Skip to content
10 ខែ​កុម្ភៈ 2013 / ស្នាមញញឹម

សន្យា (ភាគ៦)

ចិត្តរបស់ខ្ញុំនៅតែជំពាក់វាក់វិនជាមួយសង្សារចាស់ឈ្មោះស៊ីណាមិនដាច់អាល័យ។ យើងរៀនមហាវិទ្យាល័យ ជាមួយគ្នា តែដោយខ្ញុំនៅឡេឡឺមិនទាន់រកការងារបានធ្វើ ខ្ញុំគ្មានចិត្តរៀនបន្តទេ។ នាងរៀនថ្នាក់អនុបណ្ឌិត​តាំង​ ពីយូរមកហើយ តែដោយសារបញ្ហាមួយចំនួន នាងបានពន្យារពេលរៀនរហូតដល់មុនពេលនាងរៀបការទើបនាង ចាប់ផ្តើមវគ្គសិក្សាបន្តទៀតដើម្បីបញ្ចប់ឆ្នាំសិក្សារបស់នាង។ ការរៀនផង ធ្វើការផងជារឿងលំបាកណាស់ព្រោះ ថាកន្លែងដែលនាងរៀនមានភាពតឹងតែងដែលមិនអាចយឺតយ៉ាវ មិនអាចគេចវេះ ឬសូកប៉ាន់បានឡើយ…

ខ្ញុំចង់ឃើញការសិក្សាថ្នាក់អនុបណ្ឌិតដែលនាងរៀនតាំងពីកាលយើងនៅសេពគប់គ្នានេះបញ្ចប់បានដោយ ជោគជ័យ … ខ្ញុំបានស្ម័គ្រទទួលខ្លួនជាអ្នកជួយនាងក្នុងការវាយអត្ថបទសម្រាប់សារណា ឬលំហាត់មេរៀន នានារបស់នាងដែលគ្រូបានដាក់ឱ្យធ្វើដោយព្រោះថានាងមិនមាននរណាម្នាក់អាចពឹងពាក់បាន… មានរឿង ពិសេសមួយរវាងយើងទាំងពីរនាក់ ដោយសារធ្លាប់ស្គាល់ចិត្តស្គាល់ថ្លើមគ្នាអស់ពេលយូរគ្រាន់បើដែរ ខ្ញុំជា មនុស្សពិសេសរបស់នាង … អក្សររបស់នាងគ្មាននរណាអាចអានដាច់ឡើយ ក្រៅពីខ្ញុំ … សូម្បីប្អូនៗនាង…

ដោយសារតែការទាក់ទងគ្នា តាមទូរស័ព្ទ និងអ៊ីមែលជាញឹកញាប់ ខ្ញុំត្រូវធ្លាក់ខ្លួនក្នុងអន្លង់ស្នេហ៍ចាស់លង់ ឡើងមកលើមិនរួច…

មានថ្ងៃមួយជិតដល់ថ្ងៃចូលឆ្នាំខ្មែរ នាព្រឹកព្រលឹមក្រោកពីដេកមិនទាន់ស្រួលបួលផង រក្សាដួលសន្លប់នៅក្នុង បន្ទប់ទឹក… ត្រូវបញ្ជូនទៅពេទ្យកាល់ម៉ែត្រ… ពេទ្យថានាងមានបញ្ហាគ្រាប់ឈាមក្រហមថយចុះគួរឱ្យបារម្ភ ឪពុកម្តាយនាងបានសម្រេចថា នឹងនាំនាងទៅមើលនៅស្រុក ថៃបន្តទៀតនាថ្ងៃស្អែក… គេក៏រៀបចំធ្វើប៉ាស្ព័រ ឱ្យខ្ញុំផងដែរ។

នាងដឹងខ្លួនហើយ នាងនិយាយនឹងខ្ញុំថានាងខ្វះឈាម។ ខ្ញុំលើកសំណើថាខ្ញុំអាចផ្តល់ឈាមឱ្យនាងបានតាម នាងត្រូវការព្រោះខ្ញុំក៏ធ្លាប់ផ្តល់ឈាមឱ្យគេជាច្រើនដងដោយមិនដែលមានបញ្ហាអ្វីឡើយ។ នាងគ្រវីក្បាល វា មិនមែនជារឿងផ្តល់ឈាមឬមិនផ្តល់នោះទេ …

ចាំទៅដល់ពេទ្យបំរ៉ុងរ៉ាត់ទើបអាចដឹងច្បាស់ថាវាជាបញ្ហាអ្វី!!! (ម្តាយនាងនិយាយប្រាប់ពួកយើងដែលនៅជុំ វិញអ្នកជម្ងឺក្នុងបន្ទប់ពេទ្យ) ពេទ្យនៅទីនេះគេប្រាប់ថារក្សាមានជម្ងឺខ្វះឈាមក្រហមដូចតែលើកមុនចឹង…

ដោយសារតែអំណាចទឹកប្រាក់ និងក៏ប្រហែលជាអំណាចរបស់ឪពុកនាង យើងមិនបាននៅរង់ចាំយូរឡើយ ក្នុងការទទួលបានវីសាចូលស្រុកថៃ។ ឡើងយន្តហោះប្រមាណជាជិតមួយម៉ោង យើងក៏មកដល់ព្រលាន ដនមឿង។ មានអ្នកនាំផ្លូវរបស់យើងដែលជាមនុស្សរបស់ញាតិខាងម្តាយនាងមកទទួលពួកយើងទៅស្នាក់នៅ សណ្ឋាគារសេរេថុនហ្គ្រេនសុខុមវីតដ៏ល្បីនៅបាងកក។ ដោយសារតែការទទូចរបស់បងស្រីជីដូនមួយរបស់ ម្តាយនាង ឪពុកម្តាយនាងត្រូវទៅសម្រាកនៅផ្ទះរបស់គាត់ ចំណែកពួកយើងបានប្រកែកថាយើងកក់បន្ទប់ នៅសណ្ឋាគារហើយ។ នាងយល់ចិត្តខ្ញុំដែលមិនចូលចិត្តទៅនៅក្បែរក្រុមគ្រួសារនាង ខ្ជិលឆ្លើយសំណួរជា ច្រើនដែលនឹងហូរមកដូចទឹកធ្លាក់ពីលើភ្នំ ប្រសិនបើពួកគេជជែកគ្នាដល់រឿងរបស់ខ្ញុំ។ ដែលងាយស្រួល យកលេសជាងគេគឺគ្រួសារចិនកន្តាំងនេះនិយាយតែភាសាចិនក្នុងផ្ទះ ដូច្នេះខ្ញុំនឹងក្លាយជាទីងមោងបើសិន ជាទៅនៅទីនោះ។ គាត់មានផ្ទះធំមួយដែលរស់នៅជុំគ្នាទាំងកូននិងចៅ ហើយមានគ្នាច្រើនណាស់ តាមរក្សា និយាយប្រាប់…គ្រួសារគាត់ក៏មានទំនាក់ទំនងល្អជាមួយអ្នកនយោបាយក្នុងប្រទេសនេះផងដែរដើម្បីមុខជំនួញ

ព្រឹកថ្ងៃបន្ទាប់ ពួកយើងមានគ្នាប្រាំពីរនាក់៖ ឪពុកម្តាយនាង នាង មិត្តជនជាតិថៃរបស់នាងម្នាក់ធ្លាប់រៀន​ជាមួយគ្នានៅអង់គ្លេស បងស្រីជីដូនមួយម្នាក់ទៀត រួមជាមួយប្តីរបស់គាត់ដែលជាដុកទ័រម្នាក់ដែរ​ជាជនជាតិ​ ថៃទាំងពីរនាក់ និងខ្ញុំ ទៅពេទ្យទាំងអស់គ្នា។ មុនពេលចូលក្នុងបន្ទប់ពិនិត្យ ខ្ញុំបាននិយាយប្រាប់នាងថា ខ្ញុំអាច បរិច្ចាគឈាមបាន ពីព្រោះប្រភេទឈាមយើងទាំងពីរគឺដូចគ្នា នាងទទួលថាអូខេបើសិនក្នុងករណីចាំបាច់…

តើមាននរណានឹកដល់មនុស្សចម្រុះជាតិសាសន៍អង្គុយក្នុងបន្ទប់ពិគ្រោះជម្ងឺជាមួយគ្នាដើម្បីស្តាប់ពេទ្យនិយាយ រៀបរាប់ពីស្ថានភាពរបស់អ្នកជម្ងឺម្នាក់ទេ?

លោកគ្រូពេទ្យនិយាយភាសាថៃ ហើយបងស្រីជីដូនមួយជាអ្នកបកប្រែឱ្យជនបរទេសទាំងបួននាក់ ដែលបីនាក់ អាចស្តាប់ភាសាចិនកន្តាំងបានហើយម្នាក់ទៀត អង្គុយងីងើធ្វើភ្នែកដូចកំពុងតាមមើលការប្រកួតវាយថិននីស!

ចេញពីមន្ទីរពេទ្យមកវិញគឺដល់ពេលបាយល្មម យើងញ៉ាំអាហារនៅហាងមួយក្បែរទីប្រជុំជនដែលសម្បូរដោយ ជនជាតិចិនរស់នៅរកស៊ី។ ខ្ញុំហូបបាយដោយស្ងាត់ស្ងៀមព្រោះខ្ញុំអត់ចេះអីទាំងអស់ ភាសាថៃ ភាសាចិន ឬអង់ គ្លេសបារាំង យូរៗម្តងនាងបានបកប្រែឱ្យខ្ញុំស្តាប់ … ខ្ញុំអត់ចូលចិត្តស្ថានភាពដែលមិនអាចឱ្យខ្ញុំរីករាយបាន…

យើងពន្យារពេលនៅទីនោះបន្តបួនថ្ងៃទៀតដើម្បីឱ្យគ្រូពេទ្យតាមដានជម្ងឺរបស់នាង។

ពេលចេញពីពិនិត្យ នាងតែងត្រូវបានមិត្តភ័ក្តិនាំទៅដើរលេងផ្សារ ឬកន្លែងកម្សាន្តផ្សេងៗ ជាពិសេសហាងលក់ ខោអាវ និងមិនភ្លេចនាំនាងឱ្យទៅមើលក្រុមហ៊ុនរៀបចំតុបតែងរបស់គេ ដែលដំណើរការជាងបួនឆ្នាំមកហើយ!

ពេលយប់យើងនាំគ្នាទៅបាយនៅផ្ទះរបស់បងប្អូននាង ហើយចេញពីហ្នឹងគឺនាំគ្នាទៅដើរលេងនៅណៃក្លឹបទាំង បីនាក់។ មានម្តងនោះខ្ញុំបានទាក់ទងស្រីនៅណៃក្លឹប ណាត់នាងឱ្យមកជួបនៅសណ្ឋាគារស្អែកម៉ោងដប់ព្រឹក។

ព្រឹកស្អែកឡើង ចេញពីពេទ្យវិញ ខ្ញុំប្រាប់នាងថា ខ្ញុំអត់ចង់ទៅផ្សារជាមួយនាងទេ។ នាងក៏ទៅជាមួយមិត្តរបស់ នាងហើយខ្ញុំក៏ត្រឡប់មកសណ្ឋាគារវិញចាំស្រីស្នេហ៍ខ្ញុំ…

ស្រាប់តែនាងត្រឡប់មកវិញនៅម៉ោងដប់មួយ ដែលខុសពីទម្លាប់ពីម្សិលមិញដើររហូតដល់ល្ងាច។ ខ្ញុំរត់ជើងបី ជើងបួនយកស្រីទៅលាក់ក្នុងបន្ទប់ទឹក ទើបបើកទ្វារឱ្យនាង តែភ្លេចគិតរឿងស្បែកជើងរបស់ស្រីម្នាក់នោះ…

នាងស្រែកហៅស្រីម្នាក់នោះឱ្យចេញមក ហើយដេញគេចេញទីងណាត់ទីងណែង ខ្ញុំស្រវាក្នុងកាបូបប្រាក់បាន ហាសិបដុល្លារក៏ហុចឱ្យនាងទៅ។ ចូលដល់ក្នុងបន្ទប់វិញ ខ្ញុំទទួលបាននំបាតដៃពេញមុខ ឡើងវៀចថ្គាមម្ខាង!

នាងទូរស័ព្ទឱ្យគេមកផ្លាស់កម្រាលពូកភ្លាមៗ ខ្ញុំរត់ប្រុចចូលបន្ទប់ទឹក។ ងូតទឹករួចយើងក៏នាំគ្នាទៅរកអីញ៉ាំ ទាំងនិយាយរកគ្នាមិនបានប្រាំម៉ាត់ផងក្នុងមួយឃ្លា។ ង៉ៃហ្នឹងគេខឹងហើយ គេកំម៉ង់សម្លសុទ្ធតែម្ទេស ក្តៅស្ទើរ ហោះទៅលើអាកាស ខ្ញុំញ៉ាំបាយតិចណាស់… ដោយដឹងថាថ្ងៃនេះយីអ៊ុនខ្ញុំវាដាក់ ខ្ញុំទិញមីទុកទៅស្រុសហូប ក្នុងបន្ទប់ … លុយក្នុងកាបូបសល់ស្តួចស្តើងណាស់ ណាមួយគេត្រូវនៅទីនេះពីរថ្ងៃទៀត…

ស្អែកឡើងខ្ញុំត្រូវពាក់ម៉ាសបិទមុខ (ការពារផ្តាសាយបក្សី) ហើយក៏គ្មាននរណាហ៊ានសួរឡើយ ព្រោះទឹកមុខ របស់នាងឡើងក្រហមពេលម្តាយនាងសួរខ្ញុំថា៖ កើតអីបានជាពាក់ម៉ាស? ផ្តាសាយឬ? … បាទ!

លទ្ធផលរបស់ពេទ្យនៅតែនិយាយថានាងមានជម្ងឺខ្វះឈាមក្រហម ដែលស្ថានភាពនេះអាចឈានទៅដល់ ការកើតជម្ងឺមហារីកគ្រាប់ឈាម។ ពេទ្យណាត់នាងមកជារៀងរាល់ខែ ដើម្បីតាមដានបរិមាណគ្រាប់ឈាម ចាក់បញ្ចូលឈាម និងព្យាបាលដោយថ្នាំចាក់។

យើងមិននិយាយរកគ្នាច្រើនឡើយ អ្វីដែលខ្ញុំដឹងគឺដោយសារម្តាយរបស់នាងជាអ្នកនិយាយប្រាប់។ ក្រោយពី វេចបង្វិចត្រឡប់មកស្រុកខ្មែរវិញ សឹងតែថាដាក់វ៉ាលីសមិនទាន់ ខ្ញុំទាញកង់ធាក់ទៅផ្ទះខ្ញុំ ខ្ញុំនឹកពូក នឹកគ្រែដេក នៅផ្ទះណាស់ គ្មានអ្វីរីករាយជាងមកដល់ផ្ទះឡើយ។ ននះននៀលអស់ចិត្តលើពូកកញ្ចាស់មិនដែលបានបោក របស់ខ្ញុំហើយ នាងតេមកប្រាប់ថាឱ្យទៅផ្ទះជួយជញ្ជូនអីវ៉ាន់ទៅផ្ទះថ្មី…ខ្ញុំរូតរះមកវិញមិនហ៊ានដំអក់ទេព្រោះថា ខ្ញុំនៅក្នុងចោទ…

ជញ្ជូនអីវ៉ាន់ និងបោសសម្អាតផ្ទះរួច យើងក៏សម្រាកយ៉ាងលង់មួយចម្អែតគ្មានគិតរកបាយរកទឹកអីទេ។ ក្រោក ពីដេកម៉ោងប្រាំបួនជិតកណ្តាលអាធ្រាត្រទើបយើងងើបរកអីហូប។ គ្មានអ្វីនៅសល់ក្រៅពីពងទា និងទឹកស៊ីអ៊ីវ!

នាង និងខ្ញុំចាប់ផ្តើមជីវភាពធម្មតាឡើងវិញក្រោយពេលយើងព្យាយាមភ្ជាប់ទំនាក់ទំនងផ្លូវចិត្តតាមរបៀបមនុស្ស លោកទូទៅ។

_________________________

អត្ថបទដែលទាក់ទង៖

//

Advertisements
  1. ម៉ាក់ស្រីតូចបីនាក់ / កុម្ភៈ 10 2013 10:14 ល្ងាច

    ប្រពន្ធឈឺចូលពេទ្យហើយនៅឆ្លៀតនាំស្រីចូលឣូតែលទៀត? ពិតជាគួរឣោយធាក់មិនខុសមែន!!!!!

    • ដាវី / កុម្ភៈ 10 2013 10:35 ល្ងាច

      តួឯកបងកល្យាណពិតជាសម្ដែងបានសមមែន បងជីវី​តាមគ្រឺតឡាហូត ទម្រាំ​ចប់សាច់រឿង​ជ្រះសម្បុរ (សូម្បី​​ខ្ញុំ​ក៏​ចង់ធាក់ដែរ តែ​ខ្លាច​ឡងមកវិញ​ផ្ងារប៉ារ៉េ​ដួលខ្លួនឯង ចឹងសុំផ្ញើ​ពីរបី​ជើង​នឹង​បង​ជីវី​ទូង​ឱ្យ​ផង :mrgreen: )

    • ម៉ាក់ស្រីតូចបីនាក់ / កុម្ភៈ 10 2013 11:18 ល្ងាច

      មិនឣីទេ បងពេញចិត្តនឹងទទួលបញ្ញើ ជូនចំពោះប្រុសព្រានរបៀបនេះ។ បើបែបនេះ មើលទៅ មិនដឹងជាកាលណាចប់ទេ ព្រោះបងកល្យាណរវល់នាំប្រុសព្រានទៅពេទ្យទៀតហើយ

    • លី កល្យាណ / កុម្ភៈ 11 2013 6:03 ព្រឹក

      យើស ផ្តាំផ្ញើគ្នាទៅ ផ្តាំធាក់ឱ្យតួខ្ញុំទៅ 😀 😀 😀
      ប្រាប់ហើយ ថាមនុស្សលោកតែងមានខុសមានត្រូវតិចតួចហើយ

  2. somada / កុម្ភៈ 11 2013 4:49 ល្ងាច

    យ៉ើស ស្អីគេមនុស្សលោ​កតែង​មានខុសមានត្រូវ អារបៀបហ្នឹង​សមបីបួន​ពិលរាប់មួយ​បានត្រូវ ។ មនុស្ស​ក្បាលខ្មៅទោះជាសក់ស្កូវ​ហើយ​ក៏​នៅតែឃើញ​ខ្មៅ​ដដែលហ្នឹង ។ តួស្រីម្នាក់នោះពិតជាកម្មក្រាស់​ខ្លាំង​ណាស់ មនុស្ស្ម៉ាគគោក មិនស្រឡាញ់ បែរជាមកស្រឡាញ់​ប្រុសព្រានទៅវិញ ។
    តែហេង​វិញ​ចេះ​មកបិទគូថអាចុងក្រោយ”ចាប់ផ្តើមជីវភាពធម្មតាឡើងវិញ​​ក្រោយ​ពេលយើង​​ព្យាយាម​​ភ្ជាប់ទំនាក់ទំនងផ្លូវចិត្តតាមរបៀបមនុស្ស លោកទូទៅ។”

    • លី កល្យាណ / កុម្ភៈ 11 2013 8:27 ល្ងាច

      ថាមានទៅមានម៉ោទេ។ ឱ្យតែត្រសេររឿងហ្នឹងពេលណាមានអ្នកប្រើហឹង្សារហូត សឹងលែងហ៊ានសរសេរហើយ ឬសម្រេចចិត្តថាសន្សំប្រាក់ទិញមួក អាវក្រោះសិនចាំផ្សាយរឿងហ្នឹងតទៀត។ សង្ស័យតែម៉ោពីម៉ារឿងហ្នឹងបានជា ពីរនាក់ហ្នឹងនៅជំពាក់កម្មនឹងគ្នារហូតចឹង។

    • ម៉ាក់ស្រីតូចបីនាក់ / កុម្ភៈ 11 2013 9:50 ល្ងាច

      ពេញចិត្តត្រង់ពាក្យថា​បីពិលរាប់មួយ ខ្ញុំសុំថែម«៣ពិលរាប់មួយ​ដល់៦សាដើម»

    • លី កល្យាណ / កុម្ភៈ 12 2013 9:15 ល្ងាច

      ពេញចិត្តទាងបងទាំងប្អូនទៅ ខ្ញុំឯណេះជិតឡាប់ហើយ នេះនៅមិនទាន់គិតដល់ប្អូនៗដទៃដែលមិនហ៊ានបញ្ចេញ យោបល់ព្រោះខ្លាចដល់វេនខ្លួនឯងផងទេ ហើយនៅមិន ទាន់ចេញពូស្រុកស្រែកំពូលអ្នកការពារតួរបស់ខ្ញុំដែរ បើមកព្រួតគ្នាបីនាក់ទៀត តួខ្ញុំជ្រះសម្បុរនិងឡើងទម្ងន់ មិនស្ទើរទេនៀក។

    • somada / កុម្ភៈ 11 2013 10:51 ល្ងាច

      បើដឹងខ្លួនទិញឲ្យហើយទៅ ប្រយ័ត្នតែគេលក់អស់ ។ ចុះពីរនាក់ហ្នឹងនៅជំពាក់គ្នារឿងអីទៀត ជំពាក់ចិត្ត ឬ មួយ​កម្ម ? តែសង្ស័យ​តែជំពាក់កម្មច្រើនជាង ព្រោះតួប្រុសនោះសាងបាបច្រើនពេកហើយមើលទៅ ។
      ជីវីនិយាយពេញចិត្ត​បងស្តូកតែហ្មង 55555555555

    • លី កល្យាណ / កុម្ភៈ 12 2013 9:34 ល្ងាច

      ជំពាក់កម្មកាយ ជំពាក់ស្នេហា ជំពាក់ទាំងបេះដូងផងដែរ។

    • somada / កុម្ភៈ 13 2013 9:19 ល្ងាច

      សង្ស័យ​ទម្រាំតែដឹង​ខ្លួនថា ជំពាក់ស្នេហ៍ ជំពាក់បេះដូង អ្វី ៗ ហួសពេលហើយ​អស់ទេដឹង ?
      មនុស្សយើង​មិន​ដែលឃើញ​របស់ក្បែរកាយ​ថាមានតម្លៃទេ តែនឹងសោកស្តាយនៅពេលដែលបាត់បង់ ។

    • លី កល្យាណ / កុម្ភៈ 14 2013 8:59 ល្ងាច

      ច្បាស់ជាបែបហ្នឹងហើយ តាមសំដីអ្នកមាន​ បទពិសោធន៍ចាស់វស្សា គ្រាន់តែហាមាត់គឺ ប្រាកដជាដឹងហើយ។
      ខ្ញុំឯកភាព មនុស្សយើងច្រើនតែមើលរំលង របស់របរនៅកៀកក្បែរកាយ

    • somada / កុម្ភៈ 14 2013 10:53 ល្ងាច

      ឆ្លៀតមោឌឺថាឯងចាស់វស្សាទៀតណ៎ស់ ។
      បើដឹងហើយ​គួររក្សាអ្នកដែលនៅជុំវិញខ្លួន​ នាពេលនេះទៅ ជាពិសេសអ្នកម្តាយរបស់យើង​ កុំសូវ​តមាត់តកជាមួយគាត់ពេក (ចំណុចនេះ​បងខ្លួន​ឯងធ្វើមិនសូវបានទេ មិនដឹងម៉េចចេះតែរពិសមាត់តជាមួយគាត់) ។

    • លី កល្យាណ / កុម្ភៈ 15 2013 7:39 ល្ងាច

      😀 មាត់នៅតែត តែចេះថែមភាពផ្អែមល្ហែមខ្លះ ដើម្បីនៅរក្សាបានទំនាក់ទំនងជាមួយម៉ែ ។ ខ្ញុំជាកូនស្លូតណាស់ មិនដែលចេះតមាត់ជាមួយម៉ែទេ មានតែស្តីឱ្យពេលឃើញធ្វើអីខុស។ នេះមកពីគាត់ដែលចូលចិត្តលើកតម្លៃខ្ញុំពេក ចឹងបានទៅជាត្រួតម៉ែវិញ។

      ខ្ញុំកំពុងគិតថា ខ្ញុំនិងគាត់ហាក់បីដូចជាឃ្លាតគ្នាកាន់តែឆ្ងាយ។ តែគាត់មិនដែលរករឿងអីធំដុំទេ បើខ្ញុំជាគាត់វិញខ្ញុំនឹងឡូឡាមិនខាន កាលបើកូនមិនរវីរវល់ជាមួយម្តាយ។

  3. អាក្បាលធំ / កុម្ភៈ 13 2013 5:03 ល្ងាច
    • លី កល្យាណ / កុម្ភៈ 15 2013 7:40 ល្ងាច

      មួយនេះមកសើចស្ញេញស្ញាញហ្នឹងព្រោះធ្លាប់ខូចដូចគេដែរ។ មែនឬអត់ក្បាលធំ? ធ្លាប់នាំស្រីឡើងអូតែលពេលប្រពន្ធកំពុងឈឺ???

Trackbacks

  1. សន្យា (ភាគ៤) | ស្នាមញញឹម

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: