឡាញ់ពិតមែន ត្រូវចិត្តខ្ញុំ ស្របនឹងតម្រូវការរបស់ខ្ញុំហើយ ខ្ញុំអាចនឹងឈានទៅរក HTC មួយ ទៀតដែលខ្ញុំស្រឡាញ់មែនទែន។

ក្រោយពេលទិញបាន HTC យកមកប្រើ ដំបូងមានការលំបាកក៏នឹកក្នុងចិត្តថា របស់ណាក៏ដោយលំបាកតែដំបូង អីចឹងឯង មើលតែប្តីប្រពន្ធទើបរៀបការចុះ ស្រឡាញ់គ្នាខ្លាំងយ៉ាងណាក៏ការរស់នៅជាមួយគ្នាវាមិនបានល្អឥត ខ្ចោះដែរ (ទោះជាតាម៉ាប់ធ្លាប់ប្រាប់ថារើសយកអ្នកឥតខ្ចោះមកក៏នៅតែរកាំរកូសខ្លះៗចៀសមិនរួចទេ) តែក្រោយ ពីសាកល្បងប្រើមួយខែមក ខ្ញុំចាប់ផ្តើមសួរខ្លួនឯងពីការសម្រេចចិត្តមិនច្បាស់លាស់នេះ។ ទូរស័ព្ទនេះបានតែ ៖

– ចងចាំលេខទូរស័ព្ទបានច្រើនមិនកំណត់

– អាចប្រើកាមេរាបន្ថែមមួយមុខទៀត

តាមពិតទៅរបស់គេមានច្រើនមុខទៀតតែខ្ញុំត្រូវការត្រឹមតែប៉ុណ្ណឹង ដូច្នេះរបស់ផ្សេងគ្មានតម្លៃសម្រាប់ខ្ញុំឡើយ។

– មានកម្មវិធីមើលវីដេអូ ស្តាប់ចម្រៀង (ខ្ញុំមិនមែនអ្នកចូលចិត្តមើលវីដេអូតាមទូរស័ព្ទ ចាក់ចម្រៀងស្តាប់ឡើយ)

– មានកម្មវិធីវិទ្យុ (ខ្ញុំចូលចិត្តតែប៉ុស្តិ៍ ទទក ប៉ុណ្ណោះ មិនចូលចិត្តវិទ្យុប៉ុន្មានទេ)

– មានហ្វេសប៊ុក ឥន្ទនេត្រ និងស្អីៗជាច្រើនទៀត

ទន្ទឹមនឹងនេះវាក៏មានគុណវិបត្តិរបស់វាដែរ គឺថា ៖

– ប្រើបានតែមួយថ្ងៃត្រូវសាកថ្មម្តង (ខ្ញុំធុញណាស់ព្រោះជួនកាលនៅស្រុកស្រែម៉េចមានភ្លើងគ្រប់ពេលនោះ?)

– ចុចចុះចុចឡើង រកកន្លែងចងចាំលេខទូរស័ព្ទមិនឃើញឈប់ចុច ចង់លេខនរណា សំខាន់ប៉ុណ្ណាក៏ចុចមិនកើត ទៅចេញអក្សរចិន យ៉ាប់នេះយ៉ាប់ម៉្លេះទេ!!! លោក!!!

ខ្ញុំសម្រេចចិត្តខុសគ្រប់សព្វតែម្តង លើកទីមួយសម្រេចចិត្តខុសក្នុងការសិក្សា លើកទីពីរសម្រេចចិត្តខុសរឿង ជីវិតនិងអនាគត លើកទីបីសម្រេចចិត្តខុសរឿងជ្រើសរើសជំនាញការងារ។ លើកនេះសម្រេចចិត្តរឿងតូចតាច ក៏ខុសទៅទៀត ចុះអីក៏ផ្តែសៗ។

លី កល្យាណ

Advertisements
  1. somada / សីហា 27 2012 5:21 ល្ងាច

    គ្មាននរណាម្នាក់ដែលសម្រេចជោគជ័យគ្រប់រឿងនោះទេ វាតែងតែមានខ្វះចន្លោះជានិច្ច ដូច្នេះសូមពេញ​ចិត្ត​នូវអ្វីដែលអ្នកមាន ក្នុងចិត្តយើងគិតថា​មិនស្រឡាញ់វា មិនត្រូវការវា តែមានមនុស្សរាប់រយ ពាន់ លាននាក់​​ទៀត​ដែលកំពុងតែច្រណែន​នឹងអ្វីដែលយើង​មាននាពេលនេះ ។ រឿងទូរស័ព្ទ​នេះធ្លាប់ឆ្លងកាត់​ច្រើន​មកហើយ​ដែរ តែបងនៅតែពេញចិត្តណូកៀ ហើយមុខងារស្តាប់ភ្លេង​ស្តាប់អីនោះបងមិនដែលប្រើទេ ព្រោះមិនចូលចិត្ត (សង្ស័យតែខ្លួនឯងជាមនុស្សបុរាណផងមិនដឹង) ។

    • លី កល្យាណ / សីហា 27 2012 6:00 ល្ងាច

      គ្មានអីអស្ចារ្យជាងរកលេខអ្នកណាក៏រកមិនឃើញ ដល់តែសួរលេខនោះពីគេ ចុចទៅចេញលើអេក្រង់។ ក្តៅសឹងឆេះ អាឯងប្រញាប់សឹងងាប់ វាទៅជានាំខកទៅវិញ ទិញមកមិនដឹងបានការអី???

  2. somada / សីហា 27 2012 8:07 ល្ងាច

    ឯផស់បងណេះវិញ លេខដែលសេវហើយហ្នឹង គាត់អត់ចេញឈ្មោះឲ្យទេ ពេលខ្លះ​លេខអត់ស្គាល់អត់លើក​ទេ ដល់វាមិនចេញឲ្យអញ្ចឹង​ត្រូវតែទទួលទាំងអស់ អត់រើសមុខទេអាឡូវនេះ សេវាពេញ ប៉ឹប ៗហ្មង ។

    • លី កល្យាណ / សីហា 28 2012 9:22 ព្រឹក

      ហាសហាសហា សេវាពេញប៊ឹប ។ លី កល្យាណអត់ពេញប៊ឹបទេ ព្រោះថាតែវាមិនចេញឈ្មោះមិនខ្ចីលើក ចង់ព្រះមាតា ព្រះបិតាណាក៏ដោយ។
      ខ្ញុំមិនដឹងជាជ្រួលតាមគេអីទេនេះ ទៅទិញអាទូរស័ព្ទទំនើបហ្នឹង ឥឡូវកំពុងរកជំនួយទិញអាចាស់វិញ ព្រោះមិនចេះប្រើទេ។ បងដឹងទេ? ម្តាយខ្ញុំគាត់ចេះប្រើទូរស័ព្ទដែលខ្ញុំមិនចេះប្រើ ង៉ៃមុនខ្ញុំចូលមុជទឹក ស្រាប់តែទាញទូរស័ព្ទខ្ញុំមកអូស ហ្សូមៗ ឡូយបស់គាត់ចឹងទៅ 😀
      ពិបាកប្រើណាស់ ជួនកាលខ្ញុំយកកូនដៃខ្ញុំចុច ថាទៅមកពីម្រាមដៃគ្រមីងគ្រមាំងរបស់ខ្ញុំវាមិនស៊ីនឹង ទូរស័ព្ទនោះ ជួនកាលចុចមិនចេញ ឬចុចខុសខ្ជិលតេ។
      ចំពោះឥន្ទនេត្រ បើក្រៅពីកុំព្យូទ័រខ្ញុំប្រើមិនកើតតែម្តង។ រួចបើថាទិញទូរស័ព្ទហ្នឹងមកលេងហ្គេម ខ្ញុំមិនមែនអ្នកលេងហ្គេមសោះតែម្តង។ ហ្គេមដែលខ្ញុំចូលចិត្តគឺហ្គេមស្ទូចត្រីនៅព្រែកលាប ឬនៅកៀន ស្វាយ។
      ខ្ញុំឃើញគេលេងអាយផែត អាយផត អីខ្ញុំឆ្ងល់នោះឆ្ងល់ ចុះគេធ្វើអីហ្នឹង??? ទើបដើរទៅឈ្ងោក លោក អើយលេងហ្គេមសោះហ្នឹង។ ហ្គត់ លុយម៉ាគគោកទៅចំណាយនឹងហ្គេម???
      😦

    • somada / សីហា 28 2012 9:49 ព្រឹក

      អារឿងទិញទូរស័ព្ទមកស្តាប់ចម្រៀង​ មកលេងហ្គេមអីនឹង អត់ហ្មង ព្រោះមិនចូលចិត្តបើចង់លេងបើកលេង​ក្នុង​កុំព្យូទ័រតែហ្មង ។ អារឿងអត់ចេញឈ្មោះអត់លើកនោះហើយ​ប៉ាយ័ត្នខ្លួនទៅ តែបងទៅផ្ទះវិញ​តេទៅពីរបីសាអត់លើកអីនឹង ឈប់រាប់អាន​តែហ្មង ។

    • លី កល្យាណ / សីហា 28 2012 10:02 ព្រឹក

      យើងជាប់ខ្សែស្រឡាយក្នុងវើតប្រេសដែរតើ? ម៉េចក៏ឈប់ងាយៗបានទៅ។ រឿងនេះមិនសន្យាជាដាច់ខាត មនុស្សសសៃប្រសាទដូចខ្ញុំចាំតែសន្យាដូចកាលនៅពីក្មេងតើ។

    • somada / សីហា 28 2012 1:52 ល្ងាច

      ម៉េចបានថាឲ្យខ្លួនឯងអញ្ចឹង ? ខឹងបងទេដឹងនែក !

    • លី កល្យាណ / សីហា 28 2012 3:31 ល្ងាច

      បង! គ្មានខឹងម៉ាតិចទេ ព្រោះខ្ញុំទេអ្នកខុសរឿងគេតេមកមិនលើកហ្នឹង។ តែដែលថាសសៃប្រសាទនេះគឺមកពីពេលណាមួរម៉ៅគឺមិនទទួលទូរស័ព្ទឡើយ ខ្លាចច្រឡោតដាក់គេដាក់ឯងតែពាសតើបង។

    • somada / សីហា 28 2012 7:03 ល្ងាច

      ធូរទ្រូងវិញ​តែប៉ុណ្ណេះ អេងលែងលក់ទៀតហើយ ។

    • លី កល្យាណ / សីហា 29 2012 10:43 ព្រឹក

      អេងលែងលក់អូនអរព្រោះម្ចាស់បងនឹងស្គមសល់តែឆ្អឹង។

  3. តា ម៉ាប់ / សីហា 28 2012 12:09 ព្រឹក

    បងកល្យាណ យកពាក្យ ឥន្ទនេត្រ ខ្ញុំទៅប្រើឥតមានសុំម្ចាស់សោះ ខ្ញុំបង់ប៉ាតង់ពាក្យរួចហើយណា ឡុល ។ ឬក៏បងប្រើយូរហើយ?

    • somada / សីហា 28 2012 6:49 ព្រឹក

      តាម៉ាប់ប្តឹងទៅ គេរំលោភលើកម្មសិទ្ធបញ្ញាយើងហើយ​ចាំអង្កាល់ទៀត ។

    • លី កល្យាណ / សីហា 28 2012 7:27 ព្រឹក

      ទាល់តែយូរហ៍។ ខ្ញុំប្រើយូរហើយណា។
      បើបានបង់ប៉ាតង់ មានថែមលុយឱ្យគេទេ???
      ថាលេងទេតាម៉ាប់។

    • តា ម៉ាប់ / សីហា 28 2012 5:21 ល្ងាច

      ចាំមើល​ម្ចាស់​អត្ថបទ​បក​ស្រាយ​សិន ។

    • លី កល្យាណ / សីហា 28 2012 5:27 ល្ងាច

      នៅក្នុង រូបផ្កាចំប៉ា មានប្រើមួយដែរណា៎ កុំថាឱ្យខ្ញុំអី ព្រោះខ្ញុំអត់ដឹងប្រើតាំងពីកាលណាដែរទេ។

  4. ស្រុកស្រែ / សីហា 28 2012 11:48 ព្រឹក

    ហេហេ… បើ​ខ្ញុំ​វិញ​ខុស​ពី​កល្យាណ​ ត្រង់ថា ខ្ញុំ​ចូល​ក្នុងជំពូក​​ដែល​ចាស់ៗ​ពីដើម​ហៅថាពួក “ដៃភ្លើង ជើងមាន់” គឺប្រើ​របស់​អី ខ្ទេចហ្នុង..!!.. ជាក់ស្តែង​ទូរស័ព្ទ HTC ខ្ញុំ​ថ្មីចែស ប្រើ​ចុចចុះ​ ចុចឡើង​មិន​បាន​ប៉ុន្មាន​ផង ស្រាប់តែ​គេតេមក​ លែង​ឮសំលេង​និយាយ​… ហើយ​បើ​និយាយ​ពី​ធ្លាក់វិញ តិចៗឮសូរក្ឌុក… តិចៗ​ឮសូរប្រាវ… ដល់​យក​ទៅ​លក់​អោយ​ហាង​វិញ គេអោយ​ចំណេញ “អស់” ជាងពាក់កណ្តាល…។ ឥឡូវ​នេះ សមមុខហើយ… ខ្ញុំ​ប្រើអា អិនចុចពិល ចង់ធ្លាក់​ម៉ាង៉ៃ​ដប់ដង ក៍លែងឈឺក្បាល​ វិល​មុខ​ ស្តាយ​ស្រណោះ​អី​ទៀតដែរ… 😀 ​

    • ភរិយានិងម្ដាយម្នាក់ / សីហា 28 2012 2:25 ល្ងាច

      ឃើញពាក្យ«ដៃភ្លើង ជើងមាន់» នឹកពេលម៉ាក់ខ្ញុំខឹងកូនពេក គាត់និយាយថា«ដៃជើង ភ្លើងមាន់» មិនដឹងមានន័យថាម៉េចទេ!!!!

    • ស្រុកស្រែ / សីហា 28 2012 2:35 ល្ងាច

      បើអីចឹង ចាំនិយាយពាក្យ​នេះជាមួយ នូនូ បន្តទៀតចុះ… 😀

    • លី កល្យាណ / សីហា 28 2012 2:54 ល្ងាច

      និយាយរឿងចុចចុះ ចុចឡើង ខ្ញុំដូចពូស្រុកស្រែដែរ គឺចុចទៅណាក៏មិនទៅ ទៅណាក៏នៅតែហ្នឹង មិនដឹងចេះប្រើម៉េច ក៏ស្មុគ្រស្មាញអីយ៉ាងនេះ?
      តែពូខាតអស់ជាងពាក់កណ្តាល គួរឱ្យស្តាយណាស់។ ជួនកាលរបស់យើងកំពុងស្រឡាញ់ ដល់តែ ខូចខាតចឹងទៅ ទៅជាអស់ស្រឡាញ់ទៅវិញក៏សឹងមាន។ ខ្ញុំស្តាយជួសពូ។

    • ស្រុកស្រែ / សីហា 28 2012 3:06 ល្ងាច

      ខ្ជិលស្តាយកល្យាណអើយ… បើទូរស័ព្ទ​ខ្ញុំប្រើ​នោះ ​ធ្លាក់​ឡើងវ៉ល់អស់​ទៅ​ហើយ​ណឹង… ណាមួយ​សាច់ឈាម​ខ្ញុំ​ប្រើ​របស់​ថ្លៃ​អត់​បាន… ប្រើបានតែ​អា​របស់​ធុន​អេតចាយ​ហ្នុងឯង ដែល​ប្រើ​បាន​យូរ… 😀

    • លី កល្យាណ / សីហា 28 2012 3:16 ល្ងាច

      សាច់ឈាមខ្ញុំក៏អីចឹងដែរពូ

  5. ភរិយានិងម្ដាយម្នាក់ / សីហា 28 2012 2:22 ល្ងាច

    មើលខំមិនខាងលើមក សុទ្ធតែអ្នក «ណូគានិយម» មែន។ ខ្ញុំចូលចិត្តអាទំនើបហើយ ព្រោះវាមានហ្គេម(អាចដោះស្រាយមួយគ្រាជាមួយអា២នាក់ពេលជិះឡានផ្លូវឆ្ងាយ) មានចំរៀង អាចអោយអាពេជ្រស្ដាប់ពេលវាធុញ អាចដាក់ខាធូន ថមនិងជែរី ដោះទាល់ពេលអា២នាក់នោះអាញេអាញ៉ៃ។ ក្រៅពីហ្នឹង ប្រើខល មិនសូវប៉ុន្មានទេ ព្រោះអត់ម៉ូយ មានតែ ខលជាមួយប៉ាអាបីនាក់ ជួនកាលអត់ខលទៀត មេសសេច អត់អស់លុយ។ ចឹងខ្ញុំខុសគេហើយក្នុងចំណោមអ្នកខាងលើ ស្រឡាញ់អាទំនើប តែបញ្ហាគឺថា ដើម្បី ដើម្បី គឺថា អាចាស់អិលជី មិនទាន់ខូច អត់ដាច់ចិត្តទិញអាថ្មី ម្យ៉ាងអ៊ុយឡត់ផង ហេហេហេ :mrgreen:

    • somada / សីហា 29 2012 7:02 ព្រឹក

      ណូគៀបងក៏មានហ្គេមនឹងអាចបញ្ចូល​អ្វីផ្សេង ៗ ទៀតតាមតម្រូវការដោះស្រាយបញ្ហាជាមួយក្មេង ៗ បានមួយពេល ៗ ដែរហ្នឹង ។ និយាយពីអេលជីទិញឲ្យកូនប្រើ តែពេលទៅផ្ទះ​កាលពីចលឆ្នាំភ្លេចឆ្នាំងសាក​នៅផ្ទះ ក៏ទៅរកទិញ​ថ្មី​ តែអ្នកលក់អត់លក់ឲ្យ គេប្រាប់ថា ឆ្នាំងសាក​មួយ ១៩៩បាត (ហើយទូរស័ព្ទ​កូន​នេត្រ គេដាក់​ក្នុង​កាតាបមិនដឹងជាម៉េចទេ បែកកញ្ចក់) បើពូទិញថ្មីវិញល្អជាង មួយតែ​៥៥០បាតទេ ទិញឆ្នាំងសាក​ធ្វើអី​បើទូរស័ព្ទចាស់ហើយហ្នឹង ? តែកូននេត្រគេអត់ចង់បានអាថ្មីទេ គេស្រឡាញ់អាចាស់ផស់គេ ដូច្នេះក៏អត់​ប្រើដល់អាឡូវទៅ ។

  6. Nataro / សីហា 28 2012 7:39 ល្ងាច

    ខ្ញុំអត់មានយោបល់អីហេ បានតែចូលអាnចោលតែប៉ាប៉ុនណឹងឯង 🙂

    • លី កល្យាណ / សីហា 29 2012 11:20 ព្រឹក

      យ៉ាងណាក៏អរគុណដែរដែលបានចូលមកខំមិន 😀

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: