Skip to content
28 ខែមករា 2013 / ស្នាមញញឹម

សន្យា (ភាគ៤)

យើងបានវេចបង្វិចមកសៀមរាបវិញ។ ខ្ញុំដឹងថាការចំណាយកាន់តែច្រើន ខ្ញុំក៏រកការងារបន្ថែមធ្វើ។ ខ្ញុំជាអ្នកស្រែ ដូច្នេះការងារអីក៏ខ្ញុំធ្វើមិនប្រកាន់។ ខ្ញុំទៅដឹកទំនិញឱ្យគេជាញឹកញយដោយព្រោះតែផ្លូវស្របទិសគ្នាក្នុងពេលខ្ញុំទៅ រកនាង… ខ្ញុំទៅសុំចូលជាសមាជិកសមាគមដឹកភ្ញៀវទេសចរ… ខ្ញុំធ្វើជាឈ្មួញកណ្តាលជួញដូរដីធ្លីពេលត្រូវប៉ាន់… ចុងក្រោយនេះ ខ្ញុំបានធ្វើជាអ្នកពិគ្រោះការងារ និងរត់ការឯកសារឱ្យម្ចាស់ក្រុមហ៊ុនចំការកៅស៊ូ ដែលខ្ញុំខំយកចិត្ត មេគ្រប់បែបយ៉ាង… បើគាត់ត្រូវការខ្ញុំទៅដើរតាមស្មើណា ពេលណាគឺខ្ញុំទៅភ្លាមមិនបង្អង់…

យើងមករស់នៅទីនេះម្តងទៀត ពិតមែនតែដឹងច្បាស់ថាមិនជាប់លាប់ តែខ្ញុំគ្មានសិទ្ធិហាមឃាត់នាងមិនឱ្យទិញ របស់របរថ្លៃៗសម្រាប់តាំងលំអក្នុងផ្ទះជួលនេះឡើយ។ យើងដើរផ្សារទិញអីវ៉ាន់… របស់ដែលនាងពេញចិត្តសុទ្ធ តែថ្លៃកប់ពពកទាំងអស់ ជាពិសេសនៅក្នុងខេត្តទេសចរណ៍ដ៏ធំជាងគេនេះ។ តែខ្ញុំមិនមែនជាអ្នកចំណាយឡើយ គ្រាន់តែគិតថា ដើម្បីសេចក្តីសុខ អ្នកមានតែងតែខ្ជះខ្ជាយឥតប្រយោជន៍… បើគិតចង់ជួយអ្នកក្រវិញ អាចជួយ បានមួយគ្រួសារ…យ៉ាងហោចណាស់ពាក់កណ្តាលជីវិតអ្នកក្រ…

នាងក៏មិនតឹងរឹងដូចមុន… ដូច្នេះ ខ្ញុំនឹងសង្សារចាស់ក៏នៅមានទំនាក់ទំនងគ្នាមិនសូវលោះពេលតាមទូរស័ព្ទ…

តែមនុស្សស្រី មានចិត្តផ្សេងមាត់ផ្សេង… នាងថាមិនប្រកាន់ទេដែលខ្ញុំនិយាយទូរស័ព្ទជាមួយនឹងសង្សារចាស់… មិនទាន់បានមួយអាទិត្យផង សម្តីរបស់នាងក៏ចាប់ផ្តើមខុសចាកពីទង្វើ…

ពេលឮថាខ្ញុំ និង សង្សារចាស់ណាត់ជួបគ្នាពេលខ្ញុំត្រូវឡើងទៅធ្វើការនៅភ្នំពេញ នាងក៏រអ៊ូរទាំរករឿងខ្ញុំ តាមទៅ ភ្នំពេញដែរ។ ខ្ញុំធុញនឹងការនិយាយច្រំដែលច្រើនដង ខ្ញុំក៏រៀបខោអាវ ។ ឃើញបែបនេះនាងរឹតតែខឹងក៏ស្រវា ទូរស័ព្ទខ្ញុំបោកចោលធ្លាក់តាមកាំជណ្តើរ ខូចខ្ទេច។ ឃើញបែបនេះ ខ្ញុំក៏ត្រឡប់មកភ្នំពេញតែម្តងទៅ។ នាងមក តាមខ្ញុំទៀត តាមដល់មុខផ្ទះសំណាកដែលខ្ញុំស្នាក់នៅជិតកន្លែងធ្វើការ។ ដោយដឹងច្បាស់ថាគេចទៅណាក៏មិន រួចខ្ញុំព្រមតាមនាងមកគេងនៅផ្ទះឪពុកម្តាយនាងវិញ។

និយាយតាមត្រង់ទៅ ឪពុកម្តាយនាងក៏គាត់ស្រឡាញ់រាប់អានខ្ញុំណាស់ដែរ។ ពេលណាដែលពួកយើងនៅជាមួយ គាត់តែងប្រាប់ចុងភៅឱ្យលៃលកយ៉ាងណា មានម្ហូបដែលត្រូវចិត្តខ្ញុំយ៉ាងហោចណាស់មួយមុខដែរ។

ខ្ញុំជាមនុស្សប្រមឹកខួប ល្ងាចឡើងខ្ញុំតែងស្រវឹងនៅក្នុងបន្ទប់គេងរបស់នាងក្រោយពេលបាយរួច។ មានពេលខ្លះ ពួកគាត់ចូលមកនិយាយលេងនឹងកូនស្រី ខ្ញុំត្រូវគេចចេញទៅក្នុងបន្ទប់ទឹក ឬទៅលាក់ខ្លួននៅរានហាលមុខ បន្ទប់កុំឱ្យធុំក្លិនស្រា។ ពួកគាត់ក៏ដឹងព្រោះឃើញសម្បកដបក្នុងធុងសម្រាម ឪពុកនាងក៏អូសដៃខ្ញុំចេញទៅខាង ក្រៅ។ ខ្ញុំខ្លាចឡើងរួញខ្លួនជាមួយលោកនាយទាហានចាស់ម្នាក់នេះ ដែលមានទម្លាប់មួយគឺមុននឹងអង្គុយគាត់ ឈរប្រុងឡើងរឹងខ្លួនគោរពកន្លែងអង្គុយនោះ។ តាមពិតទៅគាត់ហៅទៅផឹកជាមួយគាត់នៅលើដំបូលផ្ទះ ដែល នៅទីនោះមានកូនបារតូចមួយសម្រាប់គ្រួសារគាត់។ ខ្ញុំផឹកជាមួយគាត់ គាត់នាំជជែកគ្នាជាច្រើនរឿង… យូរៗទៅ ខ្ញុំចូលចិត្តស្តាប់គ្នា ជជែកគ្នាជាមួយគាត់ ជាជាងអង្គុយផឹកតែម្នាក់ឯងក្នុងបន្ទប់ស្តាប់នាងរអ៊ូ…

នាងទិញទូរស័ព្ទមួយឱ្យខ្ញុំជំនួសអាចាស់ម៉ាកណូគា ២២១០ ដែលនាងបានបោកចោល។ ខ្ញុំមិនទទួលទេ ព្រោះ ខ្ញុំស្រឡាញ់ទូរស័ព្ទចាស់នោះ ដែលកាលពេលទិញវា សង្សារចាស់របស់ខ្ញុំជាអ្នករើសម៉ូតឱ្យ ដូច្នេះខ្ញុំក៏ទិញអា ម៉ាកដូចមុនមកប្រើវិញ។ ពេលមានសារ ផ្ញើចូលក្នុងទូរស័ព្ទភ្លាម នាងឆែកមើលភ្លាម ពេលខ្ញុំចេញពីបន្ទប់ទឹកមក ទាន់ នាងក៏រករឿង៖

បងឯងនៅទាក់ទងគ្នាទៀត? បងអត់ទាន់រាងចាលទេឬ?

កើតអីហ្នឹង?

មើលនែ៎! ផ្ញើសារផ្អែមល្ហែមណាស់ សុទ្ធតែនឹកគ្នាអីចេះអីចុះ ទាល់តែមានរឿងពិបាកចិត្តបាននឹកគ្នាហ្អេះ?

ខ្ញុំគ្រវីក្បាលហួសចិត្តនឹងនាងដែលនិយាយមិនសមទំនង។ ប្រកែកគ្នាចុះប្រកែកគ្នាឡើង ខ្ញុំសារភាពថា ខ្ញុំនៅ តែទាក់ទងសង្សារចាស់ដដែល។ នាងខឹងដាច់ក្បាលដាច់កន្ទុយ ប្រុងបោកទូរស័ព្ទខ្ញុំចោល ហើយឈប់ឱ្យប្រើ តែខ្ញុំឆក់ទូរស័ព្ទខ្ញុំចេញពីលើតុសាឡុងទាន់ នាងស្រវាថូផ្កាបានបោកភូសនៅក្បែរជើងខ្ញុំ។ ថូផ្កាតម្លៃ ជាង ១៥០ ដុល្លាបានក្លាយជាកំទេចថ្មភ្នំដែលគេប្រើសម្រាប់ក្រាលផ្លូវដើរ ក្នុងរយៈពេលតែមួយប៉ព្រិចភ្នែក…

អូន..! បងគិតថាយើងគួរតែបែកគ្នាហើយ!

បងឯងចង់បែកពីខ្ញុំ ដើម្បីត្រឡប់ទៅរកគេវិញមែនទេ?

មិនមែនទេ គឺមានហេតុផលផ្សេង!… យើងគ្មានអ្វីដូចគ្នាសោះ សូម្បីការរស់នៅ និងចិត្តគំនិត!

មិនដូចគ្នារឿងអី? …យកលេសសុទ្ធតែថាយើងមិនដូចគ្នាផងហ្អេះ?… យ៉ាងម៉េច មានខ្ញុំប៉ុណ្ណឹងហើយបងឯងមិន ទាន់ឆ្អែតទៀតឬ? ចង់បានប៉ុន្មានទៀតបានគ្រប់? បងប្រាប់ម៉ោ មនុស្សទំនេរមានម៉ាគំនរ បងចង់បានប៉ុន្មាននាក់ ខ្ញុំសុខចិត្តរកឱ្យ កុំឱ្យតែទៅរកមនុស្សមានម្ចាស់!

អូននិយាយរឿងអីហ្នឹង? បងនិយាយរឿងយើង We have NOTHING in common. I mean we don’t have anything in common.

WHAT??? Nothing in common?

អូនសម្លឹងមើលទៅ! សូម្បីតែគិត ក៏យើងគិតអ្វីមិនដែលដូចគ្នាដែរ។ បើទ្រាំនៅជាមួយគ្នាទៀត មានតែសាង ប្រទូសរាយ ដាក់គ្នាទេ។ បែកគ្នាទៅល្អជាង!

ខ្ញុំមិនព្រមទេ!!! (នាងជំទាលសឹងបែកក្រដាសត្រចៀកខ្ញុំ)

អូនចង់នៅយកកម្មនឹងគ្នាធ្វើអីទៅ? បែកគ្នាពេលនេះ យើងប្រហែលជាមានសន្តិភាព យើងមិនមែនជាសត្រូវ នឹងគ្នាឯណា ចាំបាច់ចងកម្មចងពៀរនឹងគ្នានោះ?

នាងទាញទ្វារបិទគ្រាំងរត់ចុះជណ្តើរទៅក្រោមបាត់។ នាងទៅបាត់ហើយ រឿងអីខ្ញុំត្រូវនៅក្នុងផ្ទះរបស់នាងទៀត?

ខ្ញុំរកសោឡានប្រុងបើកទៅខេត្តវិញ តែមិនដឹងជាវង្វេងខុសដៃទៅឯណាទេ។ ខ្ញុំស្រវាបានកាបូបខោអាវរបស់ខ្ញុំ ដែលទុកក្បែរកៀនជញ្ជាំង ក៏ដើររុករកប្រមូលសាប៊ូនិងច្រាសដុសធ្មេញដាក់កាបូប ប្រឹងរត់ចុះមកក្រោមមើលថា ក្រែងខ្ញុំភ្លេចសោឡានក្នុងឡាន។ ខ្ញុំរកមិនឃើញ តែក៏មិនបណ្តោយពេលវេលាឱ្យខាតឥតប្រយោជន៍ដែរ ខ្ញុំបត់ កង់ប្រណាំងរបស់ខ្ញុំដាកក្បែរឡានហើយស្រេច។ ដើរប្រមូលកន្ទបជូតឡានរបស់ខ្ញុំដែលដាក់ហាលមុនពេល ឡើងទៅមុជទឹកដាក់ក្នុងធុង… នាងក៏ប្រើក្មេងឱ្យយកសោឡានមកឱ្យ…

មិនទាន់ទាំងបានបញ្ឆេះឡានផង នាងក៏មកអង្គុយនៅបាំងក្រោយស្រេចបាត់ទៅហើយ។ ខ្ញុំខ្ជិលប្រកែក ប្រណាំងគ្នាណាស់ ព្រោះតែដឹងថាយើងនឹងនៅយកកម្មយកពៀរនឹងគ្នាត្រាតែអស់ចិត្តរៀងខ្លួនឯណោះ បានអាច ផ្តាច់ជីវិតចេញពីគ្នាបាន។

យើងទាំងពីរបានត្រឡប់មកនៅផ្ទះជួលឯសៀមរាបម្តងទៀត។ ហើយជានិច្ចកាល នាងជាអ្នកមានប្រៀបក្នុង ជម្លោះរបស់យើង។

ពេលឃើញពួកយើងគេចពីគាត់មកនៅខេត្តបែបនេះ ឪពុកម្តាយនាងបានទិញផ្ទះមួយកន្លែងក្នុងបុរីដ៏ស្កឹមស្កៃ យ៉ាងប្រណីត គាត់ប្រាប់ថានេះជាចំណងដៃសម្រាប់ពួកយើង ដើម្បីឱ្យយើងត្រឡប់ទៅនៅជិតគាត់វិញ។ នាង ជាកូន នាងក៏ទទួលយកវីឡាតូចមួយនេះតម្លៃប្រហែលជាងម្ភៃម៉ឺនដុល្លា ដោយទៅកាត់កងផ្ទេរឈ្មោះពីម្ចាស់គេ

ជាមនុស្សប្រមឹកខួប ខ្ញុំបានសម្លឹងមើលឃើញអំណាចទឹកប្រាក់ដែលកំពុងតែទាក់ទាញសេរីភាពរបស់ខ្ញុំ។ នាង បបួលខ្ញុំមកនៅភ្នំពេញ ដោយមានហេតុផលថា ការងារខ្លះរបស់ខ្ញុំគឺនៅភ្នំពេញដែរ ចំណែកការងាររបស់នាង អាចប្តូរផ្លាស់បានគ្រប់ពេល មិនមានប្រកាន់ថាត្រូវទៅនៅទីណាឱ្យជាប់លាប់ទេ។ នាងបាននាំខ្ញុំទៅនៅផ្ទះថ្មី ដែលជាការបន្ទន់ឥរិយាបថមួយដ៏ធំរបស់ខ្ញុំ…

គ្រួសារនាងប្រហែលជាគិតថា ខ្ញុំពេញចិត្តនឹងផ្ទះហ្នឹងហើយ។ អូខេ វីឡាមួយទាំងមូលរឿងអីខ្ញុំមិនពេញចិត្ត? តែ ខ្ញុំមានហេតុចំណេញមួយដ៏ធំ គឺថា សង្សារចាស់របស់ខ្ញុំក៏នៅភ្នំពេញដែរ… បើខ្ញុំនៅសៀមរាប ពួកយើងបានជួប គ្នាតែត្រឹមទូរស័ព្ទប៉ុណ្ណោះ…

_________________________

អត្ថបទដែលទាក់ទង៖

Advertisements
  1. vsthea / មករា 28 2013 9:46 ល្ងាច

    អត់ចូលចិត្ត​តួប្រុសហ្នឹងអីម៉ាតិចសោះ ចិត្តសាវ៉ានោះមហាសែនសាវ៉ា មានប្រពន្ធហើយ​នៅនឹកសង្សា​ចាស់ទៀត គ្មានស្រីណាគេទ្រាំបានទេ ។ ឯតួស្រីវិញ​ចិត្តទូលាយណាស់ ហេតុតែអាណិត​ប្តីខ្លាចប្តី ជាប់គុក​ជាប់​ច្រវ៉ាក់​ដោយ​សារតែស្រឡាញ់ប្រពន្ធគេ សុខចិត្តធានាខ្លួន​រកស្រីក្មេងឱ្យ​ទៀត រកមិន​បានទេក្នុង​លោក​នេះ ។

    • ម៉ាក់ស្រីតូចបីនាក់ / មករា 28 2013 10:19 ល្ងាច

      មែនហើយ កាន់តែមើលកាន់តែស្អប់ប្រុសនោះ ចុះបើមិនស្រលាញ់ប្រពន្ធទេ ទាក់ទងគេតាំងពីដំបូងធ្វើអី?!!!!

    • លី កល្យាណ / មករា 29 2013 8:25 ព្រឹក

      អាហ្នឹងមូលហេតុគឺមកពីនាងជាអ្នកស្រឡាញ់គេពេកទេ 😦 គួរឱ្យអាណិតតួឯករបស់ខ្ញុំណាស់ ត្រូវម៉ាក់អាប្រាំនាក់វ៉ៃម៉ាដៃម្នាក់ ឡើងប៉ល់។

    • ម៉ាក់ស្រីតូចបីនាក់ / មករា 29 2013 10:21 ព្រឹក

      ទៅជាកំហុសមកពីខាងស្រីវិញ​បងខ្ញុំ!!!!!! តួប្រុសនេះបើនៅជិតវិញ បែបមិនត្រឹមវ៉ៃ ធាក់អោយជ្រះក្អែលមិនខានទេ

    • លី កល្យាណ / មករា 29 2013 3:54 ល្ងាច

      ហាសហាសហា ធាក់អីចឹងអាចមានសម្បុរសជាងមុន។ ដាក់បញ្ចូលក្នុងរឿងនេះថែមទៀតសិនខ្ញុំ។

    • somada / មករា 29 2013 8:07 ល្ងាច

      សើចដូចជាមិនសូវ​សមទេ ព្រោះគេដាល់ឡើង​ហើមមុខទៅហើយ ។ តួប្រុសបែបនេះគ្មាននរណាគេចូលចិត្ត​ទេ សុំសួរ​មួយបានទេ តួប្រុសល្អ ៗ ម៉ាគគោក​ម៉េចក៏មិនសរសេរ បែរជាយកតួ៧២ ៧៣មក​សរសេរ​ទៅវិញ ។ សុះណូមពរសុំ​តួប្រុស​នោះចេញទៅ កុំ​អោយ​ចប់​ដោយ​សោកសៅពេក ។

    • លី កល្យាណ / មករា 29 2013 9:44 ល្ងាច

      😀 សើចដូចអត់សូវសមមែនហ្នឹង បើលេងព្រួតគ្នាទាំងបង ទាំងប្អូនថាឱ្យតួក្នុងរឿងរបស់ខ្ញុំចឹង ដូចអន់ចង់។ តែថាតួរបស់ខ្ញុំនេះណាបង ជាមនុស្សធម្មតាសុទ្ធសាធ តែងមានកំហុស តែងមានសេចក្តីរាយមាយ តាមជាតិជាមនុស្សលីលា តែក៏នឹងមានចំណុចខ្លះជារឿងគួរគិតពិចារណា ទោះគេមិនបានផ្តល់ជាគំរូល្អ ក៏គំរូអាក្រក់ខ្លះអាចបង្រៀនមនុស្សបានយ៉ាងមានប្រសិទ្ធភាពផងដែរ។

      គាំទ្រផងម៉ោ ចាំអូនសូកសម្លប្រហើរទងល្ពៅបង់លីងល័ក

    • somada / មករា 30 2013 6:36 ល្ងាច

      តែកំហុសអ្នកផ្សេង មិនច្រើន​ដល់ថ្នាក់នោះទេ តែតួ​នេះកំពូល​មហាល្បិច មហាខូច មហាដាច់ធម៌មេត្តា ដែលចំណុចអាក្រក់ទាំង​នេះមនុស្សមិនដែលយកទៅ​ឆ្លុះបញ្ចាំងខ្លួន​ងទេ តែបងជឿជាក់ថា ពួកគាត់​ពិត​ជាយក​មក​អនុវត្តន៍ទាំងដុលតែម្តង ។ សំណូមពរ​សូម​អោយ​តួប្រុស​ដូរចរឹក ចំណែកសម្លប្រហើរទងល្ពៅ​អី​នោះ​អត់​ទាន់ចង់ញ៉ាំទេ ទុកថ្ងៃក្រោយចុះណា ។

  2. ស្រុកស្រែ / មករា 29 2013 7:09 ល្ងាច

    អង្កាលបានចេញភាគទី៥?…

    • លី កល្យាណ / មករា 29 2013 9:31 ល្ងាច

      មានតែពូស្រុកស្រែមួយទេដែលចង់ឱ្យសរសេរតទៀត។ ម៉ាក់(អាប្រាំនាក់កូនតួល្ខោន)ហ្នឹងអត់ចូលចិត្តទេ។
      ពូ ពូ កាន់ជើងខ្ញុំមែនទេពូ? ពូអាណិតតែកាន់ជើងខ្ញុំផងម៉ោ បើមានតែពូម្នាក់ ស្រីៗពីរនាក់ខាងលើ អត់ហ៊ាន ធាក់តួហ្នឹងទេ។

      ង៉ាសសសសសសសសស ង៉ាស់ៗៗៗៗៗៗៗ

  3. ស្រុកស្រែ / មករា 30 2013 8:52 ព្រឹក

    ខ្ញុំ​ចូលចិត្ត​តួស្រីនោះណាស់… ឯ​តួ​ប្រុសវិញ ក្នុងនាម​ខ្ញុំ​ប្រុស​ដូច​គ្នា គឺ​ច្បាស់​ជា​កាន់​ជើងប្រុសៗ​គ្នា​ឯង​ហើយ…។ ហេតុនេះ​ ​បើ​មានស្រីៗណា​ចង់​ធាក់​តួ​ប្រុស​នេះ គឺ​ច្បាស់​ជា​ខ្ញុំ​ធាក់​​វា​មុន​គេ ដើម្បី​ប្រការ​មិន​អោយ​ស្រីៗ ធាក់​វាត្រូវ​..!!.. 😀 ដូច្នេះ​ហើយ​បាន​ជា​ខ្ញុំ​គាំ​ទ្រ​អោយ​ចេញ​ផ្សាយ​ភាគទី៥ ជាបន្តទៀត…

    • លី កល្យាណ / មករា 30 2013 9:14 ព្រឹក

      😦 ដូចតែដូចទេចឹងនោះ ខ្ញុំស្មានតែពូនៅខាងខ្ញុំ! សរុបទៅតួរបស់ខ្ញុំត្រូវ គេធាក់ពីរនាក់មុននោះ រាងស្រាលគ្រាន់ទេ ដល់តែមកថែមពូស្រុកស្រែ មួយទៀតដែលជាបុរសពេញកម្លាំង សរុបទៅ…
      ខ្ញុំយកតួទៅពេទ្យសិន 😀 😀 😀

  4. ម៉ាក់ស្រីតូចបីនាក់ / មករា 30 2013 9:39 ព្រឹក

    អាល័យតែយកតួទៅពេទ្យ បែបមិនងាយចប់ទេមើលទៅ

    • លី កល្យាណ / មករា 30 2013 9:44 ព្រឹក

      នេះជាលេសដ៏មហា ប្រូតូកូលហើយ 😀
      ឮថាយប់មិញគេងមិនលក់ផង នៅឆ្លៀតមកញ៉ែអីនៅនេះទៀត មិនគិតរកសម្រាករកអីខ្លះទេឯង? ប្រយ័ត្នឈឺ!

  5. somada / មករា 30 2013 6:32 ល្ងាច

    5555555555555555 សមមុខតួណាស់ ។ អរគុណពូស្រុកស្រែដែលមកជួយធាក់ សោះនិងខ្ញុំពីរនាក់ជីវី​មិនបាច់ចំណាយ​កំឡាំង​ទៅធាក់​ប្រុសព្រានម្នាក់នោះ ។

    • លី កល្យាណ / មករា 30 2013 11:42 ល្ងាច

      ប្តឹងប៉ូលីសៗៗ មានអ្នកប្រើអំពើហឹង្សាតាមវើតប្រេស

Trackbacks

  1. សន្យា (ភាគ៥) « ស្នាមញញឹម
  2. សន្យា « ស្នាមញញឹម
  3. សន្យា (ភាគ២) « ស្នាមញញឹម
  4. សន្យា (ភាគ៣) « ស្នាមញញឹម
  5. សន្យា (ភាគ៦) « ស្នាមញញឹម

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: