Skip to content
7 ខែមករា 2013 / ស្នាមញញឹម

វិប្បដិសារៈនៃបុរសមេគ្រួសារម្នាក់

មិនមែនជារឿង ហេភីអេនឌីង ហើយក៏មិនមែនលួចលាក់សរសេរឡើងដែរ តែជារឿងដែលបុរសម្នាក់ចង់ចែក រំលែកជាមួយមនុស្សលើលោកនេះ។ ដោយការចង់រក្សាសិទ្ធិ ខ្ញុំសុំមិនបង្ហាញឈ្មោះពិតរបស់គាត់ទេ។

ឆ្នាំ ១៩៩០ ខ្ញុំបានរៀបការជាមួយនារីម្នាក់ ជាកូនចិញ្ចឹមរបស់អ្នកលក់គុយទាវនៅស្រុកជាមួយគ្នា គាត់មានទ្រព្យ របស់សម្រាប់ចែកកេរ្តឱ្យពួកខ្ញុំរកស៊ីមុនពេលគាត់ស្លាប់ដោយសារជម្ងឺអេដស៍នាឆ្នាំ ១៩៩៤។ សារ៉ាន់ និងបង ប្រុសដែលត្រូវជាកូនចិញ្ចឹមរបស់ពុកហានត្រូវបានគាត់រៀបចំទុកដាក់ឱ្យមានគ្រួសារ និងបានបែងចែកទ្រព្យខ្លះ សម្រាប់បន្តរបររកស៊ី នៅពេលដែលគាត់ដឹងខ្លួនថាមិនស្រួល។ ពិតមែនតែអ្នកទាំងពីរមិនមែនជាកូនបង្កើតរបស់ គាត់ និងមិនមែនជាបងប្អូនបង្កើតនឹងគ្នាដែលត្រូវពុកហានរើសបានពេលដាច់របបប៉ុលពត ហើយត្រឡប់មក ស្រុកកំណើតវិញ។ គាត់ក៏គ្មានប្រពន្ធកូន តែគាត់បានតស៊ូចិញ្ចឹមអ្នកទាំងពីររហូតដល់ធំ ទើបគាត់រៀបសែនព្រេន ជាមួយមីងម្នាក់ជាអ្នកលាងចានគុយទាវរបស់គាត់ ក្រោមការឯកភាពពីកូនចិញ្ចឹមទាំងពីរ និងអ្នកជិតខាងរបស់ គាត់ផងដែរ។

ពេលឪពុកចិញ្ចឹមឈឺ ជាមួយប្រពន្ធរបស់គាត់ ខ្ញុំ និងសារ៉ាន់ បានតស៊ូរកប្រាក់មកមើលគាត់ទាល់តែអស់ពីខ្លួន រលីងតែខ្ញុំមិនដែលខ្វល់ឡើយ ព្រោះមុខរបរដឹកជ្រូកមកលក់នៅភ្នំពេញជារបរមួយកាក់កបគ្រាន់បើល្មមតែឱ្យ ប្រពន្ធកូន និងឪពុកក្មេក និងគ្រួសារខ្ញុំអាចរស់នៅបានស្រួលដោយមិនបាច់លំបាកចិត្ត។

លើកមួយនោះ ខ្ញុំបានខ្ចីប្រាក់គេដើម្បីដឹកជ្រូកមកលក់នៅភ្នំពេញ ដែលសរុបជាប្រាក់មានចំនួនសាមសិបតម្លឹង មាសដែលប្រពន្ធខ្ញុំបានខ្ចីគេខ្លះ និងលក់ខ្សែក ខ្សែដៃកេរ្តឪពុកនាង ប្រមូលប្រាក់ឱ្យខ្ញុំរកស៊ី ដោយសារតែជើងមុន ខ្ញុំចំណេញបានប្រាក់គ្រាន់បើដែរ។

ចៃដន់អាក្រក់អ្វីក្នុងពេលដែលខ្ញុំកំពុងតែកាក់កបជាមួយរបររកស៊ីដែលអាចទ្រទ្រង់ជីវភាព គ្រួសារខ្ញុំ គ្រួសារ ម្តាយខ្ញុំនិងគ្រួសារឪពុកក្មេកខ្ញុំ ស្រាប់តែពេលព្រឹកដែលត្រូវត្រឡប់ទៅស្រុកកំណើតវិញក្រោយទូទាត់ប្រាក់ ជាមួយថៅកែជ្រូកហើយ ខ្ញុំត្រូវគេប្លន់ពេលជិះម៉ូតូឌុបមកឡើងឡាន ដោយចោរបានដណ្តើមប្រាក់ទៅស្ទើរតែ ទាំងអស់ឯខ្លួនខ្ញុំត្រូវរបួសសុសខ្លួនដោយវាយគ្នាជាមួយវា មុនពេលវាបាញ់ខ្ញុំបាក់ជើង។ ខ្ញុំត្រូវបានអ្នកចិត្តធម៌ ជួយសង្រ្គោះដឹកតាមស៊ីក្លូទៅដាក់ពេទ្យព្រះកេតុមាលា។ ខ្ញុំបានពឹងគ្រូពេទ្យឱ្យជួយផ្ញើសំបុត្រទៅប្រពន្ធតាម ឡានដឹកជ្រូក។

ប្រពន្ធខ្ញុំត្រហេបត្រហបមកភ្នំពេញដោយនាំទាំងកូនទាំងពីរមកផង។ ឪពុកក្មេកនិងប្រពន្ធគាត់នៅឯផ្ទះគ្រូខ្មែរ កំពុងមើលជម្ងឺ។

យើងកំពុងតែគេចខ្លួនមករស់នៅក្រុងភ្នំពេញ គេចពីម្ចាស់បំណុលព្រោះតែយើងមិនអាចរកវិធីសងបំណុលគេ បាន។ខ្ញុំបានព្យាយាមរកគ្រប់របរ រាប់តាំងពីធាក់ស៊ីក្លូ លីសែងទំនិញ ប្រពន្ធខ្ញុំដើរទៅម៉ៅទូកប្រមូលទិញត្រី និង អង្គុយលក់ត្រីនៅក្នុងផ្សារ។ ពួកយើងព្យាយាមគេចបំណុលគេ ដើម្បីសាងជីវភាព និងបានធូរស្រាលគ្រាន់បើ ក្រោយនោះរវាងពីរឆ្នាំ។ យើងបានលួចផ្ញើប្រាក់ដោយលួចលាក់ទៅដោះបំណុលខ្លះដែលនៅសល់ក្រោយពេល គេរឹបអូសហាងគុយទាវ និងដីផ្ទះរបស់ឪពុកក្មេក ដែលគាត់បានស្លាប់ព្រោះតែការពិបាកចិត្តពីដំណឹងអាក្រក់ របស់កូនៗ។ ខ្ញុំទាំងពីរមិនបានធ្វើបុណ្យខ្មោចអ្នកមានគុណរបស់ប្រពន្ធទេ បានត្រឹមតែដឹងតាមអ្នកជិតខាងដ៏ ស្និទ្ធស្នាលបំផុតម្នាក់ប៉ុណ្ណោះ។

មកដល់ពេលនេះ ខ្ញុំគិតថាពួកយើងបានសងបំណុលគេជាភាគច្រើនហើយ តែមិនទាន់ដាច់ទាំងស្រុងទេ ព្រោះ ការដែលគេរឹបអូសផ្ទះនិងអីវ៉ាន់របស់ឪពុកក្មេក យើងមិនបានតទល់នឹងម្ចាស់បំណុលនាំឱ្យគេវាយតម្លៃរបស់ របរនិងទ្រព្យសម្បត្តិទាំងឡាយស្រេចនឹងចិត្ត ហើយគេគ្រាន់តែផ្តាំប្រាប់យើងថា យើងនៅជំពាក់គេប៉ុន្មានទៀត ប៉ុណ្ណោះ។ ខ្ញុំស្តាយដែលយើងគិតខុសមួយជំហាន ដោយសារតែមិនចង់ជាប់បំណុលគេ យើងបានប្រឹងប្រែង គ្រប់បែបយ៉ាងដើម្បីក្បិតក្បៀតប្រាក់ផ្ញើទៅម្ចាស់គេទោះដឹងថាគេបានបំបាត់យើងលើការកាត់កងទ្រព្យជាច្រើន ក៏ដោយ។ ទ្រាំអស់ពេលជាងដប់ឆ្នាំទើបខ្ញុំអាចកាត់បំណុលគេបាន រួចស្រេចបាច់ដោយបានចំណាយទ្រព្យ របស់ឪពុកក្មេកទាំងស្រុង តែខ្ញុំមិនចង់ត្រឡប់ទៅវិញទេ។ នាចុងក្រោយនេះ ម្ចាស់បំណុលបានស្លាប់ទៅហើយ អ្វីៗនៅតែជាស្រមោលអាក្រក់ដែលចោរបានទុកជាកេរ្តសម្រាប់គ្រួសារយើង។

ខ្ញុំធ្វើការជាច្រើនមុខដើម្បីឱ្យកូនប្រុសស្រីទាំងពីរបានរៀនសូត្រចេះដឹងមានអនាគតប្រសើរជាងពួកយើង។

កូនស្រីខ្ញុំរៀនពូកែណាស់ បានប្រឡងជាប់ជាសិស្សមេធាវីនៅក្នុងសាលាច្បាប់។ ចំណែកកូនប្រុស រៀនមិន សូវពូកែទេ តែក៏មិនបានក្លាយជាក្មេងពាលដូចក្មេងខូចដទៃឡើយ វាបានរៀនសូត្រដល់ត្រឹមកម្រិតមធ្យមសិក្សា ក៏ឈប់ទៅ រកការងារធ្វើឯរោងចក្រកាត់ដេរ។ ពួកគេអាចចិញ្ចឹមជីវិតបានដោយខ្លួនឯងហើយ។ នៅតែខ្ញុំពីរនាក់ ដែលត្រូវប្រឹងប្រែងរស់បន្តជាម្លប់ដល់កូនទៀត។

ខ្ញុំសង្ឃឹមថាកូនៗនឹងមានអនាគតល្អ មានគ្រួសារត្រឹមត្រូវ និងគិតពីខ្ញុំទាំងពីរនាក់ពេលដែលចាស់ទៅមិនអាច ធ្វើអ្វីកើត។

//

Advertisements
  1. ក្តីស្រលាញ់ / មករា 9 2013 1:25 ល្ងាច

    សូមសរសើរការតស៊ូរបស់គាត់ សំរាប់គ្រួសារ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: