Skip to content
16 ខែធ្នូ 2012 / ស្នាមញញឹម

ថតរូបសត្វពិបាកអ្វីម៉្លេះ?

និយាយរឿងមិនបានការមួយរបស់ខ្ញុំចែកញាតិមិត្តកម្សាន្តភ្នែកម្តងថ្ងៃនេះ។

ជិះម៉ូតូតាមផ្លូវរាល់ដងខ្ញុំតែងប្រទះភ្នែកនឹងសត្វស្លាបជាច្រើនដែលខ្ញុំមិនដែលប្រទះភ្នែកឯទីក្រុងសោះ។ មានម្តង នោះខ្ញុំបានឃើញត្មាតប្រផេះ។ វាគ្រាន់តែឮសម្លេងម៉ូតូវាហើរទៅបាត់។ ម្តងនោះឃើញឆ្មាបាហោះរំលងពីមែក ឈើមួយទៅមែកឈើនៃដើមមួយទៀត ខ្ញុំបានត្រឹមហាមាត់ស្រែកប្រាប់ម្តាយថា ឆ្មាបា! ម្តាយខ្ញុំដែលសម្បូរណ៍ ដោយសម្ភារៈពេញខ្លួន មានមួកឃ្លុប មានវ៉ែនតាខ្មៅ មានស្រោមដៃ ស្រោមជើង កន្សែងរុំក និងម៉ាសបិទច្រមុះ មិនបាន ឃើញទេព្រោះសត្វនោះវាលឿនណាស់ គាត់ស្រែករក៖ ឯណាកូន? ឯណា? សត្វហ្នឹងគេកម្រឃើញ ណាស់!

ខ្ញុំចង់ទិញកាមេរាថតរូបមួយដែលប្រើសម្រាប់ថតសត្វ ទេសភាព។ គ្រាន់តែហាមាត់សុំលុយគាត់ភ្លាមពេលណា៖

ស្អីគេ? កាមេរាមួយជិតមួយពាន់ដុល្លា?

មានអាជិតមួយម៉ឺនដុល្លាទៀតឯណោះ! (ស្មានតែគាត់ចង់ស្រង់ទិន្នន័យថ្លៃកាមេរា)

ចុះទៅចំណាយប្រាក់ឥតប្រយោជន៍ថែមធ្វើអី បើកាមេរាផ្ទះយើងមានម្នាក់មួយៗសឹងគ្រប់គ្នាហើយនោះ?

តែអាហ្នឹងថតរូបសត្វមិនបានច្បាស់ទេ! ខ្ញុំចង់ថតរូបសត្វ និងចងក្រងឯកសារទុក សម្រាប់ពេលចាស់ទៅខ្ញុំនឹង អង្គុយមើលពួកវាដែលប្រហែលជានឹងពិបាករកមើលណាស់ទៅថ្ងៃមុខ។

យី!!! រូបម៉ែមិនថតទៅថតរូបសត្វឯណាឯណោះទៅវិញ?

អូហ៍ភ្លេច ម៉ាស៊ីនថ្លៃហ្នឹងថតរូបមនុស្សក៏ស្អាតណាស់ដែរ។ ខ្ញុំនឹងថតរូបម៉ាក់មុនគេទាំងអស់! (ខ្ញុំនឹកថា គាត់ពិត ជាចង់ថតរូបអីម៉្លេះទេ! រូបថតមានតាំងពេញផ្ទះហើយ ពេលខ្ញុំចង់ថតរូបសាលាសំណាក់ គាត់ទៅឈរថតពីមុខ ទៀតលោកអើយ!!! សំណាងហើយ បើសិនមានកូនប្រសារជាតួកុនទៀតនោះ គាត់នឹងទៅសុំដើរតួជាមួយមិន ខាន???)

ចាំបួនឆ្នាំទៀតទៅ! ចាំពេលកូនគោរបស់ឯងធំចាំលក់វាទិញទៅ ព្រោះឆ្នាំនេះម៉ាក់ធ្វើស្រែមិនសូវបានផលទេ!!!

ឡាប់បាត់ហើយ!!! បួនឆ្នាំទៀត អស់អារម្មណ៍ល្មម…

លើកនេះខ្ញុំចេញទៅព្រៃតែម្នាក់ឯងទេ ព្រោះគាត់មិនសូវស្រួលខ្លួន ហើយនៅមើលជីដូនខ្ញុំដែលចាស់ជរាឯផ្ទះ។ តាមពិតទៅខ្ញុំទៅជួយមើលម្តាយមិត្តភ័ក្តិខ្ញុំដែលគាត់ធ្វើចំការឆ្ងាយពីខេត្តនោះផង ព្រោះគាត់ក៏ធ្លាប់ជួលខ្ញុំឱ្យ ជួយតាំងពីកាលខ្ញុំអត់ការងារធ្វើម៉្លេះ។

ជិះម៉ូតូតាមផ្លូវខ្ញុំសម្លឹងរកកន្លែងដោះទុក្ខសត្វ ក៏ជាន់ផ្តាច់លេខហើយពន្លត់ម៉ាស៊ីនដើម្បីសន្សំសាំងម៉ូតូ។ ងាក ទៅឃើញសត្វខ្សឹប ឬធ្នាក់អណ្តើក (បានជាស្គាល់ព្រោះធ្លាប់ឃើញរូបកាលនៅធ្វើការបរិស្ថាន) ក៏ដាក់ម៉ូតូ ស្រួលបួល រួចដើរលបៗសំដៅរកវាដែលខ្ញុំបានឃើញកំពុងឈរលើវាលស្មៅមានព័ណ៌ស្រដៀងគ្នា។

ដំបូងដើរនឹងស្បែកជើងផ្ទាត់វាឮសូរផ្លប់ៗ ចាប់អារម្មណ៍ថាបន្លឺសូរក៏ដោះស្បែកជើងចោល ហើយដើរឱនៗទៅ រកវា។

ដោយសារអាវក្រៅរបស់ខ្ញុំព័ណ៌ស ខ្ញុំខ្លាចវាឃើញស្មានតែខ្មោចដើរលបៗទៅលងវា នាំវាភ័យហើរទៅបាត់ ខ្ញុំ ក៏ដោះអាវចោលមួយទៀត។ ដើរលបៗតាមគុម្ពោត ព្រៃតូចៗជិតដល់ហើយខ្ញុំក៏នឹកថាខ្ញុំដើរអីចឹងនៅតែឮស្នូរ ជើងខោទធាក់ខ្យល់ភឹបៗ ក៏លូនលើស្មៅម្តង។ ម្តងនេះទៅជិតដល់កន្លែងដែលខ្ញុំបានឃើញវាហើយ ខ្ញុំក៏ឈប់ សំងំរកមើល តើវាបានផ្លាស់ទីទៅត្រង់ណា? ដៃទាញទូរស័ព្ទមកកាន់ប្រុងប្រៀបរួចស្រេច ថ្ងៃត្រង់អីចេះពេញពន្លឺ ល្អណាស់សម្រាប់កាមេរាទូរស័ព្ទ ខ្ញុំងាករកមើលវាយ៉ាងផ្ចិតផ្ចង់ ព្រោះព័ណ៌វាប្រផេះអុចៗស្រដៀងនឹងវាលស្មៅ ដែលងាប់នេះ។ សំងំបណ្តើរ លូនតិចៗងាករកមើលវាបណ្តើរ នឹកបណ្តើរថា ឱភ្នែកអើយភ្នែក អត់ពាក់វ៉ែនតា ដូច មនុស្សស្ទើរខ្វាក់អីចឹង!

ដេករកមើលអស់ចិត្តអស់ចង់ហើយ តែរកវាមិនឃើញទេ បែបវាហើរទៅបាត់តាំងពីយូរហើយក៏មិនដឹង ណ្ហើយ!

ខ្ញុំក៏ក្រោកភ្លែតពីក្រាប ស្រាប់តែខ្ញុំឃើញវានៅជិតនឹងខ្ញុំប្រហែលបីម៉ែត្រ៖ ហ្អាក!!!

គ្រាន់តែឮខ្ញុំភ្លាត់មាត់បែបនេះ វាក៏ស្ទុះហើរវឹងទៅបាត់ទៅ!

នេះបានថា អាខ្វាក់ចំជាមួយអាថ្លង់ មានអីទៀត!

ខ្ញុំក្រោកឡើងបបោសខ្លួនដែលលូនប្រឡាក់ដី ទើបតែមើលដាច់ឡេវអាវអស់រលីង! ចុមតិចអាសត្វខ្សឹបហ្នឹងនៅ លួចមើលខ្ញុំទេដឹងបានជាវាមិនព្រមហើរទៅ? បែបមិនមែនវាថ្លង់ស្តាប់មិនឮខ្ញុំលូនទេ តែគឺវាហ្នឹងខូចចង់លួច មើលស្រីស្អាតទេមើល៍ទៅ!

ហ៊ឺស ហ្អា៎! ហ្អែងតែហ៊ានយកដើមយើងទៅនិយាយប្រាប់គ្នាឯង ឯងមុខជាមិនរួចខ្លួនទេ!

ចាំមើល៍តឹ! ខ្ញុំនឹងប្តឹងវាពីបទ…

(មូលហេតុទាំងឡាយគឺមកពីម្តាយខ្ញុំមិនព្រមឱ្យប្រាក់ទៅទិញកាមេរាថតរូបសត្វ)

Advertisements
  1. Bona / ធ្នូ 16 2012 4:30 ល្ងាច

    ម្ចាស់ថ្លៃអើយ ចង់ប្ដឹងវាទៀតអីបង 😛

    • លី កល្យាណ / ធ្នូ 17 2012 7:49 ព្រឹក

      ចាស សូមម្ចាស់អូនជួយកាន់ជើងផង ទោះជាយ៉ាងណាក្តីសង្ស័យនេះគឺច្បាស់ណាស់។

    • vsthea / ធ្នូ 17 2012 8:24 ព្រឹក

      ប្តឹងវាទៅម្ចាស់អូន បងក៏ចង់ដឹងដែរថា តើពេលវាឡើងតុលាការ ហើយមេធាវីសួរវា ចាំមើល​វាឆ្លើយ​ថាម៉េចខ្លះ ?

    • Bona / ធ្នូ 17 2012 4:49 ល្ងាច

      អីយ៉ា! ម្ដងនេះវាយ៉ាប់ហើយ

    • លី កល្យាណ / ធ្នូ 17 2012 5:18 ល្ងាច

      ខ្ញុំអ្នកយ៉ាប់ មិនមែនវាទេ។

    • Bona / ធ្នូ 17 2012 8:46 ល្ងាច

      ម៉េចចឹង! ចង់កាន់ជើងបងដែរ តែខ្លាចដួលទៅខ្មាសវាកាន់តែខ្លាំង

    • លី កល្យាណ / ធ្នូ 18 2012 10:10 ព្រឹក

      😦

    • Bona / ធ្នូ 18 2012 10:30 ព្រឹក

      😀 😀

    • លី កល្យាណ / ធ្នូ 17 2012 8:56 ព្រឹក

      វានឹងអត់ព្រមឆ្លើយអីសោះ ដល់ពេលហ្នឹងតុលាការនឹងកាត់ទោសវាថារឹងក្បាលមិនព្រមសារភាព។

    • Bona / ធ្នូ 17 2012 4:50 ល្ងាច

      វាប្រើសិទ្ធិមិនបញ្ចេញមតិ

    • somada / ធ្នូ 17 2012 11:09 ព្រឹក

      វាពិតជាឆ្លើយ ព្រោះវាខ្លាចញញួរ ពេលនោះ ស្រម៉ៃឃើញដល់មុខដើមចោទមិនដឹងធ្វើមុខម៉េចទេ នៅពេលដែលវានិយាយពីអ្វីដែលវាបានឃើញ សង្ស័យតែពេលនោះសូម្បី​តែតុលាការក៏គាំង​បេះដូង​ដែរមើលទៅ គិៗៗៗៗៗៗៗៗៗៗៗ

    • Bona / ធ្នូ 17 2012 4:52 ល្ងាច

      សង្ឃឹមថាវាសុខចិត្តចាញ់មិននិយាយចុះ

  2. ដាវី / ធ្នូ 17 2012 1:37 ព្រឹក

    សត្វហ្នឹងប្រហែលឈ្មោល​ហើយយ៉ាង បានជាសំងំ​លួច​មើលបង ហិសហិស 😀

    ជម្រាបសួរ​បង​ម្ចាស់ផ្ទះ លើកដំបូង​ហើយ​ដែលខ្ញុំចូលម៉ោ​លេងទីនេះ 🙂

    តាំងពី​កត្តិក​ធ្លាក់​ខ្យល់​ម៉ោ នៅផ្ទះបង​ក៏មានព្រិលធ្លាក់តាហ្មងណ៎ ហិហិ

    • លី កល្យាណ / ធ្នូ 17 2012 7:53 ព្រឹក

      ដឹងឈ្មោលដឹងញី?
      ជម្រាបសួរប្អូនដាវី សុំហៅប្អូនហើយណា៎។ ស្វាគមន៍ចំពោះដាវីលើកដំបូងនៃការ ចូលមកលេង ខ្ញុំនឹងទៅឡើងដូងសិន។
      រឿងព្រិលនេះសូមកុំនិយាយអីខ្មាសគេណាស់ ព្រោះផ្ទះមែនទែនឯណេះមិន ត្រជាក់ធ្លាក់ព្រិលសោះ ក្តៅបន្តិចៗផងដែរ។

    • vsthea / ធ្នូ 17 2012 8:25 ព្រឹក

      ផ្ទះគេអ្នកមានអញ្ចឹងហើយ គេជួលឱ្យព្រិលមកធ្លាក់កាលណាក៏បានដែរ តែមានលុយច្រើនអញ្ចឹងហើយ ម៉េចបានជាមិន​ទៅទិញកាម៉ារាខ្លួនឯង ទៅសុំលុយម៉ែធ្វើអី ?

    • លី កល្យាណ / ធ្នូ 17 2012 8:58 ព្រឹក

      អ្នកមានអីទេ ក្តៅបើកតែកង្ហាល់ម៉ាង៉ៃវាល់ល្ងាច មិនដឹងជានរណាគេទៅដាក់ព្រិល ដាក់ទឹកកកហ្នឹង។

      អត់មានប្រាក់ទេរាល់ថ្ងៃនេះ បើកមកសងតែថ្លៃបង់លុយ រៀនរបស់ប្អូនៗអស់ គ្មានសល់ម៉ាកាក់ណាទេបង។ ដូច្នេះត្រូវតែរកម្ចាសជំនួយបានទប់រួច។ ង៉ាសៗៗៗ

    • ដាវី / ធ្នូ 18 2012 10:29 ល្ងាច

      អរគុណបងសម្រាប់ការស្វាគមន៍​ ហើយ​ដូង​បង​ឡើងនោះ​នៅណា? ខ្ញុំ​មករកទឹកដូង បើបាន​ដាក់​ស្ករស​ថែម​តិចទៀត​ ក្លាសេឱ្យត្រជាក់…​អូហូ អេមហ្មង (បានត្រឹម​ស្រមើស្រមៃ ហិសហិស)។

      នៅទីនោះ​ក្ដៅមែនបង ពេលគេងទាល់តែ​ដាក់កង្ហារ តែ​នៅ​ឯស្រែ​ទាល់តែ​ពាក់​អាវ​ក្រាស់ ដណ្ដប់ភួយ ហើយ​ជួនកាល​ថែម​ស្រោមជើង​ទៀត​បាន​ទប់ទល់​រួច។

    • លី កល្យាណ / ធ្នូ 19 2012 8:07 ព្រឹក

      ឡើងដូងមិនទាន់បានពាក់កណ្តាលផងដល់ម៉ោងបាយ ម៉ែក៏ហៅចុះមកវិញទៅ! ចាំស្អែកចាំឡើងទៀត។

    • ដាវី / ធ្នូ 25 2012 1:37 ព្រឹក

      បងមិនបាច់ឡើងទៀតទេចឹងនោះ ក្រែងម៉េចម៉ាអ៊ំ​បន្ទោស​បង ចាំ​ទិញពី​ផ្សា​រមកឱ្យខ្ញុំក៏​បានដែរ 😀

    • លី កល្យាណ / ធ្នូ 26 2012 4:56 ល្ងាច

      😦 ទៅចឹងទៅ! ថាមិនហ៊ានជួលគេឡើងកុំឱ្យបែកលុយ សុខចិត្តឡើងខ្លួនឯងហ្នឹងហើយ។

    • ដាវី / ធ្នូ 26 2012 9:29 ល្ងាច

      សុវត្ថិភាព​ជាចម្បងណា៎បង :mrgreen:

  3. somada / ធ្នូ 17 2012 11:12 ព្រឹក

    ផ្ទះខ្លួនឯងសោះ ម៉េចឆ្លើយ​ថាមិនដឹង ចំមែនតែហ្មងម្ចាស់អូន ។

    យើស រកគេមកជួយទុក ឬ មួយទៅជួយចាយគេ ។

    • លី កល្យាណ / ធ្នូ 19 2012 8:10 ព្រឹក

      ខ្ញុំអត់ដឹងពីណាដាក់ឱ្យទេ វាចេញខ្លួនឯងទេព្រិលហ្នឹងនោះ។
      ខ្ញុំឥឡូវនេះដាច់យ៉ៃណាស់បងអើយ មិនឱ្យរកជំនួយមកឧបត្ថម្ភម្តេចបាន?

  4. តា ម៉ាប់ / ធ្នូ 17 2012 2:02 ល្ងាច

    សូមជម្រាបថា ដើម្បីថតសត្វស្លាប ឬសត្វព្រៃ យើងមិនអាចចូលទៅជិតវាបានទេ នាំឲ្យវាផ្អើល ដូច្នេះត្រូវប្រើ ឡេនស៍ ដែលចាប់បានរយៈចម្ងាយវែងវិញ ។ ខ្ញុំនឹងណែនាំឲ្យចូលក្រុមថត​រូប​សត្វ​ស្លាប​នៅ​កម្ពុជា ។

    • លី កល្យាណ / ធ្នូ 17 2012 2:08 ល្ងាច

      តាម៉ាប់ៗ ខ្ញុំឥតចង់ចូលក្រុមជាមួយគេទេ ព្រោះខ្ជិលទៅប្រជុំទៅអីណាស់ ចង់តែនៅ ស្ងៀមៗម្នាក់ឯង នឹកឃើញក៏ធ្វើ មិននឹកឃើញក៏ដេក។ មិនដឹងកើតជម្ងឺអីទេ!

    • តា ម៉ាប់ / ធ្នូ 17 2012 2:14 ល្ងាច

      មិនមែនឲ្យចូលទេ គ្រាន់ឲ្យលួចរៀនពីគេ

    • លី កល្យាណ / ធ្នូ 17 2012 2:20 ល្ងាច

      យ៉ា ចង់នាំគ្នាឯងក្លាយជាពិរុទ្ធជនហើយតើនេះ! ថាលេងទេណា៎! ខ្ញុំអរគុណណាស់ដែលបាននឹក ដល់ខ្ញុំ។តែខ្ញុំជំពាក់តាម៉ាប់ឯងរឿងទៅរកព័ត៌មាន ពីការឡើងភ្នំ។ ចិត្តខ្ញុំនោះចង់ឱ្យតាម៉ាប់និងគ្នីគ្នា ទៅឡើងតំបន់សត្វព្រៃវិញ តែខ្ញុំនៅតែរកព័ត៌មាន តាមលីងតាម៉ាប់ឱ្យដូចបានសន្យា។

    • តា ម៉ាប់ / ធ្នូ 17 2012 2:22 ល្ងាច

      ខ្ញុំនឹងឡើងនៅពេលក្រោយទៀតតំបន់សត្វព្រៃ ។ និយាយអញ្ចឹងបងកល្យាណទៅ ឱរ៉ាល់ មានចាញ់ទេ ?

    • លី កល្យាណ / ធ្នូ 17 2012 2:58 ល្ងាច

      អត់ចាញ់ទេ ព្រោះខ្ញុំបានទិញថ្នាំការពារ ម៉ូស្គ្វីតូ រីផែលិន មុងជ្រលក់ថ្នាំ និងមានលេបថ្នាំការពារគ្រុនចាញ់រួចជាស្រេច។
      តែកុំភ្លេចមកវិញប៉ូវជើងវិញផង 😀

    • តា ម៉ាប់ / ធ្នូ 17 2012 3:15 ល្ងាច

      ជើងខ្ញុំប្រហែលជាទ្រាំទ្របាន 😀 បងកល្យាណចាំខ្ញុំជិតទៅ ខ្ញុំពឹងឲ្យបងជួយរកទិញថ្នាំទាំងនោះឲ្យខ្ញុំផង ។

    • លី កល្យាណ / ធ្នូ 17 2012 3:16 ល្ងាច

      ចាសបាន សូមប្រាប់ថ្ងៃផង។

    • តា ម៉ាប់ / ធ្នូ 17 2012 3:22 ល្ងាច

      នឹងប្រាប់មុន២សប្តាហ៍ 😀

    • លី កល្យាណ / ធ្នូ 17 2012 5:26 ល្ងាច

      តាម៉ាប់ ពូស្រុកស្រែផ្តាំ!

  5. ស្រុកស្រែ / ធ្នូ 17 2012 5:23 ល្ងាច

    អានរួច​កំសត់​ណាស់… 😀

    ប្រាប់តាម៉ាប់ផងទៅ… ទៅឳរ៉ាល់​មិន​សូវ​ចាញ់​ទេ… តែ​បើ​ចង់​ស្គាល់រស់​ជាតិ​ចាញ់ ​អញ្ជើញ​គាត់​ទៅ​ខាង​វាលវែង​ ឡើយ​ទៅ​កោះកុង​វិញ​ទៅ ធានា​ម៉ង… 😀

    • តា ម៉ាប់ / ធ្នូ 18 2012 11:06 ព្រឹក

      ឥតចង់ចាញ់ទេ

    • ស្រុកស្រែ / ធ្នូ 18 2012 12:00 ល្ងាច

      ស្មានតែចង់សាក​​ចាញ់ទឹកចាញ់ដី…​ 😀

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: