Skip to content
20 ខែមករា 2013 / ស្នាមញញឹម

សន្យា (ភាគ២)

មុននឹងលាគាត់ចេញមក មេបានញាត់ប្រាក់មួយរមូក្នុងហោប៉ៅខោឱ្យ ព្រោះឮថាកូនខ្ញុំឈឺ។ ជាអ្នកធ្វើការតូចតាច ខ្ញុំមិនសូវ​មានប្រាក់ច្រើនសម្រាប់ទ្រទ្រង់ជីវភាពឡើយ ការរស់នៅប្រចាំថ្ងៃគឺរំពឹងលើប្រាក់ចំណូលរបស់ប្រពន្ធខ្ញុំ ទាំងស្រុង ដែលនាងមានលទ្ធភាពគ្រប់គ្រាន់សម្រាប់ខ្ញុំ ខ្លួននាង និងកូនស្រីតូចជាកូនសុំគេមកចិញ្ចឹមរបស់យើង

នាងជាអ្នកចេញម៉ូតសម្លៀកបំពាក់ ឬហៅតាមភាសាអង់គ្លេសថា Clothes Designer នាងមានបងប្អូនសាច់ឆ្ងាយ ជាជនជាតិចិនដែលមករកស៊ីធ្វើរោងចក្រកាត់ដេរនៅស្រុកខ្មែរ ហើយនាងជាអ្នកចេញម៉ូតម្នាក់សម្រាប់ការដេញ ថ្លៃនៅហុងកុងជាមួយឈ្មួញជាច្រើនដែលនាងរកស៊ីជាមួយ។​ ខ្ញុំមិនចង់ដឹងពីរឿងរ៉ាវការងាររបស់នាងច្រើនទេ ដោយសារតែខ្ញុំមិនដែលខ្វល់ពីការងារ និងរបៀបរកប្រាក់ទាំងនោះឡើយ ណាមួយមិនដឹងរឿងរ៉ាវដែលគេជជែក គ្នាផងព្រោះតែភាគច្រើនគេប្រើភាសាអង់គ្លេស និងចិន ឯខ្ញុំស្តាប់បានតែអង់គ្លេសលក់ចេកចៀន ឯចិនវិញស្តាប់ បានទាំងអស់ តែរកយល់ន័យអ្វីមិនកើតទេ។

វាមិនមែនជារឿងចម្លែកឡើយដែលខ្ញុំមិនយកចិត្តទុកដាក់ក្នុងការងាររបស់នាង ព្រោះខ្ញុំមិនបានស្រឡាញ់នាងទេ

មុនពេលខ្ញុំស្គាល់នាង ខ្ញុំត្រូវសង្សារចាស់ទាត់ចោល ក៏ដើរលេងតែលតោលគ្មានគោលដៅ និងបានជួបនាងនៅ ហាងលក់អាហារ។ ក្រោយពេលស្គាល់គ្នាប្រហែលពីរបីខែ យើងក៏រាប់គ្នាជាមិត្ត…

នាងជាកូនស្រីពៅ និងជាកូនស្រីទោលក្នុងគ្រួសារនាយទាហានមានបណ្តាស័ក្តិគ្រាន់បើ និងជាអ្នកជំនួញផងដែរ ម្តាយនាងជាកូនចៅចិន បងប្រុសទាំងបួនរបស់នាងមានគ្រួសារនឹងបានបែកផ្ទះបែករបររកស៊ីក្រោមការផ្ចុងផ្តើម ពីឳពុកម្តាយ។ ទោះនាងមិនមែនជាម្ចាស់សណ្ឋាគារ ម្ចាស់ក្រុមហ៊ុននាំទំនិញចូល ក៏នាងមានប្រាក់សល់មិនតិច ជាងបងប្រុសទាំងឡាយរបស់នាងដោយសារចំណេះវិជ្ជាក្នុងការច្នៃម៉ូតសម្លៀកបំពាក់ ដែលបានជួយដល់ការ រកស៊ីរបស់បងប្អូនជីដូនមួយបានមួយផ្នែកថែមទៀត។

មានម្តងនោះខ្ញុំផឹកស្រាជ្រុល ខ្ញុំក៏ត្រូវនាងនាំទៅសណ្ឋាគារ… យើងចាប់ផ្តើមស្និទ្ធស្នាលជាងមុន ប៉ុន្តែគេចវេះ មិនឱ្យអ្នកផ្ទះទាំងសងខាង និងញាតិមិត្តដឹងឡើយ លើកលែងតែរចនាម្នាក់ប៉ុណ្ណោះដែលដឹងរឿងយើង ព្រោះ រចនាជាមិត្តដ៏ជិតដិតបំផុតរបស់នាង។

រឿងនិទានបន្តទៅទៀតនេះគឺ នាងសម្រេចចិត្តនាំខ្ញុំទៅជម្រាបសួរចាស់ទុំរបស់នាងក្នុងពេលដែលខ្ញុំអត់ការងារ ធ្វើដើរដាក់ពាក្យសុំការងារគេប្រហែលជាងមួយឆ្នាំមកហើយ។ ប្រហែលជាចាស់ទុំចាប់ផ្តើមឆ្ងល់ពីពួកយើងចេះ តែដើរបាត់ៗពីផ្ទះស្ទើររាល់ថ្ងៃ…

តែដើម្បីយកចិត្តចាស់ទុំរបស់នាង ខ្ញុំបានចំណាយប្រាក់មួយចំនួនដើម្បីទិញទុរេនជារបស់កំដរដៃទៅជូនគាត់។ នរណាក៏នឹកស្មានមិនដល់ថាខ្ញុំធាក់កង់កញ្ចាស់មួយជាមួយសម្លៀកបំពាក់ជាប់ខ្លួនហើរព័ណ៌ឡើងស្លែត ឌុប កន្រ្តកទុរេនពីរផ្លែ ទៅឈប់នៅមុខវីឡាដ៏ស្កឹមស្កៃដើរមួយព្រឹកមិនទាន់ជុំរបស់គ្រួសារនាងតាមពេលម៉ោងដែល បានសន្មត់គ្នា។ ខ្ញុំមុខជាមានរូបរាងដូចក្រុមភេវរកររបស់ អូសាម៉ា ប៊ីនឡាឌីន ហើយបានជាអ្នកយាមទ្វារមិន ព្រមបើកឱ្យឡើយ។ ខ្ញុំក៏នៅឈររេរាមុខផ្ទះគេ រហូតទាល់តែនាងបាន ឃើញក្នុងកាមេរាសន្តិសុខទើបនាងប្រាប់ អ្នកយាមឱ្យបើកទ្វារឱ្យខ្ញុំចូល។ ប្រហែលជាដោយសារខ្លាចខ្ញុំមានផ្ទុក គ្រាប់តេអិនតេក្នុងកន្រ្តកធាងត្នោត បាន ជាអ្នកយាមម្នាក់ក្នុងចំណោមបួននាក់នោះជាអ្នកនាំមុខខ្ញុំចូលទៅក្នុង។

រឿងបន្ទាប់គឺ ក្រោយទៅបាយផ្ទះនាងមួយពេលមក ខ្ញុំត្រូវបានគម្រាមតាមទូរស័ព្ទ និងផ្ទាល់មុខដោយម្តាយនាង និងបងប្រុសរបស់នាង។ យើងក៏បែកគ្នាមួយរយៈ ព្រោះតែខ្ញុំព្យាយាមគេចពីនាងរហូតមក វាជារឿងលំបាក ណាស់សម្រាប់អ្នកក្រដែលត្រូវអ្នកមានតាមធ្វើបាប ព្រោះថាទោះជាខ្ញុំដូរទូរស័ព្ទប៉ុន្មានលេខក៏នាងនៅតែតាម រកលេខខ្ញុំឃើញដែរ ព្រោះតែកន្លែងដាក់ពាក្យធ្វើការថ្មីបំផុតរបស់ខ្ញុំ គឺជាក្រុមហ៊ុនរបស់បងប្រុសនាង។

មិនដឹងថានោះជាផលកម្មនាង ឬព្រេងសំណាងខ្ញុំទេ យើងក៏បែរមកត្រូវគ្នាម្តងទៀត តែលើកនេះអ្នកផ្ទះរបស់ នាងមិនដឹងឡើយ។ នាង និងខ្ញុំបានសម្រេចគ្នាថាយើងនឹងទៅជួលផ្ទះគេនៅឯសៀមរាប នៅឱ្យដាច់ឆ្ងាយពី គ្រួសារពួកយើង។ បន្ទាប់មកខ្ញុំក៏បានការងារធ្វើជាមួយអង្គការក្រៅរដ្ឋាភិបាល។

ពេលម្តាយនាងឈឺ ខ្ញុំនិងនាងក៏ត្រូវគាត់ចាប់ឱ្យសែនជាមួយគ្នានៅចំពោះមុខពួកគាត់ តែគ្មានឪពុកម្តាយខ្ញុំទេ ខ្ញុំមិនដែលបានប្រាប់គាត់ថាខ្ញុំមានសង្សារទេ គាត់ដឹងតែថាសង្សារចាស់របស់ខ្ញុំគេចាកចេញទៅ ហើយគេក៏ ជិតរៀបការផងដែរ គាត់ក៏ដឹងថាខ្ញុំស្រឡាញ់សង្សារចាស់ម្នាក់នេះយ៉ាងណា ពួកគាត់គិតថាខ្ញុំជាមនុស្សស្មោះ ត្រង់ណាស់។ និយាយដោយស្មោះទៅចុះ ខ្ញុំគ្មានគំនិតចង់រស់នៅ ចង់រៀបការជាមួយនាងទេ មិនដែលសោះ ខ្ញុំមិនដែលគិតឬស្រមៃនឹក ដូច្នេះរឿងអីត្រូវប្រាប់ពួកគាត់ឱ្យអំពល់ខ្វល់ចិត្ត កាលបើមនុស្សស្រីម្នាក់នេះមិន មែនជាមនុស្សដែលខ្ញុំសម្រេចចិត្តរស់នៅជាមួយអស់មួយជីវិតផងនោះ។ ខ្ញុំមិនដែលនិយាយមួយពាក្យណា ថាខ្ញុំស្រឡាញ់នាងឡើយ ជាងនេះទៅទៀត ខ្ញុំក៏មិនចង់ប្រឈមមុខនឹងក្រុមគ្រួសារនាងដែលតែងតែសម្លឹង ខ្ញុំពីលើដល់ក្រោម ម្តងហើយម្តងទៀត ។ វាជារឿងលំបាកណាស់ដែលយើងមិនមានទ្រព្យអ្វីស្មើនឹងគេ ហើយ​ ចូលចិត្តទៅនៅក្បែរបងប្អូនកូនចៅជាទីស្រឡាញ់របស់គេ។ នាងជាកូន ជាប្អូនដ៏គួរឱ្យស្រឡាញ់ក្នុងគ្រួសារ នាងសូម្បីតែក្មួយៗរបស់នាង ក៏គោរពស្រឡាញ់នាងដែរ ព្រោះបើនាងប្រាប់ឱ្យពួកគេជម្រាបសួរ គួរសម ដើរ ឱននៅចំពោះមុខខ្ញុំ ពួកគេធ្វើតាមនាងទាំងអស់…

នាងតែងតែតាមដានខ្ញុំគ្រប់ជំហាន រហូតដល់ថ្នាក់ខ្ញុំមិនអាចទ្រាំទ្រនឹងកាយវិការហួងហែងហួសហេតុរបស់ នាងដែលតម្រូវឱ្យខ្ញុំត្រូវរាយការគ្រប់រឿងខ្ញុំក៏រត់ចោលនាងទៅនៅភ្នំពេញវិញ។ ខ្ញុំមិនទទួលទូរស័ព្ទរបស់នាង ឡើយ។ អ្នកខ្លះសរសើរខ្ញុំថា ខ្ញុំមានសំណាងណាស់ដែលមានមនុស្សស្មោះត្រង់ម្នាក់តាមថែរក្សា តាមឃែរ គ្រប់រឿងបែបនេះ។ ខ្ញុំចង់តែសើចឱ្យជ្រុះធ្មេញទេ ឯណាទៅសេរីភាព និងសិទ្ធិមនុស្ស កាលបើមនុស្សម្នាក់ ត្រូវបានគេដឹងគ្រប់រឿងគ្រប់រ៉ាវបែបនេះ ប្រៀបដូចមានមនុស្សម្នាក់ទៀតដើរតាមគ្រប់ជំហានចឹងនោះ?
ម្តាយរបស់នាង ក៏មកនិយាយជាមួយខ្ញុំ ឱ្យគិតសារឡើងវិញ។ មានរឿងអីត្រូវគិត? យើងជាមនុស្សពីរនាក់ នៅដាច់ពីគ្នា គ្មានអ្វីជាចំណងឡើយ ចាំបាច់ត្រូវពិចារណាអីវែងឆ្ងាយម៉្លេះ? សំខាន់នាងទទួលស្គាល់ថាខ្ញុំ ជាមនុស្សត្រូវការសេរីភាព ដូចដែលខ្ញុំមិនដែលត្រូវការដឹងឮរឿងប្រាក់កាស រឿងការងាររបស់នាងដូចគ្នា។ ម្តងជាពីរ ម្តាយនាងមកនិយាយនឹងខ្ញុំឱ្យគិតសារឡើងវិញ ដែលនោះគ្រាន់តែជាពាក្យប៉ុន្មានម៉ាត់ជំនួសពាក្យ ថាសុំអង្វររបស់គាត់ប៉ុណ្ណោះ។ នៅចុងបញ្ចប់ គាត់ប្រាប់ពីគំនិតគាត់គឺគ្រាន់តែចង់បានខ្ញុំនៅក្បែរនាងកំដរ មនុស្សឈឺម្នាក់ដែលត្រូវការឱ្យគេបំពេញចិត្តគ្រប់បែបយ៉ាងព្រោះទម្លាប់តាំងពីតូចមកគឺត្រូវតែបែបនេះ។ គាត់មិនបាននិយាយអ្វីវែងឆ្ងាយឡើយ មុនពេលដែលខ្ញុំឆ្លើយថា អូខេ ចំពោះសំណើនេះ។

_________________________

អត្ថបទដែលទាក់ទង៖

Advertisements
  1. ម៉ាក់ស្រីតូចបីនាក់ / មករា 20 2013 8:51 ល្ងាច

    ភាគមួយនៅណា?

    • លី កល្យាណ / មករា 20 2013 9:08 ល្ងាច

      ភាគមួយ គឺប្រកាស «សន្យា» 😀

  2. vsthea / មករា 21 2013 10:00 ព្រឹក

    តាមសាច់រឿង​ដែលបង្ហាញខាងលើ ដូចជាមានអារម្មណ៍ថាធ្លាប់អានម្តងហើយ ដោយ​ចុងក្រោយ​តួអង្គស្រី​នោះស្លាប់​នៅឯស្រុកចិន ។ ដោយស្លាប់ទាំងកូននៅក្នង​ពោះ ហើយ​ក៏មិនឱ្យ​ឪពុកក្មេងនោះដឹងដែរ មែនអត់?

    • លី កល្យាណ / មករា 21 2013 10:05 ព្រឹក

      រឿងផ្សេងគ្នាទេ តែលំនាំតែមួយព្រោះមានរឿងកើតឡើង ប្រហែលៗគ្នាហ្នឹងណាបង។

  3. achharia / មករា 22 2013 12:14 ព្រឹក

    សរសេរបានល្អន្តើ !
    សាច់រឿងបន្ត តួប្រុសគួរតែបានទទួលទណ្ឌកម្មខ្លះបានសម ។

    គិតៗទៅ ម្នាក់ៗសុទ្ធតែមានរឿងរ៉ាវរៀងៗខ្លួន
    ហើយអោយតែមើលរឿង គឺឃើញរឿង…សុទ្ធតែរឿង ។
    ដំណើររឿងតៗគ្នាបន្តបន្ទាប់ក៏បានជាំឆាកមួួយយ៉ាងវែង
    គឺជាឆាកជីវិត ។​ សែឡាវី !

    • លី កល្យាណ / មករា 22 2013 8:21 ល្ងាច

      ពូអច្ឆរិយា ចាក់បារាំងម៉ាឃ្លា ធ្វើឱ្យខ្ញុំស្លឺហើយ ព្រោះអត់ចេះទេពូ។
      ចាំមើលខ្ញុំដាក់ទោសគាត់ឱ្យដូចមាត់ពូថា។
      សូមពូជួយឱ្យយោបល់ថាគួរដាក់ទោសយ៉ាងណាបានសម???

Trackbacks

  1. សន្យា (ភាគ៣) « ស្នាមញញឹម
  2. សន្យា (ភាគ៤) « ស្នាមញញឹម
  3. សន្យា (ភាគ៥) « ស្នាមញញឹម
  4. សន្យា « ស្នាមញញឹម
  5. សន្យា (ភាគ៦) « ស្នាមញញឹម

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: