រំលង ទៅខ្លឹមសារ
24 ខែវិច្ឆិកា 2012 / ស្នាមញញឹម

ទោះជាសាហាវ តែជាមួយកូនគឺមានតែក្តីស្រឡាញ់

គ្មានសេចក្តីស្រឡាញ់ឯណា មានកម្ពស់ស្មើសេចក្តីស្រឡាញ់នៃមាតាបិតាឡើយ។

ខ្ញុំគ្រាន់តែឃើញ និងចង់កត់ត្រាទុកប៉ុណ្ណោះ។

លើកមុនខ្ញុំឃើញ កូនជ្រូកព្រៃត្រូវជាប់អន្ទាក់ មេវាច្រាសច្រាល ជិតស្លាប់ជិតរស់ ស្រែករោទិ៍រំពងព្រៃ ស្រែកឮជាង កូនវាដែលជាប់អន្ទាក់ហ្រាំ្វងកង់ហ្នឹងទៅទៀត។ វារត់ទៅលិចម្តងទៅកើតម្តង វាចង់ជួយកូន តែមិនអាចជួយអ្វី បានមួយសន្ទុះធំ អាឈ្មោលក៏មកដល់ វាខាំអង្គាម ខ្សែហ្វ្រាំងកង់នោះ តែអនិច្ចា ខ្សែដែកមិនព្រមដាច់ឡើយ វា អង្គាមកាន់តែខ្លាំងហ្វ្រាំងកង់កាន់តែរឹតកូន រហូតដល់កូនត្រូវងាប់ទៅ ។ សត្វទាំងនោះយំស្រែករញ៉េករញ៉ោក ពេញព្រៃ។ តែមិនព្រមចេញទៅណាទេ វាហាក់គិតថា កូនវាងាប់ វាមិនអាចចោលខ្មោចកូនបានឡើយ វាប្រឹង ព្យាយាមទាញខ្សែហ្រ្វាំងកង់ទាំងទទឹងទិស ធ្វើឱ្យខ្មោចកូនជ្រូកព្រៃដាច់រហែកជាពីរ បីកំណាត់ ។ វាត់ដឹហ្វាក់? ​ ដឹហ្វាក់អ៊ីស៖

មនុស្សបានប្រមូលគ្នាមួយភូមិមកព័ទ្ធជ្រូកព្រៃមេឈ្មោលទាំងពីរនោះជាមួយនឹងកូនតូចរញ៉ាក់រញៀវប្រហែល ដប់ក្បាល ។ គេព័ទ្ធវ៉ៃវា បាញ់វានឹងស្នា ចោលវានឹងកាំបិត គប់នឹងអង្កត់គល់ឈើ រហូតទាល់តែងាប់មេនិងបា ជ្រូកទាំងពីរនោះ ហើយចាប់បានកូនវាស្ទើរតែទាំងអស់។

ខ្ញុំឈរមើលពួកគេពីចម្ងាយជាមួយនឹងទឹកភ្នែក ខ្ញុំមិនមែនអាណិតជ្រូកទាំងនោះទេ (មេជ្រូកទាំងពីរនេះធ្លាប់ ដេញសម្លាប់ខ្ញុំម្តងដែរកាលពីប្រមាណមួយខែមុន ព្រោះតែវាជាប់អន្ទាក់រឹតដាច់កជើងឆ្វេងខាងមុខ ជួនជាវារើ រួចពីអន្ទាក់ក៏ដាច់ជើងនោះទៅ វាឃើញខ្ញុំកំពុងតែថតរូប វាមានកំហឹងជាមួយមនុស្សក៏រត់ដេញម៉ូតូខ្ញុំ បើកុំតែបាន ឡានដឹកដំឡូងមកបញ្រ្ចាសទិសនឹងខ្ញុំ ដេញវាវិញ ខ្ញុំមុខតែកុនការដែរហើយ) តែខ្ញុំមើលឃើញសេចក្តីស្រឡាញ់ របស់សត្វសាហាវ ចំពោះកូនៗ ពេលគេដេញពួកវា ពួកវារត់រួចហើយ តែវានៅស្រឡាញ់កូនតូចៗ វារត់បក ក្រោយវិញដើម្បីដេញជល់គេកុំឱ្យចាប់កូន គេបានដៃក៏ដេញអាមេដែលពិការជើងម្ខាងបាន បាញ់វាត្រូវចំពោះ អា ឈ្មោលរត់បកក្រោយតាមការពារកូន និងមេញី វាក៏ត្រូវគេចោលនឹងកាំបិត គប់នឹងដុំឈើ ។ នៅទីបញ្ចប់នៃ សមរភូមិសម្លាប់ទាំងពូជនៃជ្រូកព្រៃនេះ គេចាប់បានកូនប្រាំបី មេ និងបាត្រូវងាប់ ។ មានតែកូនមួយទេដែលគេ ចាប់បានទាំងរស់នៅក្នុងការ៉ុងមួយដែលមិនមានរបួស ក្រៅពីនោះ មានតែឈាម។

ខ្ញុំបាននិយាយតថ្លៃគេដើម្បីទិញកូនជ្រូកព្រៃដែលនៅក្នុងការ៉ុង ទាំងមិនដឹងថាមុខវាយ៉ាងម៉េចទេ ព្រោះមិនហ៊ាន ស្រាយការ៉ុងឡើយ។ តម្លៃកូនជ្រូកព្រៃនោះ ស្មើនឹង ប្រាក់ថ្លៃការងាររបស់ខ្ញុំចំនួនពីរថ្ងៃ ។ តែខ្ញុំគ្មានប្រាក់ច្រើន ជាប់ខ្លួនទេ មានតែចិញ្ចៀនប្លាទីនមួយវង់ដែលពាក់នៅកូនដៃ ជារង្វាន់ថ្ងៃខួបកំណើតកាលអាយុ១២ឆ្នាំរបស់ខ្ញុំ ពីម្តាយខ្ញុំតាំងពីដប់ប្រាំឆ្នាំមុនដែលវាក៏សឹកខ្លះទៅហើយ តែម៉ែប្រាប់ថា វាមានតម្លៃប្រហែលជាងប្រាំម៉ឺនរៀល ប្រសិនបើមានការអីទៅ ដោះដូរនឹងគេទៅ ប្រាប់គេថាចឹងទៅចុះ ។ គេព្រមព្រាងឱ្យដូរចិញ្ចៀនមួយនឹងកូនជ្រូក ព្រៃមួយនេះ ដែលមានទម្ងន់មិនដល់ប្រាំគីឡូក្រាមផង (សាច់ជ្រូកដែលងាប់នោះគេលក់១គីឡូថ្លៃ ៨០០០ រៀល តែគេឃើញខ្ញុំស្រឡាញ់កូនជ្រូក គេក៏តម្លើងថ្លៃតាមការគួររបស់គេទៅ វាចំខ្ញុំនេះមិនចេះតថ្លៃសូម្បីមួយម៉ាត់ទៀត)

បានកូនជ្រូកព្រៃស្រែកងីកងូកក្នុងការ៉ុងមក ខ្ញុំជិះម៉ូតូចេញពីភូមិនោះទៅ ជាមួយពូម្នាក់ជាអ្នកនាំផ្លូវរបស់ខ្ញុំ។ យើងមកដល់ឆ្ងាយពីភូមិនោះ ខ្ញុំបានទុកការ៉ុងដោយស្រាយមាត់ចោលនៅក្បែរមាត់ទឹកអូរមួយ ហើយរត់ចេញ ពីវាយ៉ាងរហ័ស ទៅលបមើលពីចម្ងាយ។ ខ្ញុំនៅចាំបានទាំងអស់ ព្រោះថានោះជាលើកដំបូងហើយ ដែលខ្ញុំចេះ លក់របស់ដែលម្តាយឱ្យជាអំណោយដើម្បីចាយវាយ ។ ខ្ញុំស្តាយចិញ្ចៀនខ្ញុំខ្លាំងណាស់ ខ្លាំងមែនទែន ព្រោះនោះ ជាអំណោយដែលម្តាយសន្សំប្រាក់ដោយមិនហ៊ានសូម្បីទិញនំហូបម្តងណាឡើយ រហូតគាត់ក្លាយជាមនុស្ស គម្រិះក្នុងក្រសែភ្នែករបស់អ្នកដទៃដើម្បីតែកូនៗ។ ខ្ញុំចង់ចិញ្ចឹមវា មើលថែវាដែរ តែម្តាយនិងជីដូនខ្ញុំសុទ្ធតែជា អ្នកសុំសីលប្រាំបី ហើយខ្ញុំដើរបាត់ៗពីផ្ទះ នរណានៅមើលវា បើប្អូនៗខ្ញុំនៅតូចនៅឡើយ ណាមួយចិត្តក៏គិតថា វាជាសត្វព្រៃ វានឹងមិនសប្បាយចិត្តឡើយកាលបើយកវាទៅឃាំងទុកក្នុងទ្រុងឯទីក្រុង វានឹងគ្មានសេរីភាពទេ។

«សេរីភាព» ពាក្យនេះខ្ញុំតែងឱ្យតម្លៃវាសម្រាប់ជីវិតខ្ញុំខ្ពស់ណាស់ ខ្ញុំតែងមានសេរីភាពជានិច្ច ខ្ញុំមិនដែលខ្វះសេរី ភាពទេក្នុងមួយជីវិតរស់នៅរបស់ខ្ញុំ។

ដំបូងកូនជ្រូកមិនព្រមរើចេញពីការ៉ុងទេ តែក្រោយប្រហែលជាងដប់នាទីមកទើបវារើខ្លួនចេញមក វារត់ចុះរត់ ឡើងប្រហែលជាប្រាំនាទី វារត់ទាំងងក់ក្បាល ទាំងយំងីកងូកៗ ខ្ញុំគិតក្នុងចិត្ត ពិតតែថាក្បាលខ្ញុំធំជាងត្រឡោក ដូងដែលម៉ែតែងនិយាយថាខ្ញុំធំអស់ធំហើយ តែខ្ញុំនៅតែយំ ! វាប្រហែលជានឹកម៉ែឪវាហើយ វានឹកបងប្អូនវាដែល ធ្លាប់រត់ទៅណាជាមួយគ្នា ធ្លាប់មានម៉ែនាំដើររកស៊ី មានឪចាំការពារ តែពីពេលនេះទៅលែង មានម៉ែឪបងប្អូនដើរ ជាមួយទៀតហើយ វាត្រូវរៀនរស់ដោយខ្លួនឯង រៀនតស៊ូនឹងសត្រូវដោយខ្លួនឯង វាអាចបរាជ័យគ្រប់ពេលវេលា ក្នុងដំណើរជីវិតទៅមុខវានឹងគ្មាននរណាចាំស្រឡាញ់ចាំរក្សាដូចម៉ែដូចឪទៀតទេ។ គិតដល់ត្រឹមហ្នឹងភ្លាម ខ្ញុំចង់ យកវាមកចិញ្ចឹមសិន ចាំវាធំចាំយកមកលែងវិញ ​។ តែចិត្តមួយក៏គិតថា ពេលដែលចិញ្ចឹមវា វានឹងគ្មានពេលបាន ដកស្រង់ពិសោធន៍សម្រាប់ជីវិតឡើយ វានឹងធំដោយស្រួលក្នុងការឃុំគ្រងរបស់ខ្ញុំ ដល់ពេលវាត្រូវមកនៅក្នុងព្រៃ វិញ វានឹងមិនដឹងថាត្រូវរៀនរស់តាមរបៀបណា ហើយវាអាចនឹងស្លាប់។

កាលហ្នឹងខ្ញុំនឹកក្នុងចិត្តថា សូមកុំឱ្យខ្ញុំត្រូវក្លាយជាក្មេងកំព្រាដូចវាឱ្យសោះ ។

ថ្ងៃមុន ខ្ញុំបានឃើញមេក្របីការពារកូន ខ្ញុំនឹកដល់រឿងដែលកប់យ៉ាងយូរទៅហើយនេះ។ ខ្ញុំដឹងថា សារជាតិរបស់ មនុស្ស ឬ សត្វតែងមានក្តីស្រឡាញ់ដ៏លើសលប់ចំពោះកូន។

ខ្ញុំកំពុងតែបើកទូរស័ព្ទដែលចេញសញ្ញាអស់ថ្មបណ្តើរឳនឈ្ងោកមើលទងសុករបស់កូនក្របីទើបនឹងកើតបាន ប្រហែលបីម៉ោងមុនពេលខ្ញុំជួបនេះស្រាប់តែមេវាដែលដើរទៅខាងមុខផុតទៅហើយនោះ ស្មានថាខ្ញុំប្រុងធ្វើអ្វី កូនវាក៏បកត្រឡប់មករកវ័ធខ្ញុំភ្លាម។ ខ្ញុំរត់ប្រផាសប្រភីងព្រោះតែត្រូវក្មេងៗស្រែកដេញក្របីនោះ។ ខ្ញុំអស់កម្លាំង ណាស់សឹងតែដកដង្ហើមមិនដល់គ្នាព្រោះតែមុននេះខ្ញុំក៏រត់គេចពីសត្វពស់មកដែរ តែបំណាច់នឹងខ្លាចវាវ័ធឈឺ ខ្ញុំរត់រហូតបុកគល់ឈើដួលព្រូស ប្រឹងងើបរត់ទៀត។ សត្វនោះឃើញខ្ញុំអន់សាច់ដល់ថ្នាក់ដួលវាក៏លែងចង អាឃាតនឹងខ្ញុំតទៀតដែរ។ ឳសំណាងខ្ញុំ!

ម៉ែបាទ! កូនដឹងច្បាស់ថាសេចក្តីស្រឡាញ់របស់ម៉ែចំពោះខ្ញុំខ្លាំងយ៉ាងណា ទោះជាមានពេលខ្លះម៉ែមាន លំអៀងចំពោះកូន ក៏កូនគិតថានោះគ្រាន់តែជាកំហុសតូចតាចរបស់មនុស្សប៉ុណ្ណោះ ដែលមិនអាចបំពាក់ ជញ្ជីងក្នុងចិត្តបានគ្រប់ពេលវេលា។ ព្រោះសេចក្តីស្រឡាញ់នោះធំធេងពេក វាបានគ្របដណ្តប់ចិត្តកូនបាន យ៉ាងកក់ក្តៅបំផុត ហើយកូនៗរស់បានដល់ធំក៏ដោយសារភាពកក់ក្តៅទាំងនោះផងដែរ។

ឯឯឯឯឯឯឯឯឯឯឯ

***ដាក់ទោសយ៉ាងធ្ងន់ធ្ងរចំពោះឪពុកដែលរំលោភកូនខ្លួន***

 

//

  1. Bona / វិច្ឆិកា 24 2012 7:10 ល្ងាច

    ពិតជាមានន័យណាស់ ជាមួយហ្នឹងការអធិប្បាយដ៏ក្បោះក្បាយរបស់ស្មេរ 😀 មានជីវិតគឺពោរពេញដោយបញ្ហា។ សត្វឥតការពិចារណាតែវាមានមនោសញ្ចេតនាចំពោះកូនចៅវា ចុះមនុស្សដែលមានបញ្ញាជាសត្វនោះគួរប្រព្រឹត្តខ្លួនបែបណាដើម្បីឲ្យសមតម្លៃខ្លួនជាមនុស្ស បើអន់ជាងសត្វទៀតមិនដឹងជាត្រូវហៅអីទេ

    • លី កល្យាណ / វិច្ឆិកា 24 2012 8:09 ល្ងាច

      ហៅព្រៃផ្សៃជាងតិរិច្ឆាន។ ខ្ញុំចង់តែសម្លាប់ចោលទេ មនុស្សអាក្រក់បែបហ្នឹង។

    • Bona / វិច្ឆិកា 24 2012 8:15 ល្ងាច

      សម្លាប់ចោល ដូចជាប្រណីពេកហើយបង

    • vsthea / វិច្ឆិកា 25 2012 8:07 ព្រឹក

      ิបើសម្លាប់គេមែននោះ យើងសាហាវជាងអ្នកដែលសម្លាប់ជ្រូកព្រៃនោះទៅទៀត ។ ជាប់ឈ្មោះជាឃាតករហើយ​ត្រូវគេចាប់ដាក់គុកទៀត ។

    • Bona / វិច្ឆិកា 25 2012 10:57 ព្រឹក

      សម្លាប់ដោយផ្លូវអារម្មណ៍ ដោយវិធីអហិង្សាបំផុត តែដូចជាមិនអាចទេ

    • លី កល្យាណ / វិច្ឆិកា 25 2012 8:57 ព្រឹក

      បើស្អប់ខ្លាំងយ៉ាងនេះ មិនសម្លាប់ចោលដូចជាពិបាកក្នុងខ្លួនណាស់។ បង! ឱ្យតែពេលខ្ញុំអានព័ត៌មានចំឪពុករំលោភកូនខ្លួនឯងពេលណា ខ្ញុំលែងចង់ មើលទៀតភ្លាមមួយរំពេច។ ស្អប់ណាស់ៗៗៗៗ

    • Bona / វិច្ឆិកា 25 2012 11:04 ព្រឹក

      សម្លាប់ចោលភ្លាមៗ ដូចជាឲ្យគេស្រួលខ្លួនពេកហើយ វាមិនទាន់សមនឹងអ្វីដែលគេប្រព្រឹត្ត មិនស្មើនឹង តិរច្ឆានផង

    • vsthea / វិច្ឆិកា 25 2012 12:48 ល្ងាច

      អុញបងនិយាយពីអ្នក​សម្លាប់មនុស្ស តែបងប្អូនគេពីរនាក់នេះ និយាយពីឪពុកតិរិច្ឆានរំលោភកូន​ទៅវិញ​។ បើនិយាយពីរឿងនេះ សម្លាប់ចោលនៅនឹងកន្លែងហ្មងទៅ ម៉េចម៉ាចាំគិតទៀត ។

    • Bona / វិច្ឆិកា 25 2012 3:13 ល្ងាច

      ស្មានតែម្ចាស់បងធំ ទុកវាតាំងពិព័រណ៍ សិន! ហាហា ម៉េចៗចាំគិតក្រោយទៀតណ៎ គិតខាងមុខទៅបង អាចមានផ្លូវ

    • លី កល្យាណ / វិច្ឆិកា 25 2012 5:22 ល្ងាច

      ស្មានតែបងទុកមើលមុខដែរ។ ខ្ញុំនិងបូណាកំពុងស្អប់មនុស្សមិនស្មើតិរិច្ឆាន តាមពិតមិនមែនមិនដឹងថាវាខុសច្បាប់ទេ តែបំណាចនឹងការស្អប់សារជាតិ អាក្រក់បែបនេះ តាមកំហឹងគឺចង់តែសម្លាប់ទេ។ ទើបនិយាយរឿងនេះជាមួយអ្នកធ្វើការជាមួយគ្នា គាត់ប្រហែលជា សិបប្រាយ ណាស់ដែលខ្ញុំនិយាយថា បើខ្ញុំវិញខ្ញុំនឹងសម្លាប់ចោល (គាត់បើកភ្នែកមើលមុខខ្ញុំ)

    • Bona / វិច្ឆិកា 25 2012 5:27 ល្ងាច

      តែខ្ញុំអត់សម្លាប់ភ្លាមៗ ទេ សម្លាប់ភ្លាមដូចជាឲ្យមនុស្សជំពូកហ្នឹងសុខស្រួលពេក

    • vsthea / វិច្ឆិកា 25 2012 5:24 ល្ងាច

      ទុកពួកវានៅនាំតែធ្ងន់ផែនដីទេ សំឡេះចោលឱ្យអស់ទៅមនុស្សប្រភេទនេះ ។ ម្ចាស់អូនជួយឆ្លើយ​មួយ​មើល តើថ្ងៃមុខ និង ថ្ងៃក្រោយ​ខុសគ្នាត្រង់ណាទៅ ? (សូមខ្ចីផ្ទះនេះមួយភ្លែតសិន)​

    • Bona / វិច្ឆិកា 25 2012 5:31 ល្ងាច

      តាមអត្ថន័យ មិនជាខុសគ្នាទេ គឺសំដៅទៅដល់ពេលវេលាមួយនាអនាគត ប៉ុន្ដែអាស្រ័យលើការនិយាយរបស់យើង ខ្លះក៏និយាយអញ្ចឹង ខ្លះក៏និយាយអញ្ចុះ។ ម្ចាស់បងឃើញខុសប្រាប់វិញផង

    • លី កល្យាណ / វិច្ឆិកា 25 2012 5:27 ល្ងាច

      ចំពោះខ្ញុំ ថ្ងៃមុខ ថ្ងៃក្រោយ គឺដូចគ្នាទេបង អត់មានខុសគ្នាទេ។ ចាំមើលលោកគ្រូបូណាវិញ។

    • Bona / វិច្ឆិកា 25 2012 5:36 ល្ងាច

      គ្រូអាយធី មិនមែនគ្រូខ្មែរទេ

    • vsthea / វិច្ឆិកា 25 2012 8:07 ល្ងាច

      ហាស់​ហ្អា ស្មានតែខុសគ្នាតើ ព្រោះបើមនុស្សវិញ មុខផ្សេង ក្រោយផ្សេង ចុះចម្លែក​អី តែថ្ងៃខុសគេខុសឯង​អត់​មានមុខមានក្រោយអញ្ចឹង ។ អូ! ភ្លេចទៅ​ថាថ្ងៃអត់មានខ្លួនផងគិៗៗៗៗៗ

    • Bona / វិច្ឆិកា 25 2012 8:08 ល្ងាច

      យ៉ាប់មែនម្ចាស់បងខ្ញុំ ហាហា

  2. តា ម៉ាប់ / វិច្ឆិកា 24 2012 7:31 ល្ងាច

    ម៉េចមិនទិញទាំងអស់ទៅ ? ឱ សាច់ជ្រូកព្រៃថោកជាង​សាច់​ឆ្កែទៀត !

    • លី កល្យាណ / វិច្ឆិកា 24 2012 8:11 ល្ងាច

      ម៉ោពីគ្មានប្រាក់ច្រើន។ កាលឆ្នាំ២០០៤ តម្លៃនោះ ប្រហែលជាតម្លៃសាច់ជ្រូកស្រុកដែរ។ ហើយឆ្កែដូចជាមិនសូវមានគេនិយមទេ ព្រោះគេយល់ថាអ្នកស៊ីសាច់ឆ្កែជាមនុស្សអន់ (ថោក) ហើយសាច់ឆ្កែក៏មិនមានទីផ្សារដែរ។

    • តា ម៉ាប់ / វិច្ឆិកា 24 2012 8:22 ល្ងាច

      ព្រះរឿងឡើង ៨ ឆ្នាំហើយ កោត​បង​កល្យាណ​នៅ​ចាំយ៉ាង​ច្បាស់ 😀 អញ្ចឹងឥឡូវសាច់ជ្រូកព្រៃអាច​នឹង​គុណ ៥ ហើយមើលទៅ !

    • លី កល្យាណ / វិច្ឆិកា 24 2012 8:27 ល្ងាច

      និយាយកុំឱ្យគេឮតាម៉ាប់ រឿងអីក៏កត់ទុកដែរ រឿងម៉ាកាណាត់លើហ្នឹងកត់ទុកតាំងពី២០០៧ទេ។
      អត់ដែលដឹងហាងឆេងទេ ព្រោះមិនសូវនិយមឡើយ ទាំងជ្រូកព្រៃទាំងឆ្កែ។

    • តា ម៉ាប់ / វិច្ឆិកា 24 2012 8:38 ល្ងាច

      ហេហេហេ អស្ចារ្យបងកល្យាណ​របស់​ខ្ញុំ ! ខ្ញុំ​ខ្ជិល​ណាស់​រឿង​សរសេរ​។

  3. Heng-dee / វិច្ឆិកា 24 2012 8:56 ល្ងាច

    មនុស្សកាន់តែអាក្រក់ទៅហើយ ។ និយាយចឹងបង រឿងឡានដឹកដំឡូងនេះមានទាក់ទងនឹងរឿងឡានដឹកដំឡូងកាលទៅលេងព្រៃលើកមុនអត់?

    • លី កល្យាណ / វិច្ឆិកា 24 2012 8:57 ល្ងាច

      អៃយ៉ាទើបនឹកឃើញ គឺកម្លោះសង្ហាររបស់បងសុធាទេតើដែលសួររឿងឡានដឹកដំឡូងនោះ។ ចាសៗៗ

    • Heng-dee / វិច្ឆិកា 24 2012 8:59 ល្ងាច

      យ៉ាស ខំចាំមើលយូរដែរហើយបង ទំនងជា៣ខែមិនដឹង ។
      សំរេចរឿងនេះហើយ ដែលថាបានជួយជីវិតបងនោះអី

    • ម៉ាក់ស្រីតូចបីនាក់ / វិច្ឆិកា 25 2012 12:33 ព្រឹក

      ពូកែចាំមែនឌី

    • Heng-dee / វិច្ឆិកា 25 2012 5:34 ល្ងាច

      អរគុណបង អ្វីដែលចង់ដឹងតែងតែព្យាយាមចាំ ហិហិ

    • លី កល្យាណ / វិច្ឆិកា 25 2012 9:24 ព្រឹក

      យ៉ែសស៊ើរ ឌី 😀
      ម៉ាក់ក្តាមគ្រោងទាំងបី មានគម្រោងទៅណាទេពេលឈប់បុណ្យអុំទូក?

  4. vsthea / វិច្ឆិកា 25 2012 8:10 ព្រឹក

    យើស ឌៀមដាម​សុទ្ធតែបុរសសង្ហារផស់បងអីណា បងហៅឌីថា បុរសសង្ហាប្រចាំភូមិទេតើ ស្តាប់គេច្រឡំ វីវរ​ឌី​អៀន​ហ្នឹង​លែងហ៊ានទៅលេងផ្ទះបង ។ ចេះតែហៅ ៗទៅ​ក្រែង​លោ​បាន​កូនប្រុស​មួយទៀត​សង្ហា និង ឆ្លាត​ដូចឌី ហាស់​ហ្អា កំពុង​តែស្រម៉ៃហើយ​ខ្ញុំ ។

    • លី កល្យាណ / វិច្ឆិកា 25 2012 8:59 ព្រឹក

      រឿងអីមិនកម្លោះសង្ហាររបស់បង បើបងសរសើរនិងចង់បានកូន មុខដូចឌី មួយ ទៀតនោះ។ ឌីចាំតែអៀនតើ ស្រួលមិនស្រួលញញឹមខ្ជឹបនៅហ្នឹង គ្មានទៅណាទេ។

  5. vsthea / វិច្ឆិកា 25 2012 12:51 ល្ងាច

    យ៉ើស ឆ្លៀតទៅលបមើលកូនគេទៀត គ្នាខំរត់ទៅពួន​នៅក្រោមគ្រែប៉ុណ្ណឹងហើយ ។ តែបើបានកូនប្រុស​ម្នាក់​សង្ហា​អញ្ចឹងមែន ទេវតា​ពិតជាមានភ្នែកហើយ​លោកអើយ គិៗៗៗៗៗ អៀនដល់ហើយខ្ញុំ ។

  6. ស្រុកស្រែ / វិច្ឆិកា 26 2012 2:54 ល្ងាច

    ខ្ញុំ​សូម​ចូលរួម​យោបល់​ ដោយ​ចែក​ជា​ពី​ររឿងដាច់​ពី​គ្នា៖

    ទី១ គឺ​រឿង​អ្នកស្រុក​ព័ទ្ធ​សំឡាប់​ជ្រូក​ព្រៃ​… ស្តាប់​តាម​ការ​រៀបរាប់​របស់​កល្យាណទៅ ខ្ញុំ​អាច​ផ្គុំ​ហេតុ​ការណ៍​​នេះ និង​ស្រម័យ​ទៅ​ដល់​ភាព​ឃោរឃៅ, ​គ្មាន​មេត្តា​របស់​អ្នក​ស្រុក​នៅ​ទី​នោះ​។ អ្វី​ដែល​ធ្វើ​អោយ​ខ្ញុំ​ស្ងើច​សរសើរ​នោះ​គឺ ទឹក​ចិត្ត​ និង​ទង្វើ​របស់​​កល្យាណ ដើម្បី​​សង្រ្គោះ​​​កូន​ជ្រូក​ព្រៃ​មួយ​ក្បាល​​អោយ​រួច​ផុត​ពី​ការ​សំឡាប់​ផ្តាច់​ពូជ​ជ្រូក​ព្រៃ​មួយ​គ្រួសារ​នេះ បើ​ទោះ​ជា​ត្រូវ​លះបង់​កេរអាករ​របស់​ម្តាយ​ក៏ដោយ…។

    ទី២ គឺរឿង​ឪពុកតិរិច្ឆាន បាន​រំលោភ​កូន​ស្រី​បង្កើត​របស់​ខ្លួន… ហេតុការណ៍​នេះ វា​បាន​បង្ហាញ​នូវ​ភាព​​អសីលធម៌​ក្នុង​​សង្គម​បច្ចុប្បន្ន​​ធ្ងន់ធ្ងរណាស់​ ហើយ​ក៏​​ជា​ការ​អាម៉ាស់​សំរាប់​ជាតិ​សាសន៍​យើង​ទាំង​មូល​​ផង​ដែរ។ ខ្ញុំ​សំណូម​ពរ​អោយ​មាន​ការ​ដាក់​ទោស​ទៅ​លើ​ឪពុក​តិរិច្ឆាន​នេះ អោយ​ធ្ងន់​ជា​ទី​បំផុត​ ដើម្បី​ជា​គំរូ​ដល់​សាធារណជន​ទូទៅ​ កុំ​អោយ​ប្រព្រឹត្តិ​នូវ​​ទង្វើ​បែប​តិរិច្ឆាន​នេះ​នា​ពេល​ខាង​មុខ​ទៀត… ហើយ​បើ​អោយ​ខ្ញុំ​​ដាក់​ទោស​វិញ ខ្ញុំ​នឹង​ដាក់​ទោស​ឪពុក​តិរិច្ឆាន​នេះ ដោយ​ការគ្រៀវ​ដូច​សត្វ​គោ… គឺ​ “ដំពង” ​វា​អោយ​ស្វិត​ ​ដើម្បី​កុំ​អោយ​វា​​ធ្វើ​អី​កើត​ម៉ា​អា​យ៉ូស..!!..

    អរគុណ…

    • លី កល្យាណ / វិច្ឆិកា 26 2012 3:34 ល្ងាច

      ត្រឡប់ទៅពេលវេលានោះវិញ ខ្ញុំមិននិយាយអ្វីពីភាពឃោរឃៅរបស់អ្នកស្រុកទេ។ ដូចពូមានប្រសាសន៍ចឹង តែក្រហើយ ស្អីក៏មិនឈ្នះទាល់ដែរ។ ខ្ញុំឈរមើលគេដែល មិនខ្លាចជ្រូកព្រៃរត់បុកសម្លាប់វិញ ដោយស្ងើចសរសើរ គេប្រសប់ណាស់។ នេះជាសិល្បះនៃការរស់នៅក្នុងស្ថានភាពក្រីក្រ…ដែលគេត្រូវចេះរកវិធីដើម្បីរក្សា ជីវិតខ្លួននិងគ្រួសារ។

      ខ្ញុំគាំទ្រពូម៉ាទំហឹង ដាក់ទោសអាមនុស្សបែបនេះទៅ ទោះជាសត្វសាហាវយ៉ាងណា ក្តី តែវាស្រឡាញ់ កូនណាស់ វាសម្លាប់គេដើម្បីការពារកូនៗ តែវាមិនរត់ចោលកូនដើម្បីរស់ម្នាក់ឯងទេ មិនដូចអាមនុស្ស អមនុស្ស ទាំងនោះទេ។

  7. ម៉ាក់ស្រីតូចបីនាក់ / វិច្ឆិកា 29 2012 11:02 ល្ងាច

    ដាក់ទោសបែបពូស្រុកស្រែថាសមរម្យបំផុតហើយ ចំពោះមនុស្សដែលមានចិត្តជាតិរច្ឆានរំលោភកូនឯងនោះ

ទំលាក់ មួយចំលើយតប ទៅ ស្រុកស្រែ បោះ​បង់​ការ​ឆ្លើយ​តប