Skip to content
28 ខែសីហា 2012 / ស្នាមញញឹម

សុំពេលកែតម្រូវវិញ

ណ្ហើយ!!! អារឿងអន់ចិត្តនឹងការសម្រេចចិត្តខុសនោះកុំទៅទុកក្នុងចិត្តយូរអី! សាកមកស្តាប់រឿងសប្បាយៗ ដែលខ្ញុំបានជួបកាលពីពីរអាទិត្យមុនវិញទៅមើល!!! តែមើលហើយ ហាមសើច 😀 😀 😀

XXXXXXX

រឿងរបស់ខ្ញុំ ក្រៅពីធ្វើការ ចេញពីធ្វើការទៅផ្ទះ ចេញពីផ្ទះទៅធ្វើការ ចុះទៅខេត្តធ្វើការ រួចក៏ទៅមើលស្រែភ្លឺនៅ ស្រុកកំណើត។ ដូចអត់មានរឿងអីនិយាយទេ ក្រៅពីហ្នឹងនិយាយដើមគេ និយាយបរិហារកេរ្ត និយាយរឿង ស្រុកទេស ឬ មាននិយាយដើមមេខ្លះដែរ 😀

អាទិត្យនេះទៅផ្ទះជួបតែរឿងល្អៗ។ ជិះឡានទៅស្រុក ខ្ញុំអង្គុយជិតសុភាពបុរសម្នាក់ដ៏គួរឱ្យគោរព ។ ក្នុងចំងាយ ផ្លូវពីភ្នំពេញទៅកំពង់ធំ គាត់ឥតប៉ះខ្ញុំសូម្បីបន្តិចដែលអាចនាំរំខានដល់ការសម្រាកបិទភ្នែកក្នុងឡានរបស់ខ្ញុំក្នុង ពេលដែលមាឌរបស់យើងទាំងពីរធំៗដូចគ្នា ចំណែកទូរស័ព្ទវិញនិយាយស្ទើរស្តាប់មិនឮ ព្រោះនិយាយតិចៗ យក ដៃខ្ទប់មាត់។ សុភាពបុរសម៉ាកហ្នឹង មិនងាយជួបឡើយ! ឱសំណាងរបស់នរណាទៅហ្ន៎ ដែលមានវាសនាបាន គាត់ជាគូរជីវិត!!! ប្រហែលជាអ្នកធ្វើការអង្គការ ឬក្រុមហ៊ុនណាមួយនៅសៀមរាប ឬកំពត។

ទៅដល់ផ្ទះត្រូវសើរើរឿងកូនចៅជាមួយម្តាយមីង ដែលមានជម្លោះថ្នាក់មូលដ្ឋានដែលចាំបាច់ត្រូវដោះស្រាយ ស្របតាមការឱ្យយោបល់របស់បង សុម៉ាដា និងដើម្បីកុំឱ្យខ្មោចធ្វើផង ទាន់ស្ថានការណ៍ទើបតែចាប់ផ្តើមមិន ទាន់ទុំជោរ។

ទៅមើលស្រែមើលស្រូវ ដើរបោចស្មៅព្រៅ លើកទប់ភ្លឺរួចរាល់ក៏ដាក់ខ្លួនអង្គុយចុះជជែកលេងជាមួយមាមីងដែល ធ្វើស្រែក្បែរគ្នា ក៏បានបែកប្រាជ្ញជជែកពីរឿងដើមត្នោតនៅចុងដីខ្ញុំ។

មីងប្រាប់ថាត្នោតមិនងាយងាប់ទេ លែងតែរន្ទះបាញ់ បីរយឆ្នាំអីមិនទាន់ទៅណាផង។ ដើមត្នោតដែលអាចយក ប្រើជាគ្រឿងផ្ទះបានទាល់តែមានអាយុចាប់ពីមួយរយឆ្នាំឡើងទៅ ។​ ដើមត្នោតឱ្យផលពីអាយុសែសិបឆ្នាំឡើងទៅ  ចំណែកនំដែលខ្ញុំចង់ញ៉ាំ គឺនំកាតំ ចាំពេលណាគាត់ទំនេរគាត់ធ្វើឱ្យហូប។

ប្រកាសមុនរបស់ខ្ញុំត្រូវកែសម្រួលទៅតាមសម្តីរបស់មាមីងទាំងស្រុង ដោយយោងទៅលើបទពិសោធន៍ និងការ កត់សម្គាល់របស់ពួកគាត់។ ពេលនេះខ្ញុំបានដឹងច្បាស់ណាស់ថា ចំណេះដឹងមូលដ្ឋានរបស់ខ្ញុំនៅមានកម្រិតតិច ស្តើងបំផុតបើប្រៀបធៀបជាមួយសង្គមវិទ្យាបច្ចុប្បន្ន។

ចំណែកផ្កាគ្រញូងក៏ឥតបានទៅថតដែរព្រោះរវល់តែភ្លេចកាមេរានៅឯភ្នំពេញ គ្រាន់តែចង់ជម្រាបថា គ្រញូងដែក មួយដើមនោះកម្ពស់ប្រហែលបីម៉ែត្រ ខ្ញុំសួរអ្នកស្រុកដែលគេនាំខ្ញុំទៅមើលហ្នឹងគឺអាយុវាមិនតិចជាងសាមសិប ទៅ សែសិបឆ្នាំហើយទេ (លោកអើយ! បងខ្ញុំទៅទៀត?)។ ស្លឹកវាល្អិតដូចស្លឹកក្រឡាញ់ ផ្កាវាក៏ស្រដៀងនឹងផ្កា ក្រឡាញ់ ដែរ។

ត្រឡប់មកវិញមានរឿងមួយដែលខ្ញុំចង់ប្រាប់ញាតិមិត្តនៅភូមិវើតប្រេសនេះអំពីគំនិតរបស់ខ្ញុំ (គំនិតអាក្រក់)៖

ឡើងឡានក្រុងក្រុមហ៊ុនប៉ារ៉ាម៉ោនត្រឡប់មកវិញ បានកៅអីដំបូងជិតក្មេងប្រុសម្នាក់ដែលអង្គុយមើលទៅខាង ក្រៅតាមកញ្ចក់ដែលមានថ្ងៃក្តៅហែងចាំងលើវា។ ខ្ញុំក៏ហៅឱ្យដូរមកអង្គុយកន្លែងខ្ញុំត្រង់ម្លប់វិញ វាមើលមុខខ្ញុំ ទាំងមិនអស់ចិត្ត ព្រោះបើវាចង់អង្គុយកន្លែងម្លប់គេមិនឱ្យវាអង្គុយទេ (ខ្ញុំកក់សំបុត្រពីសៀមរាបមកភ្នំពេញ) គ្មាននរណាសុខចិត្តអង្គុយកៅអីចាំងថ្ងៃក្តៅហែង ហើយប្តូរឱ្យអ្នកផ្សេងអង្គុយនៅកន្លែងស្រួលរបស់ខ្លួនឡើយ។

ពេលក្មេងនោះ និងជីតាវាចុះនៅកំពង់ថ្ម ខ្ញុំក៏ត្រឡប់មកអង្គុយកន្លែងខ្ញុំវិញ។ រថយន្តឈប់នៅរំលងដើម្បី សម្រាកឱ្យអ្នកដំណើរបានរកបន្ទប់ទឹក និងរបស់ទ្រាប់ពោះមុនអាហារល្ងាច។ ខ្ញុំឈររង់ចាំរថយន្តចេញដំណើរ ទាំងធុញទ្រាន់ ខ្ញុំមិនញ៉ាំអីទេ ទោះជាឃ្លានក៏ដោយ ព្រោះឃើញកន្លែងអស់ហ្នឹងដែលគ្មានអនាម័យបន្តិចសោះ ងាកមើលកន្លែងធ្វើម្ហូបគគ្រិច មើលទៅចានឆ្នាំងលាងរួចរៀបដាក់ចោលក្បែរធុងសម្រាម … អូ ហ្គត់ …

ខ្ញុំដើរទៅឈរជិតកន្លែងលក់ភេសជ្ជៈក្លាសេ ក្រឡេកទៅឃើញបុរសម្នាក់ សង្ហារអស់ទាស់ ប្រហែលជាកូនកាត់ ខ្មែរ ឬកូនខ្មែរនៅស្រុកគេ ព្រោះតាមមើលការស្លៀកពាក់គឺរបៀបយុវវ័យអាមេរិចកាំង ខ្មៅស្រស់ កាត់សក់ខ្លី យ៉ាងស្អាតមានរបៀបរៀបរយ អាយុខ្ទង់ម្ភៃប្លាយប៉ុណ្ណោះ កំពុងអង្គុយយោលលើអង្រឹងអ្នកលក់ ហើយប្រឡែង ជាមួយក្មេងស្រីកូនអ្នកលក់ដូរនោះ។

ពេលចេញដំណើរត្រឡប់មកភ្នំពេញបន្តទៀត បុរសសង្ហារម្នាក់នោះក៏បានមកអង្គុយនៅកន្លែងក្បែរខ្ញុំ…ដែល ធ្វើឱ្យអារម្មណ៍ខ្ញុំរវើរវាយពេញមួយល្ងាចនោះ…

តាមការសង្កេតរបស់ខ្ញុំ ជនជាតិគេដែលមានលទ្ធភាពមកដើរលេងស្រុកខ្មែរតាមបែបស្ពាយសាក់កាដូ (ទេសចរ ថ្មើរជើង) គឺសុទ្ធតែជាអ្នកដែលចង់ចេះចង់ដឹង ចង់ឃើញចង់យល់ ហើយប្រឹងសន្សំប្រាក់ដើម្បីបានធ្វើដំណើរ ស្វែងយល់ពី ស្រុកគេស្រុកឯង ដូច្នេះហើយការចាយវាយក៏តម្រូវតាមកាលៈទេសៈដែរ។ ទេសចរដែលធ្វើដំណើរ តាមឡាន ក្រុងច្រើនជាទេសចរមិនសូវសំបូរប្រាក់។

ពួកគេចំណាយពេលដើរលើដី អានសៀវភៅលើឡាន ងាកមើលទេសភាពតាមដងផ្លូវ និងជជែកគ្នាពីរឿងរ៉ាវ ដែលបានជួបប្រទះដើម្បីផ្លាស់ប្តូរគំនិត យោបល់ទៅវិញទៅមក។ ចំណែកជនជាតិខ្មែរដែលជិះឡានក្រុងភាគ ច្រើនគេង លេងហ្គេមតាមទូរស័ព្ទ មើលវីដេអូដែលគេចាក់លើឡានក្រុង និយាយទូរស័ព្ទទៅសង្សារយូរៗ និង និយាយដើមគេ។ល។ ជួនកាលភាពខុសគ្នាខ្លះនាំគំនិតយើងឱ្យគិតដល់រឿងវែងឆ្ងាយរបស់ស្រុកទេស…

អូខេ ចូលដល់រឿងរវើរវាយរបស់ខ្ញុំម្តង។ ខ្ញុំ…តាមពិតទៅនៅទំនេរបេះដូងយូរណាស់ហើយ មិនដែលនឹកនារក គ្នីគ្នាកំដរជីវិតឡើយ។ ទើបតែថ្មីៗនេះ មានមិត្តជិតដិតមួយចំនួន រួមទាំងប្រធានៗធ្លាប់ធ្វើការជាមួយគ្នាពីមុន មកផងបានណែនាំឱ្យរកគូស្រករ «ល្មមដល់ពេលហើយ» ។ តាមពិតមិនសមនឹងប្រើពាក្យហ្នឹងទេ ព្រោះថាខ្ញុំ នេះអាយុច្រើនចង់ហួសពេលទៅហើយ។ លោកប្រធានចាស់ម្នាក់ដែលគាត់ស្និទ្ធស្នាលជាងគេ បានប្រាប់តាម ហ្វេសប៊ុក ថាខ្ញុំគួរតែចេះទាក់ទាញ ឬរៀនធ្វើខ្លួនឱ្យទាក់ទាញ (Be attractive) ។ ខ្ញុំនឹងគោរពតាមពាក្យទូន្មាន របស់មនុស្សចាស់ទុំជាទីគោរពរបស់ខ្ញុំ។

រួច…បុរសម្នាក់ដែលនៅអង្គុយក្បែរខ្ញុំនេះ គួរឱ្យស្រឡាញ់ណាស់លោកអើយ!!! ឡើងឡានភ្លាមទាញសៀវភៅ មគ្គុទេសទេសចរណ៍ស្រុកខ្មែរ ជាភាសាអង់គ្លេសមកអានរាវរកកន្លែងភ្លាម (គេមើលថានៅម្តុំជិតៗរំលងមាន ប្រាសាទមួយទៀត) គេប្រឹងងាកមើលតាមដងផ្លូវរកផ្លាកណែនាំ។ ត្រចៀកចាក់ចម្រៀងស្តាប់ក្ឌាំងៗឮដល់ខ្ញុំ តែសុភាពណាស់អង្គុយមិនឱ្យដល់គែមកៅអី ដើម្បីកុំឱ្យប៉ះខ្ញុំព្រោះមាឌខ្ញុំនិងម្នាក់នេះធំ ធាត់ ទាបប្រហែលគ្នា ស្មាផ្អៀងទៅម្ខាងរៀងៗខ្លួនកុំឱ្យប៉ះដៃ ប៉ះស្មា និយាយរួមគឺគេគោរពសិទ្ធិគ្នាទៅវិញទៅមក!!! 😀

អូម៉ាយហ្គត់ គេគួរឱ្យស្រឡាញ់ម៉្លេះ!!! ហ៊ឺ…ធ្វើម៉េចបានអាច Attract គេបានទៅលោក!!!

ខ្ញុំថាគេគួរឱ្យស្រឡាញ់នេះមិនទាន់សំដៅដល់មុខមាត់ រូបរាងខ្មៅស្រស់របស់គេទេ គឺគេគួរឱ្យស្រឡាញ់ ព្រោះ ចរឹតសុភាព ដែលខ្ញុំមិនសូវបានប្រទះនៅស្រុកខ្មែរ។ និយាយតាមត្រង់ មានអស់លោកបុរសៗខ្លះ បើបានមក អង្គុយក្នុងឡានជាប់ជាមួយស្រីៗទេនោះ ធ្វើជាមកប៉ះ មកទ្រេតលើ តាមចលនារបស់ឡានគេចក្រឡុក។

តាំងពីទើបចាប់ផ្តើមឡើងឡានមកវិញពីរំលងមកដល់ជិតថ្នល់កែងខ្ញុំនៅរកវិធីទាក់ទាញមិនបានសោះ គិតថា បើសិនជាមនុស្សស្រីដែលគេហៅថាទាក់ទាញនោះគឺត្រូវពាក់អាវសំយ៉េះ ឬវាលក ស្លៀកសំពត់ ឬវ៉ាល់ខ្លី លាប មុខផាត់ថ្ពាល់ឱ្យស្រស់ស្រាយ មានបបូរមាត់ព័ណ៌ក្រហមដោយក្រែមប្រផូរ… របៀបៗនេះទើបគេហៅថាទាក់ ទាញ(តាមសម្តីរបស់លោកប្រធានចាស់) តែបែរមកមើលខ្ញុំវិញ… អាវយឺតកឌុប ខោជើងវែងហោប៉ៅបួន ចង សក់ទៅក្រោយដូចកូនទីទុយ មុខគម្រាំងចែត និងស្បែកជើងផ្ទាត់ធម្មតាមួយគូរ… អើយ … ចង់អាសតាមវិធី ណាក៏ទាក់ទាញគេមិនរួចដែរ… ណ្ហើយ…តាមដំណើរទៅចុះ… ង៉ាស់ៗៗៗ

តាមផ្លូវមានធ្លាក់ភ្លៀងជាប់រហូត លុះមកដល់ផ្លូវបំបែកថ្នល់កែង ព្រែកក្តាម ស្រាប់តែឡានមិនមកតាមផ្លូវជាតិ លេខ៦អា បែរជាឆ្ពោះទៅផ្លូវព្រែកក្តាម ខ្ញុំក៏ស្រែកថា ពូតៃកុងឡាន! មេឃទើបតែភ្លៀងរួចផង ពូកុំទៅតាមផ្លូវ ហ្នឹងអី។ តៃកុងឡានតបមកវិញថា អត់អីទេបង។ ខ្ញុំក៏ស្ងាត់មាត់ទៅព្រោះគេជាអ្នកបើកបរគេដឹងច្បាស់ហើយ មិនបាច់យើងណែនាំ មានយោបល់អីច្រើនទេ។ ខ្ញុំប្រឹងតែមើលផ្លូវព្រោះដឹងច្បាស់ណាស់ថាផ្លូវព្រែកក្តាមទើប តែជួសជុលចាក់ដីបង្ហាប់ មិនទាន់រាយថ្មរាយក្រួសទេ បើមេឃទើបតែភ្លៀងថ្មីៗបែបនេះនោះ មុខតែពិបាកធំ ហើយ។

លុះចេញពីផ្លូវបំបែក ប្រមាណប្រាំរយម៉ែត្រដែលថ្នល់ចាស់មិនទាន់ឈូសនៅមានជាតិថ្មនិងកៅស៊ូនៅឡើយ យើងមិនទាន់ភ័យឡើយ ស្រាប់តែផុតពីថ្នល់កៅស៊ូចាស់មក ខ្ញុំចាប់ផ្តើមមើលឃើញផ្លូវពិបាក… ផ្លូវទើបចាក់ ដីបង្ហាប់ត្រូវរអិលប៉ប៉ាច់ដោយសារភ្លៀង … ទទឹងផ្លូវធំណាស់តែគន្លងដែលអាចបើកបរបានមានតែមួយ ប្រឡោះសម្រាប់ឡាន និងគែមខាងសម្រាប់ម៉ូតូបន្តិចប៉ុណ្ណោះ។ ពេលឡានមួយមកពីខាងមុខជាមួយម៉ូតូធ្វើ ឱ្យតៃកុងមានការលំបាកក្នុងការចៀសគ្នា ព្រោះទោះយ៉ាងណាខាងគេមកបញ្រ្ចាស់នឹងយើងនេះមិនអាចងាក ចេញទៅខាងបន្តិចបានទេព្រោះមានម៉ូតូពីរបីនៅខាងស្តាំដៃរបស់គេដែរ (មានឧបសគ្គ) ដូច្នេះឡានយើងមិន មានឧបសគ្គត្រូវតែចៀសផ្លូវអែបទៅខាងបន្តិច ។ គ្រាន់តែតៃកុងងាកក្បាលឡានខ្ញុំភ័យទុកមុនស្រេចព្រោះថា ខាងស្តាំដៃរបស់យើងមានស្នាមភ្លោះ និងនៅខាងមុខបីបួនម៉ែត្រនេះគឺផ្ទះតៀមលក់គ្រឿងទេសដែលកំពុងបិទ ទ្វារសម្រាកពេលល្ងាច។ ឡានក៏រអិលដូចបរលើផ្លូវលាបខ្លាញ់ ដោយម្ខាងខ្លួនខាងក្រោយធ្លាក់គូទទៅនៅនឹង ចិញ្ចើមផ្លូវ ឡានប្រឹងរោទិ៍ឡើងយឺតៗ (បើរោទិ៍ខ្លាំងច្បាស់ជាបានដេកពេទ្យមិនខានទេ) ខៃកង់ក្រោយឱ្យឡើង មកលើគន្លងផ្លូវវិញដែលតួខាងមុខបានទៅនៅទទឹងម្ខាងទៀតនៃថ្នល់ទៅហើយ។ ឡានប្រុងនឹងប្រៀបនឹងបុក កន្ទុយក្រោយជាមួយតៀមលក់អីវ៉ាន់នោះហើយ ខ្ញុំក៏និយាយប្រាប់បុរសសង្ហាររបស់ខ្ញុំដែលគ្មានគិតធ្វើអីក្រៅ ពីក្តោបកាបូបស្ពាយពីក្រោយមួយជាប់មិនរបេះ តែលែងដាក់កាសត្រចៀកហើយញាត់សៀវភៅដែលបាន មើលចូលទៅក្នុងកាបូបនោះរួចស្រេច ដោយគ្មានគិតប្រាថ្នារកកន្លែងកាន់ដើម្បីទប់ខ្លួនអីម៉ាតិច ៖

Please… put down your bag, and be careful.

គេក៏ស្តាប់បង្គាប់បានដូចចិត្ត ទម្លាក់កាបូបនោះទៅក្នុងចន្លោះជើង រួចកាន់កន្លែងតោងក្រោយកៅអីខាងមុខ។ ខ្ញុំក៏បានធូរចិត្តហើយប្រឹងសម្លឹងមើលទៅផ្លូវនិងឡានដែលកំពុងជួបបញ្ហា។ ឡានវាត់កន្ទុយក្រោយប៉ះដំបូល តមកខាងមុខបន្តិចប៉ុណ្ណោះ ហើយអ្នកម្ចាស់តៀមក៏មិនរករឿងអីទៀតគិតតែថាអត់អីទេ ទៅចុះ!

ឡានបន្តដំណើរមកស្ពានព្រែកក្តាមដោយមិនមានបញ្ហាអ្វីជាដុំកំភួនទៀតទេ …

តែខ្ញុំគិតនោះគិត…

អ្ហើយ!!! បុរសជាទីស្រឡាញ់របស់ខ្ញុំ អាសជាងខ្ញុំទៅទៀត ពេលឡានបោកត្រូវដំបូលរោងនោះ គេរាវដៃមក ចាប់កំភួនដៃខ្ញុំដោយក្តីភិតភ័យ ចាប់ច្របាច់តាមការភ័យខ្លាចដែលឃើញកន្ទុយឡានប៉ះនឹងដំបូលរោង… ដៃ ឯងឡើងក្រហមក្រឡោតឃើញសុទ្ធតែម្រាម… បានអីគ្រាន់ជាទីពឹងទៀត បើមានភ័យអី ភ័យជាងគេយ៉ាងនេះ នោះ??? ថាទៅមិនទៅគិតអីច្រើនទេ នរណាដែលមិនធ្លាប់ជួបបញ្ហាគង់តែភ័យដូចតែគ្នាហ្នឹង នេះដោយសារតែ ខ្ញុំវារបួសសុសសាច់អស់ទៅហើយទេបានមិនសូវភ័យ បានប្រុងជើងការរកមើលកន្លែងឡើងលើដំបូល (ផ្លូវច ចេញបន្ទាន់) រួចហើយស្រេច មើលវិធីដោះវាហើយស្រេច!!! ម៉ាភ្លែតដែលឡានប្រឹងរោទិ៍ឡើងនោះ មនុស្សម្នា ស្រែកសឹងបែកក្រដាសត្រចៀក ជាពិសេសស្រីៗ និងចាស់ៗ ឯងឯណេះ បិទភ្នែកគ្រវីក្បាលព្រោះហ៊ឹងមួយភ្លែត តែខ្ញុំសូមសរសើរតៃកុងដែលមានពិសោធន៍យ៉ាងក្រាស់ក្រែល បានប្រុងប្រយ័ត្ននិងប្រឹងបញ្ជាឡានបានត្រឹមត្រូវ បើឱ្យ លី កល្យាណ បើកវិញបែបរោទិ៍ទាល់តែខូងដីជាប់នៅហ្នឹង ឬមួយបោកកាន់តែខ្លាំងទៅលើរោងនោះមិន ខានឡើយ។

បទពិសោធន៍ជិះឡានលើកនេះ គឺជាមេរៀនមួយសម្រាប់ខ្ញុំជាអ្នកបើកបរត្រូវប្រកាន់យក គឺមិនត្រូវស្លុតនឹងការ ស្រែករបស់អ្នកជិះឡាននោះទេ ត្រូវប្រឹងតែខំទប់ស្មារតីហើយកែខៃបញ្ហាឱ្យបានតាមតែលទ្ធភាពទៅ។

ហើយក៏បានទទួលបទពិសោធន៍មួយទៀតពីការប្រឹងធ្វើជាទាក់ទាញដែរ គឺថា បើយើងមិនចេះទេ កុំប្រឹងធ្វើជា ចេះអី!!! ព្រោះជំនាញនេះប្រហែលជាយើងមិនអាចធ្វើទៅបានទទួលជោគជ័យទេ។ សុំទោសលោកប្រធាន ដែលមិនអាចធ្វើតាមការទូន្មានរបស់លោកបាន (sic!) ព្រោះខ្ញុំហ្នឹង ទោះជាស្លៀកម៉ៃយ៉ូក៏ឆ្កែវាមិនព្រមព្រុសដែរ!

Advertisements
  1. somada / សីហា 28 2012 7:02 ល្ងាច

    មានចំណុចជាច្រើនដែលត្រូវខំមាន់តែ​ពេលនេះ​សូមនិយាយពីបទពិសោធន៍លើឡានក្រុងរបស់ខ្ញុំគឺ បើទៅដល់កន្លែងគេឲ្យញ៉ាំបាយ ហើយមិនញ៉ាំ​ពិតជាអត់​បាយមួយយប់មួយថ្ងៃមិនខាន ព្រោះខ្ញុំជាមនុស្ស​លោភតែដើរផ្លូវហើយ​ចង់ឲ្យទៅដល់គោលដៅដោយមិនបាច់សម្រាក​(ដេកផ្លូវ) ដូច្នេះ​ចំងាយផ្លូវ ប្រហែលជា​៨៥០ គីឡូក្រាម មិនអាចរើសចំណីបានទេ ។ តែភាគច្រើនអាហារពេលព្រឹកនៅផ្ទះមុនពេលដែល​ចេញដំណើរ បន្ទាប់មកក៏ទិញ​បាយដាក់កញ្ចប់សម្រាប់ថ្ងៃត្រង់ តែពេលល្ងាចជួនកាល​អត់ក៏មានដែរ ព្រោះបើរវល់តែអែអង់អាចខកឡាន ដូច្នេះអាហារពេលល្ងាចយើងភាគច្រើននៅម៉ោង​៩ ឬ ដប់យប់ ។

    • លី កល្យាណ / សីហា 28 2012 8:08 ល្ងាច

      មិនញ៉ាំច្រើនក៏បានព្រោះនៅលើឡានមិនបញ្ចេញកម្លាំងច្រើនទេ មែនឬអត់បង?

    • somada / សីហា 29 2012 6:52 ព្រឹក

      មិនមែនអញ្ចឹងទេកល្យាណ អ្នកផ្សេងបងមិនដឹងទេតែសម្រាប់បងកាលណាជិះឡានហើយ​ត្រូវ​ខំប្រឹងញ៉ាំ​ឲ្យបានច្រើន ព្រោះកាលណា​ញ៉ាំមិនឆ្អែតបងពិតជាឈឺមិនខាន ហើយក៏មិនងាយជាដែរ តែបើនៅផ្ទះធម្មតា​អាចបង្អត់បាយពេលព្រឹក ។ បងគិតថាជិះឡានហត់ ហើយចំណាយកម្លាំងជាងពេលណាទាំងអស់ព្រោះ​ត្រូវទប់ខ្លួនទៅតាមចលនារបស់ឡាន ។

    • Heng-dee / កញ្ញា 2 2012 8:15 ល្ងាច

      ចុមបងសុម៉ាដា ៨៥០ គីឡូក្រាម? ញ៉ុមអត់យល់ទេបង សរសេរច្រលំ ឬមានន័យផ្សេងបង? តាមមើលទៅបងកល្យាណជាមនុស្សរឹងមាំ​ ដូច្នេះបើបានគូស្រករទន់ភ្លន់តិចគឺពិតជាសមគ្នាហ្មង ហិហិ

    • លី កល្យាណ / កញ្ញា 3 2012 2:35 ល្ងាច

      ភ្នែកឌីបានមុតមែន ។
      នែក!!! យើងហ្នឹងណា៎ នៅឱ្យស្ងៀមចាំបងរើសបានមួយសិនចាំប្រាប់ថា រករបៀបម៉េចសម។

    • somada / កញ្ញា 3 2012 3:06 ល្ងាច

      អូ​ ចាឡំមែន​៨៥០គីឡូម៉ែត្រ សរសេរចាឡំកាឡូខ្លួនឯង អួយអៀនដល់ហើយ ។
      ឌីអើយ​ ឲ្យកល្យាណ​គ្នារកឲ្យបានមួយសិនទៅ​ ចាំពិភាក្សាតាមក្រោយទៀត ។ ឥឡូវនេះ ពុងតែជ្រួលចាបល់​ព្រោះជិតដល់ខែអាងាហើយ អត់គ្នាកៀកកើយ​សែនឯកាម្ល៉េះទេ ។

    • Heng-dee / កញ្ញា 4 2012 7:42 ល្ងាច

      អូយបងសុធាចាលំឆ្ងាយដល់ហើយ បងកល្យាណកុំជ្រួលចាបល់​ពេកអីធ្វើអោយញ៉ុមនេះផ្អើលដែរ

    • លី កល្យាណ / កញ្ញា 6 2012 11:05 ព្រឹក

      ឌី ឱ្យខ្ញុំជ្រួលមុនចុះ ឌីចាំតាមក្រោយខ្ញុំ រួចខ្ញុំនឹងប្រាប់ឌីថាធ្វើឡាម៉េចឱ្យគេមើលឆាប់ឃើញ។

  2. តា ម៉ាប់ / សីហា 28 2012 8:52 ល្ងាច

    យី ម្ដង​នេះ​វែង​អស្ចារ្យ ។ ផ្លូវ​ព្រែក​ក្ដាម​គេ​មិនងាយ​ធ្វើ​ឲ្យ​រួច​ទេ និយាយ​រឿងគេ​កាន់​ដៃ​នោះ​មក​ពីគ្នា​ភ័យ​មក​ស្រុក​គេ​តែ​ម្នាក់ឯង ហេហេហេ

    • លី កល្យាណ / សីហា 28 2012 9:30 ល្ងាច

      យើសមានអ្នកកាន់ជើង !!! 😀

    • តា ម៉ាប់ / សីហា 29 2012 1:41 ល្ងាច

      មានបានកាន់ឯណា គាត់ណុងកាន់ដៃបងកល្យាណសោះ

    • somada / សីហា 29 2012 6:54 ព្រឹក

      កាលពីទៅផ្ទះចូលឆ្នាំ ចេញពីកំពង់ស្ពឹមកកំពង់ចាមកាត់តាមផ្លូវព្រែកក្តាម(ចង់ឆ្លងស្ពានព្រែកក្តាម) អូមហាសែនពិបាកហើយហុយទៀត ។

    • តា ម៉ាប់ / សីហា 29 2012 1:40 ល្ងាច

      ពួកឡានក្រុងវាកាក់កបតែផ្លូវនឹង ។

  3. ភរិយានិងម្ដាយម្នាក់ / សីហា 28 2012 11:41 ល្ងាច

    ហាមសើចអី អានហើយសើចម្នាក់ឯងឡើងផ្អើលប៉ាអាបីនាក់ 😀 😀 😀 😀 😀 😀 😀 😀 😀

    • លី កល្យាណ / សីហា 29 2012 7:29 ព្រឹក

      ផាកពិន័យម៉ាក់អាបីនាក់។ គេហាមហើយហាមទៀតថាកុំឱ្យសើច នៅតែសើច!!!

  4. ភរិយានិងម្ដាយម្នាក់ / សីហា 29 2012 3:47 ល្ងាច

    ផាកម៉េចទៅ? លើកដាច់សាច់ស្អាត ឬក៏លើកដាច់ប៉ាកាច់ស្អាត? ហាហាហា

    • លី កល្យាណ / សីហា 29 2012 5:18 ល្ងាច

      ចាំគិតមើលសិនបង ផាកឱ្យចំណេញ គឺសុំបាយម៉ាក់អាបីនាក់មួយពេលយ៉ាងតិច។ ជាមួយស្រីៗសុំផាកគេតែបាយទឹកបានហើយ បើផាករបៀបដូចជាមួយប្រុសៗ អ្នកវេទនាគឺអ្នកផាកគេហ្នឹងត្រូវជូនទៅផ្ទះ (ព្រោះលើកដាច់បីដង ដួលតូង)។

    • លី កល្យាណ / សីហា 30 2012 10:20 ព្រឹក

      សុំទោសម៉ាក់អាបីនាក់ច្រឡំ ស្មានតែបងសុធា។ អូយខ្ញុំ យ៉ាប់ទៅៗហើយតើនេះ ទៅហៅគេបង គេខឹងស្លាប់ហើយខ្ញុំ!!! 😦

    • somada / សីហា 31 2012 11:27 ព្រឹក

      កុំនិយាយរឿងទៅលេងសមុទ្រ​ក្មួយ​ៗ ឲ្យតែឮសមុទ្រជ្រួលសម្បើមណាស់ ប្រុងតែខ្លួនទៅយើងនោះ ​មិនយូរទេ ។

    • Heng-dee / កញ្ញា 2 2012 8:19 ល្ងាច

      មានច្រលំអីណាបងកល្យាណ (ចាំគិតមើលសិនបង ផាកឱ្យចំណេញ គឺសុំបាយម៉ាក់អាបីនាក់មួយពេលយ៉ាងតិច។) ញ៉ុមគិតថានិយាយទៅបងជីវីត្រូវហើយ តែបងកល្យាណប៉ាលំហៅគាត់បងហ្នឹងឯង ហិហិ

    • លី កល្យាណ / កញ្ញា 6 2012 11:06 ព្រឹក

      អុញឌី!!! នៅមិននៅចាក់ចុចគ្នាឯងឱ្យក្លាយជាជ្រូកក្នុងជុចហើយតើនេះ!

  5. somada / សីហា 31 2012 7:21 ព្រឹក

    ច្រឡំទាំងថ្ងៃទៅកើតហ្ន៎! សង្ស័យតែផាកខ្លួនឯងហើយជ្រុលបន្តិចហើយមើលទៅ​បានជាច្រឡំអញ្ចឹង ។

    • លី កល្យាណ / សីហា 31 2012 8:29 ព្រឹក

      ភ្នែកអូនចង់ខូចមែនទែនហើយ មើលអីក៏មិនសូវច្បាស់ ធ្វើការអីឥឡូវយឺតជាងមុន ជើងក៏បាក់ ដៃក៏ឈឺ ភ្នែកក៏អន់ អត់មានអីយោងទាំងអស់!!!

      អត់ទាន់ផាកខ្លួនឯងទេ ចាំម៉ាក់អាបីនាក់ធ្វើម្ហូបជប់លៀងបានផាកខ្លួនឯង ព្រោះមើលទៅផ្អកកំពិសគេទំនងតែម្តងជាមួយ ស្រាសកូរេ។ បងស្មើណាម៉ោវិញ អាលទៅលេងមាត់សមុទ្រម៉ាង៉ៃម៉ាយប់ម្តងឱ្យវារលាយស្រ្តេសទៅតាមសមុទ្រឱ្យអស់។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: