Skip to content
26 ខែមករា 2013 / ស្នាមញញឹម

អំណាច ស្នេហា និងសេចក្តីគោរព

ក្រោយពេលបានអានបណ្តាអត្ថបទទាំងឡាយដែលពូ ស្រុកស្រែ បានផ្សាយក្នុងប្លក់របស់គាត់ទាក់ទងនឹង សម្តេចព្រះនរោត្តម សីហនុ ៖ អ្នកទោសខ្មែរក្រហម ទាំងប្រាំពីរអត្ថបទមក ខ្ញុំបានឆ្លៀតពេលពីការងារ ទៅរក បណ្ណាគារដើម្បីទិញសៀវភៅ នោះមកអាន។

ខ្ញុំហាក់បីដូចជាដាច់ឆ្ងាយពីការតាមដានព័ត៌មាននានាដែលទាក់ទងនឹងស្រុកទេស ការវិវត្តន៍ទាំងឡាយនៅ ក្បែរឬជុំវិញខ្លួន ព្រោះដោយមូលហេតុជាច្រើនយ៉ាង។ កាលនៅជាយុវជន ខ្ញុំមានកម្លាំងមហិមា មានទឹកចិត្ត ដ៏មុតស្រួចក្នុងសេចក្តីស្នេហាមាតុភូមិ តែងសង្វាតអានសៀវភៅដែលមានទាក់ទងនឹងប្រទេសជាតិ…ដើម្បី រកឱ្យឃើញថានរណាជាមិត្ត នរណាជាសត្រូវដ៏ពិតប្រាកដ… តែខ្ញុំបែរជាមិនសូវសម្បូណ៌ប្រាក់សម្រាប់បង្រ្គប់ តម្រូវការអានសៀវភៅរបស់ខ្ញុំឡើយ។ លុះដល់ពេលមានប្រាក់គ្រប់គ្រាន់ហើយ បែរជារកពេលអានផង ត្រិះរិះ ពិចារណាផងគ្មានទៅវិញ… នេះជាការគួរឱ្យស្តាយសម្រាប់ខ្ញុំ ដូចដែលបុរសពេញកម្លាំងនានាគ្មានប្រាក់គ្រប់ គ្រាន់ក្នុងការសប្បាយ តែបែរជាអាចស្វែងរកការសប្បាយបានពេញលេញនៅពេលដែលខ្លួនគ្មានកម្លាំងទៅ វិញ។

ខ្ញុំទើបតែបានអានចប់ប្រហែលមួយភាគបួននៃសៀវភៅ អ្នកទោសខ្មែរក្រហម។ ខ្ញុំមើលឃើញថាខ្លួនខ្ញុំនៅខ្ចី គំនិតណាស់ក្នុងការរស់នៅជាបដិភាគនៃនយោបាយ … ដែលចំណុចនេះខ្ញុំត្រូវព្យាយាមថែមទៀតដោយមិន សម្លឹងមើលក្នុងផ្លូវណាមួយជាចំពោះឡើយ។

និយាយពីរឿងសៀវភៅវិញម្តង៖ ខ្ញុំរកឃើញតែសៀវភៅដែលថតចម្លង(ដោយខ្ជីខ្ជា) ទាំងបីក្បាល មានដូចជា

  1. អនុស្សាវរីយ៍ផ្អែមល្ហែម និង ជូរចត់ (ព្រះរាជនិពន្ធដោយ៖ នរោត្តម សីហនុ បកប្រែដោយ៖ ន. រណរង្គ)
  2. អ្នកទោសខ្មែរក្រហម (ព្រះរាជនិពន្ធដោយ៖ នរោត្តម សីហនុ ប្រែសម្រួលដោយ៖ ទីឃាយុ)
  3. ទឹកភ្នែកកម្ពុជា (និពន្ធដោយ៖ Elizabeth Becker ប្រែសម្រួលដោយ៖ ទី ឃាយុ)

ចំណែកសៀវភៅ តម្រាពិជ័យសង្គ្រាម ភាគ១ និងភាគ២ (ស្រាវជ្រាវ ប្រែសម្រួល និងរៀបរៀងដោយ៖ កែវ ចិត្រ) ជាសៀវភៅបោះពុម្ពពិតមែន មិនមែនចម្លងទេ។

ខ្ញុំព្យាយាមសួរអ្នកលក់រកសៀវភៅច្បាប់ដើម (ច្បាប់មិនចម្លង ដែលនឹងមានព័ណ៌ ឬមានអក្សរច្បាស់) ។ ដំបូង គេប្រាប់ថាថ្លៃណាស់។ អូខេ! ថ្លៃក៏ដោយ ខ្ញុំចង់បានទៅហើយ ថ្លៃថោកអីមិនគិតទេ។ គេថាគេអស់ច្បាប់ដើម ហើយនៅសល់តែអាកូពីហ្នឹង។

អ្នកលក់សុភាពអស់ត្រឹមប៉ុណ្ណឹងហើយជាមួយខ្ញុំ។ បើគេហាមាត់មួយម៉ាត់ទៀត ក៏ខ្ញុំក្តៀនដែរ។

សុំអភ័យទោស ប្រហែលជាមានអ្នកខ្លះនឹងអន់ចិត្តប្រសិនបើខ្ញុំនិយាយនៅទីនេះថា៖
តាំងពីដើមមក ខ្ញុំតែងពិចារណាដោយការយកគោលគំនិតគិតប្រយោជន៍គេជាធំ។
បើខ្ញុំគាំទ្រច្បាប់ចម្លងនេះ ខ្ញុំមិនដឹងថា អ្នកនិពន្ធ អ្នករៀបរៀង អ្នកបកប្រែ ទាំងនោះ នឹងរស់បានយ៉ាងដូចម្តេច ទៅកាលបើមានគេរកស៊ីលើកម្លាំងញើសឈាម របស់ខ្លួនដូច្នេះ? បើអ្នកទាំងនោះ ខ្លះចំណាយកម្លាំងឆ្លៀតពេល ពីការងារ ដើម្បីរៀបរៀងវាឡើង ជួនកាលទាំងយប់ ទាំងថ្ងៃសម្រាក។

ខ្ញុំក៏មានមិត្ត មានបងប្អូន មានគ្រូ ជាអ្នកនិពន្ធ ដែលពួកគាត់ទាំងនោះ ពឹងលើកម្លាំងស្មារតី ពឹងលើប្រាជ្ញារបស់ ខ្លួនដើម្បីសរសេរ ចងក្រង រៀបចំនូវអត្ថបទ ឬ ឯកសារនានា ប្រាថ្នាថានឹងបានកម្រៃតិចៗ តក់ៗពីការលក់វា ចុះ បើគ្រាន់តែចេញមកមានគេកូពីព្រោងព្រាតយ៉ាងនេះ តើគាត់មានកម្លាំងចិត្តអីទៅធ្វើវាទៀតទៅ? ប្រហែលជាគាត់ នឹងកប់ចំណេះទាំងនោះទុកធ្វើប្រហុកគ្រាន់បើជាង។

ម្តាយខ្ញុំតែងប្រាប់ថា គំនិតខៀវរបស់ខ្ញុំនេះ ថ្ងៃណាមួយនឹងត្រូវប៉ះពារលើអ្នកដទៃជាខ្លាំង។ គាត់មិនចង់ឱ្យខ្ញុំគិត បញ្ចេញមតិអីច្រើនទេ។

ចំណែកឪពុកខ្ញុំវិញ គាត់និយាយថា ខ្ញុំនេះក្រហមពេកហើយ។ គ្មាននរណានឹងត្រូវការប្រើគំនិតចង្អៀតបែបនេះ ឡើយ។

ចំពោះខ្ញុំ៖ ខ្ញុំគឺជាខ្ញុំ ក្រហមឬខៀវ ខ្ញុំគិតពីអ្នកដទៃមុនជានិច្ច។

ត្រង់ចំណុចនេះ បើសិនជាខ្ញុំមានបងប្អូន មានមិត្តសម្លាញ់ ដែលត្រូវគេរំលោភកម្មសិទ្ធិបញ្ញាបែបនេះ តើខ្ញុំខឹង នឹងនរណា?

Advertisements
  1. somada / មករា 27 2013 7:19 ព្រឹក

    រឿងរំលោភលើកម្មសិទ្ធបញ្ញា​នេះមិនដឹងជាខឹងអ្នកណាទេ ព្រោះអ្នកល្មើសចាំតែល្មើសឯ​អ្នក​គោរព​នៅ​តែ​គោរព ហើយ​អ្នក​ដែលឈឺចាប់បំផុត​នោះអ្នក​និពន្ធ ប្រើទាំងកម្លាំង​និ​ងខួរក្បាល ។ រឿង​ចម្លង​ឯកសារ​នេះ​បើចម្លង​ជាលក្ខណៈឯកជន(យកមករៀន) នៅស្រុក​ថៃក៏ឃើញមានដែរ តែបើយកទៅលក់​ពេញ​ទឹក​ពេញដីនោះដូចជាអត់ទេ ព្រោះស្រុក​នេះគេឱ្យ​តម្លៃទៅលើ​កម្មសិទ្ធ​បញ្ញាជាងស្រុកយើង ។

    • លី កល្យាណ / មករា 27 2013 11:22 ព្រឹក

      ស្រុកយើងក៏នឹងចាប់ផ្តើមគិតពីឥឡូវទៅដែរ គឺចាប់គិតពីត្រឹម ខួរស្វា របស់ខ្ញុំទៅ។
      សេចក្តីឈឺចាប់នោះ ខ្ញុំធ្លាប់បានជួបហើយ។

    • somada / មករា 27 2013 12:05 ល្ងាច

      កាលនោះធ្លាប់ចូលPBCឃើញមានច្បាប់កូពី ក៏សួរ​រក​ច្បាប់ដើម តែគេប្រាប់ថា​បើយក​ច្បាប់ដើមមកលក់​ថ្លៃពេក លក់​មិនដាច់ (សៀវភៅផ្សេងទៀត) ។ អញ្ចឹង​អ្នក​និពន្ធ​ចាំតែនិពន្ធទៅលក់​បាន​តែបួនដប់ក្បាលអី​ហ្នឹង​សល់ប៉ុន្មាន​ទុកអោយ​មនុស្សខូចកើបលុយ​ស្រួលៗទៅ

    • លី កល្យាណ / មករា 27 2013 12:30 ល្ងាច

      ខ្ញុំមិនចូលចិត្តទេ ទើបតែលើកនេះទេដែលខ្ញុំទិញច្បាប់កូពីមកមើល។ ណាមួយខានចូលបណ្ណាគារជាងប្រាំឆ្នាំហើយ។ ខ្ញុំចូលចិត្តមើលតែសៀវភៅរឿង ដែលភាគច្រើនជាច្បាប់ដើមរបស់អ្នកនិពន្ធដែរ។

      សូមកុំម៉ៃថាខ្ញុំជាមនុស្សងប់នឹងស្នេហាឱ្យសោះ អ្វីដែលខ្ញុំគិតថាជារបស់គេ ខ្ញុំមិនដែលគិតចង់ប៉ះពាល់ឱ្យខាតប្រយោជន៍ចំពោះគេឡើយ។ ខ្ញុំគាំទ្រតួកុន អ្នកសិល្បៈព្រោះតែខ្ញុំឃើញគេដាក់លក់របស់របរគេ គេមានអ្នកគាំទ្ររបស់គេ ច្រើន គេចេះគិតច្រើន មានន័យថាបើចង់ឱ្យតួកុន ឬអ្នកថតរូបម្នាក់នោះបន្តការងារគេដើម្បីឱ្យយើងឃើញទៀត គួរកុំសម្លាប់គេដោយការគាំទ្ររបស់ក្លែងក្លាយ ឬ លួចចម្លងគេ។

  2. chivy / មករា 27 2013 7:56 ព្រឹក

    អ្នកទោសខ្មែរក្រហម មានតែអាកូពីទេចឹង?

    • លី កល្យាណ / មករា 27 2013 11:12 ព្រឹក

      😦 ខ្ញុំអត់បានដើរសួរច្រើនកន្លែងទេ ចូលតែម៉ាកន្លែងគេថាមានតែកូពី ក៏ទិញមកមើលទៅ។ បើចូល អាយប៊ីស៊ី អីបែបមានអាច្បាប់បោះពុម្ព។ ច្បាប់កូពីនេះ មើលរូបមិនស្គាល់ទេ បើចង់ទុកជាឯកសារតកូនតចៅអីក៏មិនកើតដែរ។

    • ស្រុកស្រែ / មករា 29 2013 12:14 ល្ងាច

      ខ្ញុំ​ធ្លាប់​អាន​​សៀវភៅ​អ្នកទោស​ខ្មែរ​ក្រហមនេះ​ តាម​ច្បាប់​ដើម​ដំបូង ដែល​ចំឡង​​ក្រោយ​​ការ​បោះពុម្ព​ផ្សាយ​ក្នុង​កាសែត​រស្មី​កម្ពុជា​… ខ្ញុំ​ធ្លាប់​ជួប​លោក ទីឃាយុ (ឈ្មោះ​សំរាប់​ប្រើ​នៅ​រាល់​បំណក​ប្រែ) នៅ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ដោយ​លោក​មាន​អារម្មណ៍​សោក​ស្តាយ​ដោយសារ​តែ​អ្នក​រកស៊ីប្រភេទ «អត់ខួរ» បាន​លួច​ចំឡង​ «ខួរ​ក្បាល» ​គាត់​ យក​មក​រក​ស៊ី​​ដោយ​មិន​ចេះ​អៀន​ខ្មាស់​បែប​នេះ…​​

    • លី កល្យាណ / កុម្ភៈ 1 2013 10:32 ល្ងាច

      ខ្ញុំមិនគាំទ្រអ្នកធ្វើបែបនេះឡើយ ទើបតែលើកនេះទេដែលខ្ញុំរកអីមិនបានហើយខ្ជិលផងក៏ទិញអាកូពីមកមើលទៅ។ ប្រសិនបើលោកពូជួបគាត់ម្តងទៀត ខ្ញុំសូមផ្តាំជម្រាបគាត់ផងថា បើគាត់បោះពុម្ពអត្ថបទទាំងនេះដែលគាត់ខំរៀបចំ ខ្ញុំសូមជាវទុកមួយច្បាប់ជាមុន ហើយសូមជូនពរគាត់នូវអត្ថន័យក្នុងឈ្មោះសម្គាល់នេះ។ សូមអរគុណពូស្រុកស្រែ។

  3. ក្តីស្រលាញ់ / មករា 28 2013 11:43 ព្រឹក

    ស្រុកខ្មែរអត់ទាន់មានការពិន័យលើរឿងកម្មសិទ្ធបញ្ញានឹងទេ​ចឹងពិបាកណាស់។

    • លី កល្យាណ / មករា 28 2013 2:50 ល្ងាច

      ដូច្នេះអ្នកនិពន្ធភាគច្រើននៅស្រុកខ្មែរត្រូវតែដឹងខ្លួនថា របស់អីដែលគេធ្វើមក គឺប្រាកដជាត្រូវលួចទាំងដុលទៅចម្លង។

      ខ្លាំងជាងកាលខ្ញុំនៅរៀនវិទ្យាល័យទៅទៀត ដែលហ៊ានត្រឹមលួចចម្លងគេខ្លះ អត់ខ្លះ 😀 😀 😀

    • ក្តីស្រលាញ់ / មករា 29 2013 8:25 ព្រឹក

      អានេះគេមិនហៅថាលួចចំលងទេ គឺលួចទៅធ្វើអាជីវកម្ម រឺគេហៅថាធ្វើស្រែលើខ្នងរាស្រ្ត។ លួចញើសឈាមគេទាំងស្រស់។​ 🙂

    • លី កល្យាណ / មករា 29 2013 10:58 ព្រឹក

      ង៉ាសៗៗៗ គ្មានមតិយោបល់ឡើយ។
      អាចហៅចោរបានទេ??? 😀

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: