Skip to content
18 ខែតុលា 2012 / ស្នាមញញឹម

ការគោរពពីបេះដូងនៃគ្រួសារខ្ញុំ

កាលពីម៉ោងប្រាំព្រឹកថ្ងៃទី​ ១៥ ខែ តុលា ឆ្នាំ ២០១២ ខ្ញុំបានទទួលទូរស័ព្ទពីម្តាយខ្ញុំ គាត់ប្រាប់ពីព័ត៌មានសម្តេចឪ ព្រះមហាវីរក្សត្រនៃយើង ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ទ្រង់សោយទីវង្គត​ កាលពីម៉ោង ១ និង ២០នាទី នាមន្ទីរពេទ្យទីក្រុងប៉េកាំង ប្រទេសចិន។

​ក្តុកក្តួលអស់មួយរយៈមក ខ្ញុំបើកហ្វេសប៊ុកតាមទូរស័ព្ទមើល ក៏ឃើញជាក់ដូចព័ត៌មាននោះមែន ។ ក្នុងនោះផង ដែរខ្ញុំបានឃើញមនុស្សមួយចំនួន កំពុងប្រព្រឹត្តខ្លួនជាទមិឡឥតសាសនា ជានរកវង្វេងឋាន ក្នុងពេលដែលអ្នក ខ្លះកំពុងសោកសង្រេងស្តាយស្រណោះព្រះបិតាឯករាជ្យជាតិជាអនេក។

ខ្ញុំខ្លាចថ្ងៃក្រោយទៅខ្ញុំភ្លេចពីព្រឹត្តិការណ៍នេះ ខ្ញុំក៏ក្រោកមកសរសេរទុកពីអារម្មណ៍របស់ខ្ញុំ និងក្រុមគ្រួសារនាពេល កំពុងពោរពេញដោយក្តីសោកស្តាយ និងដឹងគុណជាដរាបជាប់ក្នុងចិត្ត។

គ្រួសាររបស់ខ្ញុំជាពូជអ្នកចម្បាំង តាំងពីតំណវង្សរាជស្តេចណាមកក៏នៅតែជាអ្នកតាមបម្រើស្តេច បូជាជីវិតចំពោះ  ទឹកដី ប្រទេសជាតិ សាសនា និងព្រះមហាក្សត្រ។ មានបុព្វបុរសម្នាក់របស់យើងនាសម័យចម្បាំងជាមួយសៀម ដែលកាន់កងទ័ពនៅភាគឧត្តរប្រទេសជាកូនចៅមេទ័ពឌី បានទៅវាយសៀមដែលចូលមកក្បែរប្រាសាទព្រះវិហារ បានបូជាជីវិតនៅក្នុងសមរភូមិ ហើយពលទាហានបានបូជាសពភ្លាមៗប្រមូលធាតុខ្ចប់ដាក់លើប្រគាបឈើធំមួយ ហើយបន្តដៃវាយសៀមតទៅទៀត។ ជាយូរតំណមកហើយដែលគ្រួសារយើងបានចូលប្រឡូកជាមួយជាតិក្នុងការ ការពារទឹកដី ដោយគ្មានរឱស ចិត្តចំពោះការពលីរបៀបនេះ។

អារម្មណ៍របស់គ្រួសារខ្ញុំចំពោះព្រះមហាវីរក្សត្រគឺជាបុគ្គលជាទីគោរពតម្កើងបំផុត។ គ្រាខ្ញុំនៅក្មេង ខ្ញុំឈរសើច ចំពោះការគោរពបូជារបស់ម្តាយ ម្តាយចិញ្ចឹម ជីដូន និងញាតិមិត្តទាំងអស់។ លុះដល់ពេលខ្ញុំចេះគិតគូរបាន ច្រើនបន្តិចខ្ញុំបែរជាគោរពព្រះអង្គជាងនរណាៗទាំងអស់ ក្នុងនាមជាបុគ្គលដែលលះបង់ចំពោះជាតិ មេដឹកនាំ កំពូលនិងជាវីរជនរបស់ជាតិសាសន៍ខ្មែរ។

ខ្ញុំអត់ដឹងត្រូវនិយាយថាម៉េចឱ្យចំទេ តែខ្ញុំចង់សម្តែងការដឹងគុណចំពោះព្រះអង្គដែលជាមគ្គុទេសន៍ ដឹកនាំការ ដណ្តើមស្រុកទេសមកវិញពីក្នុងកណ្តាប់ដៃសៀម។ ខ្ញុំមិនចង់កើតជាពូជខ្មែរ សញ្ជាតិសៀមឡើយ វាប្រហែល ជាលំបាកសម្រាប់ខ្ញុំណាស់ប្រសិនបើខ្ញុំដូចជាខ្មែរសុរិន្ទ ដែលចាំបាច់ត្រូវទទួលយកនូវអ្វីដែលសៀមរៀបចំឱ្យ សម្រាប់វិវត្តន៍ខ្លួនទៅជាជាតិសាសន៍របស់គេ (បើមិនតិចក៏ច្រើន)។ បើសិនជាមិនមានចលនាទាមទារ​ទឹកដីពី ​សៀមទេម៉្លេះខ្ញុំនឹងក្លាយជាជនចម្លែកមិនខាន ចូលទៅជាមួយជាតិសៀមគេថាខ្ញុំខ្មែរ ចូលទៅខាងខ្មែរគេថាខ្ញុំនៅ ស្រុកសៀម (មិនដឹងថាអ្នកសុរិន្ទ និងកម្ពុជាក្រោមមានអារម្មណ៍បែបណាទេ តែខ្ញុំមានអារម្មណ៍បែបនេះ!) ។ នេះ ប្រហែលជាមកពីខ្ញុំជាអ្នកស្រុកកំពង់ធំ ហើយភាគខ្លះនៃខេត្តនេះត្រូវបានកាន់កាប់ដោយសៀមកាលសម័យតា លួតរបស់ខ្ញុំ។

មានម្តងណានោះខ្ញុំចាំបានថាមិត្តម្នាក់របស់ ខ្ញុំបានបបួលខ្ញុំទៅលេងស្រុកឈៀងម៉ៃ រួចប្រុងទៅលេងសុរិន្ទ។ ខ្ញុំ ស្រែកប្រកែកជាមួយគេជ្រុលបន្តិច ព្រោះខ្ញុំមិនចង់ទៅឃើញជនរួមឈាមដែលក្លាយជាជាតិដទៃទៅហើយ កាល នោះមកពីខ្ញុំនៅខ្ចីគំនិតពេក ធ្វើចិត្តមិនទាន់បាន…

មានរឿងមួយ ទោះជាកន្លងទៅជិតហាសិបឆ្នាំហើយក៏ដោយក៏ជីដូនខ្ញុំនៅចាំមិនដែលភ្លេច គឺសម្តេចឪបានបញ្ជា ឱ្យដឹកនាំ កម្លាំងយោធា មន្រ្តីរាជការ និងប្រជារាស្រ្តស្រុកកំពង់ធំ (កាលណោះមិនទាន់មានខេត្តព្រះវិហារទេ) ទៅ កាប់ឆ្ការព្រៃឡើងប្រាសាទព្រះវិហារមុនព្រះអង្គយាងទៅមួយអាទិត្យ។ ជីតាខ្ញុំត្រូវបានចាត់ទៅ ចំណែកជីដូនខ្ញុំ នៅចាំដង្ហែព្រះអង្គ ដែលទ្រង់ និងសហការីឈ្នះក្តីនៅតុលាការក្រុងឡាអេថ្មីៗដណ្តើមបានប្រាសាទព្រះវិហារ មកវិញក្រោយត្រូវកាន់កាប់ដោយទាហានសៀម។ សម្តេចឥតមាននឿយហត់ឡើយ ប្រកបដោយឆន្ទះមោះមុត ព្រះអង្គចុះពីរថយន្ត ដើរតម្រង់ទៅកាន់ផ្លូវដែលបានត្រួសត្រាយ និងឡើងនឹងជណ្តើរឬស្សីដែលទើបចងថ្មីៗ កាត់ព្រៃបញ្ឆិតបញ្ឆៀងតាមគន្លងថ្ម ព្រះអង្គមិនមានប្រកាន់ខ្លួនជាធំទេ គឺបោះដៃហុចឱ្យស្រីៗប្រពន្ធមន្រ្តីតោង ឡើងប្រកបដោយបន្ទូលរាបសារ។ ព្រះអង្គដែលកាលណោះមានថានះត្រឹមជាព្រះអង្គម្ចាស់ បានឡើងដល់លើ ប្រាសាទហើយដើរទៅដោតទង់ជាតិដោយផ្ទាស់ព្រះហស្ថ នៅត្រង់ក្បែរពើយតាឌី ដោយមិនមានបង្កផលរមាស់ ជាមួយប្រជាជន ឬទាហានសៀមខ្លះដែលមិនទាន់ចុះអស់ពីលើនោះទេ។ «ព្រះហស្ថព្រះអង្គត្រជាក់ស្រេប ហើយទន់ស្រឡូន»។

ប្រជារាស្រ្តរបស់ព្រះអង្គនៅខេត្តកំពង់ធំសុទ្ធតែមានអនុស្សាវរីយ៍មិនអាចភ្លេចបានក្នុងការតស៊ូដណ្តើមឯករាជ្យ និងចលនាបង្កើតកងនារីក្លាហានកាន់កាំភ្លើងឈើ ។ នរណាក៏នៅចងចាំមេដឹកនាំដែលបានចុះទៅប្រឡូកដោយ ផ្ទាល់ជាមួយប្រជារាស្រ្ត សម្រាកក្នុងព្រៃ ដើរកាត់ទឹក ឆ្លងអូរ ដើម្បីបំផុសការតស៊ូទាមទារឯករាជ្យ។ល។

មនុស្សចាស់ៗទាំងអស់នោះក្នុងគ្រួសារខ្ញុំមិនដែលត្អូញត្អែរ ឬបន្ទោសពីការដឹកនាំរបស់ទ្រង់ឡើយ សូម្បីជីតា របស់ខ្ញុំបានពលីក្នុងការតស៊ូនោះរាប់សិបនាក់ ។ បើស្រ្តីចំណាស់ទាំងនោះទ្រាំនៅមេម៉ាយវេទនាចិញ្ចឹមកូនទាំង ត្រដាបត្រដួសមិនទាំងបន្ទោសទ្រង់មួយម៉ាត់ផង រឿងអីខ្ញុំទើបកើតកាលពីម្ង៉ៃណោះហ៊ានគិតទៅ?

ខ្ញុំព្រះករុណាខ្ញុំម្ចាស់ និងក្រុមគ្រួសារមិនដែលបំភ្លេចទេនូវគុណូបការ និងសេចក្តីសណ្តោសរបស់ព្រះអង្គចំពោះ កូនចៅប្រជារាស្រ្តទូទៅ ។ តំណគ្រួសាររបស់យើងក៏មិនដែលបំភ្លេចដែលការចេះដឹង និងភាពរុងរឿងនៃគ្រួសារ ដែលស្ថិតក្នុងរបបសង្គមរាស្រ្តនិយម «សម័យសង្គម» បានមកពីការដឹកនាំដ៏ប្រសើររបស់អង្គសម្តេចឪជាទីគោរព សក្ការៈនៃខ្ញុំព្រះអង្គទាំងអស់គ្នា។ យើងខ្ញុំជា កូន ចៅ សូមឧទ្ទិសថ្វាយកងការកុសលដែលបានធ្វើទាំងអម្បាល មាណថ្វាយចំពោះអង្គសម្តេចឪ និងញាតិកាទាំងប្រាំពីសន្តាន សូមបានសោយសុខក្នុងទីដ៏ស្ងប់។

គ្រួសារឡុងហ៊ុម

Advertisements
  1. តា ម៉ាប់ / តុលា 18 2012 9:43 ល្ងាច

    «ក្នុងនោះផង ដែរខ្ញុំបានឃើញមនុស្សមួយចំនួន កំពុងប្រព្រឹត្តខ្លួនជាទមិឡឥតសាសនា ជានរកវង្វេងឋាន» យ៉ាងម៉េចទៅ ? គេ​ធ្វើ​អ្វី​ខ្លះ ?

    • លី កល្យាណ / តុលា 19 2012 6:38 ព្រឹក

      ឃើញមាននៅហ្វេសប៊ុក អ្នកដែលទើបកើតម៉្ងៃណោះ ក្រោយខ្ញុំគេជេរព្រះអង្គ។ អូខេ ខ្ញុំអាក់សិប គ្មាននរណា ភើហ្វិច ទេ។

    • តា ម៉ាប់ / តុលា 19 2012 10:45 ព្រឹក

      ខ្ញុំឥត​ចង់​និយាយ​ច្រើន​នាំ​អ្នក​ទាំង​អស់​គ្នា​ថា​ខ្ញុំជន់ក្បត់ជាតិ 😀 😀 😀

    • លី កល្យាណ / តុលា 19 2012 10:56 ព្រឹក

      😀 😀 😀
      ទោសពុករលួយដូចមិនទាន់ត្រូវបានចាត់ទុកថាក្បត់ជាតិទេ! ចុះតាម៉ាប់អីក៏ថាដល់ម៉្លោះ?

    • តា ម៉ាប់ / តុលា 19 2012 11:16 ព្រឹក

      ប្រាប់​បង​កល្យាណ​ទៅចុះ ខ្ញុំ​មិនមែន​អ្នក​រាជានិយមទេ ។ សង្ឃឹម​ថា​រឿង​នឹងមិនធ្វើ​ឲ្យ​មាន​ល្អក់​កករ​ចំពោះ​មិត្តភាព​យើង​ទៅ​ចុះ ។

    • លី កល្យាណ / តុលា 19 2012 11:31 ព្រឹក

      ដឹងតើ មិនមែនមិនដឹងឯណា! តែខ្ញុំរាប់អានមិត្តក៏គ្មានដាក់លក្ខខណ្ឌ (ជាតិ សាសន៍ ចំណេះ ទ្រព្យ ឬចិត្តគំនិត) សម្រាប់រាប់អានដែរ គ្រាន់តែថាគ្មានពេលទៅជួបជុំគ្នាលេងបានច្រើនប៉ុណ្ណោះ។
      តែខ្ញុំដឹងខ្លួនច្បាស់ណាស់ថាខ្ញុំគ្មានសិទ្ធិនិយាយពីនរណាម្នាក់ដោយវាយតម្លៃគេថាដូចម្តេចនោះទេ ខ្ញុំគ្មានលទ្ធភាព សមត្ថភាព និងមានបំណងអូសទាញនរណាម្នាក់ឱ្យគិត ធ្វើតាមខ្ញុំដែរណា៎តាម៉ាប់ 😀

    • តា ម៉ាប់ / តុលា 19 2012 11:34 ព្រឹក

      «តែខ្ញុំដឹងខ្លួនច្បាស់ណាស់ថាខ្ញុំគ្មានសិទ្ធិនិយាយពីនរណាម្នាក់ដោយវាយតម្លៃគេថាដូចម្តេចនោះទេ» ដូច​ជា​វាយ​ប្រហារ​ខ្ញុំ ។ 😀

      «ខ្ញុំគ្មានលទ្ធភាព សមត្ថភាព និងមានបំណងអូសទាញនរណាម្នាក់ឱ្យគិត ធ្វើតាមខ្ញុំដែរ» ខ្ញុំ​ក៏​អញ្ចឹងដែរ ។

      មនុស្ស​យើង​រាល់​គ្នា​មាន​ហេតុផល​សម​ស្រប​សម្រាប់​ជឿ​ ឬ​មិន​ជឿ​លើ​រឿង​អ្វី​មួយ​រៀង​ខ្លួនៗ ។

    • លី កល្យាណ / តុលា 19 2012 5:22 ល្ងាច

      អុញ!!! ទៅចឹងទៅ! ខ្ញុំថានោះព្រោះខ្ញុំគិតថាចឹងមែនណា៎លោកប្អូន! 😦
      «មនុស្ស​យើង​រាល់​គ្នា​មាន​ហេតុផល​សម​ស្រប​សម្រាប់​ជឿ​ ឬ​មិន​ជឿ​លើ​រឿង​អ្វី​មួយ​រៀង​ខ្លួនៗ » ខ្ញុំស្រឡាញ់ពាក្យពិតទាំងនេះ។

      ខ្ញុំព្យាយាមមិនធ្វើលើសពីសិទ្ធិរបស់ខ្ញុំទេ។ តែបើខ្ញុំចូលចិត្តដែរ នឹងចូលទៅជជែកនឹងគេភ្លាមតាម៉ង។ អត់រប​ប។ 😀

  2. Bona / តុលា 19 2012 3:49 ល្ងាច

    អាក្រក់ និង ល្អ ​ ស និង ខ្មៅ គ្រប់បុគ្គលក្នងលោកសុទ្ធតែមានដូចៗគ្នា ១០០% គឺត្រូវតែមានដាច់ខាត។ ខ្លះក៏មានភាគរយ ល្អ និង ស ច្រើន ឬ តិច ឯខ្លះទៀតក៏មានភាគរយ អាក្រក់ និង ខ្មៅ ច្រើន ឬ តិច ទៅតាមទង្វើរបស់ខ្លួន។ ពាក្យចាស់លើកឡើងថា ៖​”គ្រប់ទង្វើនិងការគិតរបស់បុគ្គលអាចលាក់បាំងអ្នកដទៃបាន ប៉ុន្ដែមិនអាចលាក់បាំងនឹងខ្លួនឯងបានឡើយ”​ វានៅតែជាស្រមោលអន្ទោលតាមប្រាណបុគ្គលជានិច្ច។​ សុំនៅកណ្ដាលហើយ សម្របខ្លួនតាមរបត់នៃសង្គមកម្ពុជា ​ ទុកឲ្យប្រវត្តិវិទូជាតិ និង អន្តរជាតិចារទុកចុះ ។​ និន្នាការខុសគ្នាមែន តែបុគ្គលក្នុងលោកត្រូវតែមានសតិសម្បជញ្ញៈ ស្វែងរកហេតុផលដោយសេចក្ដីថ្លៃថ្នូរគ្រប់ៗគ្នា។

    • លី កល្យាណ / តុលា 23 2012 3:42 ល្ងាច

      អរគុណលោកបូណាណាស់ 😀

    • Bona / តុលា 23 2012 3:48 ល្ងាច

      🙂 ចាំបាច់អរគុណអីទេ !

  3. somada / តុលា 25 2012 5:47 ល្ងាច

    បង​ចាប់អារម្មណ៍​ទៅលើ​ពាក្យមួយឃ្លាខាងលើគឺនិយាយពីរឿងខ្មែរសុរិន្រ្ទ “នៅស្រុកថៃគេគិត​ថា​ពូកគាត់ជាខ្មែរ តែពេល​មកស្រុក​ខ្មែរគេហៅ​គាត់ថាជាថៃ ពេល​នោះ​គាត់​សួរបង​ថា តើបង​​គិត​ថាគាត់ជាជនជាតិ​អ្វីដែរ? ” ពេលនោះគាត់​និយាយ​ទាំងអារម្មណ៍​ក្តុកក្តួល​ ។​ នេះ​ហើយ​គឺដោយ​សារ​តែសង្រ្គាម​បាន​ទើបបំបែកពួក​គាត់​ឱ្យ​នៅដាច់ស្រឡះប្រៀប​ដូចជាមនុស្ស​ដែល​រស់​នៅកណ្តាល​សង្គ្រាមត្រជាក់​នៃប្រទេសទាំងពីរ ។ ទើ​បតែរយៈពីរ បីឆ្នាំចុង​ក្រោយ​នេះ​ទេ​ដែល​ពួកគាត់អាចរៀងភាសា​ខ្មែរ បានដោយ​បើ​កចំហ​បាន ។

    • លី កល្យាណ / តុលា 30 2012 8:50 ព្រឹក

      កាលហ្នឹងបងបានឆ្លើយឬទេ? បងឆ្លើយថាម៉េចទៅបង?

  4. somada / វិច្ឆិកា 1 2012 5:48 ល្ងាច

    បានត្រឹមតែញឹមៗប៉ុណ្ណោះ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: