Skip to content
29 ខែវិច្ឆិកា 2012 / ស្នាមញញឹម

ចំណុចខ្សោយ និងការកេងចំណេញ

គ្រួសារ និងអ្នកជិតខាងខ្ញុំបានដាក់ឈ្មោះខ្ញុំថា អាល្ងង់។ ព្រោះខ្ញុំស្រឡាញ់សត្វណាស់ ហើយជួនកាលខ្ញុំត្រូវចាញ់ បោកគេដោយសារតែក្តីស្រឡាញ់របស់ខ្ញុំហ្នឹងវាធំធេងហួសហេតុពេក។

មូលហេតុបានជាខ្ញុំស្រឡាញ់សត្វខ្លាំងបែបនេះ វាគឺជាធម្មជាតិ ដូចដែលខ្ញុំកើតមកមានសក់រួញព័ណ៌ខ្មៅ និងមាន ភ្នែកព័ណ៌ខ្មៅបែបហ្នឹងដែរ។​ ខ្ញុំកាន់តែស្រឡាញ់សត្វច្រើនឡើងនៅពេលណាដែលម្តាយខ្ញុំវាយខ្ញុំពេលខ្ញុំធ្វើអ្វីខុស ហើយមានតែសត្វទេដែលកាន់ជើងខ្ញុំ ដែលនៅក្បែរលួងលោមខ្ញុំក្នុងពេលដែលអ្នកផ្ទះគ្មាននរណាគេមើលខ្ញុំទេ។

ស្តាប់មើលទៅគួរឱ្យកម្សត់ណាស់មែនទេ? អត់ទេ សម្រាប់ក្មេងខូចដូចជាខ្ញុំ រឿងធ្វើខុសហើយត្រូវរំពាត់ គឺជារឿង ធម្មតាទៅហើយ គ្មាននរណាគេអាណិតខ្ញុំទេ ព្រោះខ្ញុំមិនចេះរាងចាល។

ខ្ញុំនៅចាំបានថាខ្ញុំចងពៀរជាមួយបុរសម្នាក់ជាអ្នកឡើងត្នោតព្រោះតែក្តីសង្ស័យថាគាត់ជាអ្នកចាប់សត្វអន្សងរបស់ ខ្ញុំតាំងពីខ្ញុំអាយុប្រហែលប្រាំបីឆ្នាំរហូតមកដល់ពេលនេះ។

ជាងម្ភៃឆ្នាំហើយដែលខ្ញុំចងចិត្តចងពៀរជាមួយបុរសឡើងត្នោត និង គ្រួសារគាត់។ ទោះជាពេលនេះខ្ញុំដឹងថាតាម ពិតទៅខ្ញុំគ្មានភស្តុតាងណាបញ្ជាក់ច្បាស់ថាគាត់មានកំហុសឡើយ តែក្តីស្រឡាញ់បានលុបបាត់អំពើល្អៗ របស់ គាត់ក្នុងជីវភាពសង្គម។

ខ្ញុំសុំរម្លឹករឿងនេះបន្តិច មុននឹងឈានដល់ការបរិយាយពីចំណុចខ្សោយ និងការកេងប្រវ័ញ្ច។

កាលនៅក្មេង គ្រួសារខ្ញុំរស់នៅលើខឿនថ្មដែលប្រុងសង់ផ្ទះតាំងពីសម័យសង្គម។ នៅក្រោយផ្ទះនោះមានព្រៃដុះ ស៊ប់ទ្រុបល្មមនឹងឱ្យពស់ និងសត្វនានារស់នៅបានយ៉ាងស្រួល ព្រោះមានត្រពាំងតូចមួយនៅពីក្រោយនោះ។ ខ្ញុំ មានទម្លាប់អង្គុយយោគជើងលេងបណ្តើរញ៉ាំបាយបណ្តើរ យូរៗទៅបាយដែលកំពប់នោះ មានសត្វអន្សងមួយ (ពាក្យត្រឹមត្រូវគឺ ទន្សង តែតាមទម្លាប់ហៅរបស់អ្នកស្រុក គឺអន្សង) តែងចេញមកស៊ីបាយដែលកំពប់ខ្លះនោះតាម ក្រោយ។ លុះដល់ស៊ាំនឹងខ្ញុំ និងបាយកំពប់យូរៗទៅ អន្សងនោះក៏ចេញមកចាំខ្ញុំស៊ីបាយរាល់ពេលបាយ។ ពេល ណាអត់ឃើញវាចេញពីក្នុងព្រៃមក ខ្ញុំស្រែកហៅវា មួយសន្ទុះគឺវាចេញមកនៅចាំពីក្រោម ចាំខ្ញុំបោះបាយឱ្យ។

ម៉ែខ្ញុំរកឃើញមូលហេតុដែលកូនកាន់តែស្គមទៅៗ។ គាត់បញ្ចុកបាយខ្ញុំម្តង តាមពិតទៅខ្ញុំចេះកាន់ស្លាបព្រាហូប បាយយូរណាស់ហើយ។ ពេលនោះខ្ញុំក៏មានវិធីដើម្បីរក្សាមិត្តភាពរបស់ខ្ញុំជាមួយអន្សង ដោយខ្ជាក់បាយចូលហោ ប៉ៅអាវធំៗរបស់ខ្ញុំ ពេលញ៉ាំបាយរួច ខ្ញុំដើរទៅដោះអាវរលាក់កាកបាយឱ្យវាដូចធម្មតា។ បាយដែលទំពាររួចត្រូវ ការរលាក់ដាក់លើស្លឹកចេកដើម្បីឱ្យអន្សងអាចស៊ីបាន ខ្ញុំចុះទៅរើសស្លឹកឈើរួចរលាក់បាយឱ្យវា។​ ពេលនោះខ្ញុំ បានជិតស្និត ជាមួយវាកាន់តែច្រើនឡើង ឯវាក៏ស៊ាំនឹងខ្ញុំមិនមានខ្លាចគ្នាទេ។

ខ្ញុំកាន់តែស្រឡាញ់វាខ្លាំងឡើង ហើយខ្ញុំអាចចុះទៅឈរជិតវាបានច្រើនជាងមុន។ មានពេលមួយនោះ អ្នកផ្ទះខ្ញុំ រវល់នៅអង្គុយមុខផ្ទះ ខ្ញុំនៅជាមួយឆ្កែឈ្មោះអាលុក។ វាខាំគ្នាជាមួយឆ្កែអ្នកជិតខាងនៅពេលដែលខ្ញុំកំពុងលេង ជាមួយអន្សង ឆ្កែគេខាំឆ្កែខ្ញុំ ខ្ញុំឃើញបែបនេះខ្ញុំយកដំបងទៅវាយឆ្កែគេ វាបកមកខាំចំកំប៉េះគូទខ្ញុំ ខ្ញុំស្រែកយំសឹង បែកមេឃ ម៉ែខ្ញុំឮក៏រត់មក តែអន្សងលឿនជាងម៉ែទៅទៀត វាខាំឆ្កែអ្នកជិតខាង បោករហូតដល់ឆ្កែនោះព្រលែងវា តាំងពីពេលនោះមក ខ្ញុំត្រូវបានម៉ែដាក់បម្រាមលែងឱ្យទៅលេងជាមួយអន្សងហ្នឹងទៀតហើយ។ ម៉ែថាថ្ងៃនេះវាខាំ ឆ្កែតើថ្ងៃក្រោយកូនគាត់អាចត្រូវវាខាំបានដែរទេ?

មានតែម្តងគត់ដែលខ្ញុំឱ្យបាយអន្សងហើយឃើញអ្នកឡើងត្នោតមើលមកខ្ញុំ។ តាំងពីនោះមកខ្ញុំលែងបានឃើញ អន្សងរបស់ខ្ញុំទៀតហើយ វាលែងចេញមកស៊ីបាយជាមួយខ្ញុំដូចមុនទៀត ទោះខ្ញុំចាំវាយូរយ៉ាងណាក៏មិនឃើញ វារត់មកស្រែកឮ ស្ហឺៗៗៗ ទៀតដែរ។ ខ្ញុំយំប្រាប់ម៉ែចិញ្ចឹម ជីដូន និងម្តាយខ្ញុំថាគេលួចចាប់អន្សងខ្ញុំទៅបាត់ហើយ ម៉ែឃើញខ្ញុំយំយូរពេក គាត់ប្រាប់ថាអន្សងហ្នឹងវាទៅរៀបការបាត់ហើយ ។ កាលហ្នឹង ឱ្យតែមានពីណាគេរៀបការ ខ្ញុំចេះតាមមើលក្រែងឃើញអន្សងរបស់ខ្ញុំ។ ម៉ែខ្ញុំហៅខ្ញុំថា «កម្មសិទ្ធិក្រាស់»… តែខ្ញុំមិនដែលដកចិត្តសង្ស័យពី ពូឡើងត្នោតដែរ រហូតដល់ថ្នាក់ ប្រពន្ធកូនគាត់លក់ដូរអីក៏ខ្ញុំមិនដែលទិញ ថែមទាំងគុំ ស្អប់មួយគ្រួសារនោះ។

ម៉ែមិនសូវយកខ្ញុំទៅផ្សារទេព្រោះគាត់នឹងអស់ប្រាក់ឥតប្រយោជន៍ដោយសារតែខ្ញុំទារទិញត្រីរស់យកទៅលែង។ បើលែងអណ្តើក ម្តាយខ្ញុំប្រាប់ឱ្យឆ្លាក់អក្សរលើនោះ ខ្ញុំមិនព្រមទេ តែលាបម្សៅក៏មិនលាបដែរ។ ខ្ញុំខ្លាចវាឈឺ និង មានក្លិនដូចចាបជៀបកប្បាសចឹង។

រហូតដល់ពេលធំដឹងក្តី ចេះរកលុយខ្លួនឯងក៏ខ្ញុំនៅចំណាយប្រាក់ឥតប្រយោជន៍ដើម្បីតែក្តីស្រឡាញ់របស់ខ្លួន។

មានលើកណានោះ ក្មេងមកពីស្រុកសណ្តាន់ (ស្រុកដែលខ្ញុំធ្លាប់ទៅធ្វើការ និងបានជួបជ្រូកព្រៃ) យកកូនខ្លាត្រី មកនៅចាំលក់ឱ្យខ្ញុំ។ តាមពិតទៅ ខ្ញុំពិចារណាច្រើនណាស់ ដូចដែលខ្ញុំបានដឹងហើយថា ការចិញ្ចឹម ការជួញដូរ និងការបរិភោគសត្វព្រៃ មានទោសដូចគ្នា តែខ្ញុំលើកនេះគឺអាណិតក្មេងដែលត្រូវការប្រាក់ទៅសាលារៀនច្រើន ជាង។ កាលណោះប្រាក់ខែ ១៧០ ដុល្លារ ខ្ញុំចំណាយទិញកូនខ្លាត្រីអស់ ២០ ដុល្លារ។ ចំណាយលើសចំណួល ឬនិយាយបានថាក្រដោយសារការអាណិតសត្វ។

បើកុំតែកូនខ្លាត្រីនោះឈ្លោះគ្នាជាមួយកូនឆ្កែសំណព្វចិត្តរបស់ខ្ញុំ កុំអីខ្ញុំចិញ្ចឹមវារហូតដល់សព្វថ្ងៃ។

ចុងក្រោយគេនាឆ្នាំ ២០០៩ ប្អូនប្រុសខ្ញុំទិញកូនសំពោចមួយដែលខ្វាក់ភ្នែកម្ខាងមកពីភូមិកំណើតឪពុកយើង។ ខ្ញុំសម្រេចចិត្តឱ្យវារស់នៅជាមួយយើងដូចជាឆ្មា គឺព្រលែងវាឱ្យមានសេរីភាព។ ពាក្យនេះ បងប្អូនបង្កើតយើង ទាំងបីនាក់ស្រឡាញ់ខ្លាំងណាស់ ដូច្នេះ សត្វណាដែលនៅក្នុងការឃុំគ្រងរបស់យើងក៏ត្រូវមានពាក្យនេះដូចគ្នា ដែរ។

ប្អូនប្រុសខ្ញុំគឺជាក្មេងខូច តែចំពោះសត្វ គ្មានឡើយពាក្យថាឃុំឃាំង និងទារុណកម្ម។ បើខ្ញុំចងឆ្កែចាំចាក់ថ្នាំ ងាក ទៅបូមថ្នាំ អានោះឡើងមកឃើញឆ្កែយំ វាចាប់លែងអស់។ អត់បានចាក់ថ្នាំទៅ។

ប្អូនស្រីវិញ បងប្អូនមីងមា វាមិនដែលមើលមុខទេ ឈ្ងោកក្បាលរៀនរហូត តែវាស្រឡាញ់ឆ្កែណាស់ ។ វាសុខចិត្ត ចំណាយពេលលេងជាមួយកូនឆ្កែដែលត្រូវជាក្មួយរបស់វា (រាប់តាមសាច់ឈាម)។

ប៉ុន្មានយប់នេះ ខ្ញុំបានដាក់កាមេរាថតរូបចោលដើម្បីតាមមើលព្រោះយើងបាត់សំពោចយូរយារណាស់ហើយ។ ពួកយើងមិនសប្បាយចិត្តទេ ព្រោះយើងមិនដឹងថាវាទៅណា? រស់នៅយ៉ាងម៉េចកើតនៅក្បែរផ្ទះយើង?

ជានិច្ចកាល យើងតែងតែត្រូវគេកេងប្រវ័ញ្ចព្រោះតែដឹងថាពួកយើងនេះ មិនសូវទិញអីហូប ទិញអីប្រើទេ តែបើ សត្វវិញ ឱ្យតែអាណិតគឺគ្មានស្តាយលុយឡើយ។ បើខ្វះជំពាក់គេសិន រឿងសងចាំគិតតាមក្រោយទៀត។

Advertisements
  1. ម៉ាក់ស្រីតូចបីនាក់ / វិច្ឆិកា 29 2012 11:08 ល្ងាច

    ទើបតែឃើញមួយហ្នឹងទេខ្ញុំ

    • លី កល្យាណ / វិច្ឆិកា 30 2012 7:45 ព្រឹក

      បិទភ្នែកខ្លះៗទៅ ប្រយ័ត្នកូនកាត់ដូចខ្ញុំ (បើមានមួយទៀត)។

    • ម៉ាក់ស្រីតូចបីនាក់ / ធ្នូ 2 2012 11:49 ល្ងាច

      មានមួយហ្នឹង ចង់ថាស្រឡាញ់ពេក ហួសនិយាយ ស្រឡាញ់ដល់ទៅសត្វទន្សងអីណាណី

  2. សម្ផស្ស / វិច្ឆិកា 30 2012 10:00 ព្រឹក

    ដូចម្តេច​ដែល​ហៅ​ថា​ឥត​ប្រយោជន៍​ដូច​ម្តេច​ដែល​ហៅ​ថា​មាន​ប្រយៅជន៍​ទៅ?​ មនុស្ស​យើង​តែង​តែ​ចំណាយ​លុយ​ដើម្បី​បំពេញ​ចិត្ត​របស់​ខ្លួន​ ។ ដូច​អ្នក​ខ្លះ​ចូល​ចិត្ត​ផឹក​ស៊ី​ចំណាយ​លុយ​រាប់​រយ​$ ដោយ​សា​តែ​គេ​ចូលចិត្ត​បែប​នោះ អ្នក​ខ្លះ​ទៀត​ចំណាយ​លុយ​ចិញ្ចឹម​ស្រី​ខាង​ក្រៅ​ដោយ​សារ​តែ​គេ​ចូល​ចិត្ត​បែប​នេះ ឯអ្នក​ខ្លះ​ទៀត​សុខ​ចិត្ត​សន្សំ​លុយ​របស់​ខ្លួ​ន​អត់​ហ៊ាន​ដើរ​ស៊ី​ចាយ​ហ៊ឺ​ហា​ទេ​តែ​ទុក​បរិចាក​អោយ​ខាង​សង្គម​ទៅ​វិញ នេះ​ដោយ​សារ​តែ​គាត់​សប្បាយ​ចិត្ត​ធ្វើ​បែប​នេះ យ៉ាង​ណា​ម៉ិញ​បង​ក៏​ចំណាយ​លុយ​ចំ​ទិស​ដៅ​ដែរ​គឺ​ចំទំ​តាម​ការ​ចូល​ចិត្ត​របស់​បង ដូច​នេះ​ពាក្យ​ថា​ឥត​ប្រយោជន៍​គឺ​គ្មាន​ទេ​ បើ​បង​ចូល​ចិត្ត ។ 😀

    • លី កល្យាណ / វិច្ឆិកា 30 2012 10:21 ព្រឹក

      ពេលខ្លះ បើយើងបង្ហាញនូវចំណូលចិត្តរបស់យើងពេក គេនឹងកេងចំណេញបានភ្លាមៗ។ ខ្ញុំតែងទន្ទេញពាក្យមួយឃ្លាថា ដើរផ្លូវកណ្តាលតាមព្រះពុទ្ធ ។ តែមិនដែលបានដើរបែបហ្នឹងសោះ ។ ស្រឡាញ់នោះស្រឡាញ់ណាស់ហើយ តែបើជ្រុលពេកក៏មិនកើតដែរមែនទេកម្លោះ អេសអិល សម្ផស្ស?

  3. vsthea / វិច្ឆិកា 30 2012 12:14 ល្ងាច

    ព្រះពុទ្ធដើរផ្លូវកណ្តាល? ផ្លូវមួយណាទៅជួយប្រាប់ផងព្រោះអត់ស្គាល់ទេ ។ អ្ហើយ​ស្តាប់គេរៀបរាប់​ពីល្បិច​ក្មេង​កំហូច​ខាងលើ ស្តាប់ហើយ​ឈឺក្បាលជំនួស​អ្នកម្តាយ បងមិនចូលចិត្ត​កូនណាដែលខ្ជាក់បាយ​ពីមាត់ទេ ជាពិសេសខ្ជាក់ពីមាត់មកច្រកហោប៉ៅពិតជាអាណិតអ្នកបោកខ្លាំងណាស់ ។ តែហេងវិញ​ក្មួយ​ៗ គេអត់​ចេះអញ្ចឹង គ្រាន់តែចេះយកលុយទិញនំទៅឱ្យ​ត្រីស៊ីប៉ុណ្ណោះ ។

    • លី កល្យាណ / វិច្ឆិកា 30 2012 3:00 ល្ងាច

      មិនមែនផ្លូវទៅខេត្តកណ្តាលទេចាស។ មិនតឹងពេក មិនធូរពេក គឺប្រព្រឹត្ត ផ្លូវ កណ្តាល ។ ចិត្តល្អ ក៏កុំជ្រុលពេក ចិត្តអាក្រក់ក៏កុំម៉ៅស្វិតដែរ។
      នេះជាល្បិចបន្តិចបន្តួចតែប៉ុណ្ណោះទេ បើនិយាយពីវិជ្ជាគុនល្បិចខូច អានេះគឺត្រឹមថ្នាក់មូលដ្ឋានទេ នៅមានអាមធ្យមសិក្សា និងអាបរិញ្ញាទៀត។
      អាណិតអ្នកបោកស្អីបង បើខ្ញុំដោះអាវរួចខ្ញុំរលាក់បាយ ហើយដើរគ្រវីអាវទៅទម្លាក់ក្នុងធុងទឹកឱ្យបាត់ក្លិនឆ្អាបបាយ រួចបានពាក់វិញ។ ចំម៉ែណាមិនដឹង ចំម៉ែខ្ញុំ ហិតក្លិនហើយវ៉ៃអត់មានឱ្យខុសទេបង ចឹងបានជាខ្ញុំកំសត់យំពេលគាត់វ៉ៃហើយ ទៅយំជិតពាងទឹកឬក្រោយផ្ទះ ព្រោះក្នុងផ្ទះគេហាមមិនឱ្យយំទៀត (អត់មាននរណាអាណិតទេ)។

  4. vsthea / វិច្ឆិកា 30 2012 4:08 ល្ងាច

    អត់មានអីឆ្ងល់ទេ ដែលគេគ្រប់គ្នា​មិនកាន់ជើង​មនុស្សខូចនោះ ហើយបើប៉ះចំម៉ែនេះប្រហែលជាវ៉ៃមិនឱ្យ​ចាញ់​ម៉ែ​នៅកំពង់ធំដែរហ្នឹង ។ ទោះជាដោះអាវគ្រវីក្នុងទឹក ឬ លោតទៅទាំងខ្លួនត្រាំកន្លះ​ម៉ោង​ក៏​មិនបាត់ក្លិនដែរ ។ អារឿងកំសត់រត់​ទៅយំនៅក្បែរពាងនោះគេហៅថា តភាគ​បើទៅទាន់​ក៏ត្រូវទៀត ព្រោះម៉ែចង់តភាគដែរ ។​តែសរសើរត្រង់ថាក្មេងកំហូចអាចធ្វើឱ្យទន្សងស្រឡាញ់​។​

    • លី កល្យាណ / វិច្ឆិកា 30 2012 4:31 ល្ងាច

      បងហ្អា៎! ហោចណាស់ក៏និយាយលួងតិចទៅវាអស់មាសក៏អីម៉ែខ្ញុំ? យ៉ាប់ណាស់។
      សត្វវាដឹងស្អីវាបង ខ្ញុំខុសយ៉ាងម៉េចក៏វានៅតែមកជិត ខ្ញុំយំដាក់វាស្បែបៗ វាលៀនអណ្តាតភ្លែតៗដាក់វិញ។ មិនចង់ហែកកេរ្តខ្លួនឯងដូចពូស្រុកស្រែទេ ខ្ញុំយំឱបពាងណាបង ហើយរៀបរាប់ឱ្យឆ្កែឱ្យឆ្មាស្តាប់ យកតែត្រូវ ម៉ែខុសទាំងអស់។ ហាសហាសហា តែអាហ្នឹងចេះណាស់ វាឃើញខ្ញុំយំវាយកក្បាលមកត្រដុសជើងខ្ញុំ ។ គិតទៅខ្ញុំស្រឡាញ់វាមិនចោលម្សៀតមែន ម៉ែ ពេលគាត់សប្បាយចិត្តគាត់ធ្វើល្អដាក់យើងទៅ ង៉ៃណាគាត់ខឹងមកពីណា គាត់រករឿងវ៉ៃខ្ញុំ ។ តែសត្វដែលខ្ញុំស្រឡាញ់វិញ វាស្រឡាញ់ខ្ញុំស្មើដើមស្មើចុង។

  5. Nataro / មករា 7 2013 7:25 ព្រឹក

    ម៉ែអើយ ស្មានតែអានដល់ ត្រឹម «សត្វអន្សងរបស់ ខ្ញុំតាំងពីខ្ញុំអាយុប្រហែលប្រាំបីឆ្នាំរហូតមកដល់ពេលនេះ។» ចប់ហើយតើ ដឹងអី អូសចុះមកក្រោម ឃើញម៉ាគំនរគហៀរថែមទៀត @.@

    • លី កល្យាណ / មករា 7 2013 10:21 ព្រឹក

      😀 អ្នកញ៉ែដូចខ្ញុំនិយាយច្រើនណាស់

Trackbacks

  1. មានរឿងអស់សំណើចមួយអំពីខ្ញុំ « ស្នាមញញឹម

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: