Skip to content
6 ខែកញ្ញា 2012 / ស្នាមញញឹម

ថ្ងៃពិសេសរបស់មនុស្សពិសេស

នរណាទៅពិសេស?

ទោះជាយ៉ាងណា នេះមិនមែនជាមនុស្សពិសេសរបស់ លី កល្យាណ ទេ។ រឿងដែលខ្ញុំនឹងរៀបរាប់នេះជារឿង សង្ខេបរបស់អ្នកដទៃ (មិត្តម្នាក់ស្និទ្ធគ្រាន់បើដែរ) តែដោយត្រូវគេរំខានអស់មួយថ្ងៃទៅហើយ រឿងអីមិនហ៊ាន ហែកកេរ្ត? សរសេរតាំងពីម៉ោងដប់មួយព្រឹករហូតដល់ម៉ោង ដប់យប់បានចប់ និយាយរួមទៅគឺដួលមួយសារ ហើយបានក្រោកមកសរសេរទៀតបង្ហើយទម្រាំកែសម្រួលអក្ខរាវិរុទ្ធរួចរាល់ ជិតមួយអាទិត្យបានដាក់ប្រកាស ព្រោះចង់ឱ្យអ្នកខ្លះបានដឹងពីប្រវត្តិស្នេហាមួយនេះ!!!

XXX

ថ្ងៃសុក្រម៉ោងដប់ពីរយប់ ឡានក្រុងទើបតែឈប់មិនទាន់ស្រួលបួលផង មានសារមួយចូលក្នុងទូរស័ព្ទ ៖

– K, where are you? I’m in PP. I want to meet you tomorrow night, couldn’t I?

– I’m in KT, just arrived, what wrong with you? Will be back tomorrow night 12 PM.

– I need to see you tomorrow. I’ll call you 12 pm. Could we have a drink?

– What’s wrong with you? I’ll arrived PP 12 pm Sat night.

– I want to meet you. Want to discuss something with you. Could I?

– Of course, yes. Yeah. Why not? Huh?

– OK! See you… Love, Xo

I don’t know what is that “Xo” mean, but wouldn’t asked for. Because for a drink with an old friend, I would not refuse to get it, happy to get it. 😀

ម៉ោងប្រាំបីព្រឹកថ្ងៃអាទិត្យ ទូរស័ព្ទរកគ្នាទៅបាយព្រឹក រួចហួសទៅត្រើយម្ខាង ស្ទូចត្រីលេងតាមមាត់ទន្លេព្រោះគាត់ ដឹងថាខ្ញុំចូលចិត្តស្ទូចត្រី។ តាមពិតទៅស្ទូចមិនដែលសូម្បីតែបានត្រីកញ្ចុះអីមួយ តែនេះជាចំណូលចិត្តខ្ញុំ ត្រីស៊ី នុយឬមិនស៊ីជារឿងរបស់ត្រី រឿងរបស់ខ្ញុំនាពេលនេះគឺត្រូវអង្គុយស្តាប់គាត់និយាយរឿងរបស់គាត់ដែលលាក់ទុក ក្នុងចិត្តមិនដឹងតាំងពីអង្កាល់??? រួចអ្នកស្តាប់រឿង ឬអ្នកពិភាក្សាផ្លូវចិត្តជួនកាលងងុយដេកពេកក៏លក់មួយភាំង ហើយមិនដឹងរឿងតទៀតយ៉ាងម៉េចទេ តែចេះតែ ហ៊ឺ!!!… ម៉េចក៏ទៅជាចឹងហ្ន៎?… តែអីចឹង… តាមពិតដេកលក់ ម្តងៗដែរហ្នឹងព្រោះមិនដែលមាននរណានិយាយម្នាក់ឯងដល់ទៅពីរម៉ោងកើតទេ!

«

– តោះហៅបៀរមក កំដរពេលទម្រាំដល់ម៉ោងបាយ! អូខេ?

– អូខេ! ផឹកបណ្តើរនិយាយគ្នាលេងបណ្តើរបានសប្បាយ! និយាយគ្នាទទេៗអស់អារម្មណ៍ហើយ!

– អូន! … អូនៗ! យកអង្គរខ្មៅ និងឃីងដុមមក៍។ យកអាត្រជាក់ៗណា៎!

– អត់មានទេបង។ មានតែអង្គរធម្មតា ហិននីកែន បាត់វ៉ៃសឺ ខេមបូឌៀ ។

– យីស៍ ចុះមានអីតែពួកយើងមិនចេះចឹង? ខេឯងសម្រេចទៅ អស់មានអីរើសកើតហើយ!

ក្រៅពីខុសចិត្តរឿងភេសជ្ជៈហើយនោះ យើងក៏នៅមិនត្រូវមាត់នឹងសម្លដែលកុំម៉ង់ទៀត តែក្រោយមកយើងក៏ ហៅពោតស្ងោរមកហូបជាមួយឆៃប៉ូវ។ មួយថ្ងៃអាទិត្យនេះស្ទូចបានថង់ផ្លាស្ទិចមួយយ៉ាងកញ្ចាស់ 😦 ។

គាត់ក៏ចាប់ផ្តើមនិយាយរឿងដែលលាក់ទុកជាយូរ ដែលប្រហែលជារំខានចិត្តគាត់មិនស្ទើរទេព្រោះមិនមានអ្នក ណាដែលអាចនិយាយជាមួយបាន បើមិនអីចឹងមិនមែនគាត់សុខចិត្តជិះឡានពីមណ្ឌលគីរីមករកខ្ញុំដល់ភ្នំពេញ នោះទេ។ ទម្រាំតែបានចាប់ផ្តើមនិយាយរឿងដែលត្រូវនិយាយ ម៉ោងចង់មួយរសៀលទៅហើយ ស្រាបៀរក៏អស់ បណ្តើរៗដែរ ត្រីក៏បានហូបមួយៗ (ត្រីដែលគេទិញពីផ្សារមកស្ល) ដែរ។

ខេ ស្អែកជាថ្ងៃខួបកំណើតសង្សារចាស់របស់ខ្ញុំ!

– ចុះបងនឹងទៅ … ជូនពរគាត់ឬអត់?

– អត់ដឹងថាម៉េចដែរ … (គាត់មើលទៅ ខ្សែទឹកដែលកួចខ្សែសន្ទូចខ្ញុំទៅជាមួយឱ្យរសាត់វិលវល់) … ប្រមាណជា ដប់ពីរឆ្នាំហើយដែលខ្ញុំតែងរីករាយថ្ងៃដែលមានគេនៅលើលោកនេះ … តែពេលនេះ…

– អូហ៍! ចិត្តបង … នៅនឹកគាត់ទៀត? ក្រែងគាត់មានគ្រួសារយូរហើយតើហី?

– កូនពីរ កូនបីហើយ តែអាចិត្តចង្រៃដែលខ្ញុំធ្លាប់តែសន្យាចំពោះខ្លួនឯងហ្នឹងវានៅតែលងរហូតហ្នឹង។ ម៉ោះ…

– បងឯងតែទៅនឹកគាត់ទៀត នឹងក្លាយជាសាច់ញាតិជាមួយកូនខ្ញុំមិនខាន។ (អត់ហ៊ានថាគាត់ទេ ព្រោះប្រុស សង្ហារកំពុងស្រវឹងចឹងតែថាខ្លាំងពេក ខឹងតូងទៅបាត់អាឡូវហ្នឹង) … ឈប់នឹកគាត់ទៅបង … ទៅ!!! បង្ហើយ!!!

– ចង់កាត់ចិត្តឱ្យដាច់ដែរ តែធ្វើមិនទាន់បាន។ (គាត់និយាយបណ្តើរ យោគជើងបណ្តើរ ខ្ញុំធុញសឹងស្លាប់ទៅ ហើយស្អប់នរណាហូបបាយយោគជើង រង្គើតុ រង្គើកែវ ចង់តែថាឱ្យទេ បើកុំតែនឹកថាកំពុងតុកស៊ិចទេ កុំអី!!!)

– កាត់ឱ្យដាច់ទៅបង … បើបងកាត់ចិត្តបាន លើកក្រោយខ្ញុំជិះឡានទៅលេងបងវិញ។ (គាត់ចង់ឱ្យខ្ញុំទៅលេង ឯណោះណាស់ ព្រោះគាត់ខ្ជិលមករកខ្ញុំ)។ ឥឡូវបងហ៊ានភ្នាល់នឹងខ្ញុំឬអត់? ខ្ញុំចាក់ជូន!

– មិនទាន់ដឹងទេ! កុំឱ្យសន្យាអី បើធ្វើមិនបានខ្មាសគេស្លាប់ហើយ (គាត់លើកដាច់ៗ ពីរបីដងឱ្យតែនិយាយ ចូលរឿងពិបាកចិត្តរបស់គាត់) … ចង់ទិញនំខួបកំណើតឱ្យគេមួយ … (គាត់និយាយរួចរកនឹកអីម្យ៉ាង ក៏ងាកមក រកខ្ញុំ) នៅភ្នំពេញមានហាងណាយើងកុំម៉ង់នំខួបកំណើតហើយមានសេវាដឹកជញ្ជូនទេ?

– ខ្ញុំដូចមិនដែលឮដែរទេ តែឱ្យតែយើងប្រាប់គេ គេអាចឱ្យកូនចៅដឹកទៅឱ្យដល់កន្លែងមិនខាន។ ថែមតែលុយ ធីបទៅគឺបានហើយ … (និយាយប្រាប់គាត់បណ្តើរខ្ញុំនឹកក្នុងចិត្តបណ្តើរ៖ មិនដឹងជាកាត់ចិត្តខ្មោចសេះស្អីទេ បើ នៅតែចង់ជូនពរខួបកំណើត ចង់ទិញនំធ្វើខួបកំណើតឱ្យគេអាដែលជាអាដែលចឹងនោះ!)

– ជាងដប់ឆ្នាំហើយដែលខ្ញុំតែងតែរីករាយថ្ងៃកំណើតរបស់គេ ថ្ងៃដែលមានគេនៅលើលោកនេះឱ្យខ្ញុំបានជួប ថ្ងៃនោះក៏ជាថ្ងៃដែលខ្ញុំតែងនឹកអរគុណម្តាយគេដែលផ្តល់រូបគេជាមនុស្សដ៏ល្អម្នាក់។ រាល់ៗឆ្នាំ ខ្ញុំតែងចង់មាន ពេលនេះសប្បាយរីករាយជាមួយគ្នា ទោះបីពេលធម្មតាយើងឈ្លោះគ្នាដល់ទៅ ៣៦៤ថ្ងៃក៏ដោយ ក៏ខ្ញុំនៅតែ ចង់ សប្បាយ ទោះត្រឹមតែមួយពេលក៏ដោយ សប្បាយរីករាយជាមួយមនុស្សសំខាន់របស់យើង ហាក់បីដូចជា ពិភពលោកនេះមិនដឹងជាបាត់មនុស្សទៅណាអស់។

– ក្រែងបងកំពុងកាត់ចិត្តពីគាត់ហើយ ម៉េចនៅចង់ទិញនំខួបកំណើតជូនគាត់ទៀត? ធ្វើអីចឹងដូចសម្លាប់ពេល វេលារបស់យើងអស់ថែមបីបួនឆ្នាំទៀតហើយ។

– ដូចជាមិនយល់ចិត្តខ្លួនឯងដែរ។ ប្រហែលជាការដែលខ្ញុំរំលឹកប្រាប់ឯងនេះ មកពីវាជាទម្លាប់អស់ដប់មួយឆ្នាំ ហើយទេ មិនមែនមកពីស្រឡាញ់ហើយនៅនឹកនោះទេ។ បើសិនជាខ្ញុំត្រូវចំណាយពេលអស់បីបួនឆ្នាំទៀត ទាំងឥតប្រយោជន៍ក៏ខ្ញុំមិនស្តាយដែរ ព្រោះខ្ញុំទុកថាគេជាមនុស្សសំខាន់របស់ខ្ញុំទៅហើយ មានអ្វីធំជាងគេទៀត នោះ?

– អ៊ីហ៍!!! (ដល់ក និយាយទៅនិយាយមកចូលលក្ខណៈស្រវឹងហើយតើនេះ!) បើបងទុកគាត់សំខាន់ហើយ តោះ លើកដាច់នឹងអាលសម្រេចចិត្តឱ្យភឹងៗទៅ ត្រូវទិញនំ ឬមិនទិញ។

– បងត្រូវតែទិញ!

– ចឹងចាំខ្ញុំនាំទៅកន្លែងលក់នំឆ្ងាញ់ កុំម៉ង់គេពីល្ងាចព្រឹកឡើងឱ្យគេយកទៅកន្លែងគាត់ធ្វើការតាម៉ង។

– អូខេ! អរគុណ ខេ!

– អត់អីទេបង។ តោះ!!!

– តែបងអត់ហ៊ានទិញនំយកទៅឱ្យគេទេ!

– (សឹងតែឈ្លក់ប្រកាច់ស្លាក់ភេសជ្ជៈដែលទើបតែលេបមិនទាន់ជ្រុះដល់ក្នុងក្រពះផង) អៅ!!! រួចបងចង់ទិញនំ មកធ្វើអី? នំខួបកំណើតហ្នឹង?

– កុំម៉ង់នំមកហូបពីរនាក់ក៏បានដែរតើ! ខេឯងហ្នឹងឃើញចូលចិត្តនំខេកណាស់ ង៉ៃមុនទៅប៊ូហ្វេ ហូបតែខេក។

– មានអីបង! ខ្ញុំចូលចិត្តតើ តែកុំដាក់ក្រែមបានទេ?

– បាន!!! ឱ្យតែខេឯងចង់ ម៉េចក៏បានដែរ។

– (និយាយបណ្តើរហួសចិត្តបណ្តើរលួចសើចនឹងប្រុសស្អាតចាប់ផ្តើមស្រវឹងខ្លាំងទៅៗ) បងហ្អា៎!

– បាទ!

– សង្សារចាស់បងដល់ថ្ងៃខួបកំណើតមែនទេ?

– បាទ!

– រួចបងកុំម៉ង់នំខួបកំណើតហ្នឹងមកហូបពីរនាក់ខ្ញុំមែនទេ?

– បាទ!

– នំខួបកំណើតគេសម្រាប់យកមកធ្វើខួបកំណើតមែនទេ?

– បាទ!

– នំខួបកំណើតញ៉ាំឆ្ងាញ់ទាល់តែម្ចាស់ខួបគេកាត់ជូន មែនឬអត់បង?

– បាទ! មានសិរីសួស្តីដល់ម្ចាស់ខួប (គាត់ចង់និយាយថា ពេលម្ចាស់ខួបកំណើតកាត់នំជូន គេត្រូវជូនពរសិរីសួស្តី ដល់អ្នកមានខួបកំណើតនោះ តែបែរជានិយាយទាំងក្រងួរ កម្ជិល ដាច់ពាក្យមួយកំណាត់អីចឹងទៅ?)

– បងកុំម៉ង់នំខួបហ្នឹងង៉ៃស្អែក មិនមែន?

– បាទ!

– បង!!! ខ្ញុំឆ្ងល់ណាស់ រួចអាពីរនាក់ដែលប្រុងស៊ីនំង៉ៃស្អែកហ្នឹង មួយណាជាម្ចាស់ខួបកំណើតបង???

😀 😀 😀

Advertisements
  1. somada / កញ្ញា 6 2012 2:55 ល្ងាច

    បើស្រឡាញ់គេម្លឹង ៗ ម៉េចបានជាបណ្តោយឲ្យរបូត​ពីដៃបាន ? ទាំងអ្នកជួយដោះស្រាយ​និង​អ្នក​កើតទុក្ខហ្នឹង​សហការគ្នា​ញ៉ាំនំខេក​ឲ្យអស់ទៅ​បើសល់ស្តាយ និយាយអញ្ចឹងបានទិញ​នំខេកអត់ ?​

    • លី កល្យាណ / កញ្ញា 6 2012 3:24 ល្ងាច

      ម៉ោពីគាត់ហ្នឹងមហាកំពូលផឹក នរណាគេចង់ក្បែរនោះ ឱ្យរបូតស្រឡះទៅ។
      អ្នកផឹកច្រើនតែស្វាងតឹង ស្រវឹងធូរទេបង។ គ្មានបាននំខេកអីទេ បានហូបតែនំកូរនោះ ព្រះគុណណាស់ទៅហើយ។ ពីង៉ៃច័ន្ទហ្នឹង នាំគ្នាទៅអបអរសាទរខួបកំណើតគេ ម្ចាស់គេមិនដឹងខ្លួនផង ទៅកន្លែងផ្សេងទេ ហើយសប្បាយអស់ដៃហើយអាពីរនាក់ហ្នឹងនោះ។

    • somada / កញ្ញា 6 2012 4:50 ល្ងាច

      សប្បាយអស់​ដៃហ្នឹងគេហៅថាកើតទុក្ខវិញទេ ។ ដើរសួរចាស់ ៗ​មើលថាពេលអស់​ដៃហ្នឹង​ពួកគាត់សប្បាយឬ​កើតទុក្ខ? តេសួរក៏បានដែរព្រោះចង់ប្រើអាតេរាស័ព្ទថ្មីហ្នឹង​ឲ្យណាណី​ម្តង ។

    • លី កល្យាណ / កញ្ញា 6 2012 5:48 ល្ងាច

      សូរី សប្បាយអស់ទាស់។ ឌឺរឿងទូរស័ព្ទទៀតហើយ នរណាប្រើឱ្យខ្ញុំប្រើវាមិនកើតធ្វើអីបង ង៉ៃមុនអ្នកធំ តេម៉ោ គាំងចុចទទួលមិនកើត រឿងមួយសារទៅ!!! ដូចឆ្កួតចឹងអាទូរស័ព្ទហ្នឹង រួចសាកថ្មរាល់ថ្ងៃ និយាយពីធុញនោះធុញនឹងរឿងអស់ថ្ម។ ខែក្រោយសន្សំលុយទិញអាចាស់វិញហើយ។

  2. somada / កញ្ញា 6 2012 5:57 ល្ងាច

    ភ័យពេកទេដឹង ជួនកាល​មកពីយើង​មិនទាន់ទម្លាប់យូរទៅធ្លាប់ហើយ អាណិតគ្នា​​យក​មកនៅជាមួយ​ច្រើន​ថ្ងៃហើយ ព្យាយាមយល់ចិត្តវាបន្តិចទៅមិនយូរទេគង់យល់ចិត្តវាមិនខាន ។

    • លី កល្យាណ / កញ្ញា 25 2012 10:09 ព្រឹក

      អាឡូវស្រឡាញ់ជាងគេ ព្រោះថតសម្លេងពេលប្រជុំបានទាំងអស់៕

  3. ចំណាន / កញ្ញា 9 2012 2:09 ល្ងាច

    តួឯកប្រុសក្នុងរឿងនេះហៅថាជាបុរសស្មោះនឹងស្នេហាបានរឺអត់ញោម កល្យាណ?

    ត្មាអានរួចឃើញបុរសនោះហាក់ដូចជាតួឯកក្នុងរឿងប្រលោមលោកចឹង ព្រោះមិន
    នឹកស្មានថានារីគេមានកូនពីរកូនបីហើយក៏នៅតែជាប់ចិត្តកាត់មិនដាច់ពីគេទៀត 😀 ។

    ផ្ទុយពីរឿងរ៉ាវបែកបាក់គ្រួសារដែលតែងមានលាតត្រដាងលើពត៌មានកោះសន្តិភាព
    ក្នុងពេលបច្ចុប្បន្ន ឃើញតែភាពហិង្សាក្នុងគ្រួសារគួរឲ្យសង្វេគចិត្តអាណិតស្ត្រីដែល
    ត្រូវស្វាមីប្រមឹកវាយធ្វើបាប មិនដឹងថាតើគេនៅមានសេចក្តីស្រលាញ់ចំពោះគ្នានៅ
    សេសសល់ប៉ុន្មានភាគរយទេ បើប្រៀបធៀបទៅនឹងថ្ងៃដែលគេចាប់ផ្តើមសម្រេចចិត្ត
    សាងគ្រួសារជាមួយគ្នា?

    តើស្នេហាពិតមានមែនរឺទេញោមកល្យាណ?​ 😀 (ត្មាឆ្ងល់មែន ព្រោះត្មាបួសតាំងពី
    អាយុ 12 ឆ្នាំឥឡូវអាយុ 32 ឆ្នាំហើយ អាចដឹងរឿងបែបនេះតាមទ្រឹស្តី ប្រលោមលោក
    និងខ្សែភាពយន្តប៉ុណ្ណោះ ហើយពេលឃើញស្វាមីភរិយាគេបែកបាក់គ្នាត្មាតែងឆ្ងល់
    ថា តើក្នុងជីវិតពិត គេស្រលាញ់គ្នាដូចក្នុងរឿងភាពយន្ត រឺ ប្រលោមលោកមែនរឺទេ
    ព្រោះ​គិតថាអ្នកនិពន្ធគេយកតួយ៉ាងជីវិតពិតមកតែងហើយគេមានលើកជាឧទាហរណ៍
    ទៀតថា “រឿងរ៉ាវជីវិតគឺដូចជាខ្សែរឿងភាពយ្តចឹង” ត្មាអាចយល់រឿងបែបនេះបាន
    តាមទ្រឹស្តី( 😀 បញ្ជាក់ទៀតខ្លាចគេដឹងថាល្ងង់)។

    បានជាឆ្ងល់ព្រោះឃើញគេថាស្រលាញ់គ្នាៗ ណាស់ស្ទើរតែលេប តែលុះរៀបការរួច
    ទៅនៅជាមួយគ្នាបានកូនមួយពីរស្រាប់តែឈ្លោះទាស់ទែងគ្នាបែកបាក់គ្នា ភ្លេចអស់
    ហេតុការណ៍កាលដែលទើបស្រលាញ់គ្នានោះ ដូច្នេះហើយទើបកើតចម្ងល់ថា តថភាព
    រឺ ភាពពិតនៃសេចក្តីស្រលាញ់(ស្នេហាពិត)រវាងបុរសនិងស្ត្រីតើមានមែនរឺទេ រឺគ្រាន់តែ
    ជាការបោកបញ្ឆោតគ្នាទៅវិញទៅមកប៉ុណ្ណោះ? 😀 គួរមិនគួរសូមញោម កល្យាណ
    អធ្យាស្រ័យ….ចំរើនពរ)

    • លី កល្យាណ / កញ្ញា 12 2012 9:17 ល្ងាច

      ព្រះតេជគុណ ខ្ញុំករុណាឆ្លើយតបតាំងពីយូរតែមិនឃើញចេញសោះ ខ្ញុំករុណាខ្ជិលសរសេរម្តងទៀតណាស់។

    • ចំណាន / កញ្ញា 12 2012 10:09 ល្ងាច

      ចំរើនពរ 😀 មិនថ្វីទេ….

    • លី កល្យាណ / កញ្ញា 25 2012 10:13 ព្រឹក

      ខ្ញុំករុណា ស្របតាមយោបល់របស់ព្រះអង្គទាំងស្រុង។ មនុស្សលោកតែងមានចិត្តប្រែប្រួលជានិច្ច កាលស្រឡាញ់ឃើញថាល្អ ដល់តែប្រសព្វគ្នាក៏តាំងរកសង្កេតតែកំហុសគ្នាទៅវិញ។
      បុរសក្នុងរឿងនេះទុកថាមនុស្សស្មោះមិនបានទេ ព្រោះខ្ញុំករុណាលើកយកតែមួយផ្នែកនៃអារម្មណ៍របស់ គាត់មកនិយាយតែប៉ុណ្ណោះ ការពិតយ៉ាងណាៗទាល់តែខ្ញុំករុណាស្វែងយល់ពីភាគីទាំងអស់ស្មើគ្នា ទើបសរសេរទៅមិនសូវត្រូវមាត់អ្នកអាន។

  4. ភរិយានិងម្ដាយម្នាក់ / កញ្ញា 9 2012 2:49 ល្ងាច

    បាត់ម្ចាស់ផ្ទះនេះទៅណាបាត់ហើយ?

    • លី កល្យាណ / កញ្ញា 10 2012 10:44 ព្រឹក

      សូរី ទៅផ្ទះឯស្រែ បើកយូនីកូដមិនចេញទេ

  5. ឃ្លាំងគំនិត / កញ្ញា 24 2012 10:20 ល្ងាច

    សាច់រឿងគួរឲចាប់អារម្មណ៍ ………………….. 😮

    • លី កល្យាណ / កញ្ញា 25 2012 10:14 ព្រឹក

      មានអ្នកចាប់ចិត្តម្នាក់ដែរ។ អរគុណណាស់។

    • ឃ្លាំងគំនិត / កញ្ញា 25 2012 2:37 ល្ងាច

      មិនចាំបាច់អរគុណទេ ពីចិត្តមនុស្សខុសៗពីគ្នា​ ហា!ហា! ធ្វើឲនឹកឃើញសុភាសិត​នៅក្នុងសៀវភៅ Book Oneមួយឃ្លាថា what suit you does’t suit me 🙂 🙂 🙂

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: