Skip to content
30 ខែវិច្ឆិកា 2012 / ស្នាមញញឹម

ឯកជន៖ កូនសំណព្វចិត្តខ្ញុំ

ថ្ងៃនេះនិយាយរឿងសត្វពន្លាត់បន្តិចហើយ ព្រោះហួសចិត្តពេក។

អ្នកមានកូន អ្នកមានប្តី អ្នកមានសង្សារ គេមានគ្នាគេ ខ្ញុំមានពីណា? ងាកទៅប្អូន វាដើរបាត់ៗជាមួយសង្សាររក ពេលទំនេរនៅលេងជាមួយបង ជាមួយម៉ែគ្មានសោះ។ បែរទៅមិត្តភ័ក្តិគេក៏មានប្តីប្រពន្ធផឹនគេដែរ មានពីណា គេមកកំដរមនុស្សដូចជាខ្ញុំ? មានតែលេងជាមួយឆ្កែនៅផ្ទះហ្នឹងហើយ។

និយាយពីឆ្កែវិញ វាឈ្មោះអាយក្ស (លី អសុរិន្ទ) និងអាតូរូ (លី អង្គារា) អាពីរនាក់នេះចរឹតខុសគ្នាដាច់ស្រឡះ។ អាមួយកាត់មករកខ្ញុំ អាមួយទៀតមិនដឹងកាត់ទៅរកពីណា?

អាកាត់មករកខ្ញុំ ចរឹតកោងតែម្តង បើមានឆ្កែឯណាចូលមកលេងក្នុងភូមិវាដេញគេគ្មានដឹងថាគីឡូស្មើគ្នាឬចាញ់ គេទេសំខាន់គឺមិនឱ្យគេចូលក្នុងដីភូមិ។ បើថាខាំគេមិនឈ្នះខុសចិត្តត្រូវរបួសសុសខ្លួន … ម៉ែខ្ញុំតែងថា អានេះ បានពិតជាកូនវាពិតប្រាកដមែន…

បើមានឆ្កែញីណាចូលមករកវា វាមិនដេញខាំទេ តែក៏មិនស្វាគមន៍ដែរ។ បើញីនោះអាស ចរឹតអន់ទៀត រឹតតែមិន មើលមុខ និងទីបញ្ចប់ពេលវាធុញពេកក៏ដេញចេញពីដីភូមិយើងទៅ។

ចំណែកអាមួយទៀតដើរបាត់ៗពីផ្ទះ មិនចេះចាំផ្ទះទេ ដូច្នេះគេក៏មិនសូវបានគិតគូរអីវាដែរ គិតត្រឹមតែស្រែកហៅ ពេលដាក់បាយឱ្យស៊ីប៉ុណ្ណោះ។ លែងនិយាយចេញ ព្រោះហៅមកប្រដៅយ៉ាងម៉េចក៏មិនចេះស្តាប់សោះ។

ចំណែកអាសំណព្វចិត្ត តែបាត់មួយភ្លែតគឺគេស្រែកហៅរកភ្លាម ព្រោះវាមិនដែលបាត់ពីផ្ទះ ពីក្រោមឡានទេ។ អ្នកជិតខាងខ្ញុំស្រឡាញ់ឆ្កែខ្ញុំ ដូចជាពួកយើងដែរ គឺថាបើមានកម្មវិធីអីមួយ ឆ្កែក៏ត្រូវបានទទួលការយកចិត្តទុក ដាក់ស្មើនឹងមនុស្សម្នាក់ផងដែរ (មកពីបុណ្យ មកពីការគឺមានរបស់ផ្ញើវា ហើយស្រណោះតែគាត់មានឆ្កែទៅ គឺ អត់មានទេ មានតែឆ្កែខ្ញុំហ្នឹងគ្រាន់ចែកគ្នាស្រែកហៅ) ។ និយាយពីម្តាយខ្ញុំដែលត្រូវជាជីដូនវា ដែលហ៊ានចំណាយ ប្រាក់ទិញឡានទុកចោលកណ្តាលវាលហ្នឹង មិនមែនមកពីសង្ឃឹមថាកូនៗនឹងមើលថែឡានហ្នឹងឡើយ គឺគាត់ រំពឹងទៅលើចៅសំណព្វចិត្តហ្នឹងជាអ្នកយាម។ រួចបើនិយាយរឿងឡានហ្នឹងទៀត មនុស្សខាងក្រៅមិនអាចដើរ មកជិតបានទេ ហ៊ានតែលូកដៃដាក់លើឡាន វាព្រុសពីរបីវ៉ូស ហើយនៅមិនដឹងខ្លួនទៀត គឺគ្រឹប!

មួយជុំវិញភូមិ និងក្បែរៗផ្ទះរបស់យើងគឺស្គាល់ថាវាជាសមាជិករបស់ផ្ទះយើងទាំងអស់ ហើយដឹងថាយើង ស្រឡាញ់វាខ្លាំងប៉ុណ្ណា? ព្រោះជួនកាលយាយទួតវាដើរទៅទិញសម្លឱ្យវាទាំងកណ្តាលថ្ងៃត្រង់កាលបើវាឈឺ មិនចង់ស៊ីបាយម្ហូបដែលមានទេនោះ។ វាចេះស្តាប់អង់គ្លេសច្រើនជាងគេ តែក៏ចេះស្តាប់ខ្មែរខ្លះដែរ ហើយក៏ ចំណាំមុខញាតិមិត្ត បងប្អូន និងអ្នកជិតខាងទាំងអស់។ បើលោកសង្ឃចូលមកក្នុងផ្ទះ ទោះជាធ្វើស្អីក៏អត់ព្រុស ដែរ។

មានអ្នកធ្វើការម្នាក់មានមុខមានមាត់គ្រាន់បើដែរនៅក្នុងខេត្ត គាត់ទើបបានឆ្កែញីមួយពូជ Havanese កូនកាត់ (ចំណែកឆ្កែខ្ញុំជាពូជមកពីអូស្រ្តាលី Pomeranian កាត់ German Shepherd Dog ឬហៅថាប៊ែកហ៊្សេ) ។ គាត់ បានឃើញឆ្កែយើង គាត់ចង់សុំបង្កាត់ជាមួយឆ្កែគាត់ដែលស្អាត តូចច្រឡឹង ខ្ញុំឃើញភ្លាមស្រឡាញ់ភ្លាមដែរ។ ប្អូនប្រុសខ្ញុំក៏ចាប់ឆ្កែយើងចាក់ថ្នាំសម្លាប់សត្វល្អិត ចាក់ថ្នាំគ្រុនឱ្យវារួចមុនពីរបីថ្ងៃ រួចមុជទឹកលាងសាប៊ូយ៉ាង ស្អាតបាតសមជាឆ្កែអ្នកមានរបៀបរបប ។ ឃើញពូវាកាន់កូនសោឡានភ្លាម អានោះដើរនាំមុខពូទៅរកឡាន ភ្លាមព្រោះវាដឹងថាគេត្រូវចេញដើរជិះឡាន តែបើឃើញគេកាន់កូនសោម៉ូតូវាទៅឈរនៅកន្លែងម៉ូតូចាំជូន ដំណើរគេដែរ។

ប្អូនប្រុសខ្ញុំតឺនុយស្អាតបាតណាស់ ដែលជាធម្មតានៅផ្ទះស្លៀកពាក់ដូចយូកូង តែដោយសារទៅផ្ទះលោកពូ នោះវាក៏ស្លៀកពាក់យ៉ាងសមរម្យ ៖  Yeak, come with me. Get in the car!

វាឡើងលើឡានជិះនៅទន្ទឹមនឹងពូវា ហើយឃើញគេអាយ៉ែឡានចេញ វាជួយមើលផ្លូវ ងាកឆ្វេងស្តាំ ធ្វើដូចជា វាហ្នឹងចេះបើកឡានដូចគេចឹង។ រួចបើមាននរណានៅឈរពីក្រោយឡាន ឬដាក់ដៃលើឡាន វាព្រុសភ្លាម។

ពូនិងក្មួយឡើងឡានចេញទៅបាត់មួយល្ងាចធំ ។ ជិតយប់បានឡានត្រឡប់ចូលមកផ្ទះវិញ។

ឡានចូលដល់មុខផ្ទះក្នុងរបងភ្លាម ខ្ញុំងាកទៅឃើញឆ្កែនៅជិះបាំងក្រោយ ដែលជាទម្លាប់ធម្មតា វាមិនដែលជិះ បាំងក្រោយទេ គឺជិះទន្ទឹមនឹងម៉ែវា ឬពូមីងវា។

ម្តាយខ្ញុំ មើលទៅឆ្កែដែលប្អូនខ្ញុំកំពុងបើកទ្វារឡានឱ្យវាទាំងមុខក្រមូវ ៖ អើ ម៉ោវិញហើយ? ម៉េចទៅ?

ប្អូនប្រុសខ្ញុំ ៖ Get out of the car quickly. Right now…. ហ៊ឹះ! ហ្អែងនេះ កូនគេមានរបៀបរបប មានសណ្តាប់ ធ្នាប់នៅតែក្នុងរបងហ្អែងមិនមើលមុខគេទេ ហ្អែងនេះ! ហ្អែងបានតែស្រីខូចទេ ហ្អែង!

វាខឹងឆ្កែដែលយកទៅឱ្យដោយញី តែវាមិនព្រមដោយ។ ម៉ែសួរនាំទៅវាប្រាប់ថា ដំបូងអ៊ំប្រុសហ្នឹងគាត់ហៅឆ្កែ គាត់ចេញមក ក៏វាមិនដើរទៅជិតគេ គេមកជិតវា វារត់ចេញមកត្រសុលតែក្រោមជើងខ្ញុំ។ ដល់ពេលអ៊ំស្រីគាត់ ចាប់ដាក់បន្ទប់បាយគាត់ វាស្រែកយំតែម្តង ស្រែកដូចគេអារកវាអីចឹង។ ហ៊ឺយ! ស្គិញណាស់ហ្អា៎! ខំនិយាយសុំ គាត់ថាបើបានកូនសុំតែពីរទេ មួយទុកឱ្យបងឯងយកទៅចិញ្ចឹមនៅភ្នំពេញ មួយទៀតទុកនៅនេះ។

ស្រីគេត្រឹមត្រូវមិនស្រឡាញ់ទេហ្អែង…ហ្អែងបានតែស្រីខូចទេ! (ប្អូនខ្ញុំស្តីឱ្យរហូតតាមផ្លូវ ហើយវាក៏ដឹងថាគេ ស្តីឱ្យដែរទើបរត់ទៅជិះឡាននៅបាំងក្រោយ)

អើ! ទៅស្តីឱ្យវាធ្វើអី? ម៉ាក់ឃើញជិះឡាននៅបាំងក្រោយ ម៉ាក់គិតទុកថាមុខជាឈ្លោះគ្នាហើយបានជាទៅជិះ បាំងក្រោយ។ (គាត់ងាកមកនិយាយរកអាយក្សវិញ) ចឹងតើបានជាគេខឹងចៅឯង!

អាយក្សរត់មកយំដាក់ជីដូនវា ប្តឹងគាត់ដែលប្អូនប្រុសខ្ញុំស្តីឱ្យវា ហើយប្រហែលជាគេរកវាយ រកទាត់ផងក៏មិន ដឹងព្រោះគេខឹងដែលខំមុជទឹកឱ្យស្អាត ដឹកឡានទៅដាក់ញី នៅតែវាមិនត្រូវចិត្តទៀត។

វាឈ្លោះជាមួយមីងខ្ញុំមិនទាន់និយាយរកគ្នាស្រួលបួលផង ឥឡូវនេះ ពូវាគេស្តីឱ្យទៀត! មិនដឹងគិតម៉េចទេ បើកូននៅតែនឹងគេមិនដែលបានមើល បានប្រដៅផងនោះ នរណាបន្ទោសថាម៉េចក៏ថាទៅចុះ!

 

Advertisements
  1. លឿង ចន្ថា Loeurng Chantha / ធ្នូ 1 2012 9:16 ព្រឹក

    ហាហាហាហាហាហាហាហាហាហា អ៊ូយ!!!!សើចចុកពោះ 😆 😆 😆 😆 😆

    • លី កល្យាណ / ធ្នូ 2 2012 3:23 ល្ងាច

      អូនហើយកុំសើចបង ប្រយ័ត្នពៀរឆ្លងម្តងម្នាក់ៗ 😆

    • លឿង ចន្ថា Loeurng Chantha / ធ្នូ 3 2012 10:02 ព្រឹក

      មិនអាចពៀរឆ្លងទេចាស
      ព្រោះបងឯងនៅឆ្ងាយនិងកាត់ទឹក ពៀរឆ្លងមិនរួចទេហាហាហា 😆

  2. ម៉ាក់ស្រីតូចបីនាក់ / ធ្នូ 2 2012 11:58 ល្ងាច

    អ៊ិះ!!!! ស្រឡះទៅ គេរក គូ អោយត្រឹមត្រូវ អត់ចង់ទេ សមមុខហើយគេខឹងនោះ

    • ម៉ាក់ស្រីតូចបីនាក់ / ធ្នូ 2 2012 11:59 ល្ងាច

      អៃ!! កែផងបង គូ អត់មាន រ ទេ

    • លី កល្យាណ / ធ្នូ 3 2012 8:25 ព្រឹក

      ចាស កែរួចហើយ។ វាឡូយត្រង់ហ្នឹងបានគេខឹងដាច់ក្បាលដាច់កន្ទុយ ដេញចុះពីឡាន តាមធម្មតា បើគេមិនខឹងវិញវាអាចនៅលេងក្នុងឡាន ហ្នឹងពេញមួយល្ងាច វាកាងឡានហ្នឹងសម្បើមណាស់។

  3. vsthea / ធ្នូ 3 2012 5:45 ល្ងាច

    ម៉ែម៉េចកូនអញ្ចឹង ។ បើតាមដឹង​តាមពាក្យចាស់ៗគាត់ប្រាប់ថា “មុននឹងដណ្តឹងកូននរណាម្នាក់ គាត់តែងតែមើល​ម្តាយ​ជាមុនសិន” ថាតាមចាស់ៗទេណ៎ា ។

    • លី កល្យាណ / ធ្នូ 3 2012 6:19 ល្ងាច

      បានដើមឱ្យគេនិយាយទាំងម៉ែទាំងកូនហើយខ្ញុំពេលនេះ

    • vsthea / ធ្នូ 6 2012 9:41 ព្រឹក

      មានតែរឿងម៉ែឱ្យគេនិយាយ​ចំណែកកូនអត់ទានមានទេ ព្រោះអត់ដែលឃើញមុខ តែស្តាប់ការរៀបរាប់ទៅ​ពិតជាឆ្លាតណាស់ ព្រោះចេះស្តាប់អង់គ្លេស ឡូយជាងបអទៀត បង​វិញពេលខ្លះគេនិយាយមក​បានត្រឹមតែស្ញេញព្រោះ ស្តាប់គេអត់បាន ។

    • លី កល្យាណ / ធ្នូ 6 2012 10:08 ព្រឹក

      😀 បើនិយាយជាមួយវាកាលពីតូចមកនិយាយតែអង់គ្លេសដាក់ ពាក្យតែប៉ុន្មានម៉ាត់ហ្នឹងបង។ ខ្ញុំបានដាក់រូបកូនសំណព្វចិត្តដែលម៉ែនិងយាយវាបញ្ឆោតឡើងជិះ ម៉ូតូដើម្បីចាក់ថ្នាំ វេទនាណាស់ ទម្រាំបានចាក់ថ្នាំម្តងៗ ផ្អើលអស់អ្នកភូមិ។ តែជួនកាលវាក៏ ស្តាប់អត់បានដែរ ព្រោះវាចាំបានតែពាក្យណាដែលធ្លាប់ស្តាប់ ។
      ហើយម៉ារឿងទៀតដែលកូនកាត់ដូចម៉ែ គឺជួនកាលនិយាយឱ្យវាធ្វើអី គឺវាមិនស្តាប់ទេ ដូចជាស្តីឱ្យខ្លាំងពេកអានោះដើរចេញ ហើយងាកដៀងភ្នែកដាក់អ្នកស្តីឱ្យទៀត។
      រួចហើយបើអាមួយធំមកក្បែរខ្ញុំគឺវាដេញគេចេញភ្លាម តែចិត្តល្អណាស់មិនចេះខាំសត្វណាផ្សេងទេ ខាំតែឆ្មា និងកណ្តុរ ។ ខ្ញុំអត់ចូលចិត្តឆ្មា និងកណ្តុរទេ។ ចឹងបានជាគេថាវាដូចខ្ញុំ។ ហើយដូចច្រើនរឿងណាស់។

  4. គឹម ចាន់ / ធ្នូ 5 2012 2:18 ល្ងាច

    បើមិនបញ្ជាក់ថា សុនខ ទេ បែប………..

    • លី កល្យាណ / ធ្នូ 5 2012 2:26 ល្ងាច

      សូមកុំច្រឡំថាកូន! ចុះក្រែងប្រាប់រួចហើយតើថានៅទំនេរទេ មិនទាន់មានកូនដែលខ្លួនឯងបង្កើតឡើយ។

    • គឹម ចាន់ / ធ្នូ 5 2012 2:35 ល្ងាច

      ហា ហា……….

  5. លោកគ្រូតូចក្បាលខូច / ធ្នូ 25 2012 3:11 ល្ងាច

    កំប្លែងណាស់បង ស្តាប់ហើយ អាណិតពូមិងវាដល់ហើយ ខំរៀបចំវាឲមានគូ នឹងគេដែរតែវាធ្វើចរិត ឆ្កែស្អាតអីណា សមមុខហើយ ឲអត់ចឹងទៅចុះ៕

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: