Skip to content
28 ខែកញ្ញា 2012 / ស្នាមញញឹម

សូមកុំទាន់ជឿលើភ្នែករបស់យើង

ថ្ងៃនេះត្រឡប់មកពីបាចទឹកផ្ទះវិញខ្ញុំក៏ហួសមកកន្លែងធ្វើការតែម្តងដោយមិនបានសម្រាកថ្ងៃឡើយ។ តាមផ្លូវមក ការិយាល័យខ្ញុំបានប្រទះភ្នែកនឹងរឿងមិនគួរឱ្យគិត តែចាំបាច់ត្រូវតែត្រិះរិះឱ្យបានត្រឹមត្រូវ។

នៅតាមផ្លូវដែលលិចទឹកសឹងតែរលត់ម៉ាស៊ីនម៉ូតូព្រោះតែទឹកភ្លៀងមុននេះបន្តិចដក់លើផ្លូវហូរមិនទាន់អស់នេះ ខ្ញុំ សឹងតែជិះម៉ូតូម៉ាផ្លូវម្នាក់ឯង ក្រឡេកចុះឡើងខ្ញុំនឹកឃើញថា ខ្ញុំជាមនុស្សល្ងង់ ព្រោះអ្នកដទៃគេមិនជិះទេតាមផ្លូវ លិចទឹកនេះ… គ្រាន់តែគិតថាខ្លួនខ្ញុំផុងខ្លួន ម៉ូតូក៏រលត់ឈឹប… លោកអើយលោក!!! ម៉ាផ្លូវជិះតែម្នាក់ឯងផងខ្មាស គេណាស់ បើបណ្តើរម៉ូតូទៅៗស្រាប់តែធ្លាក់ចូលលូផ្លុកទៅ តើម៉ែខ្ញុំទៅរកខ្ញុំនៅឯណាលោក???

ក្រោយបណ្តើរឆ្លងផុតទឹក ខ្ញុំសាកធាក់វា ម៉ូតូក៏រោទិ៍ង៉ោងឡើង អរភើតតែម្តង។ ងាកមកក្រោយខ្ញុំឃើញម៉ូតូដឹក អ្នកដំណើរដែលយើងនិយមហៅថា «ទុកទុក» មួយមកតាមក្រោយ តែគេអត់រលត់ម៉ាស៊ីនទេ។ ក្តៅចិត្តណាស់ រួចគេចេះជិះយ៉ាងម៉េចបានជាមិនរលត់? តាមមើលមុខសិន។

ខ្ញុំឃើញបុរសពីរនាក់នៅលើម៉ូតូ ម្នាក់ខ្មែរម្នាក់បរទេស ដែលបុរសបរទេសនោះផ្តេកក្បាលលើស្មាបុរសខ្មែរ ដែល ដៃបុរសខ្មែរម្នាក់នោះកៀកកមិត្តរបស់គេពីក្រោយ។ ដំបូងខ្ញុំមិនទាន់ចាប់ថ្នាក់បានទេថាពួកគាត់ជាមនុស្សបែប ណាតែលុះជិះបានប្រមាណជាងដប់ម៉ែត្រហើយផ្លូវនៅតែស្ងាត់ បុរសទាំងពីរក៏ថើបគ្នា ។ អូខេ ពួកគេជាហ្គេយ៍!

ក្នុងគំនិតខ្ញុំនាពេលនោះបានត្រឹមតែលួចមើលពួកគេពីក្រោយមួយភ្លែតៗ ទាំងនឹកមួយភ្លែតក្នុងចិត្តថា សេចក្តី ស្រឡាញ់មាននៅគ្រប់ទីកន្លែង ទាំងនៅពេលដែលខ្ញុំកំពុងគិតរកវិធីសងសឹកប៉ូលីសចរាចរណ៍ដែលបានពិន័យ ខ្ញុំរឿងមិនដាក់កាតគ្រីម៉ូតូតាមខ្លួនកាលពីម្សិលមិញយប់ពេលចេញពីធ្វើការ សេចក្តីស្រឡាញ់ដែលមនុស្សគ្រប់ គ្នាមានក្នុងបេះដូងរៀងខ្លួន រាប់ដោយទាំងខ្ញុំផងដែរ … តែ … ហេតុអីក៏មនុស្សមួយចំនួនមើលងាយសេចក្តី ស្រឡាញ់របស់អ្នកដទៃម្ល៉េះ??? ឬគិតថាគេមិនស្មើនឹងខ្លួនដែលគ្មានសិទ្ធិស្រឡាញ់គ្នាដូចវិធីខ្លួនប្រើ បានជាហា មាត់វាយតម្លៃអាក្រក់ពីគេភ្លាមមួយរំពេច គ្រាដែលបានឃើញ … ដូចយ៉ាង ខ្ញុំនេះជាដើម។

សេចក្តីស្រឡាញ់ស្ថិតនៅគ្រប់ទីកន្លែង! មើលចុះ អ្នកបោសសម្រាមកំពុងអង្គុយបញ្ចុកបាយកូន … បុរសម្នាក់ កំពុងឌុបកូនៗ និងប្រពន្ធ ដោយប្រឹងចំកោងខ្លួនទៅបាំងភ្លៀងឱ្យកូន ឯប្រពន្ធខំក្រសោបកូនដែលនៅកណ្តាល ខ្លាចភ្លៀងទទឹក … និស្សិតស្រីពីរនាក់ឌុបគ្នា មួយទទូរអាវភ្លៀងនៅពីក្រោយម្នាក់ទៀត …

ពេលមកដល់ស្តុប ពួកយើងក៏បន្ថយល្បឿនមុននឹងឈប់រៀងៗខ្លួន គ្រានោះមាន ទុកទុក ដូចគ្នាមួយគ្រឿងទៀត ដឹកពេញទៅដោយលោកសង្ឃប្រមាណប្រាំមួយអង្គ អង្គខ្លះគង់បែរទៅមុខ អង្គខ្លះបែរទៅក្រោយ ឈប់ក្បែរទន្ទឹម​ នឹងទុកទុករបស់បុរសហ្គេយ៍នេះដែរ។

ដំបូងបុរសខ្មែរមិនបានឃើញទេដោយសាររវល់តែបង្ហាញអ្វីម្យ៉ាងដល់មិត្តបរទេស តែលុះគាត់ក្រឡេកឃើញ គាត់លូកដៃដោះមួកកាតឹបរបស់គាត់ពីក្បាលដែលនាំខ្ញុំបានស្គាល់កាន់តែច្បាស់ថាបុរសម្នាក់នេះជា បុរសរកស៊ី ដែលខ្ញុំចំណាំឃើញនៅបារបារាំងមួយឯមាត់ទន្លេជាញឹកញយ។ មានគេខ្សឹបប្រាប់ខ្ញុំថាបុរសម្នាក់នេះរកស៊ីតែ ជាមួយបរទេសទេ។

ចំពោះគាត់ គាត់គោរពព្រះសង្ឃដែលគង់នៅលើម៉ូតូតាមរបៀបរបស់អ្នកស្រុកថ្លៃថ្នូរដែលនៅរក្សាបានទំនៀម ទំលាប់ល្អរបស់ជាតិសាសន៍ខ្លួន ដោយដោះមួក និងដកដៃពីស្មាមិត្តរបស់គាត់មក រក្សាលំនឹងខ្លួន តាមសភាព ធម្មតាវិញសោះមិនឱ្យព្រះសង្ឃទាំងនោះគិតច្រើន …

ចំពោះខ្ញុំ បុរសហ្គេយ៍ហើយថែមទាំងរកស៊ីពិបាកហៅនោះ គឺជាមនុស្សគួរឱ្យរាប់អានម្នាក់ អាចទុកជាគម្រូរបស់ ខ្ញុំបាន៖

ដោយសារនៅស្រុកខ្ញុំនេះ គេពិបាកឃើញមនុស្សធ្វើអ្វីខុសពីគេក្នុងផ្លូវត្រូវណាស់ តែបើខុសគេរឿងផ្លូវមិនល្អវិញ គរនឹងជើងយកទៅណាមិនអស់។

បុរសម្នាក់នោះខុសពីគេត្រង់ថា ខ្ញុំមិនសូវប្រទះភ្នែកបុរសក្មេងណាយកចិត្តទុកដាក់គោរពចាស់ទុំ និងព្រះសង្ឃ នៅទីសាធារណ៍ណាស់ ។

«បុរសក្មេង! ខ្ញុំសូមប្រាថ្នាក្នុងចិត្តថា ថ្ងៃណាមួយខ្ញុំនឹងបានជួបលោកក្នុងសភាពផ្សេងទៀត។ ប្រហែលជាលោក នឹងមានពេលវេលាសិក្សាបន្ថែម មានឳកាសរស់នៅបានសមរម្យ ក្នុងស្ថានភាពមួយប្រសើរជាងនេះ ហើយសូម​ឱ្យលោកមានតែសេចក្តីស្រឡាញ់ដ៏ពិតប្រាកដមួយជាមួយនឹងមនុស្សម្នាក់ដែលលោកស្រឡាញ់ ទោះជាគេជា ស្រីឬប្រុសក៏ដោយ!»

Advertisements
  1. Somada / កញ្ញា 28 2012 4:41 ល្ងាច

    មនុស្សមានរឿងរ៉ាវជីវិតខុស ៗ គ្នា មានផ្លូវដើររៀងខ្លួន កុំយកខ្លួនង​ងប្រៀបជាមួយនឹងគេ ហើយក៏កុំយកគេ​មកប្រៀបជាមួយខ្លួន​ងដែរ ។ វិធីដែលល្អបំផុតគឺត្រូវ​ឲ្យតម្លៃខ្លួន​យើង​ជានិច្ច ។ បងក៏សង្ឃឹមថាបុរសម្នាក់​នោះ​នឹង​ទទួលបានសំណាង​ល្អនាពេលខាងមុខដ៏ខ្លីនេះ សុជីវធម៌​មាននៅក្នុង​ខ្លួន​មនុស្សគ្រប់ ៗ​រូប គ្រាន់តែថា​មនុស្សនោះនឹងអនុវត្តន៍ឬ អត់តែប៉ុណ្ណោះ ។

    • លី កល្យាណ / កញ្ញា 28 2012 4:56 ល្ងាច

      អត់គិតប្រៀបធៀបមិនបានទេបង ខ្ញុំចូលចិត្តស្តាប់បង និងអ្នកភូមិយើងជួយណែនាំគ្នាទៅវិញទៅមក។

    • Heng-dee / កញ្ញា 28 2012 6:55 ល្ងាច

      ញ៉ុមឆ្ងល់បងកល្យាណពូកែចំណាំមុខគេមែន។ នាមជាបុរសរកស៊ី ធ្វើដើម្បីក្រពះតែមានមាយាទជាងនិស្សិត ស្រីៗនៅសាលាញ៉ុមទៀត ហាសហា

    • Somada / កញ្ញា 28 2012 8:14 ល្ងាច

      ពិរោះជាងលោកទេសន៍ទៀតមែនទេ បងបាន​ត្រឹមតែជួយផ្តល់យោបល់ប៉ុណ្ណោះ​ តែធាតុពិត​យ៉ាងណានោះ សូម្បី​តែបង​ខ្លួន​ឯង​ក៏​មិនអាចអនុវត្តន៍​បាន ១០០ ភាគរយដែរ ។ តែក៏សប្បាយចិត្ត​នៅពេលដឹង​ថា​មាន​មនុស្ស​ចូលចិត្តស្តាប់លោកទេសន៍ ។

    • លី កល្យាណ / កញ្ញា 29 2012 5:02 ល្ងាច

      ខ្ញុំចូលចិត្តស្តាប់បងនិងអ្នកភូមិ មិនសូវចូលចិត្តស្តាប់លោកទេសន៍ទេ ព្រោះមិនទាន់ដល់ពេល

    • លី កល្យាណ / កញ្ញា 29 2012 5:09 ល្ងាច

      ខ្ញុំពេញចិត្តឌីឯងត្រង់នេះហើយ។
      ខ្ញុំចំណាំគាំត់ព្រោះពេលគេប្រាប់ហ្នឹងខ្ញុំគិតច្រើនណាស់។
      បុរសរកស៊ីពិបាកហៅនោះ មានមារយាទជាងបុរសមួយចំនួន ក្នុងការគួរសមរបស់ខ្មែរ។ អ្នកខ្លះជិះម៉ូតូចង់កៀរលោកសង្ឃ នៅភ្នំពេញយូរទើសភ្នែកណាស់ឌី។

    • Somada / កញ្ញា 29 2012 5:18 ល្ងាច

      ប្រុសក្មេង​ស្អាត​ហើយសង្ហានិយាយពិតជាត្រូវ​ចិត្ត​មិនខានទេ គិៗៗៗៗៗ ។ កល្យាណ​និយាយថាមិនចូលចិត្ត​ស្តាប់លោកទេសន៍ព្រោះ​មិនទាន់ដល់ពេល តែបងវិញ​បែរជាចូលចិត្តស្តាប់លោកទេសន៍ជាពិសេស​លោក​តា​ស៊ុច នេះមកពីឆ្ងាយ​ពីផ្ទះមិនដឹង ព្រោះ​មិនសូវ​ឮសូរ​សម្លេងម៉ាក់រអ៊ូ (និយាយកុំឲ្យគាត់ឮ សង្ស័យតែពេលនេះ​កំពុងតែរអ៊ូ​ជាមួយចៅគាត់ហើយមើលទៅ) ។

    • លី កល្យាណ / កញ្ញា 29 2012 6:22 ល្ងាច

      អុញទៅចឹងទៅ ប្រុសក្មេងហ្នឹងខ្ញុំពេញចិត្តព្រោះដឹងខុសត្រូវទេបង មិនមែនមកពីស្អាតហើយសង្ហារទេ! 😀

    • Somada / កញ្ញា 29 2012 6:57 ល្ងាច

      តែបងចូលចិត្តក្មេងប្រុសបែបហ្នឹង បើមានកូនប្រុស សូមឲ្យមានសម្តីផ្អែម និង​ សង្ហាដូចឌីអញ្ចឹង ។ ជួយបន់បង​ផងណ៎ាម្ចាស់អូន ។

    • លី កល្យាណ / កញ្ញា 29 2012 7:27 ល្ងាច

      សូមឱ្យបងបានកូនប្រុសសម្តីទន់ផ្អែម បន្ថែមមួយទៀតគ្រាន់នឹងខ្ញុំបានទៅគ្រញិចម្តងម្កាលផង។
      សាធុ ទៅបង

    • somada / កញ្ញា 30 2012 9:16 ល្ងាច

      សាធុ ៗ សូមឲ្យបានដូចបំណង កំពុងតែដើររកភូមិកូនក្មេង គិៗៗៗៗៗៗ។

    • Heng-dee / តុលា 4 2012 8:33 ល្ងាច

      អរគុណហើយបងដែលបានពេញចិត្ត ហិហិហិ

    • លី កល្យាណ / តុលា 5 2012 8:41 ព្រឹក

      ចង់ថាស្រឡាញ់ដែរតែខ្លាចគេថាស្រីចិត្តងាយ ឆាប់ស្រឡាញ់តែប្រុសក្មេង 😀
      ឌីអើយ! ផ្ទះឌីលែងសូវឃើញដាក់ប្រកាសចឹង? បើថាគ្មានអីទេ ដាក់តែរូបគ្រាន់នឹងបាន ចែកដំណឹងដល់មិត្តភ័ក្តិ និងគ្រួសារឱ្យបានដឹងថា សុខទុក្ខយ៉ាងណា ដើរលេងឯណាខ្លះ

    • Heng-dee / តុលា 5 2012 7:58 ល្ងាច

      នឹកផ្ទះដែរហ្នឹងបង តែចេះតែខ្ជិល ចាំមានរូបស្អាតៗដាក់ចែកបងប្អូនមើលលេង

  2. ភរិយានិងម្ដាយម្នាក់ / កញ្ញា 29 2012 2:32 ល្ងាច

    «រកស៊ីពិបាកហៅ»បងចេះនឹកឃើញយកពាក្យនេះមកនិយាយ ពូកែលេងពាក្យមែន

    • លី កល្យាណ / កញ្ញា 29 2012 3:38 ល្ងាច

      ពិបាកហៅមែនណា គ្មាននរណាចង់ស្តាប់ទេ ហើយស្រួលមិនស្រួលអ្នកខ្លះមើលងាយអ្នកសរសេរទៀតផង

    • ភរិយានិងម្ដាយម្នាក់ / កញ្ញា 29 2012 8:54 ល្ងាច

      បុរសរកស៊ីបម្រើ….. ពាក្យនេះឆាហាវពេកហេស?

    • លី កល្យាណ / កញ្ញា 29 2012 8:57 ល្ងាច

      ឆាហាវណាស់ សូមកុំឱ្យក្មេងៗចូលមកឃើញអី

  3. Bona / កញ្ញា 29 2012 7:45 ល្ងាច

    ទាំងអស់គ្នាមកជុំគ្នានៅផ្ទះបងកល្យាណអស់ចឹង បានផ្ទះខ្ញុំស្ងាត់ 😀 ពិតជាបរិយាយបានក្បោះក្បាយមែន គិតពឹងឲ្យបងជួយឃោសនាដើម្បីក្លាយជាមេភូមិវ៉ើតប្រេស 😀

    • លី កល្យាណ / កញ្ញា 29 2012 7:56 ល្ងាច

      បើលោកបូណាចង់ក្លាយជាមេភូមិ ខ្ញុំបោះឆ្នោតមុនគេ ព្រោះអ្នកកោះធំច្រើនតែសំបូរដីចំការនិងដំណាំ ចឹងបើបាន ជាប់ជាមេភូមិ កូនចៅនឹងបានទៅរុករានចំការល្មុត និងអំពៅបានតាមចិត្ត។

      ថាលេងទេ សុំទោសលោកបូណា។ សុខសប្បាយជាទេ? កោះធំលិចទឹកទេលោក ព្រោះទឹកទន្លេឡើងខ្លាំងចឹង?

    • Bona / កញ្ញា 29 2012 8:11 ល្ងាច

      អីយ៉ា! បានបងកល្យាណ និង បងសុជីវីគាំទ្របែបជាប់ហើយ ។ បងស្គាល់កោះធំដែរ ? នៅតែអំពេញ មិនទាន់បានទៅស្រុកផង ប្រហែលជាលិចឃំុមួយចំនួនដែលនៅតំបន់បឹង ។ ខ្ញុំសុខសប្បាយទេ ចុះបង?

    • លី កល្យាណ / កញ្ញា 29 2012 8:18 ល្ងាច

      ខ្ញុំសុខទុក្ខធម្មតាទេ លោកបេក្ខភាពមេភូមិ។ តាមខ្ញុំស្មានប្រហែលជាម្តុំភូមិសំប៉ានលិចដំណាំខ្លះហើយ តែមិនទាន់លិចផ្ទះទេ។
      កុំទៅភ័យរឿងធ្វើមេភូមិនេះ ព្រោះថាផ្ទះលោកបូណា មាននិយាយរឿងទូទៅ អប់រំស្រុកទេសបែបនេះមុខជាជាប់ហើយ មិនបាច់ទៅពឹងនរណាទេ!

    • Bona / កញ្ញា 29 2012 8:26 ល្ងាច

      បងនៅកោះធំដែរ? ទើបស្គាល់ច្បាស់ម៉្លេះ !! មកតាំងលំនៅ នៅភូមិនេះ ៨ឆ្នាំ ដោយសារមួយរយៈមុននេះរវល់ពេក ក៏បានចាកចោលភូមិ ទុកផ្ទះចោល ទើបត្រឡប់មកវិញ

    • លី កល្យាណ / កញ្ញា 29 2012 8:27 ល្ងាច

      ខ្ញុំគ្រាន់តែធ្លាប់ទៅជិតនោះម្តងម្កាលរឿងការងារទេលោក។ តាមពិត អ្នកភូមិចាស់ទេតើនេះ!

    • Bona / កញ្ញា 29 2012 8:29 ល្ងាច

      ហាសហា បងអើយ ឡើងស្នឹមហើយ 😀

  4. achharia / កញ្ញា 30 2012 1:44 ល្ងាច

    …អូខេ ពួកគេជាហ្គេយ ! 😀

    • លី កល្យាណ / កញ្ញា 30 2012 4:56 ល្ងាច

      ពូអច្ឆរិយាប្លែកត្រចៀកចំពោះពាក្យនេះដែរ?

    • achharia / តុលា 1 2012 12:38 ព្រឹក

      ពាក្យ ខ្ញុំមិនប្លែកទេ តែប្លែកត្រង់ថាស្រុកយើងមានហ្គេយនឹងគេនឹងអែងដែរតើ
      ព្រោះបើតាមស្ដាប់កំសួល ដូចតឹងរឹងណាស់ ។

      …មានគេខ្សឹបប្រាប់ខ្ញុំថាបុរសម្នាក់នេះរកស៊ីតែ ជាមួយបរទេសទេ។..

      អ្ចឹង តើគេមិនហាមប្រាមទេ ? ព្រោះបើតាមប្រពៃណីទំនៀមទំលាប់ស្រុកយើង
      ..របររកស៊ីបំរើផ្លូវភេទនេះ បើវិភាគមិនដល់ វាហាក់ដូចជារបរថោកទាបណាស់
      មិនដូចនៅតាមប្រទេសគេជឿនលឿនទេ ដែលគេរកអាចបានកំរៃមួយម៉ោងៗ
      ជាមធ្យមរហូតដល់ទៅ៣រឺ៤រយដុល្លារអែណុះ ហើយអ្នកដែលរកស៊ីនោះ
      មានខ្លះជានិស្សិតនៃឧត្តមសិក្សាផងដែរក៏មាន ខ្លះចេះដល់បីរឺបួនប្រាំភាសា
      ក៏មាន …គឺសុទ្ធតែជាមនុស្ស !

    • លី កល្យាណ / តុលា 1 2012 7:52 ព្រឹក

      ហ្គេយនៅស្រុកយើង ខ្ញុំមិនសូវមើលឃើញការរើសអើងពីសំណាក់សង្គមខ្លាំងទេ តែបើពីសំណាក់គ្រួសារ មានការតឹងតែងប្រាកដមែន។
      សូមជម្រាបលោកពូថា មានបុរសហ្គេយជាច្រើនរកស៊ីជាមួយបរទេសព្រោះបានលុយច្រើន ពួកគេទាំងនោះជួនកាលជានិស្សិតមហាវិទ្យាល័យ ហើយក៏ដូចឌីថាចឹង គឺធ្វើការដើម្បីតែក្រពះទេ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: